នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។
សូមនមស្ការចំពោះព្រះភគវន្តមុនី ជាអរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះ (ដោយសេចក្ដីគោរព) ។
វេលានេះ អាត្មាភាពសូមពណ៌នាសេចក្ដីក្នុងបកិណ្ណកកថាដូចមានសេចក្ដីតទៅនេះ ៖
១- សុខស្សានន្តរំ ទុក្ខំ ទុក្ខកើតក្នុងលំដាប់នៃសុខ
២- អជ្ជេវ កិច្ចមាត្យប្បំ គួរធ្វើសេចក្ដីព្យាយាមក្នុងថ្ងៃនេះឱ្យហើយទៅ ។
៣- សតិ សព្វត្ថ បត្ថិយា សតិគឺបុគ្គលគប្បីប្រាថ្នាក្នុងទីទាំងពួង ។
បណ្ដាសត្វទាំងឡាយក្នុងពិភពលោកនេះ មានច្រើនបែបមានប្រភេទផ្សេងៗគ្នា ដោយសញ្ជាតិខ្លះ ដោយភាសាខ្លះ ដោយវង្សត្រកូលខ្លះ បើទុកជាច្រើនដូច្នោះក៏ពិត តែគង់មានការប្រាថ្នាសេចក្ដីសុខដូចៗគ្នា សមដូចពុទ្ធភាសិតក្នុងគម្ពីរធម្មបទ ខុទ្ទកនិកាយថា សុខកាមានិភូ-តានិ “សត្វទាំងឡាយ ជាអ្នកប្រាថ្នានូវសេចក្ដីសុខគ្រប់ៗគ្នា” ។
ហេតុដូច្នោះ បានជាសត្វទាំងឡាយ ស្វែងរកសេចក្ដីសុខដោយសព្វៗខ្លួន តែបានសេចក្ដីសុខមិនដូចគ្នាទេ សត្វខ្លះបានយ៉ាងទូលាយ សត្វខ្លះបានយ៉ាងកណ្ដាល សត្វខ្លះបានយ៉ាងស្ដួចស្ដើងសត្វខ្លះត្រឡប់ជាបានទុក្ខវិញក៏មាន ។ ចំណែកមនុស្សវិសេសជាងសត្វតិរច្ឆានទាំងឡាយ ព្រោះមានបញ្ញាជាប់មកអំពីកំណើតដែលហៅថា សជាតិកប្បញ្ញាផង ព្រោះមានបញ្ញាដែលកើតឡើងអំពីការស្ដាប់ ការគិតការចម្រើនក្នុងបច្ចុប្បន្នផង ឯសត្វតិរច្ឆានមិនមានបញ្ញានេះឡើយ ទើបធៀបនឹងមនុស្សមិនបាន សូម្បីក្នុងពពួកមនុស្សដែលមានបញ្ញាច្រើនជាងសត្វតិរច្ឆាននោះ ក៏នៅមានតិចច្រើនជាងគ្នាជាលំដាប់ អ្នកមានបញ្ញាតិចដែលហៅថាទុម្មេធជន ធៀបនឹងសុមេធជនគឺជនអ្នកមានប្រាជ្ញាច្រើនពុំបាន ទុម្មេធជនកាលបើចួបប្រទះសេចក្ដីសុខ ក៏រីករាយសោមនស្សហួសប្រមាណ កាលបើចួបប្រទះសេចក្ដីទុក្ខ ក៏តូចចិត្តទោមនស្សទាល់តែភ្លេចខ្លួន ចំណែកសុមេធជន មិនដូច្នោះទេ បើទុកជាបានចួបប្រទះសេចក្ដីសុខក្ដីទុក្ខក្ដី រមែងមិនប្រើសោមនស្សនិងទោមនស្សឱ្យហួសប្រមាណ ព្រោះបុគ្គលនោះយកសេចក្ដីសុខទុក្ខនោះមកពិចារណាជាអារម្មណ៍ដោយឧបាយនៃប្រាជ្ញាថា “សេចក្ដីសុខទុក្ខនេះ ជាលោកធម៌មិនទៀង អាចឱ្យផលផ្លាស់ប្ដូរវេនគ្នាម្ដងមួយបែប” ។ សេចក្ដីនេះសមដូចវចនៈប្រព័ន្ធទី១ថា សុខស្សានន្តរំ ទុក្ខំ “ទុក្ខកើតក្នុងលំដាប់នៃសុខ” ។
អធិប្បាយថា ៖ ទុក្ខនិងសុខជាគូនឹងគ្នា រមែងផ្លាស់ប្ដូរវេនគ្នាឱ្យផលម្ដងម្នាក់ ចួនកាលក៏ទុក្ខ ចួនកាលក៏សុខ ទុក្ខនិងសុខជាធម្មជាតិមាននៅប្រចាំគតិធម្មតា បុគ្គលនឹងប្រាថ្នាយកតែសុខដោយចំណែកមួយពុំបាន ព្រោះសុខនឹងគតិធម្មតា ។
ព្រោះហេតុនោះ ក្នុងខណៈដែលបុគ្គលបានសោយសុខ ជាផលហើយ បន្ទាប់អំពីនោះគង់នឹងបានសោយទុក្ខពុំខាន ដូច្នេះវេលាដែលចួបប្រទះសុខនិងទុក្ខ បុគ្គលមិនគួរប្រើសោមនស្សឬទោមនស្សឱ្យហួសប្រមាណឡើយ ។ សេចក្ដីនេះសមដូច ព្រះភគវន្តមុនីសាស្ដាចារ្យទ្រង់ប្រដៅភិក្ខុទាំងឡាយក្នុងសាសនមណ្ឌល ឱ្យមានសតិពិចារណាក្នុងលោកធម្មសូត្រថា ឧប្បន្នំ ខោ មេ ឥទំ សុខំ “សុខនេះកើតដល់អាត្មាអញហើយហ្ន៎ !” តញ្ច ខោ អនិច្ចំ ទុក្ខំ វិបរិណាមធម្មំ “តែសុខនោះ មិនទៀងទាត់ នឹងក្លាយជាទុក្ខវិញ មានសេចក្ដីប្រែប្រួលជាធម្មតា” ។ សូម្បីក្នុងវេលាដែលចួបប្រទះនូវសេចក្ដីទុក្ខ ក៏ទ្រង់ត្រាស់ប្រដៅឱ្យមានសតិពិចារណាដោយន័យដូចគ្នាថា ឧប្បន្នំ ខោ មេ ឥទំ ទុក្ខំ “ទុក្ខនេះកើតដល់អាត្មាអញហើយហ្ន៎” តញ្ច ខោ អនិច្ចំ សុខំ វិបរិណាមធម្មំ “តែទុក្ខនោះមិនទៀង នឹងក្លាយជាសុខវិញ មានសេចក្ដីប្រែប្រួលជាធម្មតា” ។
សុមេធជន កាលបើបានជ្រាបលក្ខណៈសុខទុក្ខយ៉ាងនេះហើយ សុខទុក្ខក៏មិនអាចគ្របសង្កត់ចិត្តបាន បើទុក្ខជាគ្របសង្កត់បានខ្លះ ក៏មិនហួសប្រមាណដូចដូចទុមេ្មធជនដែរ កាលបើសុមេធជនខំប្រព្រឹត្តទាល់តែបន្ទោបង់សោមនស្សនិងទោមនស្សបានហើយ ព្រះអរហំសម្មាសម្ពុទ្ធទ្រង់ត្រាស់ថា បរិមុច្ចតិ ទុក្ខស្មាតិ វាទាមិ “តថាគត ពោលថា បុគ្គលនោះរមែងរួចស្រឡះចាកទុក្ខបាន” ។
ករណីយកិច្ច ដែលត្រូវប្រតិបត្តិតាមលំអាននៃលោកធម្មសូត្រដើម្បីឱ្យរួចស្រឡះចាកទុក្ខបាននោះ ត្រូវជាអ្នកមិនខ្ជិលច្រអូស មានសេចក្ដីព្យាយាមមិនលះបង់ធុរៈ ។ សេចក្ដីនេះសមដូចពុទ្ធភាសិតក្នុងខុទ្ទកនិកាយ សុត្តន្តបិដកថា វីរិយេន ទុក្ខមច្ចេតិ “បុគ្គលកន្លងទុក្ខបានព្រោះសេចក្ដីព្យាយាម” ។ អធិប្បាយថា សេចក្ដីប្រឹងប្រែង ខ្នះខ្នែងឧស្សាហ៍ដែលជាបដិបក្ខនឹងសេចក្ដីខ្ជិលច្រអូស គឺភាវៈជាអ្នកអង់អាចមិនខ្លាចចំពោះវិរោធិប្បច្ច័យ មានក្ដៅនិងត្រជាក់ជាដើម ដោយបំណងយ៉ាងមាំថា “អាត្មាអញនឹងធ្វើករណីយកិច្ចដោយសេចក្ដីព្យាយាម មិនលះបង់ធុរៈត្រាតែបានសម្រេចតាមបំណង” ។ ឯសេចក្ដីព្យាយាមនោះចែកជាមាតិកាមាន ៤ ប្រការគឺ សំវរប្បធាន ព្យាយាមសង្រួមបិទទ្វារទាំង ៦ គឺ ភ្នែក ត្រចៀក ច្រមុះ អណ្ដាត កាយ ចិត្ត មិនឱ្យលុះក្នុងអំណាចអកុសលធម៌ ដែលជាហេតុធ្វើឱ្យអន្តរាយព្រហ្មចរិយៈ ១ បហានប្បធាន ព្យាយាមលះបង់អកុសលធម៌ទាំងឡាយដែលកើតឡើងហើយ ឱ្យអស់អំពីសន្ដាន ១ ភាវនា-បធាន ព្យាយាមចម្រើនកុសលធម៌ទាំងឡាយដែលមិនទាន់កើតឡើង ឱ្យកើតឡើង ដែលកើតឡើងហើយឱ្យកាន់តែចម្រើនច្រើនឡើង ១ អនុរក្ខនាបធាន ព្យាយាមរក្សានូវកុសលធម៌ទាំងឡាយ ដែលកើតឡើងហើយមិនឱ្យសាបសូន្យទៅវិញ ១ ។ តែបើចែកដោយបំប្រួញមកទៀតមានត្រឹមតែ ២ ប្រការគឺ បហានប្បធាន ១ ភាវនាបធាន ១ ។
បណ្ដាសេចក្ដីអាក្រក់ទាំងពួង ដែលហៅថាបាប អកុសល ទុច្ចរិត អករណីយកិច្ច អធម្មចរិយា វិសមចរិយា នេះជានាទីរបស់បហានប្បធាន ត្រូវព្យាយាមលះបង់ចោលទាំងអស់ ។
បណ្ដាសេចក្ដីទាំងពួងដែលហៅថា បុណ្យ កុសល សុចរិត ករណីយកិច្ច ធម្មចរិយា សមចរិយា នេះជានាទីរបស់ភាវនាបធានត្រូវព្យាយាមចម្រើនឱ្យកើតឡើងក្នុងខន្ធសន្ដានទាំងអស់ ។ សេចក្ដីនេះសមដូចធម្មភាសិតទី ២ ថា អជ្ជេវ កិច្ចមាតប្បំ “គួរធ្វើសេចក្ដីព្យាយាមក្នុងថ្ងៃនេះឱ្យហើយទៅ កុំបង្អង់ទុកដល់ថ្ងៃស្អែក” ។ អធិប្បាយថា ករណីយកិច្ចដែលត្រូវធ្វើក្នុងបឋមវ័យដូចជាការសិក្សាសិល្បវិជ្ជាការដែលចែកដោយឡែកៗពីគ្នាមានអក្សរសាស្ត្រនិងចតុព្វិធលេខជាដើម ត្រូវប្រញាប់ធ្វើឱ្យហើយក្នុងបឋមវ័យ ។ ករណីយកិច្ចដែលត្រូវធ្វើក្នុងមជ្ឈិមវ័យ ដូចជាការស្វែងរកទ្រព្យសម្បត្តិជាដើម ត្រូវប្រញាប់ធ្វើឱ្យហើយក្នុងមជ្ឈិមវ័យ ។ ករណីយកិច្ចដែលត្រូវធ្វើក្នុងបច្ឆិមវ័យ ដូចជាការបំពេញបុណ្យកុសល ដែលជាមិត្រជូនដំណើរទៅបរលោកនាយ ត្រូវប្រញាប់ធ្វើឱ្យហើយមុនពេលដែលខ្លួនយើងមានសមត្ថភាពល្មមធ្វើបាន ។ ដែលថា ឱ្យប្រឹងធ្វើករណីយកិច្ចក្នុងលំដាប់វ័យទាំង ៣ នេះ ជាគ្រឿងបំភ្លឺយោបល់ឱ្យប្រឹងធ្វើ មិនគួរបណ្ដែតបណ្ដោយ តែមិនទាន់សមនឹងបំណងក្នុងធម្មភាសិតនេះនៅឡើយទេ ព្រោះធម្មភាសិតនេះបង្គាប់ឱ្យធ្វើតែម្ដងក្នុងថ្ងៃនេះជាដាច់ខាត និងបង្អង់ទៅថ្ងៃស្អែក ឬខានស្អែកពុំគួរ ព្រោះបុគ្គលមិនអាចកំណត់បាន ស្មានមិនត្រូវថាមច្ចុរាជគឺសេចក្ដីស្លាប់នឹងមកដល់ថ្ងៃណា ? កាលបើមច្ចុរាជមកដល់ហើយ បុគ្គលមិនអាចនឹងធ្វើសេចក្ដីព្យាយាមក្នុងវេលានោះបានទេ ព្រោះមិនមែនជាវិស័យ ដែលអ្នកណាមួយនឹងជួយការពារដោយវិធីណាមួយបានឡើយ សមដូចបាថព្រះគាថាក្នុងមជ្ឈិមនិកាយ មជ្ឈិមបណ្ណាសកថា ន មិយ្យមានស្ស ភវន្តិ តាណា “សេចក្ដីជួយការពារ រមែងមិនមានដល់បុគ្គលអ្នកស្លាប់” ។ បើទុក្ខជាបុគ្គលចេះយករតនវត្ថុ ដ៏មានតម្លៃកាត់ថ្លៃមិនបានទៅសូកប៉ាន់ ឬចេះអង្វររកដោយពាក្យផ្អែមល្ហែមថា “នែមច្ចុរាជ ! សូមអ្នកបង្អង់ចាំថ្ងៃក្រោយសិន” ដូច្នេះមច្ចុរាជមិនអាចទទួលសំណូកឬទទួលពាក្យអង្វរយើងឡើយ កាលបើដល់ហើយត្រូវតែស្លាប់ឈប់មិនបាន ។ សេចក្ដីនេះសមដូចទេសនាន័យក្នុងមជ្ឈិមនិកាយឧបរិបណ្ណាសកថា ន ហិ នោ សង្គរន្តេន មហាសេនេន មច្ចុនា “ការឈប់សម្រាកនៃសេចក្ដីស្លាប់ ដែលមានសេនាដ៏ច្រើននោះមិនមានឡើយ” ។
ព្រោះហេតុដូច្នោះ បុគ្គលគួរធ្វើសេចក្ដីព្យាយាមឱ្យហើយក្នុងថ្ងៃនេះ ដោយសេចក្ដីមិនប្រមាទ កាលបើចិត្តជ្រុលជ្រុបស៊ប់ទៅក្នុងសេចក្ដីប្រមាទហើយ ក៏ឈ្មោះថាបើកឱកាសឱ្យអកុសលទាំងពួងចូលមកលុកលុយសន្ដានរបស់ខ្លួនបាន ។
ម្យ៉ាងទៀត សម្ដេចព្រះអនាវរញ្ញាណ ទ្រង់ប្រៀនប្រដៅក្នុងអប្បមាទកថា ជាអនេកបរិយាយ ដូចភាសិតបញ្ហាដែលទ្រង់ប្រដៅភិក្ខុទាំងឡាយក្នុងបរិនិព្វានសម័យថា ហន្ទទានិ ភិក្ខវេ អាមន្តយាមិ វោ “ម្នាលភិក្ខុទាំងឡាយ តថាគតសូមដាស់តឿនអ្នកទាំងឡាយ វយធម្មា សង្ខារា សង្ខារទាំងឡាយមានការវិនាសទៅជាធម្មតា អប្បមាទេន សម្បាទេថ “អ្នកទាំងឡាយចូរញ៉ាំងសេចក្ដីប្រតិបត្តិឱ្យដល់ព្រម គឺចូរញ៉ាំងសិក្ខាទាំង ៣ គឺ អធិសីលសិក្ខា ១ អធិចិត្តសិក្ខា ១ អធិប្បញ្ញាសិក្ខា ១ ឱ្យដល់ព្រមដោយសេចក្ដីមិនប្រមាទ” ។
ការមិនប្រមាទនេះ បើពោលដោយសេចក្ដីអធិប្បាយ គឺការមិនភ្លេចភ្លាំងសតិ សតិនេះមានឧបការច្រើនទួទៅក្នុងគតិលោកនិងគតិធម៌ ។ បុគ្គលដែលប្រកបកិច្ចការផ្សេងៗ បើមានសតិជាមេបញ្ជាការហើយកិច្ចការនោះៗ រមែងបានផលិតផលយ៉ាងសម្បូរណ៌ក្រៃលែងជាងបុគ្គលភ្លេចសតិ បុគ្គលភ្លេចសតិបើប្រកបកិច្ចការអ្វីៗ ការនោះៗក៏មិនសម្រេចផលដោយល្អបានតាមសេចក្ដីប្រាថ្នារបស់ខ្លួនទេ ដូចជារថដែលមិនមាននាយសារថីកាន់កាប់ រមែងជ្រុលជ្រួសហួសផ្លូវដូច្នោះឯង សតិនេះបើមានច្រើនត្រឹមណា ក៏ជាឧបការច្រើនត្រឹមនោះ ធម៌ពួកខ្លះកាលបើមានច្រើន រមែងធ្វើឱ្យកង្វល់ ត្រូវមានធម៌ដទៃអែបនែបផងទើបប្រព្រឹត្តទៅដោយស្រួលបួលបាន ដូចជាសទ្ធា បើមិនប្រកបដោយបញ្ញាផងទេ អាចក្លាយទៅជាអធិមោក្ខ បញ្ញាបើមិនប្រកបដោយសទ្ធាទេ អាចក្លាយទៅជាវិបរិតផ្ដេសផ្ដាស វិរិយបើមិនប្រកបដោយសមាធិផងទេ អាចធ្វើចិត្តឱ្យរវើរវាយ សមាធិបើមិនប្រកបដោយវិរិយផងទេ អាចធ្វើចិត្តឱ្យខ្ជិលច្រអូស ។ ធម៌ទាំងអម្បាលនេះត្រូវមានស្មើភាគគ្នា ។ ឯសតិមិនដូច្នោះទេ ជាធម៌មានគុណានុភាពអាចប្រព្រឹត្តទៅបានតែឯកឯងដោយមិនចាំបាច់មានធម៌អ្វីនៅអែបនែបផងឡើយ រមែងប្រព្រឹត្តទៅបានក្នុងទីទាំងពួង ។ សេចក្ដីនេះសមដូចទេសនាន័យក្នុងគាថាទី ៣ ថា សតិ សព្វត្ថ បត្ថិយា “សតិគឺបុគ្គលគប្បីប្រាថ្នាក្នុងទីទាំងពួង” ។
អធិប្បាយថា ៖ ធម្មជាតិមួយយ៉ាង កាលបើបុគ្គលរឭកហើយរមែងទប់ចិត្តមិនឱ្យត្រាច់ទៅក្នុងអារម្មណ៍ផ្សេងៗ និងញ៉ាំងករណីយកិច្ចដែលបុគ្គលកំពុងធ្វើ កំពុងនិយាយ កំពុងគិត មិនឱ្យភ្លាំងភ្លាត់បានហៅថាសតិ សតិនេះរមែងមានប្រយោជន៍ដ៏ទូលាយក្នុងទីទាំងពួង ដូចឥរិយាបថទាំង ៤ គឺ ដេក ដើរ ឈរ អង្គុយ ត្រូវប្រើសតិជាគ្រឿងរឭកនៅគ្រប់វេលា ព្រោះហេតុនោះបានជាក្នុងសំយុត្តនិកាយសគាថវគ្គលោកពោលសរសើរសតិនេះ ដោយន័យផ្សេងៗថា សតិ លោកស្មឹ ជាគរោ សតិជាគ្រឿងរឭកនៅក្នុងលោក សតិ មតោ សុវេ សេយ្យោ អ្នកមានសតិជាអ្នកប្រសើរគ្រប់ពេល សតិមតោ សទា ភទ្ទំ អ្នកមានសតិជាអ្នកចម្រើនគ្រប់ពេល សតិមា សុខមេធតិ អ្នកមានសតិរមែងដល់នូវសេចក្ដីសុខ ។ សតិនេះមានគុណសម្បត្តិដូចពណ៌នាមកយ៉ាងនេះឯង ។
ធម៌ដែលសម្ដែងមកនេះ បើពោលដោយរួបរួមបានសេចក្ដីថា ៖ សុខទុក្ខមិនទៀង រមែងផ្លាស់ប្ដូរវេនគ្នាឱ្យផលម្ដងមួយបែប ក្នុងពេលដែលបុគ្គលបានសោយសុខក្ដី ទុក្ខក្ដី មិនត្រូវប្រើសោមនស្សនិងទោមនស្សឱ្យហួសប្រមាណ ការប្រតិបត្តិដើម្បីធ្វើសេចក្ដីទុក្ខឱ្យរលត់បាននោះត្រូវអាស្រ័យសេចក្ដីព្យាយាម ក៏សេចក្ដីព្យាយាមនោះគប្បីធ្វើឱ្យហើយក្នុងពេលដែលខ្លួនយើងមានសមត្ថភាពល្មមធ្វើបាន ដោយសេចក្ដីមិនប្រមាទ តាមន័យដូចបានរៀបរាប់មកនេះឯង ។
បកិណ្ណកកថា ធម្មទេសនាដែលអាត្មាភាពសម្ដែងមក ចប់ដោយសង្ខេបតាមគួរដល់វេលាត្រឹមតែប៉ុណ្ណេះ ឯវុំ ។
មិនគួរគប់
កិច្ចការណាមួយ ល្អក្ដី មិនល្អក្ដី គួរជាទីស្អប់ខ្ពើមក្ដី
ជាទីស្រឡាញ់ពេញចិត្តក្ដី បុគ្គលណាប្រាថ្នាសេចក្ដីចម្រើនដល់អ្នកណា
បើទុកជាអ្នកនោះមិនសាកសួរ ក៏ត្រូវតែប្រាប់កិច្ចការនោះដល់អ្នកនោះ ។
ព្រះមហា ផោក-យិប សិស្សសាលាបាលីជាន់ខ្ពស់
រៀបរៀង
ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៤០