ភ្លេង ជាគ្រឿងធ្វើចិត្តនៃមនុស្សលោកឱ្យរំភើបរីករាយ ភ្លេងនេះបើអ្នកចេះលេងជំនាញ រមែងជាទីពីរោះនៃអ្នកស្ដាប់ ។ តែភ្លេងរបស់ជនជាតិណា ជនជាតិនោះស្ដាប់ពីរោះ គឺថាខ្មែរស្ដាប់ភ្លេងខ្មែរពីរោះ ខ្មែរស្ដាប់ភ្លេងបារាំងមិនពីរោះ ។ ពាក្យនេះបានសេចក្ដីខ្លីមកថា អ្នកស្ដាប់ភ្លេងពីរោះ មកពីស្ដាប់បាន មិនពីរោះមកពីមិនស្ដាប់បាន ។ ហេតុនេះសូម្បីខ្មែរស្ដាប់ភ្លេងខ្មែរ បើខ្លួនមិនចេះលេងភ្លេងនោះទេ ក៏ស្ដាប់ភ្លេងខ្មែរមិនពីរោះ ទោះបីជាជាតិខ្មែរ តែបើចេះលេងភ្លេងបារាំង ក៏អាចស្ដាប់ភ្លេងបារាំងបានពីរោះ ។ ដូច្នេះ ការពីរោះនិងមិនពីរោះក្នុងរឿងស្ដាប់ភ្លេងមកតែពីអ្នកស្ដាប់ ចេះនិងមិនចេះក្នុងល្បែងភ្លេងនោះឯង ។
សេចក្ដីនេះ សឱ្យឃើញច្បាស់ថា មនុស្សយើងបើបានអប់រំខ្លួនទុកក្នុងផ្លូវណា បានចេះចាំស្ទាត់ជំនាញហើយ ក្នុងពេលក្រោយមក កាលបើបានស្ដាប់ឮឬបានឃើញរបស់នោះ រមែងពីរោះ ឬពេញចិត្តចង់ស្ដាប់ចង់ធ្វើ ឧទាហរណ៍យ៉ាងអ្នកចេះច្រៀង ឮគេច្រៀង ក៏ចង់ច្រៀង អ្នកចេះដាល់ ក៏ចង់ប្រដាល់ អ្នកចេះលេងចត្រង្គ ឃើញគេលេងចត្រង្គ ក៏ចង់លេង ចំណែកអ្នកមិនចេះវិញ សូម្បីស្ដាប់ឮហើយមើលឃើញហើយ ក៏គ្មានចិត្តស្រើបស្រាល ចង់ច្រៀង ចង់ដាល់ ចង់លេងទេ ។ រឿងនេះ បំភ្លឺឱ្យយល់បានថា អ្នកដែលមានចិត្តចំណូលក្នុងល្បែងទាំងនោះ មកពីគេពីរោះ បានជាគេពីរោះ មកពីគេបានអប់រំពីមុន ។
ការស្ដាប់ព្រះធម៌ទេសនារបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ ក៏មានទំនងយ៉ាងនេះដែរ ។ ព្រះសម្មាសម្ពុទ្ធទ្រង់ទេសនាក្នុងទីខ្លះ មានពុទ្ធបរិស័ទស្ដាប់រាប់ពាន់រាប់ម៉ឺននាក់ តែចំពោះអ្នកស្ដាប់ទៅហើយពីរោះសម្រេចដល់គុណវិសេស មានសោតៈជាដើម មានតែម្នាក់ ឬពីរនាក់ប៉ុណ្ណោះ ដូចកាលព្រះបរមគ្រូនៃយើងទ្រង់ស្ដេចទៅសម្ដែងធម្មកថាអំពីមរណស្សតិ ក្នុងអគ្គាឡវវិហារ នាដែនឡាវី ក្នុងទីប្រជុំនៃបរិស័ទច្រើនពាន់ ។ ក្នុងពេលចប់ធម្មទេសនានោះ មានតែនាងបេសការធីតា ( កូនស្រីជាងតម្បាញ ) ម្នាក់ឯងទេ ដែលបានសម្រេចសោតាបត្តិផល ដោយហេតុមុនស្ដាប់ធម្មកថានេះ នាងបានភាវនាទាំងថ្ងៃទាំងយប់ នូវមរណស្សតិអស់រវាង ៣ ឆ្នាំមកហើយ ។ រឿងឆ្លុះឱ្យយល់ច្បាស់ថា អរិយសាវ័កទាំងឡាយ ដែលបានសម្រេចមគ្គផលក្នុងពេលដែលស្ដាប់ធម៌ព្រះសម្ពុទ្ធ ព្រោះអាស្រ័យនៃកម្លាំងនៃអភិនីហារ កសាងទុកមកអំពីអតីកាលផង ។
វត្ថុនិទាន ( រឿងរ៉ាវ ) ដែលមានចែងក្នុងគម្ពីរធម្មបទដ្ឋកថា ក្នុងរឿងនីមួយៗ លោកចែងពីរោះជា ៣ ជាន់ គឺ ១- ពីរោះបទដើម ដោយធ្វើឱ្យអ្នកស្ដាប់ចង់ដឹងរឿងរ៉ាវ តើទៅជាយ៉ាងណាទៅ ។ ២- ពីរោះបទកណ្ដាល ដោយការសម្ដែងធម៌ ( គាថា ) តភ្ជាប់ពីរឿងនោះមក ។ ៣- ពីរោះបទចុង ដោយការសម្ដែងញែកបំបែកធម៌នោះ ( អដ្ឋកថា ) ឱ្យល្អិតល្អន់ ធ្វើឱ្យអ្នកស្ដាប់កាន់តែចូលចិត្តជ្រៅទៅៗ ។ តែរឿងនោះមានជនខ្លះបានស្ដាប់ ឬបានអានហើយ ត្រង់បទដើមក៏មិនពីរោះ បទកណ្ដាលក៏មិនពីរោះ បទចុងក៏មិនពីរោះ ជនខ្លះពីរោះតែបទដើម បទកណ្ដាលនិងចុង មិនពីរោះ ជនខ្លះទៀត ពីរោះតែបទកណ្ដាលនិងបទចុង ត្រង់បទដើមមិនពីរោះ ។
ជនដែលមិនពីរោះទាំង ៣ ជាន់ គឺជនគ្មានបានអប់រំក្នុងផ្លូវវិជ្ជាមកសោះ ជាមនុស្សល្ងិតដូចយប់ ។ ជនដែលពីរោះតែបទដើម គឺជនដែលបានអប់រំ សិក្សាវិជ្ជាបានចេះដឹងយ៉ាងបង្គួរ ។ ជនដែលពីរោះតែបទកណ្ដាលនិងបទចុង គឺជនចេះដឹងជាន់ខ្ពស់ ត្រូវការចង់ស្ដាប់តែសាច់ធម៌ មិនត្រូវចង់ដឹងរឿងរ៉ាវ ។
ទស្សនាវដ្ដីកម្ពុជសុរិយាយើង ក៏មានសេចក្ដីពីរោះទំនងនឹងរឿងខាងលើនេះដែរ គឺពីរោះទី ១ ដោយអត្ថបទជាធម៌អាថ៌ផ្នែកសាសនា ពីរោះទី ២ ដោយអត្ថបទផ្នែកអក្សរសាស្ត្រ ពីរោះទី ៣ ដោយអត្ថបទជាកំណត់និងប្រវត្តិការណ៍ ។ តែយើងក៏អាចដឹងទាន់ថា អ្នកអានទស្សនាវដ្ដីយើង មិនមែនចេះតែពីរោះគ្រប់គ្នា គ្រប់ទាំង ៣ ជាន់ទេ អ្នកអានខ្លះពីរោះត្រង់អត្ថបទនេះ ខ្លះពីរោះត្រង់អត្ថបទនោះ អ្នកអានខ្លះទៀត ក៏មិនពីរោះត្រង់ណាសោះ ។ ព្រោះហេតុនោះ ការធ្វើឱ្យពីរោះត្រូវគ្រប់ឋានៈនៃមនុស្សជាការផុតវិស័យយើង មិនអាចធ្វើទៅបានទេ ស្រេចហើយតែអ្នកអានដែលបានអប់រំវិជ្ជាទុក ឬមិនបានអប់រំវិជ្ជាទុកពីមុន ដែលជាភាជន៍សម្រាប់ត្រងអត្ថរសនៃទស្សាវដ្ដីនេះ ដូចជាអ្នកស្ដាប់ភ្លេងពីរោះនិងមិនពីរោះដូច្នោះឯង ។
ពីរោះតាមឋានៈនៃមនុស្ស
កុមារាសឹងពីរោះដោយសម្ដី លួងលោមស្ដីថាឱ្យនំផ្អែមពីសា
ប្រុសកំលោះស្រីក្រមុំឆ្ងាញ់ពាក្យថា តែងកាយាដោយគ្រឿងនេះឆើតឆវី ។
អ្នកជាប់គុកសឹងពីរោះពាក្យថារួច ពីទោសល្មួចដែលរាជការធ្វើពេញទី
អ្នកមានរោគរុករានសព្វកាយិន្ទ្រិយ តែងសម្ភីពីរោះពាក្យប្រាប់ឱសថ ។
ពួកជនពាលសឹងពីរោះពាក្យទុច្ចរិត ពួកបណ្ឌិតពិតពីរោះពាក្យល្អផុត
ជាវាចាមានខ្លឹមសារយ៉ាងចំហុត សូមលំអុតបញ្ចប់រឿងពីរោះអើយ ។
ពុទ្ធសាសនបណ្ឌិត្យ
សភាពល្អ ៤ ពួក
១- ព្រះរាជាល្អ ព្រោះទ្រង់ទសពិតរាជធម៌
២- នរជនល្អ ព្រោះមានប្រាជ្ញា
៣- មិត្តភក្ដិល្អ ព្រោះមិនប្រទុស្ដមិត្ត
៤- សេចក្ដីសុខមាន ព្រោះមិនធ្វើបាប ។
ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៥៥