ក្នុងប្រទេសកម្ពុជា អ្នកភូមិកំពង់ភ្លុក ស្រុកសូទ្រនិគម ខេត្តសៀមរាប ជាភូមិនៅមាត់ទន្លេសាប គេតែងលេងល្បែងម្យ៉ាង ហៅ “ល្បែងចោះប្រមាត់” ប្លែកពីស្រុក – ភូមិឯទៀត ។
ល្បែងនេះ គេលេងក្នុងរដូវវស្សា ពីថ្ងៃទី ១ រោច ខែភទ្របទ ទៅទល់នឹងថ្ងៃ ១៥ កើត ខែកត្តិក រៀងរាល់ឆ្នាំ ។
របៀបលេង ៖ មានទូកពីរ មួយសម្រាប់ដេញ សុទ្ធតែប្រុស មួយសម្រាប់រត់ សុទ្ធតែស្រី ទំហំនិងចំណុះទូកប្រហែលគ្នា ហើយចំណុះមានកម្រិតត្រឹម ៤ នាក់ ទៅ ១០ នាក់យ៉ាងច្រើន ។ បើមានអ្នកលេងច្រើន គេផ្គូទូកជាគូៗ គឺទូកប្រុស ១ ស្រី ១ ជាមួយគូ ។
ល្បែងនេះគេលេងក្នុងទីដែលមានទឹករាក់ៗ ជម្រៅត្រឹមកឬលិចក្បាល ។ ពេលផ្ដើមលេង អ្នកលេងទាំងពីរពួក គេចុះទូកពេញៗចំណុះតែរៀងខ្លួន ហើយទូកខាងប្រុសធ្វើជាអុំលេងៗ ទៅរកទូកខាងស្រីដែលជាគូនឹងទូកខ្លួន លុះខាងប្រុសអុំលេងៗទៅជិតទូកខាងស្រី ប្រុសៗស្រែកសួរថា “ចោះប្រមាត់” ស្រីៗ ។ ចួនកាលឆ្លើយថា “ចោះក៏ចោះ” ចួនកាលឆ្លើយថា “ទេ” ចួនកាលឥតឆ្លើយតប ។ ខាងប្រុសបានឮពាក្យថា ព្រមក្ដី មិនព្រមក្ដី ឬស្ងៀមក្ដី ក៏ស្រែកព្រមគ្នាថា “ដេញៗ” ។ ឮតែថាដេញប៉ុណ្ណោះ ខាងស្រីក៏អុំទូករត់ ខាងប្រុសក៏ខំអុំតាម ។ ការដេញតាមនោះ ចួនកាលក៏ទាន់ ចួនកាលក៏ទេ ស្រេចលើកម្លាំងរៀងខ្លួន បើខាងប្រុសដេញទាន់ ក៏លោតទៅតោងទាញទូកខាងស្រីឱ្យលិចហែលព្រាតព្រោង ។ ពេលនោះ ខាងស្រីគេលែងប្រកាន់ខ្លួនគេក្រមុំហើយ គេចេះតែប្រឡែងប្រឡូកគ្នាក្នុងទឹក ប្រុសៗដេញញៀចស្រីៗ ត្រាតែអស់ចិត្តអស់ថ្លើម ហត់រៀងខ្លួន ទើបគេនាំគ្នាស្ដារទូកឡើង ហើយគេនាំគ្នាអុំលេងតទៅទៀតសារជាថ្មី ។ កាលដេញទាន់គេពន្លិច គេញៀចគ្នាជាថ្មីទៀត ។ បើលេងពេលព្រឹកត្រាតែដល់ពេលបាយ បើលេងពេលយប់ត្រាតែពាក់កណ្ដាលអធ្រាត្រ ទើបខាងប្រុស គេបើកឱ្យខាងស្រីទៅផ្ទះរៀងខ្លួន ។
ល្បែងនេះ ជាទំនៀមរបស់អ្នកស្រុក ដូចមានឈ្មោះខាងលើ គេលេងដោយស្មោះត្រង់ ឥតមានប្រកាន់ថាខុសត្រូវអ្វីឡើយ គិតតែពីនាំគ្នារីករាយ សប្បាយជាកម្សាន្តម្យ៉ាងប៉ុណ្ណោះ ។
ល្បែងនេះរាប់ចូលក្នុងកីឡាហាត់ប្រាណ ឱ្យរាងកាយឡើងសាច់ដុំ មានសុខភាពបរិបូណ៌ ។
តាមឯកសាររបស់ក្រុមជំនុំទំនៀមទម្លាប់ខ្មែរ
ទំនៀមទម្លាប់ នៃខេមរជាតិ
ខ្មែរគួរខ្មីឃ្មាត សិក្សាពេញទី ។
ព្រោះខេមរជាតិ ជាជាតិសោភី
ក្នុងទ្វីបអាស៊ី តាំងពីព្រេងនាយ ។
ច. ព.
ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៦៣