សប់ – សព – សព្វ –សប្ត – សប្តិ – សប្ន

  •  
  •  

វចនានុក្រមខ្មែរ សម្ដេច ជួន ណាតទំព័រ

សប់

កិ. ស្រូបដោយស្នប់; ទាញរុញដៃស្នប់រឿយៗ ឱ្យមានខ្យល់ : សប់ទឹក; សប់ស្នប់, សប់ម៉ាស៊ីនដាំទឹក, សប់គោមម៉ង់សុង ។ (ម. ព. សព្វ កិ.) ។

៩៤៩

សព

(សប់) ន. (សំ. ឝវ, វ > ព = ឝព; បា. ឆវ; ខ្មែរប្រើផ្លាស់ ឆ ជា ស, វ ជា ព> សព) ខ្មោចស្រស់, រូបបុគ្គលស្លាប់, សាកខ្មោច : តម្កល់សព, ធ្វើបុណ្យសព, បុណ្យលើកសព, លើកសពសំស្ការ, រំលាយសព, បូជាសព ។ ព្រះបរមសព សពក្សត្រិយ៍ទ្រង់រាជ្យ ។ លោកគ្រូព្រះសព លោកគ្រូដែលទទួលអនិច្ចធម្មទៅហើយ ។ សាកសព រូបរាងបុគ្គលស្លាប់, សាកខ្មោច ។ល។ (ម. ព. សវ ផង) ។

៩៥០

សព្វ

(សប់) គុ. ឬ កិ.វិ. (បា. ; សំ.  សវ៌) ទាំងពួង, ទាំងអស់, ទាំងមូល, ទាំងស្រុង, ទាំងគ្រប់; គ្រប់, ទួ, ទួទៅ, រាល់ : ឃើញសព្វ, ចេះសព្វ, ដឹងសព្វ; សព្វកាល, សព្វគ្នា, សព្វដង, សព្វមួយដង, សព្វឋាន, សព្វប្រការ ។ល។ សព្វជាតិ រាប់ជាតិ ។ មិនបានការ : មនុស្សសព្វជាតិ មនុស្សមិនបានការ ។ ចោលម្សៀត : អាសព្វជាតិ ! អាចោលម្សៀត !  (ព. ទ្រ. ម.) ។ សព្វសរពើ, សព្វស័រពើ ឬ សព្វសារពើ អ្វីៗទាំងអស់ (ម. ព. សារពើ ផង) ។

(សប់) កិ. (បា. ; សំ.  សវ៌) ពាក្យនេះជា កិ. វិ. ឬ គុ. ដូចពាក្យ សព្វ ១ ដែរ, ប៉ុន្តែខ្មែរប្រើជា កិ. មានន័យថា “ពេញ, គាប់, ស្ម័គ្រស្មោះ, ត្រូវ, ឥតខុស, ឥតទាស់” (ប្រើចំពោះតែ រ. ស. និង ស. ស.) : ទ្រង់សព្វព្រះរាជហឫទ័យ; សព្វព្រះទ័យ ។

(សប់-ពៈ) វិ.ស. ឬ គុ.  (បា. ; សំ.  សវ៌) ទាំងពួង, ទាំងអស់, ទាំងមូល, ទាំងស្រុង, ទាំងគ្រប់; គ្រប់, គ្រប់យ៉ាង; ទួទៅ; រាល់ ។ សព្វគុណ គុណសម្បត្តិគ្រប់យ៉ាង : ថ្នាំសព្វគុណ ថ្នាំដែលប្រើរម្ងាប់រោគបានច្រើនយ៉ាង ។ សព្វញ្ញុតញ្ញាណ (សប់-ព័ញ-ញុ-ត័ញ-ញាន) ញាណឬប្រាជ្ញាដែលដឹងសព្វ (ញាណរបស់ព្រះសព្វញ្ញុពុទ្ធ) ។ សព្វញ្ញុពុទ្ធសព្វញ្ញូ– (សប់-ព័ញ-ញុ ឬ–ញូ-ពុត) លោកអ្នកត្រាស់ដឹងសព្វ (ព្រះសម្មាសម្ពុទ្ធ); ហៅត្រឹមតែ សព្វញ្ញូ ក៏បាន : ព្រះសព្វញ្ញូ ។ សព្វន្តរាយ (សប់-ព័ន-តៈរ៉ាយ; បា. < សព្វ + អន្តរាយ) អន្តរាយទាំងពួង ។ សព្វភ័យ ភ័យទាំងគ្រប់ ។ សព្វភូត សត្វទាំងពួង, ពួកសត្វទាំងអស់ ។ សព្វភោគ សម្បត្តិគ្រប់យ៉ាង ។ សព្វយុត្ត ដែលប្រកបដោយលម្អគ្រប់យ៉ាង : ក្បាច់សព្វយុត្ត ។ សព្វរុទញ្ញូ (សប់-ពៈរុ-ទ័ញ-ញូ; បា. < សព្វ + រុទ “សូរ, សម្រែក” + ញូ “អ្នកដឹង”) អ្នកដឹងសំឡេងទាំងគ្រប់ គឺអ្នកដែលចេះវិជ្ជាចំណាំសូរសំឡេង គ្រាន់តែឮរំពងសំឡេងមនុស្សក៏អាចដឹងថាមានបុណ្យឬឥតបុណ្យ … បាន ។ សព្វរោគ រោគគ្រប់យ៉ាង ។ សព្វរោគវិនិមុត្ត –វិមុត្ត (–គៈ-មុត) ដែលរួចផុតស្រឡះចាករោគគ្រប់យ៉ាង ។ សព្វលាភ លាភទាំងគ្រប់ ។ សព្វលោក លោកទាំងមូល, សកលលោក ។ សព្វវចនៈ ពាក្យទាំងពួង; វចនានុក្រម ។ សព្វវចនាធិប្បាយ (បា. < សព្វ + វចន + អធិប្បាយ) សៀវភៅអធិប្បាយពាក្យដោយសព្វគ្រប់ (សៀវភៅវចនានុក្រមពិស្ដារ) ។ សព្វវិទូ សព្វញ្ញូ ។ សព្វវិនាស វិនាសទាំងអស់, វិនាសទាំងស្រុង ។ សព្វវេទី អ្នកចេះចំណេះគ្រប់យ៉ាង (បើស្ត្រីជា សព្វវេទិនី) ។ សព្វសន្តិភាព សេចក្ដីស្ងប់ឬសេចក្ដីសុខសាន្តទួទៅ ។ សព្វសោក សេចក្ដីស្ដាយស្រណោះទាំងគ្រប់ ។ល។

៩៥១

 សប្ត – សប្តិ – សប្ន

យល់សប្ត យល់សប្ដិ (សំ.),(បា.) (–សប់) (សុប្ត ឬ សុប្តិ; សុត្ត ឬ សុត្តិ ជាគុ. ឬន. “ដែលដេកលក់; ដំណើរដេកលក់”) ដេកលក់ឃើញអារម្មណ៍ផ្សេងៗ (ម. ព. យល់សប្ន ផង) ។

យល់សប្ន (សំ.),(បា.)(–សប់)(ស្វប្ន; សុបិន ជា ន. “ដំណើរដេកលក់, ដំណើរឃើញអ្វីៗ ក្នុងកាលកំពុងដេកលក់”) ឃើញកំពុងដេកលក់ (សរសេរជា យល់សប្ត ឬ យល់សប្តិ ក៏បាន); បើឃើញកំពុងដេកលក់ថ្ងៃច្រើន ហៅថា យល់សូង ។

៧០១

 


  •  
  •  
0 0 votes
Article Rating
Subscribe
Notify of
guest
0 Comments
Inline Feedbacks
View all comments