បទកាកគតិ
(១) ពិសាខសាយណ្ហ សុរិយាទាបទន់ ទៅទិសបស្ចិមា រស្មីពណ៌មាស ឱកាសភ្លឺថ្លា ផ្សព្វក្លិនបុប្ផា ពិដោរល្វេងល្វើយ ។ ពពករសាត់ ព្រះពាយផាយផាត់ បោកបក់រំភើយ សូរសព្ទស្គរធំ រណ្ដំឆ្លងឆ្លើយ នៅជិតបង្កើយ មើលឃើញដងទង់ ។ ចូលដល់អារាម ហាក់រីកចិត្តភ្លាម តាមផ្ការហង់ មើលទេសភាព ខ្ពស់ទាបបញ្ចង់ មៀងមើលព្រះសង្ឃ ទ្រង់ទឹកអម្ចត់ ។ ឃើញកុដិវិហារ កំពូលដងក្ដារ ជហ្វាពង់ពត់ ក្បូរក្បាច់ជាកេរ ភណ្ឌខ្មែរប្រាកដ មើលទីធ្លាវត្ត គួរឱ្យជ្រះថ្លា ។
(៥) ថ្ងៃនេះតិថី ពេញបុណ្ណមី វិសាខមាសា ជានក្ខត្តឫក្ស រំឭកទិវា វិសាខបូជា នៃពុទ្ធបរិស័ទ ។ ព្រះសង្ឃគ្រហស្ថ រួមគ្នាទាំងអស់ រៀបចំចាត់ចែង ទៀនធូបភ្ញីផ្កា មាលាវិកតិ នាំចូលថ្វាយថ្វាត់ អង្គពុទ្ធបដិមា ។ រំឭកប្រវត្តិ កាលព្រះសិទ្ធត្ថ ចាកផ្ទៃមាតា កាលទ្រង់ត្រាស់ដឹង និងកាលសាស្ដា រម្លត់ជន្មា ចូលព្រះនិព្វាន ។ ឱកាសនេះឯង ពុំបានថ្លាថ្លែង រៀបរៀងនិទាន សូមថ្លែងសង្ខេប ជាបែបព័ត៌មាន សូមអស់សន្ដាន ស្ដាប់គ្រាន់ជ្រះថ្លា ។
ថ្លែងកាលប្រសូត (ពាក្យ ៧)
សូមថ្លែងកាលអង្គពង្សពោធិ៍សត្វ បារមីថ្លៃក្ដាត់ខ្លាំងក្លៀវក្លា ប្រសូតចាកផ្ទៃនៃមាតា ព្រះនាងស្រីមហាមាយាទេវី ។
(១០) កាលនោះព្រះនាងយាងដល់ឋាន សាលក្នុងឧទ្យានលុម្ពិនី ព្រះបាទជាន់លើផែនប្រឹថពី ទេវីឈោងចាប់មែកព្រឹក្សជាតិ ។ ស្រាប់តែឱរសស្រស់ពន្លក ប្រសូតចេញមកហើយយាងយាត្រ បទុមប្រាំពីរទ្រព្រះបាទ ស្ដេចទ្រង់សីហនាទប្រកាសថា ។ យើងជាចមមកុដបំផុតលោក មានជោគចម្បងក្នុងលោកា ជាតិនេះជាជាតិអន្តិមា លះលាចាកភពឈប់កើតហើយ ។ នេះជាវាចាគ្រាចាកផ្ទៃ រកន័យអ្វីប្រៀបពុំបានឡើយ ប្រាប់ថាសត្វលោកយោគយល់ត្រើយ ទិវានេះហើយជាមង្គល ។ នៅក្នុងឆ្នាំច ដប់ប្រាំកើត នៃខ្នើតវិសាខវិសេសសល់ ថ្ងៃសុក្របុណ្ណមីចន្ទមណ្ឌល ជាថ្ងៃមង្គលនក្ខត្តឫក្ស ។
(២៥) ចូលខួបវិសាខបូជា ទិវានៃពុទ្ធសាសនិក រៀបចំពិធីបុណ្យរំឭក តែងនឹកជញ្ជឹងដឹងគ្រប់ប្រាណ ។
ថ្លែងកាលត្រាស់ដឹង (ពាក្យ ៧)
កាលអង្គសាស្ត្រាចារ្យជាម្ចាស់ ស្ដេចទ្រង់បានត្រាស់ពោធិញាណ នាគល់ពោធិព្រឹក្សអធិកក្សាន្ត ទ្រង់មានចិន្ដាជ្រះថ្លាខ្លាំង ។ កាលពីព្រលប់មុនយប់យាម ក្រុងមារមកទាមទារបល្លង្ក លើកពលយោធាដ៏ក្លាខ្លាំង ចោមច្បាំងប្រហារព្រះជិនស្រី ។ ស្ដេចទ្រង់ផ្ចាញ់មារដោយអាវុធ បរិសុទ្ធគឺទសបារមី រួចស្រេចស្ដេចតាំងព្រះស្មារតី ក្នុងយាមទាំងបីរាត្រីកាល ។ នាឆ្នាំរកា ដប់ប្រាំកើត នៃខ្នើតពិសាខល្អពិសាល ត្រូវនឹងថ្ងៃពុធវិសុទ្ធកាល បណ្ដាលលោកាអស្ចារ្យក្រៃ ។
(៣០) ស្ដេចទ្រង់បានត្រាស់ពោធិញាណ ផូរផង់ក្សេមក្សាន្តក្នុងព្រះទ័យ ជាសព្វញ្ញូគ្រូភពត្រៃ ដូចជាឧទ័យនៃសុរិយា ។ អស់ពួកពុទ្ធសាសនិក ធ្វើបុណ្យរំឭកព្រះសាស្ដា ហៅបុណ្យវិសាខបូជា ចាត់ជាទិវានក្ខត្តឫក្ស ។
ថ្លែងកាលបរិនិព្វាន (ពាក្យ ៧)
ដំណាលកាលព្រះអង្គទ្រង់ញាណ យាងចូលនិព្វានក្រោមសាលព្រឹក្ស បរិស័ទចួបជុំយំពន្លឹក រឭកអាល័យក្រៃឧបមា ។ កាលមុនរៀបនឹងចូលនិព្វាន ទ្រង់ញាណផ្ដែផ្ដាំអានន្ទថា យោ វោ អានន្ទ មយា ហៃបាអនុជចូរចាំស្ដាប់ ។ អំណឹះពីអញនេះ ឯងទៅ ធម៌វិន័យនៅជាគ្រូប្រាប់ ពួកអ្នកចូររៀនប្រិតប្រៀនស្ដាប់ ទុកជាក្បួនច្បាប់ប្រាប់អាត្មា ។
(៣៥) សង្ខារទាំងឡាយមិនទៀងទាត់ តែងតែប្រាសព្រាត់ជាធម្មតា ចូរអ្នកពឹងខ្លួននឹងធម្មា សិក្សាអប់រំខំជានិច្ច ។ តថាគតផ្ដាំអ្នកជាចុងក្រោយ សូមឱ្យចងចាំកុំបីភ្លេច ចូរខំបំពេញករណីយកិច្ច សម្រេចដោយក្ដីមិនប្រមាទ ។ នេះជាបណ្ដាំព្រះសុគត មុនស្ដេចរម្លត់រម្លាយជាតិ ទើបទ្រង់ចូលកាន់និព្វានធាតុ ព្រាត់ឃ្លាតបរិស័ទយើងគ្រប់គ្នា ។ នៅក្នុងឆ្នាំម្សាញ់ ដប់ប្រាំកើត នៃខ្នើតវិសាខមាសា អង្គារតិថី រាត្រីថ្លា ចន្ទ្រាពេញវង់រុងរឿងក្រៃ ។ ពុទ្ធបរិស័ទចាត់រៀបថ្វាយ ឱនកាយគោរពព្រះរត្នត្រ័យ រំឭកទិវាសោកអាល័យ ដូចផ្ទៃសុរិយាអស្ដង្គត ។
ទឹកចិត្តខ្មែរ (បទព្រហ្មគីតិ)
(៤០) វិសាខបុណ្ណមី ខ្មែរប្រុសស្រីដឹងប្រវត្តិ ធ្វើបុណ្យតាមកំណត់ កាលប្រវត្តិទាំងបីគ្រា ។ តំណាលមកហូរហែ ក្នុងថ្ងៃខែជាមួយគ្នា ទើបខ្មែរចាត់ទុកថា ជាទិវាល្អត្រកាល ។ ធ្វើជាប្រពៃណី មកតាំងពីព្រេងតំណាល សម័យពាក់កណ្ដាល សតវត្សទីដប់ប្រាំបួន ។ តាមបែបហីនយាន រហូតមានជាច្បាប់ក្បួន ទឹកចិត្តខ្មែរមាំមួន ស្ងួនគ្រងទុកលុះឥឡូវ ។ ប្រកាន់ចិត្តនឹងន ឃើញជាល្អយល់ថាត្រូវ រក្សាកេរ្តិ៍ម៉ែឪ ឱ្យគង់វង់មិនបង់បាត់ ។
(៤៥) តែដល់ខួបទិវា តែងនាំគ្នាទៅកាន់វត្ត ធ្វើស្លាកវេរថ្វាយភត្ត សូធ្យព្រះធម៌ស្ដាប់ទេសនា ។ ក្មេងៗតែងសូធ្យបទ ថ្លែងប្រវត្តិព្រះសាស្ដា ទឹកចិត្តខ្មែរជ្រះថ្លា ជឿជាក់ថាជាមង្គល ។ ខ្លះស្មូធ្យរហូតភ្លឺ សំឡេងឮផ្សព្វមណ្ឌល ឧទ្ទិសផ្សាយភាគផល ដល់សត្វលោកក្នុងភពត្រៃ ។ គួរឱ្យតូចចិត្តណាស់ ឥឡូវផ្លាស់កាលសម័យ មានខ្មាំងច្បាំងប្រល័យ ប៉ងឱ្យក្ស័យទឹកចិត្តខ្មែរ ។ សម្លាប់កាប់ព្រះសង្ឃ ដែលទ្រង់សីលឥតវៀចវេរ យកវត្តអារាមខ្មែរ ធ្វើជាទីពិឃាដសត្វ ។
(៥០) វិហារសាងថ្មីៗ រាបដល់ដីរាយប៉ាយបាត់ ព្រះជីវ័បាក់បែកខ្ចាត់ គង់ហាលខ្យល់យល់ខ្លោចផ្សា ។ វិនាសហិនហោចអស់ ទ្រព្យរបស់ពុទ្ធសាសនា ប្រហែលជាយល់ថា ទឹកចិត្តខ្មែរនឹងរលាយ ។ ប៉ុន្តែមិនដូច្នោះ ខ្មែររងគ្រោះគ្រាអន្តរាយ រឹតតែរួបរួមកាយ រៀបចំធ្វើពិធីបុណ្យ ។ តាមផ្ទះរៀបជ្វាលា ទៀនធូបផ្ការំឭកគុណ រុងរឿងលើសលប់មុន កាលមិនទាន់អសន្តិសុខ ។ នៅគ្រប់វត្តអារាម ឋិតនៅតាមទីភូមិស្រុក ដែលនៅមានសន្តិសុខ ខ្មែររួមគ្នាបូជាបាន ។
(៥៥) រឹតតែឱឡារិក ធំអធិកគ្រប់ទីឋាន យុទ្ធជនចិត្តក្លាហាន ក៏រួមប្រាណទាំងប្រុសស្រី ។ ទឹកចិត្តខ្មែរភ្លឺថ្លា ដូចចន្ទ្រាពេញបុណ្ណមី កាន់សាសន៍ព្រះជិនស្រី ធ្វើវិសាខបូជា ។ ជឿថានឹងបានសុខ តទៅមុខពុទ្ធសាសនា នឹងរីករុងរឿងថ្លា ផ្ចាញ់សត្រូវឱ្យទៅឆ្ងាយ ។ ខ្មែរនឹងបានជោគជ័យ អស់មានភ័យក្ដីអន្តរាយ ទឹកចិត្តខ្មែរស្រស់ស្រាយ ស្រឡាញ់តែសន្តិភាព
(អើយ) ។
ដោយលោក វ៉ាន់ -ជីន
ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៧៤