របស់ក្រម ង៉ុយ
ខ្ញុំសូមបង្គំព្រះសម្មា សម្ពុទ្ធណាៗក្នុងភពត្រៃ ចម្រើនកម្មដ្ឋានក្រោមពោធិ៍ម្លប់ នមស្ការគោរពរំឭកគុណ ។ ព្រះចមចក្រពង្សវង្សមុនីនាថ កំពូលផុតជាតិជាងមហាជន សោយរាជសម្បត្តិសម្បើមបុណ្យ សម្បូណ៌លើសលន់លុបលោកា ។ លោកិយដឹងហើយគួរកោតខ្លាច ទ្រង់មានអំណាចព្រះចេស្ដា គួរស្ដាប់ព្រះរាជឱង្ការ បន្ទូលត្រួតត្រាគួរត្រងត្រាប់ ។ ព្រះទ័យទ្រង់ត្រេកស្រឡាញ់សង្ឃ ប្រមាណសែនអង្គក្បុងភទ្ទកប្ប ព្រះអង្គបានទ្រង់ត្រាស់ប្រញប្ដិ ឈ្មោះច្បាប់បាដិមោក្ខសំវរសីល ។ ចែកចេញជាកងសិក្ខាបទ កំណត់ពីររយម្ភៃប្រាំពិល(ប្រាំពីរ) មិនឱ្យមានមោះម៉ងមន្ទិល អ្នកបួសកុំខ្ជិលកាន់ឱ្យខ្ជាប់ ។ បាណាអទិន្នាជាបឋម ជាតរូបទៀតផ្សំត្រូវជា១០ លោកសង្ឃឥឡូវកាន់មិនសព្វ កាន់ក្នុងបន្លប់លាយបន្លំ ។ បន្លិចលុយកាក់លាក់សម្ងាត់ ទោសត្រូវអាបត្តិលាក់សម្ងំ បាសកផ្ញើទានគ្មានអារម្មណ៍ សន្សំតែទ្រព្យក្ដៅក្រហាយ ។ ប្រសិនបើកាន់ច្បាប់ព្រះពុទ្ធ មិនមានធម្មយុត្តិមហានិកាយ បើចេះខ្លាចក្រែងមិនក្លែងក្លាយ សមសុខសប្បាយមិនទាស់គ្នា ។ លោកសង្ឃគ្រប់វត្តមានធំតូច សង្ឃខ្លះខិលខូចសង្ឃខ្លះជា បរិសទ្យថ្កោលទោសគ្រូឧបជ្ឈាយ៍ មានពាក្យនិន្ទាតែរាល់វត្ត ។ បាដិមោក្ខពីររយម្ភៃប្រាំពិល លោកសង្ឃណាខ្ជិលចាំមិនស្ទាត់ កងបាចិត្តិយនិងទុក្កដ ចូលមាត់ចូលកមិនដឹងខ្លួន ។ ពួកបាចិត្តិយកៅសិបពីរ និស្សគ្គិយសាមសិបបារាជិកបួន បើចេះហើយចាំឱ្យមាំមួន ល្អបរិសុទ្ធសូន្យមិនសាយសុស ។ ប៉ុន្តែសិក្សាមិនសូវចាំ ចំណាំត្រង់ណេះចោលត្រង់ណោះ ត្រង់ណាដែលដឹងជាខ្លួនខុស ហ៊ានឈ្លោះពីព្រោះគេមិនដឹង ។ សង្ឃាទិសេសប្រហែសបាន ដប់បីសណ្ឋានប្រមាណថ្លឹង បើធ្លាប់សង្រួមឱ្យយ៉ាងតឹង មិនអរមិនខឹងមិនបានខុស ។ ឥន្ទ្រិយប្រាំមួយនាំឱ្យភ្លាត់ បាចិត្តិយទុក្កដលាយចម្រុះ ត្រចៀកអណ្ដាតភ្នែកច្រមុះ ភ្នែកមើលណេះណោះឃើញសុះសាយ ។ សោតិន្ទ្រិយោសូរតិចខ្លាំង ចក្ខិន្ទ្រិយំមើលជិតឆ្ងាយ ជិវិ្ហន្ទ្រិយាពោលនាយអាយ សើចលេងសប្បាយចំអន់គ្នា ។ បរិសទ្យអាបត្តិទុក្កដញឹក បារាជិកច្រើនណាស់តែឧបជ្ឈាយ៍ ទ្រព្យក្នុងសម្បាច់សម្បូណ៌ហៀរ ត្រូវទោសអទិន្នាគរុភណ្ឌ ។ ទ្រព្យសង្ឃជាដើមគឺដំណាំ អវហារម្ភៃប្រាំចាំគ្នេរគ្នាន់ ឱបទុកខ្នះខ្នែងក្រែងមិនគ្រាន់ អវហារប្រាំជាន់បរាជិក ។ របស់បានច្រើនក្នុងចំណែក កិបទុកមិនចែកឱ្យលោកភិក្ខុ គ្រឿងយាវជីវិកឬកាលិក ទុកខួបល្ងាចព្រឹកម៉ៅតែឯង ។ ម្យ៉ាងទ្រព្យគេហែចូលវិហារ បាសកបូជាដល់គម្ដែង គេវេរបាលីមានខ្លីវែង គេតែងនឹងថាសង្ឃស្ស ។ ប្រកាសប្រគេនជំនុំសង្ឃ ចំពោះគ្រប់អង្គថាទេមៈ លោកសង្ឃសាធុមិនសល់ម្នាក់ សង្ឃរាជទុកដាក់មិនចែកចាយ ។ ខ្ញុំចាត់ចែងតាមខ្ញុំចេះចាំ អវហារម្ភៃប្រាំបែកបរិយាយ នេះសុទ្ធតែសីលផ្នួសអន្តរាយ លោកសង្ឃទាំងឡាយកុំប្រព្រឹត្ត ។ ពីព្រោះឥន្ទ្រិយទាំងប្រាំមួយ លោកណាមិនព្រួយមិនប្រុងគិត លោភោមោហោបាំងងងឹត សិស្សមានគំនិតមិនហ៊ានថា ។ សង្ឃរាជគ្រូសូត្រសិស្សបរិសទ្យ គួរប្រុងប្រតិបត្តិតាមពុទ្ធដីកា ពួកបាចិត្តិយសេក្ខិយា កម្រសង្ឃណារក្សាបាន ។ ញឹកណាស់តែហ្វូងកងទុក្កដ មិនដឹងកំណត់មាត់ប៉ុន្មាន លោកសង្ឃចូលសិងមិនដឹងប្រាណ ទុក្កដសម្រាន្តសម្រាកចាំ ។ ក្រវែលដល់ពេលបាយសម្ល ចូលមាត់ចូលកពីឆ្វេងស្ដាំ កងសេក្ខិយាចិតសិបប្រាំ បាចិត្តិយប្លមប្លាលើទុក្កដ ។ លោកសង្ឃស្រណុកនឹងរួចខ្លួន បាដិទេសទាំងបួនសិក្ខាបទ បារាជិកបួនមិនកំណត់ បើកាន់ប្រាកដប្រកែកបាន ។ រង្វើលមើលឃើញស្រណុកគេច កុំឱ្យតែភ្លេចផ្លូវកម្មដ្ឋាន សង្រួមសុចរិតប្រិតប្រុងប្រាណ អាបត្តិមិនហ៊ានចូលមកជិត ។ សង្ឃរាជគ្រូសូត្របីសណ្ឋាន ម្យ៉ាងបួសចង់បាននិព្វានពិត ម្យ៉ាងបួសចង់ថ្កើងដំឡើងឫទ្ធិ គំនិតចង់ខ្ពស់ក្នុងលោកិយ ។ ម្យ៉ាងបួសមិនត្រង់ចង់ធ្វើធំ រៀនសិល្បអាគមមន្តបាលី ធ្វើពេទ្យព្រោះហេតុចង់ឱ្យល្បី ស្ដោះផ្លុំប្រុសស្រីឱ្យជារោគ ។ ស្ដោះផ្លុំក្រមុំឬមេម៉ាយ មិនដែលស្ដោះឆ្ងាយអង្គុយឈ្ងោក ដល់មន្តអាគមវាចូលជោក លែងស្គាល់ជាលោកជាបាសក ។ ម្យ៉ាងទៀតមារយាទស្រីក្រមុំ ពោះធំក្នុងពុតបទអាក្រក់ វាផើមវាថាវាកើតត្រក់ កុហកលោកគ្រូឱ្យច្រកថ្នាំ ។ ច្រកទាល់តែជ្រុលរោគរលួយ រលាយរូប១និងខន្ធ៥ នេះហៅបួសក្រៅបន្ទូលផ្ដាំ ប្រព្រឹត្តសាងកម្មឱ្យអន្តរាយ ។ ធ្វើពេទ្យបំពានពាក្យព្រះពុទ្ធ រម្លត់រំលាងរាងរូបកាយ ម្ល៉ឹងហើយមិនសិក្ខនៅនឹកស្ដាយ សប្បាយចិត្តណាស់ធ្លាប់ធ្វើធំ ។ ព្រះពុទ្ធមិនហាមឱ្យដាច់សោះ បើរោគបុរសឱ្យស្ដោះផ្លុំ កុំភ្លើច្រកថ្នាំស្រីក្រមុំ រូបក្ខន្ធផ្ដើមផ្លុំរលាយស្លាប់ ។ សង្ឃរាជម្យ៉ាងទៀតគ្រប់ជាបី ប៉ែកឈានលោកិយធម៌ក្រៅច្បាប់ ចេញភរបរិយាយអធិប្បាយប្រាប់ ឱ្យរៀបប្រដាប់តាមចំណាំ ។ មានប្រាក់១រៀលសំពត់ស អង្ករនិងទៀន៥ធូប៥ បាយសីស្លាធម៌អមឆ្វេងស្ដាំ ខាបឃើញពៀរកម្មនិងបុណ្យបាប ។ គ្រោះថ្នាក់យ៉ាងណាមិនកំបាំង ជំងឺតិចខ្លាំងដឹងដរាប ស្លាប់រស់ដូចម្ដេចស្រេចនូវខាប ខ្មោចប្រេតព្រាយអាបឃើញទាំងអស់ ។ ឃើញគ្រូអារក្ខចំបួរជួរ ឃើញនរកឃើញសួគ៌គ្មានចន្លោះ ឃើញសាយសុសសព្វទ្រព្យរបស់ ជិតឆ្ងាយកៀនកោះធ្លុះក្នុងដី ។ អ្នកខ្លះឱ្យយឹតរកកូនស្លាប់ ហៅឱ្យមកចាប់កំណើតថ្មី រំលងឆ្នាំពីរឬឆ្នាំបី ប្រុសមកជាស្រីខុសប្រាថ្នា ។ នេះឯងធ្វើក្លែងក្រៅគម្ពីរ ឧត្តរពេញទីខុសសិក្ខា វិន័យមិនកាន់ៗតម្រា ពុទ្ធដីកាប្រិតប្រាមមិនព្រមស្ដាប់ ។ សង្ឃរាជស្លូតត្រង់មានច្រើនវត្ត សូត្រធម៌ចាំស្ទាត់មិនចាំច្បាប់ បើមានអ្នកចេះរំឭកប្រាប់ ថាធ្វើតែត្រាប់តាមគ្រូមុន ។ ប៉ុន្មានតមកដល់ឥឡូវ នឹងរើរកត្រូវដូចភ្លេចគុណ ល្ងង់ហើយមានះចចេសស៊ុន បាសកធ្វើបុណ្យរាល់រដូវ ។ បំបួសខែជេស្ឋខែអាសាធ ចីវរនិងបាត្រខ្នាតមិនត្រូវ ឃើញចិនលក់ថោកទិញយកទៅ មិនសូវរិះគិតពិនិត្យខ្នាត ។ របស់ឥឡូវផ្លាស់ប្លែកៗ បាត្រស្ពាន់ដីដែកៗស៊ីវីឡាត ធំជាងឆ្នាំងបាយហៅថាបាត្រ បានថ្មីល្អស្អាតក៏យកដែរ ។ គ្រូសូត្រៗញត្តិតាមបន្ទូល បាសកលូនចូលប្រគេនតែ លោកសង្ឃអង្គុយរៀងបង្ហែ បាសកចិនខ្មែរទាំងក្មេងចាស់ ។ អង្គុយជ្រកជ្រៀតនឹងលោកសង្ឃ មិនចង់ឱ្យឆ្ងាយឱ្យស្រឡះ លុតក្រាបប្រណម្យឱនសំពះ អន្តរាយហត្ថបាសខូចលោកសង្ឃ ។ អ្នកបួសមិនកើតឧបសម្ប័ទ បរិសទ្យអង្គុយនឿយគ្រប់អង្គ គ្រូសូត្រនឿយសូត្រគួរផ្ចិតផ្ចង់ ប្រឹងប្រិតតម្រង់តម្រូវខ្យល់ ។ ច្បាប់បួសត្រូវគ្នានឹងកឋិន តែចេះមិនឆ្អិនមិនឡើងផល គួររៀនឱ្យសព្វកុំឱ្យឆ្ងល់ បើរៀនចេះដល់ត្រូវសាមគ្គា ។ លោកសង្ឃវត្តក្រៅទៅជួយបុណ្យ បើបាននិមន្តចូលវិហារ ត្រូវគង់ប្រជុំរួបរួមគ្នា កុំឱ្យឃ្លាតឃ្លាពីហត្ថបាស ។ លោកសង្ឃរៀនសូត្រអង្គកឋិន បាសកខ្មែរចិនទាំងក្មេងចាស់ ត្រូវថយឱ្យឆ្ងាយឱ្យស្រឡះ កុំឱ្យពាល់ប៉ះនឹងលោកសង្ឃ ។ សូត្រស្រេចគ្រងស្រេចសូត្រសន្មត ឱ្យឮប្រាកដលោកគ្រប់អង្គ មិនត្រូវសូត្រខ្សឹបខ្លាចគេថ្លង់ ត្រូវឱ្យអស់សង្ឃដឹងរាល់គ្នា ។ សូត្រក្រាលក៏ដូចសូត្រសន្មត ឱ្យឮប្រាកដក្នុងវិហារ មានកាលលោកគ្រូធំឧបជ្ឈាយ៍ ចិត្តជាចែកឱ្យគ្រូសូត្រគ្រង ។ បើគ្មានលោកគ្រូមានលោកចាស់ គោរពសំពះកុំរំលង ត្រូវសូត្រភន្តេតាមទំនង ក្រាលគ្រប់ពីរដងប្រាប់បរិសទ្យ ។ លោកចាស់វស្សាមិនបានគ្រង គ្រាន់តែផ្គូផ្គងរៀបចែកចាត់ អានិសង្សកឋិនបាំងអាបត្តិ បង្ហាត់សូត្រធម៌ឱ្យល្បបគ្នា ។ ក្រាលគ្រប់ឈប់ស្លេះមួយស្របក់ បាសកប្រគេនអស់ភស្ដុភារ ចំពោះរាល់អង្គក្នុងវិហារ អាមិសបូជាគ្រប់លំដាប់ ។ ប្រគេនរួចហើយចូលជិតចុះ ទាំងស្រីទាំងប្រុសមិនខុសច្បាប់ ប៉ុន្តែអ្នកឆ្ងាយច្រើនប្រញាប់ មិនសូវចាំស្ដាប់លោកយថា ។ សូមទានសន្ដោសសម្ដែងច្បាប់ ព្រះសង្ឃកុំចាប់ចងទោសា ខ្ញុំភ័យខ្លាចអាប់ព្រះសាសនា ប្រោសប្រាណមេត្តាបណ្ដាសង្ឃ ។ ខ្ញុំពោលមិនមានពាក្យបង្កាច់ ក្រែងសីលលោកដាច់ខ្ញុំតម្រង់ តម្រូវតែតាមច្បាប់ព្រះអង្គ ព្រះឱស្ឋត្រឹមត្រង់ត្រូវមាត្រា ។ កាលអង្គសម្ដេចព្រះចមភព ជាម្លប់មនុស្សសត្វនិងទេវតា ជិតចូលនិព្វានមានពុទ្ធដីកា ផ្ដាំផ្ញើសាសនាមហាបរិសទ្យ ។ ភិក្ខុភិក្ខុនីអង្គអរហន្ត អានន្ទមិនទាន់បានអរហត្ត រក្សាវិន័យកុំឱ្យបាត់ ប្រយត្នឱ្យមានប្រយោជន៍យូរ ។ ក្រោយនោះព្រះអង្គចូលនិព្វាន អរហន្តហោះធ្យានមានជាគ្រូ មិនមានអក្ខរាណាដាក់ទូ ទេសនាបង្ហូរពីព្រះឱស្ឋ ។ ព្រះអគ្គសាវករាល់ព្រះអង្គ ព្រះទ័យស្រោចស្រង់ទ្រង់សន្ដោស សម្ដែងធម៌អាថ៌មេត្តាប្រោស បាបបុណ្យគុណទោសនិងសីលទាន ។ ឈ្វេងយល់ថាធម៌នឹងសូន្យស្ងាត់ អស់អង្គអរហត្តចូលនិព្វាន សង្ឃសេក្ខបុគ្គលមិនទ្រង់ញាណ នឹងមានអក្ខរាណាតែងទុក ។ ព្រះធម៌ប្រាំបីម៉ឺនបួនពាន់ ស្រេចនៅអានន្ទចាំទំនុក ដំណែលព្រះអង្គដឹងគ្រប់មុខ ជង្រុកធម៌អាថ៌មហាអានន្ទ ។ ជាព្រះអនុជអាណិតសត្វ ក្រែងបាត់ធម៌អាថ៌មិនគ្រប់គ្រាន់ ព្រះធម៌ប្រាំបីម៉ឺនបួនពាន់ គ្នេរគ្នាន់ខ្នះខ្នែងចាត់ចែងចារ ។ ចេះចប់អភិធម្មចាំរហូត វិន័យព្រះសូត្រប្រាំប្រការ ប្រកាសអស់អង្គអរហន្តា បិដកឯណាជាឫសគល់ ។ បរមត្ថព្រះសូត្រអានន្ទចាំ វិន័យទាំងប្រាំឧបាលីយល់ អរហន្តទាំងអស់កើតរវល់ អំពល់អំពីរឿងធម៌អាថ៌ ។ ព្រះបាទអជាតសត្រូវ ជួយគិតតម្រូវព្រះសាសនា សន្មតឱ្យឈ្មោះហៅក្សត្រា ព្រះមហាក្សត្រចូលគំនិត ។ និយាយឱ្យដឹងដើមកំណើត កាលកើតអក្ខរាចារស្លឹករឹត បកប្រែបាលីសេចក្ដីពិត ពិនិត្យត្រឹមត្រូវតាមពុទ្ធដីកា ។ ប្រាំរយឆ្នាំគត់ផុតភិក្ខុនី មនុស្សស្រីលែងបួសខ្លាចសិក្ខា កំណត់មួយពាន់ប្លាយវស្សា អស់អរហន្តាចូលនិព្វាន ។ នៅសល់តែសង្ឃបុថុជ្ជន កិលេសនៅធ្ងន់នៅស្រេកឃ្លាន សង្វាតឱហាតចម្រើនឈាន ហោះធ្យានមិនរួចដូចបំណង ។ កើតមានគម្ពីរនៅលង្កា ព្រះពុទ្ធឃោសាចារចម្លង កើតមានបាលីសម្រាយផង ធ្វើបុណ្យម្ដងៗស្ដាប់ទេសនា ។ ទសជាតិទាំង១០មានគ្រប់វត្ត ប្រែត្រូវប្រាកដព្រះគាថា ព្រះធម៌សូត្រមន្តឬសូត្រដារ អ្នករៀនអក្ខរាពីរចំណែក ។ ចំណេះចំណាំចាំរាល់ខ្លួន អ្នករៀនបានក្បួនចាស់ចារចែក ហ៊ានភ្នាល់ព្រោះអាងឃើញនឹងភ្នែក កើតឈ្លោះប្រកែកប្រកួតខឹង ។ ប្រកាន់តែខាងខុសរហូត មិនរៀនមេសូត្រឱ្យចេះដឹង អាងចេះតែកកាប៉ុណ្ណឹង ខំប្រឹងចំអឺតអួតខ្លួនត្រូវ ។ សព្វថ្ងៃជជែកពីយោ-យ៉ោ ដំឡើងភ្នែកស្លោមុខក្រញូវ ថាធ្លាប់យោនពីខ្មោចឪ ឥឡូវយ៉ោណាមិនសុខចិត្ត ។ អ្នកម្ខាងអាងស្រៈតួប្រាំបី ឱ្យនឹងបាលីជាកម្រិត ផ្សំតួមេសូត្រប្រឹងប្រែប្រិត ព្រោះដ្បិតឱ្យត្រឹមត្រូវមាត្រា ។ អ្នករៀនគ្រប់វត្តគ្រប់នគរ សដាក់ជើងលរាប់ស្លស្លា បើសនិងមរាប់ស្មស្មា អ្នកមានប្រាជ្ញាគួរស្ដាប់បាន ។ កុំល្ងង់ទាល់ងាប់ធ្លាប់មិនដឹង បើខឹងកុំឃាត់ថាឱ្យបាន ខដាក់ជើងមពីបូរាណ ក្មេងតូចប៉ុន្មានស្គាល់ខ្មខ្មា ។ រាល់រាស្ត្រចាស់ក្មេងកុំចិត្តខ្មាំង គួរខ្មាសបារាំងអ្នករាជការ ដើមហេតុអំពីព្រះករុណា ឱ្យសាងសាលាប្រែបាលី ។ ទ្រង់ចាំទំនៀមពីបូរាណ ហើយបានជំនុំព្រមកុង្សីយ៍ បំណាច់ធ្វើស្ដេចគ្រងផែនដី ទិសទាំងប្រាំបីរំពៃគ្រប់ ។ ព្រះកាយពលមិនរវល់រែក ព្រះទ័យរំលែកទាំងថ្ងៃយប់ ចូលទែនបន្ទំទីបន្ទប់ បន្ទូលមិនឈប់រាល់វេលា ។ មេត្តាប្រោសប្រាណអ្នកមានសក្តិ ចែកលុយចែកកាក់គ្រប់ភ្នាក់ងារ ម្យ៉ាងត្រួតក្សត្រីស្នំស្រិង្គា ក្រែងគ្រុនរងាមិនបានសុខ ។ ព្រះទ័យមេត្តាសត្វមនុស្សសត្វ សោយរាជសម្បត្តិសម្បើមស្ដុក ព្រះកាយប្រកបគង់ស្រណុក ព្រះទ័យវិតុក្កជាធម្មតា ។ ១-ព្រួយនឹងឱបព្រះនគរ ២-ព្រួយនឹងពព្រះសាសនា ៣-ត្រួតលោកសង្ឃកាន់សិក្ខា សង្រួមកិរិយាមិនបរិសុទ្ធ ។ នឿយណាស់ព្រះនេត្រព្រះកម្មា ព្រះឱស្ឋត្រួតត្រាតឿនបំផុត ដាស់តឿនបំភ័យពួកកុលបុត្រ ឱ្យចេះលំអុតសង្រួមកាយ ។ ទ្រង់ចេញប្រកាសជាក់ប្រាកដ ប្រគល់រាល់វត្តទោះជិតឆ្ងាយ លោកសង្ឃមិនត្រូវស្រើបសប្បាយ អស់ល្បែងទាំងឡាយគ្រប់ជំពូក ។ មិនត្រូវចំពោះស្ដាប់តន្ត្រី កុំបីមើលរាំវានាំភ្លូក កុំដើរភ្លើៗមើលអុំទូក អ្នកបួសធ្វើលោកមិនត្រូវការ ។ បើមានត្រូវកិច្ចដើរយប់ថ្ងៃ សង្ឃបងនិស្ស័យចាស់វស្សា កុំដើរទឹមស្មើទៅណាៗ អ្នកចេះសិក្ខាគេទាស់ភ្នែក ។ លោកនេនកុំសុំលុយចិនចាយ បិណ្ឌបាតតែបាយម្នាក់ៗវែក គ្រឿងម្ហូបចំណីបាសកចែក កុំយួរពុនរែកវាថោករឹក ។ របស់បាសកគេប្រគេន ប្រគល់លោកនេនបានលោកភិក្ខុ ចិញ្ចឹមជីវិតនឹងបាយទឹក បិណ្ឌបាតពេលព្រឹកយប់សូត្ររៀន ។ លោកណាត្រឹមត្រូវមិនសូវខុស ស្ងៀមស្ងាត់ទៅចុះកុំអន់អៀន លោកណាមិនចេះកុំវេះវៀន ពាក្យប្រៀនប្រដៅឱ្យផ្អើលភ្ញាក់ ។ បំណាច់ព្រះអង្គទ្រង់ផ្ដាំផ្ញើ សាសនាឋិតលើស្ដេចមហាចក្រ ព្រះមហាចមពង្សទ្រង់ចំពាក់ ចំពោះធុរៈនឹងសាសនា ។ ពីត្រឹមណោះរៀងដរាបមក ដល់ស្រកគោកធ្លកមានសាវតារ ប៉ុន្មានរាជហើយមិនដឹងថា ដល់មកករុណាយើងសព្វថ្ងៃ ។ ហេតុនេះលោកសង្ឃប្រុងពិនិត្យ សៀវភៅស្លឹករឹតមានរាល់ដៃ ផ្ទៀងមើលសុភោកវិនិច្ឆ័យ បើនៅសង្ស័យឱ្យសិក្សា ។ សព្វសង្ឃចាស់ខ្ចីគប្បីស្ដាប់ ឈ្មោះច្បាប់បំពានព្រះពុទ្ធដីកា បង្គំថ្វាយដល់ព្រះករុណា សូមទ្រង់មេត្តាជ្រាបព្រះទ័យ ។ ក្រែងចួនប្រទះពាក្យឆ្គាំឆ្គង ពុំត្រូវទំនងក្រឹត្យវិន័យ សុំទ្រង់មេត្តាអត់ទោសពៃរ៍ ក្រួញក្រាបសិរសីក្រោមព្រះបាទ ។ ព្រះសង្ឃទាំងអស់ទោះតូចធំ ខ្ញុំឱនបង្គំសុំអនុញ្ញាត ខ្ញុំពោលមិនមានពាក្យប្រមាទ សង្ឃជាល្អស្អាតខ្ញុំមិនថា ។ ខ្ញុំពោលតែសង្ឃធ្វើអាក្រក់ បើខ្ញុំកុហកខូចមុសា ហេតុនេះខ្ញុំសុំបវារណា សង្ខេបនិដ្ឋិតារឿងលោកសង្ឃ ។
សុំក្រើនរំឭកឫកបាសក ច្រើនចិត្តអាក្រក់ខ្ញុំតម្រង់ តម្រូវតាមផ្លូវច្បាប់ព្រះសង្ឃ កុំបីលះបង់ចោលសាសនា ។ កើតមកពូជពង្សពេញពុទ្ធសាសន៍ កុំភ្លើកុំផ្លាស់ភ្លេចសាវតារ មានរូបមានចិត្តមានប្រាជ្ញា គួរពិចារណារកខុសត្រូវ ។ កាលកើតមិនទាន់ដឹងទោសទុក្ខ បន្ទោមូត្រលាមកដាក់ម៉ែឪ លាងដុះជ្រះស្អាតផ្ដេកទុកនៅ បុកស្រូវអង្ករស្លដណ្ដាំ ។ ដេកឱបគ្រប់ក្រុងប្រុងប្រយត្ន ក្រែងសត្វស្រមោចមូសចុចខាំ លំបាកនឿយណាស់១៥ឆ្នាំ ម៉ែឪរងកម្មចិញ្ចឹមកូន ។ កំលោះក្រមុំពេញរូបកាយ អាពុកនិងម្ដាយចាស់ទ្រមខ្លួន ប្រមុំរូបល្អបរិសុទ្ធសូន្យ បានស៊ីជំនូននំចំណី ។ រៀបការរកស៊ីរួមបន្ទុក សូមម្ដាយឪពុកប្រពន្ធប្ដី មួយឆ្នាំពីរឆ្នាំកើតកូនខ្ចី ជីដូនពបីចៅជុះដាក់ ។ កាលកូនពីតូចនឿយដុសលាង ធំពេញរូបរាងខាងប្រឡាក់ លាងលាមកចៅទៀតឡើងពីរថ្នាក់ ធម្មមានចំពាក់ថែមពីរជាន់ ។ ចំណែកកូនប្រុសបានបួសភិក្ខុ ខ្លះបួសរឭកសហាយស្មន់ សឹកមកមិនឈប់ទៅភពភាន់ រៀបការមិនទាន់រាន់ចិត្តឯង ។ អ្នកខ្លះបួសចេះដឹងធម៌អាថ៌ បួនប្រាំវស្សាយូរអង្វែង សឹកមករកស៊ីខំខ្នះខ្នែង មិនលែងឱ្យទុក្ខឪពុកម្ដាយ ។ ព្រួយចិត្តព្រោះដ្បិតរកប្រពន្ធ ថែមទោសទុក្ខធ្ងន់រាល់រូបកាយ រកស៊ីនៅជិតមិននៅឆ្ងាយ កូនធ្វើខ្ញុំម្ដាយៗខ្ញុំខ្លួន ។ បើមានប្រពន្ធនៅស្រុកឆ្ងាយ ឪពុកនិងម្ដាយឃ្លាតដោយខ្លួន មានម្ដាយខាងស្រីនៅថៃថួន មិនលែងជីដូនធ្វើខ្ញុំចៅ ។ ពីព្រោះរកស៊ីក្នុងបន្ទុក ចំណីគ្រប់មុខទោះឆ្អិនឆៅ ស្វាយខ្នុរចេកដូងដំឡូងត្រាវ របស់នោះម៉ៅក្នុងចំណែក ។ អាពុកម្ដាយចាស់ឈឺទម្ងន់ ចំណីជោរជន់ជូនដាច់ប៉ែក លើកឡើងប្រគល់ម្ដាយប្រកែក សម្រក់ទឹកភ្នែកស្ដាយចំណី ។ ចង់ដែរប៉ុន្ដែលេបមិនរួច ជិបបានតិចតួចចោលទៅដី យ៉ាងនេះគ្រប់មនុស្សទាំងប្រុសស្រី គប្បីសម្គាល់រាល់រូបកាយ ។ ពីតូចទាល់ធំពេញចំណាស់ មិនដែលសំពះអាពុកម្ដាយ សំពះម្ដងៗតែអ្នកឆ្ងាយ ត្រង់ម្ដាយអាពុកថាអៀនខ្មាស ។ ម្ដាយរលត់វេលាណា អាចារ្យស្រោចទឹកលើកចំអាស ប្រមូលចូលដុសលាងជម្រះ ឱ្យក្រាបសំពះបវារណា ។ ប្រណម្យសុំទោសម្ដាយមិនដឹង ត្រង់អរឬខឹងម្ដាយមិនថា គ្មានប្រាក់ទៅជឿទំនិញផ្សារ ខ្លះខ្ចីចងការញាតិសន្ដាន ។ មានតែកម្លាំងតាំងខំរត់ ទៅទិញសំពត់ផ្តិលថាសចាន គ្រប់គ្រឿងប្រដាប់ទាំងប៉ុន្មាន ឱ្យបានដាក់ផ្លុងឱ្យម៉ែឪ ។ ដាក់ចោលបោះបង់លោកសង្ឃទស់ បើឱ្យកាលរស់នោះពេញត្រូវ ជវ័នវិញ្ញាណចេញអស់ទៅ អ្នកណានឹងនៅនឹងត្រេកអរ ។ កាលម្ដាយរស់នៅមិនសូវលុះ បាននេះខ្វះនោះចេះតែក្រ ម្ដាយស្លាប់មិនដឹងប្រឹងត្រដរ អង្វរខ្ចីជឿគេធ្វើបុណ្យ អ្នកមានសំណាងប្រសើរគាប់ បុគ្គលមានភព្វមានទ្រព្យធន គេនឿយតែទិញទូលរែកពុន មានប្រាក់ជាទុនធ្វើជាទាន ។ ច្រើនចិត្តអាក្រក់តិចចិត្តល្អ ច្រើនខាងអ្នកក្រតិចអ្នកមាន កំណាញ់ស្វិតពេកច្រើនស្រេកឃ្លាន គួរគិតសន្និដ្ឋានចូលចិត្តចុះ ។ កើតមកតែងរកប្រពន្ធប្ដី មួយរយមានពីរបីទាំងស្រីប្រុស បើបួសត្រឹមត្រូវមិនសូវខុស ស្លាប់រស់កុំសឹកយកប្រពន្ធ ។ បើទ្រាំមិនបានហើយសឹកមក ឱ្យគិតលៃលករកទ្រព្យធន ជូនម្ដាយអាពុកទុកធ្វើបុណ្យ គោរពតបគុណចម្រើនផល ។ បើយកប្រពន្ធនៅឱ្យឆ្ងាយ ល្មមម្ដាយអាពុកទៅមកដល់ កុំនៅជាមួយកើតអកុសល ព្រោះម្ដាយខ្វាយខ្វល់នឹងកូនឯង ។ ប្រពន្ធនិងប្ដីស្រីនិងប្រុស មិនដឹងទោសខុសគ្រប់កន្លែង គ្មានប្ដីប្រពន្ធគេថាឆ្នែង អ្នកប្រាជ្ញសម្ដែងថាសេសបាប ។ ឃើញត្រូវតែនៅឃ្លាតដោយខ្លួន ចំណីជំនូនជូនដរាប កុំនៅជាមួយកើតឆ្អេះឆ្អាប លុតក្រាបសំពះកុំខ្មាសគុណ ។ កូនចៅខាងក្រោយឱ្យប្រតិបត្តិ ប្រយត្នកុំធ្វើដូចអ្នកមុន អ្នកមានកូនចៅបានជាស៊ុន ទោសធ្ងន់ឱ្យទុក្ខអាពុកម្ដាយ ។ ស្រួលណាស់តែនៅឆ្ងាយដោយខ្លួន ឱ្យចេះថែថួនមើលនាយអាយ ផ្ទះធំស្រណុកសុខសប្បាយ កុំស្ដាយស្រណោះរបស់នៅ ។ មេបាសុខចិត្តឱ្យកូនស្រី យើងសង់ផ្ទះថ្មីដូចម៉ែឪ មេបាររៀបការជាត្រឹមត្រូវ ខ្លួននៅមិននៅនោះតាមចិត្ត ។ ប៉ុន្តែម៉ែឪត្រូវសប្បុរស ឱ្យទ្រព្យរបស់ព្រោះអាណិត ធ្វើតាមទំនៀមច្បាប់ក្រមក្រឹត្យ សាច់សាលោហិតមានសង្ស័យ ។ យើងខំរកស៊ីមានពេលឈប់ គួរឆ្លៀតគោរពទោះយប់ថ្ងៃ ចំណីផ្អែមឆ្អាបទោះសាបប្រៃ កុំលាក់សំចៃស៊ីភ្លេចគុណ ។ ខ្លួនខ្ញុំកំណើតរាស្ត្រអ្នកស្រែ ឆោតឆៅខ្លៅដែរពីកាលមុន កាលមកពីបួសខុះរែកពុន ធ្វើបាបនិងបុណ្យទម្ងន់ស្មើ ។ ខ្ញុំស្មោះគោរពអាពុកម្ដាយ អស់លោកទាំងឡាយល្មមសរសើរ ខ្ញុំជូនដំណឹងតាមដំណើរ ព្រះខ្ញុំគ្រាន់បើជាងអ្នកល្ងង់ ។ ជាតិក្រោយកុំឱ្យខ្ញុំល្ងីល្ងើ ជាតិនេះចាស់ស្ទើរខ្ញុំប្រឹងស្ទង់ ប្រឹងស្ទុះឱ្យរួចពីអន្លង់ ភ័យភិតខ្លាចផុងទៅក្នុងភក់ ។ ក្នុងភពសង្សារខ្ញុំសង្ស័យ សព្វថ្ងៃខ្ញុំភ័យខ្លាចនរក ម្យ៉ាងទៀតខ្ពើមជាតិអាជិវក ជាតិល្មោភហូបលាមកព្រោះល្មើសគុណ ។ ក្រែងខ្ញុំបានល្មើសម៉ែឪខ្លះ ខ្ញុំភ័យខ្ញុំណាស់ក្រែងខ្ញុំស៊ុន ខ្ញុំសុំស្មាលាទោសពីមុន សុំបុណ្យជួយបាំងបាបឱ្យបាត់ ។ ឱ្យបានទាន់តួព្រះស្រីអារ្យ ឱ្យបែកប្រាជ្ញាក្នុងបរមត្ថ ព្រះអង្គទេសនាទ្រង់ប្រោសសត្វ សុំលុះអរហត្តដូចបំណង ។ ចំណែកខ្ញុំផ្សាយច្បាប់រំឭក អស់លោកជួយនឹកសច្ចាផ្សង ធ្វើបុណ្យចែកផលដល់ខ្ញុំផង នឹកឈ្មោះម្ដងៗដូចធម្មតា ។ មានម្ដាយអាពុករាល់រូបរាង នោមជុះដុសលាងគួរល្អើមល្អា(រអើមរអា) ព្រះពុទ្ធចាកផុតវដ្ដសង្សារ ប្រាថ្នារកផ្លូវទៅនិព្វាន ។ រលាយកងទុក្ខអកុសលកម្ម រលត់ខន្ធប្រាំលែងស្រេកឃ្លាន យើងនៅសង្ខារនិងវិញ្ញាណ ទោសទុក្ខតែងមានតែរាល់គ្នា ។ ខ្ញុំទូលបង្គំដើមឈ្មោះអ៊ូ ពូជពង្សអម្បូរខ្មែរអ្នកជា អាពុកឈ្មោះអុកមានសក្តិងារ ចៅពញាធម្មធារាធ្វើមេស្រុក ។ ក្នុងខេត្តភ្នំពេញឃុំកំបូល ពូជពង្សត្រកូលម្ចាស់អង្គប៉ុក អាពុកអ្នកម្ដាយឈ្មោះពញាម៉ុក គាត់ធ្វើមេស្រុកឃុំស្ពានថ្ម ។ អ្នកម្ដាយអាពុកបងប្អូនជិត ជំទួតមួយពិតពូជចិត្តល្អ ដូនតាផ្សំផ្គុំជាតំណ បង្កកើតខ្ញុំទូលបង្គំ ។ បង្កើតអំពីក្នុងគំនិត ភ័យភិតខ្លាចបាបចង់បានបុណ្យ បានបែកចែងច្បាប់ប្រាប់មហាជន បួនច្បាប់ពីមុនជូនរាជការ ។ បោះពុម្ពសៀវភៅចែកសព្វសាយ ម៉ាដឺមូហ៊្សែលចាត់ថ្វាយព្រះករុណា មិនបានថ្វាយផ្ទាល់ដល់ហត្ថា សូមទ្រង់មេត្តាប្រោសប្រណី ។ ឱនកាយប្រណម្យសុំអនុញ្ញាត ក្រាបក្រោមព្រះបាទព្រះបារមី ចែងច្បាប់បរមត្ថអត្ថបាលី សេចក្ដីចែងចប់ម្ល៉េះហើយហោង ។
ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៣៧ ខ្សែទី៧