ក្រម ង៉ុយ
៙ កូនចៅចូរចាំស្ដាប់ អាពុកប្រាប់ប្រៀនប្រដៅ រូបល្អសសាច់ក្រៅ កុំឱ្យខ្មៅចិត្តខាងក្នុង ។ កូនចាំចងទុកចុះ ជាតិជាមនុស្សមិនខុសពង្ស រូបក្រៅយ៉ាងខ្មៅយង់ ចិត្តខាងក្នុងសល្អស្អាត ។ ពាក្យពិតគិតឧបមា កុំត្រាប់ខ្លារៀនត្រាប់ត្មាត សត្វក្អែកខ្លៅហួសខ្នាត ឫកខូចខាតនោះកុំត្រាប់ ។ មើលឫកសេកលលក ល្មមរៀនយកទុកតម្រាប់ ជាតិឆ្កែត្រកូលអាប់ គួរកុំត្រាប់ឱ្យត្រាប់ស្វា ។ កុំត្រាប់មាន់មានបាប ត្រាប់ពុតចាបបែកប្រាជ្ញា កុំត្រាប់ខ្លែងឫស្យា ត្រាប់ពង្សាត្រកូលហង្ស ។ កុំត្រាប់ពុតកង្កែប ឱ្យត្រាប់បែបសត្វកន្លង់ កុំត្រាប់ពុតប្រមង់ ផ្ចង់ត្រាប់ពុតសារិកា ។ កូនចៅចូរចាំស្ដាប់ អាពុកប្រាប់ប្រែបញ្ហា មនុស្សល្អដូចទេវតា ចិត្តឫស្យាអន្យតិរ្ថិយ ។ ចិត្តក្នុងពាល់រលាក ផ្អែមតែពាក្យនិងសម្ដី កូនចៅទាំងប្រុសស្រី កុំបីត្រាប់មនុស្សយ៉ាងហ្នឹង ។ ត្រាប់មនុស្សខ្មៅកក្រិត ខាងក្នុងចិត្តល្អសភ្លឹង អ្នកស្រុកស្រណុកពឹង រឹងតែពាក្យសម្ដីក្រៅ ។ មានការខឹងដោយយ៉ាង ស្ដីក្អេងក្អាងមាត់លឡៅ ជេរវ៉ៃស្ដីប្រដៅ ជេរហើយហៅឱ្យស៊ីចុក ។ អ្នកម្យ៉ាងសទាំងអស់ គ្មានខ្មៅសោះរឹតតែសុខ យ៉ាងហ្នឹងចូរចាំទុក បួនប្រាំស្រុកមិនទាន់មាន ។
និយាយរឿងឫកខ្លា ស៊ីអាហារតាមចិត្តឃ្លាន ខាំគេទាំងបំពាន ហ៊ានមិនថាគេតូចធំ ។ សត្វត្មាតរូបអាក្រក់ បើសម្លក់រកទ្រនំ អត់ស៊ីសំកុកទំ ឮក្អែកយំស្រាប់តែអរ ។ អាដែងសត្វសុនខ ឫកអាក្រក់ដេកតែក្រ ឃើញគ្នាទោះខ្មៅស មិនដែលអរស្រាប់តែខឹង ។ ចេះមួយតែស្អប់គ្នា ត្រង់ខូចជាមិនទាន់ដឹង ឃើញឆ្កែកន្ទុយឆ្កឹង ប្រឹងដេញឆ្កឺតប្រខាំឈ្លោះ ។ កំណើតសត្វពានរ អង្គុយឈរដេកទីខ្ពស់ ដៃជើងលោតឡើងចុះ រស់នឹងស្លឹកឈើផ្លែឈើ ។ សត្វក្អែកចិត្តចោរខ្មាំង លួចត្រីអាំងគេទុកទើ ត្រីខព្យួរខាងលើ ចឹកបើករើលួចលបឆក់ ។ ពងមាន់ស៊ីមិនកើត ចេញចូលអើតភ្នែកស្លឺតស្លក់ ចិត្តខ្មាំងខ្មៅអាក្រក់ ឆក់ទៅចោលក្រៅរបង ។ លលកសេកបក្សី ស៊ីចំណីជុំគឹកកង មានភ័យផ្អើលម្ដងៗ ហើរត្រសងមិនឈ្លោះគ្នា ។ មាន់ព្រៃនិងមាន់ស្រុក ដេកសំកុកមិនចេះរងា ចេះល្ងាវចាំវេលា ជុះបង្ហៀរដាក់បង្គង ។ សត្វចាបសឹងចេះគិត ដឹងថាជិតថ្ងៃខែពង ពាំស្មៅម្ដងមួយទង ចេះផ្គូរផ្គងធ្វើសម្បុក ។ ប្រមង់ខ្លែងចោរប្លន់ ឆាបកូនមាន់កណ្ដាលស្រុក មេមាន់យំរំអុក ហែកបញ្ចុករស់កូនឯង ។ កំណើតហង្សបក្សី មានរស្មីល្អចិញ្ចែង ក្បូរក្បាច់រំលេចខែង គេតែងធ្វើរូបតាងទុក ។ មានវត្តមានព្រះអង្គ មានរាជហង្សនៅខាងមុខ មិនដែលបែកបាក់ពុក ទុកតម្កើងលើដងទង់ ។ បក្សីសត្វសារិកា មានប្រាជ្ញាមិនសូវល្ងង់ សម្បុរសោតខ្មៅយង់ ស្ដេចតែងទ្រង់ប្រោសប្រណី ។ មានរឿងក្នុងមហោសថ វែងបំផុតមិនមែនខ្លី ឈប់ស្លេះរឿងបក្សី ចែងសេចក្ដីរឿងកង្កែប ។ ដេកនៅផ្ទាប់គល់ឈូក ខ្នងស្រកូកសម្ងំអែប ផ្កាឈូកល្អអស់បែប មិនដឹងក្លែបក្លិនយ៉ាងណា ។ កន្លង់សត្វបក្សី នៅក្នុងព្រៃដែនបព្វតា ស្វែងហើររកអាហារ ជញ្ជក់ផ្កាឈូកយកបាន ។ អធិប្បាយឱ្យហូរហែ ជាតិជាខ្មែរទាំងប៉ុន្មាន មានឈ្មោះខ្ពស់ថ្កើងថ្កាន ញាតិសន្ដាននិងព្រះពុទ្ធ ។ ប្រពៃពូជព្រះអង្គ បួសជាសង្ឃពង្សកុលបុត្រ កាន់សីលមិនបរិសុទ្ធ ចៀសគេចផុតផ្លូវនិព្វាន ។ នេះឯងមនុស្សកង្កែប មាត់ច្រវែបបែបមិនឃ្លាន អត់ចិត្តអត់វិញ្ញាណ មិនមានដឹងរសក្លិនផ្កា ។ អ្នកខ្លះគ្មានតម្រិះ មិនចង់ចេះដឹងអក្ខរា មិនស្រើបនឹងធម៌អាថ៌ មានឧបមាដូចកង្កែប ។ អ្នកម្យ៉ាងមិនបួសសោះ ចិត្តជឿស្មោះអស់បទបែប បានភពប្រសព្វសេព អែបឱបសីលដូចកន្លង់ ។ ប្រដូចមនុស្សនឹងសត្វ ផ្លូវបរមត្ថកាន់តម្រង់ តម្រាប់ច្បាប់ព្រះអង្គ កុំលះបង់ព្រះសាសនា ។ ជាតិខ្មែរចិត្តខ្មៅខូច មានប្រដូចពូជក្រូចឆ្មារ មិនដែលឆ្ងាញ់ពីសា ជូរយ៉ាងណាជូរទាល់ងាប់ ។ មនុស្សម្យ៉ាងដូចននោង ខ្ចីដំបូងប្រសើរគាប់ ចាស់ស្វិតសាញស្រទាប់ គេលែងរាប់ស្អប់លែងស្ល ។ ស្វាយខ្ចីចាស់ជូរដែរ ទុំទៅប្រែជាផ្អែមល្អ ជាតិខ្មែរចិត្តខ្មៅស កម្របានបែបដូចស្វាយ ។ ច្រើនដូចក្រូចននោង ពូជត្នោតដូងប្រយោជន៍ឆ្ងាយ ជម្ពូទ្វីបយើងអាយ មនុស្សទាំងឡាយត្រាប់មិនបាន ។ កាលគ្រាប់នៅកម្រោល គេបោះចោលមិនរាប់អាន ដេកដុះតាមកម្សាន្ត ធំប៉ុន្មានប្រាក់ប៉ុណ្ណឹង ។ ប្រយោជន៍ជាតិដូងត្នោត មនុស្សណាឆោតគិតមិនដឹង គេកាប់មិនចេះខឹង ប្រឹងតែលូតលាស់ជាថ្មី ។ មិនឥតអំពើសោះ ត្រូវទាំងអស់ការខាងខ្លី ខ្ពស់ឃ្លាតផុតពីដី ស្លឹកខ្លីៗគេធ្វើផ្លិត ។ ត្បាញស្មុគចាក់កាតំ គេចេះផ្សំប្រើតាមចិត្ត អ្នកណាប្រាជ្ញាល្អិត ប្រើហើយប្រិតបានប្រាក់ពាន់ ។ ធាងតូចត្រូវចំណង ទាល់ម្ដងៗធ្វើបន់ស្រន់ រកណេះណោះមិនទាន់ ធ្វើរូសរាន់តាមប្រញាប់ ។ ខាងពោះធ្វើរបង ប៉ែកខាងខ្នងចងកណ្ដាប់ កណ្ដាលហាលថ្ងៃស្លាប់ ក្របែលកាប់ដុតដាំបាយ ។ ត្នោតមួយដើមលៃលុយកាក់ បូកទាំងប្រាក់មួយពាន់ប្លាយ មនុស្សរស់រាល់រូបកាយ បានប្រាក់ចាយពីដើមត្នោត ។ ស្រទាប់ធាងនិងស្លឹក មានផ្កាទឹកធ្វើស្ករប៉ោត ស្ករផែនម៉ឺនសែនកោដិ ក្បាបវាសោតគេដោតត្រី ។ ចាស់ល្មមឡៅលក់ដូរ ស្លកកូរផ្លែខ្ចីៗ ផ្លែទុំជ្រុះដល់ដី មនុស្សប្រុសស្រីរើសធ្វើនំ ។ ចោលគ្រាប់ដុះកំពីង ដាប់លួងក្មេងកុំឱ្យយំ ជក់ចាស់សរសៃធំ ចងប្រមុមធ្វើជាប្រែង ។ ជក់ល្អិតសរសៃខ្ចី វេញខ្សែខ្លីវេញខ្សែវែង ប្រយោជន៍ច្រើនកន្លែង អ្នកណាឯងអាចត្រាប់បាន ។ ជាតិខ្មែរចិត្តខ្មៅស អាក្រក់ល្អមានគ្រប់ប្រាណ បើចង់សុខក្សេមក្សាន្ត មើលលំអានពុតដើមស្វាយ ។ កុំត្រាប់ននោងក្រូច ក្រែងមិនរួចចតុរាបាយ ដូងត្នោតប្រយោជន៍ឆ្ងាយ មនុស្សទាំងឡាយពិបាកត្រាប់ ។ លលកសេកកន្លង គួរផ្ចិតផ្ចង់យកជាច្បាប់ សត្វណាកិរិយាអាប់ ខុសសណ្ដាប់ចៀសឱ្យឆ្ងាយ ។ ពាក្យពិតពោលប្រដូច សត្វធំតូចបែបបរិយាយ រំពឹងគិតក្នុងកាយ សត្វទាំងឡាយចិត្តខុសគ្នា ។ សត្វស្វាប្រាជ្ញាវៃ មានទុក្ខភ័យរាល់វេលា គំនិតចិត្តល្អជា ទ្រាំក្ដៅរងាទាំងថ្ងៃយប់ ។ មានឆោតជាទំនៀម ដេកលក់ស្ងៀមពីព្រលប់ ចុះដីបីដងម្យប់ ស្ទាបគល់គ្រប់ក្រែងរលំ ។ មែកតូចមិនខ្លាចបាក់ អធ្រាត្រភ្ញាក់ផ្អើលស្រែកយំ នេះឯងហៅឆោតធំ មែកតូចធំជុំគ្នាដេក ។ អាដែងត្រដេវវិច ជើងតូចតិចអាងធាក់មេឃ ឆោតហើយព្រហើនពេក ដេកតែផ្ងារមិនដែលផ្កាប់ ។ អាដែងក្រៀលបក្សី ខ្លាចផែនដីផ្អៀងក្រឡាប់ លបឈានមិនហ៊ានចាប់ ខ្លាចដីផ្កាប់លើកជើងម្ខាង ។ ជន្លេនសត្វពូជប្រេត ស៊ីមិនឆ្អែតតាមសំណាង ផែនដីធំអស់យ៉ាង ស៊ីខាងៗខ្លាចអស់ដី ។ កំណើតសត្វទាំងបួន ឆោតផុងខ្លួនប្រាជ្ញាខ្លី ជាតិមនុស្សទាំងប្រុសស្រី កុំបីឆោតជ្រុលគំនិត ។ រាល់រូបទាំងស្រីប្រុស ចង់តែរស់ជន្មជីវិត គួរជឿគម្ពីរពិត មិនគួរគិតជឿអាគម ។ មិនជឿធម៌ព្រះពុទ្ធ ជឿមេមត់ខ្មោចស្ដោះផ្លុំ ខ្សែកអារក្ខធំ ចងពទ្ធរុំរាំងផ្លូវស្លាប់ ។ ជឿណាស់តែខ្សែក ត្រង់ព្រះធម៌មិនខ្វល់ស្ដាប់ ព្រះកាលមកតឿនប្រាប់ ព្រមប្រញាប់ទាំងបំណង ។ អាគមខ្សែកស្រាប់ ម្ដេចមិនចាប់ព្រះកាលចង អារក្ខស្ដោះផ្លុំម្ដង ឆ្លងមិនរួចអកុសលកម្ម ។ នេះឯងត្រដេវវិច មាត់តូចតិចដេកផ្ងារបាំង ជើងតូចដូចសម្រាម ចាំធាក់មេឃយករួចខ្លួន ។ មេឃណាចេះរលំ បំផុតធំគ្របទ្វីបបួន ពពកបក់ប្រពូន ព្រះពាយជូនមិនផុតមេឃ ។ ជន្លេនខ្លាចអស់ដី មនុស្សតិរ្ថិយកំណាញ់ពេក មានទ្រព្យច្រើនអនេក ដេកតែមើលមិនធ្វើទាន ។ ស៊ីសោតមិនពេញពោះ ឱ្យតែរស់សោះតែឃ្លាន សន្សំទុកធ្វើទាន មិនហ៊ានទិញស៊ីស្ដាយប្រាក់ សត្វក្រៀលឆោតភ្លើៗ ទំមែកឈើមិនខ្លាចបាក់ ដើរដីជើងម្ខាងដាក់ ម្ខាងលើកលាក់ខ្លាចផ្កាប់ដី ។ នេះឯងហៅឆោតព្រើល ម្ដេចមិនមើលសត្វដំរី ធំលើសសត្វអ្វីៗ ដើរលើដីមិនក្រឡាប់ ។ ដូចចាស់បូរាណមុន លោកមានគុណច្រើនចេះច្បាប់ ធ្វើការមិនប្រញាប់ រៀបរណ្ដាប់មិនដែលខាន ។ ចាស់ធ្វើគួរយើងគោរព ថាចាស់ឆោតថាមិនបាន បើតាមបែបលំអាន សាច់សន្ដាននិងសត្វក្រៀល ។ ធ្វើការប្ដីប្រពន្ធ រៀបភោជនពេញពាសវាល អុជភ្លើងភ្លឺរន្ទាល ថ្ងៃរសៀលក្រុងពលី ។ រាប់រៀបរឿងភស្ដុភារ ថ្វាយបូជាអស់ផ្កាភ្ញី នាងហ៊ីងព្រះធរណី មានឫទ្ធីសោយចំណី ។ ចំណែកចំណាំចាស់ ប្រាកដណាស់មានរាសី ទឹមគោទឹមក្របី ភ្ជួររាស់ដីម្ដេចមិនសុំ ។ រៀបការប្ដីប្រពន្ធ ដីមិនធ្ងន់មិនថ្ងូរយំ ភ្ជួររាស់ស្រែតូចធំ ស្មៅរលំរលើងអស់ ។ មិនដែលក្រុងពលី ម្ចាស់ធរណីមិននឹកសោះ ភ្ជួរហើយមានថែមរាស់ ដូចគេរាស់ល្មមសង្ស័យ ។ ទោះភ្ជួរចម្ការស្រែ ពីរបីខែធ្វើរាល់ថ្ងៃ កាប់គាស់មិនសំចៃ មិនឱ្យថ្លៃដីមិនខឹង ។ អ្នកខ្លះទាយតាមចេះ ថាដីនេះរកស៊ីតឹង បើទ្រាំនៅត្រង់ណឹង ប្រឹងទាល់គាប់ជាប់តែក្រ ។ បើតាមព្រះពុទ្ធដីកា មនុស្សឫស្យាចិត្តមិនល្អ កំណាញ់ច្រើនតំណ ក្រពីព្រោះមិនធ្វើទាន ។ អ្នកចិត្តល្អជ្រះថ្លា នៅត្រង់ណាចេះតែមាន មិនដែលខ្សត់អត់ឃ្លាន ព្រោះផលទានពីជាតិមុន ។ អ្នកខ្លះទុក្ខវេទនា មានរោគារងាគ្រុន ស្លាប់កូនស្លាប់ប្រពន្ធ ហោរគូរគន់ថាគ្រោះថ្នាក់ ។ មានទោសពីព្រោះដី គំនិតខ្លីឆោតជឿជាក់ ឆោតបង់ទាំងលុយកាក់ រើលើកដាក់រកដីល្អ ។ ដីនោះរវល់រុះរើ មានឫសឈើនិងក្រួសថ្ម បើគិតតាមច្បាប់ធម៌ ស្លាប់និងក្រអកុសលកម្ម ។ បាណាធ្វើដរាប សាងផ្លូវបាបៗឱ្យផល ជាតិនេះពៀរមកផ្ដល់ ខ្យល់មិនស្រួលទទួលកម្ម ។ ហោរមួយថាទាស់ដី ហោរពីរបីថាគ្រោះឆ្នាំ អ្នកចេះអួតអាងចាំ វេរាប្រាំបំភ្លេចចោល ។ ជឿហើយនៅសង្ស័យ ដូចលូកដៃចាប់ស្រមោល ឆោតឆៅខ្លៅកម្រោល ជឿតែលតោលតេងតាងចិត្ត ។ ដីដេកមិនកម្រើក មិនចេះបើកមិនចេះបិទ មិនខឹងមិនអាណិត ជាឋានឋិតមនុស្សគួរនៅ ។ ផ្កាប់ផ្ងារដោយសារភ្ជួរ ស្ទឹងបឹងបួមានរាក់ជ្រៅ អ្នកឆ្លងពឹងទូកទៅ អ្នកសំពៅពឹងសមុទ្ទ ។ អ្នកប្រាជ្ញពឹងគម្ពីរ អ្នករកស៊ីពឹងពាក្យឆុត ខ្លាចស្លាប់ភេទក៏ស្លុត រត់ស្លឺតស្លក់ទៅរកក្បួន ។ កង្កែបហ៊ីងគីង្គក់ បានទឹកថ្លុកថាមាំមួន ក្អេងក្អាងមិនវេះពួន នឹកថាខ្លួនបានសាន្តសុខ ។ កង្កែបពឹងត្រពាំង មានព្រៃបាំងមានល្បាប់ផុក ទឹកជ្រៅលំនៅស្ដុក ស្រួលស្រណុកចិត្តគ្រាន់បើ ។ តាំងឫកថាខ្លួនថ្កើង លោតចុះឡើងស្រួលដេកដើរ គិតថាគាប់ប្រសើរ មិនទាន់ស្មើនិងសមុទ្ទ ។ កង្កែបបែបទាំងបួន អួតរាល់ខ្លួនមិនតក់ស្លុត បើតាមពាក្យព្រះពុទ្ធ គេចមិនផុតគឺផលកម្ម ។ ទឹកជ្រៅតែងមានជ្រោះ មានសត្វពស់វាពួនចាំ កង្កែបអែបទ្រោលត្រាំ ពស់លេបខាំលេបមិនលែង ។ ជាតិមនុស្សដូចកង្កែប មានច្រើនបែបផ្ទះសម្បែង អ្នកម្យ៉ាងខ្ទមពីរល្វែង នឹកថាឯងអស់ប៉ុណ្ណឹង ។ អ្នកម្យ៉ាងផ្ទះគ្រឿងឈើ ប្រក់ស្លឹកឈើដេកសម្លឹង ចេញឫកឱ្យគេដឹង ប្រឹងមើលងាយអ្នកនៅខ្ទម ។ អ្នកម្យ៉ាងអាងផ្ទះក្បឿង រុំរុងរឿងនឹងរូបឆោម របស់ទ្រព្យមានព្រម នៅមិនល្មមស្មើផ្ទះថ្ម ។ ព្រះកាលកេណ្ឌកម្មកាច មិនកោតខ្លាចអ្នកមានក្រ បើសីលបរិសុទ្ធល្អ ទើបអង្វរព្រះកាលបាន ។ ព្រះកាលដឹងប្រាកដ ដល់កំណត់មិនព្រមខាន មហាជនទាំងប៉ុន្មាន គួរសន្និដ្ឋានចូលចិត្តចុះ ។ ប្រិតប្រុងក្នុងគំនិត កុំប្រព្រឹត្តអំពើខុស រាល់រូបទាំងស្រីប្រុស គិតឱ្យអស់កុំឱ្យសល់ ។ ផ្ទះឈើនិងផ្ទះថ្ម អាក្រក់ល្អស្រេចនូវផល ជាតិមុនធ្វើបុណ្យដល់ កុសលច្រានបានផ្ទះថ្ម ។ អ្នកខ្លាចស្អប់អ្នកហ៊ាន ជាតិអ្នកមានស្អប់អ្នកក្រ អាក្រក់ស្អប់អ្នកល្អ ព្រោះគេឈូឆររាប់អាន ។ អ្នកខូចនិងអ្នកជា នៅជិតគ្នាមិនសូវបាន អ្នកកាន់ច្បាប់បូរាណ មិនខានស្អប់ទំនើបថ្មី ។ អ្នកស្លូតស្អប់អ្នកកាច ឫកអ្នកប្រាជ្ញស្ងៀមមិនស្ដី ឫកមនុស្សកាឡកិណី ស្អប់សិរីមិនចង់ជិត ។ អ្នកស្វិតចិត្តស្មូរជន ចាយទ្រព្យធនចាយក្នុងគិត ឱ្យទានឱ្យមិនពិត គំនិតនៅក្នុងកំណាញ់ ។ កំណើតចិត្តតិរ្ថិយ ស៊ីចំណីមិនសូវឆ្ងាញ់ ស៊ីហើយតែគិតកាញ់ គ្មានសម្លាញ់នឹងឈ្មោះណា ។ បើគេស្វិតដូចខ្លួន ខឹងគុំកួនជេរផ្ដាសា ខ្លួនឯងស្វិតឫស្យា មានគេថាមិនសុខចិត្ត ។ កូនចៅជឿចាំចុះ ធ្វើជាប្រុសឱ្យប្រុងប្រិត ពិចារណាឱ្យល្អិត ទុកជាក្រឹត្យក្រមប្រដៅ ។ ប្រដូចមនុស្សនិងសត្វ បែបបរមត្ថចិត្តសខ្មៅ ស្លូតកាចប្រាជ្ញនិងខ្លៅ ចូរកូនចៅពិចារណា ។ កើតមកមានពូជពង្ស កុំងងឹតល្ងង់លង់ប្រាជ្ញា ខំរៀនខំសិក្សា ទុកជាការប្រយោជន៍ខ្លួន ។ រំពឹងប្រឡងធី ពាក្យគម្ពីរនិងពាក្យក្បួន ចេះចាំឱ្យមាំមួន ចួនចួបចប់ម្ល៉េះហើយហោង ៕៚
ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៣៧ ខ្សែទី៥