សីល​នៃឧបាសក

  •  
  •  

ជនដែលមាននាមបញ្ញត្តិថា “ឧបាសក” នោះ ដោយហេតុដែលបានចូលទៅជិត ដល់នូវព្រះរតនត្រ័យជាទីពឹងទីរឭក ដូចពុទ្ធភាសិតដែលព្រះសម្ពុទ្ធទ្រង់ត្រាស់សម្ដែងចំពោះមហានាមសក្យរាជថា ម្នាលមហានាម គ្រហស្តឯណាមួយបានដល់នូវព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទីពឹងទីរឭក គ្រហស្តនោះឯងបានឈ្មោះថា “ឧបាសក” បើស្ត្រីហៅថា “ឧបាសិកា” ។ម្យ៉ាងទៀត មានបាលីថា រតនត្តយំ ឧបាសតីតិ ឧបសកោ ជនឯណា ចូលទៅអង្គុយជិតព្រះរតនត្រ័យ ជននោះឈ្មោះថា ឧបាសក ។

អធិប្បាយថា ជនដែលចូលទៅអង្គុយជិតព្រះរតនត្រ័យនោះ គឺមិនមែនចូលទៅអង្គុយជិតព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជនិច្ចដោយរូបកាយនោះទេ គឺលោកសង្គ្រោះយកនាមកាយជាប្រមាណ សូម្បីជននោះ ស្ថិតនៅក្នុងទីឆ្ងាយប៉ុន្មាន តែមានសន្ដានចិត្តប្រព្រឹត្តជាប់នៅក្នុងគុណព្រះរតនត្រ័យជានិច្ច  ចិត្តនោះឱនទៅតោងយកគុណព្រះរតនត្រ័យ ជាទីពឹងទីរឭកហើយ ជននោះឈ្មោះថា បានចូលទៅអង្គុយជិតព្រះរតនត្រ័យជានិច្ច  បើគ្រាន់តែចូលទៅអង្គុយជិតព្រះពុទ្ធដោយរូបកាយ តែសន្ដានចិត្តនោះ ស្ថិតនៅក្នុងទីឆ្ងាយអំពីគុណព្រះរតនត្រ័យ មិនបង្អោនទៅក្នុងគុណព្រះរតនត្រ័យទេ ជននោះឈ្មោះថា ស្ថិតនៅឆ្ងាយអំពីគុណព្រះរតនត្រ័យ មិនមែនជា “ឧបាសក  ឧបាសិកា” ឡើយ ។

បញ្ខវិរតិចេតនា គឺចេតនាដែលវៀរចាកវេរា ៥ ឈ្មោះថាជា “សីលនៃឧបាសក” ដូចពុទ្ធភាសិតព្រះបរមគ្រូជាម្ចាស់ទ្រង់ត្រាស់សម្ដែងចំពោះមហានាមសក្យរាជថា “ម្នាលមហានាម ឧបាសកឯណា បានវៀរចាក បាណាតិបាត គឺមិនសម្លាប់សត្វ ១ វៀរចាក អទិន្នាទាន គឺមិនលួចទ្រព្យអ្នកដទៃ ១ វៀរចាក កាមេសុមិច្ឆាចារ គឺមិនប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ១ វៀរចាក មុសាវាទ គឺមិននិយាយកុហក ១ វៀរចាក សុរាមេរយៈ គឺមិនផឹកនូវសុរានិងមេរ័យ ១ ឧបាសកនោះឈ្មោះថា “ឧបាសកមានសីល” ។

ដកស្រង់ចេញពីសៀវភៅ    ឃរាវាសធម៌


  •  
  •  
0 0 votes
Article Rating
Subscribe
Notify of
guest
0 Comments
Inline Feedbacks
View all comments