រឿងបញ្ញាសជាតក
ព្រះឧត្ដមមុនី អ៊ុម ស៊ូ អធិបតីរងក្រុមជំនុំ ប្រែព្រះបិដក
ប្រែពីបាលី ជាភាសាខ្មែរ
ឥមេសេនាគមិស្សន្តិ ឥទំសត្ថាជេតវន
វិហរន្តមាតុបោសកំ ភិក្ខុអារព្ភកថេសិ
ប្រែជាសេចក្ដីថា ព្រះបរមលោកុត្តមាចារ្យ កាលស្ដេចគង់នៅវត្តជេតពនទ្រង់ប្រារព្ធចំពោះនឹងភិក្ខុ ១អង្គជាអ្នកចិញ្ចឹមនូវមាតាឱ្យជាដើមហេតុឡើង ទ្រង់ត្រាស់នូវសេចក្ដីនេះ មានពាក្យថា ឥមេសេនាគមិស្សន្តិ ដូច្នេះជាដើម ។
រឿងនេះប្រហែលគ្នានឹងសាមជាតកដែរ ដូចមានសេចក្ដីដែលនឹងសម្ដែងតទៅនេះ ។
សម្ដេចព្រះបរមគ្រូ ព្រះអង្គត្រាស់សួរនូវភិក្ខុដែលចិញ្ចឹមមាតានោះថា នែភិក្ខុតថាគតបានឮថា អ្នកឯងចិញ្ចឹមគ្រហស្ថពិតមែនឬ ។
ភិក្ខុនោះទូលថា បពិត្រព្រះដ៏មានព្រះភាគ សេចក្ដីនឹងពិតដូចព្រះអង្គទ្រង់ជ្រាប ។ ព្រះដ៏មានបុណ្យទ្រង់សួរទៀតថា ចុះគ្រហស្ថនោះត្រូវជាដូចម្ដេចនឹងអ្នក ។ ភិក្ខុនោះទូលថា ឯគ្រហស្ថនោះត្រូវជាមាតារបស់ខ្ញុំព្រះករុណា សូមទ្រង់ជ្រាប ។
សម្ដេចព្រះបរមសាស្ត្រាចារ្យ ទ្រង់បានព្រះសណ្ដាប់ដូច្នោះហើយ ទើបទ្រង់ឱ្យសព្ទសាធុការ ៣ដងថាសាធុត្រូវហើយៗ រួចទ្រង់ត្រាស់សម្ដែងតទៅទៀតថា អ្នកឯងនេះបានតាំងនៅក្នុងផ្លូវដែលតថាគតបានដើរមកហើយ ឯកិរិយាដែលបម្រើបិតាមាតានេះ ក៏ជាវង្សនៃអ្នកប្រាជ្ញទាំងឡាយអំពីមុនៗ លោកក៏តែងលះបង់នូវជីវិតរបស់ខ្លួន ដើម្បីនឹងជាប្រយោជន៍ដល់មាតាបិតារបស់លោក ទ្រង់សម្ដែងយ៉ាងហ្នឹងហើយ ក៏បង្អង់នៅស្ងៀមក្នុងពេលនោះ ដោយតុណ្ហីភាព ។ ឯភិក្ខុទាំងនោះចង់ដឹងហើយក៏ក្រាបទូលសូមអារាធនា សម្ដេចព្រះភគវាក៏ទ្រង់នាំមកនូវអតីតនិទានសម្ដែងឱ្យភិក្ខុទាំងឡាយស្ដាប់តទៀត ។
អតីតេ ចម្បកនគរេ យសកិត្តិរាជា នាម រជ្ជំការេសិ គ្រាដែលកន្លងទៅហើយនោះមានព្រះមហាក្សត្រ ១អង្គទ្រង់ព្រះនាមថា យសកិត្តិ ទ្រង់បានសោយរាជ្យសម្បត្តិក្នុងចម្បកនគរ ព្រះអង្គមានព្រះអគ្គមហេសីព្រះនាមថា សិរិរមតីទេវីជាធំជាងស្រីស្នំទាំងឡាយ ១៦.០០០នាក់ ឯព្រះបាទយសកិត្តិរាជនោះទ្រង់មិនមានព្រះរាជបុត្រនិងព្រះរាជធីតាឡើយ គ្រានោះអ្នកនគរទាំងឡាយក៏បានដឹងច្បាស់ថា ព្រះមហាក្សត្រមិនមានព្រះរាជឱរសនិងធីតាដូច្នោះហើយ ក៏នាំទៅប្រជុំនៅទីមុខព្រះលានព្រះមហាក្សត្រហើយក៏ក្រាបបង្គំទូលថា បពិត្រព្រះសម្មតិទេព រដ្ឋមណ្ឌលស្ថានរបស់ព្រះអង្គមុខជានឹងវិនាសសាបសូន្យដោយពិតមិនខានឡើយ ។
ព្រះមហាក្សត្រស្ដេចទ្រង់សួរទៅវិញថា នែអ្នកទាំងឡាយរដ្ឋមណ្ឌលរបស់យើងនឹងវិនាសទៅនោះព្រោះហេតុអ្វី ។ អ្នកនគរទាំងនោះទូលថា បពិត្រសម្ដេចមហារាជ ព្រះរាជបុត្ររបស់ព្រះអង្គដែលនឹងរក្សាវង្សត្រកូលតទៅទៀតនោះមិនមាន ស្រុកនឹងវិនាសទៅដោយហេតុនេះឯងព្រះអង្គសូមទ្រង់ជ្រាប ។ ព្រះមហាក្សត្របានទ្រង់ព្រះសណ្ដាប់ហើយ ទើបមានព្រះរាជឱង្ការថា នែអ្នកទាំងឡាយ ចូរអ្នកទាំងឡាយកុំគិតព្រួយឡើយ ចូរបបួលគ្នាត្រឡប់ទៅវិញចុះ ។
ឯព្រះបាទយសកិត្តិរាជ ស្ដេចបានឱ្យមហាជនទាំងនោះត្រឡប់ទៅវិញហើយទើបទ្រង់មានព្រះរាជឱង្ការទៅពួកភរិយាតូចៗ ទាំង ១៦.០០០ ថា ស្ត្រីទាំងឡាយចូរអ្នកទាំងឡាយរាល់គ្នា តាំងចិត្តប្រាថ្នារកកូនឱ្យបានគ្រប់ៗ គ្នា ក៏ពួកព្រះស្នំនារីទាំងនោះ ក៏តាំងអំពាវនាវរំឭករកដល់ទីដែលខ្លួនធ្លាប់ពឹងពាក់ពំនាក់រាប់អានមានព្រះចន្ទជាដើម ហើយតម្កល់ចិត្តប្រាថ្នាចង់បានកូនតែរាល់ៗគ្នា តែថានឹងបានកូនទាំងនោះដល់ស្ត្រីណា ១ មិនមានឡើយ ទើបព្រះបាទយសកិត្តិរាជទ្រង់បង្គាប់ចំពោះទៅត្រង់ព្រះរាជទេវីថា នែព្រះនាងសិរិរមតី ចូលនាងតាំងចិត្តឱ្យស្រួលប្រាថ្នាសូមកូនសូម្បីតែមួយយកចុះ ព្រះរាជទេវីសិរិមតីក៏ក្រាបទទួលព្រះរាជតម្រាស់ថា បពិត្រព្រះសម្មតិទេពព្រះរាជស្វាមីម្ចាស់ខ្ញុំ ព្រះរាជឱង្ការនោះល្អពេកណាស់ហើយ ខ្ញុំម្ចាស់នឹងតម្រង់ចិត្តប្រាថ្នារកកូនមិនខានឡើយ តាំងពីនោះមកព្រះរាជទេវីនាងក៏បានទទួលសមាទានឧបោសថសីល តាំងចេតនាប្រាថ្នាចំពោះទៅត្រង់កូន នាងក៏ពិចារណាមើលនៅសីលរបស់ខ្លួនហើយទើបទ្រង់ធ្វើនូវសច្ចកិរិយាថា បើសីលរបស់ខ្ញុំនេះមិនដែលសៅហ្មងទេ ខ្ញុំសូមឱ្យបានកូនប្រុសដូចសេចក្ដីប្រាថ្នានេះកុំខានឡើយ ។
គ្រានោះ ពិភពនៃព្រះឥន្ទ្រាធិរាជក៏តាំងបណ្ដាលកម្សួលចំហាយក្ដៅឱ្យជាទីអផ្សុកដល់សក្កទេវរាជ ដោយតេជានុភាពនៃសីលរបស់ព្រះរាជទេវីនោះឯង ទើបសម្ដេចព្រះសហស្សន័យន៍ទ្រង់ពិចារណា ហើយជ្រាបនូវហេតុនោះមួយរំពេចថា នាងសិរិមតីបានតាំងសេចក្ដីប្រាថ្នាចង់បានកូន អញក៏នឹងត្រូវឱ្យនូវកូនដល់នាងនោះមិនខាន ទើបទ្រង់ពិចារណារកមើលនូវកូនដែលគួរនឹងឱ្យដល់នាងសិរិមតីនោះ ក៏ស្ដេចបានឃើញច្បាស់នូវព្រះបរមពោធិសត្វ ថានឹងអស់អាយុត្រូវការនឹងឡើងទៅកើតក្នុងជាន់ខាងលើតទៅទៀត ទើបសម្ដេចព្រះសហស្សនេត្រក៏ស្ដេចទៅកាន់សម្នាក់ព្រះពោធិសត្វ លុះដល់ហើយក៏ត្រាស់ថានែអ្នកបរិបូណ៌ដោយសេចក្ដីសុខ រកទុក្ខមិនមាន ឥឡូវនេះគួរអ្នកនឹងច្យុតទៅកើតក្នុងមនុស្សលោកនាយកុំខាន ។ ទើបព្រះពោធិសត្វសួរមកវិញថា បពិត្រព្រះសក្កទេវរាជ កាលបើខ្ញុំនឹងទៅកើតក្នុងមនុស្សលោកនាយនោះ តើនឹងត្រូវមានគុណប្រយោជន៍ដូចម្ដេចខ្លះ ? ។ ព្រះឥន្ទ្រាធិរាជក៏ប្រាប់ទៅវិញថា នែអ្នកនិរទុក្ខ កាលបើអ្នកបានទៅកើតក្នុងមនុស្សលោកនោះ អ្នកនឹងបានបំពេញនូវបារមីរបស់អ្នកនោះឱ្យបរិបូណ៌ឡើងទៅ ហើយសេចក្ដីចម្រើននឹងកើតឡើងដល់មហាជនផង ។ ព្រះពោធិសត្វទូលទៅព្រះឥន្ទ្រាធិរាជវិញថា បើដូច្នោះខ្ញុំនឹងអាចទទួលនិមន្តបានដូចព្រះហឫទ័យប្រាថ្នាមិនខានទេ ចំណែកព្រះពោធិសត្វនោះលុះបានទទួលប្ដេជ្ញានឹងព្រះឥន្ទ្រហើយ ក៏ធ្វើនូវចុត្យាការកិច្ចចុះចាកស្ថានទេវលោកមកកាន់យកនូវបដិសន្ធិក្នុងផ្ទៃនៃព្រះសិរិមតីជាអគ្គមហេសីនៃស្ដេចនោះ ។
គ្រានោះព្រះរាជទេវីទ្រង់ផ្ទំលក់ស្កល់ក្នុងរាត្រី ១ ក៏ទ្រង់ព្រះសុបិននិមិត្តថា មានតាបស ១អង្គមកអំពីភ្នំវិបុលដោយអាកាសវិថីកាន់យកកែវមណីមានពន្លឺរស្មី និងបរិបូណ៌ដោយលក្ខណៈដ៏ប្រពៃពេក មកតម្កល់ទុកលើផ្ទៃព្រះហស្តនៃនាង ៗ ក៏តើនឡើងចាកព្រះបន្ទំក្នុងពេលនោះ ទើបក្រាបបង្គំទូលព្រះរាជស្វាមីឱ្យទ្រង់ជ្រាប លុះស្ដេចជ្រាបហើយ ទើបទ្រង់ត្រាស់បង្គាប់ឱ្យហៅពួកព្រាហ្មណ៍ ដែលជាអ្នកទំនាយសុបិនថ្វាយឱ្យចូលមកគាល់ លុះព្រាហ្មណ៍ចូលមកដល់ហើយ ស្ដេចក៏ក្រាបបង្គំទូលថ្វាយព្យាករណ៍ថា សូមទ្រង់ព្រះមេត្តាប្រោសព្រះករុណាជាម្ចាស់ជីវិតលើត្បូង សុបិននេះល្អពេកណាស់ទំនាយថា ព្រះរាជទេវីសិរិមតីនោះនាងនឹងបានព្រះរាជឱរសប្រកបបុញ្ញលក្ខណៈ ឯព្រះរាជទេវីលុះទ្រង់ជ្រាបថានាងមានគភ៌ហើយវេលាណា ទើបទូលព្រះរាជស្វាមីឱ្យស្ដេចទ្រង់ជា្របគ្រប់ប្រការ ព្រះមហាក្សត្រស្ដេចក៏ប្រទានគព្ភបរិហារ គឺគ្រឿងរក្សានូវគភ៌ដល់ព្រះរាជទេវីនោះ ។
ក្នុងគ្រានោះព្រះមហាក្សត្រ ១អង្គនៅខាងក្រៅដែននៃព្រះបាទយសកិត្តិរាជ គឺជាស្ដេចដទៃ ក៏មានអាមាត្យរបស់មហាក្សត្រនោះយកសេចក្ដីក្រាបទូលស្ដេចនោះថា បពិត្រព្រះសម្មតិរាជ ដ្បិតព្រះបាទយសកិត្តិជាអ្នកទ្រទ្រង់ធម៌ បើប្រសិនណាព្រះករុណាជាម្ចាស់ជីវិតទ្រង់នឹងលើកសេនាទាហានទៅដណ្ដើមយកស្រុកចម្បកនោះផងបានដោយមិនលំបាកឡើយ ។ ព្រះមហាក្សត្រស្ដេចបានទ្រង់ព្រះសណ្ដាប់ពាក្យអាមាត្យទាំងឡាយក្រាបទូលដូច្នោះហើយស្ដេចក៏សួរថា អើការនេះយើងត្រូវធ្វើយ៉ាងណា អាមាត្យទាំងនោះក្រាបបង្គំទូលថា បពិតសម្ដេចមហារាជ ឯព្រះបាទយសកិតិ្តរាជនោះស្ដេចទទួលសមាទានសីលជាប់ជានិច្ចមិនដែលដាច់ឡើយ ទោះបីមានហេតុអ្វីដល់ជីវិតក្ដីទ្រង់មិនអាចនឹងធ្វើឱ្យកន្លងសីលនោះបានឡើយ ហេតុនេះហើយយើងទាំងឡាយនឹងដណ្ដើមយកនគរចម្បកនោះបានដោយងាយ ឧបមាដូចសម្បកឃ្មុំដែលមេហើរចេញចោលមិនបាននៅគ្រប់គ្រងនោះឯង ក៏ព្រះបាទពាហិររាជស្ដេចយល់ព្រមតាមសេចក្ដីដែលអាមាត្យក្រាបទូល ហើយទ្រង់លើកចតុរង្គសេនាទៅបោះទ័ពក្នុងទី ១ ជិតទៀបក្រុងចម្បកនោះ ហើយស្ដេចបង្គាប់រាជទូតឱ្យចូលទៅទូលព្រះបាទយសកិត្តិរាជថា បើព្រះមហារាជស្ដេចសព្វព្រះហឫទ័យចង់ច្បាំងនឹងយើង ក៏ឱ្យរៀបព្រះអង្គចេញតដៃគ្នាខាងក្រៅក្រុងឯណោះ បើមិនហ៊ានច្បាំងនឹងយើងទេ ចូរប្រគល់នូវស្វេតច្ឆត្រឱ្យមកយើងដោយឆាប់រហ័ស ។
គ្រានោះពួកអាមាត្យរបស់ស្ដេចយសកិត្តិរាជទាំង ១ ពាន់នាក់សុទ្ធតែជាអ្នកក្លៀវក្លាអង់អាចតែរាល់គ្នា កាលបើបានឮពាក្យរាជទូតទូលដូច្នោះហើយ ក៏មានសេចក្ដីទោមនស្សទាស់ចិត្តតែរាល់គ្នា កើតសេចក្ដីក្រោធគ្របសង្កត់យ៉ាងខ្លាំង ទើបរៀបប្រុងនូវគ្រឿងអាវុធបម្រុងនឹងច្បាំងតទល់នឹងស្ដេចនោះជាស្រេច ហើយចូលទៅគាល់ព្រះបាទយសកិត្តិរាជជាម្ចាស់របស់ខ្លួន ទើបក្រាបបង្គំទូលទទួលយកអាសាដោយគាថាជាបថមនេះថា
ឥមេសេនាគមិស្សន្តិបរិច្ចាគំតយាកតំ
ជីវិតំនោជហិស្សាមិ ឥវត្ថាយរថេសភា
សេចក្ដីថា បពិត្រព្រះអង្គដ៏ប្រសើរ ពួកសេនាទាហានទាំងឡាយនេះពេញចិត្តនឹងចេញទៅតយុទ្ធគ្នានឹងសត្រូវនោះដោយពិត ដណ្ដើមយករាជសម្បត្តិដែលព្រះអង្គលះបង់ហើយ ពួកយើងទាំងនេះសុខចិត្តលះបង់នូវជីវិតឥតមាននិស្ស័យ ហើយមិនអាចនឹងឃ្លាតចោលព្រះអង្គទេ សូមព្រះករុណាស្ដេចទ្រង់ជ្រាប ។
ឯព្រះបាទយសកិត្តិរាជ បានទ្រង់ព្រះសណ្ដាប់ពាក្យអាមាត្យក្រាបទូលដូច្នោះហើយ ទ្រង់ក៏ប្រទាននូវឱវាទដល់រាជអាមាត្យទាំងនោះ ជាគាថាដូច្នេះថា
តុម្ហេសាមត្ថេសេនាយ មាយុជ្ឈិត្ថវិលោបនំ
សចេយុជ្ឈិតកាមត្ថ ទោមនស្សស្សេនកោធសា
អន្ធការេនកោបេន អនេកទុក្ខរាសិយោ
ឧបជ្ជន្តិ ឥធលោកេ មាកោធេនជយេថវោ
សេចក្ដីថា បើអ្នកទាំងឡាយចូលចិត្តចង់ច្បាំងនឹងគេ ចូរអ្នកកុំច្បាំងដោយកម្លាំងសេនាយោធាឡើយ គំនរសេចក្ដីទុក្ខនឹងកើតឡើងក្នុងលោកនេះដោយច្រើនមិនខានឡើយ ព្រោះតែសេចក្ដីតូចចិត្ត នឹងសេចក្ដីក្រោធ នឹងខេរខឹង ដែលធ្វើឱ្យងងិតអន្ធការនោះឯង អ្នកទាំងឡាយកុំចង់ជ្នះគេដោយសេចក្ដីក្រោធនោះឡើយ ព្រះមហាក្សត្រទ្រង់ប្រោសប្រទានឱវាទដល់ពួកអាមាត្យនឹងយោធាបុរសរបស់ព្រះអង្គដូច្នោះហើយ ទ្រង់ក៏ឱ្យត្រឡប់ទៅវិញ ។
កាលអាមាត្យនិងយោធាបុរសត្រឡប់ទៅហើយ ព្រះមហាក្សត្រក៏ស្ដេចចូល ទៅកាន់ទីស្ថាននៃព្រះរាជទេវី ទ្រង់គង់លើលើទីសិរីសយនា ហើយទ្រង់ព្រះរាជទាននូវដំបូន្មានដល់នាងសិរិរមតីជាព្រះរាជទេវីដោយព្រះគាថានេះថា
អាបុច្ឆាមិអហំភទ្ទេ អរញ្ញេគន្តុំឥច្ឆាមិ
បព្វជិស្សាមិហំតត្ថ មភទ្ទេចិន្តយិមមំ
កុច្ឆិមិ្ហវសត្តោបិ សម្មាបាលេហិតេគព្ភំ
ឥត្ថិបុរិសភាវំវា នជានាមិសិរិមតី
សេចក្ដីថា នែនាងដ៏ចម្រើនបងសូមលាប្អូនថ្ងៃនេះហើយ បងនឹងចេញទៅបួសឯព្រៃព្រឹក្សា នែព្រះនាងដ៏ចម្រើនចូរប្អូនកុំគិតដល់ឡើយ ម៉្យាងទៀតសត្វដែលនៅក្នុងផ្ទៃនាង ៗ ចូរព្យាបាលរក្សាគភ៌នោះឱ្យល្អ ឯបងមិនទាន់នឹងដឹងនូវកូននោះជាប្រុសឬស្រីទេណានាងសិរិមតី ។
គ្រានោះព្រះរាជទេវីសិរិមតី បានទ្រង់ព្រះសណ្ដាប់ព្រះរាជឱង្ការព្រះស្វាមីដូច្នោះហើយ មានព្រះហឫទ័យឈឺចាប់ដូចជាត្រូវដោយគ្រាប់រន្ទះអសនិបាត នឹងមុតជាប់ដោយព្រួញ ១រយ ទើបលើកព្រះហស្តទាំងពីរគក់ឱរាទ្រង់ព្រះពិលាប មិនអាចនឹងងើបព្រះភក្ត្រឡើងត្រង់ទតមើលអង្គព្រះរាជស្វាមីនោះបានឡើយ ហើយទ្រង់មានព្រះរាជសវនីយ៍ពោលនូវគាថានេះថា
នេសធម្មោមហារាជ យំត្វំគច្ឆសិឯកកោ[១]
អហំបិតេនគច្ឆាមិអរញ្ញវាសមិច្ឆាមិ
វនំទេវតយិគតេ កថំអហំបិជីវេយ្យំ
ចាកវាកវិរហិតាចាកវាកីវឈាយិស្សំ
តយិគតេអហំតយាសទ្ធឹគមិស្សាមិទេវ
យថានូនមាតង្គោបិកុញ្ជរោអរញ្ញោចរោ
វិសមគិរិរទុគ្គេសុ កេរណុកាបទាទំ
តំអនុគច្ឆន្តីធុវំឯវមាហំសាមិកេន
អរញ្ញេចរន្តេនបិ អនុគច្ឆិស្សាមិសហ
យេនមគ្គេនគច្ឆត្វំតម្ហិមយ្ហមេវគតិ
តយិទុក្ខតេចកថំ សុខំវសេយ្យំនគរេ
តយិគតេអហំបច្ឆតោ អនុពន្ធិស្សាមិបតឹ
សេចក្ដីថា បពិត្រសម្ដេចព្រះបរមក្សត្រថ្លៃប្រសើរម្ចាស់ខ្ញុំទ្រង់មានព្រះរាជឱង្ការប្រកាសសេចក្ដីមកយ៉ាងហ្នឹង មិនប្រកបដោយធម៌ទេ ព្រះអង្គស្ដេចទៅក្នុងព្រៃតែ ១ ព្រះអង្គដោយអាការយ៉ាងណា ៗ ខ្ញុំម្ចាស់ក៏នឹងទៅតាមព្រះអង្គក្នុងព្រៃដោយអាការយ៉ាងនោះ ៗ បពិត្រព្រះរាជស្វាមីម្ចាស់ថ្លៃប្អូនអើយ កាលបើព្រះអង្គស្ដេចទៅកាន់ព្រៃហើយ ខ្ញុំប្អូននឹងរស់នៅតែម្នាក់ម្ដេចបាន នឹងស្គាំងស្គមថប់ថយកម្លាំងដរាបដល់ស្លាប់មិនខានឡើយ ឧបមាដូចសត្វចាក្រពាកញី ដែលព្រាត់ព្រាកចាកគូវាដូច្នោះឯង កាលបើព្រះអង្គស្ដេចព្រះរាជដំណើរទៅដល់ត្រឹមទីណា ខ្ញុំប្អូនក៏នឹងប្រឹងទៅឱ្យទាន់ព្រះអង្គត្រង់ទីនោះកុំឱ្យបែកពីព្រះករុណា ។
បពិត្រព្រះភស្ដាព្រះស្វាមីម្ចាស់ប្អូន ធម្មតាដំរីកុញ្ជរជាតិមាតង្គត្រកូល តែងស្វែងទៅតាមច្រកជ្រលងដងព្រៃផ្សេងៗ ទោះបីទីនោះមិនរាបស្មើជាទីទៅបានដោយកម្រក្ដី នាងករេណុកាដំរីញី ក៏ប្រឹងប្រព្រឹត្តទៅតាមស្នាមជើងនៃដំរីកុញ្ជរជាតិនោះបានយ៉ាងណា ខ្ញុំម្ចាស់ជាបាទបរិច្ចារិកានឹងប្រព្រឹត្តទៅតាមព្រះអង្គយ៉ាងនោះឯង ព្រះអង្គស្ដេចទៅតាមមាគ៌ាណា ខ្ញុំម្ចាស់ក៏នឹងទៅតាមមាគ៌ានោះ កាលបើព្រះអង្គមានគ្រោះថ្នាក់ដល់នូវសេចក្ដីទុក្ខលំបាកនៅក្នុងព្រៃ ខ្លួនខ្ញុំម្ចាស់នឹងនៅក្នុងស្រុកសោយសេចក្ដីសុខដូចម្ដេចបាន បើព្រះអង្គព្រះរាជដំណើរទៅក្នុងទីណា ខ្ញុំប្អូនក៏នឹងដិតជាប់ដោយព្រះអង្គទៅតាមក្រោយក្នុងទីនោះផង ។
ព្រះបាទយសកិត្តិរាជ ស្ដេចទ្រង់សណ្ដាប់ព្រះសវនីយ៍ ព្រះរាជទេវីទូលអង្វរប្រកបដោយកតញ្ញុតាធម៌ដូច្នោះហើយ ទើបទ្រង់ត្រាស់ព្រះតម្រាស់ថា បើដូច្នោះក៏តាមព្រះអធ្យាស្រ័យនាងចុះចង់ទៅក៏ទៅបាន ឯព្រះមហាក្សត្រនិងព្រះរាជទេពី ក៏តាំងក្លែងភេទឱ្យប្លែក មិនឱ្យមនុស្សឯទៀតស្គាល់បានឡើយ ហើយស្ដេចនឹងនាងក៏ចេញចាកចម្បកនគរទៅ ដរាបដល់ដងព្រៃភ្នំវិបុកបត៌ក ។ ក៏ក្នុងប្រទេសនោះមានបណ្ណសាលាដែលតាបសឫសីនៅមុនធ្វើទុកនៅទីនោះ ហើយលោកចេញទៅចោល ទើបព្រះអង្គបបួលព្រះរាជទេវីចូលទៅអាស្រ័យនៅក្នុងបណ្ណសាលានោះ លុះដល់វេលាក្រោយ ទ្រង់ក៏តាំងចាត់ចែងធ្វើសាលាធ្វើសាលាចាស់ដែលទ្រុឌទ្រោមនោះឱ្យស្រួលបួលឡើងវិញ ទើបព្រមគ្នាទាំងស្វាមីនិងភរិយា ក៏ទ្រង់ព្រះផ្នួសជាតាបសឫសី ក្នុងកាលគ្រានោះឯង ។
ឯនាងតបស្សិនីសិរិមតីនោះ នាងទូលសូមព្រះរាជានុញ្ញាតអំពីព្រះរាជស្វាមីថា បពិត្រព្រះសម្មតិទេពពីថ្ងៃនេះទៅ សូមព្រះអង្គគង់នៅចម្រើនមេត្តាភាវនាចុះ ខ្ញុំម្ចាស់នឹងចេញទៅស្វែងរកមើមឈើនិងផ្លែឈើមកប្រតិបត្តិថ្វាយព្រះអង្គដរាបរៀងទៅ ។
គ្រានោះព្រះមហាក្សត្រ ស្ដេចក៏ព្រមអនុញ្ញាតឱ្យតាមអធ្យាស្រ័យនៃនាង ហើយនាងក៏ចាត់ចែងធ្វើវត្តប្រតិបត្តិតាមសេចក្ដីដែលសូមព្រះរាជានុញ្ញាតគ្រប់ប្រការ ព្រះរាជឫសីស្ដេចមានព្រះហឫទ័យសោមនស្សជ្រះថ្លាក្នុងទីនោះពេកណាស់ហើយទ្រង់បន្លឺនូវឧទានវាចាថា
សប្ជលំវតមេអជ្ជ អរញ្ញវាសំសមិជ្ឈតិ
រជ្ជំសកិញ្ចិនំហោតិ តបហាយឥធាគតោ
ឆឌេត្វាហិមហារជ្ជំ ចោរគេហំទុក្ខាវហំ
និរយំបិនគច្ឆាមិ អាគតោហំតបោវនេ
សេចក្ដីថា ថ្ងៃនេះអាត្មាអញប្រទះបានផ្លែឈើបានយ៉ាងល្អហើយហ្ន កិរិយាដែលអញមកនៅក្នុងព្រៃនេះ បានសម្រេចដូចសេចក្ដីប្រាថ្នា ហើយអញបានលះរាជសម្បត្តិដែលប្រកបដោយសេចក្ដីកង្វល់ធំចោលចេញហើយ បានមកនៅក្នុងទីណេះ កាលអញរលាស់ខ្លួនចេញចាកចោលរាជសម្បត្តិធំ ដូចជាផ្ទះជាទីជ្រកកោនរបស់ចោរ ជាគ្រឿងនាំមកនូវសេចក្ដីទុក្ខគ្រប់យ៉ាង ហើយមកតាំងប្រព្រឹត្តនូវតបធម៌ក្នុងព្រៃយ៉ាងនេះ អាត្មាអញមុខជានឹងខានទៅកាន់ស្ថាននរកនាយហើយ ។
គ្រានោះ ព្រះមហាក្សត្រដែលជាអ្នករឹបជាន់យករាជសម្បត្តិលើកទ័ពចូលមកក្រុងចម្បកនគរនោះ លុះដណ្ដើមយករាជសម្បត្តិបានមកតម្កល់ទុកក្នុងកណ្ដាប់ដៃនៃខ្លួនហើយ ទើបស្វែងរកចាប់ព្រះបាទយសកិត្តិរាជជាម្ចាស់ផែនដីមុន ព្រោះបានដឹងប្រាកដថា ព្រះបាទយសកិត្តិរាជ ស្ដេចរត់ចេញទៅពួនព្រៃ ទើបស្ដេចវិលុបរាជនោះ តាំងចេញព្រះរាជប្រកាសថា អ្នកណាមួយអាចនាំយកព្រះសីសៈព្រះបាទយសកិត្តិបានមកឱ្យយើង ៗ នឹងប្រទានរង្វាន់ឱ្យអ្នកនោះ១ ពាន់កហាបណៈ ហើយនឹងឱ្យសក្ការៈយ៉ាងច្រើនទៀត សម័យនោះមានព្រានព្រៃម្នាក់បានស្ដាប់សេចក្ដីប្រកាសនោះ ក៏មានចិត្តលោភចង់បានរង្វាន់ហើយក៏ចេញពីចម្បកនគរទៅ ដើម្បីនឹងស្វែងរកព្រះអង្គព្រមទាំងម្រឹគផងក្នុងព្រៃ លុះដើរទៅខាងនេះខាងនោះ ក៏វង្វេងផ្លូវរកចេញពីព្រៃមិនរួចប្រមាណ ៧ ថ្ងៃ ព្រាននោះកើតក៏កើតទោមនស្សតូចចិត្ត ភិតខ្លាចសេចក្ដីស្លាប់នោះក្រៃពេកណាស់ ដើរបណ្ដើរស្រែកទួញយំបណ្ដើរក្នុងព្រៃនោះ ហើយក៏បានដល់ទៅទីកន្លែងដែលព្រះរាជឫសីស្ដេចគង់នៅ លុះបានឃើញនូវព្រះមហាក្សត្រនោះ ក៏ស្គាល់ជាក់ឥតមានសង្ស័យឡើយ ក៏ចូលទៅសុំនៅសម្នាក់ក្នុងទីនោះអស់៧ថ្ងៃ កាលដែលនឹងត្រឡប់មកស្រុកវិញ ក៏សូមទីពឹងព្រះអង្គឱ្យព្រះអង្គស្ដេចនាំផ្លូវចេញមក ព្រះបាទយសកិត្តិរាជស្ដេចទទួលព្រះអង្គជាអ្នកនាំផ្លូវព្រាននោះមក ក៏នាំព្រានព្រៃនោះទៅបង្ហាញដើមផ្លូវដែលនឹងចេញទៅស្រុកវិញ ហើយព្រះអង្គបង្គាប់ថា នែព្រានអ្នកឯងចូលចាំទំនងដងផ្លូវដែលដើរទៅនេះចុះ ។
ម្យ៉ាងទៀតកាលបើអ្នកឯងទៅដល់ស្រុកហើយ ចូរអ្នកអាណិតខ្ញុំកុំប្រាប់គេឱ្យអ្នកណាមួយដឹងឡើយ ថាខ្លួនខ្ញុំឯងនៅៗទីនេះ ឯនាយព្រាននោះក៏បានទទួលព្រះរាជឱង្ការថា សាធុៗ ដូច្នេះរួចហើយ ក៏ថ្វាយបង្គំលាទៅ ។
ឯព្រានព្រៃនោះ កាលដែលពោធិសត្វទទួលឱ្យនៅអាស្រ័យអស់ ៧ថ្ងៃ ហើយក៏លាព្រះអង្គត្រឡប់ទៅស្រុកវិញ ដែលនឹងត្រឡប់ទៅក៏ទៅដោយសិរីសួស្ដី ឥតមានសេចក្ដីរង្កៀសអ្វីសោះ ប្រៀបដូចតំណក់ទឹកដែលធ្លាក់ចុះទៅក្នុងស្លឹកឈូកពុំមានមន្ទិលនោះឯង តែនាយព្រាននោះ ជាមនុស្សទ្រុស្តមិត្តគំនិតប្រកបទៅដោយសេចក្ដីអកតញ្ញូនិងអកតវេទីច្រើនពេកណាស់ នឹកប្រុងតែធ្វើឱ្យអន្តរាយ ព្រោះហេតុនោះហើយកាលនាយព្រានដែលនឹងដើរមក ក៏ខំកំណត់ផ្លូវនឹងដើមឈើនិងភ្នំគ្រប់កន្លែងទុកក្នុងចិត្ត ហើយចូលទៅកាន់ចម្បកនគរដោយលំដាប់ លុះបានឮសេចក្ដីប្រកាសម្ដងទៀតដូចពីមុន ក៏សេចក្ដីអកតញ្ញូនោះមកដាស់តឿនចិត្ត ទើបចូលទៅគាល់ព្រះបាទវិលុបរាជ ក្រាបបង្គំទូលថា បពិត្រសម្ដេចមហារាជ ខ្ញុំអម្ចាស់បានដឹងច្បាស់ពីទីនៅអាស្រ័យ របស់ព្រះបាទយសកិត្តិរាជនោះហើយព្រះករុណា ។ នែនាយព្រាន ហេតុនេះពិតដូចពាក្យអ្នកឯងថាឬ ។ សូមទ្រង់ព្រះមេត្តា ពិតដូចសេចក្ដីដែលក្រាបទូលនេះ ។
ក៏ព្រះបាទវិលុបរាជ ស្ដេចទ្រង់ប្រទានទ្រព្យ ១ ពាន់កហបណៈ ឱ្យនាយព្រានជារង្វាន់ ឯមហាក្សត្រព្រមទាំងសេនាយោធា ក៏ឱ្យព្រានព្រៃនោះនាំផ្លូវតម្រង់ទៅដរាបដល់ទីកន្លែងដែលព្រះបាទយសកិត្តិរាជស្ដេចគង់នៅ ។
គ្រានោះ សម្ដេចព្រះរាជឫសីស្ដេចបានឮសូរសព្ទកោលាហលពីកងទ័ពនោះ ហើយទ្រង់ព្រះនេត្រមើលទៅ ក៏ឃើញនូវពួកសេនាយោធាជាច្រើន ទើបទ្រង់ប្រាប់ទៅនាងសិរិមតី តបស្សិនីថា នែព្រះនាងដ៏ចម្រើន ប្រហែលជាអធម្មិកបុរសនោះឯងហើយ ដែលទៅប្រាប់ទីកន្លែងនៅរបស់យើងឱ្យគេដឹងរាល់គ្នា នែប្អូនស្រីថ្ងៃនេះបងនឹងប្អូនមុខជានឹងបែកព្រាត់គ្នាមិនខានឡើយ ឯសត្វដែលអាស្រ័យក្នុងផ្ទៃព្រះប្អូននោះ ចូរប្អូនរក្សាទុកឱ្យល្អចុះ កុំធ្វេសប្រហែសឡើយ ។
លំដាប់នោះព្រះរាជទេវីទ្រង់ទូលតបវិញថា ព្រះអង្គស្ដេចនឹងទៅកាន់ទីណាព្រះករុណា? ស្ដេចក៏ត្រាស់ថា ឱប្អូនអើយខ្លួនបងនេះមិនទៅកាន់ទីណាទេ បងនឹងបង្ហាញខ្លួនឱ្យសេនាទាហានគេចាប់តាមប្រាថ្នារបស់គេចុះ ទ្រង់ត្រាស់ដូច្នោះហើយ ទើបព្រះអង្គសម្ដែងនូវគាថានេះ ថា
អាបុច្ឆាមិអហំភទ្ទេ រញ្ញោសន្តិកំឧបាគមិ
បាលេហិគព្ភតំតេទេមិកម្ពលំមុទ្ធិកំ
សេចក្ដីថា នែព្រះប្អូនដ៏ចម្រើន បងនឹងសូមលាប្អូនទៅកាន់សម្នាក់មហាក្សត្រជាសត្រូវដោយពិតហើយ ចូរស្រីពៅនាងនៅខាងក្រោយ ខំរក្សាកូនដែលនៅក្នុងផ្ទៃនោះ ទុកឱ្យល្អកុំប្រមាទឡើយ បងនឹងឱ្យសំពត់កម្ពលនិងព្រះទម្រង់ទាំងពីរនេះដល់ប្អូន ជាគ្រឿងរឭកតទៅខាងមុខ ។
តំសុត្វា ព្រះនាងសិរិមតី តបស្សិនី នាងបានទ្រង់ព្រះសណ្ដាប់ព្រះរាជស្វាមីដូច្នោះហើយ នាងមានព្រះហឫទ័យហាក់ដូចជានឹងបែកធ្លាយខ្ចាត់ខ្ចាយទៅជា ៧ ចំណែក ទឹកព្រះនេត្រសោតក៏ហូរហៀរស្រក់ស្រោចហាក់ដូចជាគេស្រប់ព្រះភក្រ្តា ហើយទ្រង់ព្រះពិលាបសោយសោកា ទ្រង់លើកព្រះហស្តទាំងទ្វេហារ តម្កល់លើត្បូងហើយទ្រង់ប្រហារនៅឧរប្រទេស នឹងរំសាយនូវផ្នួងព្រះកេសា ទើបទ្រង់ត្រាស់សវនីយ៍ជាគាថានេះ ថា
វន្ទាមិទេវតេបាទេ កឹមំជហាមិឯកិកំ
សំសយោជីវិតំមយ្ហំ ជហេស្សាមិព្រហាវនេ
អនុកម្បិតុមំទេវ អបរាធំកតំមយា
វន្ទាមិសិរសាបាទេ បច្ឆិមំវន្ទនំមម
សេចក្ដីថា បពិត្រព្រះសម្មតិទេវា ខ្ញុំម្ចាស់សូមក្រាបថ្វាយបង្គំចំពោះព្រះបាទព្រះអង្គ ព្រះអង្គម្ដេចឡើយ ក៏មកលះបង់ចោលប្អូនឱ្យនៅតែម្នាក់ឯងទៀតហើយព្រះករុណា ខ្ញុំម្ចាស់នឹងលះជីវិតក្នុងព្រៃធំនេះមិនលែងឡើយ បពិត្រព្រះរាជស្វាមីម្ចាស់ខ្ញុំអើយ ព្រះអង្គធ្លាប់ទ្រង់ព្រះករុណា អាណិតមេត្តាខ្ញុំម្ចាស់មកច្រើនគ្រាហើយ ម្យ៉ាងទៀតទោសឯណាដែលខ្ញុំម្ចាស់ប្រព្រឹត្តកន្លងហើយ សូមទ្រង់ព្រះមេត្តាប្រោសប្រទាននូវទោសនោះ ដល់ខ្ញុំម្ចាស់ក្នុងថ្ងៃនេះ ៗ ជាថ្ងៃបំផុតដែលខ្ញុំម្ចាស់នឹងបានថ្វាយបង្គំព្រះបាទដោយសីសៈរបស់ខ្ញុំត្រឹមណេះហើយ ព្រះរាជទេវីទ្រង់សូមព្រះរាជានុញ្ញាតទោស អំពីព្រះរាជស្វាមីរួចហើយ ព្រះនាងក៏ជូនព្រះរាជដំណើរស្ដេចទៅ ហើយព្រះនាងខំប្រឹងទតមើលកិរិយាយាងយាសរបស់ព្រះស្វាមី ទតហើយនឹងអាចទប់ទល់នូវទឹកព្រះនេត្រមិនបានឡើយ ក៏ហូរហៀររហាមដាមភក្រ្តា នាងនឹងប្រឹងទៅក៏ពុំបាន ក៏ត្រឡប់វិលវិញ ។
ឯព្រះបាទយសកិត្តិរាជឫសី ទ្រង់ទតព្រះនេត្រទៅឃើញពួករាជសេនានោះទ្រង់ក៏ឥតមានភ័យខ្លាចដល់តិចឡើយ ជាអ្នកអង់អាចដូចរាជសីហ៍ ប្រុងប្រៀបព្រះអង្គចុះចាកភ្នំតម្រង់ចូលទៅទទួលពួកសេនាទាហានជាបច្ចាមិត្ត ។
គ្រានោះ ចំណែកខាងបុរសលាមកទ្រុស្តមិត្ត បានឃើញព្រះអង្គច្បាស់ហើយ ពោលប្រាប់គេឯងថា នោះហ្នព្រះបាទយសកិត្តិរាជដើរមកហើយ ឯពួកអាមាត្យយោធាដែលមានគ្រឿងប្រហារសស្ត្រាវុធរៀបទុកស្រេចហើយនោះ ក៏ស្ទុះចូលទៅចោមចាប់ចំពោះអង្គព្រះបាទយសកិត្តិរាជ បានស្រេចហើយ ក៏យោធាខ្លះដែលជាអ្នកចិត្តអាក្រក់ ស្ទុះចូលទៅចងនូវចំណងនោះឱ្យមាំរឹតរួតព្រះអង្គជាបុគ្គលមិនមានទោស ពួកខ្លះក៏ប្រហារនូវព្រះបិដ្ឋិព្រះអង្គដោយដាវនិងផ្គាក់ប្រមាណ ១ ពាន់គ្រាវេទនាជាទីបំផុត ឯព្រះឆវីនោះក៏ដាច់ដាចរយះធ្លាក់ចុះលើផែនដីទៅជាដុំៗ ព្រះលោហិតសោតក៏ហូរចេញតាមព្រះស្រោតានិងព្រះនាសិកនិងព្រះឱស្ឋព្រះមហាក្សត្រ គួរឱ្យសំវេគនាពេកណាស់ ហើយចងពន្ធដោយចំណង ៥ ប្រការ ទើបនាំយកព្រះបរមក្សត្រាទៅទុកក្នុងរោងសម្រាប់ដាក់ទោស គឺគុក ឯស្រុកចម្បកនគរឯណោះឯង ។
ឯព្រះបាទយសកិត្តិ កាលពួកបច្ចាមិត្តចាប់បានហើយ ចំណែកព្រះនាងសិរិមតី នាងទ្រង់ព្រះគភ៌ លុះដល់បរិបូណ៌គ្រប់កំណត់ហើយ ព្រះនាងក៏ប្រសូតព្រះរាជឱរសមានពណ៌សម្បុរល្អដូចមាសឆ្អិន ក្នុងវេលាកណ្ដាលអធ្រាត្រយប់នោះឯង ព្រះរាជទេវីទ្រង់ទតព្រះនេត្រឃើញព្រះរូបព្រះរាជឱរសរបស់នាងមានសិរីរវិលាសឱភាសប្រសើរដូច្នោះហើយ ទ្រង់ក៏ឱនព្រះអង្គទៅឱបព្រះឱរសមកផ្ទាប់ផ្ទាល់នឹងឱរាហើយទ្រង់ព្រះពិលាបសោយសោកថា នែកូនកម្សត់ម្ដាយៗបានអ្នកជាកូនមានរូបឆោមលោមពណ៌ល្អយ៉ាងនេះហើយ តែបិតារបស់អ្នកមិនមានឡើយ អ្នកមកប្រសូតក្នុងព្រៃធំនេះ នែកូនស្ងួនសម្លាញ់ម្ដាយ អ្នកមិនគួរជាមនុស្សមានបុណ្យតិចសោះឡើយ ចុះហេតុអ្វី មាតាបិតា នៅក្នុងព្រះបរមរាជវាំងអំពីមុនក៏អ្នកមិនប្រសូតមក វេលានេះរាត្រីងងឹតឈឹង មាតាក៏តែម្នាក់ឯងមិនដឹងបើនឹងគិតយ៉ាងណាទេមាសម្ដាយ បើកាលណានៅព្រមជាមួយព្រះរាជវង្សានុវង្សទៅរ៉ា ហើយបានអ្នកមកកើត ម្ល៉េះសមនឹងបានទទួលសេចក្ដីសោមនស្ស អំពីញាតិរបស់អ្នករាប់អាននោះ ដោយបរិបូណ៌ណាស់ ឥឡូវវេលានេះបិតារបស់អ្នកក៏មិនមាន ដោយហោចទៅសូម្បីតែព្រះអគ្គីនឹងអាំងកម្ដៅខ្លួនពុំមានឡើយ ព្រះរាជទេវីរាប់រៀបដូច្នេះជាដើមហើយក៏អង្គុយឱបព្រះរាជបុត្រ ដរាបដល់ព្រះអាទិត្យរះឡើង ទើបនាងស្រង់ជម្រះអង្គព្រះបរមពោធិសត្វរួចហើយ ក៏ដាក់ឱ្យផ្ទំលើភ្លៅរបស់នាង ។ កាលថ្ងៃដែលសន្មតិថ្វាយព្រះនាមព្រះរាជបុត្រនោះ នាងយកព្រះនាមមាតា នាមបិតា និងឈ្មោះភ្នំមកផ្សំបញ្ចូលគ្នា ទើបថ្វាយព្រះនាមឱរសនោះថា សិរិវិបុលកិត្តិ ដូច្នេះ ។ ឯព្រះបរមពោធិសត្វ កាលបើចម្រើនធំឡើងដោយលំដាប់ ព្រះអង្គក៏ទ្រង់ធ្វើតបឧបការគុណដល់ព្រះមាតាដោយកិច្ចដ៏អស់ពីព្រះហឫទ័យ ។ ព្រះរាជទេវីសិរិមតី នាងទ្រង់យល់ព្រះសុបិនដូច្នេះថា
ព្រះអង្គនាងបានទ្រង់ព្រះក្រសាលសប្បាយជាមួយនឹងព្រះបាទយសកិត្តិជាព្រះស្វាមី លុះនាងតើនឡើងក៏ដឹងព្រះអង្គថាទ្រង់យល់សប្ដិទេ ហើយក៏ក្រោកចាកទីសយនាសនៈ ហើយគក់នូវព្រះឱរា មានព្រះសវនីយ៍ត្រាស់ថា ឱអញប្រហែលជាអំពីជាតិមុនខ្លួនអញបានធ្វើនូវអំពើកម្មអ្វីហើយ ទើបអញបានមកនៅរងទុក្ខវេទនាកំព្រាតែម្នាក់ឯងក្នុងព្រៃធំនេះ ហើយថែមទាំងមកយល់សប្ដិថាចួបប្រទះនឹងព្រះរាជស្វាមីទៀត លុះក្រោកឡើងប្រវារកព្រះអង្គត្រឡប់ជាមិនឃើញដូចសេចក្ដីសប្ដិនោះឡើយ ប្រែទៅជាបានសេចក្ដីទុក្ខទោមនស្សអាក់អន់ពន់ប្រមាណជាងកាលមុននោះទៀត ឱអាត្មាអញបើមិនបានឃើញព្រះភស្ដាព្រះស្វាមីហើយ សេចក្ដីសោកនិងទោមនស្សរបស់អញ ក៏កាន់តែច្រើនឡើងរាប់មិនបាន ព្រោះទោសសម្រាប់សត្វដែលមានបុណ្យតិចនោះឯង ម៉្យាងទៀតបើមិនបានចួបនឹងព្រះស្វាមីប្ដីអញហើយក៏មិនគឺវេរាអ្វីឡើយ ប្រហែលបាបកម្មដែលអញបានធ្វើហើយអំពីជាតិមុន មកនាំបម្រាសឱ្យអញព្រាត់ប្រាសចាកសម្លាញ់នោះឯង ឬប្រហែលជាអញបានបំបែកអ្នកដទៃឱ្យគេបែកគ្នាដឹងហើយ បានជាវេរានោះមកធ្វើអញឱ្យបែកបាក់ចាកប្ដីជាទីស្រឡាញ់ ដែលធ្លាប់គង់ធ្លាប់ផ្ទំជាមួយឱ្យឃើញជាក់ច្បាស់ ដោយប្រការដូច្នេះនេះ ។
តំសុត្វាមហាសត្តោ ព្រះបរមពោធិសត្វបានស្ដាប់ព្រះរាជសវនីយ៍ព្រះវររាជមាតារាប់រៀបពណ៌នាដូច្នោះហើយ ទើបខិតចូលទៅជិតព្រះមាតាហើយក្រាបថ្វាយបង្គំសួរថា ព្រះមាតាស្ដេចទ្រង់សោកាព្រោះហេតុអ្វីព្រះមេ ។ ព្រះរាជទេវីប្រាប់ទៅពោធិសត្វវិញថា ឱកូនសម្លាញ់ម្ដាយអើយ បិតារបស់អ្នកជាស្ដេចសោយរាជ្យជាម្ចាស់ផែនដី ទ្រង់ព្រះនាមថាព្រះបាទយសកិត្តិរាជ គ្រងរាជសម្បត្តិក្នុងក្រុងចម្បកនគរ ហើយមានស្ដេចកាចអាក្រក់មកអំពីដែនដទៃមកដណ្ដើមយកស្រុកចម្បកនោះបានទៅ ព្រះរាជបិតានិងមាតាក៏បបួលគ្នាមកបួសនៅក្នុងទីនេះ លុះដល់ក្រោយមកពួកអាមាត្យរាជសេនារបស់វិលុបរាជនោះ លើកគ្នាតាមចាប់យកព្រះវររាជបិតារបស់អ្នកទៅទៀត ឥឡូវនេះមាតាមិនដែលបានឮដំណឹងថា បិតារបស់អ្នកមានជីវិតរស់នៅឡើយ ឬស្ដេចអស់ព្រះជន្មទៅហើយយ៉ាងណា តែក្នុងវេលាយប់មិញនេះ មាតាយល់សប្ដឃើញព្រះបិតារបស់អ្នករស់នៅឡើយហើយបានមកចួបនឹងមាតា ព្រោះហេតុហ្នឹងបានជាមាតាយំសោករកបិតាអ្នកដូច្នេះឯង ។
ព្រះបរមពោធិសត្វ បានស្ដាប់រឿងរ៉ាវដែលព្រះមាតារាប់រៀបឱ្យស្ដាប់ដូច្នោះហើយ ទើបទ្រង់សច្ចាអធិស្ឋានថា បើអាត្មាអញជាមនុស្សមានជីវិតរស់នៅទេ ក៏សូមបិតារបស់អញកុំវិនាសបាត់បង់ឡើយ ហើយទ្រង់គិតថាចុះអញធ្វើដូម្ដេចនឹងបានដឹងហេតុនេះអេះ បើអាត្មាអញចេះតែនៅក្នុងព្រៃនេះ អញជាមនុស្សអកតញ្ញូហើយ ធ្វើម្ដេចឡើយនឹងបានដឹងដំណឹងបិតានោះឱ្យជាក់ច្បាស់ ព្រះពោធិសត្វមានព្រះហឫទ័យប្រាថ្នានឹងទៅដោះបិតា ឱ្យរួចចាកទុក្ខ ហើយក៏ចូលទៅក្រាបថ្វាយបង្គំលាព្រះមាតានឹងចេញទៅស្វែងរកព្រះបិតា ទ្រង់ពោលជាបទគាថានេះថា
អាបុច្ឆាមិអហំអម្មបិតរំបរិយេសិស្សំ
មយិបិធរមានេច បិតាមមនវិនស្សតិ
បពិត្រព្រះមាតាម្ចាស់ខ្ញុំ ៗ កូនសូមលាអ្នកទៅរកព្រះបិតា កាលបើខ្ញុំមានជីវិតរស់នៅ បិតារបស់ខ្ញុំ ក៏គង់ជារស់នៅប្រាកដ ។
ឯនាងសិរិមតីព្រះវររាជមាតាបានឮកូនលាដូច្នោះហើយ ក៏នាងទ្រង់ឃាត់ហើយពណ៌នារាប់រៀបប្រាប់កូនថា នែកូនស្ងួនមាសម្ដាយ វេលានេះកូនកុំពេញចិត្តនឹងចេញទៅឡើយ ព្រោះមាតានៅតែម្នាក់ឯងក្នុងព្រៃរកទីពឹងមិនមានទេណាមាសថ្លៃ តែអ្នកចេញទៅហើយមាតាមិនអាចនឹងឃាត់នូវសេចក្ដីវិយោគនោះបានឡើយ កាលគ្រាមុនមាតាប្រាសចាកបិតារបស់អ្នក ឥឡូវនេះកូនកែវនឹងបែកចាកមាតាទៀតហើយ បើយ៉ាងនេះជីវិតមាតានឹងរលត់បាត់ទៅឥឡូវនេះមិនខានទេ មាតាមុខជានឹងមិនបានឃើញព្រះភក្ត្រព្រះបិតាអ្នកទៀតហើយ កូនអើយចូរអ្នកនៅក្នុងទីនេះគ្រាន់បានជាគ្នានឹងមាតាចុះ ចូរពៅកុំចេញទៅចោលមាតាឡើយ មាតានឹងសោយទុក្ខវេទនាគ្រាំគ្រាក្នុងចិត្តដូចមេសត្វចាក្រពាកដែលប្រាសចាកកូនដូច្នោះឯង ។
ព្រះបរមពោធិសត្វព្រះអង្គទ្រង់ខំអង្វរលួងលោមព្រះមាតាទៅវិញថា អ្នកម្ដាយ ឯកិរិយាដែលខ្ញុំប្រាសចាកបិតាហើយរស់នៅនេះតើនឹងមានប្រយោជន៍អ្វីប៉ុន្មានអ្នកមេ គួរតែដឹងដំណឹងអំពីព្រះបិតាទើបប្រសើរ ។ ឯនាងសិរិមតីជាមាតានាងជ្រាបថា មិនអាចនឹងឃាត់កូនបានដូច្នោះហើយ ទើបទ្រង់ប្រទានសំពត់កម្ពលនិងចិញ្ចៀនព្រះទម្រង់ដាំពេជ្រឱ្យព្រះពោធិសត្វៗ ព្រះអង្គក៏ទទួលយករបស់ទាំងពីរយ៉ាង ហើយទើបក្រាបបង្គំលាព្រះវរមាតាចេញចាកព្រៃហេមពាន្ត ទ្រង់ព្រះរាជដំណើរទៅដោយលំដាប់ លុះបានទៅដល់ប្រទេសជិតស្រុកចម្បកនគរនោះ ទើបព្រះអង្គឆៀងចូលទៅអាស្រ័យនៅក្នុងបណ្ណសាលាទៀបទ្វារព្រះនគរនោះ ។
ក៏ក្នុងវេលាយប់នោះ មហាក្សត្រវិលុបរាជដែលជាអ្នកប្លន់យកចម្បកនគរ ស្ដេចផ្ទំលើទីសិរិសេយ្យាសនៈ ហើយទ្រង់គិតថារាជសម្បត្តិនេះ ជារបស់អ្នកណាហ្ន ឱរាជសម្បត្តិនេះគឺជារបស់ស្ដេចយសកិត្តិរាជរបស់គេ បើជាស្ដេចនេះដោះខ្លួនរួចចេញទៅសេពគប់នឹងស្ដេចដទៃហើយ សមនឹងលើកគ្នាមកដណ្ដើមយកស្រុកនេះទៅវិញមិនខានឡើយ បើដូច្នោះចាំព្រឹកឡើងអញនឹងសម្លាប់ព្រះបាទយសកិត្តិរាជនោះឱ្យហើយចុះកុំទុកឡើយ លុះភ្លឺឡើងហើយទើបស្ដេចឱ្យហៅពួកចោរឃាតក៍ឱ្យចូលមកគាល់ ដល់ហើយស្ដេចបង្គាប់ថា នែអ្នករាល់គ្នាចូរទៅនាំយកស្ដេចយសកិត្តិរាជចេញពីគុកមកហើយចូលវាយ១ពាន់រំពាត់ឱ្យខ្វាត់ខ្វែងជាក្រឡាឈើត្រង់ហើយចូរកាត់សីសៈឱ្យដាច់ក្នុងទីនោះ ឯពួកចោរឃាតក៍ក៏ឱនកាយថ្វាយគំនាប់ហើយ ទើបបបួលគ្នាមកចាត់ការតាមមុខងាររបស់ខ្លួន ៗ ។
តទាមហាបុរិសោ គ្រានោះព្រះបរមសត្វអ្នករៀបខ្លួនជាតាបស ហើយធ្វើនូវសរីរកិច្ចស្រេចហើយ ក៏ត្រាច់ទៅរកភោជនាហារប្រាថ្នានឹងទៅតាមរកព្រះវររាជបិតារបស់ព្រះអង្គ ទើបស្ដេចត្រង់ចំពោះទៅនគរ ទើបប្រទះឃើញព្រះបិតាត្រូវទោសជាទម្ងន់ ក៏បែរក្សឹបសួរពួកមហាជនដែលគេនៅក្បែរនោះថា នែអ្នកៗ ទោសនោះជាអ្វី ឯមហាជនគេប្រាប់មកថា នែតាបសអ្នកទោសនេះឯង កាលដើមឡើយជាស្ដេចសោយរាជសម្បត្តិក្នុងនគរនេះ ឥឡូវនេះមកសេចក្ដីវិបត្តិដូច្នេះហើយអ្នក ។
ព្រះមហាបុរសរតន៍ ស្ដេចបានស្ដាប់ពាក្យពួកមហាជនប្រាប់ដូច្នោះហើយ ក៏ស្លុតព្រះហឫទ័យ ដោយដឹងប្រាកដថាជាព្រះបិតាហើយ ក៏មហាបុរសនោះស្ដេចទ្រង់នូវកម្លាំងនោះស្មើគ្នានឹងដំរីសារ ៧ តែទ្រង់ព្រះចិន្តនាការថា បើអញនឹងចូរទៅដណ្ដើមយករាជសម្បត្តិព្រមទាំងស្ដេចនេះ ក៏អាចនឹងធ្វើបានដោយមួយរំពេច តែថាសីលរបស់អញនឹងវិបត្តិទៅមិនខានឡើយ អញមិនគួរនឹងឱ្យកន្លងសីលព្រោះតែជីវិតនេះឯង បើអញធ្វើសីលឱ្យដាច់ហើយក៏មិនអាចនឹងដល់នូវព្រះសព្វញ្ញុតញ្ញាណដែលអញប្រាថ្នាមកយូរហើយ ទ្រង់រំពឹងដូច្នេះហើយក៏មានព្រះហឫទ័យហាក់ដូចជានឹងធ្លាយខ្ចាត់ខ្ចាយដោយព្រួញគឺសេចក្ដីសោក ទ្រង់ក៏ទ្រមទ្រេតដួលទៅលើផែនដី លុះមានព្រះស្មារតីឡើងវិញទ្រង់ចាប់យកព្រះខ័នមាស ពោលគឺព្រះបញ្ញាបារមីមកប្រហារកាត់នូវសេចក្ដីសោកចោលចេញ ហើយក៏ស្ដេចចូលទៅជិតថ្វាយបង្គំព្រះវររាជបិតា ។
ខណៈនោះពួកមហាជននិយាយគ្នាថា ចុះលោកតាបសនោះធ្វើអ្វីជាមួយនឹងមហាក្សត្រ នឹងថាជារាជបុត្ររបស់ស្ដេចនោះមិនមែនទេ ព្រះស្ដេចនេះព្រះអង្គមិនមានព្រះរាជបុត្រនឹងព្រះរាជធីតាឡើយ ។
វេលានោះមហាបុរសរតន៍ កាលនឹងសម្ដែងសេចក្ដីឱ្យច្បាស់ថាព្រះអង្គជាព្រះរាជបុត្ររបស់ព្រះបាទយសកិត្តិរាជ នោះទ្រង់សម្ដែងនូវគាថានេះថា
អហំទេវបវេទេមិ អាគតោហំតវត្រជោ
ឥទំវជីរមុទ្ធិកំ បស្សថតវកម្ពលំ
អាគតោឆទ្ទយិស្សាមិ អត្តំតវជីវិតហេតុ
សេចក្ដីថា បពិត្រព្រះសម្មតិទេព ខ្ញុំល្អងធូលីព្រះបាទសូមក្រាបទូលសេចក្ដីថា ខ្លួនខ្ញុំព្រះករុណាវិសេសនេះ ជាឱរសរបស់ព្រះអង្គតាមព្រះអង្គមកដល់ហើយ សូមព្រះករុណាស្ដេចទ្រង់ទត នេះជាព្រះទម្រង់ពេជ្រ នេះសំពត់កម្ពល ជារបស់ព្រះករុណាពិត សូមព្រះករុណាស្ដេចទតមើលចុះព្រះអង្គ ខ្ញុំល្អងធូលីព្រះបាទមកនេះដើម្បីនឹងលះបង់រាងកាយថ្វាយសេចក្ដីស្លាប់ជំនួសអង្គព្រះករុណាជាព្រះបិតាដោយពិត ។
ឯអង្គព្រះបាទយសកិត្តិរាជស្ដេចបានទ្រង់ព្រះសណ្ដាប់ហើយទ្រង់មិនចាំមិនបាន នឹកពុំឃើញ ទើបទ្រង់សួរបញ្ជាក់សេចក្ដីឱ្យច្បាស់ជាបទគាថានេះថា
តាតាហំអបុត្តកោច អរញ្ញោវាសមេកកោ
កុតោនុត្វំអាគតោសិកុតោភវេយ្យអត្រជោ
សេចក្ដីថា នែបាខ្លួនខ្ញុំឯងកាលដែលនៅក្នុងព្រៃនោះជាមនុស្សម្នាក់ឯងឥតមានកូនប្រុសណាមួយឡើយ ចុះអ្នកមកពីទីណាមក ៗ ថាខ្លួនជាឱរសរបស់ខ្ញុំដូចម្ដេចបាន ។
ព្រះមហាបុរស កាលនឹងទូលព្រះបិតានោះព្រះអង្គពោលនូវគាថានេះ ថា
សចេអទ្ធហេវាចំ អាគតោម្ហិតវត្រជោ
ឥទំវជិរមុទ្ធិកំ បស្សថតវកម្ពលំ
សេចក្ដីថា ខ្ញុំល្អងធូលីព្រះបាទដែលមកនេះ គឺជាឱរសរបស់ព្រះអង្គដោយពិត បើទ្រង់ព្រះករុណាទ្រង់មិនជឿទេ សូមស្ដេចទតនូវព្រះទម្រង់ពេជ្រនិងសំពត់កម្ពលរបស់ព្រះអង្គនេះចុះព្រះករុណា ។
ព្រះចៅយសកិត្តិរាជ ព្រះអង្គទ្រង់ភ្នកនឹកឃើញ ហើយក៏ទ្រង់ជ្រាបច្បាស់ថា ជាព្រះរាជឱរសរបស់ព្រះអង្គឥតមានសង្ស័យឡើយ ហើយហាមឃាត់ព្រះរាជបុត្រថា កុំឱ្យបាប្ដូរខ្លួននឹងបិតាឡើយដោយបទគាថានេះ ថា
ជិណ្ណោហមស្មិអពលោជីវិតំកឹបយោជនំ
ត្វញ្ចវយោវុឌ្ឍិសម្បន្នោ ជីវិតំមាជហិស្សសិ
សេចក្ដីថា ឱកូនអើយបិតានេះចាស់ជរាហើយឥតមានកម្លាំងពលំអ្វីទេ ទុកជាមានជីវិតរស់នៅក៏មិនសូវមានប្រយោជន៍ប៉ុន្មានដែរ ឱកូនពៅមាសអាពុកអ្នកនៅបរិបូណ៌ដោយវ័យនិងសេចក្ដីចម្រើនច្រើនណាស់ ចូរអ្នកកុំលះបង់នូវជីវិតចោលឡើយ ត្រូវអ្នកជឿពាក្យបិតាចុះណាមាសអាពុក ។
ព្រះបរមពោធិសត្វបានទទួលព្រះសណ្ដាប់ព្រះវររាជបិតាដូច្នោះហើយ ព្រះអង្គក៏អង្វរឃាត់ព្រះឱង្ការព្រះបិតាទៅវិញថា នេសធម្មោមហារាជ បពិតព្រះបរមមហាក្សត្រដ៏ប្រសើរ កាលបើខ្ញុំល្អងធូលីព្រះបាទមានជីវិតរស់នោះ ហើយបណ្ដោយឱ្យព្រះបិតាអស់ជន្មាយុទៅ សេចក្ដីនោះឯងនឹងរកសមគួរដោយគន្លងធម៌នោះគ្មានសោះឡើយព្រះករុណាម្ចាស់ខ្ញុំ សូមឱ្យព្រះអង្គទទួលរក្សាព្រះជន្មជីពគង់នៅជាសុខសម្រាន្តចុះ ។
លំដាប់នោះព្រះវររាជបិតា ទ្រង់ត្រាស់តបទៅវិញថា នែថ្លៃឆ្នើមព្រះបិតា ចូរកូនកំព្រាកុំលះបង់ចោលព្រះមាតាទុកឱ្យនៅតែម្នាក់កណ្ដែងក្នុងព្រៃឡើយ ចូរពៅត្រឡប់ទៅរក្សាព្រះមាតាទើបល្អជាង ការនេះចូរកូនធ្វើតាមពាក្យបិតាចុះមិនខុសទេណាថ្លៃបិតាអើយ ។
ព្រះបរមពោធិសត្វទូលតបទៅវិញថា បពិតព្រះបរមក្សត្រាធិរាជដ៏ប្រសើរ សេចក្ដីទុក្ខរបស់ព្រះបិតាក្នុងជាន់នេះធ្ងន់ពន់ប្រមាណសល់ខ្នាត ឯសេចក្ដីទុក្ខរបស់ព្រះមាតាឬប្អូនស្រីនិងទុក្ខរបស់ខ្ញុំល្អងធូលីព្រះបាទ ក៏មិនប៉ុននឹងទុក្ខព្រះអង្គដែលខ្ញុំអម្ចាស់បានមកឃើញនេះឡើយ ព្រះជន្មជីពរបស់ព្រះអង្គនឹងរលត់បង់ឥឡូវនេះពិតហើយ ព្រះករុណា ៗ ជាម្ចាស់ខ្ញុំ កាលបើខ្ញុំមានជីវិតរស់នៅនេះ តើនឹងមានប្រយោជន៍អ្វីប៉ុន្មាន ហេតុនេះខ្ញុំព្រះបាទសូមថ្វាយជីវិតជំនួសព្រះអង្គក្នុងកាលឥឡូវនេះ ដើម្បីឱ្យព្រះករុណាស្ដេចទ្រង់ចម្រើនព្រះជន្មាយុរស់នៅតទៅ ទើបខ្លួនខ្ញុំជាអម្ចាស់នឹងបានថាជាអ្នកមានកុសលកតញ្ញូ ទេវតាទាំងឡាយសោតក៏តែងសរសើរអ្នកដែលមានធម៌កតញ្ញូដោយច្រើន ឯអ្នកដែលមានធម៌កតញ្ញូនោះលុះរំលាងខន្ធទៅវេលាណាហើយ ក៏តែងបានទៅរីករាយសប្បាយក្នុងស្ថានសួគ៌ទេវលោកមិនដែលខានឡើយព្រះបិតាខ្ញុំ ឯព្រះបាទយសកិត្តិរាជ ព្រះអង្គមិនអាចនឹងហាមឃាត់ព្រះរាជបុត្របានឡើយ ព្រះអង្គក៏ទ្រង់ព្រះកន្សែងសោកដោយអនេកប្បការក្នុងគ្រានោះ ។
ចំណែកព្រះពោធិសត្វក៏រៀបព្រះអង្គនឹងចូលទៅគាល់ព្រះបាទវិលុបរាជនោះ ព្រះអង្គមានប្រាថ្នានឹងយកជីវិតខ្លួនជំនួសដោះជីវិតព្រះបិតា ទើបក្រាបទូលស្ដេចនោះថា បពិត្រព្រះសម្មតិទេព ខ្ញុំល្អធូលីព្រះបាទសូមយកជីវិតរបស់ខ្លួនដូរព្រះជន្មជីពរបស់ព្រះវររាជបិតា សូមព្រះករុណាទ្រង់ព្រះមេត្តាប្រោសលោះដូរឱ្យទានតាមសេចក្ដីសូម ។
ឯព្រះបាទវិលុបរាជស្ដេចបានទ្រង់ព្រះសណ្ដាប់ដូច្នោះហើយ ទើបទ្រង់មានព្រះរាជឱង្ការត្រាស់ថា អើបើចៅឯងនឹងលះបង់ជីវិតខ្លួនជំនួសអាពុកដូច្នោះយើងក៏ព្រមឱ្យ ចូរអ្នកឯងទៅប្រាប់ពួកចោរឃាតក៍ទាំងនោះឱ្យដោះបិតាអ្នកលែងចុះ ឯព្រះមហាបុរសក៏មានព្រះហឫទ័យត្រេកអរហើយក៏ទទួលព្រះរាជឱង្ការថាសាធុមហារាជ ព្រះអង្គទ្រង់មេត្តាដូច្នោះនោះអរពេកណាស់ ហើយត្រឡប់មកកាន់សម្នាក់ព្រះបិតា ទើបពោលព្រះគាថាប្រកាសទេវតាទាំងឡាយថា
សុណន្តុភាន្តោវចនំ ទេវសំឃាសមាគតា
ជជ្ជាមិជីវិតំមយ្ហំ បិតរំមេបមោចាមិ
សីសំចក្ខុហទយញ្ច ជីវ្ហាមំសញ្ចលោហិតតំ
ទទាមិនវិកម្បាមិ ពោធិយាយេវការណា
សេចក្ដីថា បពិតទេព្ដាទាំងឡាយដ៏ចម្រើន ខ្ញុំសូមអញ្ជើញពពួកទេវតាជាម្ចាស់ មកព្រមគ្នាក្នុងទីនេះនឹងបានស្ដាប់នូវពាក្យរបស់ខ្ញុំ ព្រោះវេលានេះខ្ញុំនឹងលះបង់នូវជីវិតរបស់ខ្ញុំថ្វាយព្រះបិតា ដើម្បីនឹងឱ្យរួចជីវិតបិតាខ្ញុំចាកសេចក្ដីមរណៈក្នុងជាន់នេះ ប្រសិនបើអ្នកណាត្រូវការព្រះសីសៈ ឬចក្ខុហឫទយវត្ថុ ឬជីវ្ហានិងមំសលោហិត ខ្ញុំក៏កាត់និងវះពន្លះចេញនូវអាការៈទាំងនោះ ជូនដោយសេចក្ដីមិនរុញរា ព្រោះហេតុតែនឹងឱ្យបានជាបច្ច័យនៃព្រះពោធិញាណ ព្រះពោធិសត្វទ្រង់ប្រកាសដល់ទេវតាយ៉ាងនេះហើយ ទើបទ្រង់ឱ្យដោះព្រះបិតាចេញចាកចំណងតាមព្រះរាជឱង្ការបង្គាប់មក ឯនាយពេជ្ឈឃាដក៏ទទួលធ្វើតាមព្រះរាជអាជ្ញានោះរួចហើយ ទើបបែរទៅចាប់ព្រះពោធិសត្វចងចំណង ៥ប្រការ ហើយនាំទៅកាន់ទីធ្វើគត់ក្នុងព្រៃស្មសាន ឯដាវដែលពេជ្ឈឃាដបម្រុងនឹងកាត់ព្រះសិរសាព្រះពោធិសត្វនោះ ក៏ប្រែទៅជាច្រែសចាប់របែះមុខបាក់ខ្ទេចខ្ទីអស់ទៅ ក៏ពួកពេជ្ឈឃាដទាំងនោះទៅជាវង្វេងស្មារតីរាល់គ្នា ហើយយកសេចក្ដីនោះក្រាបបង្គំទូលដល់ព្រះបាទវិលុបរាជ ៗ បានទ្រង់ព្រះសណ្ដាប់ហើយក៏កើតទោមនស្សយ៉ាងខ្លាំង ប្រៀបដូចជាអាសិរពិសដែលបុគ្គលវាយត្រូវចុងកន្ទុយដោយដំបងនោះឯង ហើយទើបទ្រង់ត្រាស់បង្គាប់ថា អើបើដូច្នោះចូរឯងរាល់គ្នាលែងនូវដំរីឱ្យវាព្រេចជាន់ញាំញីឱ្យខ្ទេចខ្ទីជាធូលីកុំខាន ឯពួកពេជ្ឈឃាដក៏បបួលគ្នាទៅធ្វើតាមព្រះរាជអាជ្ញា ឯដំរីនោះក៏ផ្អើលរលោរលាំភ័យខ្លាច ហើយស្រែកនូវសម្រែកកោញ្ចនាទយ៉ាងខ្លាំងហើយរត់ចេញទៅ ដោយអានុភាពនៃព្រះពោធិសត្វ ឯកូដរាជនោះស្ដេចទតឃើញហេតុដូច្នោះហើយ ទើបទ្រង់បង្គាប់ថា នែពួកយើងទាំងឡាយ បើយ៉ាងនឹងចូរអ្នករាល់គ្នាចាប់ចងឱ្យមាំហើយយកទៅទម្លាក់ក្នុងគុករងើកភ្លើង ពួកពេជ្ឈឃាដទាំងនោះក៏ធ្វើតាមបង្គាប់ ខណៈគួរជាទីអស្ចារ្យពេកណាស់ មានផ្កាឈូកមាស ១ធំប្រមាណប៉ុនកង់រទេះទម្លាយនូវផែនដី ហើយផុសផុតចេញពីគំនររងើកភ្លើងនោះមកទ្រព្រះបរមពោធិសត្វ មិនឱ្យមានវិបត្តិអ្វីមកបៀតបៀនព្រះអង្គបាន ព្រះមហាសត្វក៏មានពណ៌សម្បុរល្អផូរផង់ដូចទេវតាដែលស្ថិតនៅក្នុងកណ្ដាលកម្ពលសិលាសនៈនោះឯង ។
ឯមហាក្សត្រកូដរាជជ្រាបហើយក៏កើតសេចក្ដីក្រោធឡើងគ្របសង្កត់យ៉ាងខ្លាំង ទើបបង្គាប់ថា នែអ្នកទាំងឡាយ ចូលចាប់វានោះឱ្យមាំហើយបោះទៅក្នុងជ្រោះ ដែលជាទីសម្រាប់ទម្លាក់ចុះនូវចោរ ពួកពេជ្ឈឃាដក៏ធ្វើតាមបង្គាប់ ។ គ្រានោះស្ដេចនាគឡើងពីពិភពនាគ យកផ្កាឈូកមាសប្រមាណប៉ុនកង់រាជរថមកទទួលព្រះពោធិសត្វ យកទៅទុកឯស្ថាននាគពិភពឯនោះទៅ ។ គ្រានោះផែនដីធំក៏ធ្ងន់ណាស់ នឹងអាចទុបទុកពុំបានក៏បើកញែកឱ្យជាចន្លោះដល់ស្ដេចកូដរាជនោះ ៗ ក៏ធ្លាក់ធ្លុះផែនដីរហូតទៅកើតក្នុងមហានរកនាយ ក្នុងពេលស្មើនឹងសេចក្ដីក្រោធដែលកើតឡើងប្រទុស្តព្រះពោធិសត្វដែលជាអ្នកឥតទោសនោះឯង ។
លំដាប់នោះនាគរាជព្រមទាំងនាគបរិវារ នឹងមានមហន្តសក្ការៈគ្រប់គ្នា នាំហែព្រះពោធិសត្វឡើងមកពីពិភពនាគ ហើយធ្វើរាជាភិសេកព្រះមហាក្សត្រ ឱ្យសោយរាជសម្បត្តិក្នុងចម្បកនគរស្រេចហើយនាគទាំងនោះ ក៏ត្រឡប់ទៅស្ថានរបស់ខ្លួនវិញ ។
កាលព្រះមហាសត្វ បានទទួលគ្រងរាជសម្បត្តិស្រេចហើយ ទើបទ្រង់ប្រឹក្សាព្រមនឹងព្រះបិតា ក៏លើកយោធាសេនានិករចេញទៅទទួលព្រះមាតា ដែលនៅក្នុងបណ្ណសាលាឯព្រៃហិមពាន្តឯនោះ ។ គ្រានោះព្រះវររាជមាតាទ្រង់សោយទុក្ខទោមនស្សធំ ព្រោះព្រាត់ប្រាសចាកព្រះរាជស្វាមីព្រមទាំងព្រះបិយរាជឱរសរបស់ព្រះនាងផង ទ្រង់ក៏ចេះតែញាប់ញ័ររន្ធត់ស្លាំងស្លុតក្នុងព្រះហឫទ័យ ស្គាំងស្គមថមថយព្រះកាយពលដរាបដល់អស់ព្រះជន្មជីពនៅក្នុងបណ្ណសាលាក្នុងព្រៃនោះ ។
ព្រះពោធិសត្វស្ដេចទ្រង់ព្រះរាជដំណើរចូរទៅដល់ខាងមុខបណ្ណសាលាហើយ ទ្រង់ព្រះនេត្ររកមើលព្រះមាតាក៏បាត់ស្ងាត់ជ្រងំពុំឃើញឡើយ ទ្រង់ក៏មានព្រះហឫទ័យញ័រចំប្រប់នឹកថប់ក្នុងព្រះចិន្ដាដល់ព្រះមាតា ហើយទ្រង់បញ្ចេញព្រះវាចាថា ឱបណ្ណសាលានេះអើយហេតុអ្វីក៏ស្ងាត់ឈឹងជ្រងំដូច្នេះអេះ ព្រះអង្គក៏រួសរាន់ចូរទៅក្នុងបណ្ណសាលា ទ្រង់ក៏ទតព្រះនេត្រទៅភ្លាមក៏ឃើញសពព្រះមាតានាងទទួលទិព្វជង្គត់រលត់ខន្ធ ផ្ទំនៅអនាថា ព្រះករុណាស្ដេចក៏ទ្រង់ខ្សឹកខ្សួលអួលចុកព្រះឱរាខ្លោចផ្សាផ្សាយផ្សព្វចំប្រប់នៅ ហើយខំប្រឹងពោលចំពោះទៅនឹងព្រះមាតាថា ឱព្រះមាតាអ្នកអស់ព្រះជន្មជីពហើយ ទើបទ្រង់ព្រះកន្សែងសោយសោកទៀតថា បពិត្រព្រះមាតាកម្សត់របស់កូន ម្ដេចឡើយទ្រង់ផ្ទំនៅស្ងៀមយូរដល់ម្ល៉េះ សូមអញ្ជើញព្រះមេស្ដេចតើនឡើង កូនសម្លាញ់ដែលកើតពីទ្រូងរបស់អ្នកមកដល់ហើយ ។ គ្រានោះ ព្រះបាទយសកិត្តិរាជ និងសេវកាមហាមាត្រទាំងឡាយ បានឮសំឡេងព្រះមហាក្សត្រទ្រង់ព្រះកន្សែងដូច្នោះហើយ ក៏ដឹងប្រាកដថាសម្ដេចព្រះវររាជជននីទ្រង់សោយព្រះវិលាល័យក្ស័យព្រះជន្មាយុហើយ ក៏នឹងអាចអត់ធន់នូវសេចក្ដីសោកពុំបានក៏ទ្រង់ព្រះកន្សែង និងយំសោកតែរាល់គ្នា ។
ព្រះបរមពោធិសត្វព្រះអង្គខំប្រឹងសម្រាកសេចក្ដីវិយោគយោបំនោះធូរបន្តិចហើយ ទើបទ្រង់បង្គាប់ទៅភ្នាក់ងារខ្ញុំរាជការទាំងនោះឱ្យលើកសពព្រះមាតាដាក់ចុះក្នុងមឈូសមាស ហើយទើបអញ្ជើញសពឡើងតម្កល់លើវមាសរួចស្រេច ក៏ហែត្រឡប់មកកាន់ព្រះនគរ ទើបទ្រង់នឹករឭកថារាជសម្បត្តិនេះមកអាស្រ័យនូវអញ ក៏ព្រោះតែអាត្មាអញមានកាយវាចាចិត្តរស់នៅជាប្រធាន ក៏កាយសង្ខារនេះទៀតរកខ្លឹមសារមិនមាន មានតែសេចក្ដីវិនាសសាបសូន្យទៅខាងមុខ ព្រះហេតុនេះគួរអាត្មាអញនឹងបរិច្ចាគជីវិតខ្លួនដុតសងគុណព្រះមាតាឱ្យហើយទើបសម គ្រាន់បានជាមូលហេតុនឹងបានសម្រេចព្រះសព្វញ្ញុតញ្ញាណក្នុងកាលខាងមុខ លុះទ្រង់ព្រះតម្រិះយ៉ាងនេះហើយ ទើបចូលទៅគាល់ព្រះវររាជបិតា ហើយពោលជាព្រះគាថានេះថា
អាបុច្ឆាមិអហំទេវមាតុយាហិតការណា
មញ្ជុសេមរណត្ថាយ ចិត្តគព្ភន្តរេសយឹ
សេចក្ដីថា បពិត្រសម្ដេចព្រះសម្មតិទេព ខ្ញុំល្អងធូលីព្រះបាទសូមក្រាបបង្គំលាព្រះវរបិតា ទៅដេកនៅក្នុងចន្លោះចិត្តករប្រាថ្នានឹងឱ្យស្លាប់ខាងក្រោមមឈូសមាសដែលតម្កល់សពព្រះមាតា ដើម្បីជាបដិការគុណសម្ដេចព្រះជននី ។
ទើបព្រះបាទយសកិត្តិរាជជាព្រះបិតាទ្រង់ត្រាស់ឃាត់ថា នែកូនកម្សត់របស់បិតាអ្នកកុំចូលចិត្តស្លាប់ទៅតាមព្រះមាតា ព្រោះអ្នកនៅក្មេងនៅឡើយទេកូន ឯព្រះបរមពោធិសត្វ ទោះបីព្រះបិតាអង្វរឃាត់យ៉ាងណាៗក្ដី ក៏មិនអាចនឹងទទួលព្រះរាជឱង្ការនោះឡើយ ព្រោះកម្លាំងសេចក្ដីកតញ្ញូមកដាស់តឿនព្រះហឫទ័យញឹកញយពេកណាស់ទប់ពុំបាន ទើបថ្វាយបង្គំលាព្រះបិតា ចូលទៅផ្ទំក្នុងចន្លោះចិត្តករ លើកព្រះមឈូសមាសដែលតម្កល់ព្រះសពនោះដាក់លើដើមទ្រូងផ្ទាល់ព្រះអង្គ ហើយទើបទ្រង់បង្គាប់ឱ្យថ្វាយព្រះភ្លើងព្រះមាតា ។
គ្រានោះអានុភាពនៃសេចក្ដីកតញ្ញូកតវេទិតាគុណរបស់ព្រះបរមពោធិសត្វ ក៏បង្កើតជាបុព្វនិមិត្តឱ្យឃើញជាក់ច្បាស់ថា ព្រះមហាសត្វស្ដេចនឹងបានត្រាស់ជាព្រះសព្វញ្ញុតញាណក្នុងកាលខាងមុខមិនខាន ឯចំហាយកម្ដៅនោះសូម្បីតែបន្តិចបន្តួចមិនអាចនឹងទៅប៉ះពាល់ដល់សរីររាងកាយរបស់ព្រះអង្គបានឡើយ ឯព្រះសរីរកាយនោះក៏តាំងនៅល្អផូរផង់ហាក់ដូចជាអង្គសុវណ្ណបដិមាករដែលប្រាកដនៅក្នុងរងើកភ្លើង មហាជនទាំងឡាយបានឃើញហេតុនោះជាអស្ចារ្យដូច្នោះហើយ ក៏បបួលគ្នាលើកទង់បូជាចំពោះព្រះមហាសត្វក្នុងគ្រានោះជាអនេកប្បការ ហើយក៏ថ្វាយព្រះភ្លើងព្រះវររាជមាតា ១អន្លើដោយគ្រឿងសក្ការៈដរាបសុសសម្រេចការនោះ ។
គ្រានោះមហាប្រឹថពី ដែលមានកម្រាស់ ២ម៉ឺន៤ពាន់យោជន៍ ក៏បន្លឺនូវសំឡេងគឹកកងរំពងគ្រាំគ្រេង ហាក់ដូចជាសំឡេងដំរីចុះប្រេងបញ្ចេញនូវសព្ទកោញ្ចនាទ ទាំងសិនេរុរាជសោតក៏ទោរទន់ល្វាម្ល្វន់ឱនកំពូលមកថ្វាយបូជា ឧបមាដូចបណ្ដូលទងផ្ដៅដែលត្រូវកម្ដៅភ្លើងដូច្នោះឯង ។ ទាំងមហាសមុទ្រទៀតក៏ពុសពោជោរជន់ពង់ប៉ោងពូនជារលកបោកបែកផ្កាត្រែង ឡើងជាទេសកាលទាំងផ្លេកបន្ទោរឆ្វៀលឆ្វាត់ខ្វាត់ខ្វែង ពេញទាំងផ្ទៃអាកាសលាន់ឮសំឡេងគឹកកងកើតជាកោលាហល តាំងអំពីផែនដីប្រឹថពីរហូតទៅដល់ទល់នឹងព្រហ្មលោកនាយ ។
កាលព្រះមហាបុរស ធ្វើឈាបនកិច្ចថ្វាយព្រះមាតាស្រេចហើយ ទ្រង់ក៏ទៅសាងប្រាង្គណ៍ព្រះចេតិយ ១ ទុកនៅទៀបបណ្ណសាលាក្នុងភ្នំវិបុលបព៌ត កំណត់ទុកជាអនុស្សាវរីយ៍ជាទីគ្រាន់រឭកគុណ ហើយទ្រង់ឱ្យមានការមហោស្រព ជាគ្រឿងបូជាសពគ្រប់ៗឆ្នាំផង លុះយូរបន្តិចទីនោះបានឈ្មោះថាធម្មនិគម ឯព្រះបរមពោធិសត្វស្ដេចសោយរាជសម្បត្តិរហូតដល់ព្រះជន្មាយុអស់ទៅ ក៏បានឡើងទៅកើតក្នុងស្ថានព្រហ្មលោក ។
សត្ថាឥមំធម្មទេសនំអាហររិត្វា សម្ដេចព្រះបរមសាស្ត្រាចារ្យ ទ្រង់នាំមកនៅធម្មទេសនានោះហើយ ទើបទ្រង់ប្រកាសនូវអរិយសច្ចកថា លុះចប់អរិយសច្ចទេសនាហើយចំណែកភិក្ខុដែលចិញ្ចឹមមាតាបានលុះដល់សោតាបត្តិផល ជាព្រះអរិយបុគ្គលក្នុងសាសនមណ្ឌលនេះ ហើយព្រះបរមត្រៃលោកុត្តមាចារ្យទ្រង់ប្រជុំនៅជាតកថា នាងសិរិមតីរាជទេវីជាមាតាព្រះពោធិសត្វក្នុងជាន់នោះបានមកជា ព្រះមហាមាយា ក្នុងកាលឥឡូវនេះ ព្រះបាទយសកិត្តិជាបិតាក្នុងគ្រានោះ បានមកជាព្រះបាទសិរិសុទ្ធោទនក្នុងកាលឥឡូវនេះ ឯស្ដេចកូដរាជឬវិលុបរាជក្នុងសម័យនោះ បានមកជាទេវទត្តភិក្ខុ ពេជ្ឈឃាដក្នុងពេលនោះ បានមកជាសុនក្ខត្តភិក្ខុ បរិសទ្យទាំងឡាយក្នុងវេលានោះ បានមកជាពុទ្ធបរិសទ្យក្នុងកាលបច្ចុប្បន្ននេះ ឯព្រះបាទសិរិវិបុលកិត្តិក្នុងភពជាន់នោះ ពុំគឺអ្នកណាដទៃឡើយ គឺអង្គអញតថាគតក្នុងកាលភទ្រកល្បនេះឯងហោង ។
ចប់សិរិវិបុលកិត្តិជាតក
[១]ច្បាប់ដើមថា ឯកោវ តែបានពិនិត្យមើលទៅឃើញថា ឯកកោ ទើបត្រូវល្អ
ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៣៣