គ្រូបង្រៀន បាន-តេង
ហេតុដែលបណ្ដាលចិត្ត ឱ្យគិតផ្ដើមកើតជារឿងនេះដោយឱកាសចន្លោះមួយ ដែលខ្ញុំបាទបានឈប់សម្រាក ១ ខែ តាមកំណត់រាជការអនុញ្ញាត ខ្ញុំបាទបានប្រមូលក្បួនខ្នាតផ្សេងៗ មកត្រិះរិះរកសេចក្ដីដ៏ជាសារៈប្រយោជន៍ដល់ខបដិបត្តិ ទើបចារឹករឿងនេះឡើង ដើម្បីជាវិធីមួយជួយគាំពាមនោនុកូលនៃអត្តភាព និងសាសនិកជនខេមរជាតិ ជាទីគោរពរបស់ខ្ញុំបាទផង ខ្ញុំបាទបានបំពេញវិរិយៈ អស់ចំនួនថ្ងៃជាច្រើន ទើបហើយស្រេច សន្មតនាមថា “លោកធម្មត្ថចរិយា” មានបញ្ហា ១១ខ ជាពាក្យកាព្យយ៉ាងពិស្ដារ កែពីសេចក្ដីលោកនិងធម៌ ឱ្យធួនល្មមតាមសម័យនិយមហើយជាខបដិបត្តិអាចឈានទៅកាន់សេចក្ដីចម្រើន ។
ចាប់ដើមគឺបញ្ហា ខ១ រហូតដល់ ខ១១ គង់មានសេចក្ដីល្មមចិត្តខ្លះ មិនល្មមចិត្តខ្លះ សម្រាប់លោកអ្នកមើលឬស្ដាប់ តែទោះជាយ៉ាងណាក្ដី ខ្ញុំបាទមានសង្ឃឹមក្នុងចិត្តជាប្រាកដថា អាចបានទទួលសេចក្ដីអភ័យអំពីជនរួមជាតិ ជាទីគោរពស្មើជីវិតរបស់ខ្ញុំបាទយ៉ាងខ្ពស់ ។
សាហត្ថិកនាម
បាន-តេង
លោកធម្មត្ថចរិយា
បញ្ហាបុរាណ ១១ខ ពាក្យកាព្យ
៙ វន្ទៈបណតឧត្តមាង្គ បង្អោនអង្គព្រមប្រិស្ដាង្គ បញ្ចង្គប្រតិស្ឋដោមគោរព ។ ដល់ព្រះធម្មសាមិស្សារា បរមសាស្ដាលើត្រៃភព ស្ដេចឆ្លងសង្សារមហណ្ណព ចាកលោកពិភពភៀសភ័យផុត ។
៙ បង្គំព្រះធម៌បរមត្ថ អត្ថពុទ្ធឱវាទស្អាតបរិសុទ្ធិ៍ សព្វសត្វសេពរសព្រះសុគត រម្លត់បាបៈអវិជ្ជា ។
៙ បង្គំអគ្គឯកអរិយសង្ឃ គឺអង្គសាវកព្រះភគវា ឥន្ទ្រិយស្រគត់ផុតពាលា សព្វសត្វសុទ្ធាជាពំនាក់ ។
៙ បង្គំព្រះបរមរាជា ព្រះទ័យសាធារណ៍ប្រត្យក្ស គ្រងកម្ពុជរដ្ឋរាជរម្យរក្ខ ឯកអគ្គសក្ដានុភាពផុត ។ ព្រះមនោរម្យព្រហ្មវិហារ ព្រះរាជសម្ភារវិសេសសុទ្ធិ៍ ត្រជាក់ហាក់នពមហាសមុទ្ទ ព្រះចមមកុដប្រជាជាតិ ។ ទ្រង់ព្រះបរិហារបណ្ដារាស្ត្រ ទាសៈកម្មករលោកធាតុ ដោយព្រះបារមីបរមនាថ កម្ពុជជាតិឃ្លាតទុក្ខា ។
៙ នៅគុណរាជការមហារដ្ឋ ហត្ថបទតម្កល់ដល់កេសា ព្រះគុណលោកប្រូតិកតូរ៉ាត៍ អាណាព្យាបាលស្រាលកលិយុគ ។
៙ នៅគុណមេធាជាអាចារ្យ នមស្ការតម្កល់ទុក ដោយមនោរសចំពោះមុខ នៅគុណជនកជននី ។ ដ៏មានគុណានុភាពគ្រប់ គឺលោកជាបុព្វការី ជាដែនកំណើតកើតឥន្ទ្រិយ ជួយជប់ជីវីជិវិតខ្ញុំ ។
៙ ឯអភិធ័យ្យនៃខ្ញុំបាទ ដែលបានសង្វាតតែងនិគម តួ ត ស្រះ អេ តាមនិយម ង ទំពីមុខមានឡាក់ឋាន ។
៙ ពាវីសតិកាឡបក្ខ កុរសប្ដស័កនឹកកម្សាន្ត សាវណចន្ទៈវស្សាបាន តែងបែបបុរាណសុភាសិត ។ រៀបរៀងផ្ទៀងផ្ទាត់បទពណ៌នា ចាត់ជាឃ្លាវគ្គដ៏វិចិត្រ វាចាណាកូវពុំសូវស្និទ្ធ ក្នុងសារសុភាសិតសូមអភ័យ ។
៙ បញ្ហាបុរាណមានដប់មួយ សូមនាំដំរួយផ្ដើមជាន័យ ទាំងហេតុទាំងផលសមុទ័យ កែលៃលោកធម៌ឱ្យភ្លឺជាក់ ។
១- ថាស៊ីប៉ុន្មានមិនបាត់ចង់
២- ដេកច្រើនភ្លើនអង្គមិនចេះភ្ញាក់
៣- ឱបរឹតកូនខ្ចីឥតបីដាក់
៤- ស្រឡាញ់អ្នកដទៃជាងអាត្មា ។
៥- ជាប់ជ្រួលច្រវាក់ភក្ដ្រស្រស់ស្រាយ
៦- គួរខ្លាចខ្លួនក្លាយជាក្លៀវក្លា
៧- វង្វេងផ្លូវមិនសួរនរណា
៨- តនឹងបច្ចាឥតអាវុធ ។
៩- ការខ្លីសញ្ញាថាការវែង
១០- ខំយកធ្មេញឯងបកដូងហុត
១១- រត់ពីក្រពើចុះសមុទ្ទ
បញ្ហានេះពុទ្ធភាសិត ។
១- ឯស៊ីប៉ុន្មានមិនបាត់ចង់ ចង់មិនបាត់នោះគួរចូលចិត្ត ចង់ឃើញរូបល្អសម្បុរល្អិត ជាទីគាប់ចិត្តឥតចេះទ្រាន់ ។ ចង់ស្ដាប់សំឡេងដែលពីរោះ ចំពោះជាចង់គ្មានស្រាកស្រន់ ចង់ស្រូបរសក្លិនមិនឆ្ងែតឆ្អន់ ព័ន្ធផោដ្ឋព្វាធម្មារម្មណ៍ ។ បានហើយមិនល្មមចង់ល្មោភទៀត មិនឆ្លៀតដោះកាយឆ្ងាយពីក្រំ ចិត្តផ្ដេកត្រេកផ្ដិតផ្ដួលបង្ខំ ទៅចំតួកាមតាមនិស្ស័យ ។
ដូចជាពានរដែលជាប់តើ រើសើមិនរួចស្ដួចជើងដៃ ជាប់ត្រឹងស្លឹងភ្នែកស្រែករាល់ថ្ងៃ ដូចចិត្តចង្រៃជាប់ប្រកាន់ ។ ភ្នែកឃើញរូបល្អស្រឡាញ់ស្អិត កួចចិត្តគិតជាប់រូបក្ខន្ធ ស្រោត្រស្ដាប់សំឡេងសំលៀងឆន្ទ កំណាត់ចិត្តជាប់ជាបច្ច័យ ។ ឃានៈនត្ថុថើបក្រអូប ខំស្រូបខំស្រង់ទាំងយប់ថ្ងៃ ជីវ្ហាភ្លក្សរសប្លប់ជាប់ដៃ ជ្រាបសព្វសរសៃសោយអារម្មណ៍ ។ ទង្គិចកាយលើគ្រឿងទង្គុក ចិត្តលោតក្រឡកក្រឡាច់ផ្សំ ជាប់ឱឃសោកក្ដៅសៅអារម្មណ៍ ទាំងក្រំទាំងអរច្របល់គ្នា ។ ចង់នេះជាហេតុឱ្យកើតទុក្ខ ចង់នេះគ្មានសុខមួយវេលា តែចង់ទុក្ខជួយឱ្យវេទនា ចង់រាទុក្ខរត់ផុតប្រកាន់ ។
៙ មនុស្សនៅក្រោមមេឃត្រេកតែទុក្ខ ព្រោះជឿថាសុខក្នុងរូបក្ខន្ធ ខន្ធនេះអគ្គីកុំចង់កាន់ ស្គាល់ខន្ធឱ្យមាំខំគិតដោះ ។ មើលចុះមមាចមិនខ្លាចភ្លើង ទំនើងចិត្តខ្មៅសំដៅផ្លោះ ទាំងហ្វូងព្រោងព្រាតឃ្មាតហើរហោះ ចោមចោះអគ្គីជីវិតងាប់ ។ តណ្ហាទាសោពុទ្ធោថា សត្វជាទាសាចង់នេះជាប់ ចង់ខ្លាំងផុងខ្លួនផ្ទួនទុក្ខផ្ទាប់ តែធ្លោយឱ្យធ្លាប់ទុក្ខជាប់ង៉ឹក ។ ម្ល៉ោះហើយបម្រើចង់តត្រុន ស្វែងរកទ្រព្យធនដើរតត្រឹក មិនស្កប់ចិត្តចង់ៗវាដឹក ប្រញឹកប្រើការអចិន្ត្រៃយ៍ ។
៙ កុំនឹកថារួចធ្វើអ្នកជា ក្រែងតែមេធាទើបរាដៃ លោកស្គាល់អារម្មណ៍មួយមាំក្រៃ និស្ស័យផុតខ្វល់កលលោកិយ ។
៙ បញ្ហានេះពិតបើគិតទៅ គង់នៅមិនទាន់អស់សេចក្ដី នេះបើជនណាលះលោកិយ គប្បីប្រព្រឹត្តពិតជាត្រូវ ។ ដ្បិតចង់នេះចូលមកជំទាស់ ចិត្តសប្បុរសឱ្យខុសផ្លូវ ភ្លាត់ចាកធម្មាជាអាស្រូវ ពុំសូវសុខកាយឆ្ងាយកង្វល់ ។ ព្រោះភូមិលោកុត្តរធម៌ វៀរចាកញាប់ញ័រច្រឡំបល់ ទើបគួរប្រព្រឹត្តគិតឱ្យដល់ កុំពាល់គួរចង់ចូលវិចារណ៍ ។ តាំងចិត្តគិតកាត់បដិសេធ ជាសមុច្ឆេទប្បហារ ទើបផុតចាកសោកឱឃសង្សារ ជាការអាកូលក្នុងលោកិយ ។ បើចិត្តឥតចោលលោភចាកអង្គ គួរជួយផ្គង់ចង់ឱ្យគប្បី ចង់នេះជាគុណកើតសិរី ប្រុសស្រីស្រេកឃ្លានមានត្រឹមចង់ ។
៙ ចង់ធ្វើការងារជាប្រយោជន៍ ចង់ហិនចង់ហោចតាមចំណង់ ចង់បានសក្ដិយសខ្ពង់ខ្ពស់អង្គ ឬចង់លួចប្លន់សម្រន់ចិត្ត ។ ប៉ុន្តែត្រូវជ្រើសរើសចង់ល្អ ក្នុងចង់ពីរខនេះឱ្យល្អិត ចង់ណានាំរកទុច្ចរិត កុំផ្ដេកកុំផ្ដិតលោកផ្ដាំផ្ដាច់ ។ ចង់ណាជាគុណដល់រូបកាយ គួរជួយខ្វល់ខ្វាយឱ្យសម្រេច តាមលោកនិយមកុំចោលដាច់ ជាគុណបំណាច់សព្វសេចក្ដី ។
២– ដេកច្រើនភ្លើនអង្គមិនចង់ភ្ញាក់ គឺអ្នកវង្វេងវល់ស្មារតី វល់សេពរូបនាមទន្ទ្រាមបី ទុក្ខទោសទណ្ឌក្ដីឥតខ្ចីដឹង ។ ជាតិចាស់ឈឺក្ស័យជាត្រៃលក្ខណ៍ ឥតភ្ញាក់វិញ្ញាណគ្មានសម្លឹង ផ្លូវស្អប់ស្រឡាញ់ទើបអញដឹង ខំប្រឹងប៉ប្រុកក្នុងភ្នក់ភ្លើង ។
កាប់សត្វលួចទ្រព្យជាប់កាមេ ធ្វើតែបាបកម្មតាមទំនើង អាភៀនកញ្ឆាស្រាជ្រែងជើង បំពើងកច្រកអករលាក់ ។ មុនីភាសិតឥតចេះឮ នេះគឺដេកធ្មក់ដាស់មិនភ្ញាក់ មមើពើពោលពាក្យមិនជាក់ ចំជាគោខ្វាក់ទ្រមាក់ឆ្កួត ។
៙ ឆគ្នាស៊ីផ្អែមផ្អែកចំខែង សម្ដែងសម្ដីស្ដីអំនួត ដេកលក់ម្លឹងៗប្រឹងប្រកួត ប្រកែកស្រែកអួតឱ្យគេស្ដាប់ ។ ល្មមភ្ញាក់ខ្លួនហើយកុំល្មោភដេក ទ្រមក់ខ្លាំងពេកភ្នែកចុះអព្ទ សិស្សពុទ្ធចេះពិតជឿពុទ្ធប្រាប់ សម្លាប់លោភក្រោធលះឆោតខ្លៅ ។
បើលក់ក៏លក់មានរឭក កុំធ្មឹកកុំធ្មេចភ្លេចក្នុងក្រៅ តែលក់ក្នុងសោកក្រោកឡើងសៅ អ្នកប្រាជ្ញអាចហៅថីនមិទ្ធ ។ ធម្មជាតិបង្កើតមកជាមនុស្ស ទាំងស្រីទាំងប្រុសប្រើជីវិត ក្រដឹងគុណទោសខុសត្រូវពិត ងងឹតជិតភ្នែកហែកមិនបើក ។
លាភណាស់លោកណាបានកើតមក កុំជ្រកក្នុងស្នូកដូចអណ្ដើក តែភ្លើងព្រៃរោលរត់កកើក របើកស្រកាផ្ងារចង្គ្រាង ។ បើផ្លូវអាក្រក់ដំអក់ចុះ ចំពោះផ្លូវល្អគួរកុំវាង មើលក្រោយមើលមុខសុខជាជាង ដុសលាងចិត្តថ្លើមឱ្យបានថ្លា ។ ទើបសមតាមវាទជាតិបណ្ឌិត ប្រាជ្ញតែងប្រព្រឹត្តប្រើអត្តា ទើបពិតជាភ្ញាក់បើកនេត្រា ត្រូវតាមបញ្ហាប្រារព្ធមក ។
ប៉ុន្តែមន្ទិលបន្តិចទៀត ក្រែងចិត្តចង្អៀតនៅសៀតស៊ក សាញសុលត្បុលលោភដរាបមក រេរករូបនាមនៅមិនដាច់ ។ បើឃើញថានៅត្រូវកុំលះ ជម្រះឱ្យអស់ចិត្តក្រមាច់ យើងលះតែមាត់មិនទាន់ស្រេច ព្រោះចិត្តក្រឡាច់ក្រឡកណាស់ ។ ឯរូបនិងនាមទាមរកសុខ ប៉ប៉ុកក្នុងលោកងោកឥតខ្មាស កើតស្អប់ស្រឡាញ់ក៏រហ័ស ព្រាត់ប្រាសព្រួយទុក្ខសុខចួបជុំ ។ សុខមួយខ្លួនមានយសសក្ដា សុខពីអត្តាគ្មានរោគរុំ សុខបីសម្បត្តិឥតចោរគុំ សុខបួនចួបជុំបិយមិត្ត ។ សុខប្រាំចង់ប្រាសចាកក្ដីព្រួយ ឯសុខប្រាំមួយឱ្យជីវិត យឺនយូរតទៅតាមគំនិត ពិនិត្យមើលចុះគ្មានខុសគ្នា ។ បើបដិសេធរូបនាមចោល គួរចូលទៅនៅព្រៃអធ្វា ទើបផុតទុក្ខសុខវេទនា តែនៅរួមគ្នារាធ្វើអ្វី ។ កិច្ចដែលត្រូវការបរិហារកាយ ឱ្យសុខសប្បាយទាំងប្រុសស្រី កាលណានឹងផុតពីលោកិយ កុំស្ដីតែមាត់អត់អំពើ ។ ត្រូវស្ដាប់វិធីទាំងពីរនេះ ត្រិះរិះឱ្យឆ្អិនសិនសឹមធ្វើ គួរស្គាល់អាការចិត្តរុះរើ ទៅលើទៅក្រោមសុំឈមរក ។
៣- ឱបរឹតកូនខ្ចីឥតបីដាក់ គឺអ្នកចំពាក់ចិត្តជ្រុលជ្រក ត្រេកអរនឹងខន្ធប្រកាន់យក ខន្ធមកថាជារបស់ខ្លួន ។ ចិត្តឧបាទានគ្មានស្គាល់ទុក្ខ ភ្លេចមុខភ្លេចក្រោយឱ្យតែចួន ខំឱបបាច់ឆ្អឹងមិនដឹងខ្លួន ចំនួនរាប់រយកំណាត់ប្លាយ ។
ឯសោមេអត្តាឃើញថាខ្លួន ប្រកាន់ចិត្តមាំមួនពុំរសាយ ថ្នាក់ថ្នមបម្រើរូបរាងកាយ ព្រោះស្ដាយបាច់ឆ្អឹងប្រឹងឱបបី ។ ធម្មតាទារករំអុកម៉ែ យំង៉ែម្ដាយងើបប្រញាប់ខ្មី ឃ្លានថ័នខីរោអកចំណី ម្ដាយបីបំបៅទ្រាំលំបាក ។
ជាតិម្ដាយនឿយម្ដេចមិនអ៊ឹះម្ដង ត្រកងឱបរឹតឥតចេះស្រាក ខ្លាចកូនវិបត្តិស៊ូលំបាក ស៊ូគ្រាកស៊ូគ្រាំធ្វើកម្មកាយ ។ នេះប្រៀបដូចចិត្តឧបាទាន នឹងខន្ធឥតមានចេះរសាយ ពិនិត្យគិតចុះមិនខុសឆ្ងាយ ដូចម្ដាយឱបបុត្របំផុតចិត្ត ។
ប៉ុន្តែវិធីនេះត្រូវអ្នក- ណាដែលឃើញជាក់លោកិយល្អិត ស្វែងរកលោកុត្តរៈស្និទ្ធ តាំងចិត្តប្រិតតាមមិនទាស់ទេ ។ បើចិត្តកំពុងលង់ក្នុងលោក ខ្នងកើលលើគោកកុំអាលគ្នេរ ត្រូវថ្នមខន្ធសិនមិនទាស់ទេ ខំធ្វើហួសគេក្រែងមិនកើត ។
នៅនាលោកនេះមានវិធី ថែទាំឥន្ទ្រិយឱ្យល្អឆើត រាងកាយនេះហើយឱ្យបង្កើត កំណើតវិជ្ជាគ្រប់ប្រការ ។ ប្រសិនជារូបកាយវិកល ដាបដល់ស្គមស្គាំងទាំងសង្ខារ មិនបានព្យាបាលបរិហារ វិជ្ជាអស្ចារ្យក៏មិនចេះ ។ រូបនេះរស់ដោយអាហារពិត ថាបើមិនគិតរកចំណេះ តែរោគរឹតរុំពុំរបេះ មុខជាលិឍផែះមិនលែងឡើយ ។
៤- ស្រឡាញ់អ្នកដទៃជាងអាត្មា បាននឹងស្នេហាកាយនេះហើយ ស៊ីសាច់សត្វសព្វពុំស្កប់ឡើយ ឥតស្បើយគ្មានស្បិតគិតវេទនា ។ ឆរាស្ត្របាំងហ្លួងលួចប្លន់ទ្រព្យ ធ្វើទ័ពតាំងតួតរាជា ឱ្យរដ្ឋបាលផ្អើលរាល់គ្នា គឺអវិជ្ជាវាបាំងបិទ ។ បំប៉នតែបញ្ចក្ខន្ធៈ ធុរៈឱបរូបអសុភខ្វិត មិនឱ្យខាតខ្វះកន្លះចិត្ត អស់ស្បិតសីលទានគ្មានកសាង ។
ឱបខ្មោចខ្លោចខ្មៅនៅគ្មានខ្មាស ភ្លេចសាសន៍ភ្លេចសែប្រែគ្រប់យ៉ាង វង្វេងវល់ចិត្តឥតចេះស្វាង កសាងកម្មសព្វមិនស្កប់ចង់ ។ ទាល់តែអំពល់រវល់ចិត្ត ទោសទុក្ខឧក្រិដ្ឋរឹតរួតអង្គ ហ្នឹងហើយជាផលដែលខាតបង់ តម្រង់ទៅជ្រករកអបាយ ។ តាមទោសខ្លួនខុសចុះនរក ពុំមានចេះសុខស្រណុកកាយ ស្រាលទណ្ឌស្រន់ទុក្ខនរកក្លាយ ជាអសុរកាយគ្មានណាយកម្ម ។ បើថាអាណិតខ្លួនខ្លាចបាប គួរក្រាបសំពះគ្រប់អង្គប្រាំ ម្រាមដប់ប្រណម្យបរិកម្ម គាថាណាចាំសមាធិ ។ ដុសខាត់ចិត្តខូចឱ្យដាច់ខាត ឱ្យស្អាតកុំឱ្យមានទំនិ ចិត្តបដិឃៈអប្បេហិ សមាធិមាំខំភាវនា ។
នេះធម៌ជឿធម៌ចាំធម៌ចប់ កុំឡប់យកលោកមកលាយគ្នា ឯធម៌និងលោកនោះមេធា បែងជាពីរបែបកុំបីឆ្ងល់ ។ បើចិត្តឥតចង់ចោលលោភបាន កុំស្មានថាខ្លួនចេះធម៌ដល់ ចំណែកកុសលអកុសល សម្គាល់ចុះគឺជាលោកិយ ។ ចិត្តមិនរវល់រកត្រូវខុស រកទាបរកខ្ពស់រកចាស់ថ្មី ប្រកាន់គេយើងរាស្ត្រមន្ត្រី ហួងដីហួងទឹកនឹកទុក្ខសុខ ។
ប្រសិនជានៅតែម្នាក់ឯង ក៏គ្មានចំបែងចិត្តវិតក្ក នោះនៅគ្នាច្រើនមិនអផ្សុក សម្បុកសម្បត្តិឥតចង់បាន ។ ទោះក្រទោះខ្សត់ទោះអត់ឃ្លាន ឥតមានទោមនស្សព្រួយរំខាន ជាប់ក្ដីសន្ដោសក្នុងសន្ដាន ទើបបានហៅពិតជាចិត្តធម៌ ។
ផ្លូវលោកនេះហើយជាដើមហេតុ កុំបដិសេធមិនត្រេកអរ ចលសទ្ធាវាញាប់ញ័រ បំផ្លើសផ្លូវធម៌ច្រឡំបល់ ។ មើលចុះគ្រប់ជាតិគ្រប់ភាសា ដីដែនឋានណាទាំងសាកល ប្រើផ្លូវលោកិយមានកង្វល់ តែដល់ផ្លូវធម៌ថយអំណាច ។ មនុស្សយើងត្រូវការប្រើកម្លាំង បើរូបស្គមស្គាំងកើតរោគកាច ជាមនុស្សពិការមុខគួរខ្លាច មិនអាចធ្វើការបរិហារកាយ ។ សូម្បីវិជ្ជាសារពើ កាប់ឈើរើព្រៃផងទាំងឡាយ គង់តែត្រូវការកម្លាំងកាយ ជីកគាស់ឈូសឆាយឬចូកចាំង ។
បើមិនថ្នមរូបឱ្យសប្បាយ កាលណារាងកាយមានកម្លាំង អាងតែលះនាមរូបំ ឆ្នាំងឥតអង្ករច្រកមួយគ្រាប់ ។
៥- ជាប់ជ្រួលច្រវាក់ភក្ដ្រស្រស់ស្រាយ សូមអធិប្បាយពាក្យបន្ទាប់ បានដល់ជនដែលមិនចង់ងាប់ ត្រឡប់ស្ដាយសោកក្នុងលោកា ។ ត្រេកអរនឹងកាយដែលកើតស្លាប់ តែមានឈឺចាប់ឆាប់រអា ក្ដីចាស់នេះចងសង្ខារា ចិន្ដាគ្មានណាយកាយនិយម ។ និយមយោងយឹតរឹតតែទុក្ខ ចង់សុខរឹតសោករោគជួយជ្រំ ទុក្ខជ្រែងទោសក្រានប្រាណរលំ រលើងទាំងគុម្ពកាយរលីង ។
រជ្ជុចំណងចងសរី- រៈនោះមានបីដូចចាប់ធ្លីង ក្រៀកដូចជ្រួលភ្លាត់ដួលភីង កាយជើងទន្លីងធ្លីងគ្មានសល់ ។ ចំណងមួយគឺកូនប្រុសស្រី បេតីពេញទីពីតូចដល់ ធំឡើងគង់នៅតែខ្វាយខ្វល់ រកផលប្រយោជន៍ឱ្យគ្រប់យ៉ាង ។ ចំណងទីពីររកភរិយា ពេញជាស្នេហ៍ស្និទ្ធជិតដិតខាង បណ្ដោយតាមចិត្តចង់ស្អិតស្អាង តុបតែងគ្រប់យ៉ាងសម្អាងប្រាណ ។ ចំណងទីបីសម្បត្តិទ្រព្យ គិតជាប់ជានិច្ចភ្លេចមិនបាន សូម្បីជីវិតជិតចាកប្រាណ សន្ដាននៅធ្ងន់ហួងធនធាន ។ ប្រសិនជាមានជើងបំណុល ឥតយោគឥតយល់គ្នាអត់ឃ្លាន គិតដើមគិតការកោងបំពាន ចង់មានខ្លាំងពេកដេកមិនលក់ ។
ប្រមូលបានច្រើនជាងម៉ឺនសែន មិនទាន់ដល់កេណ្ឌចិត្តលាមក ពេលយប់ងងុយអង្គុយងក់ ពុំហ៊ានដេកលក់ខ្លាចចោរលួច ។ ហ្នឹងហើយហៅជាប់ជ្រួលច្រវាក់ អន្ទាក់នេះទាញពិបាករួច វិតក្ករឹតកាយរឹតកែងស្ដួច ក្របួចតែមាត់ថាអត់ភ័យ ។
វិធីនេះធម៌កុំច្រឡំ បើចិត្តយើងមាំទើបប្រពៃ ព្រះពុទ្ធត្រាស់សមុទ័យ ត្រូវលៃគំនិតគិតមើលផង ។ បើបានជាចេះឱ្យដល់ចេះ កុំកែសត្រឱនពួនតែខ្នង ប្រយោជន៍ក្នុងលោកឈ្ងោកមើលផង ប្រឡងម្ដេចបាននឹងព្រះធម៌ ។ ក្រុងកម្ពុជាធានីខ្មែរ គួរដែរមិនដើរនៅមានះ លោកមូលស្រួលមិត្តមិនគិតខ្លះ បណ្ដោយឱ្យខ្វះវាខ្មាសជាតិ ។ ប្រតិកតូរ៉ាត៍រាជការធំ បន្ទំវិជ្ជាភ្លឺព្រោងព្រាត ប្រដៅឱ្យរៀនមានមារយាទ អាណិតដល់ជាតិឱ្យចេះដឹង ។ បើចេះតែអាងលះនៅឡើយ មិនរមិលគុណហើយបើម្ល៉ឹងៗ ចំណងទាំងបីស្ដីថាតឹង សម្លឹងមើលទៅនៅតែទាស់ ។ នរណានឹងដឹងថាស្លាប់ស្អែក ន្អាលនឹងប្រកែកគិតរលាស់ បើរូបនាមរស់នៅស្រស់ៗ គ្មានទ្រព្យរបស់បានអ្វីស៊ី ។
ត្រង់ទ្រព្យត្រង់ធនប្រពន្ធកូន ជាគ្រឿងសណ្ដូនធ្ងន់ឥន្ទ្រិយ ត្រង់ពោះវាឃ្លានគ្មានអ្វីស៊ី ចរច្រប់សព្វទីសុំទានគេ ។ នេះព្រោះតែខ្សត់អត់ចំណេះ មិនចេះផ្លូវលោកមិនកើតទេ ត្រូវតែឱ្យទាន់សម័យគេ គិតរេទៅរកក្ដីចម្រើន ។
៦- គួរខ្លាចខ្លួនក្លាយជាក្លៀវក្លា បញ្ហាថាចិត្តវង្វេងច្រើន រាប់អានវិនាសចៀសចម្រើន តន្ថើនរកទោសទុក្ខារម្មណ៍ ។ ហ៊ានបាញ់ចាក់កាប់ជាប់ប្រមាទ ព្យាបាទមនុស្សសមឥតច្រឡំ ហ៊ានដាល់ហ៊ានតប់ហ៊ានវាយដំ សន្សំសាងកម្មពុំមេត្តា ។ សត្វស្រុកសត្វព្រៃរំពៃចាប់ សម្លាប់ស៊ីលេងតាមចេតនា នេះហើយគួរខ្លាចខ្លួនក្លៀវក្លា ប្រាថ្នាឥតស្កប់ជាប់ជានិច្ច ។
ជីវិតផងខ្លួនៗខ្លាចស្លាប់ ត្រង់សត្វសម្លាប់មិនចេះគេច មិនយល់ទោសប្រាណបានជាលិច ទង្គិចលើទុក្ខមុខរីករាយ ។ ទ្រព្យគេត្រូវការដៃខ្វារឆក់ សម្លក់ភ្នែកតឹងស្លឹងពីនាយ ឱកាសណាស្រួលទំនួលងាយ ទម្លាយសុខគេមិនឱ្យសល់ ។ ទោះបុត្រភរិយាលោកអ្នកណា ស្រវាំងនេត្រាស្រវាដល់ បញ្ឆោតភូតព្យូហ៍ឧបាយកល ស្វែងផលប្រយោជន៍ខ្មោចលែងខ្មាស ។ ប្រសិនជាចិត្តឥតចេះខឹង ច្រកទឹកស្រវឹងតឹងមុខក្រាស់ បំពុលរូបកាយសប្បាយណាស់ វិនាសប្រាក់កាសក៏មិនថា ។ ប្រាជ្ញប្រាប់ថាផ្លូវនេះត្រូវលះ ប្រែជាមានះចិត្តក្លៀវក្លា បើសប្បុរសចំពូកណា ជ្រះថ្លាក្នុងធម៌ប្រព្រឹត្តត្រូវ ។ ជនណាចិត្តលោភល្មោភលោកិយ តែស្ដីបែបនោះវាខុសផ្លូវ សម័យនិយមយើងឥឡូវ លោកត្រូវការប្រើវិទ្យាសាស្ត្រ ។
ប្រសិនជាមិនចង់ចាំចេះ ចំណេះវាខ្សត់អត់ខ្លាំងណាស់ តែខំប្រមាទខាតប្រាក់កាស វាខ្មាសកូនក្មេងលេងកាលណា ។ កុំអាលអាងលះក្រែងមិនលុះ តែរឹលចំពុះតុះប្រាជ្ញា ទាន់មានកម្លាំងតាំងចិន្ដា សិក្សារៀនសូត្រសិល្បៈ ។ របស់គួរខ្លាចក្នុងលោកិយ គប្បីចៀសវាងចិប៉ាថៈ[១] ឱ្យពេញនៃឥទ្ធិពលៈ នៅគ្រប់ខណៈចិត្តយើងផង ។
គឺកុំទាហានបំពានច្បាប់ សណ្ដាប់អ្នកស្រុកកើតសៅហ្មង រាជការមានគុណគួរតបស្នង ត្រូវសងដោយកតវេទី ។
គួរដឹងឱ្យដល់ថាវិជ្ជា ដែលចេះរាល់គ្នាមានរកស៊ី មានសក្ដិមានយសខ្ពស់ឥន្ទ្រិយ មកពីរាជការលោកអាណិត ។ បើមានចំណេះចេះអស្ចារ្យ ប៉ុន្តែរាជការលោកមិនស្បិត មុខជាក្រពះក្រៀមក្រប៉ិត ព្រោះចិត្តប្រមាទខាតប្រយោជន៍ ។ ជីវិតដើរជិតតែជុំលោក កុំឆ្ងល់គួរឈ្ងោករកបាមោជ្ជ ទោះឆ្ងាយទោះជិតគិតឱ្យខ្លោច ប្រុងយកប្រយោជន៍ត្រូវប្រយត្ន ។ មួយព្រះបរមសម្ភារ ព្រះទ័យសាធារណ៍វិសេសក្ដាត់ ចមចក្រពត្រាមហាក្សត្រ ឆ្នើមកម្ពុជរដ្ឋរាជបុរី ។ ព្រះអង្គជាម្លប់ស្រប់ត្រជាក់ រាស្ត្រផងពំនាក់ជ្រកកេសី ក្សេមក្សាន្តដោយបុណ្យព្រះបារមី ផែនដីសុខុមចម្រើនផល ។ នេះគួរកុំភ្លេចធ្មេចភ្នែកជិត ត្រូវគិតព្រះគុណជាប់កមល ពេលយប់គោរពរំឭកដល់ ព្រះគុណតម្កល់លើកេសា ។ ឱ្យពេញជារាស្ត្រដែលភក្ដី នឹងម្ចាស់សិរសីនៃអាត្មា យើងធ្លាប់ជ្រកបុណ្យពីដូនតា ទាំងពូជពង្សាសាច់សន្ដាន ។ ប្រព្រឹត្តបែបនេះទើបអ្នកប្រាជ្ញ ហៅថាចេះខ្លាចមិនក្លាហាន ទៅអនាគតគង់តែបាន សម្បត្តិសុខសាន្តសម្រាន្តចិត្ត ។
៧- វង្វេងផ្លូវមិនសួរអ្នកណា បានដល់បណ្ដាពាលទុច្ចរិត វិជ្ជាចំណេះចេះមិនស្និទ្ធ ប្រុងគិតប្រកួតអួតនឹងប្រាជ្ញ ។ មិនប៉ងត្រងត្រាប់ស្ដាប់ឱវាទ អាងឆ្លាតអួតឈ្លោះទ្រគោះកាច មោហ៍មុឡ្ហជ្រុលចិត្តឥតចេះខ្លាច ប្រើប្រាជ្ញព្រៃស្មោះមិនអស់ព្រើល ។ ពុទ្ធាធិប្បាយបីកញ្ជើ ត្រង់ធ្វើត្រូវពិតគ្មានគិតមើល ពោលធម៌ពារលោកងោកងងើល ហៅព្រើលហួសប្រាជ្ញប្រាសចាកផ្លូវ ។ មនុស្សដើរវង្វេងមិនលេងទេ មិនសួរនាំគេណានឹងត្រូវ គង់ឃ្លាតបំណងខ្លួនឥឡូវ រកផ្លូវមួយជាតិមិនចេះចំ ។ សូម្បីលោកិយដីដែនខ្មែរ យើងដែលយាងដើរកុំច្រឡំ តែភ្លាត់ល្បត់ផ្លូវមិនសូវសម លែងចំមួយជាតិឃ្លាតវិជ្ចា ។
លោកថាប្រមាទវាបាត់បុណ្យ ចិត្តជួស្មូរជនគ្មានសទ្ធា មានះបាត់មិត្រឥតគ្នីគ្នា វិជ្ជានឹងចេះមកពីចិត្ត ។ បើមិនរៀនសូត្រឬសិក្សា ប្រាជ្ញាក៏អាប់ចាប់មិនស្អិត ធ្វើខ្លួនមិនខ្លាចខ្លៅមិនស្បិត ហៅមិនអាណិតអាសូរកាយ ។ លោកថានៅស្រុកស្រាស់បន្លា អារសាច់ជូនខ្លាកុំខ្លាចស្ដាយ វិជ្ជានឹងកើតមកពីកាយ កុំណាយខ្លាចនឿយគិតឱ្យយល់ ។
៨- តនឹងបច្ចាឥតអាវុធ ឱវាទនេះពុទ្ធមង្គល សូមពណ៌នាពាក្យពន្យល់ ថាគឺបុគ្គលមានតណ្ហា ។ ចចេសមិនចង់ត្រង់ឈឺចាប់ មិនចង់ចាស់ស្លាប់ចាកធម្មតា ប៉ុន្តែមិនរកគ្រឿងសស្ត្រា តនឹងបច្ចាមច្ចុរាជ ។ រវល់វង្វេងនឹងរូបនាម ទន្ទ្រាមត្រេកនឹកទាំងព្រឹកល្ងាច បញ្ជោរចិត្តឯងលែងឱ្យនាច មិនរាចរុះរើរោចភ្លើងរាគ ។ អសុភសម្មតិបដិកូល ចំណូលចូលចិត្តស្និទ្ធមិនងាក ត្រង់ព្រះត្រៃលក្ខណ៍ទាំងបីភាគ ជាពាក្យត្រូវពិតឥតគិតសោះ ។
ធ្វើម្ដេចនឹងរើរួចចាកឱឃ សង្សារៈសោកកុំស្រណោះ បើចេះវិជ្ជាទើបជួយដោះ ខ្លួនផ្លោះចាកភ្លើងទាំងបីបាន ។ វិជ្ជាដែលគួរឱ្យសិក្សា គឺត្រៃសិក្ខាបង្ការប្រាណ ប្រាមកាយវាចានិងសន្ដាន ឱ្យបានរៀបរយមិនរាយមាយ ។ ទើបនឹងផុតភ័យទុគ្គតិ សមាធិសោតមិនធ្លុះធ្លាយ បើចិត្តគិតមាំមិនមាក់ងាយ ទើបពាយនីវរណៈប្រាំ ។ តែចិត្តឥតចោលបច្ចុប្បន្ន មិនទាន់ស្គាល់ធម៌ទេគួរចាំ គង់វិលវល់កាយឱ្យរងកម្ម ព្រោះចិត្តនៅត្រាំមិនត្រាប់ធម៌ ។ ជនណាចិត្តណាយកាយវិមុត្តិ គួរមានអាវុធសម្រាប់ក័រ ទុកគ្រាន់បង្ក្រាបក្រែងអធម៌ ញាំញីញាប់ញ័រក្នុងវិញ្ញាណ ។
ប៉ុន្តែបើយើងជើងជាប់ដី ដើរលើលោកិយគួររិះធ្យាន រាវរកវិទ្យាបង្ការឃ្លាន ទរមានសន្ដានឱ្យបានសុខ ។ ប្រសិនមិនសូវប្រសប់ផង មិនអាចនឹងឆ្លងផុតវិតក្ក យសសក្ដិប្រាក់កាសជាសម្បុក សម្បត្តិអ្នកស្រុកគេរាប់អាន ។ ធម្មជាតិជំហានដែលឈានដើរ ដំណើរទៅកាន់គ្រប់ទីឋាន តែងយោលទៅមុខតាមលំអាន ទើបជ្រែងជួយច្រានប្រាណជ្រុលទៅ ។ តែខំគ្រវាសគ្រវាត់កោយ គ្រវែងថយក្រោយឱ្យអង់នៅ កាលណានឹងច្រានប្រាណជ្រុលទៅ ដល់ទីលំនៅដូចប្រាថ្នា ។ ហេតុហ្នឹងគួរដឹងដល់លោកិយ បុរីបរមសុខា ចំពោះតែអ្នកចំពូកណា ប្រាជ្ញាថ្លាស្អាតសង្វាតគិត ។ វិជ្ជាអាជីពការជួយប្រែ កើតផលមកតែពីគំនិត ថាបើដង្ខៅខ្លៅឥតគិត នោះពិតជាពោះរស់ពីបាយ ។
៩- ការខ្លីសញ្ញាថាការវែង សម្ដែងបំពេញពាក្យបរិយាយ ក្រមុំកំលោះផងទាំងឡាយ គិតថារូបកាយឆ្ងាយកាលៈ ។ ស្រវឹងតឹងមុខភ្លេចទុក្ខំ ផ្លូវអនិច្ចំមិនធូរៈ ភ្លេចអនត្តាចិប៉ាថៈ ភ្លេចគ្រប់ខណៈចិត្តឆន្ទា ។ ត្រង់រូបត្រង់រសសំឡេងក្លិន អាចិណ្ណចិត្តគិតរូបរាល់គ្នា តែពាល់ទៅប៉ះផោដ្ឋព្វា រងាខែប្រាំងភក្ដ្រស្លាំងស្លែត ។ ប្រឹងកាយប្រកាច់សាច់កន្ត្រាក់ សរសៃទាញញាក់ទធាក់ភ្លែត នេះហើយតណ្ហាមួយរយប៉ែត អណ្ដែតអណ្ដូងធេងធោងធំ ។ ប្រកៀកប្រកាន់កើតឆន្ទៈ រយៈរយាលរឹតនិយម ត្រូវពុបប្រទាលកម្រើកគុម្ព វង្វេងទ្រនំព្រហ្មលិខិត ។
សេចក្ដីនេះអ្នកជ្រាបជាក់ពុទ្ធ សាសនៈមុត្តិពិរុទ្ធចិត្ត គួរត្រងគួរត្រាប់ស្ដាប់ឱ្យល្អិត តាំងចិត្តប្រិតចាំកម្មដ្ឋាន ។ បើអត្តភាពមិនផុតលោក ជោគមិនអំណោយឱ្យដល់ប្រាណ ត្រូវរៀនត្រូវរកលោកឱ្យបាន សន្ដានឱ្យមាំកុំទោមនស្ស ។ ត្រូវមើលកាលៈទេសៈផង មើលមុខមើលខ្នងកុំឱ្យទាស់ ការមានហេតុផលគួរសោមនស្ស បើសប្បុរសឱ្យមើលមុខ ។ ចិត្តលោកជោកលាភស្ទាបអង្អែល មិនដែលមានដេកត្រេកដល់ទុក្ខ ទោះមានទ្រព្យធនធ្ងន់ជង្រុក ទឹកមុខមិនទាន់ទ្រាន់នឹងទ្រព្យ ។ តែខ្សោយវិជ្ជាវាខ្សត់ធន តែបុណ្យសក្ដិគ្មានខ្មាសអៀនជាប់ អាស្រ័យក្នុងលោកក៏មិនអាប់ ព្រោះមិនប្រសប់ផ្លូវសេពគប់ ។ អង្គុយអង្កៀមតែខ្លីវែង ខ្លួនឯងអត់ឃ្លានគ្មានពេលឈប់ ទម្រាំព្រះឥន្ទ្រចុះមកជប់ ចំពប់ជើងប៉ាំងពុរពងប្រាណ ។
១០- ខំយកធ្មេញឯងបកដូងហុត ភាសិតនេះសុទ្ធតែចំណាន គឺជាអត្តកិលមឋាន ធ្វើប្រាណឱ្យព្រួយលំបាកព្រម ។ ចិត្តជាប់កាមារូបារម្មណ៍ សម្ងំក្នុងលោកមិនចេះល្មម ឥតឱត្តប្បៈអត្តៈទ្រម ជំហមលោកិយចំណីទុក្ខ ។ លើកយកតួយ៉ាងមកអាងថា ដូចជនជាតិណាចង់បានសុខ តែកាប់សត្វព្រៃឬសត្វស្រុក ដាក់តុបន្តប្រគេនសង្ឃ ។ សម្លាប់ចិញ្ចឹមកូនប្រពន្ធ លក់យកទ្រព្យធនគ្មានលះបង់ យកសុខតែឯងឱ្យតែចង់ ឯត្រង់បាបកម្មពុំគិតឡើយ ។ បកដូងគេប្រើកាំបិតកាប់ ស្រកីគាស់កាប់រួចសកសើយ ទាញពីលលាដ៏វាមកហើយ គេផ្លើយផ្លែផ្ងារហត្ថាផ្គង ។ លនឹងកាំបិតលៃបែងព្រម ពាក់កណ្ដាលល្មមទើបសំពង នេះហៅថាស្គាល់យល់ទំនង មិនឆ្គងមិនទាស់ស៊ីទាន់ចិត្ត ។ តែយកធ្មេញបកលោកពោលថា ដូចស្វាបានដូងបីដើរហិត ពីព្រោះសម្បកដូងវាស្វិត សូម្បីនឹងចិត្តក៏មិនស្ទាត់ ។ ផ្លូវល្អគគោកឈ្ងោកឱ្យឆ្ងាយ កុំព្រួយប្រើកាយថ្វីឱ្យហត់ ប្រាជ្ញប្រាមប្រុងប្រាណឱ្យបានបទ កំណត់ឱ្យជាក់ទុកដាក់ចិត្ត ។ តាមប្រាជ្ញអាចឃ្លាតជាតិទុក្ខ ឯសុខអាមិសកុំផ្ដេកផ្ដិត ផ្លូវព្រះនិព្វានគ្មានវិបរិត តែស្និទអាមិសអាមាសយ៍ភ័យ ។ សត្វកើតសត្វងាប់ជាប់កិលេស ប្រហែសសុខហួសជ្រួសសីលម័យ យកទុក្ខធ្វើសុខពុំប្រពៃ ត្រាដល់ក្សិនក្ស័យក្ដីសុខគ្មាន ។
បើបដិបត្តិចង់បានសុខ ដើម្បីផុតទុក្ខកុំបំពាន ឱ្យស្គាល់ខុសត្រូវផ្លូវរិះធ្យាន ទរមានតឿនកាយវាចាចិត្ត ។ ឱ្យត្រឹមឱ្យត្រូវតាមផ្លូវរិះ យ៉ាងនេះផុតទុក្ខទោសឧក្រិដ្ឋ ពុទ្ធបរិស័ទសាច់ធម៌ល្អិត ជ្រាបជាក់ភ្ញាក់ចិត្តប្រិតទៅចុះ ។ បើជនណាចិត្តឥតវិវេក អាល័យលោភពេកកំពុងតុះ គំនិតមិនហួសចុងច្រមុះ ទុកធម៌សិនចុះកុំអាលចង់ ។ មើលអាយមើលនាយមើលកៀនកោះ កុំឱ្យចន្លោះប្រយោជន៍បង់ ឈានជើងក្នុងលោកធៀបមើលអង្គ កុំចង់បង់បោយឱ្យហួសខ្លួន ។ ត្រង់ការអាជីពកុំប្រមាទ សង្វាតត្រងត្រាប់ស្ដាប់ច្បាប់ក្បួន ទើបកាយឆ្ងាយអកុសលកួន មិនស្ទួនមិនស្ទើរប្រើជីវិត ។ លោភនេះសម្បូណ៌ណាស់ឧបាយ កិច្ចកលឡែបខាយខានមិនពិត ខ្លួនឥតមារយាទឃ្លាតគំនិត ខ្លៅមួយជីវិតគិតមិនលេច ។ អាក្រក់ឬល្អឬសខ្មៅ វិធីក្នុងក្រៅប្រដៅខ្ទេច បើផ្លូវអាក្រក់គួរយើងគេច កុំភ្លេចផ្លូវល្អតឱ្យជាប់ ។ បើប្រាជ្ញកុំប្រាជ្ញឱ្យដល់ព្រើល បើមើលកុំមើលឱ្យដល់ងាប់ បើធ្លោយកុំធ្លោយឱ្យដល់ធ្លាប់ បើជាប់កុំជាប់ឥតគេចង ។ បើហ៊ានកុំហ៊ានឱ្យដល់ហួស បើជ្រួសកុំជ្រុលដល់ជ្រែងខ្នង បើស៊ីកុំសាញឱ្យគេសង បើត្រេកកុំត្រងឱ្យចិត្តត្រាំ ។ បើខូចកុំខើចឱ្យដល់ខាត បើឆ្លាតកុំឆ្លាសហួសចំណាំ បើកាចកុំកោងបង្កកម្ម បើខាំកុំខាំតាមចិត្តខឹង ។ បើខ្លៅកុំខ្លៅឱ្យដល់ខ្លាក់ បើស្លាក់កុំស្លាក់ដល់ភ្នែកស្លឹង បើស្រេកកុំស្រេកដល់ស្រវឹង បើប្រឹងកុំប្រឹងឱ្យដល់ព្រួយ ។ បើស្ទាត់កុំស្ទាត់ឱ្យស្ទើរស្ទាក់ បើលាក់កុំលួងឱ្យរលួយ បើចេះកុំចាំបាច់គេជួយ បើស្ទួយកុំស្ទង់ឱ្យផុងស្ងួន ។
១១- រត់ពីក្រពើចុះសមុទ្ទ គឺចិត្តចង់ផុតមច្ចុកួន ជាតិចាស់ឈឺស្លាប់ស្លន់ស្លុតខ្លួន មកផ្ទួនផ្ទុកត្រង់ចង់កើតទៀត ។ ថាបើមានកើតគង់មានស្លាប់ ជរាឈឺចាប់ចុកស៊កសៀត ចៀសទុក្ខចួបទុក្ខៗចូលទៀត ចង្អៀតចង្អល់ទាល់តែក្ស័យ ។ ច្រើនណាស់អ្នកសាងខាងការបុណ្យ កាន់សីលសូត្រមន្តទាំងយប់ថ្ងៃ ចិត្តស៊ុនចង់សុខជាបច្ច័យ និស្ស័យមិនសមសាងមួយជាតិ ។ កើតនេះគ្មានសុខគឺទុក្ខសុទ្ធ ត្រាតែបំផុតរលត់ធាតុ ទុក្ខជាប់រូបនាមទាមតោងជាតិ ពុំឃ្លាតពីខ្លួនពួនឃ្លាំផ្ចាល ។
អ្នកបួសចង់បានឋានវិមោក្ខ ពេលលោកជឿធម៌ដ៏ត្រកាល មិនប្រុងប្រព្រឹត្តចិត្តនៅស្រាល សឹកទៅត្រូវកាលទាសតណ្ហា ។ ជានុយចំណីត្រីកុម្ភីល៍ វាស៊ីសប្បាយតាមចិន្ដា ហៅដើរខុសសុខរងទុក្ខា ប្រាថ្នាផ្លូវតាមឆន្ទៈ ។ កាមព័ន្ធពទ្ធកាយវាចាចិត្ត ងងឹតមុខជ្រប់គ្រប់ខណៈ បើជនដឹងដល់យល់រយៈ ត្រូវស្គាល់ធុរៈមច្ចុរាជ ។ បើបព្វជិតគិតរិះធ្យាន គង់មានសតិទប់ព្រឹកល្ងាច តែសឹកនឹងចុះពោះនឹងទាច ស្ដេចមច្ចុរាជរួតរឹតកាយ ។ ឯអ្នកប្រដៅដូចស្មូនឆ្នាំង ដៃតាំងប្របាច់ដីបែកខ្ចាយ ដីល្អធ្វើបានមិននឿយកាយ ដាំបាយអាស្រ័យរាល់វេលា ។ វល្លិបណ្ដូលពេជ្រល្វីងក្ដាត់ ស្ករឆ្មាត់បាត់បានរសឱជា ឯជនជាតិបាបចិត្តពាលា បើសេពមេធាចិត្តជាភ្លាម ។ ហ្វឹកហាត់អត្តាវាចាចិត្ត ឱ្យសុចរិតឥតទាក់ទាម បាបបាត់បុណ្យបានដោយព្យាយាម អាចសម្មតិនាមហៅមេធី ។
ពាលឃ្លាតជាតិក្លាយជាបណ្ឌិត បីដូចវិចិត្រដោយកែវមណី លាភយសសរសើរសុខពេញទី វិធីនេះធម៌ត្រជាក់ប្រាណ ។ សូមសាធុជនបន្ទន់ចិត្ត ស្ដាប់ពាក្យភាសិតហើយគិតអាន បើល្មមជាខ្លួនយើងធ្វើបាន ប្រុងប្រាណប្រិតតាមស្នាមប្រាជ្ញទៅ ។
បើលោភព័ន្ធពទ្ធល្មាត់មិនលេច មិនល្មមនឹងគេចគួរអង់នៅ បើមុខជាមុជមិនបានជ្រៅ កុំគិតឱ្យព្រៅវាព្រួយចិត្ត ។ លោកិយគគោកខាងមុខការ វិចារណ៍មិនចំមិនចេះល្អិត ធ្វេសមិនប្រមូលខានចូលចិត្ត ខុសក្រឹត្យក្រមច្បាប់អាប់រាសី ។ ចិត្តមនុស្សនេះរិះរកតែខ្ពស់ ចង់មានសក្ដិយសធ្វើមន្ត្រី ចង់មានជំទាវចំទួយប្ដី ចង់មានបុត្រីបុត្រាទ្រព្យ ។ បើមានផ្ទះឈើនៅស្ទើរចិត្ត ទោះជាផ្ទះឥដ្ឋចិត្តមិនគាប់ បេតុងអារម៉េស៊ីម៉ងត៍ផ្ទាប់ នៅតែមិនស្កប់មិនស្កល់ស្កាំ ។
ចុះបើចិត្តយើងកន្ទ្រើងម្ល៉េះ ហើយគ្មានចំណេះជួយឧបត្ថម្ភ កាលណានឹងកាយឆ្ងាយពីកម្ម ចាំផលអតីតរឹតតែថប់ ។ ឯវ័យទាំងបីគ្រប់ស្រីប្រុស តែលៃខ្លួនខុសមិនចេះចប់ វិជ្ជាអាជីពចេះឱ្យសព្វ នោះក្រែងនឹងស្កប់ស្កាំចិត្តខ្លះ ។
ឋានៈបុគ្គលដែលមានទ្រព្យ លោកិយគេរាប់មុខមិនខ្វះ សិរីប្រសិទ្ធិ៍ឥតកន្លះ ពាក្យត្មះតិះដៀលមិនដិតដល់ ។ កុំកាត់ប្រឡោះចុះតែខ្លួន កុំពួនប្រឡូករកកិច្ចកល កុំគិតរង្កៀសគេដោយឆ្ងល់ ចង់ឆ្ងាញ់ត្រូវស្គាល់រសជាតិល្អ ។ អាស្រ័យក្នុងលោកកុំលាក់មុខ ទង្គុកនឹងលោកត្រូវអើតក បើខ្លួនល្ងង់ខ្លៅត្រូវខ្លាចក្រ ត្រដរឱ្យដល់ពលៈកាយ ។
បើកើតមិនកើតក៏អស់ចិត្ត អាណិតតែនឹកកុំឱ្យណាយ លោកនឹងចម្រើនបានសប្បាយ ព្រោះជនទាំងឡាយប្រាជ្ញាឆ្លាត ។ សូមគិតឱ្យចប់សព្វវាទី សូមសាមគ្គីកុំឱ្យខាត សូមចិត្តឱ្យចាំកុំប្រមាទ សូមឱហាតប្រឹងស្វាធ្យាយ ។
សូមឱ្យចម្រុងចម្រើនសុខ សូមឱ្យរួចចាកទុក្ខសម្ទាយ សូមទោសកុំថាខ្ញុំមើលងាយ និយាយសរុបបញ្ចប់ហោង ។
[១] – អ្វី ៗ គ្រប់យ៉ាងគ្រប់ចំពូក (ពាក្យថៃ) ។
ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៤៤