ឧកញ៉ាសុត្តន្តប្រីជា ឥន្ទ
រៀបរៀង
៙ និរាសរតន៍វត្តនគរសែនវរចិត្ត កាលចេញចាកលាកចរសមរមិត្រ កែវជីវ៉ាគូជីវិតពិសម័យ ។
ដោយមានការចក្រពង្សវង្សក្រសត្រ ស៊ីសុវត្ថិព្រះកែវហ្វាសុឡាឡៃ ព្រះចៅក្រុងកម្ពុជាធិបតី មានព្រះទ័យហ្មាយប៉ងពោធិញាណ ។ ទ្រង់យាងមកនគរវត្តសមោសរ ចាត់បដិសង្ខរណ៍ទីបុរាណ បរិច្ចាគរាជទ្រព្យប្រដាប់ទាន បំពេញញាណសម្ពោធិបញ្ញា ។
កំណត់ថ្ងៃយាងនោះចុះខាងខ្នើត ប្រាំបួនកើតភទ្របទមាសា ថ្ងៃព្រហស្បតិ៍លេខប្រាំឆ្នាំរកា ពេលសុរិយាជ្រេសែងព្រះរង្សី ។
លោកចៅហ្វាយខេត្តស្រុកព្រះដំបង ជានាយកងចាត់ការរាជការថ្មី ព្រមទាំងលោកកុម្មិសែរអធិបតី ចិត្តភក្តីត្រេកត្រង់ទាំងទ្វេហារ ។ រៀបចាត់ចែងតែងតួតាមទំនួល ទៅទទួលព្រះចមចៅចក្រា លោកក៏យកខ្ញុំបាទទៅផងណា ព្រោះមេត្តាចង់ឱ្យយល់ទីបុរាណ ។ គ្រាន់នឹងខ័តទទឹងប្រសាសន៍លោក ក្រែងចួនស្ទោកកើតទោសមោះដល់ប្រាណ ខំតែកាត់ចិត្តលះលាកល្យាណ គូបុរាណកាលកម្មចាំចាកចរ ។
ដល់ពេលភ្ជុំលោកធំចុះចាកស្ថាន ឡើងរថយានទឹមសេះដ៏បវរ សារថីជំនាញទាញបើកបរ បត់បរចុះដល់កំពង់ទឹក ។ ពួករាជការបារាំងទាំងខ្មែរយួន សឹងតែងខ្លួនជូនដំណើរអឹកធឹក ពួកទាហានជើងខ្មៅប្រចាំសឹក ដង្ហែគ្រឹកចុះកប៉ាល់ជាស្រងា ។ នាយតៃកុងទាញខ្សែសប្លេកង លាន់បីដងម័តឡូស្រាវយិថ្កា សទិមពេញក៏ចេញចមឧត្តរា តាមគង្គារហូរត្រង់តម្រង់ចរ ។ តៃកុងយួនចេះក្បួនចង្កូតត្រង់ កាត់តម្រង់តាមជ្រោយច្រាំងសាគរ ចក្រក៏វិលវាយទឹកពន្លឹកខ្ទរ អ្នកនគររត់មើលគ្រប់លំនៅ ។
កប៉ាល់លឿនដល់គយខ្ញុំគយគន់ យល់តំបន់មេគយប្រាំផ្លូវ មានសសរគោមតាំងមុខលំនៅ មើលៗទៅទីលំនៅមិនសមសក្តិ ។ ផ្ទះរយាកតាករយាលស្បូវរយោង ភាពជាខ្មែរកែជារោងយោងជាថ្នាក់ ឱគយនេះយ៉ាងជាគ្នាខាតប្រាក់ គ្រាន់តែត្រួតមើលអ្នកចូលចេញក្រៅ ។ នឹងមានហូតពន្ធដារការក៏ទេ គ្រាន់តែគេចូលប្រាប់ក៏ហួសទៅ ឱគយនេះឥតពន់ធន់តាំងនៅ ធ្វើតែស្រូវដាំច្បារចម្ការស៊ី ។ រាជការសៀមតាំងគយនៅចុងស្រុក ពុំឃើញមានទំនិញឱ្យហូតអ្វី កោតមេគយនៅចាំជាប្រក្រតី រាជការថ្មីលោកលើកពុំបម្រុង ។
ឱអ្នកគយគេធ្វើចម្ការស្រែ មិនជួញប្រែយ៉ាងយើងអ្នកស្រុកក្នុង កោតគេរកធនធានគ្មានកោងកុង ស៊ូភក់ផុងដិតកាយក៏ឥតថា ។ ស្តាយតែរូបនារីរាងស្រឡៅ ចុះស្ទូងស្រូវត្រូវកម្ដៅព្រះសុរិយា ដិតទាំងដីភក់ផង់ហ្មងភក្រ្តា អនិច្ចាជាតិអ្នកក្រត្រដរទៅ ។ ប្រសិនមានមាសប្រាក់និងសក្តិយស ស៊ីក៏ខ្ពស់ដេកក៏ខ្ពស់ឥតមោះម៉ៅ បម្រុងលាបទឹកអប់និងប្រេងម្សៅ កាល់ចាប់ខ្មៅតែងខ្លួនឱ្យនួនល្អង ។ តែងប្រកួតអួតឆោមប្រលោមប្រុស ត្រកូលខ្ពស់យល់ហើយមិនកន្លង នេះមកត្រូវកម្ដៅភក់ផង់ផង នឹងស្នាលស្នងចងចិត្តស្និទ្ធម្តេចបាន ។ គន់ៗគិតអាណិតនារីតូច កើតក្នុងពូជហីនយសខុសសន្តាន តោងត្រដរនឿយយ៉ាកលំបាកប្រាណ ទម្រាំបានមាសប្រាក់ធ្លាក់ដល់ចាស់ ។ ចាស់ហើយតើនឹងតែងតួម្តេចល្អ ប្រុសនឹងតថ្លៃទិញយល់ក្រណាស់ ឃើញជាចុះថ្លៃថោកល្មមបោកប្រាស ការសង្វាសនឹងសង្វាតដាច់សង្វែង ។ សំណាងទន់ក្រធនតោងធន់អត់ ក្តីនឿយហត់រកស៊ីតាមតំណែង គេអ្នកមានគេតែងកាយចិញ្ចែង មិនដូចខ្លួននួនឯងភក់ស្រមក ។
អង្គុយគន់នារីឱ្យភិសវង់ កប៉ាល់លឿនដល់ចុងអន្សងសក ស្ទឹងក៏តូចបថក៏ខ្លីបីបួនច្រក សម្នាក់កកដេរដាសពាសពេញស្ទឹង ។ នាយតៃកុងកាច់ចក្រពុះសំណាត់ ចក្រក៏កាត់ខ័តណែនកប៉ាល់ហ្នឹង ពួកម័តឡូចាក់ថ្នោលដោលទទឹង ចក្រក៏រឹងផាត់វិលកប៉ាល់រា ។ ពួកអ្នកថ្នោលរឹងដោលសំណាត់ញែក កប៉ាល់ជ្រែកវែកច្រានបានមួយគ្រា សំណាត់ចុកកប៉ាល់ជាប់ចក្រខំពារ មើលវេទនាចក្ររើសំណាត់រឹត ។
ខ្ញុំគន់មើលសំណាត់រ៉ាត់កប៉ាល់ ដូចរាគកាល់រូបកាយចុះចរិត ពុំឱ្យរូបរើរួចពីទីល្ងិត[១] បំបាំងបិទត្រៃលក្ខណ៍បាត់រស្មី ។ កាមរាគរោលរឹតសត្វក្នុងលោក ឱ្យសត្វនៅសៅសោកក្នុងលោកិយ រាងកប៉ាល់ដូចរូបយើងប្រុសស្រី ប្រា ជ្ញាខ្លីមិនយល់កលត្រៃលក្ខណ៍ ។ ស្លាបចក្រគឺបញ្ញាឆ្ការកាប់កាត់ កងសំណាត់គឺរាគឱ្យលាកធ្លាក់ បានរួចចេញចាកទុក្ខសោករោគរាក់ អាស្រ័យចក្រគឺបញ្ញាក្លៀវក្លាហាន ។ គ្រឿនកប៉ាល់ដូចកលអាការយើង ដីទឹកភ្លើងខ្យល់គឺធាតុបួនស្ថាន ចង្កូតគឺសតិរំឭកបាន ថ្នោលដោលច្រានគឺសមាធិចិត្តជាក់ ។ សំណាត់គឺបាបធម៌និវរណៈ បិទបាំងកៈមិនឱ្យយល់ត្រៃលក្ខណ៍ ទឹកហូរវល់ដូចកលសង្សាចក្រ ឱ្យសត្វធ្លាក់នៅក្នុងអន្លង់កាម ។ ឱអនិច្ចារូបកាយមិនណាយលាក អំពីរាគនៅតែរឹងក្រឡឹងតាម បានជាដល់ទុក្ខមកយំរហាម ព្រោះមិនតាមពុទ្ធកិច្ចភ្លេចស្មារតី ។ ខ្ញុំគិតៗគួរសង្វេគរូបអាត្មា មកលុះចុះតណ្ហាការលោកិយ ឃើញធម៌ហើយក៏នៅតែនឹកស្រី ជាចំណីរាគរឹតបិទមុខមាត់ ។ កាច់មិនបានច្រានមិនបែររឹងតែបិទ អានាថចិត្តអាណិតចៅមកប្រាសព្រាត់ គ្រាន់នឹងតាមព្រះបន្ទូលជាបន្ទាត់ លោកិយអត់កត់មិននឹងទទឹងគាង ។ យកធម៌ព្រះមកលះភ្លើងមិនឈប់ ងងឹតឈឹងដូចយប់មិនយល់រាង ឱលោកិយលះក្រគ្រាន់តែញ្រង ដូចគេលាងព្រៃខ្មៅត្រូវជ័រទឹក ។ ខំដុសលាងយ៉ាងណាមិនឡើងពណ៌ ជាតិជាជ័រជាប់នៅខ្មៅស្រមឹក ដូចកិលេសជាប់សត្វចាត់ជាសឹក អ្នកកុំនឹកកិតលាងឱ្យជ្រះបាន ។ ដូចរូបខ្ញុំខំលះរឹតតែរឹង ទប់មិននឹងតាំងមិននៅផ្លូវកម្មដ្ឋាន អង្គុយកិតយកធម៌ទូន្មានប្រាណ ដូចគេច្រានសំណាត់សាត់មួយគ្រា ។ ដល់ហួសទៅសំណាត់សាត់មកវិញ ប្រមូលពេញដូចដើមណានួនណា ឱសំណាត់នេះប្រៀបដូចតួតណ្ហា នឹងកាប់ឆ្ការយ៉ាងណាក៏ណែនវិញ ។ គណ់សំណាត់សាត់ជាប់ចុងចម្ការ ទាំងខ្មោចឆ្កែខ្មោចឆ្មាត្រាពាសពេញ ខ្លះរលួយខ្លះប្រេះពោះវៀនចេញ ក្អែកត្មាតដេញគ្នាស៊ីជាភក្សា ។ ខ្ញុំគន់មើលសាកសពចំណីក្អែក គិតសង្វេគដល់រូបនៃអាត្មា ឱសត្វក្អែកមកលុះក្តីមរណា សូន្យជីវ៉ាគេចោលបណ្តែតទឹក ។ កាលពីរស់កឹងកាចអំណាចមាន សត្វតិរច្ឆានដូចគ្នាមិនហានចឹក ដល់ខ្លួនស្លាប់គេអូសបណ្តែតទឹក ក្អែកត្មាតគ្រឹកចឹកស៊ីមិនគ្រាន់ឡើយ ។ ឱអនិច្ចាសង្ខារសត្វទាំងឡាយ តែបែកកាយរម្លាយខន្ធទៅហើយ គេក៏កើតខ្ពើមឆ្អើមពុំជិតឡើយ យើងគេអើយគួរគិតផ្លូវអនិច្ចា ។
ខ្ញុំបាទខំសង្វេគសាកអសុភ រាគមិនឈប់ចេះតែរោលទាំងរូបា នឹកតែទៅដល់ពៅកែវសុតាអនិច្ចាថាតែមាត់ចិត្តមិនចំ ។ អសុភដប់សម្រាប់លោកលាងលាក កម្ចាត់រាគចរិតចិត្តបឋម ព្រះយោគីលោកសមាធិចុះអារម្មណ៍ ប្លែកតែខ្ញុំពុំចំអារម្មណ៍ឡើយ ។ យកសពឆ្កែមកប្រែនឹងរូបកាយ មិនរសាយណាយសោះណាលោកអើយ ធ្វើម្តេចហ្ន៎បានលោកឯណាអើយ ជាកោះត្រើយណែផ្លូវឱ្យទាន់រ៉ា ។ មួយសង្ស័យនឹងពាក្យ”«អន្សងសក» ពាក្យប្រែបកដូច្នោះគួរសង្កា សត្វអន្សងវាសកពីកាលណា បានជាមកសញ្ញាឈ្មោះយ៉ាងនេះ ។ សត្វអន្សងមិនដែលសកសោះទេ នេះហេតុអ្វីក៏គេហៅដូច្នេះ ឬគេឃើញសំណកនៅនេះអេះ បានជារិះត្រិះនាមមកឥឡូវ ។ រឹងពិនិត្យគិតមិនយល់សែនឆ្ងល់ពេក ការឈ្មោះប្លែកនាមសត្វចាត់មិនត្រូវ អន្សងសកលោកណាឱ្យនាមហៅ បានជានៅនាមជាប់ឥឡូវនេះ ។ តែបើគិតគួរកោតលោកបុរាណ ចេះគិតអានសន្មតនាមយ៉ាងនេះ ទីព្រៃសោះចេះឱ្យឈ្មោះច្នោះច្នេះ ពេញជាចេះកំណត់កត់នាមនៅ ។ អង្គុយគិតចិត្តភ្លើនរំភើយខ្យល់ កប៉ាល់គ្រឿនលឿនដល់ព្រែកក្របៅ ទឹកក៏នឹងពុំហូរចុះទៀតទៅ ឃើញទឹកខ្មៅថ្លាយង់ឥតរាគា ។ ក៏ដឹងថាជាទឹកទន្លេដល់ ទឹកស្ទឹងកល់ហូរទល់ប្រសប់គ្នា បានជានឹងពុំហូរត្រឹមនោះណា នឹកសង្កាព្រែកក្របៅហៅសែនឆ្ងល់ ។ ព្រែកនេះតើបែកមកពីណាអេះ ឃើញតែចុងត្រឹមណេះមិនឃើញគល់ ឬព្រែកនេះទំនាបជាភាពទាល់ គួរពិភាល់ចិត្តណាស់ព្រែកក្នុងព្រៃ ។ ព្រែកនេះតើគេជីកឬកើតឯង លោកមកតែងនាមក្របៅបានច្នេះនៃ ខ្ញុំពីគ្រោះមិនអស់ក្តីសង្ស័យ កប៉ាល់លឿនដល់កន្ត្រៃថ្ងៃក៏ទាប ។ ព្រែកកន្រ្តៃកាត់ត្រង់ត្រូវកញ្ជះ ទីស្រឡះគេដើរបានរៀងរាប ព្រៃដុះល្បោះ[២]ចុះតាមទីទំនាប អ្នកស្វែងលាភរករាត្រីអាស្រ័យបាន ។ ព្រែកកញ្ចះទីស្រឡះគេដើរដល់ ស្រុកមង្គលបូរីជាជ័យឋាន គិតៗទៅគួរកោតលោកបុរាណ ចេះគិតអានចាត់ព្រែកឈ្មោះប្លែកគ្នា ។ មួយសង្ស័យនឹងនាមកន្ត្រៃនេះ នរណារិះចាត់ឈ្មោះទុក្ខច្នេះណា វិស័យទីជាស្ថានព្រៃព្រឹក្សា មកសញ្ញាហៅកន្ត្រៃសង្ស័យស៊ុន ។ ឬកន្ត្រៃលោកណាធ្លាក់នៅនេះ បានជារិះយកនាមនេះមកគុណ ឬមានជាងកន្រ្តៃគេនៅមុន ឬអ្នកបុណ្យឱ្យឈ្មោះព្រោះជាប់គ្នា ។
រំពឹងគិតមិនយល់ដល់ព្រលប់ ពេលលក៏យប់ម៉ោងមួយដល់បាក់ញ្រ តែកុងទាញសប្លេឡើងបីសា ប្រាប់នាវាឱ្យចៀសកប៉ាល់ចូល ។ លុះចូលដល់ស្ពានផែមុខសាលា បោះយុថ្កាចតចងតាមទំនួល លោកមោនសៀ[៣]នាយគយចិត្តស្រុះស្រួល មកទទួលលោកធំ[៤]ទៅគ្រឹហា ។ ចៅភ្នាក់ងារនាំឧសផ្ទុកកប៉ាល់ ដាក់ពេញទាល់ទាំងល្វែងនៃនាវា លោកបាឡាត់ចាត់លៀងមួយវេលា ទាំងអស់គ្នាគេសែនសប្បាយចិត្ត ។ តែខ្ញុំមួយព្រួយបា្រណរំខានសល់ ចង់តែដល់បានយល់ចមបពិត្រ អស់រាជការនឹងបានវិលស្ថានស្ថិត មិនដឹងគិតកែផ្លូវឱ្យត្រូវឡើយ ។ អង្គុយគិតដើរគិតដូចពុលផ្សិត រាគគ៏រឹតរោលរាលរាមិនស្បើយ លុះដល់ម៉ោងពីរខ្យល់រំភើយ គ្រាន់លំហើយក្តីទុក្ខពីមុខបាន ។ មើលទៅស្ទឹងបាក់ញ្រជាធ្លាធំ ពួកអ្នកឈ្មួញមកជុំទាំងបីដាន មួយគឺស្ទឹងមង្គលបូរីឋាន ពីរគឺដានព្រះដំបងបីទន្លេ ។ ទីស្ទឹងនេះកាលរាជសៀមចាយចែក ចាត់ឱ្យហៅសាមយ៉ែកភាសាគេ ព្រោះដានបីចេញទៅមាត់ទន្លេ បើតាមគេឃើញត្រូវជាផ្លូវបី ។ ឯពាក្យហៅបាក់ញ្រពីបុរាណ គ្មានភិយ៉ាន[៥]ឡាក់ឋាននឹងរូបអ្វី ឬបាក់ញ្របាក់នេះជាពាក្យថ្មី បុរាណស្តីថាបាត់កាំបិតញ្រ ។ នរណាបាត់កាំបិតនៅនេះអេះ បានជាជាប់នាមនេះដូច្នេះណា សព្ទកាំបិតយល់លើសយារវាចា មកសញ្ញាថាតែបាក់ញ្រវិញ ។ ឱបានលោកប្រាជ្ញណានឹងសួរសាក ឱ្យដឹងពាក្យបាក់ញ្រនេះឯងមិញ រំពឹងទៅមិនយល់សល់សែនម្នេញ កាលណាលោក នឹងចេញកប៉ាល់ទៅ ។ រំខានទុក្ខនឹងមូសវាយាយី ឯណាទុក្ខនឹងស៊ីម៉ៃមីខៅ[៦] ឯណាទុក្ខនឹងនឹកដល់ឆោមឆ្លៅ ឯណាទុក្ខនឹងក្តៅចង្អៀតគ្នា ។ នឹកទន្ទឹងបានតិចលេចឡុងបុត លាបសសុទ្ធអុំអែបមកម្នីម្នា លោកកុម្មីសែរក៏ឡើងកាន់នាវា រ៉ឹងឱ្យស្រាវយុថ្កាចេញវៃៗ ។ ខ្ញុំគ្រាន់ស្បើយក្តីមោះព្រោះចង់ឆាប់ ចក្ររឹងកាប់ទឹកខ្ទាតខ្ទរទាំងព្រៃ កប៉ាល់គ្រឿនលឿនលើជលាល័យ បើកអស់ដៃមើលព្រៃប្រប៉ះគ្នា ។ ដល់ត្រៃភពកាច់ប្រែបែឧត្តរ ក៏រឹងចរតាមបថទីគង្គា នឹកសង្ស័យត្រៃភពនេះមហិមា តាំងនាមាឃើញកើនលើសប្រមាណ ។ ពាក្យត្រៃភពប្រារព្ធនាមព្រះពុទ្ធ មិនគួរគេមកចុតឈ្មោះភូមិឋាន ទីនេះសោតពួក នសាទគេរាប់អាន តាំងជាស្ថានបាយាប[៧]ចាប់ត្រីទេ ។ នេះហេតុអីយកនាមព្រះឱ្យឈ្មោះ មិនគួរសោះនឹងពាក្យអ្នកទន្លេ នរណាអេះចាត់នាមនេះមុនគេ ឬគេគ្នេរព្រោះព្រែកបែកបីភ្លោះ ។ សព្ទត្រៃភពប្រែថាភពទាំងបី ព្រះជិនស្រីជាត្រៃភពចំពោះ ព្រោះព្រះអង្គវិសេសគុណពីរោះ បានជាឈ្មោះព្រះចមត្រៃភពភារ ។ ឯព្រែកនេះពុំឃើញវិសេសអ្វី វិសេសតែនឹងត្រីជាអាហារ ពុំគួរតាំងនាមស្មើសាស្តាចារ្យឬហៅដោយវោហារអស្ចារ្យក្រៃ ។ រំពឹងគិតមិនយល់សព្ទត្រៃភព ចង់តែឈប់ទៅមើលទីនោះនៃ ជាមានអ្វីសាក្សីកណ្តាលព្រៃ គួរសង្ស័យនឹងពាក្យត្រៃភពនេះ ។ ឬសព្ទត្រៃហៅក្រៃលោកតាំងឈ្មោះ គង់ពិគ្រោះតាមហេតុមានច្នោះច្នេះ ឬពីដើមព្រះយាងមកនៅនេះ បានជារិះតាំងហៅត្រៃភពហោង ។ ឱលោកណាដឹងការហេតុដើមដាន សូមមេត្តាប្រោសប្រាណប្រាប់ខ្ញុំផង ខ្ញុំពីគ្រោះមិនយល់រឹងមួហ្មង កប៉ាល់ឆ្លងកាត់យោគយាងយាវខ្មី ។ លឿនលន្លឹមតាមបថយាងយាវត្រង់ កាត់តម្រង់បែរត្រង់ដល់ភូមិថ្មី ភូមិនោះមានគេនៅជាប្រក្រតី បថក៏ខ្លីជាប់នាមពាមសីមា ។ ឱស្រុកពាមចាត់នាមឈ្មោះពីរោះ គេបញ្ចុះសីមាពីកាលណា ត្រើយពាមចាត់នាមឈ្មោះពីរោះ គេបញ្ចុះសីមាពីកាលណា ត្រើយខាងជើងមានព្រែកបែកជាស្មា ឮគេថាស្ទឹងនោះទៅទឹកជោរ ។ ឱទឹកជោរទឹកហូរពីភ្នំណា ធ្លាក់មកពាមសីមាដាសពេញពោរ ទឹកទន្លេឡើងកល់ទល់មិនហូរ កាត់ទឹកជោរដល់ញ្រត់វត្តឈើខ្មៅ ។ គន់មើលទៅវត្តលោកលើគោកស្រួល ជាទីទួលសមជាអារាមនៅ ឯវត្តនេះយកនាមឈើមកហៅ នាមឈើខ្មៅលោកណាតាំងនាមនេះ ។ ឬវត្តនេះស្រីខ្មៅចៅធ្វើទេ យកនាមគេមកតាំងទុកដូច្នេះ ឬពីដើមមានឈើខ្មៅនៅនេះ បានជារិះតាំងនាមមកឥឡូវ ។ ពាក្យឈើខ្មៅហៅហាក់នាមខ្មៅបង ចិត្តចាប់ចងនឹកដល់កែវឆោមឆ្លៅ ឱព្រះគុណព្រះកែវវត្តឈើខ្មៅ ខ្ញុំលាទៅនគរវត្តញ្រត់កន្និដ្ឋា ។ សូមព្រះគុណប្រោសជួយចក្រពង្ស ឱ្យស្តេចទ្រង់ចម្រើនដោយយសា ប្រោសប្រាណខ្ញុំឱ្យបានទីឧកញ៉ា កបសក្តាវុឌ្ឍីស៊ីសុវត្ថិ ។ មែនបើខ្ញុំសម្រេចដូចប្រាថ្នា ខ្ញុំនឹងគិតហែផ្កាមកថ្វាយថ្វាត់ សូមកុសលព្រះគុណជួយបំបាត់ សព្វទុក្ខរោគខាត់សកលកាយ ។ មួយសូមជ័យជម្នះឈ្នះសត្រូវ ទៅតាមផ្លូវកុំឱ្យមានអន្តរាយ ទាំងពាលម្រឹគយង់ឃ្នងផងទាំងឡាយ ចៀសឱ្យឆ្ងាយដោយអំណាចព្រះចមត្រៃ ។
ខ្ញុំសំពះបន់ព្រះវត្តឈើខ្មៅ កប៉ាល់គ្រឿនលឿនទៅតាមជលស័យ ត្រូវព្រះពាយរំភើយខ្ញុំនឿយក្រៃ ក៏លក់តាមសម័យយប់នោះឯង ។ លុះបើកដល់មាត់ពីរចេញទន្លេ កប៉ាល់រេបើកពុះឆ្លងវាលវែង វាយោយោគផាត់មករលកផ្សែង ខ្ញុំបាទឯងក៏ក្រោកចាកដំណេក ។ អង្គុយគន់មើលទឹកទន្លេសាប ឡើងលិចដាបព្រៃព្រឹក្សពន្លឹកពេក មើលទៅទិសទក្សិណសែនវីវេគ ឃើញតែមេឃមួជិតងងឹតឈឹង ។ គន់ទៅទិសឧត្តរតឦសាន ឃើញជាដានព្រៃវង់វែងរវឹង មើលទៅទិសបស្ចិមវាលដូចបឹង ទឹកឡើងនឹងទឹកពោរពេញមើលល្បោះៗ ។ កប៉ាល់រឹងចក្រដើរស្មើមិនឈប់ រលកខ្ទប់ស្ទើខ្ចាត់ចក្រពានពុះ រលកយោលខ្ជោលឡើងដូចគេបោះ កប៉ាល់ស្ទុះទឹកបែកញែកសាចជះ ។ វាយោបោកកប៉ាល់បែរលលេលឿន រលកគ្រឿនចក្រគ្រាន់បើជម្នះ តែកុងកាច់តាមកៀនរលកជះ កប៉ាល់ទឹករះទឹករាយបែកថ្កាត្រែង ។ មើលទៅទឹកធំពន្លឹកគួរតែខ្លាច រលាមល្ងាចលិចព្រៃមើលបែកផ្សែង នឹកសង្ស័យទន្លេសាបនេះឯង លោកណាតែងនាមត្រូវទំនងម៉្លេះ ។ ពាក្យហៅថាទន្លេគ្នេមិនដល់ សព្ទនេះយល់មិនត្រូវពាក្យអ្នកចេះ បាលីទឹកគ្មានតួ “ទ” ទេអេះ ហៅជលេដូច្នេះទើបបានត្រូវ ។ នេះមកហៅទន្លេអក្សរ “ទ” យក “ទ” ជា “ជ” ឬម្តេចកូវ តួ “ន” ជាវគ្គន្តប្រកបនៅ ស្តាប់ៗទៅមិនត្រូវពាក្យបាលី ។ ឬបុរាណគេហៅជលេទេ ដល់ក្រោយយារពាក្យគេកើតពាក្យថ្មី ទៅជាហៅទន្លេខុសបាលី ឬសម្ដីបុរាណហៅយ៉ាងនេះ ។ ឬសព្ទនេះជាពាក្យសំស្ក្រឹត លោកប្រសិទ្ធិតួ “ជ” ជា “ទ” អេះ ធ្វើម្តេចហ្ន៎បានអ្នកប្រាជ្ញណាចេះ នឹងសាកសួរសព្ទនេះឱ្យច្បាស់រ៉ា ។ ឱទន្លេនេះធំមើលបាត់ត្រើយ លោកណាអើយមកសាងយ៉ាងច្នេះណា ឬក៏កើតពីបឋមកល្បា ជាធម្មតាទឹកដីពីបុរាណ ។ នឹកៗទៅគួរកោតធម្មជាតិម៉្លេះ ចេះរិះឱ្យកើតជាភូមិស្ថាន ជាទន្លេព្រែកស្ទឹងបឹងបួបាន សម្រាប់ទុកជាស្ថានមច្ឆានៅ ។ ទីខាងលើចេះធ្វើជាទួលគោក សម្រាប់លោកអាស្រ័យនៅឥតសៅ តាំងជាភ្នំក្រំថ្មតទៀតទៅ ជាលំនៅសព្វសត្វម្រឹគបក្សី ។ ឱធម្មតាចេះចាត់ជាដានៗ សម្រាប់ទុកជាស្ថានយើងលោកិយ លោកណាអេះបង្កើតអស់ទឹកដី តាមបាលីថា កើតដោយធម្មតា ។ តែខាងសាសន៍អារ៉ាប់នូវជ្វាចាម គេស្តីតាមតម្រាវោហារថា ទឹកដីនេះគឺអង្គព្រះអាឡា យៈហោវ៉ាគេសាងសម្រាប់លោក ។ ខ្ញុំពិគ្រោះមើលតាមគម្ពីរជ្វា ឃើញខុសគ្នានឹងហេតុទឹកដីគោក បើអាឡាសាងមែនគួរអធ្យោគ ឱ្យត្រូវគ្នាទាំងលោកនោះយល់មែន ។ នេះទឹកដីនឹងសព្វសត្វមនុស្សម្នា ឃើញពិរុទ្ធខុសគ្នាទៅទាំងផែន ឯណាល្អក៏ល្អលើសទាំងដែន ឯណាសោសោសែន[៨]ទាំងភារា ។ ដូចដីយើងបាត់ដំបងជាតិដីខ្មៅ ធ្វើស្រែស្រូវកើតផលតែរាល់គ្នា ស្រុកសៀមរាបម្តេចដីខ្សាច់មហិមា ធ្វើចម្ការស្រែស្រូវមិនសូវផល ។ មួយគឺខាងអឺរ៉ុបម្ដេចចាត់ល្អ មនុស្សក៏ធំចម្រើនទាំងសកល ខាងឥណ្ឌាមនុស្សខ្មៅៗពិកល ខាងមណ្ឌលយើងម្តេចមនុស្សតូចទាប ។ មួយព្រឹក្សាលតានាមដូចគ្នា រសឱជាម្តេចខុសគ្នារៀងរាប ទាំងសត្វសោតក៏ខុសអត្តភាព ខ្លះក៏ទាបខ្លះក៏ខ្ពស់ឃើញខុសគ្នា ។ បើអាឡាសាងមែងម្តេចដូច្នោះ ខ្ញុំពិគ្រោះមិនសមនឹងជ្វាថា វិស័យព្រះនោះប្រៀបដូចបិតា តោងមេត្តាដល់បុត្រស្មើព្រះទ័យ ។ នេះមកសាងឱ្យកូនមិនស្មើមុខ ជាអាពុកមនុស្សឬខុសនិស្ស័យ ស្តាប់ទៅយល់មិនត្រូវអធ្យាស្រ័យ ទឹកដីព្រៃក៏កើតដោយធម្មតា ។ ដូចយ៉ាងទឹកទន្លេនិងសមុទ្ទ ឃើញធំផុតទូលាយឆ្ងាយណាស់សា ពួកអ្នកឈ្មួញដើរជួញរកភោក្តា សឹងសែនមហាលំបាកដោយព្យុះខ្យល់ ។ ឬអាឡាឥច្ឆាពួកអ្នកឈ្មួញ មិនឱ្យគ្នាដើរជួញក្រៅមណ្ឌល បានជាមកបង្កើតជាព្យុះខ្យល់ ឱ្យលិចលង់ទុកទល់ទាល់វេទនា ។ អើបើយ៉ាងខ្មែរយើងមិនចូលសាសន៍ គួរធ្វើផ្តាសទៅចុះក៏ឥតថា ចុះពួកជ្វាដែលគ្នាខំឧស្សាហ៍ ប្រតិបត្តិសព្វគ្រាតាមមហាម៉ាត់ ។ ឯណាយប់គ្នាបួសកាន់ខន្តី ថ្ងៃឡើងឆ្លៀតបង់ត្រីសំឡេះសត្វ ឯណាគ្នាហ៊ានឱ្យតុកតួនកាត់ ខំប្រតិបត្តិមហាម៉ាត់មិនឱ្យឆ្គង ។ គួរឬអាល័សៈឡើមិនប្រោសប្រាណ មកក្លែងធ្វើផលឋានធំកន្លង គ្នានាំព្រែទៅលាក់ស្រុកបាត់ដំបង ឱ្យគ្នាហ្មងឆ្លងទៅត្រូវព្យុះខ្យល់ ។ បើយើងជាអាល័សៈឡើមិនធ្វើច្នេះ ទីត្រង់ណេះគួរធ្វើឱ្យកើតថ្នល់ ឱ្យអ្នកទូកដើរស្រួលមិនតោងរវល់ នឹងព្យុះខ្យល់ដូចយ៉ាងអាឡាសាង ។ ទីត្រង់នោះគួរសងជាកោះធំ ឱ្យភិរម្យមនុស្សនៅទាំងសងខាង តាំងក្បាលកោះឱ្យកើតជាព្រះប្រាង្គណ៍ មានមាត់បាងចូលចេញឱ្យសប្បាយ ។ នេះអាឡាមកសាងទន្លេសាប ដាលតែទឹកទៅរាបទូលាយឆ្ងាយ មនុស្សទៅមកសែនយ៉ាកលំបាកកាយ ព្រោះអន្តរាយដោយខ្យល់តែរាល់គ្នា ។ អើពួកជ្វាគេថាព្រះគេសាង នឹងអែបអាងមិនសមនឹងកិរិយា ពាក្យនេះអញ្ជើញពិចារណា ជាយកខាងធម្មតាឬអស់លោក ។ ឬយកខាងព្រះអាឡាដែលថានោះ សូមពិគ្រោះមើលចុះតាមអធ្យោគ ឯទឹកដីថ្ងៃខែសម្រាប់លោក គួរប្រយោគមើលហេតុមើលកិរិយា ។ កប៉ាល់ដើរលុះដល់ចុងភ្នៀសថ្វាត់ តៃកុងចាត់ចូលចតបោះយុថ្កា នាំគ្នាដេកសម្រាន្តតាមធម្មតា អនិច្ចាតែខ្ញុំពុំលក់ឡើយ ។ ពុលរលកភ្នករឭកនឹកដល់ផ្ទះ កត់មិនឈ្នះគះមិននឹងព្រលឹងអើយ ត្រូវមកដេកកប៉ាល់ខ្យល់ល្ហើយៗ ផាត់រំភើយរលកបោកឆាៗ ។ គន់ទៅខាងឃើញសើន[៩]គោមពីរភ្លោះ ភ្លើងភ្លឺប្រុះប្លុងៗក្នុងគង្គា គោមពីរនោះឆេះនៅសព្វវេលា តាំងជាធ្លាប្រាប់ទ្វារស្រុកសៀមរាប ។ ខាងមាត់ពីរក៏តាំងគោមធ្វេងស្តាំ អុជប្រចាំចូលចេញទន្លេសាប ខ្ញុំគន់ៗនឹកកោតលោកដរាប មកលះបាបលោភបុណ្យចេញធនធាន ។ ទិញប្រេងអុជគ្រប់ឋានពាមទន្លេ ទុកឱ្យគេអ្នកដើរក្នុងផលឋាន ដល់ពេលយប់នឹងដឹងទីដែនដាន ចេញចូលបានឥតមានក្តីចែងវែង ។ គោមនោះសោតឆេះនៅជាប្រក្រតី ដល់រាត្រីទើបឃើញភ្លើងភ្លឺទែង ដល់ពេលថ្ងៃពុំយល់ព្រោះសូរ្យសែង គេចាត់ចែងថែមប្រេងដប់ថ្ងៃម្តង ។ ខ្ញុំយល់ៗសរសើរលោកបារាំង លោកមកតាំងអុជគោមភ្លឹកន្លង ប្រាថ្នាទុកជាទានឱ្យអ្នកផង បានដើរឆ្លងឃើញភ្លើងជាសញ្ញា ។ ឱស្រុកខ្មែរតាំងពីនេះទៅ មានតែសុខឥតសៅឥតទុក្ខា បានបារាំងលោកតាំងគ្រងរក្សា តែងសីមាកម្ពុជាឱ្យពណ្ណរាយ ។ តែត្រឹមទីទន្លេជាស្ថានស្ងាត់ មកចេះចាត់អុជភ្លើងប្រចាំហ្មាយ រាស្រ្តទៅមករកស៊ីតាមស្រុកឆ្ងាយ ដើរសប្បាយមិនតោងវង្វេងផ្លូវ ។ ឱទន្លេតាំងតែពីបុរាណ មិនដែលមាននរណាបំភ្លឺចៅ ឥឡូវនេះមកបានបារាំងនៅ ឱ្យអុជគោមទូទៅទាំងគង្គា ។ សែនរុងរឿងថ្កើងហើយទន្លេសាប ពីនេះទៅដរាបឥតភយា ឱរាត្រីយប់នេះចួនវេលា ខ្ញុំនិទ្រាពុំលក់ជាទុក្ខក្រៃ ។ បែទៅទិសបូព៌ាឃើញរស្មី ព្រះរង្សីអារុណរះសែងថ្លៃ ពួកកប៉ាល់ក៏ភ្ញាក់ឡើងទីទៃ ស្រាវយុថ្កាវៃៗថយម្នីម្នា ។ កប៉ាល់គ្រឿនលឿនចូលទៅតាមព្រែក ណាចង្អៀតក៏ជ្រែកបែកជាធ្លា តៃកុងកាច់បត់តាមទីគង្គា មើលព្រឹក្សាដុះហែតាមក្បែរផ្លូវ ។ ខ្លះដើមខ្ពស់លូតលាស់ខ្នែងលំពង់ ខ្លះទាបទឹកលិចចុងឃើញខ្មៅៗ កោតហ្ន៎ឈើរនាមធន់ណាស់ទៅ ទឹកលិចនៅប្រាំខែប្រែមិនក្ស័យ ។ ឱព្រៃអើយព្រៃដុះជារនាម ខ្លះជារាមស្បាតជិតបិទសែងថ្លៃ ខ្លះខ្ពស់ស្រោងផុតទឹកពន្លឹកក្រៃ សត្វអាស្រ័យជាស្ថានសម្រាន្តនៅ ។ កប៉ាល់បើកលុះដល់កន្ធាយគម ឃើញភ្នំក្រោមនៅខាងឯលិចផ្លូវ ឱភ្នំក្រោមតូចល្មមមានមនុស្សនៅ មើលៗទៅពុំឃើញមានដើមឈើ ។ ជាភ្នំដិលត្រងិលមានតែស្មៅ មានដើមពោធិមួយនៅ កំពូលលើ ក្រោយពោធិមានវិហារគេទើបធ្វើ វត្តនោះតើលោកណាសទ្ធាសាង ។ ឯក្រោយធ្លាវិហារមានប្រាសាទ វិចិត្រស្អាតដោយថ្មកជាប្រាង្គ ជារបស់បុរាណលោកសំអាង ទំនងយ៉ាងបញ្ចុះព្រះធាតុក្សត្រ ។ ឬជាទីតម្កល់ព្រះបដិមា សម្រាប់អ្នកសាសនាឡើងប្រណិប័តន៍ ឱប្រាង្គនេះលោកណាមកចែកចាត់ មាននៅស្ថានចង្វាត់ខឿនខ្វាត់ខ្វែង ។ ឥឡូវនេះជម្រុតទ្រុឌទ្រោមធ្លាយ ថ្មរុះរាយតាមជាយជើងកំពែង ស្តាយអើយស្តាយប្រាសាទប្រសើរស្តែង បានលោកណាចាត់ចែងជួសជាថ្មី ។ មើលប្រាសាទលើភ្នំស្ទើរយំស្តាយ មិនគួរមកអន្តរាយខ្ចាយដោយដី ស្តាយតែស្នាដៃធ្វើស្មើកោសិយ មិនគួរបីបែកបាក់ធ្លាក់ធ្លាយធ្លុះ ។ ខាងជើងភ្នំមានវត្តលោកសង្ឃនៅ មានធ្លាផ្លូវឡើងទៅខាងវត្តនោះ ឱភ្នំនេះស្តាប់ទៅយល់ពីរោះ សញ្ញាឈ្មោះភ្នំក្រោមល្មមមានអាង ។ ព្រោះភ្នំគេសឹងតែនៅខាងលើ មានដើមឈើដុះលើឃើញច្រូងច្រាង ភ្នំមួយនេះមកតាំងនៅក្នុងបាង មានទីអាងយ៉ាងនេះជាសាក្សី ។ បានជាហៅភ្នំក្រោមព្រោះក្រោមគេ នៅខាងជាយទន្លេអ្នកធ្វើត្រី ឥឡូវមានអ្នកស្រុកនៅប្រក្រតី ដាំឫស្សីដូងស្លាចម្ការចេក ។ ឱភ្នំនេះជាទីបុរាណ សមជាស្ថានសម្នាក់អ្នកវិវេក នឹកសរសើរប្រាសាទប្រសើរពេក ខ្ញុំក្រឡេកមើលទៅទីឧត្តរា ។ ឃើញទីតាំងចតនៅរៀងរាយ ប្រចាំទ្វីបមករក្លាយកៈសាយណា ទូកគែហ៊ៅវ៉ែតមួងភាពផាយម៉ា[១០] ក៏ដឹងថាព្រះទីនាំងព្រះចក្រី ។ ចៅភ្នាក់ងារត្រួតត្រាព្រះទីនាំង ឱ្យចតតាំងតាមថែវចុងព្រែកថ្មី ទូករាជវង្សចតក្នុងទូកកុង្សីយ៍ ក្រុមមន្រ្តីចតអមលោមក្រៅធ្លា ។ ទូកអស់នេះទ្រង់ឱ្យមកប្រចាំ មុនទម្រាំព្រះបរមរាជា ដល់ដប់កើតថ្ងៃសុក្រស្តេចលីលា យាងដោយរាជនាវាកប៉ាល់ធំ ។ លុះកប៉ាល់រាជការស្រុកព្រះដំបង ទៅដល់ដងវាលវែងជាចុងភូមិ លោកឱ្យបោះយុថ្កាចតប្រជុំ អ្នកជំនុំនាំគ្នាមើលត្រៀបត្រា ។ លុះកប៉ាល់ចតស្រេចលេចទូកបី ក្រុមមន្រ្តីសៀមរាបទីឧកញ៉ា មកទទួលលោកធំជាឥស្សរា ថីគេបកភាសាចែងការផង ។ លោកកុម្មិសែរអធ្យាស្រ័យតាមហេតុ ចាត់ឱ្យលោកចៅហ្វាយខេត្តព្រះដំបង នៅកប៉ាល់ឯក្រោយចាំរ៉ាប់រង ទទួលអង្គច្បាស់ច្បងស្តេចយាត្រា ។ តែខ្លួនលោកនិងលោកសង្ឃបីអង្គ ពុំរារង់ចុះទូកអ្នកឧកញ៉ា ខ្ញុំបាទឯងជាបាវលោកមេត្តា ឱ្យយាត្រាទៅមុនដោយកម្សាន្ត ។ ទើបជញ្ជូនហិបពួកដាក់ទូកស្រេច មួយរំពេចក៏ចេញតាមជលស្ថាន ពួកកំណែនកែនចែវខំចែវច្រាន កាត់ត្រង់ដានទីជ្រនីកព្រែកជីកថ្មី ។ ចែវអែបរ៉បអបខាងព្រះទីនាំង ខ្ញុំក៏តាំងលួចគន់មើលស្រីៗ ពួកអ្នកក្នុងតែងអង្គល្អប្រិមប្រិយ ឆវីភក្រ្តហាក់ស្រីទេព្វកញ្ញា ។ សឹងប្រដាប់សង្វារចារុ៍ខ្សែដៃ ទុំហូឆ្នៃវិចិត្ររចនា ទទឹមពេជ្រលេចសែងព្រះសុរិយា សូរ្យកាន្តកែវកាញ្ចនាប៉ញ្រតញ្រយ ។ ស្លៀកខៀវខាត់រ័ត្នអេវខាំម៉ាស៊ី[១១] ផាត់ឆវីគន្ធរសពិដោរសាយ ខ្លះតែងតួសុភាពសៀមក្លាយ ខ្លះតែងកាយអាវសាយក្លាយបារាំង ។ ពួកសាវឡឹកងូតទឹកប្រឡែងគ្នា សើចហេហាហែលខាងព្រះទីនាំង ខ្លះមិនខ្លាចអំណាចពួកក្រុមវាំង ក៏សើចខ្លាំងលើសគេតែខ្លួន ។ ខ្លះអង្គុយស៊យសក់កញ្ចក់ខាង ខ្លះសំអាងសមសក្តិហាក់នឹមនួន តែងប្រកួតអួតអង្គទ្រង់ដោយខ្លួន មើលសមសួនសមសក្តិព្រះចក្រា ។ ខ្ញុំគន់ៗសរសើព្រះបារមី ព្រះចក្រីជាត្បូងលើកេសា កបនារីស្អាតៗបាទបរិចា[១២] សែនមហាចម្រើនព្រះកិត្តិយស ។ គន់ទៅទូកពួកសេវកាមាត្យ សឹងស្អាតៗរុងរឿងដោយគ្រឿងខ្ពស់ តែងប្រកួតអួតគ្នាតាមសក្តិយស បម្រុងតាមការរសវេណីក្សត្រ ។ សរសើរទូកខុនណាងនូវនាងអ្នក ខ្ញុំតែងដាក់និរាសនេះខាត់ៗ[១៣] ពុំពិស្តារវិត្ថារឱ្យច្រើនអត្ថ ព្រោះក្តីខាត់ពុំស្គាល់អ្នកភ្នំពេញ ។ បានជាតែងសង្ខេបបែបខ្លីៗ តាមសេចក្តីយល់ខ្លះមិនច្បាស់មិញ បើខ្ញុះស្គាល់ឈ្មោះលោកអ្នកភ្នំពេញ នឹងតែងចេញឈ្មោះលោកឱ្យគ្រប់គ្នា ។ សូមទានទោសកុំខឹងខ្ញុំអ្នកតែង មិនសម្តែងឈ្មោះលោកចូលផងណា ដ្បិតខ្ញុំអ្នកព្រះដំបងក្រៅសេមា ហេតុដូច្នោះបានជាតែងកាត់ខ្លី ។ ពួកកំណែនចេវស្រូតតាមព្រែកជីក សែនវិវេកមើលព្រែកគេជីកថ្មី ទឹកក៏រាក់ហូរចាក់ធ្លាក់អាចម៍ដី ចែវទៅដល់ភូមិថ្មីឫស្សីលក ។ ឃើញអ្នកស្រុកតែងធ្លាមាគ៌ាល័យ ដោតទង់ជ័យរាយរៀងតាមមាត់ច្រក ខ្លះតែគូប្រទូប៉ាប្រដាប់ដក[១៤] បោះកំប៉ងពែងចកអុជសំអាង ។ គន់អ្នកស្រុកសៀមរាបសុភាពគួរ នៅជាជួរដងស្ទឹងទាំងសងខាង ស្ទឹងក៏តូចច្រាំងក៏ទាបជាភាពបាង ទទឹងយ៉ាងបីព្យាមប្លាយប្រាកដ ។ រយៈផ្លូវទៅពីចុងភ្នៀសឯង ដល់កំពែងសៀមរាបលោកកំណត់ បានបីរយកៅសិបប្រាំសិនគត់ លោកវាស់ទុកជាបទបែបលាយថែង ។ តែខ្ញុំចេញចាកទីកន្ធាយគម ថ្ងៃទៀបត្រង់ក៏ល្មមដល់កំពែង ចែវចូលចតអែបស្ពានភ្នាក់ងារតែង ត្រង់កន្លែងសានខ្វែងត្រើយខាងលិច ។ ពួកបាវបោយកូនក្មួយជួយគ្នារើ ទ្រព្យរបស់ដាក់លើគោករំពេច ខ្លះក៏មានតែទៃនិងបង្វិច ក៏ស្ពាយគេចឡើងគោកជ្រកគ្រឹហា ។ បោយបារាំងតាំងរៀបគ្រឿងលើគោក ចាំមើលលោកនៅទីខាងផ្លូវធ្លា រង់រទេះកំណែននឹងលីលា ឡើងទៅនាប្រាសាទនគរវត្ត ។ លោកឧកញ៉ាស្មៀនត្រាសទ្ធាបុណ្យ មកនិមន្តលោកសង្ឃទៅផ្ទះគាត់ ចាត់ចង្ហាន់ប្រគេនតាមកិច្ចវត្ត សម្រេចភត្តនៅផ្ទះលោកស្មៀនត្រា ។ ឯខ្ញុំបាទនាំភឿនទៅផ្សាត្រី ទិញចំណីអាស្រ័យតាមធម្មតា សូរេចកិច្ចនាំគ្នាចរយាត្រា មកចាំលោកនៅនាមុខកំពែង ។ គន់មើលគ្រឹះស្ថានចៅហ្វាយស្រុក សែនជាមុខសមសក្តិហាក់គួរស្ញែង តាំងគ្រឹហានៅនាក្រៅកំពែង រៀបចាត់ចែងតែងការទទួលស្តេច ។ ដោតទង់ជ័យបីជាន់ជាជួរជុំ ប្រកបគុំបុប្ផាផ្ការំលេច កែមស្លឹកឈើធ្វើស៊ុមប្រទូពេជ្រ រៀបជាក្បាច់វល្លិវណ្ឌពាន់ពេនពាក់ ។ មោនសៀររ័កស៊ីប៉ាល់បារាំងសែស នាយប្រទេសចាត់ការទាហានសក្តិ យកកំពែងសៀមរាបជាសម្នាក់ តាំងពិភក្ដិរក្សាការសត្រូវ ។ ខ្ញុំគន់មើលកំពែងវែងរវឹង ស្ងាត់ត្រឈឹងពុំមាននរណានៅ ព្រៃដុះដិតស្បាតជិតទាំងក្នុងក្រៅ សែនហ្មងសៅមើលទៅគួរតែស្តាយ ។ ប៉មជម្រុតទ្វារទ្រុតធ្លាក់ទីទៃ ពួរពោធិជ្រៃជ្រៀតចាក់បាក់ធ្លុះធ្លាយ លោកបារាំងតាំងឱ្យរើទម្លាយ យកទៅវាយបំបាក់ចាក់ផ្លូវធ្លា ។ ឱកំពែងគេតែងដោយថ្មក្រៀម ស្នាដៃសៀមគេធ្វើកាលយុទ្ធនា ស្រុកខ្មែរយើងនិងយួនកើតច្បាំងគ្នា សៀមធានារ៉ាប់រងសង្រ្គាមយួន ។ លោកចៅឃុនបឌិននាយបង្គាប់ ជាមេទ័ពលើកចេញមកតាមក្បួន ទើបឱ្យកំពែងប៉មមាំមួន ចាត់ជាក្បួនបន្ទាយការសត្រូវ ។ តាំងមកដល់រាជលោកអង្គរយែម លោកសមសែមចាត់ចែងតែងតាំងនៅ កាលណោះឯងកំពែងសុខឥតសៅ ដល់ឥឡូវត្រូវដៃរាជការថ្មី ។ លោកឱ្យរើវាយដាក់ផ្លូវធ្លា សម្រាប់ឱ្យមនុស្សម្នាដើរប្រក្រតី ខ្ញុំគិតៗអនិច្ចំទាំងបូរី តែទឹកដីគង់ដល់ផ្លូវអនិច្ចា ។ ឱស្រុកសៀមរាបជាភាពចាស់ សឹងខ្សាច់ដាសមិនថាទីត្រង់ណា អ្នកនឹងរកប្រយោជន៍ស្រែចម្ការ នឹងបានផលប៉ុណ្ណារក្សាកាយ ។ មួយសង្ស័យនឹងស្រុកសៀមរាបនេះ បុរាណរិះឱ្យឈ្មោះខុសបរិយាយ ស្រុកខ្មែរទេម្តេចគេយកសៀមលាយ តាមបរិយាយសាវតារតម្រាមាន ។ កាលព្រះចមចក្រីត្រីនេត្រក្សត្រ គ្រងសម្បត្តិឥន្ទបត្តបូរីស្ថាន គឺនគរធំនៅជាប្រធាន ចមក្សត្រក្សាន្តមានបុណ្យលើសនានា ។ មានព្រះនេត្របីភ្នែកប្លែកជាងជន នេត្រកណ្តាលតែគន់មើលនរណា អ្នកនោះឯងក៏ដល់ក្ស័យជីវ៉ា ពួកភារាក៏ស្ញែងក្រែងបារមី ។ លុះណោងស្នោគឺសៀមជាសួយទឹក កជាសឹកលើកមកវាយបូរី ដល់មកទីត្រង់នេះបោះយោធី តាំងជាទីសមរភូមិជ័យ ។ គ្រាន់ជ្រាបដល់ព្រះនរិន្រ្ទពិនក្រសត្រ ចមឥន្ទបត្តក៏ទ្រង់ព្រះក្រោធក្រៃ ទើបលើកពួកចតុរង្គក្នុងវៀងជ័យ ចេញតដៃពៃរីឫទ្ធិហាន ។ មកដល់ស្តេចស្តេចបើកព្រះនេត្រកែវ តែមួយប្លែវត្រូវសៀមស្ងៀមមិនបាន ចោលអាវុធចាកដៃលុតក្រាបក្រាន រាបពុំហានតឫទ្ធិរត់វិញទៅ ។ ហេតុដូច្នោះបានហៅថាសៀមរាប ព្រោះមានភាពសៀមខ្លាចព្រះចមចៅ បុរាណរាជចារឹកតាំងនាមនៅ ដល់ឥឡូវសៀមប្រែហៅសៀមរ៉ាត ។ ពាក្យសៀមរ៉ាតប្រែថាសៀមឥតក្រែង តាំងសម្ដែងឥទ្ធិឫទ្ធិគិតប្រមាទ ដើរទន្រ្ទានរានរុកសីហនាទ មិនក្រែងជាតិកម្ពុជាវេលានោះ ។ ព្រោះស្រុកនេះជាស្រុកឡើងសៈយ៉ាម សៀមធ្វើតាមអំណាចឥតខ្លាចសោះ ពាក្យ”រ៉ាត” សព្ទនេះប្រែដូច្នោះ បើរាដ្ឋៈវិញនោះថាដែនស្រុក ។ ទំនងយ៉ាងសៀមប្រើ “ដ្ឋ” ជាខ្យល់ ប្រយោគដល់តួ “ត” តាំងជាមុខ ខ្ញុំពិគ្រោះសព្ទរ៉ាតឧបាតទុក ឥឡូវស្រុកបានមកខ្មែរវិញហើយ ។ គឺបានដោយអំណាចរាជនិវេសន៍ ក្រុងបារីសយើងតាំងជាកោះកើយ សៀមបាងកកលូកមកមិនបានឡើយ យើងបង្ហើយសៀមរ៉ាតហៅសៀមរត់ ។ ព្រោះកាលសៀមប្រគល់ទឹកដីឱ្យ ត្រឡប់ក្រោយវិលទៅបាងកកហ្មត់ ហេតុនោះគួរពួកយើងបោះប្រាកដ សន្មតហៅស្រុកសៀមរត់វិញ ។ ពណ៌នាសៀមរាបគាបសៀមរ៉ាត សែនអានាថនឹកឡើងគួរតែម្នេញ ព្រោះពីដើមចុះយួនចួនសៀមវិញ ឥឡូវពេញដូចមុនគុណបារីស ។ អើស្រុកខ្មែរកែមុខបានសុខសាន្ត ព្រោះរួមស្ថានភ្នំពេញរាជនិវេសន៍ កិត្តិយសសុសសាយទួប្រទេស បារាំងសែសវិសេសជាបិតា ។ មួយដូចយ៉ាងប្រាសាទនគរវត្ត បុរាណក្សត្រចាត់សាងក្នុងសេមា យូរអង្វែងពុំចែងជារាជណា ទៅជាព្រៃព្រឹក្សាស្វាវានៅ ។ ពុំមានលោកឯណាជួសជុលបាន ចោលជាស្ថានសមសាន្តសែនហ្មងសៅ ដល់ឥឡូវបានលោកបារាំងនៅ លោកចាត់ផ្លូវជួសជុលវិបុលា[១៥] ។
ពណ៌នាបានតិចលេចរទេះ ព្រមទាំងសេះជំនិះលោកឥស្សរា បរមកដល់រចល់ចូលម្នីម្នា ខ្ញុំនាំគ្នាផ្ទុករបស់ហើយបរទៅ ។ លោកកុម្មីសែរជិះសេះបរទៅមុខ ពួកអ្នកស្រុកនាំគ្នាមើលខ្មួលខ្មៅ ពួកខ្ញុំបាទដើរឃុំរទេះទៅ ចរតាមផ្លូវខ្សែលួសលោកជួសថ្មី ។ ព្រះទិនករចរបែអារុណរែង កាំដៅសែងព្រះអាទិត្យឫទ្ធិរង្សី ពួកអ្នកដើរសែនក្តៅសៅឆវី ញ័រឥន្រ្ទិយញើសសស្រាក់ប្រឡាក់កាយ ។ អនិច្ចាតែខ្ញុំគ្មានឆត្របាំង ត្រូវកម្លាំងព្រះអាទិត្យរឹតក្រហាយ ឯណាទុកនឹងនឹកដល់ឆោមឆាយ សេចក្តីហ្មាយឆ្ងាយមាសនិរាសមក ។ ស្តាយអើយស្តាយកាយកែវកន្និដ្ឋា មកផងរ៉ានឹងនាំមើលច្រកល្ហក ឱដើមរោគដូចរោគរាគរឹតរក ចៅដើមធ្លកមិនធ្លាប់មកឯកា ។ គន់ព្រឹក្សាលតាដុះដោយព្រៃ ខ្លះលូតលៃលំពង់ទ្រង់ផ្លែផ្កា សកុណជាតិហើរចាប់ចុងសាខា ចឹកផលាសព្ទស៊ានអនេកក្រៃ ។ ភមរីហើរត្រង់កន្លង់ចរ ត្រឹបកេសរបុប្ផាពនាល័យ សព្ទហ្ងឹងៗទ្រហឹងកណ្តាលព្រៃ ច្រឡំសព្ទរោរៃបន្លឺសៀង ។ សែនស្រណោះសព្ទសេកវិវេកចិត្ត ទំប្រជិតសារិកាជាគូគៀង កោកិលោ[១៦]លោតលេងទំរវៀង បំញ្ចេញសៀងភូវាំងក្រាំងក្រអៅ[១៧] ។ គន់ចំបក់ដូចបងចំបែងចិត្ត ចៅដើមខ្វិតដូចបងមកខ្វែងចៅ ឱដើមសោកដូចបងមកសោកសៅ ដើមស្រឡៅនៅស្រឡាញ់ចេញចោលមក ។ ឱដើមថ្ងាន់គេធ្លាប់លាបដំបៅ ដើមស្រឡៅធ្វើចែវគួររកាប់យក ធ្លកអើយធ្លកមិនធ្លាក់ផ្លែចុះមក ខ្ញុំនឹងយកធ្វើប៉ុយបង្ហុយពោះ ។ គន់ដើមយាងរាងយោរយោកដោយខ្យល់ គេកាប់ដុតយកជ័រធ្វើចន្លុះ អនិច្ចាដើមយាងម្តេចយ៉ាងនោះ ឱ្យគេចោះតាំងស្រស់ដុតដូច្នេះ ។ យាងអើយយាងចៅសាងកម្មយ៉ាងណា បានជាមកវេទនាឱ្យភ្លើងឆេះ ឈើឯទៀតមិនដូចឈើយាងនេះ បើតាមរិះឈើនេះចុះតម្រា ។ សមណៈមានទ្រព្យសិក្ខាកួន ស្រីមានខ្លួនប្រុសកួនដោយកាមា ព្រឹក្សាជាតិយាប់យ៉ឺនព្រោះផ្លែផ្កា ត្រីអាំងមានទើបឆ្មាមកយាយី ។ យាងឯងយ៉ាប់ព្រោះមានជ័រទឹកនៅ បានជាត្រូវកម្ដៅព្រះអគ្គី ឈើឯទៀតឥតជ័រគេវុឌ្ឍី គ្មាននរណាយាយីដូចយាងឯង ។ ឱព្រឹក្សាត្រូវការមិនថាអ្វី កើតសម្រាប់ផែនដីប្រាកដស្តែង ដូចរូបកាយសង្ខារគេតុបតែង មិនផុតការគ្នាឯងតែងអាស្រ័យ ។ ឱព្រឹក្សាលតានាមប្លែកៗ បុរាណចែកចេះឱ្យឈ្មោះទីទៃ កោតហ្ន៎លោកបុរាណចេះកែខៃ ឱ្យនាមសត្វឈើព្រៃគ្រាន់កំណត់ ។ រយៈផ្លូវទៅពីសៀមរាបឯង ដល់កន្លែងមុខនាគនគរវត្ត បានមួយរយសែសិបសិនទៀងទាត់ សេសប្រាំសិនសន្មតកត់មាត្រា ។ លុះដើរដល់ជ្រៃធំត្រសុំម្លប់ បបួលគ្នាចូលឈប់ម្លប់សាខា សម្រាកញើសរំហើយដោយវាតា ព្រះសុរិយាជ្រេសែងឧនោទ័យ ។ ទើបនាំគ្នាចរលីចាកទីនោះ ភក្ត្រាឆ្ពោះតម្រង់ត្រង់ដល់ឰ មន្ទីរថ្មីលោកតាំងជាវាំងជ័យសម្រាប់ទីក្សត្រថ្លៃព្រះទ្រង់សក្តិ ។ លោកសក្តិបីស្តីទីព្រះអាជ្ញា ជាឥស្សរាក្នុងការព្រះដំណាក់ ចៅហ្វាយខេត្តសៀមរាបបម្រុងសក្តិ ទទួលភ្នាក់ងារកេណ្ឌរាស្រ្តតែងផ្លូវ ។ ចៅហ្វាយខេត្តព្រះដំបងរ៉ាប់[១៨]សំអាង កេណ្ឌពួកជាងរចនាការក្នុងក្រៅ ចៅហ្វាយស្រុកគ្រប់ខេត្តគ្រប់លំនៅ សឹងចុះត្រូវកំណែនការទីទៃ ។ គឺឧកញ៉ាស្វាយចេកចំណែកមុខ និងឧកញ៉ាភ្នំស្រុកខេត្តជើងព្រៃ រួមឧកញ៉ាសូរ្យសក្តិសោភ័ណក្រៃ ត្រូវធ្វើព្រះពន្លាជ័យដំណាក់ធំ ។ កេណ្ឌឧកញ៉ាក្រឡាញ់បញ្ចូលមុខ រួមឧកញ៉ាខេត្តស្រុកសូទ្រនិគម ត្រូវរោងខោលរោងសែក[១៩]ចែកតាមមុម ឯរោងថែវអមជុំត្រូវកម្ញី ។ គឺស្រុកពួកស្រុកមោងស្រុកត្នោតផង ទាំងទឹកជោរបាត់ដំបងមង្គលបូរី ឯឧកញ៉ាមង្គលធរនិន្ទថ្មី ត្រូវបើកត្រីអង្ករចែកគ្រប់កង ។ ចៅហ្វាយខេត្តសៀមរាបនាយកំណែន ឱ្យកោះកេណ្ឌររទេះជាងរយហោង កេណ្ឌទូកធំ សាមសិបមាននាយកង ចាំរាប់រងចូលចេញខាងជើងទឹក ។ កេណ្ឌកូលីមួយរយប្រចាំនៅ តែការដល់គេហៅចុះចែវគ្រឹក រាស្រ្តសៀមរាបរវល់ខ្វល់ពន្លឹក ទាំងជើងគោកជើងទឹកចេញគ្រប់ដាន ។ ខាងការរហ័សកេណ្ឌសេះហាសិបប្លាយ សម្រាប់នាយៗដើរពុំបាន ទាំងរថាសារថីព្រះរាជយាន ប្រចាំរ៉ាប់ក្សត្រក្សាន្តស្តេចយាងដល់ ។ ពួកក្រមការចាត់ការព្រះពន្លា សឹងប្រកួតអួតគ្នាគ្រប់មណ្ឌល ជ្រើសតែជាងស្ទាត់ៗហត្ថកោសល្យ ធ្វើមិនឆ្ងល់ក្នុងការដំណាក់ថ្មី ។ ឯរោងលោកកុម្មីសែរតាំងខាងស្ពាន មានទាហានតាំងរានចាំប្រក្រតី បន្ទាប់តរោងភ្ជុំក្រុមមន្រ្តី កណ្តាលលោកសក្តិបីរាជអាជ្ញា ។ ចុងខាងត្បូងគឺរោងលោកចៅហ្វាយ ព្រះដំបងតាំងរាយប្រជិតគ្នា លោកសក្តិបីនាយត្រួតលើព្រះពញា ឱ្យកេណ្ឌតាមយសាបណ្តាសក្តិ ។ សឹងប្រដាប់ឈើស្រស់របស់ព្រៃ ក្រងជាភួងមាលៃបំពេនពាក់ ចងសំយុងជាភួងរបៃថ្នាក់ កែមចម្លាក់មើលចម្លែកភ្នែកលាកិយ ។ ឯពួកចិនតែងខាងហាងដាក់ផ្សារ មានទំនិញសព្វប្រការគ្មានខ្វះអ្វី ខ្លះតាំងរានលក់ភោជន៍ភស្ដុចំណី ស្លាបារីកាហ្វេតែនំប៉័ង ។ ខាងពួកខ្មែរអ្នកស្រុកលក់ចេកស្ងោរ នំចាក់កោរនំជាលនូវនំចាំង ខ្លះក៏លក់នំបញ្ចុកលតបាយអាំង ខ្លះក៏តាំងរានមីរានសុរា ។ បណ្តាពួកអ្នកទៅនគរវត្ត ពុំមានអត់នឹងស្បៀងលៀងជីវ៉ា មានតែប្រាក់ក៏ទិញបានភោក្តា សែនមហាលោះលាយសប្បាយក្រៃ ។ ដោយទីនោះធ្លាក់ទៅជាសមសាន លោកមករៀបជាស្ថាន ព្រះវាំងជ័យ មើលសញ្រតភ្លឺជ្រះដាសទាំងព្រៃ ហាក់មឿងមានក្សត្រថ្លៃគង់ប្រក្រតី ។ ឯខាងពួកបារាំងតាំងសាងតឹក[២០] មើលភីលឹក[២១]ប្រក់សឹងសង្កសី ជញ្ជាំងលាបបាយអពណ៌លឿងខ្ចី គ្រឹះពីដីផ្ទៃស្មើល្អបវរ ។ ផ្ទះនោះឯងបែងរ៉ាប់ទីប្រជុំ លោកគូវែរណើរជាធំព្រៃនគរ លោកអញ្ជើញមកដោយក្តីសាទរសមោសររាជការនគរវត្ត ។ ខ្ញុំបាទយល់ទីស្ថានលោកតែងថ្មី នឹកសរសើរបារមីព្រះចមក្សត្រ គ្រាន់តែយាងមួយគ្រាក៏កើតចាត់ ទីព្រៃស្ងាត់ក្លាយកើតជាវាំងស្ថាន ។ ឱព្រះគុណប្រកបដោយបុណ្យក្រៃ លើសនិស្ស័យយើងពុំប្រមាណបាន ខំឧស្សាហ៍យាងមកទីបុរាណ ឱ្យព្រៃប្រែជាស្ថានបូរីរតន៍ ។ មើលកសិណ[២២]យល់ក្រសែជលេសាយ[២៣] វាលវែងឆ្ងាយឱបអមនគរវត្ត ។ លោកជីកធ្វើជាគូវាំងស្ពាតស្ពាត់ មានចង្វាត់ខឿនខណ្ឌខាត់ពៃរី[២៤] ។ គន់គង្គាកសិនវែងរវឹង ខឿនសុទ្ធសឹងថ្មីដាដាសនទី ឆ្លាក់ជារូបក្បាច់ហូតហៀនពជីរ៍ ជណ្តើរកាច់ក្បាច់ភ្ញីដកចន្ទន៍ចែង ។ កណ្តាលឋានមានស្ពានថ្មដាដាស ចំនួនក្រាស់ជាងសិនសែនគួរស្ញែង តែកំណត់ទទឹងនិងប្រវែង មានក្នុងក្បួនល៉ាយថែងលោកចែងទុក ។ ខាងចុងស្ពានមានធ្លាជាបីផ្លូវ មានរូបតោឈរនៅគ្រប់មុមមុខ តោសិលាខ្លះនៅពុំទាន់ពុក ខ្លះបែរមុខបាក់ក្រាញពិការកាយ ។ អនិច្ចាតោថ្មលោកកសាង មើលថាថាង[២៥]យ៉ាងរស់ស្ទុះប្រែប្រាយ ឥឡូវមកធ្លាយធ្លាក់បាក់ខ្ចាត់ខ្ចាយ ស្តាយអើយស្តាយមិនគួរមកពិការ ។ មានអ្នកព្រៃចង្រៃឥតគំនិត ទៅសំលៀងកាំបិតគ្រឿងប្រហារ ឱ្យខូងខូចខាតសាច់បង់អាសារ មិនស្តាយការស្នាដៃបុរាណសោះ ។ ឱតោអើយតោឈរមិនមើលមៀង មកឱ្យគេសំលៀងខ្នងតោចុះ ម្តេចមិនខឹងខាំវាសំលៀងនោះ ឱ្យវាលុះក្តីមរណ៍យក៍វាទៅ ។ អាណាអើយបំផ្លាញរូបតោលោក គ្មានប្រយោគឱ្យយល់ការរាក់ជ្រៅ គួរឬលោកខំសាងតាំងទុកនៅ មកសត្រូវបំផ្លាញរបស់លោក ។ គន់ៗស្ថានស្ពានថ្មតប្រជិត ជាក្តារថ្មដាសដិតប្រកិតគោក ទោះដំរីបរជាន់ក៏គ្មានយោក ឥឡូវជ្រោកស្រុតខ្លះតែដើរបាន ។ បង្កាន់ដៃឆ្នៃរូបវាសុក្រី[២៦] ដប់សិរសីដូចស្និតជិតជុំប្រាណ លើកពពារឡើងពភ្លាក់ហាក់ហៅហាន សម្ដែងប្រាណប្រួញរូបជាមួយគ្នា ។ មើលនាគរាជអង់អាចអំណាចស្ញែង ខ្លួនក៏វែងក្បាលក៏វក់តាមទ្វារា លូនលើស្ពានមានជើងកល់គង្គា កន្ទុយបែកញែកគ្នាតាមធ្លាផ្លូវ ។ ឱរូបវាសុក្រីឥតក្រែងគ្រុឌ តាំងសម្តែងឫទ្ធិរុទ្រតសត្រូវ ប្រសិនគ្រុឌមកយល់យ៉ាងពុំនៅ គង់ស្ទុះទៅជ្រកក្នុងកសិណនេះ ។ នាគអើយនាគបាសាណបុរាណសាង ពីដើមយាងល្អឯកដូចម្តេចអេះ ឥឡូវនាគងាកធ្លាក់បាក់របេះ ឃើញតែរាងយ៉ាងនេះអស់លម្អ ។ ខ្លួនក៏ឃ្លាតក្បាលក៏ឃ្លៀងទៅដោយខ្លួន ឃើញតែក្បួនជើងទៀនប្រចាំទ្រ ស្តាយអើយស្តាយស្នាដៃលោកតែងមក៍ មិនតាំងគថាវរៈឱ្យវែងទៅ ។ ឱអនិច្ចាសង្ខារនាគាថ្ម ហ្មាយតស្ថិតស្ថេរចីរកាលនៅ នេះពុំទាន់ប៉ុន្មានមកហ្មងសៅ មករុសរាយធ្លាយទៅទីទៃផ្តាស ។ មែនហ្ន៎សព្វសង្ខារក្នុងលោកិយ មិនថាអ្វីតែកើតមកគង់វិនាស ចុះត្រៃលក្ខណ៍ជាក់យ៉ាងពុទ្ធប្រកាស សង្ខារចាស់គង់ផ្តាសទៅទីទៃ ។ អម្បាលថ្មគង់ប្រេះបេះបាន ចំណង់បើរូបប្រាណយើងសព្វថ្ងៃ នឹងមានជាតិខ្លឹមសារឯណានៃ គង់បន្លែដោយដៃរោគបិណ្ឌា ។ កើតជាកាយគង់ធ្លាយសូន្យជីវី បំពេញព្រះធរណីតែរាល់គ្នា គួរនឿយណាយបង្អន់ភ្លើងលោភា យកនាគានគរវត្តសង្កត់កាយ ។ ខ្ញុំពិនិត្យគិតផ្លូវព្រះត្រៃលក្ខណ៍ ចិត្តមិនធ្លាក់ឱ្យចំអារម្មណ៍ហ្មាយ នៅតែស្ទុះម្តងៗដល់ឆោមឆាយ ព្រោះឃ្លាតឆ្ងាយក្រែងឃ្លៀងលម្អៀងទៅ ។ ឱចិត្តខ្ញុំលោកិយដូចពានរ មិនដែលឈឹងនឹងឈរឱ្យនឹងនៅ ឃើញឯណេះនឹកឯណោះមិនចុះផ្លូវ ថាតែក្រៅក្នុងមិនត្រាច់ភ្លេចក្តីត្រេក ។ លុះដើរដល់រោងទងខ្លោងទ្វារប្រាង្គ របៀងខាងយ៉ាងខណ្ឌកន្សែងយ៉ែក តួកណ្តាលមុខដាច់ជាបួនប៉ែក មានយ៉សែកបែកចុះជាពីរផ្លូវ ។ ប្រាង្គកណ្តាលមានរូបទេពសិលា គឺអ្នកតាមហារាជប្រចាំនៅ បួនព្រះករកាន់គ្រឿងភ្លឺសន្ធៅ មើលៗទៅគួរសម្បើមស្បើមមហិមា ។ ពួកអ្នកព្រៃរាប់អានជាទេព្រក្ស យកក្រដាស់មាសប្រាក់អុជបូជា បន់អ្នកតាមហារាជរឿងឫទ្ធា សូមឱ្យកើតលាភាស្រីសួស្តី ។ ខ្ញុំយល់រូបអ្នកតាហត្ថាសាយ ទំនងព្រះនារាយណ៍រឿងរង្សី ព្រោះបុរាណរាប់អានព្រះសូលី ឥសូរាធិបតីតាំងជាមុខ ។ ពួកអ្នកព្រៃពុំស្គាល់យល់អំណាច នាំគ្នាហៅមហារាជទៅទាំងស្រុក ឱព្រះនារាយណ៍រឿងតេជវិសេសសុខ ផ្លាញវាមារទសមុខបានសុខា ។ មើលដំណាក់ប្រាង្គដាក់ព្រះនារាយណ៍ កំពូលបាក់ធ្លាក់ធ្លាយធ្លុះសុរិយា ឥឡូវមានគេធ្វើជាបញ្ជា ប្រក់ក្បឿងយើងធម្មតាការភ្លៀងខ្យល់ ។ ទ្វារខាងត្បូងមានគ្រឹះឫសដល់ដី បររទេះសាលីទាំងសកល ទោះដំរីទាំងកូបក៏ឥតទាល់ ចុងផ្លូវដល់មុខនាគជាដើមព្រត្រ ។ ផុតរោងទងរំលងខ្លោងទ្វារប្រាង្គ លោកសំអាងសាងជាកំពែងពទ្ធ តាមកសិណឡោមជុំនគរវត្ត លោកកំណត់ទ្វារចេញជាបួនដាន ។ ចូលទ្វារប្រាង្គចេញខាងទិសបូព៌ា មានថ្នល់ធ្លាទៅត្រង់មុខព្រះលាន លោកវិចិត្រដោយថ្មកជាស្ពាន សងខាងមានរូបនាគបង្កាន់ដៃ ។ រយៈផ្លូវសិនមួយមានផ្លូវញែក ជាពីរប៉ែកចែកចុះទៅទីទៃ ដល់កណ្តាលមានប្រាង្គខាងស្តាំដៃ ពួកអ្នកព្រៃហៅថារោងក្រយា ។ ប្រាង្គខាងធ្វេងគេហៅរោងចំណី មើលគួរបីសមពាក្យអ្នកព្រៃថា មានផ្លូវចុះពីថ្នល់ដល់ដូចគ្នា តែឥឡូវទៅជាព្រៃដុះជិត ។ រោងព្រះស្ងោយធ្វើដោយសិលាភ្នំ តាំងជាមុមមុខបីជាបីស្និត ឥតកំពូលមានដំបូលលោកវិចិត្រ យ៉ាងសង្ខិតឥតកិតភាពស្មើផ្ទៃ ។ ឱរោងគ្រួមិនគួរមកធ្លុះឆ្ងាយ បាក់ខ្ចាត់ខ្ចាយអន្តរាយដោយពួរជ្រៃ គ្រាន់នឹងចូលទៅមើលក៏ស្តុកក្រៃ សែនអាល័យស្តាយរោងខូចអសារ ។ លុះដើរដល់មណ្ឌលផ្ទះបារាំង លោកមកតាំងកសាងប្រាង្គថ្មដា ឈ្មោះមោនសៀរកុម្ម៉ៃជាមេការ ចៅភ្នាក់ងារទទួលជួសប្រាង្គណ៍ស្ថាន ។ លោកឱ្យជីកអាចម៍ដីដែលលុបថ្នល់ ដរាបដល់គ្រីះថ្នល់ពីបុរាណ ថ្មឯណាដែលបាក់ធ្លាក់ចាកស្ថាន លោកឱ្យដាក់តាមដានសណ្ឋានចាស់ ។ លោកមោនសៀរកុម៉្មៃដៃបារាំង យកសីមាំងលាបផ្ទាប់ដូចក្រដាស ឯណាស្លែចាប់ខ្លាំងមើលមិនច្បាស់ លោកឱ្យលាងបោសច្រាសសម្អាតចេញ ។ ពួកគូលីស៊ីឈ្នួលជួលធ្វើការ កាប់ឈើរើថ្មដាដាក់ពាសពេញ ខ្លះបោសធ្លាថ្នល់រលីងឆិញ អ្នកចូលចេញមិនមានដិតធូលី ។ ខ្ញុំដើរដល់យល់ថ្នល់លោកសម្អាត ឃើញពួកជាតិខ្មែរយើងជាគូលី នឹកអាណិតជាតិខ្មែរក្រដល់ទី ទទួលការគូលីស៊ីឈ្នួលគេ ។ គន់រូបរាងទុព៌លពោះកំប៉េះ សក់ក្រញាញ់ខ្មៅក្រញេះឆ្អេះដូចភេ ទាំងស្លៀកពាក់សំពត់ក៏ខុសគេ ឱខ្មែរទេម្តេចខុសនឹងយើងម៉្លេះ ។ ឬពួកនេះជាជាតិសំរែកួយ អ្នកងារសួយលេខវត្តនគរនេះ ឬជាព្នងរដែគេកេណ្ឌអេះ បានជាប្លែកយ៉ាងនេះគួរអនិច្ចា ។ លុះដើរដល់មណ្ឌលទីរានហាល ថ្មដាដាលក្រាលសឹងក្តារសិលា ផ្ទៃពីដីពេជ្ររួតត្របកផ្កា រៀបជាសារពើសូត្រ[២៧]រួតថ្នាក់ៗ ។ មានសរសេរថ្មឈូកជាញកចេញ តាំងជុំវិញមានក្បាច់រំលេចដាក់ មានជណ្តើរកាច់ឡើងជាថ្នាក់ៗ បីប្រចក្សឡើងចូលព្រះប្រាង្គស្ថាន ។ ផ្ទៃរានហាលកាលដើមបោះសំណ លុះតៗដល់យើងអន្តរធាន បាក់សំណនៅតែថ្មក្រាលជាលាន របៀបរានរាបណែនសែនភិរម្យ ។ គន់ប្រាសាទស្អាតប្រសើរដំណើរប្រាង្គ កំពូលប្រាំបួនខាងខ្ពស់ត្រសុំ ឋានរួតៗរាល់ជាន់ជាពាន់ជុំ ប្រាសាទធំតាំងកណ្តាលត្រដោមដុង ។ រួតពីដីបីជាន់រោងទងជុំ របៀងមុមមុខដាច់ក្បាច់រលង់ ជាហួតហៀនវៀនវាំងកញ្ចាំងចុង ឈូកសម្យាកឆែកសម្យុងជាខាន់ៗ ។ ក្បាច់រងស្បូវទេពប្រណម្យដៃប្រណីត លួសប្រកបលាយប្រកិតភ្ញីវល្លិវណ្ឌ បៃរកាបាំងរកិតស្និតរយពាន់ របៀងខាន់របៀបខាត់ចាត់ស្មើគ្នា ។ ហោជាងឆ្លាក់រូបយក្ខធាក់ពានរ យុទ្ធនាវឹកវរជាកោលា រូបរាហូបៀមហៀនហង្សពាំផ្កា យក្ខទេវតាទាញព្រត្រវាត់គីរិន្ទ ។ មេក្របទ្វារបង្អួចក្បាច់របក លកក្រចកភ្ជាប់មុខដូចគេមឹន ផ្ទៃក្តារផ្តែរឆ្លាក់រូបរាជទេវិន្ទ តយុទ្ធនឹងអសុរិន្ទរាជចិត្រា ។ ជញ្ជាំងទ្វារឆ្លាក់ជាទេពរបាំ ក្រាយលំនាំឈររាំក្បាច់កាច់ផ្កា ខ្លះបួងសក់ខ្នក់បីចងជដា ខ្លះសំយាកកេសាសិតក្របាំង ។ ខ្លះពាក់មកុដកំពូលបញ្ចសិង្គ របៃមុខក្រឡឹងភាពកញ្ចាំង សូរងកងអង្កន់ព្រះហត្ថំ ស្លៀកសម្លុយថ្នក់បាំងក្រោមនាភី ។ ចង្កេះរៀវជង្គង់រ៉ាប់មួយក្តាប់ដៃ មើលវិសេសសុទ្ធិវិស័យសមឥន្រ្ទិយ សុតនក្បំសមក្បួននួនមាលី ភាពនរេតភេទនារីទីស្នេហា ។ មានប្រុសយើងភ្លើងរាគវារោលខ្លាំង ទៅអង្អែល “មំសំ” នាងសិលា ឡើងរលង់សឹករលីងទាំងរូបា គេសញ្ញាហៅថាស្រីមានលក្ខណ៍ ។ មើលមណ្ឌលរោងទងទំនងស៊ុម ជញ្ជាំងជុំសឹងជិតជាចម្លាក់ ជារូបរឿងរាមកេរ្តិ៍គឺរាមលក្ស្មណ៍ ច្បាំងនឹងយក្ខក្រុងរាពណាសូរ ។ ស្វាប្រចាក់យក្ខប្រចាប់រ៉ាប់រងគ្នា ស្វាក្រទីយក្ខក្រទាកាប់ផ្លាស់ប្តូរ យក្ខប្រជិតស្វាប្រដាប់ចាប់កំពូល ស្វាប្រដាល់យក្ខដួលដេកក្សិណក្ស័យ ។ គន់គំនូររឿងរាមសង្រ្គាមយក្ខ ជាអនគ្ឃមើលអនេកអនន្តក្រៃ ជ្រុងទក្សិណគូរកាលសហស្សន័យន៍ គង់នៅឰកៃលាសវិមានចន្ទ ។ កៃលាសផ្អៀងឆៀងធ្លាក់ព្រះសូលី ប្រើក្រុងរាពណ៍អសុរីរាជកុម្ពណ្ឌ ដៃម្ភៃមុខដប់រូបសកន្ទ ឱ្យតម្រង់ប្រាង្គចន្ទកៃលាសស្ថាន ។ រាពណានេរមិត្រឫទ្ធិសាហ័ស តម្រង់ភ្នំកៃលាសឡើងត្រង់បាន ព្រះឥសូរក៏ទ្រង់ព្រះរាជទាន នាងមណ្ឌោកល្យាណជាភរិយា ។ ផ្ដែរខាងបូព៌ាគូរកាលសុគ្រីពយំ អង្វរអង្គព្រះបរមរាមា ឱ្យជួយផ្លាញជីវិតនៃស្តេចស្វា ក្រុងពាលីជេដ្ឋាបច្ចាមិត្រ ។ ព្រះរាមរ៉ាប់ចាប់ធ្នូរប្តូរប្លែងសរ បាញ់ពានរពាលីសូន្យជីវិត គូរទាំងពួកនារីស្រីស្នំស្និទ្ធ សោកអាណិតសែនអាណោចខ្មោចពាលី ។ ឯសុគ្រីពឫទ្ធិរុទ្របុត្រសុរិយា ក៏សោកានៅទៀបព្រះទែនទី អញ្ជើញអង្គរាមាចូលធានី តាំងពីធីលើកសពពានរា ។ ឯជញ្ជាំងខាងត្បូងគួរព្យូហបាទ ដង្ហែអង្គនរនាថកេតុមាលា លើកជាក្បួនព្យូហយុទ្ធនា គ្រប់ភាសាចូលពឹងព្រះបារមី ។ ខ្ញុំគន់មើលព្រះកេតុគេបិទមាស គង់លើអាសន៍កណ្តាលពួកសេណី សែនរុងរឿងថ្កើងបុណ្យព្រះចក្រី ជាអស្ចារ្យផែនដីសកលអាយ ។ អង្គនេះឬគឺជាបឋមក្សត្រ គ្រងសម្បត្តិឥន្ទបត្តវិសេសសាយ ទ្រង់សាងព្រះនគរវត្តដ៏ឆើតឆាយ ស្តេចលើកថ្វាយព្រះពុទ្ធឃោសា ។ កាលលោកទៅចម្លងព្រះគម្ពីរ អំពីរាជធានីកោះលង្កា វិលមកដល់ប្រទេសខេមរា ចមក្សត្រានិមន្តឱ្យលោកនៅ ។ លើកប្រាង្គនេះប្រគេនជាមណ្ឌល ទីតម្កល់ព្រះគម្ពីរគម្ភីរជ្រៅ ពុទ្ធឃោសាចារ្យលោកគង់នៅ បានជាហៅនគរវត្តដោយកំណត់ ។ ព្រោះប្រាង្គនេះពីដើមជានគរ ដល់ក្រោយទ្រង់សាទរថ្វាយជាវត្ត ពួកបុរីនាំគ្នាមកសន្មត ហៅប្រាសាទនគរវត្តតាមបទមាន ។ ឱព្រះគុណព្រះកេតុមាលាក្សត្រ ព្រះទ័យកាត់ពុំស្តាយព្រះរាជស្ថាន ថ្វាយជាវត្តសម្រេចស្តេចចេញថ្កាន ទៅតាំងស្ថានព្រៃក្មេងបេងមាលា ។ ឥឡូវសូន្យព្រះយសឈ្មោះបាត់បង់ ឃើញតែរូបព្រះអង្គគង់ច្នេះណា ខ្ញុំបាទយល់សរសើរព្រះចេស្តា លើកហត្ថាបង្គំគុណក្សត្រថ្លៃ ។ គន់មើលព្រះកេតុមិនឆ្អែតក្តីសន្ទិះ ឱប្រាង្គនេះមើលទៅផុតនិស្ស័យ យើងឥឡូវគិតទៅអចិន្រ្តៃយ មិនគួរទៅជាព្រៃសូន្យអសារ ។ យ៉ាងពីដើមមនុស្សច្រើនចម្រើនចេះ បានជាធ្វើប្រាង្គនេះគួរអស្ចារ្យ ស្នាដៃធ្វើមើលស្មើព្រះពិស្ណុការ តថ្មដាស្នូលដែកសែកគ្នាជាប់ ។ ចោះក្នុងថ្មតផ្ជិតរលាយសាច់ ដល់យូរមកដែករេចដោយច្រែះចាប់ នៅតែព្រង់អ្នកព្រៃប្រាជ្ញាអាប់ ថាស្នាមម្រាមដៃចាប់មនុស្សបុរាណ ។ ខ្លះសង្ស័យថាដៃព្រះឥន្រ្ទប្រើ ឱ្យវិស្សកម្មធ្វើថ្វាយក្សត្រក្សាន្ត ខ្ញុំគន់ៗមើលសព្វមន្ទីរស្ថាន មិនសមដៃមឃវានលោកធ្វើឡើយ ។ ព្រះឥន្រ្ទអ្វីមកធ្វើមិនឱ្យស្រេច មើលទៅក្បាច់ខុសគ្នាណាលោកអើយ ខ្លះអាក្រក់ខ្លះល្អមិនស្មើឡើយ បើព្រះឥន្រ្ទធ្វើហើយគង់ស្មើគ្នា ។ មួយវិញទៀតវិស័យទេពនិម្មិត ធ្វើដោយឫទ្ធិគិតថ្វាយស្តេចអង្គណា តែស្តេចនោះលុះអស់ព្រះជន្មា ទីនិម្មិតទៅជាផែនដីវិញ ។ នេះប្រាសាទនគរនៅជាគឺ នឹងថាឫទ្ធិនោះឬយ៉ាងនេះមិញ បើឫទ្ធិមែនម៉្លេះសមរលីងឆិញ ទីនេះមិញក៏ពេញទៅដោយព្រៃ ។ សង្ស័យថ្វីនឹងដុំថ្មធំៗ គេលើកយកទៅផ្គុំបានទាំងផ្ទៃ គឺគេប្រើដោយយន្តរ៉ករវៃ នឹងបានប្រើដោយដៃនោះក៏ទេ ។ វិស័យជាងគេចេះគ្នាគេច្រើន ស្តេចចម្រើនដោយបុណ្យពីបុព្វេ នឹងធ្វើអ្វីក៏ស្រេចចំណេះគេ កុំទៅគ្នេរថាអង្គព្រះឥន្រ្ទសាង ។ មានអ្នកខ្លះចូលចិត្តថាដីពិត គឺគេដុតយ៉ាងឥដ្ឋជាថ្មប្រាង្គ ព្រោះឃើញទីកសិណដ៏នៅខាង ទំនងយ៉ាងយកដីកសិណនោះ ។ ឱហ្ន៎ជាតិអ្នកខ្លៅដៅមិនចំ ម្តេចមិនមើលបែបពុម្ពតូចធំច្នោះ មែនបើដីគេធ្វើមានពុម្ពនោះ គង់ប៉ុនគ្នាអស់នោះមិនច្នោះឬ ។ នេះមិនមែនប៉ុនគ្នាជាបែបពុម្ព ខ្លះក៏ធំខ្លះក៏តូចនៅជាគឺ បុរាណអ្វីឆោតម៉្លេះមិនដែលឮ មកប្រឹងធ្វើដុំធំឱ្យធ្ងន់ក្រៃ ។ បើយ៉ាងថ្មបាយក្រៀមនោះយល់មែន ព្រោះផ្ទៃផែនស្មើគ្នាទាំងអស់នៃ ឯថ្មភក់អ្នកស្រុកកុំសង្ស័យ គឺស៊ីម៉ងត៍ថ្មព្រៃយកពីក្រៅ ។ បើមិនជឿអញ្ជើញទៅមើលដាន ភ្នំខាងលើសឹងមានចំណាំងនៅ ទាំងថ្មហ៊ុបថ្មដាប់គរតាមផ្លូវ មានគេទៅបានឃើញជាអស្ចារ្យ ។ ខ្ញុំគន់មើលគំនូរគូរជញ្ជាំង លើសកម្លាំងនឹងតែងឱ្យពិស្តារ វិលត្រឡប់ទៅមើលជាន់កណ្តាល ឃើញព្រះរោងជ្រះច្រាលក្រសាលលន់ ។ ជើងសសរឆ្លាក់រូបឥសីសិទ្ធ អង្គុយបត់ជើងបិទប្រសិទ្ធមន្ត ផ្ទៃសសរមានអក្សរប្រកាសបុណ្យ ឱ្យមហាជនមើលដឹងដំណឹងទី ។ មានសករាជក្នុងរាជស្តេចជាន់ក្រោយ ទ្រង់អំណោយសាងព្រះសាងគម្ពីរ បានលែងមនុស្សជាខ្ញុំថ្វាយព្រះមុនី តាំងសញ្ញីឈ្មោះទុកនៅមុខព្រះ ។ លើពិតានធ្និមខាត់ចាត់ក្បាច់ផ្កាយ ឈូកសារាយលាយលយលកល្បះៗ គ្រឹះប្រដាប់បួនប៉ែកចែកស្រឡះ ចន្លោះជ្រុងមានស្រះជាបួនដាន ។ ឯស្រះនោះមានដក់ទឹកភ្លៀងស្អាត មច្ឆជាតិអាស្រ័យនៅជាស្ថាន ឥតចកញ្រំស្មៅព្រៃភក់ផង់គ្មាន ផ្ទៃសណ្ឋានបួនជ្រុងស្មើភាគគ្នា ។ លោកប្រដាប់ដោយថ្មដល់បាទ រលីងស្អាតសឹងរួតហួតពេជា មានកើយកែវជណ្តើរចុះគង្គា មើលហាក់ជាស្ថានជ្រៅអណ្តូងជ្រោះ ។ ខ្ញុំយល់ត្រីសង្ស័យហ្វូងមច្ឆា មកពីណាទៅមានក្នុងស្រះនោះ ស្រះលើប្រាង្គណ៍ផុតជាតិផែនដីសោះ នឹងមានជ្រោះហូរជ្រាបក៏គ្មានមុខ ។ ត្រីពួកនេះឧប្បត្តិកកើតឯងឬ មួយគឺគេយកមកលែងទុក ខ្ញុំពិគ្រោះពុំឃើញមានទំនុក សែនជាទុក្ខនឹងត្រីពេញអស្ចារ្យ ។ នឹងមានអ្វីជាចំណីអាស្រ័យបាន ចកសារាយក៏គ្មានជាអាហារ មានតែល្លែដុះជាប់តាមថ្មដា មើលអាការស្រះនោះជារណ្តៅ ។ មានរោងទាំងមបួនមុមជុំស្រះស្រង់ ខ្នងបង្កង់ជាប់គ្នាជាបួនផ្លូវ ទ្វារឧត្តរមានជ្រុងក្នុងយាងជ្រៅ នរណាទៅគោះទ្រូងឮសូរគង ។ មានអាការអស្ចារ្យទីនោះម៉្លេះ បុរាណរិះចេះធ្វើមានទំនង ផ្ទៃរាបស្មើពុំមានអ្វីរង គោះតែទ្រូងឮគងសូរលាន់ៗ ។ រោងខាងត្បូងតម្កល់ព្រះបដិមា ពុទ្ធបាទសាស្តាហៅព្រះពាន់ អង្គខ្លះឈរខ្លះគង់សង្រួមខន្ធ មានអរហន្តគង់គាល់ទាំងឆ្វេងស្តាំ ។ អង្គព្រះខ្លះពិការបាត់សូរង នៅតែដងអង្គកាយគង់ប្រចាំ ព្រះខ្លះឈរកណ្ឌៀវាស៊ីសាំ បែកព្រះកាយបាក់ព្រះកាំស្រាំព្រះករ ។ មុខសថូបមានរូបចក្រពង្ស ពីរព្រះអង្គគឺព្រះកេតុចៅនគរ គង់ប្រណម្យបង្គំលើកព្រះករ ឳនស្មោះសរតគុណព្រះជិនស្រី ។ តែរូបព្រះអង្គមួយដែលទ្រង់គ្រឿង ពាក់ជដារុងរឿងរឿងរង្សី ខ្ញុំពុំស្គាល់ព្រះនាមជាស្តេចអ្វី គ្មានចារឹកនឹងស្តីថាស្តេចណា ។ គន់ព្រះរូបចិត្តរួញកង្កួញក្រាប សិរោរាបបង្គំព្រះសាស្តា សូត្រសរសើរពុទ្ធគុណអនន្តា ស្រេចទើបលាឡើងទៅជាន់ទី ៤ ។ ឋានខាងលើលោកធ្វើជាផ្ទៃរាន ជួរជុំមានសសរចេញដោយខ្លួន សឹងក្រឡឹងជើងទៀនដ៏មាំមួន មើលសំនួនប្រមាណជារយប្លាយ ។ ខាងឆ្វេងស្តាំមានកឹងទាំងពីរដាច់ប្រកបក្បាច់ក្នក់ហៀននិងលួសលាយ តួកឹងនោះឥឡូវបាក់ធ្លាក់ធ្លាយ គួរតែស្តាយកឹងថ្មអន្តរធាន ។ មើលបរិវេណចង្វាត់ព្រះប្រាង្គណ៍ធំ រោងទងជុំតាមជាន់គ្រប់ៗដាន មានញកញោចរួតពេជ្រតាមសណ្ឋាន លើសប្រមាណនឹងវាស់កត់និយម ។ គន់ទីបួនប្រាង្គបួនចតុរស កំពូលខ្ពស់ស្មើគ្នាទាំងបួនមុម ខ្ញុំក៏ឡើងជាន់ប្រាំប្រាសាទធំ ខ្ពស់ត្រសុំមើលត្រសែតអណ្តែតចិត្ត ។ ភាពជណ្តើរឡើងទៅក៏ខ្ពស់ចោទ កាំនោះសោតតូចៗជាន់មិនស្និត បង្កាន់ដៃពុំមាននឹងយោងយិត ខំកខិតឡើងទៅត្រាតែដល់ ។ គន់ជណ្តើរឡើងទៅប្រាំបួនស្ថាន ក្នុងមួយជាន់ពីរៗជុំមណ្ឌល មានរួតថ្នាក់ល្បាក់ញកលោកតម្កល់ ជាពើងទល់ទាល់ដល់បង្កាន់លើ ។ តួប្រាង្គទាំងប្រាំយ៉ាងចេតិយ រួតប្រាំបួនជ្រុងប្រាំបីជាស្មើៗ ខឿនប្រដាប់ពេជ្ររួតច្រើនអន្លើ ត្របកស្មើជ្រុងមុមទាំងបួនដាន ។ មានទ្វារចូល៤ទិសតែគេទាស់ បិទជិតអស់មិនឱ្យចូលជិតបាន ស្អាងជាអង្គព្រះឈរប្រតិស្ឋាន ប្រចាំដានគ្រប់ទិសទាំងបួនទ្វារ ។ ខាងក្នុងប្រាង្គយ៉ាងដាក់ព្រះមាសប្រាក់ ដែលបែកបាក់ធ្លាក់បង់អង្គពិការ ឬរបស់ឯណាជាខ្លឹមសារ ក្រែងពួកចោរពួកមារវាយាយី ។ លោកមោនសៀរកុម្ម៉ៃចៅភ្នាក់ងារ ឱ្យជាប់ទ្វារខាងត្បូងរូបព្រះជីវ៍ រម្លើងអង្គព្រះទ្វារចេញចាកទី រើយកព្រះខ្ទេចខ្ទីពីក្នុងប្រាង្គ ។ ខ្ញុំយល់អង្គព្រះទ្វារគេដាប់ផ្ដាច់ បាក់សូរងរូបខ្ទេចមិនយល់រាង នឹកសង្វេគព្រះទ្វារគេរំលាង ផុតរវាងសាសនាព្រះទ្វារហើយ ។ ព្រះទ្វារទាំងបីលោកគង់សុខ ពុំមានទុក្ខដូចអង្គព្រះត្បូងឡើយ ឱព្រះត្បូងពីថ្ងៃនេះទៅហើយ រម្លត់ខន្ធកាន់ត្រើយនិញ្វនហោង ។ ខ្ញុំខំចូលទៅមើលកន្លែងគុក ដែលគេតាំងព្រះទុកពុំឱ្យហ្មង មើលមិនច្បាស់ព្រោះជះក្លិនម្តងៗ គឺប្រចៀវខ្ញៀវកងវាឧច្ចារ ។ ទើបលាថយចុះមកគ្រឹះធរណី មើលពួកខ្មែរគូលីគេធ្វើការ ជញ្ជូនយកអាចម៍ដីគឺឧច្ចារ ចេញតាមទ្វារទិសបូព៌បង្ហូរគ្នា ។ គន់មណ្ឌលព្រះប្រាង្គយ៉ាងល្បោលៗ ពេលក្របីចូលក្រោលអស់សុរិយា ខ្ញុំនាំគ្នាចុះមកកាន់ពសុធា ទៅរកទីនិទ្រានារាត្រី ។ លុះព្រឹកឡើងជាថ្ងៃមួយដណ្តប់ តិត្ថីជូនគម្រប់ថ្ងៃសៅរី លោកចៅហ្វាយក៏ដល់មណ្ឌលថ្មី ចែងសេចក្តីថាថ្ងៃនេះហ្លួងដល់ ។ ខ្លួនលោកមកជាមុនដោយប្រញាប់ ន្អាលនឹងមកចាត់រ៉ាប់ឯមណ្ឌល ស្តេចនឹងយាងមកតាមវិថីថ្នល់ កំណត់ម៉ោងដប់មួយដល់ព្រះពន្លា ។ លុះនិយាយបានតិចលេចកៅរី ជិះពាជីមកដល់ចែងកិច្ចា ជម្រាបលោកសក្តិបីរាជអាជ្ញា ថាឱ្យរៀបព្រះពន្លាស្តេចដល់ឆាប់ ។ លោកសក្តិបីឮច្នោះស្ទុះម្នីម្នា ហៅពួកក្រុមយោធាជាប្រញាប់ ព្រមទាំងពួកខុនណាងគ្រប់សម្រាប់ ឱ្យរៀបខ្លួនឈររ៉ាប់ព្រះចក្រី ។ ក្រុមទាហានក៏រៀបក្បួនសៈលុត ឈរអាវុធវន្ទិយាតាមថ្នល់ថ្មី ពួកអ្នកស្រុកក៏ផ្អើលទាំងប្រុសស្រី មកចាំមើលចក្រីមីរត្រៀបត្រា ។ ខ្លះក៏បីកូនតូចដឹកកូនធំ អាតូចយំអាធំយិតស្ទើរដាច់ស្មា ខ្លះក៏បាត់ប្អូនឃើញបងរកគ្នាឆ្លា ខ្លះឃើញយាយបាត់តាហៅគ្នាស៊ាន ។ ខ្ញុំគន់ៗអ្នកព្រៃចង់តែសើច ត្រកូលខើចមើលខាតខុសសណ្ឋាន ទាំងស្លៀកពាក់មិនសមនឹងខ្លួនប្រាណ សែនរំខានទាស់ភ្នែកប្លែកកន្លង ។ មានយាយចាស់ខ្លះនោះរូបពព្លក់ ទៅពាក់អាវតម្ពក់ដូចគេចង ពាក់អង្កាំចារស្ពាន់ព័ន្ធកម្រង មើលម្តងៗចុះគន្លងព្នងពិតៗ ។ ឱអ្នកព្រៃតែងតួឥតសំណុំ ពុំចេះរៀបចេះចំតាមចរិត គន់អ្នកព្រៃមិនអស់ក្តីអាណិត ហេតុតែក្រពិតៗទើបយ៉ាងនេះ ។ អនិច្ចាអ្នកក្រត្រដរមក ខំប្របៀតជ្រៀតជ្រកនឹងគេច្នេះ ខ្ញុំសម្ភេទបានតិចលេចឃើញសេះ ក្រមការគេជិះជាមគ្គុទេសក៍ ។ ឃើញព្រះទីនាំងរាជរថពីរបវរ ទឹមអស្សតរបរចូលដល់និវេសន៍ ទ្រង់យាងចុះលោកធំបារាំងសែស គំនាប់តាមប្រទេសវេណីក្រៅ ។ នាយទាហានក៏ស្រែកក្បួនសៈលុត ចាប់អាវុធវន្ទីយាបញ្ឈរនៅ ពួកនាហ្មឺនឱនកាយបង្គំទៅ ទ្រង់រាប់ផ្លូវបដិសណ្ឋារា ។ លោកសក្តិបីទទួលទីរ៉ាប់រង ជាបាឡាត់ទូលស្នងការនានា គំនាប់ស្រេចឡើងកាន់ព្រះពន្លា អស់ព្រះពញាហែឡើងដំណាក់ស្ថាន ។ ដល់ព្រះទែនស្តេចទ្រង់គង់កៅអី លោកសក្តិបីអនុកូលទូលរ៉ាយង៉ាន រឿងអ្នកទោសដែលចាប់ពីក្រៅស្ថាន កាលពីស្រុកមោះមានអាចោរខ្មាំង ។ លោកឱ្យចាប់ទាំងជាទាំងកាចមក ព្រោះប្រាថ្នាដកយកស្បៀងកម្លាំង នៃអាចោរទុច្ចរិតគិតតតាំង កាត់កម្លាំងពួកចោរមិនឱ្យនៅ ។ បានជាកៀរគ្រួមកព្រះដំបង ដាក់ទោសតាមទំនងដែលហ្មងសៅ ចាំស្រុករាបកាលណានឹងលែងទៅ ដល់ឥឡូវស្រុកក្សាន្តបានសុខា ។ គួរមេត្តាយ៉ាងណាស្រេចតែទ្រង់ ឬបង្អង់ឈប់រង់មើលក្សិណរ៉ា ព្រះចមយសជ្រាបច្នោះទ្រង់មេត្តា ឱ្យលើកកាត់ទោសាពួកអ្នកព្រៃ ។ សន្ទនាបានតិចតាមនុសន្ទន៍ ឱ្យនិមន្តព្រះសង្ឃចូលថ្វាយជ័យ ជយន្តោថ្វាយពរក្សត្រថ្លាថ្លៃ តាមនិស្ស័យវេណីពីបុរាណ ។ លោកសង្ឃយើងព្រះដំបងដប់អង្គគត់ វិន័យធរដើមបទជាប្រធាន រៀបព្រះអង្គចូលកាន់ព្រះវាំងស្ថាន ទទួលក្តីរាប់អានតចក្រា ។ ទើបថ្វាយព្រះជយន្តោពរភវ័ត ចម្រើនរាជពិភ័តមង្គលា លុះចប់ស្រេចស្តេចត្រាស់សន្ទនា ឱ្យសង្ឃលាទៅស្រុកតាមសម័យ ។ ព្រោះក្រែងដាច់វស្សាការសៅហ្មង តាមទំនងសត្តាហៈប្រាំពីរថ្ងៃ លោកសក្តិបីទទួលទូលកែខៃ សូមអំណាចក្សត្រថ្លៃឃុំវស្សា ។ ចក្រពង្សពុំទ្រង់អំណាច ព្រះទ័យខ្លាចក្រែងខុសក្នុងសិក្ខា តែសត្តាហៈព្រះដំបងហួសហើយណា ហ្លួងនឹកថាក្រែងលោកទើបដល់ថ្មី ។ ពុំជ្រាបហេតុព្រះសង្ឃព្រះដំបង មកនៅចាំរ៉ា់ប់រងព្រះចក្រី តាំងពីខ្នើតមួយកើតចូលតិត្ថី ដប់មួយសៅរីហួសកំណត់ ។ សត្តាហៈបានតែប្រាំពីរថ្ងៃ នេះហួសផុតនិស្ស័យសិក្ខាបទ ថ្ងៃហ្លួងដល់ដប់មួយកើតប្រាកដ បើកំណត់សត្តាហៈហួសបួនថ្ងៃ ។ ហេតុដូច្នោះលោកសង្ឃព្រះដំបង ដាច់វស្សាហើយហោងកុំសង្ស័យ ខ្ញុំឮដូច្នោះអាណិតលោកពេកក្រៃ ឱម្ចាស់ថ្លៃគ្រងកឋិនឃើញជាខាន ។ មួយអាណិតតែលោកវត្តនិវេសន៍ ជាប្រទេសមង្គលបូរីស្ថាន ត្រូវទោសខុសកាលស្រុកកើតមោះមាន ពួកទាហានចាញ់ចោរវរកលិយុគ ។ លោកភ័យលោករត់ទៅណោងបួ ដល់ស្រុករាបនោះគ្រួសិស្សវិលស្រុក លោករាជការថាលោកនាំកលិយុគ ឱ្យឃុំខ្លួនមកទុកព្រះដំបង ។ ឃាំងនៅវត្តពីភិតជាយូរខែ ទម្រាំតែផុតទោសដែលមោះហ្មង មិនដឹងជាថ្ងៃណានឹងរួចហោង សែនមួហ្មងចង់វិលទៅវត្តវិញ ។ រកឱកាសពុំបានរំខានចិត្ត សែនអាណិតគិតទៅគួរតែម្នេញ លុះឮការថាហ្លួងស្តេចយាងចេញ ចាកភ្នំពេញមកភ្ជុំនគរវត្ត ។ បានឱកាសដោយចេះក្បួនរន្ទា កាំជ្រួចភ្ញីគោហៀសម្រែកសត្វលោកវត្តលៀបមេការទីបាឡាត់ លោកក៏ចាត់ឱ្យទៅជាមួយផង ។ ឱ្យលោកជួយការភ្ញីទីឆ្លងបុណ្យ ថ្វាយព្រះគុណជាគុណព្រះច្បាស់ច្បង បានឱកាសនឹងទូលសុំទោសហោង នឹងបានវិលទៅគ្រងនិវេសន៍វិញ ។ លុះឮហ្លួងប្រោសលែងអ្នកទោសបង់ ទាំងបាសកលោកសង្ឃដូច្នោះមិញ មួយលោកសង្ឃបីអង្គនៅភ្នំពេញ ឱ្យវិលវិញមកនៅតាមដើមដាន ចៅអធិការនិវេសន៍ក៏ស្បើយទុក្ខ មានទឹកមុខរីករាយសប្បាយបាន ថ្វាយព្រះពរលាអង្គចមក្សត្រក្សាន្ត វិលទៅស្ថានទីលំនៅនៃអាត្មា ។ ចមរាជាសន្ទនានឹងព្រះសង្ឃ លុះសុរិយង្គរះរេជ្រេឆាយា សង្ឃទាំងឡាយក៏ថ្វាយព្រះពរលា ព្រះរាជាទ្រង់សោយដោយសម័យ ។ ស្តេចទ្រង់សោយព្រះស្ងោយវេលាជ្រេ សូរេចសោយសុរិយេជ្រេសែងថ្ងៃ ទ្រង់បន្ទំសម្រាន្តព្រះហឫទ័យ ពួកខាងណៃទាញផ្លិតផាត់ថ្វាយទ្រង់ ។ សែនកម្សាន្តក្សាន្តភិរម្យបរមនាថ ព្រះពាយផាត់គន្ធជាតិពិដោរហ្វង់ មហោរីប្រគំបន្លែងអង្គ ចក្រពង្សទ្រង់ផ្ទំភិរម្យខ្វ័ន ។ លុះទិនករចរបែរជ្រេរស្មី ព្រះចក្រីតើនចាកទែនសុវណ្ណ តែងព្រះអង្គចេញគង់ចុងរោងចន្ទន៍ ពួកកំណាន់គាល់រ៉ាប់ស្តាប់ឱង្ការ ។ អស់ជំនុំមន្រ្តីកុង្សីយ៍ធំ មកដល់ជុំចាត់ទីតាមមុខងារ ក្រុមប៉ូលិសតាំងនៅប្រចាំទ្វារ មើលត្រួតត្រារក្សាសត្រូវទ្រង់ ។ ពួកក្រុមវាំងលោកវាំងនាយចាងហ្វាង ភ្នាក់ងារខាងស្តីការស្នំខាងក្នុង ក្រុមតម្រួតនាយត្រួតព្រះដំរង្គ លោកព្រះស្តេចស្តីការសង្ឃការី ។ អង្គរាជយមរាជក្រុមមឿង សត្រីរឿងអាជ្ញាការផែនដី ក្រឡាហោមចក្រីទីកុង្សីយ៍ ភ្នាក់ងារស្តីតាមទីចតុស្តម្ភ ។ ឯខុនណាងខាងក្រៅណកតំណែង ភ្នាក់ងារតែងគ្រប់មុខទាំងតូចធំ សឹងព្រមព្រៀងនៅរៀងរោងថែវធំ តាមក្រុមៗខ្ញុំពុំស្គាល់ទេលោកអើយ ។ គ្រាន់នឹងតែងឱ្យគ្រប់ឈ្មោះអស់លោក គិតប្រយោគទៅទៀតពុំបានឡើយ ពេលក៏ចួនចុះយប់ព្រលប់ហើយ ខ្ញុំក៏នឿយវិលទៅទីនិទ្រា ។ ពេលយប់នោះការហ្លួងទើបដល់ថ្មី ក្រុមមន្រ្តីសំរ៉ាកតែរាល់គ្នា ពុំទាន់មានរាជការនឹងពណ៌នា ខ្ញុំនិទ្រាលក់ទៅតាមសម័យ ។ លុះព្រឹកឡើង ១២ ថ្ងៃអាទិត្យ ចមបពិត្រព្រះកែវហ្វាសុឡាឡៃ ស្តេចរៀបគ្រឿងពលីការបូជាសេយ្យ សូមពរជ័យទេវតារក្សាស្ថាន ។ មួយបូជាព្រះពាន់ពុទ្ធរូប នៅព្រះសថូបចេតិយពីបុរាណ ទាំងអ្នកតាមមារាជឫទ្ធីហាន តាមលំអានបុរាណរាជវេណី ។ លុះដល់ថ្អងៃ ១៣ តិត្ថីថួន ពួកខុនណាងរៀបខ្លួនគ្រប់នាទី ចាំទទួលលោកធំចៅធានី គូវែរណើរមកពីព្រៃនគរ ។ លុះលោកដល់ក៏ចូលទីប្រជុំ ពួកមន្រ្តីតូចធំគ្រប់និករ សឹងទទួលគំនាប់ដោយសាទរ ចមនគរក៏ទ្រង់ត្រេកគំនាប់ ។ លោកសក្តិបីថែមថីបកភាសា ចែងកិច្ចាទទួលក្រសែសព្ទ ចក្រពង្សក៏ទ្រង់គង់ប្រថាប់ តាមព្រះច្បាប់ស្តេចទ្រង់គង់ស្តាំដៃ ។ លុះសូរេចសន្ទនាវេលានោះ គូវែរណើរលាចុះឡើងរថវៃ ទៅផ្ទះខាងត្បូងព្រះវាំងជ័យ សម្រាប់ទីអាស្រ័យបារាំងនៅ ។ ខ្ញុំមើលសក្តិប្រាំចាំមិនជាក់ ឃើញតែពាក់គ្រឿងសក្ដិប៉ាក់ប៉ានឆ្អៅ រូបលោកទាបភាពធាត់មាត់ស្រមូវ មើលៗទៅគួរខ្លាចពុំអាចជិត ។ គេចមកមើលអ្នកលេងល្បែងបៀប៉ោ ខ្លះក៏ចាញ់សោហោប៉ៅស្វិត ខ្លះបានឈ្នះក៏ត្រេកតម្រេកចិត្ត ខ្លះរេគិតកែកុនដោយកលកោង ។ ខ្លះឈ្នះប៉ោចាញ់បៀសសៀរធួ ចាក់មួយតៅខុសមួយតួក៏ស្បើយស្បោង បែរត្រឡប់ប្តូរប្រាក់ចាក់អាប៉ោង ត្រូវចិនកោងអស់ប្រាក់ធ្លាក់ចង្កា ។ ចាប់យីគីស៊ីមួយសងដល់ដប់ ចិនប្រសប់លខ្មែរកែបញ្ញា ទោះជាត្រូវយូរទៅគង់អបរា បានដៃវាដាក់ថង់កុំសង្ស័យ ។ ខ្ញុំមើលគេរេគិតដល់ខ្លួនឯង មិនគួរលុះការល្បែងឱ្យចង្រៃ ទុកទិញបាយចំណីត្រីអាស្រ័យ យល់ជាមានកម្រៃបានឆ្អែតពោះ ។ ឯជាតិល្បែងលេងភ្នាល់មិនទាល់ចេះ ឈ្នះឯណោះចាញ់ឯណេះមិនខានសោះ ការលោភលន់គង់លាញប្រទាញឈ្មោះ តែដល់គ្រោះគង់ក្រកម្រក្រៃ ។ ខ្ញុំមើលគេបានតិចគេចទៅផ្សារ ទិញចំណីអាហារបាយអាស្រ័យ សូរេចកិច្ចសុរិយេជ្រេមាត់ព្រៃ បាត់សែងថ្ងៃខែខៃរង្សីសែង ។ ចៅភ្នាក់ងារនាំគ្នាតែងរោងរាំ ទាំងរោងទងឆ្វេងស្តាំសឹងខ្វាត់ខ្វែង អុជប្រទីបជ្វាលាភ្លើងភ្លឺទែង ជាជួរវែងដល់ចុងផ្ទះបារាំង ។ លើខ្លោងទ្វារអុជជាត្រាផែនដី មកុដខ័នរង្សីព្រះពានតាំង ស្វេតឆ្ឆត្រឆ្វេងស្តាំប្រចាំបាំង ភ្លឺទួទាំងរាជវាំងត្រឆាឆាយ ។ មើលពន្លឹកគ្រឹកគ្រឺនអនេកក្រៃ ស្វាងតែព្រៃដាលដាសឱភាសសាយ បណ្តាលពួកប្រុសស្រីផងទាំងឡាយ សឹងសប្បាយនាំគ្នាមើលត្រៀបត្រា ។ លុះដល់ពេលហ៊ុមរោងភ្នាក់ងារហ៊ោ ភេរីរោទ៍ណៃណកជើតឈឹងឆា ពួកអ្នកស្រុកក៏ចូលមើលត្រៀបត្រា ណែនទាំងមហារាជរោងកងសព្ទសែ ។ សឹងប្របៀតជ្រៀតគ្នាជែកមិនចុះ នរណាលុះក៏ស្ទុះទៅមុខគេ នរណាខ្លាចមិនអាចប្របៀតទេ ត្រូវឈរមើលក្រោយគេឃើញត្រដរ ។ នរណាខ្ពស់គេគ្រាន់មើលស្រួលរាប នរណាទាបតោងរកជើងម៉ាត បើស្រីណាកាន់ខ្លួនថានួនល្អ តែចូលទៅក្នុងចគង់អប្រិយ ។ ពួកអ្នកលែងវាតែងដើរត្រដុះ ថាច្នេះច្នោះឱ្យលុះការលោកិយ ខ្ញុំយល់ៗអាណិតពួកស្រីៗ ប្រុសអប្រិយយាយីជាទីហ្មង ។ ខ្លះមានញាតិបងប្អូនជូនព្យាបាល រក្សាការពួកពាលកុំកន្លង ឯណាគ្មានពូជពង្សវង្សផៅផង ពាលវាលងឡកលួនកូនដោយកាម ។ អនិច្ចានារីរូបស្រងាំ មិនគួរមកមើលរាំឱ្យពាលតាម ជាកូនចៅនរណាម្តេចមិនហាម បណ្តោយតាមចិត្តកូនឱ្យខូចច្នោះ ។ ខ្ញុំឃើញគេឧច្ចារការគួរស្អប់ គេចត្រឡប់ចាកចេញពីទីនោះ ដើរមកក្រៅមើលភ្លើងគេអុជប្រុះ ខំដើរឆ្ពោះទៅស្តាប់ភ្លេងបារាំង ។ ឃើញទាហានខ្មែរយើងរូបក្មេងៗ ឈរដុំកង់តាំងលេងនៅមុខវាំង មាននាយត្រួតបន្លឺសព្ទដូចសង្ខ ស្គរមួយតាំងក្រាំងៗតាមចង្វាក់ ។ ត្រែតូចៗដូចក្លុយខ្លះវៀនជុំ ត្រែធំៗរុំឆ្ងាយដូចជាឆ្វាក់ កាន់សៀវភៅរាល់ដៃផ្លុំមើលថ្នាក់ ខិតៗដាក់តាមចង្វាក់ព្រមៗគ្នា ។សែនពីរោះសព្ទត្រែសេលាន់កង ចប់ចុះម្តងឡើងថ្មីបំភ្លៃឃ្លា មេឡើងហែបកូនអែបប្រសប់គ្នា ស្តាប់ហាក់ជាភ្លេងកុម្ពណ្ឌលាន់ឮសាយ ។ ពួកបារាំងរៀបតាំងលៀងសុរា សព្វក្រយាអាហារគ្រឿងពីនាយ បោយបម្រើទាញផ្លិតជាប់រំភាយ កម្សាន្តកាយដោយភ្លេងលេប្រគំ ។ លុះម៉ោងដប់ចួនយប់រួចការលៀង ពួកបារាំងព្រមព្រៀងទាំងតូចធំ នាំគ្នាដើរមើលការទីប្រជុំ សែនភិរម្យលោះលាយសប្បាយក្រៃ ។ ពួកអ្នកលេងដើរទិញបារីស្លា ខ្លះចូលស្រាក៏ទិញស្រាអាស្រ័យ ពួកអ្នកលក់ឃើញមនុស្សទិញច្រើនក្រៃ ដំឡើងថ្លៃយកកម្រៃលើសប្រក្រតី ។ លុះព្រឹកឡើងថ្ងៃជ្រេព្រះទិនករ ចមភូធរចេញគង់ព្រះរោងថ្មី ព្រមវង្សានុវង្សក្រុមកុង្សីយ ទាំងមន្រ្តីតូចធំជុំត្រៀបត្រា ។ មានតម្រាស់ត្រាស់ឱ្យបាត់ចែងទី រាជពិធីចម្រើនព្រះជន្សា មន្តព្រះសង្ឃសូត្រមន្តតាមវេលា ចំនួនគ្រប់ជន្មាចិតសិបប្លាយ ។ លោកមង្គលទេពាចារ្យធំបំផុត ចំណែកខាងធម្មយុត្តិសង្ឃទាំងឡាយ លោកមហាវិមលកបភិប្រាយ ជាពួកខាងមហានិកាយអធិបតី ។ ព្រមព្រះគ្រូរាជាគណៈក្រៅ សឹងភ្ជុំនៅនាចុងព្រះរោងថ្មី ថ្វាយពុទ្ធមន្តចម្រើនរាជសួស្តី មង្គលកិច្ចវុឌ្ឍីស៊ីសុវត្ថិ ។ ចក្រពង្សទ្រង់តាំងលោកពុទ្ធវង្ស ប្រោសឱ្យគង់ក្នុងដែននគរវត្ត ខាងអាចារ្យបាសកចេះបរិយត្តិ គឺអាចារ្យអ៊ុមគាត់ចេះសាស្រ្តា ។ ប្រោសប្រទានគ្រឿងយសអាចារ្យអ៊ុម ឡើងជាធំទីសទ្ធម្មមេធា ជាចាងហ្វាងខាងពួកត្រៃវិជ្ជា ប្រចាំនានគរវត្តប្រាកដហោង ។ លុះពេលយប់អុជកាំជ្រួចរន្ទា ភ្ញីគោហៀនូវគ្រឿងដទៃផង ពួកល្ខោនក៏រាំដូចសព្វដង អស់មនុស្សផងមកមើលដូចសព្វគ្រា ។ លុះដល់ថ្ងៃដប់ប្រាំវេលាព្រឹក មានពិធីផឹកទឹកព្រះសច្ចា ប្រជុំពួកមន្រ្តីសេវកា ញ្រហ្មណ៍ហោរាជាធំក្នុងពិធី ។ តាំងនៅនាព្រះភក្រ្តនៃព្រះពាន់ ព្រះចមខណ្ឌក៏ទ្រង់យាងចរលី នាំព្រះវង្សកុង្សីយ៍ក្រុមយោធី ឡើងកាន់ទីប្រាង្គធំប្រជុំការ ។ លោកសក្តិប្រាំសក្តិបីព្រៃនគរ ក៏ស្មោះសរចរតាមព្រះភូវនាថ៍ ទាំងនាហ្មឺនក្នុងក្រៅគ្រប់មុខងារ ទទួលការទានទឹកប្រណិធាន ។ លុះជុំព្រមព្រាហ្មណ៍ហោរសូត្រពិធី ប្រណិធានតាមទីពីបុរាណ កូរអាវុធចុះជាទិព្វញាណ សូរេចទើបរាជទានក្រុមនានា ។ ហៅហ្វាយខេត្តសៀមរាបព្រះដំបង ជានាយកងក្រុមក្រៅព្រះរដ្ឋា លោកកុង្សីយអធិបតីក្នុងសីមា ទទួលទឹកព្រះសច្ចាការភិរម្យ ។ លុះសូរេចពិធីទឹកសម្បថ ចក្រពត្តិក៏ទ្រង់គង់ប្រជុំ គូវែរណើររេស៊ីដងត៍កំពង់ធំ គាល់ប្រជុំជំនុំតាមកិច្ចា ។ ទ្រង់ឱ្យហូតនាទីអាជ្ញាហ្លួង នាយក្រសួងសក្តិបីរាជអាជ្ញា ទាំងលោកធំកុម្មីសែរជាឥស្សរា ឱ្យផ្លាស់វិលភារាភ្នំពេញហោង ។ យកលោកធំរេស៊ីដងត៍កំពង់ស្វាយ ឡើងជានាយកកុម្មីសែរព្រះដំបង មួយរាជការសុខទុក្ខអស់រាស្រ្តផង ចៅហ្វាយខេត្តព្រះដំបងជាឥស្សរា ។ លុះប្រជុំរួចស្រេចវន្ទីយ៍ អញ្ជលីលារូបព្រះសាស្តា ទ្រង់យាងបាទចេញតាមទ្វារបច្ចិមា ព្រមព្រះវង្សពង្សាហែចេញថ្កាន ។ ពួកអ្នកថតចាំថតព្រះរូបទ្រង់ ឱ្យជាប់ជុំទាំងវង្សព្រះប្រាង្គស្ថាន ខ្ញុំឃើញគេពេញកោតគេចំណាន ថតយកបានព្រះឆាយកាយភូធរ ។ លុះយាងដល់រានហាលមុខព្រះលាន ពួកទាហានអាវុធសលុតឈរ ស្តេចឡើងគង់ព្រះសលៀងរាជបរវ ពួកអ្នកសែងហែចរចូលវាំងថ្មី ។ លុះដល់ស្រេចស្តេចចូលព្រះរោងធំ ថ្វាយបង្គំព្រះសង្ឃទាំងចាស់ខ្ចី អង្គាសភត្តភេជ្ជៈបាយចំណី ក្រុមសង្ឃការីចាត់ការចង្ហាន់សង្ឃ ។ ព្រះសង្ឃសូត្រទទួលរាជភត្ត នាមកំណត់ពេលនោះថ្ងៃទៀបត្រង់ សូរេចកិច្ចសង្ឃលាព្រះចក្រពង្ស ស្តេចក៏ទ្រង់ចូលកាន់ព្រះពន្លា ។ លុះដល់ពេលសុរិយេជ្រេស្រទន់ ឱ្យនិមន្តព្រះសង្ឃសង្គាយនា ចំនួនអង្គមួយដោយគណនា លោកទេសនាគ្រៃបីតាមព្រេងព្រឹទ្ធ ។ ទីឧបាលីវិន័យធរវត្តតាមិម អានន្ទគឺអាចារ្យគិមវត្តពិភិត ទីកស្សបព្រះគ្រូវត្តបូរពិត ចៅគណៈសង្ឃស្ថិតស្រុកសៀមរាប ។ សង្គាយនាបឋមតាមវេណី ក្នុងគម្ពីរបិដកតាមសភាព លុះចប់ចុះពេលថ្ងៃស្រទន់ទាប សង្ឃបានលាភក៏វិលវត្តអាត្មា ។ ពេលយប់នោះមានការលេងអាប៉េ ក្បួនយីកេរាំឡកបកភាសា ពួកអ្នកស្រុកក៏មកមើលត្រៀបត្រា សែនមហាសប្បាយលោះលាយក្រៃ ។ លុះដល់ថ្ងៃមួយរោចរួចពិធី ឱ្យចាត់ហែព្រះគម្ពីរបិដកថ្លៃ ចូលតម្កល់តាំងទុកនៅហោត្រៃ សម្រាប់នៃកុលបុត្រអ្នកសិក្សា ។ ថ្ងៃពីររោចឮថាចក្រពង្ស ក្រសាលស្រះស្រង់ទិសបច្ចិមា ឯខ្ញុំបាទក៏នាំភឿនយាត្រា ទៅមើលក្រុងភារានគរធំ ។ លុះដើរដល់ទូរគមភ្នំបាខែង ព្រៃត្រសុំបាំងសែងសែនភិរម្យ ជើងគីរីមានសិង្ហទាំងពីរមុម ឈរចំអែបែចំទិសបូព៌ា ។ សិង្ហបាសានបុរាណលោកសំអាង មើលដូចយ៉ាងសិង្ហសត្វរាជសីហា ធាត់ក្រអួនខ្លួនក្រអាញក្រាញដូចខ្លា ចំអេងស្វាឈរអើតចំទើតជើង ។ ខ្ញុំយល់សិង្ហឈរនឹងពុំកម្រើក ចង់តែលើកយកមកទុកស្រុកយើង តែធំហួសផុតការលើកមិនឡើង នឹងចចើងលើកយកពុំរួចឡើយ ។ អនិច្ចាសិង្ហអើយសិង្ហបាសាណ ខ្ញុំយកទៅពុំបានណាសិង្ហអើយ ឯងនៅចុះឱ្យសុខកុំទុក្ខឡើយ កម្មសិង្ហហើយយកនៅក្នុងព្រៃស្ងាត់ ។ បើសិង្ហឯងរស់ពិតជីវិតមាន គួរជានៅស្មសានសន្តានសត្វ ស្វែងអាហារលៀងជីពពុំសូវខាត់ នេះមកបាត់វិញ្ញាណមានតែប្រាណ ។ នឹងដើរទៅទីណាក៏ពុំកើត នៅតែឈរចំអើតប្រចាំដាន ស្តាយអើយស្តាយរូបសិង្ហលោកបុរាណ ចោលក្នុងស្ថានស្មសានអនាថា ។ ខ្ញុំសម្ភេទរូបសិង្ហប្រឹងឡើងភ្នំ ថ្មតូចធំជិតជុំជាន់រអា ខ្ពស់ត្រឈឹងខំប្រឹងឡើងប្រវា លុះដល់នាកំពូលគីរីស្ថាន ។ លើបាខែងលោកតែងជាសថូប មានរួតរូបប្រាំជាន់ជាដានៗ ខាងបូព៌ាមានប្រាង្គទាំងបួនស្ថាន វិចិត្រដោយបាសានឥដ្ឋសិលា ។ ខាងមុខប្រាង្គមានលាយព្រះបាទព្រះ វាលស្រឡះពុំមានគ្រឹះលេខា ដាប់ទម្លុះធ្លុះចុះក្នុងសិលា ខាងលើលោកតាំងជាវិហារបាំង ។ តែវិហារនោះឯងលោកតែងថ្មី ធ្វើដោយឈើដោយឫស្សីប្រកស្បូវភ្លាំង ទីបុរាណមានតែរណ្តៅតាំង ថ្មរឹងគាំងនៅបណ្តូលគោលសិលា ។ ពុទ្ធបាទខ្នាតជ្រៅជម្រៅបាត ប្លាយហាត់ខ្នាតបណ្តោយបួនហត្ថា ទទឹងសោតពីរហត្ថជាមាត្រា ក្នុងបាទាលាយលក្ខណ៍កងចក្រជុំ ។ លោកវិចិត្របិទមាសវិលាសលឿង មើលរុងរឿងគួរយើងឡើងបង្គំ សត្វថ្ងៃមានលោកយួនគេជាធំ នៅថែទាំពិភក្តិរក្សាស្ថាន ។ ខ្ញុំយល់ព្រះពុទ្ធបាទអានាថចិត្ត គិតដល់អង្គអគ្គនិដ្ឋព្រះទ្រង់ញាណ កាលព្រះអង្គស្តេចនឹងចូលនិញ្វាន ព្រះទ័យមានមេត្តាដល់នរជាតិ ។ សត្វឯក្រោយពុំបានយល់សាស្តា បានទាន់តែសាសនាបរមនាថ ទើបប្រតិស្ឋានព្រះពុទ្ធបាទ និងឱវាទឱ្យប្រោសអស់សត្វផង ។ ឱព្រះគុណបានបុណ្យលន់វិសេស ទ្រង់កម្ចាត់កិលេសជាគ្រឿងហ្មង បាននិញ្វននៅមានព្រះទ័យចង តម្កល់បាទតាងស្នងព្រះពុទ្ធអង្គ ។ ទុកឱ្យសត្វឯក្រោយបានបូជា ជាផ្លូវទៅសួគ៌ាឋានទេពទ្រង់ សាងកុសលទាល់បានកាត់រាគបង់ មិងយូរលង់គង់បានស្ថានសុខា ។ វេលានេះខ្ញុំមកដោយការខាត់ ពុំមានអ្វីប្រតិបត្តិចាត់បូជា មានតែដៃទាំងដប់ខ្ញុំវន្ទា ចិត្តវាចាបូជាក្នុងគ្រានេះ ។ ឱព្រះបាទនេះជាព្រះជាន់ឬ ឬមួយគឺគេសាកទុកទេអេះ ក្នុងតម្រាពុំមានតាំងភ្នំនេះ បើតាមរិះយ៉ាងសំណាកគេសាកថ្មី ។ បញ្ចបាទទាំងប្រាំសឹងមានដាន ឈ្មោះគេមានគ្រប់ស្ថានទាំងប្រាំទី ភ្នំបាខែងពុំមានក្នុងព្រះគម្ពីរ ជាក់ជាទីកើតក្រោយដោយនិយម ។ ខ្ញុំវន្ទាព្រះបាទស្រេចលាចុះ តម្រង់ឆ្ពោះកាត់ទៅមើលនគរធំ ផ្លូវធ្លាថ្នល់សឹងឈើម្លប់ត្រសុំ គេរម្លំកាត់ត្រង់នគរា ។ លុះដើរដល់ខ្លោងទ្វារនគរធំ សុទ្ធសឹងដុំថ្មជិតប្រកិតគ្នា កំពូលខ្ពស់សិនសេសដោយគណនា ចម្លាក់ជារួបទេពប្រណម្យដៃ ។ កំពូលលើឈើដុះទម្លុះចាក់ ថ្មរុះជ្រុះធ្លាក់ខ្ចាយរាយដោយព្រៃ នៅតែរាងដូចយ៉ាងព្រះប្រាង្គជ័យ ចូលអាស្រ័យចុះមនុស្សជាងរយនាក់ ។ ផ្ទៃកំពែងតែងដោយថ្មក្រៀមក្រាស់ បូកដីដាសពាសប៉ះឡើងថ្នាក់ៗ កម្រាស់ក្រាស់ប្រមាណបីព្យាមជាក់ ធំអនគ្ឃវែងអនេកលើសគណនា ។ ក្រៅនគរតែងគូកសិណសាយ មើលវែងឆ្ងាយឱបអមនគរា តែឥឡូវស្បាតជិតដោយព្រឹក្សា បិទគង្គាកើតជាត្រឹបតាប់តាន់ ។ មើលខ្លោងទ្វាពណ៌នាពុំអស់ក្បួន ពេលក៏ចួនទៀបទោរព្រះសុរិយ័ន ខំកាត់ចូលបូរីដោយបន្ទាន់ ដល់ប្រាសាទបាយ័នរាជភិរម្យ ។ ប្រាង្គបាយ័នលោកសាងជាប្រាង្គមូល មានកំពូលប្រាង្គចេញជា៤មុម ក្នុងកំពូលមួយៗឆ្លាក់រូបព្រហ្ម បួនៗ ជុំគ្រប់ប្រាង្គច្រូងច្រាងក្រៃ ។ ឯរោងទងជុំវិញជ្រុងកែងកាត់ ត្វារលោកចាត់កាត់មួយទ្វារមួយនៃ ក្នុងឡប់ឡែបែរមុខទៅភទីទៃ ចតុរស្សស្មើផ្ទៃបីជាន់សាយ ។ ឱប្រាង្គនេះមើលទៅសម្បើមលន់ ខ្ញុំគន់ៗគិតទៅគួរតែស្តាយ ប្រាង្គនេះគឺជាក់អ្វីពីព្រេងនាយ តាមបរិយាយគឺដាក់ភាពយោនី ។ គឺកាលដើមកាន់សាសនាព្រាហ្មណ៍ ប្រព្រឹត្តតាមតម្រាព្រះសូលី យកយោនីឧមាភោគវតី ជាសិរីសួស្តីតាំងបូជា ។ គេយល់ថាមនុស្សយើងក្នុងធរណី កើតចេញពីយោនីនាងឧមា នាងជាម្តាយមានគុណទាំងលោកា ទើ់បនាំគ្នាសាងជាកំណើតហោង ។ បើមានការមង្គលចម្រើនឫក្ស ញ្រហ្មណ៍យកទឹកស្រោចភាពចង្ហូរត្រង់ មកប្រសិទ្ធស្រោចអស់មហាជនផង បំបាត់ក្តីសៅហ្មងចាកឥន្រ្ទិយ ។ ភាសាញ្រហ្មណ៍គេកាន់ម្រាសៃយ ទើបកែខៃចម្លងរូបយោនី សាងប្រាង្គនេះតាំងជាមន្ទីរទី លោកសញ្ញីឱ្យហៅថាបាយ័ន ។ ឯសព្ទ “បា” នោះថាមូតមួយៗ តាមតម្រួយសព្ទ “បា” គឺមួយខណ្ឌ យ័នសព្ទនេះពុំមែនជាលេខយន្ត កុំប្រកាន់យន្តលេខតាមភាសិត ។ សព្ទ ”យ័ន” យ័ននេះគឺជាភាសាញ្រហ្មណ៍ មានក្នុងក្បួនសព្ទនាមប្លែងសំស្ក្រឹត ខ្ញុំមើលៗបាយ័នក៏តូចចិត្ត នឹកអាណិតដល់ក្សត្រពីបុរាណ ។ លោកមានបុណ្យកសាងប្រាង្គបាយ័ន ទុកក្នុងខណ្ឌនិវេសន៍នៃក្សត្រក្សាន្ត មានទេសកាលក៏ឡើងប្រតិស្ឋាន ស្រោចស្របប្រាណដោយទឹកនាងឧមា សែនរុងរឿងថ្កើងបុណ្យថ្កើងកេរ្តិ៍ឈ្មោះ កិត្តិសព្ទឮសុសសព្វភារា បរទេសរាជកោតខ្លាចឡើងវន្ទា រាស្ត្រប្រជាសឹងក្សាន្តសម្រាន្តកាយ ។ ឥឡូវនេះនិវេសន៍ទៅជាព្រៃ ទាំងប្រាង្គជ័យក៏ដល់ក្តីអន្តរាយ ឃើញតែស្នាដៃធ្វើបែបឡែបខាយ ស្តាយអើយស្តាយមិនគួរមកច្នេះណា ។ ទីខាងជើងមានវត្តលោកសង្ឃនៅ ព្រះនាមហៅព្រះងោកលោកលេខា ឱព្រះងោកៗមែនឬយ៉ាងណា ឮគេថាយល់ជាអស្ចារ្យក្រៃ ។ ខ្ញុំទៅមើលពុំឃើញព្រះលោកងោក គិតប្រយោគយល់ថាព្រះម្ចាស់ថ្លៃ រូបព្រះធំលន់លើសព្រះដទៃ ឯងរំពៃមើលងប់ដូចងោកមក ។ វត្តមួយខាងបស្ចិមគ្មានលោកសង្ឃ កុដិវិហារខូចបង់គ្មានទីជ្រក វត្តនោះឯងគេហៅវត្តគោកធ្លក តនោះមកវត្តត្បូងចោលដូចគ្នា ។ វត្តនោះហៅព្រះឥន្ទទេពកោសិយ អង្គព្រះជីវ៍ក៏ធំសមរូបា កុដិវិហារបាំងព្រះគ្មានឡើយណា អនិច្ចាមើលទៅសម្ភេទក្រៃ ។ ឱអង្គព្រះឥន្ទទេពកោសិយអើយ មិនគួរឡើយមកនៅកណ្តាលព្រៃ អាប់រាសីដោយសែងហែងដោយថ្ងៃ ទីអាស្រ័យពុំមានក្សាន្តព្រះកាយ ។ បើព្រះទៅគង់ស្រុកខ្ញុំរ៉ា ខ្ញុំនឹងសាងសាលាវិហារថ្វាយ ទាំងគ្រឿងតុបគ្រឿងតាំងឱ្យឆើតឆាយ ដូចជាព្រះទាំងឡាយស្រុកព្រះដំបង ។ គ្រាន់និមន្តធ្ងន់លើកទៅពុំបាន ព្រោះធំហួសប្រមាណធ្ងន់កន្លង បើអង្គតូចទៅរ៉ានឹងរ៉ាប់រង ដាក់ដឹកឆ្លងមកស្រុកទុកបូជា ។ ឱលោកណាសទ្ធាសាងព្រះនេះ ម្តេចមិនរិះត្រិះមើលដោយបញ្ហា កាលស្រុកដីមិនផុតក្តីអនិច្ចា មកគិតថានិច្ចំតាំងទៀងទាត់ ។ កាលប្រទេសរុងរឿងធ្វើតាមចិត្ត ដល់ប្រទេសវិបរិតកើតវិបត្តិ ព្រះជីវ៍ធំនឹងរំកិលក៏កើតខាត់ តោងចាំកាត់ចិត្តចោលទុកច្នេះណា ។ បើយ៉ាងព្រះតូចៗល្មយករួច តែដល់ស្រុកខាត់ខូចដូចម្តេចម្តា ចង់រំកិលក៏កើតខាត់ តោងចាំកាត់ចិត្តចោលទុកច្នេះណា ។ បើយ៉ាងព្រះតូចៗល្មមយករួច តែដល់ស្រុកខាត់ខូចដូចម្តេចម្តា ចង់រំលៀកក៏បានដូចចិន្តា ចុះតម្រាធំខូចតូចមិនខាត់ ។ ដូចរាស្រ្តទាសតាំងឡើងជានាហ្មឺន ប្រព្រឹត្តកឺនហួសការរាជបញ្ញត្តិ នឹងដកចេញចាកទីក៏មិនខាត់ តែមហាក្សត្រវិបត្តិដកពុំបាន ។ តោងចាំនៅទៅតាមយថាកម្ម ទុក្ខក៏ទ្រាំទោសក៏ទ្រាំទម្រាំក្សាន្ត ដូចព្រះអង្គឥន្ទទេពជាបែបមាន ក្សាន្តពុំបានព្រោះប្រាណធំលើសគេ ។ អនិច្ចាសាសនាព្រះជិនវង្ស ពុំស្ថិតស្ថេរចេរលង់ក្នុងនគរេ ជាបុណ្យបាបអ្វីពីបុព្វេ បានជាប្រែបូរីព្រៃដូច្នេះ ។ ស្រុកនេះសូន្យតើសូន្យពីរាជណា ពង្សាវតារតម្រាឯណាអេះ នឹងបានមើលឱ្យដឹងរាជនោះនេះ ខ្ញុំនឹងត្រិះឱ្យត្រូវតាមរបាក្សត្រ ។ ខ្ញុំគន់មើលវត្តបីស្រេចចរចីរ ទៅមើលរាជមន្ទីរចក្រវត្តិ នៅខាងជើងព្រះងោកលោកចែងចាត់ ខឿនចង្វាត់ខ្វាត់ខ្វែងវែងរវឹង ។ ប្រាង្គប្រាសាទបែកបាក់ធ្លាក់ខ្ទេចខ្ទី នៅតែទីគ្រឹះក្រោមកាត់ទទឹង មុខប្រសាទស្ថានរាបភាពជាបឹង ជើងជណ្តើរដើរមានសិង្ហឈរប្រឹងប្រែង ។ ឯផ្ទៃផ្ដែរឆ្លាក់រូបរឿងក្បួនខេន ជិះគជេន្រ្ទហែស្នួជាជួរវែង ខាងជ្រុងៗរូបគ្រុឌឈរចំទែង ខ្លះសម្តែងចាប់វាសុគ្រីក្រាយ ។ មុខព្រះលានមានប្រាង្គជាកាត់ៗ ហៅប្រសាទសួព្រត្រខ្ពស់ត្រសាយ ខ្ញុំយល់ៗនឹកកោតគេអម្បាយ ប្រាង្គខ្ពស់ឆ្ងាយចងព្រត្រហ៊ានសួបាន ។ ទីខាងក្រោយប្រាសាទទៅបាពួន មើលក្បាច់ក្បួនឡប់ឡែជាដានៗ ឱបាពួននួននាងក្នុងវាំងស្ថាន ចូលកម្សាន្តលេងពួនបន្លែងអង្គ ។ ទីខាងជើងខ្លោងទ្វារមានគ្រិះគ្រែ ជាថ្នាក់ហែសឹងរួតហួតហៀនហង្ស លើមន្ទីរសាងរូបចក្រពង្ស ស្តេចគម្លង់គង់នៅប្រចាំទី ។ ខ្ញុំយល់រូបព្រះបាទសង្ខចក្រ គេសាកដាក់ជាឡាក់រាជធានី កើតសម្ភេទវេទនាសល់សែនទ្វី មិនគួរទីមកកើតវិបត្តិច្នេះ ។ ឮតម្រាបរមបរាពីបុរាណ ជាព្រះចមក្សត្រក្សាន្តនគរនេះ ប្រហារនាគឈាមនាគផ្សព្វផ្សាយឆេះ ត្រូវព្រះកាយកើតប្រេះប្រែជាឃ្លង់ ។ មើលពុំជាវេទនាពន់ប្រមាណ ឥសីសានមកប្រោះចក្រពង្ស ស្តេចពុំជឿតាមពាក្យឥសីសង្ឃ ទើបព្រះអង្គបង់ការអាសារកាយ ។ ឥសីខឹងផ្តាសារាជនិវេសន៍ ចៅប្រទេសក៏លុះក្តីអន្តរាយ បានជាទីស្រុកនេះកើតខ្ចាត់ខ្ចាយ ដោយបរិយាយដៅៗពុំពិស្តារ ។ ខ្ញុំត្រិះៗ នឹកតិះស្តេចគម្លង់ ព្រះទ័យទ្រង់មានះអហង្ការ កើតហេតុអ្វីនឹងនាគទើបប្រហារ ឱ្យខូចស្រុកអាសារស្នាដៃខ្លួន ។ គួរឬក្រុងនគរេសប្រទេសធម ប៉មកំពែងជិតជុំដ៏មាំមួន សត្រូវណានឹងអាចចូលមកកួន តែគិតទៅចុះក្បួនព្រះត្រៃលក្ខណ៍ ។ សត្វសង្ខារមិនថាទាំងស្រុកដី តួបូរីសាយសព្វគ្រប់ដំណាក់ ទុកជាចេះយ៉ាងណាក៏គង់ធ្លាក់ អញ្ជើញអ្នកមើលស្តាប់ចាប់អារម្មណ៍ ។ នគរធំបរមបុរាណរាជ មើលគួរខ្លាចសឹងព្រៃស្រោងស្រាងជុំ មានអ្នកស្រុកតាំងនៅជាដុំៗ រកស៊ីតាមនិគមអ្នកជនបទ ។ រយៈផ្លូវទៅដល់នគរធំ ដោយនិយមវាស់ពីនគរវត្ត ប្រមាណបានកៅសិបសិនប្រាកដ ចូរកំណត់កត់ចុះលោករាល់គ្នា ។ ក្រែងបានទៅនឹងងាយដឹងទិសទី រាជធានីបុរាណទិសឧត្តរា តែឥឡូវបារាំងគេកាប់ឆ្ការ ទំនងជាយូរទៅគង់សប្បាយ ។ ខ្ញុំដើរគន់ដើរកត់នគរធំ ពុំបានជុំនគរេទេលោកាយ ពេលក៏ចួនសូរិយាជ្រេព្រះឆាយ ក៏រៀបកាយវិលមកសៀមរាបវិញ ។ លោកចៅហ្វាយលោកធំលោកសក្តិបី សូរេចការចក្រីក្រុងភ្នំពេញ បង្គំលាវិលព្រះដំបងវិញ ខ្ញុំក៏អស់ក្តីម្នេញការលោកិយ ។ ដល់មកស្រុកសាន្តសុខឥតទុក្ខា ដោយអំណាចចក្រាគ្របកេសី ទាំងគុណកែវរតន៍ត្រៃថ្លៃទាំងបី ជួយចម្រើនរាសីឥតហ្មងសៅ ។ រឿងនិរាសប្រកាសតែប៉ុណ្ណេះ សូមទុកស្លេះប្រារព្ធបញ្ឈប់នៅ គ្រាន់នឹងតែងតអង្គព្រះចមចៅ កាលស្តេចនៅពុំទាន់វិលភ្នំពេញ ។ ខ្ញុំលាហើយពុំដឹងក្រោយយ៉ាងណា រាជកិច្ចាពុំទាន់ប្រកាសចេញ ហេតុដូច្នោះទុកឱ្យប្រាជ្ញភ្នំពេញ គេតែងចេញតរឿងព្រះចក្រី ។ ខ្ញុំឥន្ទាចារ្យចែងតែងពុំបាន ព្រោះគ្មានដានលំអានយោគសេចក្តី ហេតុនោះសូមមេត្តាប្រោសប្រណី ខ្ញុំបញ្ចប់សេចក្តីតែប៉ុណ្ណេះ ។
សូមទោសលោកមេធីកវីជាតិ ពុំឧបវាទពាក្យកាព្យខ្ញុំតែងនេះ សូមតម្រូវឱ្យត្រូវតាមលោកចេះ បើមិនផេះកុំបើកលើកចូលចេញ ។ កុំប្រមាទពាក្យកាព្យថាតែងងាយ យារមុខតាមនិយាយដាក់បំពេញ បើមិនចេះពាក្យស្រួលខ្យល់ “រ” មិញ ឱ្យដេកវិញជាជាងកុំតែងឡើយ ។ មួយបើអ្នកឯណាចង់ចម្លង តាមទំនងនិរាសនេះលោកអើយ ចូលរវាំងខ្យល់ “រ” “ល” ជាត្រើយ តែបាត់ហើយខូចដល់ខ្ញុំអ្នកតែង ។ មួយស្រៈ “ៃ” បំភ្លៃនឹងស្រៈ “ឺ” វិសជ៌នីខ្យល់ “ស” លោកសម្តែង កុំឱ្យចូលយារមុខទង្គុកឯងឱ្យនៅតាមកន្លែងទីដោយខ្លួន ។ ពាក្យសំយោគការន្តវិធីសព្ទ ចូលលំដាប់រ៉ាប់គ្នាទៅតាមចួន យោគសេចក្តីតាំងមុខឱ្យមាំមួន រកចុងចួនមេកាព្យសភាពអឺយ ។
ចប់
[១] – តាមត្រូវ គឺ ងងឹត តែទីនេះ តម្រូវតាមពាក្យចួន ។
[២] – តាមត្រូវ គឺ របោះ ។
[៣] – មកពីពាក្យបារាំង Monsieur ។
[៤] – លោកធំ ជាពាក្យជំនាន់នោះ ហៅចំពោះ Resident បារាំង ដែលនៅត្រួតប្រចាំទីរួមខេត្តនីមួយៗ ។
[៥] - ភិយ៉ាន (សៀម) = តឹកតាង ។
[៦] – ម៉ៃមីខៅ (ពាក្យសៀម) = គ្មានបាយ ។
[៧] – បាយាប = អារក្សទឹកសម្រាប់អ្នកនេសាទគោរព ។
[៨] – សោ ភាសាអ្នកស្រុកបាត់ដំបងសៀមរាប បានន័យថា អាក្រក់, នឿយហត់, គម្រក់ ។ សោសែន = អាក្រក់ពេក ។
[៩] – ដងគោម ឬប៉មខ្ពស់ សម្រាប់យាមល្បាត ។
[១០] – ភាពសេះផាយ គឺទូកទីនាំងមករ ។
[១១] – ខាំម៉ាស៊ី = ក្រម៉ាស៊ី គឺក្រមាពណ៌
[១២] – ក្លាយពី បាទបរិចារិកា = ស្ត្រីអ្នកបម្រើជិតជើង (ភរិយា) ។
[១៣] – ខាត់ៗ = កាត់ៗ សង្ខេបៗ ។
[១៤] – ប្រទូប៉ា = ស៊ុមស្លឹកឈើស្រស់ ។ ប្រដាប់ដក = ប្រដាប់ទៅដោយផ្កា ។
[១៥] – វិបុល = ក្រៃលែង, បរិបូរ ។
[១៦] – សត្វតាវៅ ។
[១៧] – លាន់ឮខ្ទររំពង ។
[១៨] – រ៉ាប់ = ធានា, រ៉ាប់រង, ទទួលបន្ទុក ។
[១៩] – រោងខោល = រោងល្ខោន ឬរោងលេងរបាំផ្សេងៗ ។ រោងសែក = សម្នាក់ដែលមានទឹកគ្រាន់នឹងលុបលាងមុខជាដើម ។
[២០] – គ្រឹះស្ថានសំខាន់ៗ (ពាក្យប្រើតាមសៀម) ។
[២១] – ភីលឹក = ប្លែក, គួរឱ្យឆ្ងល់ ។
[២២] – កសិណ = គូទឹក, ស្រះដែលដឹកធ្វើជាកំពែងជាគោលចារឹក ។
[២៣] – ប្រឡាយទឹកយ៉ាងវែងអន្លាយ ។
[២៤] – ខាត់ពៃរី = ការពារសត្រូវ ។ កាត់សត្រូវ ។
[២៥] – ថាថាង = ការវិការ, ឫកពា ។
[២៦] – នាគជាទីនាំងព្រះនារាយណ៍ ឯទីនេះគឺ នាគ ។
[២៧] – សារពើសូត្រ = ឈ្មោះក្បាច់រចនាមានសណ្ឋានរបត់បីជ្រុង ។
ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៣៤