កាព្យពាក្យ ៧
អ្នកឧកញ៉ាភក្ដីសាទេព កែ – នេត រៀបរៀង
ព្រះមហា ឡុច និងមហា ទិន – ហួត ក្រុមជំនុំព្រះត្រៃបិដក
នៅពុទ្ធសាសនបណ្ឌិត្យ ជាអ្នកជួយពិនិត្យផ្ទៀងផ្ទាត់
ពាក្យនមស្ការ
ខ្ញុំសូមលើកហត្ថថ្វាយបង្គំ ចំពោះព្រះបរមសាស្ដា ទ្រង់គុណបរិសុទ្ធផុតលោកា ករុណាដល់សត្វក្នុងភពត្រៃ ។ ព្រមទាំងព្រះធម៌ប្រាំបីម៉ឺន បួនពាន់ខន្ធច្រើនប្រសើរក្រៃ ទ្រង់ប្រោសប្រទានជាកម្រៃ ឱ្យសត្វសព្វថ្ងៃប្រតិបត្តិយក ។ ព្យាយមសូត្ររៀនតាមបញ្ញត្តិ នឹងបានឆ្លងកាត់ព្យុះរលក គឺសង្សាវដ្តរកទីជ្រក កើតមករងទុក្ខវេទនា ។ ព្រោះតែមោហៈមកបិទបាំង រារាំងបញ្ញាយើងគ្រប់គ្នា នាំលិចអណ្ដែតជាច្រើនគ្រា ស្លាប់កើតគណនារាប់ពុំបាន ។ ព្រមទាំងសាវកព្រះមានបុណ្យ ប្រកបដោយគុណឥតប្រមាណ ផ្ដាច់អកុសលក្នុងសន្ដាន កើតសុខក្សេមក្សាន្តដោយបញ្ញា ។ លោកជាស្រែបុណ្យនៃសព្វសត្វ ខំប្រតិបត្តិតាមសាសនា កម្ចាត់អស់កង្ខា បរិសុទ្ធជ្រះថ្លាសឹងផូរផង់ ។ សម្រេចនិព្វានផុតអស់ទុក្ខ លែងកើតទៅមុខអស់ចំណង់ ចំណែកអវិជ្ជាលែងមកត្រង់ ដាច់ខ្ទេចដូចកង់រថនោះឯង ។ ចប់នមស្ការតែប៉ុណ្ណេះ ឈប់ស្លេះមិនបានពិស្ដារវែង បន្ទាប់ពីនេះសូមសម្ដែង ចារចែងរឿងសុមនមាលា ។ នាយជាងក្រងផ្កាម្លិះថ្វាយស្ដេច រំលេចក្បូរក្បាច់សឹងថ្លៃថ្លា ថ្វាយពិម្ពិសាររាជា រាជគ្រិះមហាបុរីថ្លៃ ។ វេលាព្រឹកព្រាងឡើងកាលណា រចនាផ្កាម្លិះតែសព្វថ្ងៃ នាំយកទៅថ្វាយគ្មានសំចៃ ដើម្បីកម្រៃចិញ្ចឹមប្រាណ ។ ស្ដេចទ្រង់ប្រទានគ្រឿងរង្វាន់ គ្រប់គ្រាន់ប្រាំបីកហាប័ណបាន ជាងផ្កាទទួលស្រេចវិលថ្កាន ដល់គេហដ្ឋានឱ្យភរិយា ។ យកទៅទិញដូរគ្រឿងបរិភោគ តាមធម្មតាលោកសព្វវេលា គ្រាន់តែចិញ្ចឹមអស់គ្នីគ្នា គឺបុត្តភរិយាញាតិសន្ដាន ។
ពេលព្រឹកថ្ងៃមួយព្រះសាស្ដា មានពួកសាវកាច្រើនប្រមាណ ហែហមចោមរោមចរចេញថ្កាន ចាកពីវត្តឋានទ្រង់បិណ្ឌបាត ។ អ្នកក្រុងរាជគ្រឹះរាប់រយពាន់ ផ្អើលឆោឡោលាន់រត់ព្រោងព្រាត នាំយកចង្ហាន់ទៅដាក់បាត្រ តាមមាគ៌ាស្អាតធំថ្លៃថ្លា ។ ព្រះសម្ពុទ្ធស្ដេចទ្រង់គោចរ រុងរឿងបវរដោយសីលា ប្រោសសត្វឱ្យបានរួចទុក្ខា ដោយមហាករុណាប្រសើរក្រៃ ។ គ្រានោះសុមនមាលា កាន់ផ្កាម្នីម្នាជាប់នៅដៃ ដើរទៅដល់អង្គព្រះចមត្រៃ កើតកួចពិសម័យក្នុងចិន្តា ។ ឃើញឆវីវណ្ណព្រះសម្ពុទ្ធ រស្មីភ្លឺផុតលើសលោកា ចេញពីព្រះកាយរុងរឿងថ្លា កើតសោមនស្សាត្រេកអរក្រៃ ។ គិតថាពេលនេះមានលាភធំ ប្រសើរឧត្ដមជាងសព្វថ្ងៃ បានចួបព្រះពុទ្ធសឹងប្រពៃ វិសេសថ្លាថ្លៃរកប្រៀបគ្មាន ។ ឥឡូវអញមានតែផ្កាម្លិះ បើយ៉ាងដូច្នេះគួរថ្វាយទានបូជាដល់អង្គព្រះទ្រង់ញាណ នឹងបានអានិសង្សច្រើនកល្យា ។ ផ្កានេះសម្រាប់ទុកថ្វាយស្ដេច មិនដែលវេះគេចពីអាជ្ញា តែងយកទៅថ្វាយសព្វវេលា កន្លងមួយគ្រាខុសបញ្ញត្តិ ។ មានទោសជាប់គុកជាប់ច្រវាក់ ពេជ្ឈឃាដវាយធាក់នាំទៅកាត់ ដៃជើងបីបួនប្រាំកំណាត់ ព្រោះតែបំបាត់ព្រះអាជ្ញា ។ វេលានេះគួរអញលះបង់ ជីវិតកុំចង់រស់ដល់ណា យកផ្កាទៅថ្វាយព្រះសាស្ដា នឹងបានផលាអង្វែងឆ្ងាយ ។ ទោះស្ដេចប្រាថ្នានឹងធ្វើទោស ឬមួយទ្រង់ប្រោសគង់ឮសាយ ព្រោះមានសទ្ធាមិនក្លែងក្លាយ ពុំស្ដាយជីវិតនឹងបុណ្យទាន ។ ថ្វាយស្ដេចបានត្រឹមតែរង្វាន់ ទប់ទល់មិនគ្រាន់សេចក្ដីឃ្លាន បើអញថ្វាយដល់ព្រះទ្រង់ញាណ នឹងមានផលច្រើនឥតឧបមា ។ ច្រើនជាតិច្រើនជាន់សឹងខ្ពង់ខ្ពស់ តាមព្រះទ្រង់យសត្រាស់ទេសនា ថាជនធ្វើទានចិត្តក្លៀវក្លា តែងបានផលារកប្រៀបគ្មាន ។ គិតស្រេចកាន់ផ្កាដើរចូលទៅ ថ្វាយនៅទៀបបាទព្រះទ្រង់ញាណ ហើយតាំងប្រាថ្នាអធិដ្ឋាន ឱ្យបានផ្កានោះហែព្រះអង្គ ។ ផ្កាពីរកម្រងជាពិតាន ពីរកម្រងបានបាំងក្រោយទ្រង់ ពីរទៀតបាំងស្ដាំបាំងឈរត្រង់ ខាងឆ្វេងព្រះអង្គពីរកម្រង ។ ព្រះពុទ្ធទ្រង់យាងតាមមាគ៌ា ផ្កាល្អមហិមាហែត្រសង ដូចជាមានមនុស្សកាន់ត្រកង អស្ចារ្យកន្លងគ្រានោះឯង ។ ហាក់ដូចរនាំងបាំងព្រះអង្គ ក្រអូបក្លិនឆ្វង់សាយគួរស្ញែង ពួកជនប្រុសស្រីច្រើនក្រៃលែង សឹងតែកោតក្រែងព្រះសាស្ដា ។ លាន់ឮគឹកកងព្រះធរណី អស្ចារ្យពេញទីខ្លាំងណាស់ណា សរសើរបារមីគ្រប់វាចា ផ្អើលដល់ទេវតាទាំងភពត្រៃ ។ ថ្វាយសាធុការកងរំពង ឮក្រៃកន្លងក្នុងក្រុងក្រៃ ខ្លះកាន់ផ្ដិលបាយជាប់នៅដៃ ភាន់ភាំងរំពៃមើលព្រះអង្គ ។ សឹងតែសរសើរព្រះសាស្ដា មិនដែលឃើញផ្កាដ៏ផូរផង់ ចោមរោមជុំជិតខាងព្រះអង្គ ឈរមើលរហង់សព្វទិសទី ។ ព្រះពុទ្ធទ្រង់ឃើញឧបនិស្ស័យ ធម្មាភិសម័យដោយឫទ្ធី នាយមាលាការលះជីវី ប្រាកដពេញទីព្រោះជ្រះថ្លា ។ លែងគិតត្រង់ការស្លាប់និងរស់ ចង់បានជាន់ខ្ពស់បូជាផ្កា កម្រមានរូបបុគ្គលណា ដូចជាងក្រងផ្កាម្លិះនេះឯង ។ នាយសុមនមាលាការ ឃើញហេតុអស្ចារ្យប្រាកដស្ដែង រឹងរឹតសោមនស្សក្រៃលើសលែង វិលទៅចាចែងប្រាប់ភរិយា ។ ដល់ហើយទើបថ្លែងសរសើរគុណ នៃបុណ្យដែលបានបូជាផ្កា ចំពោះដល់អង្គព្រះសាស្ដា ឃើញថាប្លែកឫទ្ធិលើសលប់ក្រៃ ។ លឿនលយបាំងអង្គព្រះចមភព តាមគ្រប់ជំហានវិសេសថ្លៃ ផ្កានោះហាក់ដូចមានដួងចៃ បងត្រេកអរក្រៃក្នុងចិន្ដា ។ ថ្ងៃនេះបងខានយកទៅថ្វាយ មហាក្សត្រពណ្ណរាយលើសិរសា ទទួលទុក្ខទោសព្រះអាជ្ញា ទ្រង់ធ្វើយ៉ាងណាតាមព្រះទ័យ ។ ស្រេចហើយនឹងបុណ្យដ៏ខ្ពង់ខ្ពស់ ទោះបីស្លាប់រស់បងមិនភ័យ ផ្សងតាមសំណាងហេតុបច្ច័យ ក្សិណក្ស័យជីវិតមិនគិតស្ដាយ ។ ព្រោះកើតមកនេះក្របានចួប ព្រះពុទ្ធគ្រប់រូបមនុស្សទាំងឡាយ បើបានចួបហើយគួរតែថ្វាយ ទានផងកុំស្ដាយទុកសំចៃ ។ ភរិយាស្ដាប់ហើយខឹងច្រឡោត ឃោរឃៅក្រេវក្រោធថាឱប៉ៃ អ្នកឯងមិនដឹងទេកូវនៃ អំណាចខ្លាំងក្រៃរាជអាជ្ញា ។ អ្នកណាកន្លងរាជបញ្ញត្តិ ស្ដេចយកទៅកាត់ដោតសិរសា ទុកជាបម្រាមរាស្រ្តប្រជា ប្រុសស្រីនានាកុំបីត្រាប់ ។ អ្នកឯងហៅពេញជាចង្រៃ បញ្ញត្តិសព្វថ្ងៃមិនព្រមស្ដាប់ ចចេសមុខរឹងគង់នឹងស្លាប់ ខ្ញុំប្រាប់ឱ្យបានដឹងសេចក្ដី ។ ចាប់តាំងអំពីពេលនេះឯង ខ្ញុំលែងយកអ្នកធ្វើជាប្ដី ព្រោះអ្នកជាមនុស្សកាឡកណ្ណី អស់ត្រូវការអ្វីនឹងអ្នកហើយ ។ ថាស្រេចរៀបខ្លួនដើរចេញទៅ ទូលព្រះចមចៅម្ចាស់ត្រាណត្រើយ តាមរឿងខ្លួនខឹងមិនមានស្បើយ ឥតគិតអ្វីឡើយពីស្លាប់រស់ ។ ទូលថាបពិត្រព្រះនរបតី ទ្រង់គុណបារមីព្រះកិត្តិយស ស្វាមីខ្ញុំម្ចាស់ឥតសប្បុរស មិនដឹងទាបខ្ពស់កិច្ចនានា ។ ហ៊ានយកផ្កាម្លិះជាតង្វាយ សម្រាប់ទុកថ្វាយព្រះរាជា ទៅថ្វាយដល់អង្គព្រះសាស្ដា ជ្រះថ្លាមិនគិតស្ដាយជីវិត ។ ឥឡូវខ្ញុំម្ចាស់និងស្វាមី លែងរួមមេត្រីត្រេកស្នាលស្និទ្ធ ពីថ្ងៃនេះទៅជាកម្រិត សូមមហាបពិត្រកុំកង្ខា ។ ព្រះករុណាជាម្ចាស់នៃផែនដី កុំត្រាប្រណីដោយមេត្តា ធ្វើទោសសុមនមាលា ឱ្យបានវេទនាបាត់កេរ្តិ៍ឈ្មោះ ។ ឯខ្លួនខ្ញុំម្ចាស់មិនមូលមិត្ត រួមចូលគំនិតនឹងគាត់នោះ ព្រះអង្គកុំទ្រង់អនុគ្រោះ ធ្វើទោសចំពោះប្ដីនោះឯង ។ គ្រានោះសម្ដេចព្រះចមពង្ស ស្ដេចទ្រង់តម្រិះឃើញច្បាស់ទែង ថាមេនេះចិត្តអាក្រក់ស្ដែង មិនស្វែងរកគុណប្រសើរសោះ ។ ស្រីនេះហៅពេញកាឡកណ្ណី ហ៊ានពោលសម្ដីច្រឡោតបោះ បង្ខូចប្ដីឯងឱ្យអាប់ឈ្មោះ បាត់សូរពីរោះដោយឫស្យា ។ ស្វាមីផងខ្លួនៗប្រមាទ មើលងាយហួសខ្នាតខុសតម្រា មិនមានអាណិតប្ដីឡើយណា ដោះសាយករួចតែខ្លួនឯង ។ កាលគ្រាប្ដីមានសម្បត្តិពិត ត្រេកអរយកចិត្តបែបខែងរ៉ែង ដល់ប្ដីមានទុក្ខទោសគិតលែង យកសុខតែឯងឱ្យប្ដីស្លាប់ ។ គ្រានោះព្រះបាទពិម្ពិសារ ស្ដេចធ្វើជាខ្ញាល់ហើយសារសព្ទ ទ្រង់ព្រះតម្រាស់ជាប្រញាប់ តាមច្បាប់ដល់សុមនមាលា ។ ចិត្តធំមិនខ្លាចរាជបម្រាម ដែលយើងបានហាមពីរឿងផ្កា ហ៊ានយកទៅថ្វាយព្រះសាស្ដា មិនខ្លាចអាជ្ញាព្រះមហាក្សត្រ ។ នាងឯងឈប់សិនកុំអាលលែង ចាំយើងចាត់ចែងដោយសម្ងាត់ ពិនិត្យសួរសិនសឹមអារកាត់ ក្រែងប្ដីរត់បាត់នាងខ្មាសគេ ។ នាងនោះត្រឡប់ក្រាបទូលឃាត់ ថាខ្ញុំមិនយកគាត់នោះទេ ព្រោះប្ដីនោះឫកមិនដូចគេ សូមទ្រង់រិះរេពិចារណា ។ ទូលស្រេចក្រាបថ្វាយបង្គំចុះ ចំពោះទៅផ្ទះនៃអាត្មា នាំយកកូនចៅចេញយាត្រា គ្មានចិត្តមេត្តាដល់ស្វាមី ។ ទៅនៅសម្នាក់នឹងពួកញាតិ ធ្វើឫកមារយាទបែបប្រឹមប្រិយ មិនឱ្យជនណាដឹងសេចក្ដី គេសឹងប្រណីដោយមេត្តា ។ ចំណែកខាងអង្គព្រះសម្ពុទ្ធ មានញាណមុះមុតដូចពេជ្រថ្លា ទ្រង់បានទទួលកម្រងផ្កា ស្រេចស្ដេចយាត្រាត្រឡប់ទៅ ។ ឯផ្ការនាំងបាំងព្រះអង្គ ក្រអូបក្លិនឆ្វង់តាមជាប់នៅ ព្រះសង្ឃសាវកហែខ្មួលខ្មៅឆ្ពោះទៅវាំងស្ដេចពិម្ពិសាររាជ ។ ដើម្បីនឹងធ្វើកិច្ចភត្តា ឱ្យស្ដេចជ្រះថ្លាពេញអំណាច ថ្វាយទានឥតមានព្រះទ័យខ្លាច អង់អាចស្មោះត្រង់ដោយការណ៍ពិត ។ គ្រានោះមហាជនសឹងខ្លាចកោត ដៃសោតកាន់ទង់ហែជុំជិត ច្រើនណែនតាន់តាប់ខ្មៅងងឹត ដោយឫទ្ធិបារមីព្រះសាស្ដា ។ នាំគ្នាស្រែកហៅកោលាហល រំពងឮដល់ព្រះរាជា ទ្រង់នឹកពិភាល់ឆ្ងល់ណាស់ណា ត្រាស់ប្រើអមច្ចាឱ្យទៅមើល ។ ថាឯងប្រញាប់ឆាប់ម្នីម្នា កុំដើររេរាធ្វើងងើល អាមាត្យបង្គំរត់ជជើល ទៅមើលឃើញអង្គព្រះជិនស្រី ។ មានសាវកច្រើនជាលំដាប់ ណាស់ណាន់តាន់តាប់ដោយបារមី ត្រឡប់មកទូលព្រះនរបតី ថាព្រះជិនស្រីនិងសាវក ។ ទ្រង់ស្ដេចមកប្រោសជនប្រុសស្រី ដោយក្ដីករុណាជាពំនាក់ មហាក្សត្រទ្រង់ជ្រាបប្រាកដជាក់ ព្រះទ័យស្មោះស្មគ្រឥតឧបមា ។ ទើបទ្រង់ឱ្យចាត់ភត្តយ៉ាងឯក ល្អប្លែកមានរសឆ្ងាញ់ពិសា នាំយកទៅថ្វាយព្រះសាស្ដា និងសាវកាមុខព្រះលាន ។ ឯអស់ពួកស្រីស្នំកញ្ញា រូបឆោមឆាយាស្រស់កល្យាណ និងពួកនាហ្មឺនទាំងប៉ុន្មាន តាក់តែងខ្លួនប្រាណហែព្រះអង្គ ។ ដល់មុខព្រះលានឃើញព្រះពុទ្ធ ឱនអង្គលំអុតឆ្ពោះតម្រង់ ក្លិនផ្កាក្រអូបប៉ះមកត្រង់ ព្រះទ័យផូរផង់រឹងជ្រះថ្លា ។ នឹកដល់ពុទ្ធគុណជាអនេក ឃើញអស្ចារ្យប្លែកជាងធម្មតា សរសើរបារមីព្រះសាស្ដា ថារកនរណាប្រៀបពុំបាន ។ ទើបស្ដេចលើកគ្រឿងភត្តាហារ នឹកអស់បរិក្ខារទាំងប៉ុន្មាន ថ្វាយដល់សម្ដេចព្រះទ្រង់ញាណ នឹងសាវកបានគ្រប់ទាំងអស់ ។ ព្រះអង្គទទួលបិណ្ឌបាតស្រេច សម្រេចភត្តកិច្ចព្រះអង្គទ្រង់យស សម្ដែងអំពីអម្រឹតរស ជាធម៌ជាន់ខ្ពស់ប្រោសរាជា ។ លុះអនុមោទនារួចហើយស្រេច ព្រះសព៌េជ្ញក៏ថ្វាយព្រះពរលា ត្រឡប់ចាកក្រុងរាជភារា ទៅគង់នៅនាគន្ធកុដិ ។ រីឯផ្កាម្លិះសត្រសុស ជ្រុះចុះដេរដាសលើផែនដី ក្បែរស៊ុមទ្វារវត្តព្រះជិនស្រី មើលទៅគប្បីឱ្យជ្រះថ្លា ។ ព្រះបាទពិម្ពិសារវិសេសសុទ្ធ ដង្ហែព្រះពុទ្ធស្រេចកាលណា ស្ដេចថ្វាយបង្គំព្រះសាស្ដា ទ្រង់លាវិលទៅប្រាសាទថ្លៃ ។ ទើបត្រាស់ឱ្យហៅនាយមាលា ជាជាងក្រងផ្កាថ្វាយសព្វថ្ងៃ ឱ្យចូលមកគាល់ព្រះភូវន័យ ក្សត្រថ្លៃទើបមានបន្ទូលថា ។ នែវ៉ឺយអ្នកជាងផ្កាកម្រង យើងអរកន្លងឥតឧបមា ចំពោះគុណអ្នកដ៏ថ្លៃថ្លា កម្រនរណានឹងធ្វើបាន ។ អ្នកឯងចេះជឿគុណព្រះពុទ្ធ ស៊ប់សួនមុះមុតក្នុងសន្ដាន នេះហៅដើរត្រូវលើឋាន ទីសុខក្សេមក្សាន្តគឺនិព្វាន ។ យើងឱ្យរង្វាន់តបគុណអ្នក ព្រោះបានជឿជាក់ថ្វាយផ្កាទាន ដល់អង្គសម្ដេចព្រះទ្រង់ញាណ ឥតមាននរណាធ្វើដូចអ្នក ។ យើងនឹងប្រទានទ្រព្យរបស់ ដោយចិត្តសប្បុរសមិនទើសទាក់ សេះនិងដំរីទាំងទ្រមាក់ សឹងតែបំពាក់គ្រឿងនានា ។ មានទាំងខ្ញុំប្រុសនិងខ្ញុំស្រី សុទ្ធតែប្រាំបីស្មើៗគ្នា តាមពិតដូចយើងបានពណ៌នា ទាំងស្រីសោភាប្រាំបីនាក់ ។ និងគ្រឿងប្រដាប់សម្រាប់តែង មាសពេជ្រចិញ្ចែងគ្រឿងស្លៀកពាក់ យើងឱ្យដោយចិត្តពិតស្មោះស្មគ្រ ព្រោះអ្នកវិសេសប្រសើរក្រៃ ។ ប្រទានទាំងផ្ទះ៨ខ្នង ធំហើយល្អផងខ្ពស់ត្រឈៃ ប្រាំបីពាន់ប្រាក់ជាកម្រៃ និងគ្រឿងតម្លៃឥតមានខ្វះ ។ ហើយទ្រង់បង្គាប់មុខក្រសួង ឱ្យនាំគ្រឿងហ្លួងមកទៀតខ្លះ ប្រទានព្រះទ័យផុតស្រឡះ បានជ្រះកំណាញ់ជាប្រធាន ។ ស្រេចហើយទើបនាយកម្រងផ្កា បង្គំក្រាបលាថយចេញមាន ស្រីស្រស់រូបល្អស្ដេចប្រទាន ហែហមដល់ឋានទីគ្រឹហា ។ ទើបរៀបចាត់ចែងផ្ទះប្រាំបី ឱ្យភរិយាថ្មីនៅផ្សេងគ្នា ដើម្បីកុំឱ្យគេនិន្ទា សមតាមវេលាជាប្រក្រតី ។ គ្រានោះអានន្ទមានគំនិត បានចូលទៅជិតព្រះជិនស្រី បង្គំទួលសួររឿងសេចក្ដី ការបូជាថ្មីនៃជាងផ្កា ។ ដែលបានថ្វាយដល់ព្រះសម្ពុទ្ធ ទ្រង់គុណវិសុទ្ធដ៏ថ្លៃថ្លា តើទាននោះមានផលយ៉ាងណា សូមទ្រង់មេត្តាប្រោសសម្ដែង ។ រីអង្គសម្ដេចព្រះភគវា ទទួលអារាធនាពេលនោះឯង ជ្រាបដោយព្រះញាណឃើញច្បាស់ទែង ទើបទ្រង់សម្ដែងប្រទានប្រាប់ ។ ថានែអានន្ទអានុជអ្នក ចូរត្រងឱ្យជាក់រង់ចាំស្ដាប់ នាយជាងក្រងផ្កាដែលប្ដូរស្លាប់ ផលជូនឆុតឆាប់ដូចប្រាថ្នា ។ ព្រោះមានសទ្ធាខ្លាំងលើសលន់ លើសលប់ពេកពន់ឥតឧបមា បានយកចង្កោមកម្រងផ្កា បូជាតថាគតនេះឯង ។ ផលនេះវិសេសវិសាលណាស់ ប្រាកដជាក់ច្បាស់ជួយតាក់តែង ឱ្យបានទ្រព្យធនធំចិញ្ចែង ចិញ្ចាចគួរស្ញែងស្ញប់គ្រប់គ្នា ។ ច្យុតពីទីនេះបានទៅកើត យោនយកកំណើតជាទេវា សោយសុខមិនអាចនឹងគណនា អស់កាលវេលាអង្វែងឆ្ងាយ ។ អន្ទោលចុះឡើងក្នុងត្រៃភព កុសលជួយទប់ទល់រូបកាយ មិនឱ្យធ្លាក់ទៅក្នុងអបាយ ផុតពីអន្តរាយមួយសែនកប្ប ។ លុះដល់ទៅជាតិទីបំផុត បានជាបច្ចេកពុទ្ធសឹងឆុតឆាប់ ត្រាស់ធម៌អាថ៌យ៉ាងចំណាប់ តថាគតប្រាប់ដូច្នេះឯង ។ ទ្រង់នាមជាព្រះសុមនៈ ជ្រះអស់រាគៈគ្រឿងចំបែង អវិជ្ជាឫសគល់នាំតាក់តែង ស្រឡះបាត់ផ្សែងចូលនិព្វាន ។ ជនណាឧស្សាហ៍សាងកុសល ខំប្រឹងខ្វាយខ្វល់រកសីលទាន ភាវនាធម៌អាថ៌ឱ្យកើតមាន ជននោះនឹងបានឋានសុខពិត ។ កុំឱ្យត្រេកអរធម៌តិរច្ឆាន នរកប្រែតសាមាន្យមកជាមិត្ត ក្រសាវក្រសោបឱបរួបរឹត ងងឹតងងល់ដល់ខ្លួនប្រាណ ។ ធម៌ណាអាក្រក់ព្រោះលោកប្រាប់ គួរតែយើងស្ដាប់ចាំឱ្យបាន ដូចជាវេរាទាំង៥ឋាន ព្រះអង្គលោកបានហាមគ្រប់គ្នា ។ ទី១បាណាតិបាតា កុំឱ្យប្រាថ្នាផ្ដាច់ជន្មា ជីវិតមនុស្សសត្វផងនានា ដោយចិត្តពាលាមិនគិតខ្លាច ។ ហាមតាំងពីពងមាន់ពងទា កុំឱ្យស្ងោរវាទាំងអំណាចដរាបដល់ពួកសត្វតូចតាច ជាដើមគួរអាចវៀរឱ្យបាន ។ ទី២ហាមផ្ដាច់គំនិតខូច យ៉ាងដូចជាបទអទិន្នាទាន កុំឱ្យលួចប្លន់ដើររុករាន ឆបោកធនធានជននានា ។ ទី៣កាមេសុមិច្ឆា កុំឱ្យប្រាថ្នាបុត្តភរិយា របស់គេដែលថែសព្វវេលា ទោសធ្ងន់មហិមាក្រៃកន្លង ។ ទី៤អំពីមុសាវាទកុំពោលឃ្លៀងឃ្លាតខុសទំនង កុហកបញ្ឆោតគេម្ដងៗ នាំឱ្យសៅហ្មងពន់ប្រមាណ ។ ទី៥សុរាមេរយៈ ត្រូវដាក់ធុរៈចេញកុំខាន កុំយកមកផឹកថាស្រួលប្រាណ ស្រួលបានតែបាបប៉ុណ្ណោះឯង ។ ទោសផឹកសុរាធ្ងន់ពេកណាស់ ព្រះពុទ្ធជាម្ចាស់ទ្រង់សម្ដែង ពួកអ្នកប្រមឹកគួរវៀរលែង ញញើតកោតក្រែងភ្លើងអវិចី ។ វេរាទាំង៥ដូចបានថ្លែង ស្ដាប់ឮជាក់ស្ដែងទាំងប្រុសស្រី ត្រូវលះចោលចេញកុំស្ដាយថ្វី នាំកាឡកណ្ណីបាបដល់ខ្លួន ។ ពីនេះសម្ដែងរឿងសច្ចៈ រៀងជារយៈតាមចំនួន លោកបានពោលទុកថាមាន៤ តាមក្បួនច្បាប់ពុទ្ធសាសនា ។ សច្ចៈទី១បានខាងទុក្ខ តែងតាមលុយលុករាល់រូបា តាំងពីនៅក្នុងផ្ទៃមាតា ឥតមាននរណាវេះគេចបាន ។ វេលាប្រសូតចេញមកទៀត ទុក្ខតាមជ្រៀតបៀតគ្មានស្រាកស្រាន្ត ដរាបទៅដល់ពេលចែកឋាន ទុក្ខខ្លាំងប្រមាណឥតឧបមា ។ ទុក្ខសច្ចលោកចាត់ថាជាផល គួរគិតឱ្យដល់កុំកង្ខា ឱ្យឃើញជាក់ច្បាស់ដោយបញ្ញា ដូចអង្គសាស្ដាទ្រង់សម្ដែង ។ សច្ចៈទី២នោះដោយឡែក ព្រះពុទ្ធទ្រង់បែកតាមតំណែង បានខាងតណ្ហានាំតាក់តែង ទុក្ខយូរអង្វែងរៀងរាល់ជាតិ ។ តណ្ហាជាហេតុជាប្រមុខ ដឹកនាំកងទុក្ខមិនរវាត មិនងាយសព្វសត្វនឹងបានឃ្លាត លុះតែផុតជាតិទើបទុក្ខគ្មាន ។ សច្ចៈទី៣បានខាងឋាន សុខស្រួលក្សេមក្សាន្តគឺនិព្វាន រម្លត់គ្រឿងទុក្ខមិនឱ្យមាន ដូចបាននិទានប្រាប់កុំឆ្ងល់ ។ និរោធសច្ចនេះឯងណា ពោលតាមពុទ្ធដីកាថាជាផល ព្រោះកើតអំពីបុណ្យកុសល តែងជួយតម្កល់តម្កើងសត្វ ។ សច្ចៈទី៤បានខាងមគ្គ ជាផ្លូវឯកអគ្គប្រសើរក្ដាត់ សម្រាប់ពួកជនអ្នកប្រតិបត្តិ ដើរកាត់ទៅកាន់អម្រឹតបុរី ។ ផ្លូវនេះប្រាកដជាផ្លូវត្រង់ បើចែកតាមអង្គមានប្រាំបី អស់ពួកសប្បុរសទាំងប្រុសស្រី ធ្លាប់ជ្រាបសេចក្ដីខ្លះដែរហើយ ។ ផ្លូវនេះសម្រាប់ជនប្រសើរ តែងធ្វើដំណើរទៅកាន់ត្រើយ និព្វានរម្លត់ទុក្ខសះស្បើយ ឋានហ្នឹងឯងហើយផុតកង្វល់ ។ មគ្គសច្ចៈនេះចាត់ជាហេតុ នាំសត្វអណ្ដែតឡើងទៅដល់ នាទីខ្ពង់ខ្ពស់គឺមគ្គផល ផ្ដាច់អកុសលក្នុងសង្សារ ។
និទានអំពីនាយមាលា និងបទវេរាប្រាំប្រការ សច្ចធម៌បួនមានខ្លឹមសារ ពុំបានពិស្ដារទូលាយវែង ។ រៀបរៀងរឿងនេះមិនបានសព្វ សូមស្លេះបញ្ចប់ប៉ុណ្ណេះឯង បន្ទាប់ពីនេះនឹងសូមថ្លែង នាមខ្ញុំអ្នកតែងនិងងារខ្លួន ។ ខ្ញុំឈ្មោះកែ – នេត តែងចូលចេញ នៅក្រុងភ្នំពេញឃុំលេខ៤ បានធ្វើរាជការពេញសំនួន យសសម្រាប់ខ្លួនខាងលិខិត ។ ងារការខ្ញុំនោះថ្នាក់ជាទី ឧកញ៉ាភក្ដីសាទេពពិត ព្រះករុណាជាម្ចាស់ថ្លៃជីវិត ស្ដេចទ្រង់មានឫទ្ធិប្រទានឱ្យ ។ ខ្ញុំខំរៀបរៀងតែងសេចក្ដី ប្រយោជន៍ដើម្បីជនខាងក្រោយ គ្រាន់បានអានមើលដឹងជ្រុងជ្រោយ កុំឱ្យថ្លោះធ្លោយការប្រតិបត្តិ ។ រៀបរាប់ពីរឿងនាមងារការ តាមដោយវោហារដែលបានចាត់ ចែងទុកការពារប្រុងប្រយត្ន បើរូបទៅបាត់ឈ្មោះខ្ញុំនៅ ។
ចប់
ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា អត្ថបទក្បាលទី ២ ឆ្នាំទី ១៧ ខ្សែទី ៩ គ.ស. ១៩៤៥ ព.ស. ២៤៨៥