តឹសតិនិបាត សត្តមភាគ
ព្រះបាឡាត់ពោធិរាម យូរ – ប៉ុណ្ណ ក្រុមជំនុំប្រែព្រះត្រៃបិដក
ប្រែរៀបរៀង
កាលព្រះសាស្ដាគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធនូវរាជោវាទហើយត្រាស់សម្ដែងធម៌ទេសនាថា អប្បមាទោ អមតំ បទំ ដូច្នេះជាដើម ។
មានសេចក្ដីដំណាលថា ថ្ងៃមួយ ព្រះរាជាកោសលទ្រង់បានវិនិច្ឆ័យនូវហេតុដែលកើតឡើងក្នុងដែនរបស់ព្រះអង្គ ដែលគេវិនិច្ឆ័យមិនត្រូវតាមច្បាប់ ប្រកបដោយអគតិ ឱ្យបានត្រឹមត្រូវតាមធម៌ រួចហើយព្រះអង្គទ្រង់ព្រះតម្រិះចង់ទៅក្រាបបង្គំទូលដំណើរនោះ ចំពោះព្រះមានព្រះភាគ លុះដល់ពេលសោយព្រះក្រយាស្ងោយរួច ស្ដេចឡើងគង់លើព្រះទីន័ងរាជរថទាំងថ្ងៃត្រង់ ទៅគាល់ព្រះមានព្រះភាគ ក្រាបថ្វាយបង្គំទៀបព្រះបាទាហើយគង់ក្នុងទីដ៏សមគួរ ។
គ្រានោះ ព្រះមានព្រះភាគទ្រង់ត្រាស់សួរថា បពិត្រមហារាជ ស្ដេចយាងមកទាំងថ្ងៃត្រង់ តើមានការដូចម្ដេច ? ព្រះរាជាកោសលក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស ថ្ងៃនេះខ្ញុំព្រះអង្គបានវិនិច្ឆ័យនូវហេតុដែលកើតឡើងក្នុងដែន ដែលគេវិនិច្ឆ័យមិនត្រឹមត្រូវតាមច្បាប់ ប្រកបដោយអគតិ ឱ្យបានត្រឹមត្រូវតាមធម៌ ខ្ញុំព្រះអង្គមិនមានពេលឯណាក្រៅពីពេលនេះ មកទូលសួររឿងនោះចំពោះព្រះអង្គឡើយ ព្រោះខ្ញុំព្រះអង្គមានកិច្ចការច្រើន បានជាមកទាំងថ្ងៃត្រង់ សូមទ្រង់ព្រះមេត្តាប្រោសអត់ទោសឱ្យទាន ។
ព្រះសាស្ដាទ្រង់ត្រាស់ថា បពិត្រមហារាជ ឯការវិនិច្ឆ័យដែលមហារាជកាត់សេចក្ដីប្រកបដោយធម៌នេះក៏ជាកុសលជាដំណើរទៅកាន់សុខគតិប្រាកដ តែឯការវិនិច្ឆ័យនេះ មហារាជបានមកទទួលយកឱវាទអំពីសម្នាក់តថាគតដែលបានត្រាស់ដឹងហើយយកទៅវិនិច្ឆ័យដោយធម៌នោះមិនមែនជាការអស្ចារ្យទេ កាលពីព្រេងនាយមានមហាក្សត្រដែលបានទ្រង់ព្រះសណ្ដាប់នូវឱវាទនៃអ្នកប្រាជ្ញទាំងឡាយ ដែលមិនទាន់បានត្រាស់ដឹងដូចជាតថាគតនៅឡើយ ហើយយកទៅវិនិច្ឆ័យនូវហេតុដែលកើតឡើងក្នុងដែនឱ្យប្រកបដោយធម៌ លះបង់នូវអគតិ ៤ យ៉ាង មិនញាប់ញ័រក្នុងទសពិធរាជធម៌ គ្រប់គ្រងរាជ្យប្រកបដោយធម៌ បំពេញផ្លូវសុគតិបានគ្រប់គ្រាន់ នេះទើបពេញជាអស្ចារ្យ ។ ព្រះរាជាកោសលបានអារាធនាឱ្យព្រះអង្គសម្ដែង ព្រះសាស្ដាក៏ទ្រង់នាំអតីតនិទានថា អតីតេ ។ ល ។ អហមេវាតិ ។
អតីតេ ក្នុងកាលដែលកន្លងទៅហើយ មានក្សត្រមួយព្រះអង្គទ្រង់ព្រះនាមព្រះបាទបញ្ចាល សោយរាជ្យក្នុងឧត្តរបញ្ចាលនគរ ក្នុងដែនកបិលៈ ជាស្ដេចប្រកបដោយអគតិ មានសេចក្ដីប្រមាទក្នុងអកុសលធម៌ ។ ទាំងពួករាជអាមាត្រ ក៏សុទ្ធតែប្រកបដោយអកុសលធម៌ទាំងអស់ ។ មហាក្សត្រនោះ ចាត់ចែងការរាជការមិនត្រូវតាមច្បាប់បវេណីក្សត្រពីដើម បណ្ដោយឱ្យពួកអ្នករាជការមន្រ្តីតូច – ធំ បៀតបៀនរឹបជាន់រាស្រ្តប្រជាដោយសួយសារអាករ យកពន្ធដារឥតមានច្បាប់ទម្លាប់ពួករាស្រ្តប្រជាដែលនៅក្នុងដែនទាំងប៉ុន្មានក៏កើតសេចក្ដីក្ដៅក្រហាយរកស៊ីធ្វើការមិនបានសេចក្ដីសុខ – ចម្រើន ដល់ពេលថ្ងៃរះឡើង យកបន្លានិងមែកឈើមកស្រាស់មាត់ទ្វារផ្ទះ ហើយនាំប្រពន្ធកូនទៅនៅក្នុងព្រៃ ដូចជាពួកម្រឹគ ដោយខ្លាចរាជបុរសរឹបជាន់ ពេលល្ងាចទើបបាននាំកូនប្រពន្ធវិលមកផ្ទះវិញ ដល់ពេលយប់ត្រូវពួកចោរចូលមកលួចប្លន់យកទ្រព្យសម្បត្តិទៀត ឥតមានបានសុខពេលណាសោះ ពេលថ្ងៃត្រូវពួករាជបុរសរឹបជាន់ ពេលយប់ត្រូវពួកចោរប្លន់ដណ្ដើមយកទ្រព្យ ។
គ្រានោះ ព្រះពោធិសត្វកើតជារុក្ខទេវតាឈ្មោះភណ្ឌុតិណ្ឌុកៈ អាស្រ័យនៅខាងក្រៅនគរ ព្រះមហាក្សត្រតែងយកគ្រឿងសក្ការៈដ៏ឧត្ដមទៅបូជារាល់ៗឆ្នាំ ពោធិសត្វដឹងហេតុដែលកើតមាននៅក្នុងនគរហើយក៏មានសេចក្ដីត្រិះរិះថា ស្ដេចនេះ ចាប់តាំងពីបានសោយរាជ្យមក មានសេចក្ដីប្រមាទ មិនប្រព្រឹត្តតាមច្បាប់បវេណី មិនកាន់ទសពិជរាជធម៌សោះ រមែងញាំងជនឱ្យវិនាសសាបសូន្យទៅ បើអាត្មាអញមិនទៅជួយស្រោចស្រង់ញ៉ាំងស្ដេចនេះឱ្យឋិតនៅក្នុងធម៌ទេ មុខជាមានសេចក្ដីអន្តរាយណាមួយដោយពិត ព្រោះស្ដេចនេះ មានឧបការដល់អញច្រើនណាស់គួរអញទៅទូន្មានឱ្យឋិតនៅក្នុងទសពិជរាជធម៌ លុះពោធិសត្វគិតដូច្នេះហើយក៏ហោះចូលទៅកាន់ទីសេយ្យាសន៍នៃស្ដេចហើយបញ្ចេញនូវពន្លឺរស្មីភ្លឺពាសពេញទាំងប្រាសាទ។ ស្ដេចបញ្ចាលបានទតឃើញនូវពន្លឺរស្មីនោះហើយក៏ត្រាស់សួរថានរណានេះ ? អ្នកឯងជាអ្វី ? មកក្នុងទីនេះដោយហេតុដូចម្ដេច ? ពោធិសត្វតបថា បពិត្រមហារាជ ខ្ញុំព្រះអង្គជាទេវតាឈ្មោះភណ្ឌុតិណ្ឌុកៈ មកដើម្បីថ្វាយឱវាទដល់ព្រះអង្គ ។ ស្ដេចត្រាស់សួរថាអ្នកឯងឱ្យឱវាទដល់ខ្ញុំដូចម្ដេច ។ ពោធិសត្វតបថា បពិត្រមហារាជ ព្រះអង្គគ្រប់គ្រងរាជ្យក្នុងនគរនេះមិនប្រកបដោយធម៌ទេ មានសេចក្ដីប្រមាទណាស់ ដែនរបស់ព្រះអង្គនេះមុខជានឹងវិនាសសាបសូន្យទៅពុំខាន ធម្មតាស្ដេចសោយរាជ្យក្នុងនគរមួយៗ តែមានសេចក្ដីប្រមាទហើយនឹងធ្វើជាម្ចាស់ដែនពុំបានទេ នឹងមានសេចក្ដីវិនាសក្នុងបច្ចុប្បន្ននេះ លុះដល់បរលោកនាយក៏ទៅកើតក្នុងមហានរកទៀត មួយយ៉ាងទៀត បើមហារាជប្រមាទហើយពួកជនខាងក្នុង គឺពួកអ្នករាជការធំ – តូច ដែលធ្វើការថ្វាយព្រះអង្គក្ដី ពួកជនខាងក្រៅ គឺពួករាស្រ្តប្រជាដែលជាអ្នកធ្វើកិច្ចការរកស៊ីចិញ្ចឹមជីវិត ជាអ្នករកសួយសារអាករថ្វាយព្រះអង្គក្ដី ក៏សុទ្ធតែមានបមាទធម៌ទាំងអស់ ។ ព្រោះហេតុនោះ សូមព្រះអង្គតាំងព្រះទ័យឱ្យល្អកុំមានសេចក្ដីប្រមាទឡើយ ។ពោធិសត្វទូន្មានយ៉ាងនេះហើយ ទើបសម្ដែងធម៌ទេសនាតទៅទៀតថា ៖
អប្បមាទោ អមតំ បទំ បមាទោ មច្ចុនោ បទំ
អប្បមត្តាំ ន មីយន្តិយេ បមត្តា យថា មតា ។
មទា បមាទោ ជាយេថ បមាទា ជាយតេ ខយោ
ខយា ច ទោសា ជាយន្តិ មា មទោ ភរតូសភ ។
ពហូ ហិ ខត្តិយា ជិណ្ណាអត្ថំ រដ្ឋំ បមាទិនោ
អថោបិ តាមិនោ កាមាអនាគារា អគារិនោ ។
ខត្តិយស្ស បមត្តស្ស រដ្ឋស្មឹ រដ្ឋវឌ្ឍន
សព្វេ ភោគា វិនស្សន្តិ រញ្ញោ តំ វុច្ចតេ អឃំ ។
នេស ធម្មោ មហារាជ អតិវេលំ បមជ្ជសិ
ឥទ្ធំ ដីតំ ជនបទំចោរា វិទ្ធំសយន្តិ នំ ។
ន តេ បុត្តា ភវិស្សន្តិ នហិរញ្ញំ ន ធានិយំ
រដ្ឋេ វិលុម្បមានម្ហិសព្វភោគេហិ ជិយ្យសិ ។
សព្វភោគបរិជិណ្ណំរាជានំ វាបិ ខត្តិយំ
ញាតិមិត្តា សុហជ្ជា ច ន តំ មញ្ញន្តិ មន្តិយំ ។
ហត្ថារោហា អនីកដ្ឋា រថិកា បត្តិការកា
តមេវមុបជីវន្តា ន តំ មញ្ញន្តិ មន្តិយំ ។
អសំវិហិតកម្មន្តំ ពាលំ ទុម្មន្តិ មន្តិនំ
សិរី ជហតិ ទុម្មេធំ ជិណ្ណំវ ឧរគោ តចំ ។
សុសំវិហិតកម្មន្តំ កាលុដ្ឋាយឹ អតន្ទិតំ
សព្វេ ភោគាភិវឌ្ឍន្តិ គាវោ ស ឱសភាមិវ ។
ឧបស្សុតឹ មហារាជ រដ្ឋេ ជនបទេ ចរ
តត្ថ ទិស្វា ច សត្វា ច តតោ តំ បដិបជ្ជសីតិ ។
សេចក្ដីមិនប្រមាទជាផ្លូវនៃសេចក្ដីមិនស្លាប់ សេចក្ដីប្រមាទ ជាផ្លូវនៃសេចក្ដីស្លាប់ ពួកជនអ្នកមិនប្រមាទ ឈ្មោះថាមិនស្លាប់ ពួកជនឯណា ជាអ្នកប្រមាទ ពួកជននោះ ដូចជាស្លាប់ហើយ ។ សេចក្ដីប្រមាទកើតឡើង ព្រោះសេចក្ដីស្រវឹង ការអស់ទៅ ( នៃពួកញាតិជាដើម ) ក៏រមែងកើតឡើង ព្រោះសេចក្ដីប្រមាទ សេចក្ដីថ្នាំងថ្នាក់ក្នុងចិត្ត រមែងកើតឡើង ព្រោះការអស់ទៅ ( នៃទ្រព្យនិងយស ព្រោះហេតុនោះ ) បពិត្រស្ដេចជាចម្បងក្នុងដែន ព្រះអង្គកុំប្រមាទឡើយ ។ ពួកក្សត្រជាច្រើនអង្គ បើមានសេចក្ដីប្រមាទហើយ រមែងសាបសូន្យចាកប្រយោជន៍និងដែន ចំណែកខាងពួកមេស្រុក ក៏រមែងសាបសូន្យចាកស្រុក ពួកអ្នកបួសក៏សាបសូន្យ ( ចាកកិច្ចការរបស់អ្នកបួស ) ពួកគ្រហស្ថក៏សាបសូន្យ ( ចាកកិច្ចការរបស់គ្រហស្ថ ) ។ បពិត្រស្ដេចជាអ្នកញ៉ាំងដែនឱ្យចម្រើន ភោគសម្ប័ទទាំងអស់របស់ក្សត្រជាអ្នកប្រមាទ រមែងវិនាសទៅដោយពិត សេចក្ដីវិនាសនោះ គេហៅថាជាទុក្ខរបស់ស្ដេច ។ បពិត្រមហារាជ សេចក្ដីប្រមាទនេះ មិនមែនជាធម៌ ( របស់ពួកស្ដេចទេ ) ព្រះអង្គប្រមាទហួសពេកណាស់ ពួកចោរនឹងកម្ចាត់បង់នូវជនបទដែលសម្បូណ៌ថ្កុំថ្កើង ( ដោយបាយទឹកមាសប្រាក់ ) នោះបាន ។ បុត្ររបស់ព្រះអង្គមិនមានទេ ទាំងប្រាក់ក៏មិនមាន ទាំងធានីក៏មិនមានដែរ កាលបើចោរប្លន់រាស្រ្ត ( យ៉ាងនេះ ) ព្រះអង្គនឹងសាបសូន្យចាកភោគសម្ប័ទគ្រប់យ៉ាង ។ ពួកញាតិ មិត្ត សម្លាញ់ ក៏មិនសម្គាល់នូវស្ដេចឬក្សត្រដែលសាបសូន្យចាកភោគសម្ប័ទទាំងពួង ដែលគួរសម្គាល់ ( ថាជាស្ដេច ) បានទេ ។ ពួកពលដំរី ពួកសេនា ពលរថ ពលថ្មើរជើង និងពួកកម្មករ ដែលអាស្រ័យចិញ្ចឹមជីវិតនឹងស្ដេចនោះឯង ក៏មិនសម្គាល់នូវស្ដេចដែលគួរសម្គាល់បាន ។ សិរីគឺយសសម្បត្តិ រមែងលះបង់បុគ្គល ពាលអ្នកមិនចេះចាត់ចែងការងារ មានគំនិតអាក្រក់អាប់ឥតប្រាជ្ញា ដូចជាពស់លះបង់នូវសំណកចាស់ ។ ភោគសម្ប័ទទាំងអស់រមែងចម្រើនដល់បុគ្គលអ្នកចេះចាត់ចែងការងារដោយល្អ ក្រោកឡើងទាន់កាលសម័យ ជាអ្នកមិនខ្ជិលច្រអូស ដូចជាហ្វូងគោព្រមទាំងគោឧសក ។ បពិត្រមហារាជ សូមព្រះអង្គយាងទៅកាន់ស្រុកក្រៅចាំស្ដាប់ ( ពាក្យរាស្រ្ត ) ក្នុងដែន និងជនបទរបស់ព្រះអង្គ លុះបានឃើញឬបានឮក្នុងដែននឹងជនបទនោះហើយ តទៅសូមព្រះអង្គធ្វើតាមដំណើរនោះចុះ ។
ពោធិសត្វថ្វាយឱវាទដល់ស្ដេចដោយគាថា ១១ នេះហើយ ក៏ទូលថែមទៀតថា សូមឱ្យព្រះអង្គយាងទៅឱ្យឆាប់ៗទៅ កុំបង្អង់ឡើយ ។ ទេវតាថាហើយក៏ត្រឡប់ទៅកាន់ទីលំនៅរបស់ខ្លួនវិញ ។
ស្ដេចបានទ្រង់ព្រះសណ្ដាប់ពាក្យទេវតាពោលប្រដៅយ៉ាងនេះ ហើយក៏មានសេចក្ដីតក់ស្លុត លុះព្រឹកឡើងក៏ប្រគល់រាជសម្បត្តិឱ្យអាមាត្យហើយក្លែងភេទធ្វើដូចជាមនុស្សធម្មតា ចេញចាកព្រះរាជវាំងទៅតាមទ្វារខាងលិចជាមួយនឹងបុរោហិតម្នាក់ សំដៅទៅកាន់ស្រុកមួយចម្ងាយផ្លូវ ១ យោជន៍ ។ ស្រុកនោះមានបុរសចាស់ម្នាក់ កំពុងទាញបន្លាយកមកស្រាស់ទ្វាររបងផ្ទះ ហើយក៏នាំប្រពន្ធកូនចូលទៅក្នុងព្រៃ លុះពេលល្ងាចពួករាជបុរសចៀសចេញអស់ទៅ ទើបនាំប្រពន្ធកូនមកវិញ ដើរមកដល់មាត់ទ្វាររបងបន្លាក៏មុតជើងគាត់ៗ អង្គុយជោះបន្លាបណ្ដើរជេរស្ដេចបណ្ដើរដោយពាក្យថា ៖
ឯវំ វេទេតុ បញ្ចាលោ សង្គាមេ សរមប្បិតោ
យថាហមជ្ជ វេទេមិ កណ្ដកេន សមប្បិតោ ។
ខ្លួនអញដែលត្រូវបន្លាមុត ហើយដឹងច្បាស់ក្នុងថ្ងៃនេះ យ៉ាងណាសូមឱ្យស្ដេចបញ្ចាល ( ក្នុងនគរនេះ ) ត្រូវសរមុតក្នុងសង្រ្គាម ហើយដឹងច្បាស់យ៉ាងនេះដែរ ។
ចួនជាពេលនោះ ស្ដេចនឹងបុរោហិតក៏នៅជិតបុរសចាស់នោះដែរ បុរោហិតឮពាក្យបុរសជេរស្ដេចដូច្នោះហើយ ក៏សួរថា ៖
ជិណ្ណោ ទុព្វលចក្ខូសិ ន រូបំ សាធុ បស្សសិ
កឹ តត្ថ ព្រហ្មទត្តស្ស យំ តំ មគ្គេយ្យ កណ្ដកោ ។
អ្នកជាមនុស្សចាស់មានភ្នែកទុព្វល មើលរូបមិនឃើញបានដោយស្រួលទេ បន្លាមុតជើងអ្នកឯង ដោយហេតុឯណា ទោសរបស់ស្ដេច ព្រហ្មទត្តចំពោះហេតុនោះតើ ដូចម្ដេច ( ទើបអ្នកឯងជេរស្ដេចវិញ ) ។
បុរសចាស់ឆ្លើយថា ៖
ពហ្វេត្ថ ព្រហ្មទត្តស្ស សោហំ មគ្គស្មិ ព្រហ្មណ
អរក្ខិតា ជានបទា អធម្មពលិនា ហតា ។
រត្តិញ្ច ចោរា ខាទន្តិទិវា ខាទន្តិ តុណ្ឌិយា
រដ្ឋស្មឹ កូដ រាជស្សពហុ អធម្មិកោ ជនោ ។
ឯតាទិសេ ភយេ តាត ភយដ្ដា តាវ មានវា
និល្លេនកានិ កុព្វន្តិ វនេ អាហត្វា កណ្ដក់ ។
ម្នាលព្រាហ្មណ៍ ទោសរបស់ស្ដេចព្រហ្មទត្តមានច្រើនណាស់ក្នុងហេតុនេះគឺខ្ញុំដែលដើរក្នុងផ្លូវ ( មានបន្លាក៏ត្រូវបន្លាមុត ) ទាំងពួកអ្នកជនបទ ក៏ស្ដេចមិនរក្សា ចេះតែឱ្យបៀតបៀនដោយពលិកម្ម ( សួយសារអាករ ) មិនប្រកបដោយធម៌ ។ ពិតណាស់ក្នុងវេលាយប់ ពួកចោរដើរប្លន់ ( អ្នកស្រុក ) វេលាថ្ងៃ ពួកអ្នកចាក់រុកគឺពួកអ្នករាជការក៏ប្លន់ ( រាស្រ្តថែមទៀត ព្រោះតែ ) ស្ដេចខូចកាចសោយរាជ្យក្នុងដែន ទើបមានជនមិនប្រកបដោយធម៌ច្រើនណាស់ ។
ម្នាលព្រហ្មណ៍ កាលបើភ័យយ៉ាងនេះកើតឡើងហើយ មនុស្សទាំងឡាយដែលលំបាកដោយភ័យ ( យ៉ាងនេះ ) ទើបបានជានាំគ្នាយកបន្លាក្នុងព្រៃមកធ្វើជាទីសម្រាប់ពឹងពួន ។
ព្រះបាទព្រហ្មទត្តបានទ្រង់ព្រះសណ្ដាប់ពាក្យបុរសចាស់នោះហើយ ក៏ហៅបុរោហិតមកប្រាប់ថា បុរសចាស់នេះនិយាយត្រូវណាស់ មកយើងនឹងត្រឡប់ទៅសោយរាជ្យឱ្យប្រកបដោយធម៌វិញ ។
ទើបទេវតាគឺពោធិសត្វបញ្ចូលចិត្តបុរោហិតឱ្យទូលស្ដេចថា សូមឱ្យព្រះអង្គយាងទៅឈ្លបស្រុកឯទៀតៗមើលសិន ស្ដាប់ការស្ដាប់ដំណឹងឱ្យបានដឹងហេតុសព្វគ្រប់ ហើយសឹមយាងទៅសោយរាជ្យប្រព្រឹត្តទសពិជរាជធម៌ឱ្យគ្រប់គ្រាន់ៗ ស្ដេចក៏យាងចេញអំពីស្រុកនេះទៅកាន់ស្រុក ១ ទៀត បានទ្រង់ព្រះសណ្ដាប់សំឡេងស្ត្រីចាស់ម្នាក់កំពុងតែជេរស្ដេច ។
ឯស្រ្ដីចាស់នោះ ជាអ្នកក្រីក្រលំបាក មានកូនស្រីពីរនាក់មិនទាន់មានប្ដីនៅឡើយ ម្ដាយរក្សាមិនឱ្យដើរទៅណាមកណាទេ ដើរទៅរកស៊ីធ្វើការដោយខ្លួនឯង ចិញ្ចឹមកូនស្រី ថ្ងៃនោះស្រីចាស់កំពុងឡើងដើមឈើបេះអន្លក់ ក៏ស្រាប់ធ្លាក់ពីដើមឈើ ហើយជេរស្ដេចថា ៖
កទាស្សុ នាម យំ រាជា ព្រហ្មទត្តោ មរិស្សតិ
យស្ស រដ្ឋម្ហិ ជីយន្តិ អប្បតិកា កុមារិកា ។
ពួកកុមារីជាស្រីគ្មានប្ដី រមែងចាស់ទៅក្នុងដែននៃស្ដេចព្រហ្មទត្តឯណា ព្រះបាទព្រហ្មទត្តនោះ នឹងស្លាប់ទៅក្នុងកាលណាអេះ ។
បុរោហិតបានឮហើយឃាត់ថា ៖
ទុព្ភាសិតញ្ហិ តេ ជម្មិ អនត្ថបទកោវិទេ
កុហឹ រាជា កុមារីនំ ភត្តារំ បរំយេសតិ ។
នែនាងលាមក ជាស្រីមិនឈ្លាសក្នុងហេតុនិងផល ពាក្យនាងឯង ជាពាក្យអាក្រក់ អម្បាលយ៉ាងស្ដេច មកស្វែងរកប្ដីឱ្យពួកនាងកុមារីដូចម្ដេចកើត ។
ស្រីចាស់នោះឆ្លើយតបថា ៖
ន មេ ទុព្ភាសិតំ ព្រហ្មេ កោវិទត្ថបទា អហំ
អរក្ខិតា ជានបទា អធម្មពលិនា ហតា ។
រត្តឹ ច ចោរា ខាទន្តិ ទិវា ខាទន្តិ តុណ្ឌិយា
រដ្ឋស្មឹ កូដរាជស្ស ពហុ អធម្មិកោ ជនោ ។
ទុជ្ជីវេ ទុព្ភរេ ទារេ កុតោ ភត្តា កុមារិយា ។
នែព្រាហ្មណ៍ ពាក្យនាងខ្ញុំមិនអាក្រក់ទេ នាងខ្ញុំជាស្រីឆ្លៀសឆ្លាស ក្នុងហេតុនិងផលដែរ ពួកអ្នកជនបទ ក៏ស្ដេចមិនរក្សាចេះតែបៀតបៀនដោយសួយសារអាករ មិនប្រកបដោយធម៌ ទេ ។ ពិតណាស់ក្នុងវេលាយប់ ពួកចោរដើរប្លន់អ្នកស្រុក វេលាថ្ងៃ ពួកអ្នករាជការប្លន់រាស្រ្តព្រោះតែស្ដេចខូចកាចសោយរាជ្យក្នុងដែន បានជាជនច្រើនតែមិនប្រកបដោយធម៌ កាលបើរាស្រ្តរស់នៅដោយលំបាក ទាំងប្រពន្ធដែលគេចិញ្ចឹមក៏បានដោយលំបាក ( យ៉ាងនេះ ) តើពួកនាងកុមារីបានប្ដីពីណាកើត ។
ស្ដេចនិងបុរោហិតបានស្ដាប់ហើយគិតថា ស្រីនេះនិយាយត្រូវណាស់ ហើយក៏យាងហួសទៅទៀត បានឮសំឡេងអ្នកស្រែម្នាក់ផាលមុតជើងគោ ក៏ស្រែកជេរស្ដេចថា ៖
ឯវំ សយតុ បញ្ចលោ សង្គាមេ សត្តិយា ហតោ
យថាយំ កបណោ សេតិ ហតោ ផាលេន សាលិយោ ។
គោឈ្មោះសាលិយៈនេះ ជាសត្វកំព្រាត្រូវផាលមុតជើងដេកស្រតឹកយ៉ាងណា សូមឱ្យស្ដេចបញ្ចាលត្រូវគេសម្លាប់ដោយលំពែងក្នុងសង្រ្គាមដេកស្ដូកយ៉ាងនោះចុះ ។
បុរោហិតឃាត់អ្នកស្រែនោះថា ៖
អធម្មេន តុវំ ជម្ម ព្រហ្មទត្តស្ស កុជ្ឈសិ
យោ ត្វំ សបសិ វាជានំ អបរជ្ឈិត្វាន អត្តនោ ។
នែបុរសលាមក អ្នកឯងដែលប្រទូស្ដខឹងនឹងស្ដេចរបស់ខ្លួន អ្នកឯងឈ្មោះថាខឹងទៅរកស្ដេចព្រហ្មទត្ត ដោយហេតុមិនត្រូវតាមធម៌ទេ ។
អ្នកភ្ជួរស្ដាប់នូវពាក្យនោះហើយ ពោលតបថា ៖
ធម្មេន ព្រហ្មទត្តស្ស អហំ កុជ្ឈាមិ ព្រាហ្មណ
អរក្ខិតា ជានបទាអធម្មពលិនា ហតា ។
រត្តិញ្ច ចោរា ខាទន្តិ ទិវា ខាទន្តិ តុណ្ឌិយា
រដ្ឋស្មឹ កូដរាជស្ស ពហុ អធម្មិកោ ជនោ ។
សានូន បុន រេ បក្កាវិកាលេ ភត្តមាហរិ
ភត្តហារឹ អវេក្ខន្តោ ហតោ ផាលេន សាលិយោ ។
ម្នាលព្រាហ្មណ៍ ខ្ញុំខឹងចំពោះស្ដេចព្រហ្មទត្ត ដោយហេតុត្រូវតាមធម៌ ( ព្រោះថា ) ពួកអ្នកជនបទ ស្ដេចមិនដែលរក្សាទេ ចេះតែបៀតបៀនដោយសួយសារអាករ មិនប្រកបដោយធម៌ ។ ពិតណាស់ ក្នុងវេលាយប់ ពួកចោរប្លន់ ( អ្នកស្រុក ) វេលាថ្ងៃ ពួកអ្នករាជការប្លន់ ( រាស្រ្ត ព្រោះតែ ) ស្ដេចខូចកាចសោយរាជ្យក្នុងដែន បានជាជនច្រើនតែមិនប្រកបដោយធម៌ ។ ស្រីជាដាំបាយក្នុងវេលាព្រឹក ( នាំយកមកឱ្យខ្ញុំ ក៏ត្រូវខ្ញុំកំដររបស់ស្ដេចព្រហ្មទត្តរឹបជាន់យកបាយអស់ ) លុះវេលាថ្ងៃរសៀលទើបនាំយកបាយមក ( ឱ្យខ្ញុំ ) ខ្ញុំក៏ទន្ទឹងចាំមើល នូវស្រ្តីអ្នកយកបាយមកឱ្យ ទាំងគោឈ្មោះសាលិយៈ ក៏ត្រូវផាលមុតជើងទៀត ។
ស្ដេចនិងបុរោហិតឮហើយក៏ទៅស្រុក ១ ទៀត ។ បុរសអ្នករឹតទឹកដោះមេគោ ក៏ត្រូវមេគោធាក់ធ្លាក់ភាជន៍ទឹកដោះពីដៃហើយក៏ជេរស្ដេចថា ៖
ឯវំ ហញ្ញតុ បញ្ចលោ សង្គាមេ អសិនា ហតោ
យថាហមជ្ជ បហតោខីរញ្ច មេ បវត្តិតំ ។
ក្នុងថ្ងៃនេះ ខ្លួនអញត្រូវមេគោធាក់ ទាំងទឹកដោះក៏ធ្លាក់ពីដៃរបស់អញយ៉ាងណា សូមឱ្យស្ដេចបញ្ចាលត្រូវគេសម្លាប់ដោយដាវក្នុងសង្រ្គាមលំបាកយ៉ាងនោះចុះ ។
បុរោហិតឮហើយ សួរថា ៖
អយំ បសុ ខីរំ ឆឌ្ឌេសិ បសុ ផាលញ្ច ហឹសតិ
កឹ តត្ថ ព្រហ្មទត្តស្សយំ នោ គរហតេ ភវំ ។
សត្វចិញ្ចឹមនេះរមែងចោលនូវទឹកដោះ សត្វចិញ្ចឹមរមែងបៀតបៀននូវផាល ដោយហេតុឯណា អ្នកមិនគួរតិះដៀលនូវស្ដេចដ៏ចម្រើនដោយហេតុឯណា កំហុសរបស់ស្ដេចព្រហ្មទត្ត ចំពោះហេតុនោះ ៗ តើដូចម្ដេច ?
បុរសអ្នករឹតទឹកដោះឆ្លើយតបវិញថា ៖
ការយ្ហោ ព្រហ្មេ បញ្ចលោ ព្រហ្មទត្តស្ស រាជិនោ
អរក្ខិតា ជានបទា អធម្មមពលិនា ហតា ។
រត្តឹ ច ចោរា ខាទន្តិ ទិវា ខាទន្តិ តុណ្ឌិយា
រដ្ឋស្មឹ កូដរាជស្ស ពហុ អធម្មិកោ ជនោ ។
ចណ្ឌា អកត្ថនា កវី យំ បុរេ ន ទុហាមសេ
តំទានិ អជ្ជ ទោហាម ខីរកាមេហុបទ្ទុតា ។
ម្នាលព្រហ្មណ៍ ស្ដេចបញ្ចាលរបស់រាជត្រកូលព្រហ្មទត្ត គួរអ្នកផងគេតិះដៀលហើយ ( ព្រោះថា ) ពួកអ្នកជនបទ ស្ដេចមិនដែលជួយរក្សាការពារទេ ចេះតែបៀតបៀនដោយសួយសារអាករ មិនប្រកបដោយធម៌ ។ ពិតណាស់ តែក្នុងវេលាយប់ ពួកចោរដើរប្លន់ ( យកទ្រព្យសម្បត្តិអ្នកស្រុក ) វេលាថ្ងៃ ពួកអ្នករាជការរឹបជាន់ប្លន់ ( រាស្រ្ត ) ( ព្រោះតែ ) ស្ដេចខូចកាចសោយរាជ្យក្នុងដែន បានជាជនច្រើនតែមិនប្រកបដោយធម៌ ។ មេគោកាចផ្លាង ក្នុងកាលពីមុនយើងមិនបានរឹតទឹកដោះឯណា ក្នុងថ្ងៃនេះ ឥឡូវនេះ ពួកយើងក៏ត្រូវពួករាជបុរសអ្នកប្រាថ្នានូវទឹកដោះមករឹបជាន់ ទើបរឹតទឹកដោះនោះ ( បើស្ដេចសោយរាជ្យប្រកបដោយធម៌ ភ័យមិនមានដល់យើងទេ ) ។
ស្ដេចនិងបុរោហិតនិយាយថា បុរសនេះថាត្រូវណាស់ ហើយក៏ចៀសចេញទៅកាន់ស្រុកមួយទៀត ។ សម័យមួយ ពួកអ្នករាជការសម្លាប់កូនគោយកស្បែកធ្វើស្រោមដាវ មេគោក៏រត់ឆ្លេឆ្លាដោយសេចក្ដីសោកស្ដាយកូនរបស់វា ។ ពួកក្មេងអ្នកស្រុកជាអ្នកឃ្វាលគោ ក៏ស្រែកជេរស្ដេចថា ៖
ឯវំ កន្ទតុ បញ្ចលោវិមុត្តោ បរិធាវតុ
យថាយំ កបណា កវីវិមុត្តា បរិធាវតិ ។
មេគោនេះ ជាសត្វកំព្រា ជាសត្វព្រាត់ប្រាស និរាស រីងស្ងួត កន្ទក់កន្ទេញ សូមឱ្យស្ដេចបញ្ចាលក៏យ៉ាងនោះចុះ ។
បុរោហិតសួរថា ៖
យំ បសុ បសុចាលស្ស បព្ភមេយ្យ រវេយ្យ វា
កោនីធ អបរាធត្ថិព្រហ្មទត្តស្សរាជិនោ ។
កាលដែលបុរសអ្នករក្សានូវសត្វចិញ្ចឹម ចំណែកខាងសត្វចិញ្ចឹមក៏ស្ទុះឆ្លេឆ្លាឬស្រែកដោយហេតុឯណា កំហុសរបស់ស្ដេចព្រហ្មទត្តរមែងមានក្នុងហេតុនេះ តើដូចម្ដេច ។
ពួកក្មេង ៗ អ្នកស្រុកឆ្លើយតបថា ៖
អបរាធោ មហាព្រហ្មេ ព្រហ្មទត្តស្ស រាជិនោ
អរក្ខិតា ជានបទាអធម្មពលិនា ហតា ។
រត្តឹ ច ចោរា ខាទន្តិ ទិវា ខាទន្តិ តុណ្ឌិយា
រដ្ឋស្មឹ កូដរាជស្ស ពហុ អធម្មិកោ ជនោ ។
កថំ នោ អសិកោសត្ថា ខីរបា ហញ្ញតេ បជា ។
បពិត្រមហាព្រាហ្មណ៍ កំហុសរមែងមានដល់ស្ដេចព្រហ្មទត្តដោយពិត ព្រោះថា ពួកអ្នកជនបទ ស្ដេចមិនដែលរក្សាដល់ម្ដងទេ ចេះតែបៀតបៀនដោយសួយសារអាករ មិនប្រកបដោយធម៌ ។ តែក្នុងវេលាយប់ ពួកចោរដើរប្លន់ (អ្នកស្រុក ) វេលាថ្ងៃ ពួកអ្នករាជការរឹបជាន់ប្លន់ ( រាស្រ្ត ) តាមអំណាច ព្រោះតែស្ដេចខូចកាចសោយរាជ្យក្នុងដែន ( មិនប្រកបដោយ ធម៌ ) បានជាជនច្រើនតែមិនប្រកបដោយធម៌ដែរ កូននោះកំពុងតែបៅដោះ មានប្រយោជន៍ដល់ស្រោមដាវ រមែងលំបាកយ៉ាងណាទៅ ។
ស្ដេចនិងបុរោហិតនិយាយថា ពួកក្មេងៗអ្នកស្រុកនេះចេះនិយាយត្រូវណាស់ហ្ន៎ ! ហើយក៏ចៀសចេញទៅ ។ គ្រានោះ ពួកក្អែកកំពុងតែចាប់ចឹកកង្កែបស៊ីជាអាហារ ក្នុងស្រះបោក្ខរណី ១ រីងទឹកអស់ ក្នុងរវាងពាក់កណ្ដាលផ្លូវ ព្រះពោធិសត្វក៏បណ្ដាលឱ្យកង្កែបជេរស្ដេចថា ៖
ឯវំ ខជ្ជតុ បញ្ចលោហតោ យុទ្ធេ សបុត្តកោ
យថាហមជ្ជ ខជ្ជាមិគាមិកេហិ អរញ្ញជោ ។
អាត្មាអញកើតក្នុងព្រៃ ត្រូវពួកក្អែកក្នុងស្រុកចឹកស៊ីក្នុងថ្ងៃនេះយ៉ាងណា សូមឱ្យស្ដេចបញ្ចាលព្រមទាំងបុត្រត្រូវគេកាប់ក្នុងចម្បាំងដាច់ខ្ទេចខ្ទីយ៉ាងនោះចុះ ។
បុរោហិតស្ដាប់ហើយ និយាយនឹងកង្កែបថា ៖
ន សព្វភូតេសុ វិធេន្តិ រក្ខំ
រាជានោ មណ្ឌូក មនុស្សលោកេ
នេត្តាវតា រាជា អធម្មចារី
យំ តាទិសំ ជីវមទេយ្យុ ធង្កា ។
នែកង្កែប ព្រះរាជាទាំងឡាយ ក្នុងមនុស្សលោក ( នេះ ) មិនចាត់ចែងនូវការរក្សាចំពោះពួកសត្វទាំងឡាយទេ ពួកក្អែកស៊ីនូវសត្វរស់ប្រាកដដូច្នោះ ដោយហេតុឯណា ព្រះរាជាមិនមែនប្រព្រឹត្តមិនប្រកបដោយធម៌ ដោយហេតុប៉ុណ្ណោះទេ ។
កង្កែបស្ដាប់ហើយនិយាយតបវិញថា ៖
អធម្មរូបោ វត ព្រហ្មចារី
អនុប្បិយំ ភាសសិ ខត្តិយស្ស
វិលុម្បមានាយ បុថុប្បជាយ
បូជេ សិ រាជំ បរមប្បវាទឹ ។
សចេ ឥទំ ព្រហ្មេ សុរជ្ជកំ សិយា
ដីតំ រដ្ឋំ មុទិតំ វិប្បសន្នំ
ភុត្វា ពលឹ អគ្គបិណ្ឌញ្ច កាកា
ន មាទិសំ ជីវមទេយ្យុ ធង្កា ។
អ្នកដូចជាព្រហ្មចារីបុគ្គល តែមានសភាពមិនមែនជាអ្នកធម៌សោះ ពោលនូវពាក្យគួរដល់សេចក្ដីស្រឡាញ់ចំពោះក្សត្រ កាលបើប្រជាជនជាច្រើនដែលស្ដេចរឹបជាន់ អ្នកបូជា ( សរសើរ ) ចំពោះស្ដេចថាជាអ្នកមិនពោលពាក្យដ៏ប្រសើរ ។ នែព្រាហ្មណ៍ ប្រសិនបើដែននេះមានរាជការល្អ ជាដែនស្ដុកស្ដម្ភ មានរាស្រ្តរីករាយជ្រះថ្លា ទាំងពួកក្អែក ក៏បានស៊ីនូវដុំបាយដ៏ប្រសើរ ជាគ្រឿងបូជា ( របស់មនុស្ស ) ពួកក្អែកនឹងលែងស៊ីសត្វរស់ប្រាកដដូចជាខ្ញុំមិនខាន ។
ហេតុដែលជេរបន្ទោសដល់ស្ដេចទាំង ៦ កន្លែងនេះ គឺដោយអំណាចពោធិសត្វមកបញ្ចូលចិត្ត ឱ្យអ្នកទាំងអស់គ្នាគិតឃើញយ៉ាងនេះ ដើម្បីរំឭកស្ដេចបញ្ចាលឱ្យលោកបានប្រព្រឹត្តត្រឹមត្រូវតាមទសពិធរាជធម៌ ឱ្យពួកជនដែលអាស្រ័យនៅក្នុងដែនបានសេចក្ដីសុខក្សេមក្សាន ដោយសារគុណបុណ្យបារមីរបស់ស្ដេចតទៅ ។
ឯព្រះបាទបញ្ចាលនិងបុរោហិត លុះបានឮនូវហេតុនោះហើយក៏វិលត្រឡប់ទៅនគរគ្រប់គ្រងរាជ្យដូចដើមវិញ ទទួលយកនូវឱវាទនៃពោធិសត្វមកតម្កល់ទុកក្នុងព្រះទ័យ ហើយចាត់ចែងរៀបចំការរាជការ ក្នុងព្រះនគរឱ្យបានរៀបរយតាមបវេណី ប្រព្រឹត្តនូវទសពិធរាជធម៌ដោយគ្រប់គ្រាន់ ពួករាស្រ្តប្រជាក៏បានសេចក្ដីសុខ – ចម្រើន ទាំងភោគសម្ប័ទក៏សម្បូណ៍សប្បាយចាយវាយឥតខ្វះខាតឡើយ ។
ព្រះមានព្រះភាគទ្រង់នាំអតីតនិទានមកពន្យល់ដល់ព្រះរាជាកោសល ដូចបានអធិប្បាយមកនេះ ហើយទ្រង់រំឭកដាស់តឿនថា បពិត្រមហារាជ សូមឱ្យមហារាជលះបង់នូវអគតិចេញ ហើយគ្រប់គ្រងរាជ្យប្រកបដោយធម៌ចុះ ។
ចប់ភណ្ឌុតិណ្ឌុកជាតកតែប៉ុណ្ណេះ ។
ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា អត្ថបទក្បាលទី ២ ឆ្នាំទី ១៧ ខ្សែទី ៨ គ.ស. ១៩៤៥ ព.ស. ២៤៨៥ និងអត្ថបទក្បាលទី ២ ឆ្នាំទី ១៧ ខ្សែទី ៩ គ.ស. ១៩៤៥ ព.ស. ២៤៨៥