នានាភាសិត
ព្រះគ្រូមុនីសោភ័ណ សោម – ឡុច ក្រុមជំនុំព្រះត្រៃបិដក
នៅពុទ្ធសាសបណ្ឌិត្យ រៀបរៀង
ក្នុងលោកនេះ មានជនចំពូកខ្លះ ច្រើនប្រកបដោយសេចក្ដីលោភជ្រុលជ្រួសប្រមាណ ចង់មាន ចង់បានខ្លាំងពេក ឥតគិតមុខគិតក្រោយ ឥតយល់មុខនរណាជានរណា ឱ្យតែប្រទះដៃត្រង់ណាយកត្រង់ហ្នឹង គិតខាងឱ្យបានតែចំណូលនិងចំណេញ ត្រង់ចំណាយឬក៏វិនាសអន្តរាយបង់ខាតទៅវិញ មិនគិតផងសោះ ជនបែបនេះលោកហៅថា ឆ្អិនក្បាល ស៊ីក្បាល ឆ្អិនកន្ទុយ ស៊ីកន្ទុយ នឹងយកជាការប្រមាណមិនបាន ។
មួយទៀត ក្នុងត្រៃភព ទោះវត្ថុមានវិញ្ញាណក្ដី ឥតវិញ្ញាណក្ដី មានរូបក្ដី ឥតរូបក្ដី សុទ្ធតែមានហេតុមានទំនង ល្មមឱ្យគិតឃើញបានទាំងអស់ ព្រោះរបស់ទាំងនោះសឹងមានជាគូៗនឹងគ្នាហូរហែមកជាធម្មតា ដូចពាក្យថា « បុណ្យគូនឹងបាប គុណគូនឹងទោស សុខគូនឹងទុក្ខ ល្អគូនឹងអាក្រក់ បានគូនឹងបង់ឬបាត់ទៅវិញ » រួមខ្លីថា បុណ្យបាប គុណទោស សុខទុក្ខ ល្អអាក្រក់ បានបង់ ឬបាត់ទៅវិញ ប៉ុណ្ណេះជាដើម ។
ជនអ្នកមានបញ្ញា គួរត្រិះរិះគិតរបស់ទាំងនោះ កុំឱ្យដាច់គូគ្នា ដើម្បីការពារកុំឱ្យទុក្ខគ្របសង្កត់ខ្លាំងពេក បើមិនបានគិតទុកជាមុនទេ ដល់ពេលមានគ្រោះថ្នាក់ធ្លាក់មកដល់ខ្លួនម្ដងៗ ចិត្តវាញាប់ញ័ររន្ធត់តក់ស្លុតស្លន់ស្លោសង្រេងសង្រៃ អាឡោះអាល័យសោកស្ដាយពេកណាស់ បើបានធ្វើបុណ្យយសសក្ដិជាធំហើយ កុំស្រវឹងវង្វេងភ្លេចខ្លួនពេក ត្រូវគិតដល់បាបគឺអំពើលាមកណាមួយដែលជាហេតុនាំខ្លួនឱ្យសាបសូន្យទៅវិញផង មានគុណធម៌ល្អក្នុងខ្លួនហើយ ត្រូវគិតដល់ទោសផង បានសុខស្រួលហើយ ត្រូវគិតដល់ទុក្ខផង បានល្អហើយ ត្រូវគិតដល់អាក្រក់ផង រកទ្រព្យសម្បត្តិបានហើយ ត្រូវគិតដល់ការវិនាសបង់ខាតទៅវិញផង ហេតុបានជាគិតដូច្នោះនោះ ព្រោះវត្ថុទាំងមានវិញ្ញាណ ឥតវិញ្ញាណដែលកើតមានក្នុងត្រៃភព សុទ្ធតែជារបស់មិនទៀង រមែងផ្អៀងក្រឡាប់ផ្កាប់ ចុះចូលមកនៅក្នុងផ្ទៃព្រះត្រៃលក្ខណ៍ទាំង ៣ គឺអនិច្ចំ ទុក្ខំ អនត្តា ទាំងអស់ គ្មានសល់មួយឡើយ លើកតែឋានព្រះនិព្វានចេញ ក្រៅពីឋានព្រះនិព្វានហើយ កុំសង្ឃឹមថាបានសុខស្រួលល្អនោះ គ្មានទេ តែងប្រែប្រួលវិនាសសាបសូន្យទៅវិញជាធម្មតា បើជនណាមិនបានគិតគូររបស់ទាំងនោះទេ ត្រឡប់ទៅជាបណ្ដែតបណ្ដោយឱ្យចិត្តផុងលង់ទៅក្នុងអារម្មណ៍ណាមួយហើយ ជននោះឯងមិនងាយនឹងទង់ទាញចិត្តឱ្យបានផុតស្រឡះមកវិញឡើយ ត្រូវតាំងចិត្ត ជាកណ្ដាលទើបបានល្អ គឺថាកុំស្រឡាញ់ពេក កុំមិនស្រឡាញ់ពេក កុំអរពេក កុំមិនអរពេក កុំសប្បាយពេក កុំមិនសប្បាយពេក កាលបើស្រឡាញ់របស់ណាខ្លាំង ទុក្ខក៏ខ្លាំង ស្រឡាញ់យ៉ាងល្មម ទុក្ខក៏ល្មម ស្រឡាញ់បន្តិចបន្តួច ទុក្ខក៏បន្តិចបន្តួច បើមិនស្រឡាញ់សោះ ទុក្ខក៏គ្មានដែរ ។
អធិប្បាយថា ដូចជាមាតាបិតាស្រឡាញ់បុត្តណាមួយដែលជាទីពេញចិត្ត ស្ទើរតែបាត់ពីមុខមិនបាន វេលាណា បុត្តនោះមានជំងឺឈឺចាប់ ស្លាប់បាត់បង់ទៅ ឬមួយក៏ព្រាត់ប្រាសទៅនៅទីណាៗបាត់ទៅក៏កើតទុក្ខទួញយំសោកស្ដាយខ្លាំងពេកណាស់ ១០ឆ្នាំ ២០ឆ្នាំ ឡើងទៅ ក៏មិនងាយនឹងបាត់ទុក្ខនោះឡើយ នេះហៅថាស្រឡាញ់ខ្លាំង ទុក្ខក៏ខ្លាំង ព្រោះហេតុនោះ បានពន្យល់ថា ត្រូវឱ្យតម្កល់ចិត្តជាកណ្ដាល បើមិនតម្កល់ចិត្តជាកណ្ដាលទេ ពេលណាតែមានគ្រោះថ្នាក់ប៉ះមកដល់ម្ដងៗ ក៏កើតទុក្ខយ៉ាងខ្លាំង នឹងរកវត្ថុអ្វីមកប្រៀបផ្ទឹមពុំបានដូចស្វានឹងគ្រាប់ពោត ។
អំពីរឿងស្វានឹងគ្រាប់ពោត
សូមដំណាលរឿងនោះ ដោយសង្ខេបខ្លី តាមសេចក្ដីក្នុងកាឡាយមុដ្ឋជាតក ទុកនិបាតថា « ក្នុងអតីតកាល កាលកន្លងទៅហើយ គ្រានោះមានស្ដេចមួយព្រះអង្គ ទ្រង់ព្រះនាមព្រហ្មទត្ត សោយរាជ្យក្នុងក្រុងពារាណសី ។
វេលានោះ ព្រះពោធិសត្វនៅជាអាមាត្យគាល់បម្រើនឹងប្រដៅធម៌ ថ្វាយស្ដេចនោះ ។ មានកាលសម័យថ្ងៃមួយ ព្រះបាទព្រហ្មទត្តស្ដេចលើកពួកពលសេនាយោធាចេញទៅបង្រ្កាបសត្រូវដែលនាំបណ្ដាលហេតុបះបោរធ្វើជាចោរលួចប្លន់កាប់សម្លាប់ពួកអ្នកស្រុកបច្ចន្តគ្រាម ព្រះពោធិសត្វក៏បានជាប់ទៅជាមួយស្ដេចផងដែរ ពេលនោះនៅមានភ្លៀងកំពុងធ្លាក់ជោកជាំជោរជន់ ពេញស្ទឹងពេញអូរហៀរហូររសាយលិចទួលតូចធំ ព្រះបាទព្រហ្មទត្តទ្រង់ស្ដេចធ្វើព្រះរាជដំណើរទៅ ក៏លំបាកពេកណាស់ ទើបទ្រង់ស្ដេចនាំពួកពលនោះទៅឈប់ក្នុងសួនឧទ្យានដើម្បីនឹងប្រជុំពួកពលឱ្យដឹងចំនួនតិចច្រើន ។
ចំណែកខាងពួកទាហានសេះក៏នាំគ្នាស្ងោរគ្រាប់ពោតឆ្អិនស្រេចដួសស្រង់ចាក់ទៅក្នុងស្នូកដើម្បីទុកឱ្យពួកសេះស៊ី ។ ក្នុងសួនឧទ្យាននោះ មានពួកស្វានៅជាច្រើន មានស្វា ១ ខិលខូចជាងគេរវះរវាមខាងឯចំណី ក្រឡេកមើលទៅឃើញគ្រាប់ពោតស្ងោរថ្មីៗ ក៏មានសេចក្ដីចង់ស៊ីខ្លាំងពេកណាស់ អត់ទ្រាំមិនបាន ក៏សម្រូតខ្លួនចុះពីដើមឈើទៅលបលួចគ្រាប់ពោតនោះពមពេញក្នុងមាត់ ហើយក្រសាវចាប់ក្ដាប់ពេញៗ ដៃទាំងពីរថែមទៀត ហើយបោលត្រឡប់ឡើងទៅលើដើមនោះវិញ ក៏អង្គុយទំពាស៊ីគ្រាប់ពោតនោះ លុះទំពាស៊ីមិនទាន់បានជាយូរប៉ុន្មាន ក៏ស្រាប់តែគ្រាប់ពោត ១ របូតជ្រុះពីដៃម្ខាង ធ្លាក់រហូតដល់ដី ឯស្វាកាឡកណ្ណីក៏មានសេចក្ដីស្ដាយពេកណាស់ ស៊ូខ្ជាក់គ្រាប់ពោតពីមាត់ទាំងបាចសាចគ្រាប់ពោតពីដៃទាំងពីរចោលចេញអស់ ហើយចុះពីដើមឈើជាប្រញាប់តាមទៅអើតឈ្ងោករកមើលលើផែនដី ក៏រកមិនឃើញនេះហៅថា សត្វល្ងង់ឥតបញ្ញា សត្វចង្រៃ មិនដែលមាន បានគ្រាប់ពោតពេញមាត់ ពេញដៃមិនស្ដាយ ត្រឡប់ទៅស្ដាយពោត ១ គ្រាប់វិញ ត្រូវនឹងពាក្យចាស់លោកថា « ការប៉ុនភ្នំ មិនគិត ទៅគិតសព្វបើស្គរកំបែកមាត់ » យ៉ាងណាមិញ ឯស្វាយ៉ាងនោះដែរ ត្រង់គ្រាប់ពោតច្រើនដែលខ្លួនបានបាចសាចចោលអស់ មិនគិតស្ដាយ ទៅគិតស្ដាយ ពោត ១ គ្រាប់ដែលរបូតជ្រុះពីដៃទៅវិញ លុះខំគយគន់រកត្រង់ណេះត្រង់ណោះមិនឃើញ ទើបត្រឡប់ឡើងទៅលើដើមឈើវិញ ក៏អង្គុយសំកុកកើតទុក្ខស្ទើរតែនឹងដាច់ខ្យល់ស្លាប់ ។ វេលានោះ ព្រះបាទព្រហ្មទត្តស្ដេចទ្រង់ទស្សនាការឃើញកិរិយាស្វាដូច្នោះហើយ ក៏ទ្រង់ត្រាស់សួរពោធិសត្វថា « ហេតុអ្វីបានជាស្វានោះអង្គុយសំកុកកើតទុក្ខខ្លាំងម៉្លេះ » ? ពោធិសត្វក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស ធម្មតាមនុស្សល្ងង់ឥតបញ្ញា ច្រើនចូលចិត្តសម្លឹងមើលរបស់ណាដែលតិចៗ ត្រង់របស់ដែលច្រើនៗ មិនសម្លឹងមើលសោះ ដូចជាស្វានោះឯង វាសម្លឹងមើលតែគ្រាប់ពោត ១ គ្រាប់ ត្រង់ពោតច្រើន នៅពេញមាត់ ពេញដៃ មិនសម្លឹងមើលទេ ត្រឡប់ជាបាចចោល ចេញអស់រលីង ងាកទៅរកខាងណោះក៏បាត់ ងាកទៅរកខាងណេះក៏បាត់ ព្រោះហេតុនោះ បានជាកើតទុក្ខព្រួយចិត្តខ្លាំងយ៉ាងនេះឯង សូមទ្រង់ព្រះមេត្តាប្រោស ដូចក្នុងពេលនេះ ទឹកនៅកំពង់ ជោរជន់ខ្លាំងពេកណាស់ មិនងាយនឹងស្រកទៅវិញទេ ព្រោះភ្លៀងធ្លាក់មករាល់ថ្ងៃៗ បើព្រះករុណាស្ដេចធ្វើព្រះរាជដំណើរទៅបង្រ្កាបសត្រូវពេលនេះ អស់ពួកពលមុខជានឹងវិនាសដោយទឹកពុំខាន សូមទ្រង់ព្រះមេត្តាប្រោស បានដំណឹងមកថាពួកខ្មាំងសត្រូវនោះតិចដែរ ពួកពលឯណេះច្រើនពេកណាស់ សូមព្រះករុណា កុំស្ដេចសម្លឹងមើលទៅរបស់តិច សូមទ្រង់ស្ដេចសម្លឹង មើលមករបស់ច្រើនវិញ ទើបបានសេចក្ដីចម្រើនល្អ ។ ស្ដេចបានទ្រង់ព្រះសណ្ដាប់ពាក្យពោធិសត្វនោះហើយ ក៏ស្ដេចទ្រង់អនុវត្តតាម ហើយនាំពួកពលត្រឡប់ចូលមកក្នុងក្រុងវិញ ។ ចំណែកពួកខាងខ្មាំងសត្រូវ កាលដែលឮថាស្ដេចលើកពួកពលទៅ ក៏មានសេចក្ដីភ័យខ្លាចអំណាចបារមីនៃស្ដេចនោះពេកណាស់ ទើបនាំគ្នារត់ចូលទៅក្នុងព្រៃបាត់អស់ទៅ » ។
ចប់ កាឡាយមុដ្ឋជាតក ប៉ុណ្ណេះៗ
ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា អត្ថបទក្បាលទី ១ ឆ្នាំទី ១៧ ខ្សែទី ១ គ.ស. ១៩៤៥ ព.ស. ២៤៨៥