ច្បាប់សុភាសិត
ប្រសើរពេកពិត ប្រែពីគាថា
បន្ទូលព្រះពុទ្ធ ចំហុតទេសនា
ឱ្យអស់ទាំងមហា- ជនផងត្រងត្រាប់ ។
និព្វានប្បច្ចយោ ហោតុ មេ ។
របស់
ឧកញ៉ាវង្សាសារពេជ្ញ នង ចាងហ្វាងក្រុមរាជបណ្ឌិត្យ
ក្នុងរាជព្រះបាទសម្ដេចព្រះហរិក្សរាមាឥស្សរាធិបតី
(ព្រះអង្គដួង) ។
អារម្ភកថានិងពាក្យនមស្ការ
សុភសេដ្ឋោ ឯកសប្តឯកទោ សំវច្ឆរេ ចសុនខំ ចន្ទំវារេ អាសាឡ្ហមាសេ បុណ្ណមិយំ ។ កាយោមយា នងនាមនា មនោរថំ បីតិបិយោ សីលោរក្ខំ សុភាសិតំ កាព្យករោ ។ អហំនមា- មិសិរសា សុសម្ពុទ្ធោ តិលោកានំ សេដ្ឋំអត្តោ នរទេវោ វរនាថំ ។ មហាវីរោ សុវិជេយ្យោ មារសេនំ អាតច្ឆិយោ សម្ពោធិតំ អនន្តញ្ញាណំ លោកុត្តមោ ។ នកេវលៈ- មេវពុទ្ធៈ- ធម្មនាថោ នមាមិហំ អដ្ឋង្កិកោ អរិយបថោ ទេវជនំ ។ សន្តិករោ និយ្យានិកោ មោក្ខប្បនំ បនមាមិ អរិយសង្ឃំ សីលសុទ្ធំ សន្តិន្រ្ទិយា ។ បុញ្ញក្ខោត្តំ សត្តេគុណំ នមស្សមានោ រតនត្តយំ ហិតំបញ្ញោ កយំទុក្ខោ នីអលំត្ថំ ។ សុកមស្តុ សួស្ដីស្រីសុ- ភមង្គលំ ពហុលចេស្ដា ជយាវរំ ឯកស័ប្តឯកំ ទោតិរេកេ ។ ស័កសោត្តមំ ចនក្សត្រំ ពេញបូណ៌មីខែ អសាឍចន្ទៈ ពារៈទេវេ វុឌ្ឍិវវេ សាធុការា ។
ឯអង្គអញខ្ញុំ នាម នង សោតសម ចិត្តចេតនា សូមមានមនោ បរិយោសទ្ធា ព្យាយាមឧស្សាហ៍ ត្រេកត្រង់កុសល ។ ដ្បិតខ្ញុំនេះណា ទើបរៀនចងជា កាព្យកិច្ចការកល គន់គិតដោយនា ប្រាជ្ញាយោបល់ ពុំសូវឆ្ងាយយល់ ជ្រៅជ្រះកាព្យា ។ ខ្ញុំផ្ទឹមទសករ កាយកបបវរ រូរត្នបុស្បា បុស្បបទបង្គំ ប្រណម្យអភិវាទ៍ វន្ទីយ៍ព្រះមហា សារពេជ្ញពុទ្ធោ ។ សុរាឥន្ទព្រហ្ម មូលមកបង្គំ ក្រាបក្រោមបាទោ ប្រកបកង់ចក្រ លាយលក្ខណ៍វរោ វរំអគ្គោ ឯកឥតទុតិយំ ។ ព្រះស្រីសម្ពុ- ទ្ធោធម៌វិសុទ្ធ វិសេសសេដ្ឋំ ជាតិជាមកុដ អង្គឧត្តមំ ប្រោសសត្វទូទាំង ត្រីត្រ័យភពភារ ។ សរសើរបារមី វរញាណជិនស្រី ក្រាស់ក្រៃពិស្ដារ សែនកោដិកល្បកាត់ ផ្ដាច់វដ្ដសង្សារ ផ្ចាលផ្ចាញ់មោហ៍មារ មានះបបបាន ។ ព្រះលោកុត្តរ សុពណ៌បវរ ភារភេត្រាយាន យោនយោងសត្វសល់ ដាក់ដល់និព្វាន និរនេសមិនមាន មរណ៍មកដិតដល់ ។ ព្រះសង្ឃសីលសុទ្ធ វិសេសពង្សពុទ្ធ- ឱរសនិម្មល អស្តារិយសង្ឃ ទ្រទ្រង់សីលសល់ អង្គឥតអំពល់ វដ្ដសង្សារា ។ ស្រគត់អស់ឥ- ន្រ្ទីយ៍អង្គអចិ- ន្ត្រៃយ៍ទ្រង់ករុណា សព្វសត្វដាក់ដល់ មណ្ឌលសួគ៌ា គុណគាប់ជាតិជា ស្រូវស្រែបុណ្យផល ។ ទាំងបីព្រះអង្គ ប្រសើរទ្រទ្រង់ ករុណាសត្វសល់ ផ្ទេរផ្ទុកសំពៅ នាំទៅដាក់ដល់ ត្រង់ត្រើយថ្នាក់ថ្នល់ និរនេសបាបបង់ ។ ហេតុនោះខ្ញុំថ្វាយ បុស្បបង្ក័ជកាយ កបកោមលផ្ចង់ សរសើរបារមី ទាំងបីព្រះអង្គ រុងរឿងអភិម- ង្គលគុណថ្លៃថ្លា ។ តេជតេជះខ្ញុំ ថ្វាត់ថ្វាយបង្គំ ត្រង់ត្រៃរតនា សូមទេពទិសទស សោឡសសួគ៌ា ចម្រើនទីឃា- យុយឺនក្សេមក្សាន្ត ។ ស្រេចខ្ញុំនឹងថ្លែង ស្រាវស្រង់សម្ដែង សណ្ដាប់និទាន សុភាសិតសព្ទ ធម៌គាប់ទូន្មាន សព្វសត្វឱ្យបាន អភិរម្យរូបា ។ ព្រះធម៌ប្រធាន ប្រសើររូយាន រត្នរឿងសុវណ្ណា នាំសត្វពីក្នុង វដ្ដសង្សារា ដោមដាក់ដល់នា សុខសួគ៌ាល័យ ។ ធម៌នេះជាច្បាប់ ប្រសើរមហាគាប់ ចូរជនទីទៃ រួសរៀនត្រងត្រាប់ ជាច្បាប់ប្រពៃ តាមដោយអាថ៌នៃ បទព្រះគាថា ។
១- យោសម្បន្នំ អាយុវស្សំ ឯកសតា អរក្ខិតំ សីលំអសា- ធុអសមា- ហិតោជនំ ។ យេចនរា នរឯកា- ហំជីវិតំ សេយ្យោរក្ខៈ សីលវន្តំ សជ្ឈាយិនំ សាធុជនា ។
អាទិបទេ ដើមបទបន្លែ បាលីនេះថា យោចជនោ នរូអ្នកណា មួយមានជន្មា រយឆ្នាំប្រាកដ ។ អរក្ខិតា បើពុំរក្សា សីលជាកំណត់ អសាធុនា ធម៌ថាឥតបទ ឥតបុណ្យប្រាកដ ពិតពុំប្រពៃ ។ យេចនរា នរូអ្នកណា ទើបកើតមួយថ្ងៃ បើមានសីលំ សេដ្ឋំប្រពៃ ប្រសើរលើសក្រៃ អ្នកចាស់វិញណា ។ ដ្បិតសីលជាយាន នាំរូបរួចបាន ចៀសចាកចតុរា- បាយបាបបានដល់ មណ្ឌលសួគ៌ា- ល័យលុះមហា- និព្វានសេដ្ឋំ ។
២- យោចនរោ ធនលោភោ កុតោសីលំ សុរាមេរយ កុតោសច្ចំ លោភោមំសំ កុតោទយា ។
អាថ៌ព្រះបាលី នេះលោកស្រដី ថាអ្នកឯណា មួយលោភទ្រព្យធន ពេកពន់មហិមា រីសីលសត្យា ពីណានឹងមាន ។ នាអ្នកប្រមឹក ស្រាស្រេកចង់ផឹក ពិតពុំគិតប្រាណ ធ្លាប់ទីនរក ទល់ទុក្ខឥតក្សាន្ត ហើយតើនឹងមាន ពាក្យសត្យពីណា ។ បើលោភចំណី ចំណង់ចង់ស៊ី សាច់សត្វមហិមា ហើយតើរីក្ដី មេត្រីទយា អាសូរករុណា ពុំមានឯងឯ ។
៣- នត្ថិលោកំ រហោនាមំ បុញ្ញចាបេ នរាកតំ បឋមំចិត្តេ ជានេយ្យទ្វេ រក្ខទេវា ។
នាអ្នកផងធ្វើ កិច្ចការអំពើ បុណ្យបាបវេរា កម្មកាលលោកិយ នាបីហៅជា ស្ងាត់បាត់នៅនា អាយអង្គឺមាន ។ កាលប្រថមគិត ជាដើមមានចិត្ត ឯងដឹងស្រេចបាន ជាពីរនឹងអា- រក្ខនាសព្វឋាន ទេព្ដាមានញាណ ពិតពុំកំបាំង ។
៤- បង្គំចលេ ជនិតំលោកេ ធោវនបង្គំ ជលចាបេ ចិត្តេជនិតំ ធោវនកម្ម ចាបចិត្តេ ។
លោកថាកំណើត ភក់ផងសឹងកើត ពីទឹកឯងឯ បើនឹងលាងភក់ អាក្រក់ឱ្យថែ ឱ្យជ្រះមានតែ ទឹកទើបជ្រះហោង ។ រីអំពើបាប ពៀរពិតដរាប អកុសលផង សឹងកើតពីចិត្ត គំនិតធ្វើឆ្គង ពុំតាមគន្លង ធម៌ព្រះទេសនា ។ បើនឹងចង់ផ្ដាច់ បាបបង់សម្រេច លះលែងវេរា មានប៉ុនតែចិត្ត គន់គិតរក្សា សីលសូមប្រាថ្នា- ភិរម្យរូបំ ។
៥- បេមតោជា- យតេសោកោ បេមជាយ- តេភយំវិ- ប្បមុត្តស្ស នត្ថិសោកោ កុតោកយា ។
នាអ្នកផងមាន ភ័យភិតពុំក្សាន្ត សែនសោយសោកា សោតសឹងកើតពី ហេតុក្ដីស្នេហា ស្រឡាញ់ទើបជា ទុក្ខទៀងក្រាស់ក្រៃ ។ ថាបើមិនមាន ស្រឡាញ់ក្នុងប្រាណ ឥតក្ដីអាល័យ ហើយតើអំពល់ សោកសល់នោះនៃ ទល់ទុក្ខភិតភ័យ នឹងមានពីណា ។
៦- អត្តាតហេ និវត្តន្តេ មិត្តពន្ធា វាសុសានេ សុខេទុក្ខា កម្មំអត្តា នតច្ឆន្តី ។
លោកថារីទ្រព្យ ផងសឹងក្រឡាប់ វិលវឹងអំពី ព្រៃព្រឹក្សពុំបាន តាមប្រាណទៅខ្មី បុត្រភរិយាក្ដី តាមទៅពុំបាន ។ មានតែអំពើ បុណ្យបាបបានធ្វើ ពិតពីមុនមាន ពៀរពិតនិត្យនៅ តាមទៅដោយប្រាណ ប្រាកដមិនមាន ឃ្លាតឃ្លារូបា ។
៧- សច្ចំនត្ថិ តបោឥន្រ្ទី- យនិត្តហា នត្ថិសព្វេ ភូតេទយា ឯតំចណ្ឌា- លលក្ខណំ ។
អ្នកបួសពុំមាន ពាក្យសត្យពុំបាន សង្រួមកាយំ ពុំមានទយា មេត្តាកុរណំ ភូតេសព្វំ សព្វសត្វទាំងឡាយ ។ លោកថាពុំមាន ផលបរិបូរណ៍បាន បុណ្យបរលោកនាយ ពុំមានតបះ តេជះសីលសាយ ជាអ្នកកាចកាយ ចណ្ឌោលលក្ខណោ ។
៨- ព្រហ្មាសច្ចំ ព្រហ្មាតបំ ឥន្រ្ទីយនិត្តហោ សព្វសត្តា ទយាវរោ ព្រហ្មចរិយោ លក្ខណោតី ។
អ្នកបួសបើមាន ពាក្យសត្យសោតបាន សង្រួមឥន្រ្ទិយ មែនមានមេត្តា ករុណាខន្តី សព្វសត្វឥតបី ចងជាទោសា ។ ប្រសើរឯផល បានបរិបូណ៌ដល់ ដូចដោយប្រាថ្នា មែនមានតបះ ដោយព្រះធម៌ថា ជាលក្ខណា នៃអ្នកបួសខ្មី ។
៩- ឧប្បជ្ជតេ កថំករណេ ធម្មោវុឌ្ឍី សច្ចំទយា ខមាធម្មី វិនាសតី ចិត្តំកោធា ។
លោកថារីព្រះ ធម៌ធារជ្រៅជ្រះ កើតកបសីលា ហេតុមានសច្ចំ ទៀងទាំងទយា អាសូរខមា អំណត់នឹងទៅ ។
១០- កេសសតា គុណំកប្បា សហស្សចីវរេ ទសសីលំ សតំសហស្សេ ពុទ្ធវន្ទេ ចអនន្តំ ។
អ្នកណាមួយមាន ចិត្តចង់បុណ្យបាន កាត់កោរកេសំ ថ្វាត់ថ្វាយព្រះពុទ្ធ ចំហុតផលំ សតកប្បំ រយកល្បបាបបាត់ ។ ពាក់ចីវរស្បាន់ បានផលមួយពាន់ កាលកប្បទៀងទាត់ ចប់ត្រៃសរណា- គមនាផលខ្ចាត់ មួយសែនកល្បកាត់ បាបបានបុណ្យថ្លៃ ។ នាអ្នកកាន់សីល ព្យាយាមពុំខ្ជិល នឹងព្រះរត្នត្រ័យ បានថ្វាយបង្គំ ប្រណម្យសព្វថ្ងៃ ផលបុណ្យបានក្រៃ ឯកអនន្តំ ។
១១- មិត្តសត្យេ កលុសធម្មេ សុខេនវិជ្ជំ ផរុសេនា- រិបតាបរំ ធនសម្បទំ អជ្ជចិន្តី ។
ពាក្យនេះលោកថា នរូអ្នកណា ចង់ចងមេត្រី ឱ្យមានពាក្យសត្យ បរមត្ថវាទី ទោះរៀនធម៌ក្ដី កុំមុសាវាទ ។ ទោះបីនឹងរៀន ចំណេះរបៀន អាគមសិល្បសាត្រ ឱ្យមានត្រណម តឹងតមកុំឃ្លាត បើនឹងប្រុសប្រា- ថ្នាចង់បានស្រី ។ ឱ្យមានពាក្យនោះ ផ្អែមល្អែមពីរោះ ជាមិត្រមេត្រី ចង់មានសម្បត្តិ ថេរឋិតវុឌ្ឍី យឺនយូរកុំបី បៀតបៀនទ្រព្យគេ ។
១២- យោអនន្តំ វទត្វានំ ជរាកាលេ សហស្សកំ បិន្ទំរោតេ ព្យាធិសតេ មរណំឯកំ ។
លោកជានាកាល នៅក្មេងពេញពាល កាត់សទ្ធាខ្លាំង ចែកចាយធនធាន ជាទានសេដ្ឋំ ធ្វើមួយកម្លាំង បានមួយអនន្ត ។ លុះខ្លួនចាស់បាន ធ្វើបុណ្យឱ្យទាន មួយជាមួយពាន់ កាលខ្លួនមានព្យាធិ៍ អាពាធទុរន់ ឱ្យទានមួយគុណ បានមួយរយនៅ ។ កាលខ្លួនមរណ៍ចាក ឋានលែងលះលាក ចេញចោលកូនចៅ ធ្វើបុណ្យចន្លោះ ចំពោះជូនទៅ មួយជាមួយនៅ ដើមដែលវិញាណ ។
១៣- សុទិធនំ តេហេវរំ មិត្តភរិយា តច្ឆន្តិយេ កាលេវរា វរំវិជ្ជា បុញ្ញោមិត្តំ ។ ព្យាធិបិន្ទ- កាលេវរ- មិត្តោសថំ មរណកាល ធម្មេវរំ មិត្តនាថំ បរលោកេ ។
ធម៌ថាឋានឋិត បើបានបាំងបិទ ជុំជិតគេហេ រីភរិយាយំ មិត្តំពន្ធេ ជាមិត្រវរេ វរំឧត្តមោ ។ កាលបើណាបាន ចរចេញចាកឋាន ទៅទូរតោ អង្គអនាថំ មិត្តំបុញ្ញោ វិជ្ជាសដ្ឋោ ជាមិត្តវរំ ។ កាលកើតអាពាធ ជារោគរូបព្យាធិ៍ បិន្ទារូបំ បៀតបៀនទល់ទុក្ខ ពុំសុខកាយំ ឯឱសថំ ជាមិត្រអាត្មា ។ កាលខ្លួនមរណ៍ទៅ លះលែងលំនៅ ភូមិភពមនុស្សា មានតែព្រះធម៌ សម្មាថ្លៃថ្លា ជាមិត្រស្នេហា ពំនាក់រូបោ ។
១៤- អហពស្សា សតំទានា សហស្សបុណ្ណោ ចសង្រ្កាន្តំ សតំសហេស្សោ រាហុចន្ទោ ចអនន្តំ ។
លោកថាឱ្យទាន ថ្ងៃពុំសីលបាន ផលរយកម្លាំង ឱ្យទានថ្ងៃពេញ បុណ្ណមីយំ សហសហសគុណំ បានបរិបូណ៌បុណ្យ ។ ថ្ងៃមហាសង្ក្រាន្ត ឱ្យទានសោតបាន ផលមួយសែនគុណ ថ្ងៃគ្រោះបើបាន ឱ្យទានទ្រព្យធន បានមួយអនន្ត- គុណផលសេដ្ឋំ ។
១៥- បស្សសលា សរោរសា វាទិសច្ចំ តស្សសរោ រសោវរំ និតុរិយំ រសោតាលា ។
មលាចាបេ រសោភវេ ធនុសង្កា- មចររសោ កាមយោបន្ធា រសោអាហា- រសរសោ ។ នាកាវិនិ- ច្ឆយកវិ រសោធម្ម តិលោកានំ វរំសេដ្ឋោ អាចរិយោ បកាសិតា ។ រីរសក្រសាល ត្រអាលខ្ញៀវខ្ញារ សាន្តសោមនស្សា ពុំស្មើឥតទុក្ខ សាន្តសុខចិន្ដា រីរសវាចា ពុំស្មើពាក្យសត្យ ។ សូរភ្លេងដទៃ ពុំស្មើស្រឡៃ ឮលេចឡើងខ្ចាត់ រសអកុសល អំពល់បាបបាត់ មិនក្រៃអ្នកកាត់ ស្រឡាញ់បាបបាន ។ រសឯចម្បាំង សឹកសោតតតាំង គ្រឿងគ្រប់ប្រុងប្រាណ ពុំស្មើធ្នូជ័យ វាតវៃបាញ់បាន រសកាមាមាន មិត្រមូលវាស្នា ។ មិនក្រៃនឹងភ្លោះ ក្រមុំកាន់កោះ កួចកើតកាមា ឯអស់អាហារ ត្រកាលឱជា- រសរែងពិសា មិនក្រៃនឹងឃ្លាន ។ រីរសបង្គាប់ សេចក្ដីប្រៀបប្រាប់ ពុំស្មើអ្នកមាន ប្រាជ្ញាឈ្លាសវៃ រសត្រៃភពឋាន ប្រសើរសោតមាន តែព្រះធម្មា ។
១៦- ជានាសយេ ភជាពន្ធេ វមិភយា កមេអប្ប- ទសតថា មិត្តទារា វិភវខ្យេ ។
ចង់ដឹងពុតអា- មាត្យគាល់ក្សត្រា ជាម្ចាស់សិរេ ចេញអង្គុយគាល់ ផ្ទាប់ផ្ទាល់វេះវេ ដឹងចិត្តញាតិប្រែ កាលកើតភ័យខ្មី ។ ទោះនូវចង់ជាក់ ដឹងចិត្តក្លើម្រាក់ សម្លាញ់ភ្ងាប្រិយ កាលកើតកម្មកល ដូចដល់មានក្ដី ចង់ដឹងពុតស្រី កាលថ្លោះទ្រព្យា ។
១៧- យោចពាលោ ឥត្ថីធុត្តោ អក្ខសុរា- ធុត្តោធនំ លទ្ធំវិនា- សេតិបរា- ភវតោមុខំ ។
នាអ្នកខ្លៅល្ងង់ វង្វេងចិត្តចង់ ស្រឡាញ់ល្បែងខ្លាំង ល្បែងស្រីល្បែងស្រា បៀបាស្កាតាំង ធនធានតំណាំង ស្រើបស្រាលពុំធ្ងន់ ។ អ្នកនោះនឹងមាន ភ័យភិតព្រួយប្រាណ ដំនៀលអង្គអ- ន្តរធានខ្ចាត់ខ្ចាយ ខូចខាតទ្រព្យធន ទល់ទុក្ខទុក្ខទុរន់ លុះបរលោកំ ។
១៨- យោរូបយោ- ព្វនសម្បន្នោ វិសាសលកុលំ សុសម្ភវា វិជ្ជាហីនំ នត្ថិកន្ធំ តវកីសុកា ។
អាថ៌អធិប្បាយ បន្លែស្រេចស្រាយ បាទបាលីថា អ្នកណាមួយមាន សន្តានថ្លៃថ្លា រូបរាងសោភា សុភាពរាបសា ។ បើឥតចំណេះ ប្រាជ្ញាពុំចេះ សិល្បសាស្ត្រវោហារ ពុំពេញជាមនុស្ស ទុយ៌សឥតការ ដូចកល់ផ្កាចារ ឯងឥតគន្ធំ ។
១៩- ឥត្ថីធនោ រូបំបុរិសោ ធនកុលំ សប្បោនាម ពលវិសំ រាជានាមំ ធនពលោ ។
ពាក្យពិតធម៌ថា ស្រីយករូបជា ទ្រព្យអង្គអគ្គោ ប្រុសយកទ្រព្យា ជាក់ជាវង្សោ វង្សាវរោ ត្រកូលថ្លៃថ្លា ។ ពស់ពាលសាមារ យកពិសប្រហារ ជាតជាពលា ក្សត្រាយកទ្រព្យ ប្រដាប់ឱ្យជា រង្វាន់យោធា ជាតជាកម្លាំង ។
២០-នារិតុនេ ចតុលោកេ ចសុជាកំ សុវចនៈ រក្ខធនំ បតិរក្ខំ តហទេវា ។
លោកថាបើស្រី ណាចេះផ្គាប់ប្ដី ចេះរៀបបណ្ណា- ការស្លដណ្ដាំ ភ្លាញាំសាច់សា កបកើតឱជា- រសរក្សាប្ដី ។ រៀបរាប់រក្សា ធនធានទ្រព្យា- ករកបសម្ដី មិនឱ្យមានអាក់ អន់បាក់ចិត្តប្ដី ប្រសើរជាស្រី ស្មោះស្មើទេព្ដា ។
២១- យោបុត្តលោ លជ្ជិរញ្ញោ កុតោយសា លជ្ជិតុរូ កុតោបញ្ញា លជ្ជិករិយា កុតោបុត្តី ។
បទបន្លែថា នរូអ្នកណា ច្រអូសអប្រិយ ខ្ជិលផ្គាប់ព្រះមហា- ក្សត្រាធិបតី បានបុណ្យបទអ្វី អ័ប្បអង្គអាស្រូវ ។ រីសិស្សតំអឹង ចិត្តចោររែងរឹង ខ្ជេញខ្ជិលនឹងគ្រូ នឹងបានពីណា ប្រាជ្ញាមូទូ អ័ប្បអង្គឯនូវ អសារសូន្យសោះ ។ មួយថាស្វាមី បើចិត្តខ្មាសស្រី អន់អៀនពុំស្មោះ ខ្ជិលពុំស្នេហា ចិន្ដាកាន់កោះ តើនឹងមានមោះ កូនកើតនឹងអ្វី ។
២២- អសន្តោសោ យតិនដ្ឋោ មហិបតី សន្តុដ្ឋោសៈ លជ្ជាតណី- កានលជ្ជី កុលំនរា ។
និទានបន្លែ បាលីថាឯ ភិក្ខុឯណា មួយមិនសន្ដោស ទោសទុក្ខពុំជា ប្រយោជន៍អង្គអា- សារសូន្យសល់ ។ មួយនីក្សត្រា- ធិរាជចេស្ដា រក្សរាស្ត្រមណ្ឌល បើមានសន្ដោស ទុក្ខទោសអំពល់ អំពីពុំស្កល់ រាជរម្យរដ្ឋា ។ មួយស្រីផ្កាមាស បើមានចិត្តខ្មាស ពេកពុំបានជា ប្រយោជន៍នៃប្រាណ ពុំបានទ្រព្យា អង្គឥតអ្នកណា ចូលចង់អង្គប្រាណ ។ មួយនីអ្នកណា មួយមានពង្សា ត្រកូលសន្ដាន បើមិនមានខ្មាស ពព្លាសឈ្លានពាន អ្នកនោះនឹងមាន ប្រយោជន៍ពីអ្វី ។
២៣- ធនសាធូនំ អប្បម្បិតំ កូបវារី- វនិក្ខយំ បហុតតម្បី សាធុវារី- វអន្វេខ្យំ ។
លោកថាធនធាន ទ្រព្យនៃអ្នកមាន សប្បុរសសេដ្ឋំ ទោះតិចក្ដីណា ហេតុសទ្ធាខ្លាំង ចែកជាទានំ ឱ្យដល់អ្នកផង ។ នេះនូវគួរនា ដូចកល់គង្គា អណ្ដូងគេដង ពិតពុំហែងហួត រីងស្ងួតឡើយហោង នៃនរអ្នកផង អាស្រ័យសឹងបាន ។ រីទ្រព្យរបស់ អ្នកឥតសប្បុរស ទោះច្រើនប៉ុន្មាន ទ្រព្យនោះសឹងក្ស័យ អាស្រ័យពុំបាន ហេតុពុំឱ្យទាន ធ្វើបុណ្យឡើងនៃ ។ នេះនូវគួរនា ដូចកល់ទឹកមហា- សមុទ្ទសោតប្រៃ សឹងសូន្យអសារ ឥតការពេកក្រៃ ឥតអ្នកអាស្រ័យ បានបរិភោគ ។
២៤- កក្កដានំ នត្ថិសិរំ សប្បាជាទា នគច្ឆន្តិ កុក្កុដថនា នត្ថិនរមា- វមញ្ញីមតី ។
ពាក្យពិតឧបមា ក្ដាមឥតក្បាលវា- ចេះដើររកស៊ី ពស់សោតឥតជើង ចេះឡើងឈើខ្មី មាន់ជាបក្សី សត្វសោតគ្មានដោះ ។ ចិញ្ចឹមកូនបាន រស់រូបមិនមាន ក្សិណក្ស័យសូន្យសោះ មនុស្សផងទាំងឡាយ កុំមើលងាយស្មោះ ដ្បិតមានបុណ្យនោះ ពុំយល់កំបាំង ។
២៥- និវតិក្ខោ វជាវកោ តិក្ខោទិវំ ទុវចនា មហាតិក្ខំ ទិវជាវកំ មហាតិក្ខា ។
លោកថារីព្រះ សូរ្យសែងរឿងរះ កណ្ដាលវេហាស៍ ក្ដៅក្ដាត់ចំហាយ សូរ្យាយមហិមា មោះពុំស្មើនា កម្ដៅអគ្គី ។ នាអ្នកកាន់កាច ពោលពាក្យកំណាច ពិតពុំមេត្រី នោះក្ដៅក្រៃលែង សូរ្យសែងរង្សី ក្រៃលែងអគ្គី ក្ដៅក្ដាត់មហិមា ។
២៦- មធុសុណិ ជាលបក្ខិ- កសុណិជ្ជា- លាពុទ្ធេសៈ សុណិសាស្រ្តា ចចន្ទិមា សុណិបុណ្ណមី ។
លោកថារីឃ្មុំ ខ្មីឃ្មាតខិតខំ យកកេសរភ្ញី តែម្ង៉ៃតើបាន ប៉ុន្មានមួយនី ចាបជាបក្សី សត្វសោតចង់បាន ។ ខិតខំរកធ្វើ សម្បុកម្ង៉ៃតើ បានច្រើនប៉ុន្មាន នេះដូចអ្នកណា ប្រាជ្ញាញេយ្យញាណ រៀនខំឱ្យបាន ចេះតែមួយថ្ងៃ ។ តើបានប៉ុន្មាន ហេតុនោះឱ្យមាន ការព្យាយាមនៃ ដូចកល់ព្រះចន្ទ្រ សោភ័ណថ្លាថ្លៃ ទើបកើតតែម្ង៉ៃ តើពេញបុណ្ណមី ។
២៧- ទិសេនត្ថិ តិរិវមិ ខិតំតិរី នាមទិសេ និត្ថិកវី កកាកិកី ចបណ្ឌិតា ។
លោកថាទីឋាន ណាមួយមិនមាន ភ្នំធំឡើយណា មានតែដំបូក សោតលោកហៅថា ភ្នំវិញប្រុះប្រា- កដកបសឹងបាន ។ មួយនីលោកថា ប្រទេសឯណា សូន្យសោះមិនមាន អ្នកប្រាជ្ញបណ្ឌិត គន់គិតរិះធ្យាន ប្រុងប្រែពុំបាន បាលីគាថា ។ មានតែអ្នកខ្លៅ ពិតពុំចេះជ្រៅ អប្បឥតប្រាជ្ញា ជួជាតិតែឡែ[១] ចេះតែកកា កិកីហៅថា អ្នកប្រាជ្ញបានខ្ញី ។
២៨- យំកុទេស កុច្ឆិមជំ ពន្ធកុច្ឆី តំកុទារៈ កុច្ឆភូមី ទូរេបេរិ- វិវជ្ជយេ ។
បទបន្លែថា ប្រទេសឯណា កាចកលរិះរេ មួយបើមនុស្សកាច កំណាចវៀចវេរ មួយញាតិផងប្រែ ចិត្តកាចកិច្ចកល ។ មួយបើភរិយា កាចកិច្ចកើតជា កំហឹងកំហល់ មួយស្ដេចកំណាច កាន់កាចឥតកល លោកពុំឱ្យយល់ ចៀសឱ្យទូរគោ[២] ។
២៩- បព្វតោភា- រោចតុសា- តរភារោ មិត្តទុព្ភា ភារាគតោ វិយន្តកោ បញ្ចានន្តំ ។
លោកថារីភ្នំ ចិញ្ចែងធារធំ ក្រាស់ក្រៃទៀងទាំង មហាសមុទ្រ បួនគម្ភិរំ ធ្ងន់ឥតឧបមំ ឧបមេយ្យឡើយណា ។ រីអ្នកទ្រុស្តមិត្ត សម្លាញ់ស្នេហ៍ស្និទ្ធ ធ្ងន់ក្រៃលែងសា- គរគម្ពីររឹង ក្រៃនឹងបព្វតា ស្មើនឹងបញ្ចា- នន្តរិកោ ។
៣០- បឋវីស- ព្វានភារៈ ជលវហោ នភារានៈ យេចសិស្សោ គុរុទេហា តរោការា ។
នេះលោកស្រដី ថាប្រឹថពី កម្រាសគណនា ពីរសែនយោជន៍ថួន ប្លាយបួនហ្មឺនជា ទម្ងន់លោកថា ពុំធ្ងន់ឡើយនៃ ។ រីទឹកនព្វមហា- សមុទ្រគណនា ជម្រៅជ្រៅក្រៃ ប្រាំបីហ្មឺនស្បាន់ បួនពាន់យោជន៍នៃ លោកឧបមេយ្យ ថាស្រាលវិញណា ។ រីសិស្សកំណាច ចិត្តចោរកៀចកាច ទ្រុស្តគ្រូអាត្មា បាបធ្ងន់ក្រាស់ក្រៃ លែងនៃក្រឡា បឋវីសា- គរគម្ភីរំ ។
៣១- បតិមាយេ នេវកុព្វេ- ថវិសាសំ ខលោឥវ សប្បុរក្ខំ ចិរកាលំ វទុស្សតេ ។
នរូអ្នកណា មួយមានប្រាជ្ញា គិតគាប់ថួនថែ គួរកុំបីភប់ ប្រសព្វស្នាលស្នេហ៍ ស្និទ្ធទុកចិត្តឯ មិត្រកាចកម្លៅ ។ គួរនាដូចឯ ពស់ពិសកាចគេ រក្សាលង់ទៅ ខឹងខាំម្ចាស់ឯង ឥតក្រែងរាក់ជ្រៅ ហេតុដ្បិតកម្លៅ កម្លាំងមោហោ ។
៣២- ចន្ទបុណ្ណ- មិយោឯកៈ សសិរាត្រោ កិលាសភាខ្យំ សិលម្ភកាមោ ទាត្រសរោ សុរេសេនា ។ តជេន្ទស្សៈ លង្ការុទ្ធៈ- រេសចេស្តា ឥត្ថីសោឡ- សវសិរោ- តិសុភរនា សយោបុត្តំ ។
លោកថារីព្រះ ចន្ទចែងរឿងរះ ពេញបុណ្ណមិយំ ពុំល្អប្រពៃ ស្មើថ្ងៃឯកំ មិតិត្ថិយំ មួយរោចឡើយហោង ។ មួយនីនៃអ្នក ចេះសិល្ប៍សិទ្ធសក្ដិ គាថាមន្តផង បើពុំចាំមាត់ ស្ទើរស្ទាត់ជាម្ដង ពុំប្រសើរហោង ជាចេះឡើយណា ។ រីអ្នកទាហាន សេនាថ្កើងថ្កាន សាហ័សក្លៀវក្លា បើគ្មានថ្វីដៃ ឥតជ័យចេស្ដា ពុំរាប់ហៅថា ទាហានឡើយនៃ ។ មួយសោតគជសារ ធាត់ធំឧទារ ខ្លោះខ្លាំងនិរភ័យ បើបានចូលសឹក ពន្លឹកជាញជ័យ រែងមានតេជជ័យ ទើបប្រសើរហោង ។ មួយសោតលោកណា ស្រីមានរូបា សោឡសឆ្នាំងផង ពុំហៅល្អល្អះ ត្រចះហ្មត់ហ្មង លុះមានកូនម្ដង សុសោភតេ[៣] ។
៣៣- មណ្ឌុកោសំ- របទុមំ បុច្ឆគន្ធេ អលិប្បភូ- មរោទូរេ បុប្ផគន្ធេ នលិប្បតិ ។
ពាក្យពិតលោកថា កង្កែបឯងអា- សារសូន្យអប្រិយ នែបនិត្យនៅនា បទុមាស្រះស្រី ពុំត្រឹបត្រង់វី- សេសសុគន្ធ ។ រីឯកន្លង់ នៅឆ្ងាយត្រាច់ត្រង់ ត្រឹបត្រងកេសរ លម្អងបុប្ផា បទុមាឈូកឈរ ក្លិនបុប្ផាភរ- ភាយផាត់គន្ធា ។
៣៤- ពហុសេលំ ចបព្វតំ មណិជាតា ចទុល្លកោ មហាទុល្លកា អរញ្ញវនា ពហុរុក្ខោ ។ ចន្ទជាតា ចទុល្លកា មហាទុល្លកោ នតរេច ពហុនរោ សប្បុរិសោ ចទុល្លកា ។
លោកថាថ្មដុំ ដេរដាសដោយភ្នំ ច្រើនឥតគណនា មោះនឹងរើសរក កម្របានជា មណីរត្នថ្លៃថ្លា ក្រៃក្រនឹងមាន ។ មួយសោតរីឈើ ច្រើនពណ៌អន្លើ ដុះដោយសព្វឋាន សុសសព្វឈូងឆក រិះរកក្របាន ជាខ្លឹមចន្ទន៍មាន តម្លៃឡើយហោង ។ រីឯនគរ មនុស្សផងវឹកវរ ច្រើនក្រៃកន្លង ក្រនឹងមានមនុស្ស សប្បុរសស្នេហ៍ស្នង ខ្លួនខ្លាចបាបផង ក្រមានឯងឯ ។
៣៥- សិរឹបញ្ច ហត្ថំអស្ស ទសហត្ថេរ សតហត្ថំ តជំនាមេ ចទស្សតេ ពិទូរជនា ។
សត្វណាមានស្នែង លោកឱ្យគិតក្រែង ចៀសចេញវាងវា បានប្រាំហត្ថគត់ កំណត់ធម៌ជា កុំចរយាត្រា ទៅទៀបឡើយហោង ។ រីសេះសោតណា ឱ្យចៀសវាងវា ដប់ហត្ថជាម្ដង រីគជសារ ឧទារទ្រើសឃ្នង ឱ្យចៀសរំលង ចេញបានរយហត្ថ ។ នាអ្នកទុជ៌ន ជួជាតិអង្គអ- ន្ធពាលអស្សត្យ លោកឱ្យលះលាក ចៀសចាកចេញថ្វាត់ រើផ្ទះខ្ចាត់ខ្ចាយ រកភូមិទៀតខ្មី ។
៣៦- មាតាកិសកោ ទ្វារងាលា ហុតោលិក្ខី- តោពាណិជ្ជា មហាសេដ្ឋី រាជវសី- កោនិច្ឆយោ ។ រាជាសេនំ សមណតុណំ កវតុរ្វ វិរុទ្ធនៈ- ករោងោសោ ឥមជនោ មិត្តំវឌ្ឍតី ។
ធម៌នេះលោកថា ឱ្យអ្នកផងជា មិត្រមានមេត្រី អ្នកប្រាំដណ្ដប់ ឱ្យគ្រប់កុំបី ចងចិត្តជាក្ដី ប្រមាទឡើយណា ។ មួយម្ដាយមួយគឺ ពេទ្យមើលជំងឺ មួយគឺហោរា មួយគឺអ្នកកត់ កំណត់ត្រួតត្រា មួយអ្នកទ្វារមហា- ក្សត្រាធិបតី ។ មួយគឺអ្នកនាយ សំពៅទាំងឡាយ មួយគឺសេដ្ឋី មួយគឺសុភា ពិចារណាក្ដី មួយគឺមន្ត្រី អង្គអគ្គសេនា ។ មួយគឺព្រះវង្ស មួយនីគឺអង្គ ព្រះមហាក្សត្រា មួយគឺអ្នកបួស ទ្រង់ផ្នួសចរិយា មួយអ្នកឯណា មានគុណស្ងួនគ្រង ។ មួយគឺអ្នកប្រាជ្ញ បណ្ឌិតឯងអាច ចេះធម៌អាថ៌ផង មួយគឺអ្នកជា គ្រូអាត្មាហោង គិតគួរកុំចង ចិត្តជាទោសំ ។
៣៧- សត្តពិន្ទឱរៈ- លស្មាសត្តមៈ- តាលបតាលំ ចន្ទកុលេ រវេជាតំ និរធនំ នបស្សតី ។
ទោះអ្នកឯណា ទំហំអង្គា ប្រាំពីរដំរី កម្ពស់សុរិល ប្រាំពីរត្នោតក្ដី រូបរាងឥន្រ្ទិយ ធាត់ធំមហិមា ។ សន្ដានអម្បូរ ជាមួយព្រះសូរ្យ និងព្រះចន្រ្ទា ថាបើពុំមាន ធនធានទ្រព្យា អង្គឥតអ្នកណា មួយនឹងយល់ឡើយ ។ លោកិយប្រធាន ប្រសើរសោតមាន តែទ្រព្យជាត្រើយ[៤] ជាញាតិជាមិត្រ ស្នេហ៍ស្និទ្ធឯងហើយ ឥតអ្វីទៀតឡើយ ទ្រព្យជានាថោ ។ ៣៨- យស្សរុក្ខិ ឆាយាយនិ- សីទយវា សយយតនៈ តស្សសាខា កញ្ជយវា មិត្តទុព្ភោ ។ នរូព្រឹក្សា មួយមានសាខា ស្លោមស្លឹករុក្ខោ ទោះអ្នកឯណា ចិន្ដាមោហោ មោហៈពាលោ ពាលពន់វិស័យ ។ ចូលចតសម្នាក់ អាស្រ័យពឹងពាក់ ក្រោមម្លប់ព្រឹក្សព្រៃ នោះហើយមានចិត្ត គំនិតកាចក្រៃ កាន់កាច់កាប់នៃ ស្លោមស្លឹកសាខា ។ លោកហៅទ្រឹស្ដិទ្រុះ មិត្រមានបាបលុះ បទចិត្តមោហា ធ្លាក់ទៅនរក អាក្រក់ឈឺផ្សា ខ្លោចខ្លួននៅនា ភូមិភ័យនិរយំ ។
៤០- យោចជនោ អរក្ខិតោ មហិចេកំ តយោតវា ឆសុនខំ សត្តអស្សំ បញ្ចមជ្ជារា ។ អដ្ឋកុញ្ជៈ រាទ្វេកេសៈ រាទ្វេអាវុធា ទ្វេករិយាយំ អវមង្គលា ភយំអសា- ធុកំជនេ ។
ពាក្យនេះលោកថា ពុំឱ្យរក្សា នូវក្របីតែ មួយមានចង្រៃ ទុក្ខភ័យឯងឯ គោ៣សោតគេ ពុំឱ្យរក្សា ។ ឆ្មា៥នូវឆ្កែ ប្រាំមួយឯងឯ សេះប្រាំពីរណា ដំរីប្រាំបី អប្រីយ៍សា ចុងសក់បែកជា ពីរពុំប្រពៃ ។ ប្រពន្ធពីរណា ដាវពីរពុំជា សោតសឹងចង្រៃ អពមង្គល អំពល់ទុក្ខភ័យ ពិតពុំប្រពៃ នៃអ្នកនោះណា ។
៤១- នកត្តឃៈ កន្តំឯវៈ ហង្សកាកា ភាសំឯវៈ ចកោកិលា មណ្ឌូធវិកា ឯវសីហោ ។
ធារធម៌វិសាល វិសេសបរិបាល បរមត្ថសេដ្ឋោ កណ្ដូបគន់គិត គំនិតអសោ ចិត្តមោះមោហា ហេតុតិរច្ឆាន ។ កាលណាលោតទៅ ទំលើចុងស្មៅ ហើយអួតឯប្រាណ ដំណើរអញណា ដូចមហាហង្សបាន ឥតនឹងហង្សមាន អញតាងបានហោង ។ ក្អែកសោតកាលវា ហើរទៅទំនា ចុងបង្គោលផង អួតសំឡេងថា ឥតតាវៅហោង មានអង្គអញស្នង តាវៅបក្សី ។ កង្កែបកាលណា ចេញពីរន្ធវា យំហើយគិតខ្មី អួតអង្គឯងអាច ដូចរាជសីហ៍ ចរចេញអំពី គុហាសុវណ្ណ ។
៤២- ទលិទ្ទសៈ ជនំមរៈ ទូភាកា ក្សត្រីអវិ ព្យាបណ្ឌិតា អាចរិយា សច្ចំមរណំ ។
ពាក្យពិតសារសត្យ សារសច្ចបរមត្ថ បរមសេដ្ឋំ អ្នកណាពុំមាន ធនធានទ្រព្យ[៥] ទុកស្មើមរណំ រស់ឥតរូបឥតការ ។ ក្សត្រីបើមាន ដំនៀលដល់ប្រាណ សោតសឹងអសារ អសោចអាសៅ លោកហៅស្រើបស្រាល សូន្យសោះឥតការ ឥតកេរ្តិ៍ស្មើស្លាប់ ។ មួយនាអ្នកប្រាជ្ញ បណ្ឌិតឯងអាច ពុំឈ្លាសវៃឆាប់ អង្គឥតប្រាជ្ញា លោកថាស្មើស្លាប់ សោតសឹងឱនអាប់ អង្គឯងនោះនៃ ។ មួយអង្គអាចារ្យ ឥតសព្ទឥតសារ ឥតសិល្បសាស្ត្រសៃយ ឥតមានពាក្យសត្យ ភ្លាំងភា្លត់ហឫទ័យ ស្មោះស្មើក្សិណក្ស័យ ដ្បិតចិត្តមោហោ ។
៤៣- យោសុនខំ ឌំសេងាទំ សាយស្សសោ នឌំសេងា- ទំសុនខោ ចបណ្ឌិតោ នាលំកុជ្ឈតី ។
ពាក្យពិតឧបមា រីឆ្កែសោតសា- ហាវហានអប្រីយិ៍ ខឹងខាំបាទា អ្នកណាមួយក្ដី អ្នកនោះទោះបី ខឹងដល់ប៉ុន្មាន ។ ពុំដែលនឹងប្រែ វិលខាំជើងឆ្កែ វិញពុំដែលមាន នេះដូចអ្នកប្រាជ្ញ ឯងអាចញេយ្យញាណ ពុំដែលខឹងថ្កាន តបអ្នកពាលោ ។
៤៤- ឯកបក្ខា មហារាជា ឯកកាមោ ទេវីមហន្តំ ឯកំយសោ នានុវត្តយោ មហាសុខា ។
លោកថាមហាក្សត្រ សោយរាជសម្បត្តិ រក្សរាស្ត្ររដ្ឋា កុំមានហឫទ័យ អាល័យស្នេហា ស្រឡាញ់ករុណា តែអ្នកមួយឡើយ ។ រីរាជជាយា អង្គអគ្គមហា មហេសីហើយ កុំមានចំណង់ ចិត្តចង់ច្រើនឡើយ ដ្បិតក្សត្រត្រាណត្រើយ ឥសូរសិរសី ។ មួយសោតអ្នកណា មួយនឹងចង់ជា ឯកអគ្គមន្ត្រី កុំឱ្យសរសើរ ដំណើរពិតពី ស្រីសុខសួស្ដី អង្គឯងប្រាកដ ។ ប្រកបប្រុងប្រែ ស្រង់ស្រាយបានសែ សិបបួនជាបទ កាកកាព្យដោយអាថ៌ ធារធម៌កំណត់ ទើបចង់ជាបទ ព្រហ្មៈគីតិថា ៖
៤៥- និនិនិវាបិ រដ្ឋេវិរាជិកា នារីវិវត្ថោ បរុក្ខាពនាលិ ។ រុក្ខោវិប្បតោ ចនសោកភត្តេនិ ខីរធេនុវិ សុភាសិតកថា ។
លោកថារីស្រះស្ងួត រីងហែងហួតឥតគង្គា នគរឥតក្សត្រា ស្រីឥតស្បៃដណ្ដប់ប្រាណ ។ រីព្រៃសោតថាបើ មិនមានឈើដុះដោយដាន ឈើសោតបើពុំមាន សន្លឹកឡើយសឹងសូន្យសោះ ។ មេគោសោតឥតក្សីរ ក្សិណនេសនីរនៃទឹកដោះ រីពាក្យពុំពីរោះ សឹងសូន្យសោះពុំសេដ្ឋោ ។
៤៦- យោធម្មសីលា ជិតមានទោសា វិធ្យាវិនិតោ នបរោបតិ ។ សទារតុដ្ឋា បរទារវជ្ជិ កយានិកិញ្ចិ នត្ថិតសលោកំ ។
នរូអ្នកឯណា ចិត្តចិន្តាដោយធម្មំ សីលោរក្ខិតំ រក្សាសីលពុំដែលដាច់ ។ កំហឹងខឹងមានះ លែងលាកលះបរិបូណ៌ស្រេច រួសរិះរៀនសូត្រសេច ធម៌ពិនិត្យពិនិស្ច័យ ។ ប្រាជ្ញាជ្រាបជ្រះជ្រៅ មិនកម្ដៅអ្នកដទៃ វៀរបរទារការនៃ ត្រេកអរនូវបុត្រភរិយា ។ ឯងឯអស់អំពល់ ពិតពុំដល់ជិតអង្គា អ្នកនោះលោកិយគ្រា នេះនីរនេសភិតភ័យខ្លាំង ។
៤៧- បក្ខិមររុក្ខោ ពាណិជ្ជោមរនោវំ ភិក្ខុមរសីលំ រាជាមរសង្កាមា ។
លោកថាសត្វបក្សី សោតទោះបីនឹងមរណា លុះលើមែករុក្ខា ទើបប្រសើរជាបក្សី ។ រីឈ្មួញសោតមរណា លើភេត្រាត្រាច់ជលធី ភិក្ខុទ្រង់សីលវី- សេសសោតមរក្នុងសីលសង្ឃ ។ ព្រះមហាក្សត្រាធិរាជ ទ្រង់អំណាចមរណាក្នុង សង្គ្រាមជ័យទ្រើសទ្រង់ កេរ្តិ៍ប្រសើរជាក្សត្រា ។
៤៨- យោចបុត្តលោ ទុជ្ជនោទោសំមា- នាយទុត្តន្ធា- និឥវសូករោ ។ សុជនោគុណៈ សង្គហយហង្សោ ខីរបិវម្ភតោ សប្បុរិសសេដ្ឋោ ។
អ្នកកាចកាន់យកទោស ពុំសន្ដោសលោកគួរនា ដូចជ្រូកឈ្លូសយកអា- សោចសឹងល្មក់ទុគ្គន្ធំ[៦] ។ រីអ្នកសប្បុរស លោកចោលអស់ទាំងទោសំ ប្រមូលយកគុណំ ដូចហង្សចង់ក្សីរភោក្ដា[៧] ។
៤៩- សសេសសេល ភេធនភរិយា ញាតិសសេសា សេលភេជដ្ឋកោ ។
នាអ្នកមួយធ្លាប់មាន ទ្រព្យបើបានបង់ធនោ[៨] ចិន្តេសិកសមោ ចិត្តចង់បានដូចដែលវិញ ។ មួយធ្លាប់មានភរិយា ស្និទ្ធស្នេហាដោយស្រឡាញ់ បើស្លាប់ភរិយាមិញ ចង់យកភរិយាទៀតណា ។ អ្នកមួយធ្លាប់មានញាតិ បើឃ្លាឃ្លាតព្រាត់ប្រាស់គ្នា ចិត្តចង់រកអ្នកណា សប្បុរសជាញាតិផង ។ អ្នកមួយធ្លាប់ជាធំ បើថ្លោះអំពីយសផ្គង រីចិត្តអ្នកនោះហោង នៅធំដូចអតីតំ[៩] ។
៥០- កដ្ឋកម្មំពៈ មរភូមឧទកំ ឧជូសនច្ចំ វាចាកម្មំសាស្រ្តា ។
លោកថាឈើណាមូល ពុំទាន់ចូលព្រមរណា នោះអ្នកប្រាជ្ញលោកថា ពុំទាន់ហៅជាមូលមាន ។ ភូមិណាមួយបើរាប ចាំងច្រាសប្រាបទួលទីឋាន ពុំទាន់ស្ទង់ទឹកបាន លោកពុំហៅជារាបឡើយ ។ ឈើត្រង់សោតបើពុំ ទាន់ផ្ទាត់តម្រង់ជាត្រើយ ពុំទាន់ហៅត្រង់ឡើយ លុះផ្ទាត់ទើបហៅត្រង់ហោង ។ អ្នកណាមួយស្រដី មានបាលីគាថាផង លោកឱ្យជឿជាម្ដង កុំសន្ទិះចិត្តចិន្ដា ។
៥១- ឥមេកាព្យាហិ ករោមិចសុភា- សិតំហិកាថា បញ្ញាសនិដ្ឋិតំ ។ ឥមិនាតរជេ នបុញ្ញេកុសលំ យាវនិព្វានំ បច្ចយោហោតុមេ ។
(ចប់)
- [១]– ប៉ោឡែ, ក្រឡែក្រឡ ។
- [២] – ឱ្យឆ្ងាយ ។
- [៣] – រឹងរឹតតែល្អឡើង, ល្អជាងក្រមុំ ។
- [៤] – ទ្រព្យដែលបានមកដោយសុចរិត ឬ អរិយទ្រព្យទាំង ៧ មានសទ្ធាជាដើម ទើបមានឈ្មោះថាទ្រព្យប្រសើរ ។
- [៥] – លោកសំដៅយកអរិយទ្រព្យទាំង ៧ មានសទ្ធា សីល ជាដើម ។
- [៦] – មានក្លិនអាក្រក់, ស្អុយ ។
- [៧] – ចង់ផឹកទឹកដោះ ។
- [៨] – បង់ទ្រព្យ ។
- [៩] – ដូចពីដើម ។