គឺឧកញ៉ាសុត្តន្តប្រីជា ឥន្ទ ប្រែចេញពីបាលីហើយចងជាពាក្យទុកមក
ព្រះគ្រូសំសត្ថា ជួន – ណាត គ្រូបង្រៀនក្នុងសាលាបាលីជាន់ខ្ពស់
និងព្រះគ្រូវិមលបញ្ញា អ៊ុម – ស៊ូរ អាចារ្យក្នុងព្រះរាជបណ្ណាល័យកម្ពុជា
បានទទួលផ្ទៀងផ្ទាត់កែសម្រួលឡើង ។
—————–
ធម្មទេសនាយាចនកថា
ពាក្យសូមអារាធនាលោកអ្នកសម្ដែងធម៌
ព្រហ្មា ច លោកាធិបតី សហម្បតី
កត្តញ្ជលី អន្ធិវរំ អយាចថ
សន្ដីធ សត្តាប្បរជក្ខជាតិកា
ទេសេតុ ធម្មំ អនុកម្បិមំ បដំ ។
សទ្ធម្មភេរី វិនយញ្ច កាយំ
សុត្តញ្ច ពន្ធំ អភិធម្មចម្មំ
អាកោដយន្ដោ ចតុសច្ចទណ្ឌំ
បព្វោធ នេយ្យេ បរិសាយ មជ្ឈេ ។
ឯវំ សហម្បតី ព្រហ្មា ភតវន្តំ អយាចថ
តុណ្ហីភាវេន តំ ពុទ្ធោ
ការុញ្ញេនាធិវាសយ តម្ហាវុដ្ឋាយ ចាទេន
មិតទាយំតតោកតោ
បញ្ចវត្យាទយោ នេយ្យេ អមំ ចាយេសិ ធម្មតោ
តតោ បភូតិ សម្ពុទ្ធោ អនូនា ធម្មទេសនំ
មាឃវស្សានិ ទេសេសិ សត្តាន់ អត្ថសិទ្ធកំ ។
តេន សាធុ អយ្យោ ភន្តេ ទេសេតុ ធម្មទេសនំ
សញ្វយិធ បរិសាយ អនុកម្បម្បិ កាតវេ ។
គ្រានោះសហម្បតី ព្រហ្មជាឥសូរលោកា ចូលគាល់ព្រះសាស្ដា លើកហត្ថាសិរោរាប ។ ហើយពោលពាក្យទូលថា សូមករុណាស្ដេចទ្រង់ជ្រាប ដ្បិតសត្វអន់ទន់ទាប ទុព្វលភាពបាបក្រៃក្រាស់ ។ ទន្ទឹងព្រះធម៌ថ្លៃ ជានិស្ស័យបច្ច័យច្បាស់ ឥឡូវទ្រង់បានត្រាស់ ត្រេកអរណាស់ពុំកន្តើយ ។ សត្វខ្លះក្រាស់ដោយកាម មិនយល់តាមត្រៃលក្ខណ៍ឡើយ ឥឡូវយល់ខ្លះហើយ ដោយអំណាចព្រះមានបុណ្យ ។ បើបានស្ដាប់ទេសនា បញ្ញាក្លាខ្លាំងលើសមុន សូមព្រះដ៏មានបុណ្យ ទ្រង់និមន្តត្រាស់ទេសនា ។ ប្រោសសត្វបំបាត់សោក ទាំងរាគរោគរូបតណ្ហា ងងឹតប្រែជ្រះថ្លា កើតបញ្ញាភិយ្យោយល់ ។ ត្រៃលោកគោកព្រៃលក្ខណ៍ សង្សារចក្រវិលមិនដល់ អវិជ្ជាករឫសគល់ ជាបច្ច័យនៃសង្ខារ ។ នាំសត្វឱ្យសោកសៅ លិចលង់នៅក្នុងសង្សារ បញ្ចមារមោហន្ធការ រឹតរុំហ៊ុមជុំជាប់នៅ ។ ហេតុនោះសូមព្រះអង្គ ប្រោសស្រោចស្រង់ដាក់សំពៅ ចម្លងសត្វឆ្ពោះទៅ កាន់ត្រើយត្រាននិព្វាននាយ ។ ដូចកល់ប្រទីបធំ សាយត្រសុំភ្លឺព្រោងព្រាយ បំភ្លឺសត្វទាំងឡាយ ឱ្យសប្បាយក្សាន្តភិរម្យ ។ ព្រះសទ្ធម្មជាស្គរជ័យ ព្រះវិន័យជារាងធំ ព្រះសូត្រជាខ្សែរុំ ព្រះអភិធម្មជាស្បែកដាស ។
អរិយសច្ចជាអន្លូង សម្រាប់ទូងឱ្យឮច្បាស់ សត្វលោកងោកងុយណាស់ ឮស្គរដាសក្រោកឡើងបាន ។ បរិស័ទ៤ចំពូក ដូចផ្កាឈូកក្នុងជលដ្ឋាន ខ្លះផុសចាំសូរ្យធាន រះនិងរីកដោយរស្មី ។ ព្រះធម៌ជាសូរ្យសែង រះឡើងចែងចាំងរង្សី បំភ្លឺលោកទាំងបី ឱ្យយល់ផ្លូវឋានសុខា ។
សហម្បតីព្រហ្ម ឱនបង្គំអារាធនា សម្ដេចព្រះភគវា ដោយគាថាយ៉ាងនេះឯង ។ ព្រះពុទ្ធទ្រង់អនុកូល ព្រមទទួលនិងសម្ដែង ដោយតុណ្ហីភាពថ្លែង តាមភាវៈគុណករុណា ។ ទើបក្រោកចាកទីនោះភក្រ្តាឆ្ពោះព្រៃមិគទា យាងចេញចរលីលា ពីទីនោះដោយព្រះបាទ ។ ញ៉ាំងសត្វចូលពុទ្ធចក្រ មានបញ្ចវគ្គីយ៍ជាអាទិ៍ ឱ្យផឹកអម្រឹតជាតិ រសនិព្វានតាមធម្មតា ។
ចាប់ដើមពីនោះឯង ទ្រង់សម្ដែងធម៌ទេសនា ធ្វើពុទ្ធក្រឹត្យា អស់វស្សាសែសឹបប្រាំ ។ ពុំថយពុំបន្ធូរ ប្រយោជន៍យូរអង្វែងឆ្នាំ សម្រេចបុញ្ញកម្មដល់សព្វសត្វទាំងភពត្រៃ ។ ហេតុនោះឥឡូវនេះ យើងខ្ញុំនេះសាទរក្រៃ បពិត្រព្រះគុណថ្លៃ សូមនិមន្តប្រោសទេសនា ។ អនុគ្រោះពួកបរិស័ទដែលជាប់ខាត់ដោយមោហា ឱ្យកើតមានបញ្ញា ប្រាកដជាទីនេះហោង ។
អត្ថបទនេះ ស្រង់ពីកម្ពុជសុរិយា ក្បាលលេខ៤ ឆ្នាំ ១៩២៦ – ២៧ ។