អភិធម្មវិភាគ

  •  
  •  

អភិធម្ម ខណ្ឌទាំង ៧

១- ធម្មសង្គណិ ១៣០០ ធម្មក្ខន្ធ ២២ ភាណវារ ៥៥០០ គន្ថ ១ សែន ៧ ម៉ឺន ៦ ពាន់អក្ខរ ព្រះអង្គសម្ដែង ១២ ថ្ងៃចប់ ទេវតាសម្រេច ៧ កោដិ ។

២- វិភង្គ ៦៥០០ ធម្មក្ខន្ធ ៣៤ ភាណវារ ៨៥០០ គន្ថ ២ សែន ៧ ម៉ឺន ២ ពាន់អក្ខរ ព្រះអង្គសម្ដែង ១២ ថ្ងៃចប់ ទេវតាសម្រេច ៧ កោដិ ។

៣- ធាតុកថា ៧០០០ ធម្មក្ខន្ធ ១១ ភាណវារ ២៧៥០ គន្ថ ៨ ប៉ឺន ៨ ពាន់អក្ខរ ព្រះអង្គសម្ដែង ៦ ថ្ងៃចប់ទេវតាសម្រេច ៦ កោដិ ។

៤- បុគ្គលបញ្ញត្តិ ៥៦០០ ធម្មក្ខន្ធ ១១ ភាណវារ ២៧៥០ គន្ថ ៨ ម៉ឺន ៨ ពាន់អក្ខរ ព្រះអង្គសម្ដែង ៧ ថ្ងៃចប់ ទេវតាសម្រេច ៦ កោដិ ។

៥- កថាវត្ថុ ៧១០០ ធម្មក្ខន្ធ ៣៤ កាណវារ ៨៥០០ គន្ថ ២ សែន ៧ ម៉ឺន ២ ពាន់អក្ខរ ព្រះអង្គសម្ដែង ១២ ថ្ងៃចប់ ទេវតាសម្រេច ៧ កោដិ ។

៦- យមក ៥១០០ ធម្មក្ខន្ធ ១២០ ភាណវារ ៣០០០០ គន្ថ ៩ សែន ៦ ម៉ឺន អក្ខរ ព្រះអង្គសម្ដែង ១៨ ថ្ងៃចប់ ទេវតាសម្រេច ៧ កោដិ ។

៧- មហាបដ្ឋាន ៩៤០០ ធម្មក្ខន្ធ ១៨២ ភាណវារ ៤៥៥០០ គន្ថ ១លាន ៩ សែន ៥ ម៉ឺន ៦  ពាន់អក្ខរ ព្រះអង្គសម្ដែង ២៣ ថ្ងៃចប់ ទេវតាសម្រេច ៤០ កោដិ ។

រួមទាំងអស់ ៤ ម៉ឺន ២ ពាន់ធម្មក្ខន្ធ ៤១៤ ភាណវារ ១ សែន ៣ ពាន់ ៥០០ គន្ថ ៣ លាន ៣ សែន ១ ម៉ឺន ២០០១ អក្ខរ ៩០ថ្ងៃចប់ ទេវតាសម្រេច ៨០ កោដិគត់ (៨ អក្ខរហៅថា ១ បាទ ៤ បាទហៅថា ១ គាថា ក្នុង ១ គាថា ឈ្មោះថាគន្ថ ១២៥០ គន្ថ ហៅថា ភាណវារ ១) ។

សំខ្យាបករណ

អភិធម្ម

ធម៌ដ៏ក្រៃលែងវិសេស ឈ្មោះថា អភិធម្មៗ នោះសម្ដែងដោយបករណមាន ៧ គឺ ៖

១- បករណដែលសម្ដែងរួបរួមនូវកងធម៌ដ៏ល្អិតហៅថា ធម្មសង្គណិ ។

២- បករណដែលសម្ដែងញែក បំបែកនូវធម៌ផ្សេងៗ ហៅថាវិភង្គ ។

៣- បករណដែលសម្ដែងនូវកថាសង្រ្គោះនូវធាតុ ហៅថាធាតុកថា ។

៤- បករណដែលសម្ដែងនូវសេចក្ដីបញ្ញាតិនៃបុគ្គល ហៅថាបុគ្គលបញ្ញត្តិ ។

៥- បករណដែលសម្ដែងនូវវត្ថុ ជាទីតាំងនៃ កថា ហៅថា កថាវត្ថុ ។

៦- បករណដែលសម្ដែងនូវធម៌ជាគូៗ ហៅថា យមក ។

៧- បករណដែលសម្ដែងនូវហេតុជាទីតាំងដ៏ធំ ៗ ហៅថា មហាបដ្ឋាន ។

៨- បករណដែលសម្ដែងរួបរួមនូវកងធម៌ល្អិតនោះ ញែកចែកជាបរិច្ឆេទ ១៥ មានកុសលបរិច្ឆេទជាដើម មានវិជ្ជាភាគបរិច្ឆេទជាទីបំផុតខាងចុង ។

ញែកចែកចេញជាមាតិកាមាន ៣ គឺ ៖

១- តិក្កមាតិកា ២២ មានកុសលតិក្កមាតិកាជាដើម មានកុសលតិក្កមាតិកាជាដើម មានសនិទស្សនតិក្កមាតិកាជាទីបំផុតខាងចុង ។

២- ទុក្កមាតិកា ក្នុងអភិធម្មភាជនីយ ១០០ មានហេតុទុក្កមាតិកាជាដើម មានបិដ្ឋិទុក្កមាតិកាជាទីបំផុតខាងចុង ។

៣- សុត្តន្តិកទុក្កមាតិកា ៤២ មានវិជ្ជាភាគទុក្កមាតិកាជាដើម មានខយេញ្ញាណ ទុក្កមាតិកាជាទីបំផុតខាងចុង ។

១- កុសលបរិច្ឆេទ តិក្កមាតិកា ២២

កុសលតិក្ក ៣

១- សភាវទាំងឡាយឯណាទ្រទ្រង់នូវសភាពនៃខ្លួន សភានោះហៅធម៌ សភាទាំងឡាយសម្រាប់កម្ចាត់បង់នូវសេចក្ដីអាក្រក់ គឺបណ្ឌិតគប្បីខ្ពើម ហៅថាកុសលធម៌ គឺធ្វើសត្វឱ្យបានសេចក្ដីសុខ ។

២- សភាវទាំងឡាយ មិនកំចាត់បង់នូវសេចក្ដីអាក្រក់ គឺបណ្ឌិតគប្បីខ្ពើម ហៅថាអកុសលធម៌ គឺធ្វើសត្វឱ្យបានសេចក្ដីទុក្ខ ។

៣- សភាវធម៌ទាំងឡាយ គឺព្រះសម្មាសម្ពុទ្ធមិនសម្ដែងថាជាកុសលថាជាអកុសលឱ្យដាច់ខាត ហៅថាអព្យាក្រិត្យៗ ។

២- សុខតិក្ក ៣

១- សភាវធម៌ទាំងឡាយ ប្រកបដោយប្រការស្មើ តាមសេចក្ដីសោយនូវរសនៃអារម្មណ៍ជាសុខ ។

២- សភាវធម៌ទាំងឡាយ ប្រកបហើយដោយប្រការស្មើ តាមសេចក្ដីសោយនូវរសនៃអារម្មណ៍ជាទុក្ខ ។

៣- សភាវធម៌ទាំងឡាយ ប្រកបហើយដោយប្រការស្មើ តាមសេចក្ដីសោយនូវរសនៃអារម្មណ៍ មិនជាទុក្ខមិនជាសុខ ។

៣- វិបាកតិក្ក ៣

១- ធម៌ទាំងឡាយ ជាផលនៃកុសល និងអកុសលទាំងឡាយ ដ៏អាស្រ័យហើយនូវគ្នានិងគ្នា ឈ្មោះរូបធម៌ ។

២- ធម៌ទាំងឡាយ មានដលកើតអំពីផលនៃកុសល និងអកុសល ដ៏អាស្រ័យហើយនូវគ្នានិងគ្នាជាប្រក្រតី គឺជាតិធម៌ ជរាធម៌ ។

៣- ធម៌ទាំងឡាយមិនមានផល កើតអំពីផល នៃកុសលនិងអកុសលដ៏អាស្រូវនូវនិងគ្នាជាប្រក្រតី មែនពិត ។

៤- ឧបាទិណ្ណុបាទានីយតិក្ក ៣

១- ធម៌ទាំងឡាយគឺកិលេសទាំងឡាយមានតណ្ហាជាដើម កាន់យកហើយដោយកម្ម បៀតបៀនហើយដោយកិរិយាធ្វើឱ្យជាអារម្មណ៍ និងចូលទៅជិតកាន់អារម្មណ៍ភាព ជាប្រយោជន៍ដល់ឧបាទាន ដោយកិរិយាចងក្រងជាប់នូវឧបាទាន ឈ្មោះវត្ថុបង្កើតជាអារម្មណ៍ បច្ច័យនៃឧបាទាន ។

២- ធម៌ទាំងឡាយគឺកិលេសទាំងឡាយ មានតណ្ហាជាដើម កាន់យកហើយដោយកម្ម មិនបានបៀតបៀនហើយដោយកិរិយាធ្វើឱ្យជាអារម្មណ៍ នឹងចូលទៅជិតកាន់អារម្មណ៍ភាព ជាប្រយោជន៍ដល់ឧបាទានដោយកិរិយាចងក្រងជាប់នូវឧបាទានឈ្មោះរូបារូបធម៌ ។

៣- ធម៌ទាំងឡាយគឺកិរិយាកិលេសទាំងឡាយមានតណ្ហាជាដើមកាន់យកហើយដោយកម្មមិនបានបៀតបៀន ហើយដោយកិរិយាធ្វើឱ្យជាអារម្មណ៍និងមិនបានចូលទៅជិតកាន់អារម្មណ៍ភាព ជាប្រយោជន៍ដល់ឧបាទានដោយកិរិយាចងក្រងជាប់នូវឧបាទាន ។

៥- សំកិលិដ្ឋសំកិលេសិកតិក្ក ៣

១- ធម៌ទាំងឡាយ គួរសេចក្ដីសៅហ្មង ព្រោះកិរិយាធ្វើនូវខ្លួនឱ្យជាអារម្មណ៍ ហើយប្រព្រឹត្តទៅ ប្រកបហើយក្នុងសេចក្ដីសៅហ្មង ព្រោះកិរិយាមិនបានប្រព្រឹត្ត កន្លងនូវអារម្មណ៍នៃខ្លួននោះ ។

២- ធម៌ទាំងឡាយ មិនគួរនូវសេចក្ដីសៅហ្មង ព្រោះកិរិយាធ្វើនូវខ្លួនឱ្យជាអារម្មណ៍ ហើយប្រព្រឹត្តទៅនោះ តែប្រកបហើយក្នុងសេចក្ដីសៅហ្មង ព្រោះមិនបានប្រព្រឹត្តកន្លងនូវអារម្មណ៍ភាពនៃខ្លួន ។

៣- ធម៌ទាំងឡាយ មិនគួរនូវសេចក្ដីសៅហ្មង មិនប្រកបហើយក្នុងសេចក្ដីសៅហ្មង ។

៦- វិតក្កតិក្ក ៣

១- ធម៌ទាំងឡាយ ប្រព្រឹត្តទៅមួយអន្លើដោយវិតក្កផង ប្រព្រឹត្តទៅមួយអន្លើដោយវិចារផង ។

២- ធម៌ទាំងឡាយ មិនបានប្រព្រឹត្តទៅមួយអន្លើដោយវិតក្ក គ្រាន់តែមានវិចារមានប្រមាណតិចប៉ុណ្ណោះ ។

៣- ធម៌ទាំងឡាយមិនមានវិតក្ក មិនមានវិចារ ។

៧- បីតិតិក្ក ៣

១- ធម៌ទាំងឡាយ ដល់ហើយនូវភាវៈបង្កើតឡើងជាមួយគ្នា មួយអន្លើដោយបីតិ ។

២- ធម៌ទាំងឡាយ ដល់ហើយនូវភាវៈបង្កើតឡើង ជាមួយគ្នាមួយអន្លើដោយសេចក្ដីសុខ ។

៣- ធម៌ទាំងឡាយ ដល់ហើយនូវភាវៈបង្កើតជាមួយគ្នា មួយអន្លើដោយឧបេក្ខាវេទនា ។

៨- ទស្សនតិក្ក ៣

១- ធម៌ទាំងឡាយ គឺបុគ្គលគប្បីលះបង់ដោយទស្សនញាណ ។

២- ធម៌ទាំងឡាយ គឺបុគ្គលគប្បីលះបង់ដោយមគ្គភាវនា ។

៣- ធម៌ទាំងឡាយ គឺបុគ្គលមិនគប្បីលះបង់ដោយទស្សនញាណមែនពិត គឺបុគ្គលមិនគប្បីលះបង់ដោយមគ្គភាវនា ។

៩- តទនន្តរតិក្ក ៣

១- ធម៌ទាំងឡាយ មានហេតុគួរគឺបុគ្គលគប្បីលះបង់ ដោយទស្សនញាណ ។

២- ធម៌ទាំងឡាយ មានហេតុគួរ គឺបុគ្គលលះបង់ដោយមគ្គភាវានា ។

៣- ធម៌ទាំងឡាយ មានហេតុមិនគួរគប្បីលះបង់ដោយទស្សនញាណមែនពិត មិនគួរគប្បីលះបង់ដោយមគ្គភាវនា ។

១០- អាចយគាមិតិក្ក ៣

១- ធម៌ទាំងឡាយ ញ៉ាំងបុគ្គលឱ្យត្រាច់ទៅកាន់សភាព គឺកម្មកិលេស ទាំងឡាយសន្សំទុក (គឺ ចុតិ បដិសន្ធិ គតិ) ។

២- ធម៌ទាំងឡាយ ញ៉ាំងបុគ្គលដល់នូវព្រះនិព្វានព្រោះជាធម៌ប្រាសចេញចាកសភាពគឺកម្មកិលេសសន្សំទុក ។

៣- ធម៌ទាំងឡាយ មិនបានញ៉ាំងបុគ្គលឱ្យត្រាស់ទៅកាន់សភាពគឺកម្មកិលេសសន្សំទុកមែនពិត មិនបានញ៉ាំងបុគ្គលឱ្យដល់នូវព្រះនិព្វានព្រោះជាធម៌ប្រាសចេញចាកកិរិយាសន្សំទុក ។

១១- សេក្ខតិក្ក ៣

១- ធម៌ទាំងឡាយ ត្រូវសិក្សាដោយខ្លួនឯងព្រោះភាវៈសិក្សាមានទីបំផុតមិនមាន ។

២- ធម៌ទាំងឡាយ មិនត្រូវសិក្សាដោយខ្លួនឯង ព្រោះមិនមានធម៌ដែលខ្លួនគប្បីសិក្សាទៅទៀត ។

៣- ធម៌ទាំងឡាយ មិនត្រូវសិក្សាដោយខ្លួនឯងមែនពិតមិនមែនជាមិនត្រូវសិក្សាតទៅទៀត (គឺមានសិក្សាតទៅ) ។

១២- បរិត្តតិក្ក ៣

១- ធម៌ទាំងឡាយ បីដូចជាមានប្រមាណតិចព្រោះភាវៈសោយតិច ។

២- ធម៌ទាំងឡាយ ដល់ហើយនូវភាវៈព្រោះភាវមានផលដ៏ទូលាយអាចសង្កត់សង្កិននូវកិលេសបាន ។

៣- ធម៌ទាំងឡាយ មានប្រមាណមិនមាន ជាបដិបក្ខដល់ប្រមាណ ។

១៣- បរិត្តារម្មណតិក្ក ៣

១- ធម៌ទាំងឡាយ មានអារម្មណ៍ប្រមាណតិច ។

២- ធម៌ទាំងឡាយ មានអារម្មណ៍ដល់ហើយនូវភាវ ច្រើនឬធំ ។

៣- ធម៌ទាំងឡាយ មានអារម្មណ៍ មានប្រមាណមិនមាន ។

១៤- ហីនតិក្ក ៣

១- ធម៌ទាំងឡាយ ដ៏ថោកថយលាមក (សំរាប់នាំសត្វទៅកាន់ទុក្ខ ) ។

២- ធម៌ទាំងឡាយ បង្កើតក្នុងទីកណ្ដាលនៃហីនធម្មបណីតធម្ម ។

៣- ធម៌ទាំងឡាយ ដ៏ឧត្ដមគឺលោកុត្តរធម៌ (នាំសត្វទៅនិព្វាន) ។

១៥- មិច្ឆត្តតិក ៣

១- ធម៌ទាំងឡាយ មានសភាពខុសព្រោះប្រព្រឹត្តទៅ ដ៏វិបរិតផ្សេងៗ ផងដ៏ទៀងផង ។

២- ធម៌ទាំងឡាយ មានសភាពប្រពៃប្រាស់ចាកសេចក្ដីវិបរិតផ្សេងៗ ផងដ៏ទៀងដោយកិរិយាឱ្យនូវផលក្នុងលំដាប់ៗ ពិតមែន ។

៣- ធម៌ទាំងឡាយ មានសភាពមិនទៀង ដោយសភាពទាំងពីរ ។

១៦- មគ្គារម្មណតិក្ក ៣

១- ធម៌ទាំងឡាយ មានមគ្គជាអារម្មណ៍ ។

២- ធម៌ទាំងឡាយ មានមគ្គប្រកបដោយអង្គ ៨ ជាហេតុដោយអត្ថថាជាបច្ច័យ ។

៣- ធម៌ទាំងឡាយ មានមគ្គជាអធិបតីដោយអត្ថថាកិរិយាគ្របសង្កត់នូវកងកិលេសហើយប្រព្រឹត្តទៅ ។

១៧- ឧប្បន្នតិក្ក ៣

១-  ធម៌ទាំងឡាយ ដល់នូវកិរិយាបង្កើតឡើងហើយ ប្រព្រឹត្តទៅចាប់ដើមអំពីបង្កើតឡើង ដរាបដល់បែកធ្លាយទៅវិញ ។

២- ធម៌ទាំងឡាយ មិនទានបង្កើតឡើងហើយ ។

៣- ធម៌ទាំងឡាយ នឹងបង្កើតឡើងដោយឯកទេស ជាហេតុដ៏សម្រេចហើយមែនពិត ។

១៨- អតីតតិក្ក ៣

១- ធម៌ទាំងឡាយ ដល់នូវសភាពនៃខ្លួន ហើយប្រព្រឹត្តកន្លងទៅ ។

២- ធម៌ទាំងឡាយ មិនទានមានមកហើយ ។

៣- ធម៌ទាំងឡាយ ដ៏អាស្រ័យហេតុនោះៗ ហើយបង្កើតឡើង ។

១៩- អនន្តរតិក្ក ៣

១- ធម៌ទាំងឡាយ មានអារម្មណ៍ប្រព្រឹត្តកន្លងទៅហើយ ។

២- ធម៌ទាំងឡាយ មានអារម្មណ៍មិនទានមកដល់ហើយ ។

៣- ធម៌ទាំងឡាយ មានអារម្មណ៍ដ៏អាស្រ័យនូវហេតុនោះៗ ហើយបង្កើតឡើង ។

២០- អជ្ឈត្តតិក្ក ៣

១- ធម៌ទាំងឡាយ ធ្វើនូវខ្លួនក្រៃលែងហើយប្រព្រឹត្តទៅ ។

២- ធម៌ទាំងឡាយ ជាប់ដោយឥន្ទ្រិយក្ដី គ្រាន់តែបង្កើតឡើងជាខាងក្រោយ ។

៣- ធម៌ទាំងឡាយ ធ្វើនៅខ្លួនឱ្យក្រៃលែងហើយប្រព្រឹត្តទៅក្ដី ជាប់ដោយឥន្ទ្រិយក្ដី គ្រាន់តែបង្កើតហើយជាខាងក្រៅក្ដី ។

២១- អជ្ឈត្តារម្មណតិក្ក ៣

១- ធម៌ទាំងឡាយ មានអារម្មណ៍មានសភាពធ្វើនូវខ្លួនឱ្យក្រៃលែងហើយប្រព្រឹត្តទៅ ។

២- ធម៌ទាំងឡាយ មានអារម្មណ៍គ្រាន់តែបង្កើតហើយជាខាងក្រៅ ។

៣- ធម៌ទាំងឡាយ មានអារម្មណ៍ធ្វើនៅខ្លួនឱ្យក្រៃលែងហើយប្រព្រឹត្តទៅផង គ្រាន់តែបង្កើតហើយជាខាងក្រៅផង ។

២២- សនិទស្សនតិក្ក ៣

១- ធម៌ទាំងឡាយ ប្រព្រឹត្តទៅមួយអន្លើដោយនិទស្សនគឺបណ្ឌិតពោលថា ភាវធម៌ដែលខ្លួនគប្បីឃើញផង ប្រព្រឹត្តទៅមួយអន្លើដោយកិរិយាប្រកួតប្រកាន់ផង ។

២- ធម៌ទាំងឡាយ មាននិទស្សន គឺបណ្ឌិតពោលថា ភាវធម៌ដែលខ្លួនគប្បីឃើញមិនមានផង ប្រព្រឹត្តទៅមួយអន្លើដោយកិរិយាប្រកួតប្រកាន់ផង ។

៣- ធម៌ទាំងឡាយ មាននិទស្សន គឺបណ្ឌិតពោលថា ភាវធម៌ដែលខ្លួនគប្បីឃើញផង មានកិរិយាប្រកួតប្រកាន់មិនមានផង ៕

រួមជាតិក្កមាតិកា ២២ ក្នុងបករណឈ្មោះធម្មសង្គិណី ចប់តែប៉ុណ្ណេះ ។

២៣- ចតស្សោវិភត្តិយោ វិភត្តិទាំងឡាយដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងក្នុងគម្ពីរ ធម្មសង្គណិ នោះមាន ៤ យ៉ាងគឺ ៖

១- សេចក្ដីដែលសម្ដែងចំណែកចែកនូវចិត្ត និង ចេតសិក ឈ្មោះថា ចិត្តវិភត្តិ បើនិងហៅថា ចិត្តុប្បាទកណ្ឌ ដូច្នេះវិញក៏បាន ។

២- សេចក្ដីដែលសម្ដែងចំណែកចែកនូវរូបផ្សេងៗ ឈ្មោះថា រូបវិភត្តិ បើនឹងហៅថា រូបភណ្ឌ ដូច្នេះវិញក៏បាន ។

៣- សេចក្ដីដែលតម្កល់កាន់ទុកនូវបទមាតិកា ហើយសម្ដែងដោយសភាវធម៌ទាំងឡាយ មាន មូល និង ខន្ធ ជាដើមឱ្យជាគំនរ ឈ្មោះថា និក្ខេបរាសិវិភត្តិ បើនឹងហៅថា និក្ខេបកណ្ឌ ដូច្នេះវិញក៏បាន ។

៤- សេចក្ដីដែលសម្ដែងចំណែកចែករើឡើងនូវអត្ថគឺ អដ្ឋកថា នៃពុទ្ធវចនៈគឺបិដកបី ឈ្មោះថា អត្ថុទ្ធារវិភត្តិ បើនឹងហៅថា អត្តុទ្ធារកណ្ឌ ដូច្នេះវិញក៏បាន ។

ចិត្តវិភត្តិនោះសម្ដែងដោយបទមាន ២ គឺ ៖

១- បទសម្ដែងសេចក្ដីថា កុសលធម៌ ថាអកុសលធម៌ ថាអព្យាភតធម៌ យ៉ាងនេះជាដើមក្ដី សម្ដែងសេចក្ដីថាធម៌ជាហេតុ ថាធម៌មិនមែនជាហេតុ យ៉ាងនេះជាដើ់មក្ដី ឈ្មោះថាបទមាតិកា ។

២- បទដែលសម្ដែងញែកចេញពីបទមាតិកា ឈ្មោះថាបត ភាជនិយ  ។

២៤- នឹងអធិប្បាយក្នុង ចិត្តវិភត្តិ កុសលតិក្ក តទៅទៀតធម្មជាតិឯណាតែងប្រព្រឹត្ត តែងគិត តែងសន្សំនូវអារម្មណ៍ទាំងឡាយមានរូបារម្មណ៍ជាដើម ធម្មជាតិនោះឈ្មោះថាចិត្តៗ នោះសម្ដែងដោយប្រភេទមានប្រការ ៤ គឺ ៖

១- ចិត្តដែលត្រាច់ទៅរឿយៗ ក្នុងកាមភពទាំង ១១ ជាន់ ឈ្មោះថាកាមាវចរចិត្ត ។

២- ចិត្តដែលត្រាច់ទៅរឿយៗ ក្នុងរូបភពឈ្មោះថា រូបាវចរចិត្ត ។

៣- ចិត្តដែលត្រាច់ទៅរឿយៗ ក្នុងអរូបភពឈ្មោះថា អរូបាវចរចិត្ត ។

៤- ចិត្តដែលឆ្លងចាកលោក បានខាងព្រះអរិយបុគ្គល ដែលលោកមានចិត្តផុតពីលោកហើយ ឈ្មោះថាលោកុត្តរចិត្ត ។

២៥- កាមាវចរចិត្តនោះមាន ៥៤ ចាត់ជា ៣ ពួកគឺ ៖

១- ចិត្តតែងប្រព្រឹត្ត តែងគិត តែងសន្សំនូវអនិដ្ឋារម្មណ៍គឺបណ្ឌិតមិនគប្បីប្រាថ្នា ចាត់ដាច់ថាជាបាបដ៏លាមក សម្រាប់នាំឱ្យសត្វសោយទុក្ខ ឈ្មោះថាអកុសលចិត្តពួកមួយមាន ១២ ។

២- ចិត្តតែងប្រព្រឹត្ត តែងគិត តែងសន្សំនូវអារម្មណ៍ ពុំអាចដើម្បីញ៉ាំងគុណវិសេសមានបឋមជ្ឈានជាដើម ឱ្យបង្កើតឡើងបាន ឈ្មោះថាអហេតុកចិត្តពួក ១ មាន ១៨ ។

៣- ចិត្តតែងប្រព្រឹត្ត តែងគិតតែងសន្សំនូវឥដ្ឋារម្មណ៍ គឺបណ្ឌិត គប្បីប្រាថ្នា ចាត់ដាច់ថាបុណ្យដ៏ប្រសើរ សម្រាប់នាំសត្វឱ្យសោយសុខឈ្មោះថា សហេតុកាមាវចរចិត្ត ពួក ១ មាន ២៤ ។

២៦- អកុសលចិត្ត ១២ នោះចែកចេញជាមូលមាន ៣ គឺ (លោភមូល) ៖

១- លោភមូល ចិត្តតែងប្រព្រឹត្ត តែងគិត តែងសន្សំនូវអារម្មណ៍ ច្រឡំព្រមដោយសេចក្ដីលោភច្រើន ឈ្មោះថាលោភមូលមាន ៨ ។

២- ទោសមូល ចិត្តប្រព្រឹត្ត តែងគិត តែងសន្សំនូវអារម្មណ៍ ច្រឡំដោយទោមនស្ស គឺសេចក្ដីអាក់អន់ចិត្តខឹងប្រទូស្ដ ឈ្មោះថាទោសមូលមាន ២ ។

៣- មោហមូល ចិត្តតែងប្រព្រឹត្ត តែងគិត តែងសន្សំនូវអារម្មណ៍ ច្រឡំព្រមដោយសេចក្ដីវង្វេងងងឹតសូន្យសោះ ឈ្មោះថាមោហមូល មាន ២ ។

លោភមូលមាន ៨ នោះគឺ ៖

១- ចិត្តបង្កើតឡើងកាន់យកនូវអារម្មណ៍ទាំង ៦ គឺរូប ១ សំឡេង ១ ក្លិន ១ រស ១ សម្ផស្ស ១ ធម្មៈ ១ អារម្មណ៍ឯណានីមួយ ហើយត្រេកអរ គិតខុស ឃើញខុសប្រកាន់មាំ ប្រព្រឹត្តធ្វើបាបតាមអំពើចិត្តខ្លួន ។

២- ចិត្តបង្កើតឡើង កាន់យកនូវអារម្មណ៍ទាំង ៦ នោះអារម្មណ៍ឯណានីមួយ ហើយត្រេកអរ គិតខុស ឃើញខុសប្រកាន់មាំ ប្រព្រឹត្តធ្វើបាប ប្រកបតាមគេដឹកនាំ ឬចេតិសិកដាស់តឿន ។

៣- ចិត្តបង្កើតឡើង កាន់យកនូវអារម្មណ៍ទាំង ៦ នោះ អារម្មណ៍ឯណានីមួយ ហើយត្រេកអរគិតខុស ឃើញខុសប្រកាន់មាំក៏ទេ តែប្រព្រឹត្តធ្វើបាប តាមអំពើចិត្តខ្លួន ។

៤- ចិត្តបង្កើតឡើង កាន់យកនូវអារម្មណ៍ទាំង ៦ នោះអារម្មណ៍ឯណានីមួយហើយត្រេកអរគិតខុស ឃើញខុសប្រកាន់មាំក៏ទេ តែប្រព្រឹត្តធ្វើបាប ប្រកបតាមគេដឹកនាំ ឬចេតិសិកដាស់តឿន ។

៥- ចិត្តបង្កើតឡើង កាន់យកនូវអារម្មណ៍ទាំង ៦ នោះ អារម្មណ៍ឯណានីមួយ ហើយនឹងនៅព្រងើយជាកណ្ដាល គិតខុស ឃើញខុស ប្រកាន់មាំ ប្រព្រឹត្តធ្វើបាប តាមអំពើចិត្តខ្លួន ។

៦- ចិត្តបង្កើតឡើង កាន់យកនូវអារម្មណ៍ទាំង ៦ នោះអារម្មណ៍ណានីមួយ ហើយនឹងនៅព្រងើយជាកណ្ដាល គិតខុសឃើញខុសប្រកាន់មាំ ប្រព្រឹត្តធ្វើបាប ប្រកបតាមគេដឹកនាំ ឬចេតសិកដាស់តឿន ។

៧- ចិត្តបង្កើតឡើង កាន់យកនូវអារម្មណ៍ទាំង ៦ នោះ អារម្មណ៍ឯណានីមួយ ហើយនឹងនៅព្រងើយជាកណ្ដាល គិតខុសឃើញខុសប្រកាន់មាំក៏ទេ តែប្រព្រឹត្តធ្វើបាប តាមអំពើចិត្តខ្លួន ។

៨- ចិត្តបង្កើតឡើង កាន់យកនូវអារម្មណ៍ទាំង ៦ នោះអារម្មណ៍ឯណានិមួយ ហើយនឹងនៅព្រងើយជាកណ្ដាល គិតខុសឃើញខុសប្រកាន់មាំក៏ទេ តែប្រព្រឹត្តធ្វើបាប ប្រកបតាមគេដឹកនាំ ឬចេតសិកដាស់តឿន ។

ទោសមូល ២ នោះគឺ ៖

១- ចិត្តបង្កើតឡើង កាន់យកនូវអារម្មណ៍ទាំង ៦ នោះ អារម្មណ៍ឯណានីមួយ អាក់អន់ក្ដៅក្រហាយចិត្ត ចង្អៀតចង្អល់ចិត្ត ប្រព្រឹត្តធ្វើបាប តាមអំពើចិត្តខ្លួន ។

២- ចិត្តបង្កើតឡើង កាន់យកនូវអារម្មណ៍ទាំង ៦ នោះ អារម្មណ៍ឯណានីមួយ អាក់អន់ក្ដៅក្រហាយចិត្ត ចង្អៀតចង្អល់ចិត្ត ប្រព្រឹត្តធ្វើបាប ប្រកបតាមគេដឹកនាំ ឬចេតសិកដាស់តឿន ។

មោហមូល ២ នោះ គឺ ៖

១- ចិត្តបង្កើតឡើង កាន់យកនូវអារម្មណ៍ទាំង ៦ នោះ អារម្មណ៍ឯណានីមួយ ហើយនឹងនៅព្រងើយជាកណ្ដាល ប្រកបដោយសេចក្ដីសន្ធិះសង្ស័យផ្សេងៗ មានសង្ស័យក្នុងគុណព្រះពុទ្ធជាដើម ។

២- ចិត្តបង្កើតឡើង កាន់យកនូវអារម្មណ៍ទាំង ៦ នោះអារម្មណ៍ឯណានីមួយ ហើយនឹងនៅព្រងើយជាកណ្ដាល ប្រកបដោយសេចក្ដីរាយមាយ ឬថាហុយឡើងដូចផ្សែង ។

(ចប់អកុសលចិត្ត ១២ តែប៉ុណ្ណេះ)

អហេតុកចិត្ត មាន ១៨ នោះចែកចេញជា ៣ យ៉ាងគឺ ៖

១- អកុសលវិបាកចិត្ត ចិត្តដែលបង្កើតអំពីផលនៃអកុសល ឬថាបង្កើតអំពីជួរស្នាមរបស់អកុសល ឈ្មោះថាអកុសលវិបាកចិត្តមាន ៧ ។

២- កុសលវិបាកចិត្ត ចិត្តដែលបង្កើតអំពីផលនៃកុសលឬ ថាបង្កើតអំពីជួរស្នាមរបស់កុសល  ឈ្មោះថាកុសលវិបាកចិត្តមាន ៨ ។

៣- កិរិយាចិត្ត ចិត្តដែលបង្កើតឡើង គ្រាន់តែជាហេតុ ឈ្មោះថាកិរិយាចិត្តមាន ៣ ។

អកុសលវិបាកចិត្តមាន ៧ នោះគឺ ៖

១- ចក្ខុវិញ្ញាណ លាយដោយឧបេក្ខា ព្រងើយជាកណ្ដាលក្នុងអនិដ្ឋារម្មណ៍ ជាផលបង្កើតអំពីអកុសលចិត្ត ។

២- សោតវិញ្ញាណ លាយដោយឧបេក្ខា ព្រងើយជាកណ្ដាលក្នុងអនិដ្ឋារម្មណ៍ ជាផលបង្កើតអំពីអកុសលចិត្ត ។

៣- ឃានវិញ្ញាណ លាយដោយឧបេក្ខា ព្រងើយជាកណ្ដាលក្នុងអនិដ្ឋារម្មណ៍ ជាផលបង្កើតអំពីអកុសលចិត្ត ។

៤- ជិវ្ហាវិញ្ញាណ លាយដោយឧបេក្ខា ព្រងើយជាកណ្ដាលក្នុងអនិដ្ឋារម្មណ៍ ជាផលបង្កើ់តអំពីអកុសលចិត្ត ។

៥- កាយវិញ្ញាណ លាយដោយសេចក្ដីទុក្ខលំបាក ជាផលបង្កើតអំពីអកុសលចិត្ត ។

៦- វិថីចិត្ត ទទួលយកនូវអនិដ្ឋារម្មណ៍ លាយដោយឧបេក្ខា ព្រងើយជាកណ្ដាល ជាផលកើតអំពីអកុសលចិត្ត ។

៧- វិថីចិត្ត ត្រិះរិះនូវអនិដ្ឋារម្មណ៍ លាយដោយឧបេក្ខា ព្រងើយជាកណ្ដាល ជាផលបង្កើតអំពីអកុសលចិត្ត ។

កុសលវិបាកចិត្ត ៨ នោះគឺ ៖

១- ចក្ខុវិញ្ញាណ លាយដោយឧបេក្ខា ព្រង្កើយជាកណ្ដាលក្នុងឥដ្ឋារម្មណ៍ ជាផលបង្កើតអំពីកុសលចិត្ត ។

២- សោតវិញ្ញាណ លាយដោយឧបេក្ខា ព្រងើយជាកណ្ដាលក្នុងឥដ្ឋារម្មណ៍ ជាផលបង្កើតអំពីកុសលចិត្ត ។

៣- ឃានវិញ្ញាណ លាយដោយឧបេក្ខា ព្រងើយជាកណ្ដាលក្នុងឥដ្ឋារម្មណ៍ ជាផលបង្កើតអំពីកុសលចិត្ត ។

៤- ជិវ្ហាវិញ្ញាណ លាយដោយឧបេក្ខា ព្រងើយជាកណ្ដាលក្នុងឥដ្ឋារម្មណ៍ ជាផលបង្កើតអំពីកុសលចិត្ត ។

៥- កាយវិញ្ញាណ លាយដោយសេចក្ដីសុខសប្បាយ ជាផលបង្កើតអំពីកុសលចិត្ត ។

– វិថីចិត្ត ទទួលយកនូវឥដ្ឋារម្មណ៍ លាយដោយឧបេក្ខា ព្រងើយជាកណ្ដាល ជាផលបង្កើតអំពីកុសលចិត្ត ។

– វិថីចិត្ត ត្រិះរិះនូវឥដ្ឋារម្មណ៍ លាយដោយសោមនស្ស គឺសេចក្ដីត្រេកអររីករាយ ជាផលបង្កើតអំពីកុសលចិត្ត ។

៨- វិថីចិត្ត ត្រិះរិះនូវឥដ្ឋារម្មណ៍ លាយដោយឧបេក្ខា ព្រងើយជាកណ្ដាល ជាផលបង្កើតអំពីកុសលចិត្ត ។

កិរិយាចិត្ត ៣ នោះគឺ ៖

១- វិថីចិត្តសម្រាប់ពិចារណា ប្រើប្រាស់ក្នុងទ្វារទាំង ៥ លាយដោយឧបេក្ខា ព្រងើយជាកណ្ដាល ។

២- វិថីចិត្តសម្រាប់ពិចារណា ប្រើប្រាស់ក្នុងមនោទ្វារ លាយដោយឧបេក្ខា ព្រងើយជាកណ្ដាល ។

៣- ចិត្តជាហេតុញ៉ាំងសេចក្ដីញញឹមឱ្យបង្កើតឡើង លាយដោយសោមនស្ស សេចក្ដីរីករាយ ជារបស់អរិយបុគ្គល ។

(ចប់អហេតុកចិត្ត ១៨ តែប៉ុណ្ណេះ)

សហេតុកាមាវចរចិត្ត ២៤ នោះចែកចេញជា ៣ យ៉ាងទៀតគឺ ៖

១- ចិត្តតែងប្រព្រឹត្ត តែងគិត តែងសន្សំនូវអារម្មណ៍ ប្រកបដោយហេតុជាទីញ៉ាំងកុសល ឱ្យបង្កើតឡើងច្រើន ឈ្មោះថាកុសលចិត្តមាន ៨ (បើនឹងហៅថាមហាកុសលចិត្តដូច្នេះវិញក៏បាន) ។

២- ចិត្តតែងប្រព្រឹត្ត តែងគិត តែងសន្សំនូវអារម្មណ៍ ប្រកបដោយហេតុជាផលបង្កើតអំពីកុសលចិត្តច្រើន ឈ្មោះថាវិបាកចិត្តមាន ៨ (បើនឹងហៅថាមហាវិបាកចិត្តដូច្នេះវិញក៏បាន) ។

៣- ចិត្តជាហេតុសម្រាប់ផ្សាយជវនវិថី ឱ្យទទួលនូវអារម្មណ៍ច្រើនឈ្មោះកិរិយាចិត្តមាន ៨ (បើនឹងហៅថាមហាកិរិយាចិត្តដូច្នេះវិញក៏បាន) ។

ដែលនឹងសម្ដែងទៅនេះ ត្រូវហៅតាមន័យនេះ ។

អកុសលចិត្ត ៨ នោះគឺ ៖

១- ចិត្តបង្កើតឡើងកាន់យកនូវអារម្មណ៍ទាំង ៦ គឺរូប ១ សម្លេង ១ ក្លិន ១ រស ១ សម្ផស្ស ១ ធម្ម ១ អារម្មណ៍ឯណានីមួយ ហើយរីករាយពិចារណាឃើញប្រពៃប្រកាន់មាំ ប្រព្រឹត្តធ្វើបុណ្យ តាមអំពើចិត្តខ្លួន ។

២- ចិត្តបង្កើតឡើងកាន់យកនូវអារម្មណ៍ទាំង ៦ នោះ អារម្មណ៍ឯណានីមួយ ហើយរីករាយ ពិចារណាឃើញប្រពៃប្រកាន់មាំ ប្រព្រឹត្តធ្វើបុណ្យ ប្រកបតាមគេដឹកនាំ ឬចេតសិកដាស់តឿន ។

៣- ចិត្តបង្កើតឡើងកាន់យកនូវអារម្មណ៍ឯណានីមួយ ហើយរីករាយ ពិចារណាឃើញប្រពៃប្រកាន់មាំក៏ទេ តែថាប្រព្រឹត្តធ្វើបុណ្យតាមអំពើចិត្តខ្លួន ។

៤- ចិត្តបង្កើតឡើងកាន់យកនូវអារម្មណ៍ទាំង ៦ នោះ អារម្មណ៍ឯណានីមួយ ហើយរីករាយ ពិចារណាឃើញប្រពៃប្រកាន់មាំក៏ទេ តែប្រព្រឹត្តធ្វើបុណ្យប្រកបតាមគេដឹកនាំ ឬចេតសិកដាស់តឿន

៥- ចិត្តបង្កើតឡើងកាន់យកនូវអារម្មណ៍ទាំង ៦ នោះ អារម្មណ៍ឯណានីមួយហើយព្រងើយជាកណ្ដាល ពិចារណាឃើញប្រពៃប្រកាន់មាំប្រព្រឹត្តធ្វើបុណ្យ តាមអំពើចិត្តខ្លួន ។

៦- ចិត្តបង្កើតឡើងកាន់យកនូវអារម្មណ៍ទាំង ៦ នោះ អារម្មណ៍ឯណានីមួយហើយព្រងើយជាកណ្ដាល ពិចារណាឃើញប្រពៃប្រកាន់មាំប្រព្រឹត្តធ្វើបុណ្យ ប្រកបតាមគេដឹកនាំ ឬចេតសិកដាស់តឿន ។

៧- ចិត្តបង្កើតឡើងកាន់យកនូវអារម្មណ៍ទាំង ៦ នោះ អារម្មណ៍ឯណានីមួយ ហើយព្រងើយជាកណ្ដាល ពិចារណាឃើញប្រពៃប្រកាន់មាំក៏ទេ តែថាប្រព្រឹត្តធ្វើបុណ្យ តាមអំពើចិត្តខ្លួន ។

៨- ចិត្តបង្កើតឡើងកាន់យកនូវអារម្មណ៍ទាំង ៦ នោះ អារម្មណ៍ឯណានីមួយ ហើយព្រងើយជាកណ្ដាល ពិចារណាឃើញប្រពៃប្រកាន់មាំក៏ទេ តែប្រព្រឹត្តធ្វើបុណ្យ ប្រកបតាមគេដឹកនាំ ឬចេតសិកដាស់តឿន ។

មហាវិបាកចិត្ត ៨ នោះគឺ ៖

១- ចិត្តជាផលគឺថាជាជួរស្នាមរបស់កុសលចិត្ត កាន់យកនូវអារម្មណ៍ទាំង ៦ នោះអារម្មណ៍ឯណានីមួយ ហើយរីករាយពិចារណាឃើញប្រពៃប្រកាន់មាំ បង្កើតជានិមិ្មតសម្រាប់ប្រកាន់យកនូវភពថ្មីនឹងតាក់តែងនូវបដិសន្ធិ តាមអំពើចិត្តខ្លួន ។

២- ចិត្តជាផលគឺថាជាជួរស្នាមរបស់កុសលចិត្ត កាន់យកនូវអារម្មណ៍ទាំង ៦ នោះ អារម្មណ៍ឯណានីមួយ ហើយរីករាយពិចារណាឃើញប្រពៃប្រកាន់មាំ បង្កើតជានិម្មិតសម្រាប់ប្រកាន់យកនូវភពថ្មី នឹងតាក់តែងបដិសន្ធិ ប្រកបតាមមេដឹកនាំ ឬចេតសិកដាស់តឿន ។

៣- ចិត្តជាផល គឺថាជាជួរស្នាមរបស់កុសលចិត្ត កាន់យកនូវអារម្មណ៍ទាំង ៦ នោះ អារម្មណ៍ឯណានីមួយ ហើយរីករាយពិចារណាឃើញប្រពៃប្រកាន់មាំក៏ទេ តែបង្កើតជានិម្មិតសម្រាប់កាន់យកនូវភពថ្មីនឹងតាក់តែងនូវបដិសន្ធិ តាមអំពើចិត្តខ្លួន ។

៤- ចិត្តជាផល គឺថាជាជួរស្នាមរបស់កុសលចិត្ត កាន់យកនូវអារម្មណ៍ទាំង ៦ នោះ អារម្មណ៍ឯណានីមួយ ហើយរីករាយពិចារណាឃើញប្រពៃប្រកាន់មាំក៏ទេ តែបង្កើតជានិម្មិតសម្រាប់ប្រកាន់យកនូវភពថ្មី នឹងតាក់តែងនូវបដិសន្ធិ ប្រកបតាមគេដឹកនាំ ឬចេតសិកដាស់តឿន ។

៥- ចិត្តជាផល គឺថាជាជួរស្នាមរបស់កុសលចិត្ត កាន់យកនូវអារម្មណ៍ទាំង ៦ នោះ អារម្មណ៍ឯណានីមួយ ហើយព្រងើយជាកណ្ដាលពិចារណាឃើញប្រពៃប្រកាន់មាំ បង្កើតជានិម្មិតសម្រាប់កាន់យកនូវភពថ្មី នឹងតាក់តែងនូវបដិសន្ធិ តាមអំពើចិត្តខ្លួន ។

៦- ចិត្តជាផល គឺថាជាជួរសា្នមកុសលចិត្ត កាន់យកនូវអារម្មណ៍ទាំង ៦ នោះ អារម្មណ៍ឯណានីមួយ ហើយព្រងើយជាកណ្ដាល ពិចារណាឃើញប្រពៃប្រកាន់មាំ នឹងតាក់តែងនូវបដិសន្ធិ ប្រកបតាមគេដឹកនាំ ឬចេតសិកដាស់តឿន ។

៧- ចិត្តជាផល គឺថាជាជួរស្នាមរបស់កុសលចិត្ត កាន់យកនូវអារម្មណ៍ទាំង ៦ នោះ អារម្មណ៍ឯណានីមួយ ហើយព្រងើយជាកណ្ដាល ពិចារណាឃើញប្រពៃប្រកាន់មាំក៏ទេ តែបង្កើតជានិម្មិតសម្រាប់កាន់យកនូវភពថ្មី នឹងតាក់តែងនូវបដិសន្ធិ តាមអំពើចិត្តខ្លួន ។

៨- ចិត្តជាផល គឺថាជាជួរស្នាមរបស់កុសលចិត្ត កាន់យកនូវអារម្មណ៍ទាំង ៦ នោះ អារម្មណ៍ឯណានីមួយ ហើយព្រងើយជាកណ្ដាល ពិចារណាឃើញប្រពៃប្រកាន់មាំក៏ទេ តែបង្កើតជានិម្មិតសម្រាប់កាន់យកនូវភពថ្មីនឹងតាក់តែងនូវបដិសន្ធិ ប្រកបតាមគេដឹកនាំ ឬចេតសិកដាស់តឿន ។

មហាកិរិយាចិត្ត ៨ នោះគឺ ៖

១- ចិត្តជាហេតុនៃកុសលវិបាកបង្កើតឡើង កាន់យកនូវអារម្មណ៍ទាំង ៦ នោះ អារម្មណ៍ឯណានីមួយ ហើយរីករាយពិចារណាឃើញប្រពៃប្រកាន់មាំសម្រាប់ផ្សាយជវនវិថីឱ្យទទួលនូវអារម្មណ៍ តាមអំពើចិត្តខ្លួន ។

២- ហេតុនៃកុសលវិបាកបង្កើតឡើង កាន់យកនូវអារម្មណ៍ទាំង ៦ នោះ អារម្មណ៍ឯណានីមួយ ហើយរីករាយពិចារណាឃើញប្រពៃប្រកាន់មាំសម្រាប់ផ្សាយជវនវិថីឱ្យទទួលនូវអារម្មណ៍ ប្រកបតាមគេដឹកនាំ ឬចេតសិកដាស់តឿន ។

៣- ចិត្តជាហេតុនៃកុសលវិបាកបង្កើតឡើង កាន់យកនូវអារម្មណ៍ទាំង ៦ នោះ អារម្មណ៍ឯណានីមួយ ហើយរីករាយពិចារណាឃើញប្រពៃប្រកាន់មាំក៏ទេ គ្រាន់តែផ្សាយជវនវិថីឱ្យទទួលនូវអារម្មណ៍តាមអំពើចិត្តខ្លួន ។

៤- ចិត្តជាហេតុនៃកុសលវិបាកបង្កើតឡើង កាន់យកនូវអារម្មណ៍ទាំង ៦ នោះ អារម្មណ៍ណានីមួយ ហើយរីករាយពិចារណាឃើញប្រពៃប្រកាន់មាំក៏ទេ គ្រាន់តែផ្សាយជវនវិថីឱ្យទទួលនូវអារម្មណ៍ ប្រកបតាមគេដឹកនាំ ឬចេតសិកដាស់តឿន ។

៥- ចិត្តជាហេតុនៃកុសលវិបាកបង្កើតឡើង កាន់យកនូវអារម្មណ៍ទាំង ៦ នោះ អារម្មណ៍ឯណានីមួយ ហើយព្រងើយជាកណ្ដាល ពិចារណាឃើញប្រពៃប្រកាន់មាំ សម្រាប់ផ្សាយជវនវិថីឱ្យទទួលនូវអារម្មណ៍តាមអំពើចិត្តខ្លួន ។

៦- ចិត្តជាហេតុនៃកុសលវិបាកបង្កើតឡើង កាន់យកនូវអារម្មណ៍ទាំង ៦ នោះ អារម្មណ៍ឯណានីមួយ ហើយព្រងើយជាកណ្ដាល ពិចារណាឃើញប្រពៃប្រកាន់មាំ សម្រាប់ផ្សាយជវនវិថីឱ្យទទួលនូវអារម្មណ៍ប្រកបតាមគេដឹកនាំ ឬចេតសិកដាស់តឿន ។

៧- ចិត្តជាហេតុនៃកុសលវិបាកបង្កើតឡើង កាន់យកនូវអារម្មណ៍ទាំង ៦ នោះអារម្មណ៍ឯណានីមួយ  ហើយព្រងើយជាកណ្ដាល ពិចារណាឃើញប្រពៃប្រកាន់មាំក៏ទេ គ្រាន់តែផ្សាយជវនវិថីឱ្យទទួលនូវអារម្មណ៍ តាមអំពើចិត្តខ្លួន ។

៨- ចិត្តជាហេតុបង្កើតឡើង កាន់យកនូវអារម្មណ៍ទាំង ៦ នោះអាម្មណ៍ឯណានីមួយ ហើយព្រងើយជាកណ្ដាល ពិចារណាឃើញប្រពៃប្រកាន់មាំក៏ទេ គ្រាន់តែផ្សាយជវនវិថីឱ្យទទួលនូវអារម្មណ៍ ប្រកបតាមគេដឹកនាំ ឬចេតសិកដាស់តឿន ។

អកុសលចិត្ត ១២ អហេតុកចិត្ត ១៨ សហេតុកាមាវចរចិត្ត ២៤ ត្រូវជា ៥៤ ។

(ចប់ដោយសង្ខេបតែប៉ុណ្ណេះ)

រូបាវចរចិត្តនោះមាន ១៥ ចែកចែកជា ៣ យ៉ាងគឺ ៖

១- ចិត្តជារូបាវចរកុសលនៃព្រះយោគាចរ ដែលបានពិចារណាឃើញនូវទោសក្នុងកាមគុណ ចម្រើននូវសមថកម្មដ្ឋានមានបថវិកសិណជាដើម ហើយញ៉ាំងឈានឱ្យបង្កើតឡើង ឈ្មោះថារូបាវចរចិត្តមាន ៥ ។

២- ចិត្តជាផលនៃរូបាវចរកុសល បង្កើតជានិម្មិតសម្រាប់កាន់យកនូវភពថ្មី នឹងតាក់តែងនូវបដិសន្ធិ ឈ្មោះថារូបាវចរវិបាកចិត្ត ៥ ។

៣- ចិត្តជាហេតុនៃរូបាវចរវិបាក សម្រាប់ផ្សាយជវនវិថីឱ្យទទួលនូវអារម្មណ៍ ឈ្មោះថារូបាវចរកិរិយាចិត្តមាន ៥ ។

រូបាវចរកុសលចិត្ត ៥ នោះគឺ ៖

១- ចិត្តជារូបាវចរកុសល ស្ថិតនៅក្នុងបថមជ្ឈាន មាននីវរណធម៌ជាសត្រូវ ប្រកបដោយអង្គ ៥ គឺ វិតក្ក សេចក្ដីត្រិះរិះនូវអារម្មណ៍ ១ វិចារ សេចក្ដីពិចារណានូវអារម្មណ៍ ១ បីតិ សេចក្ដីផឹកនូវអារម្មណ៍ឆ្អែតកាយឆ្អែតចិត្ត ១ សុខសេចក្ដីសោយអារម្មណ៍ស្រួលកាយស្រួលចិត្ត ១ ឯកត្តតា ភាវនៃចិត្តនឹងក្នុងអារម្មណ៍តែមួយ ១ ។

២- ចិត្តជារូបាវចរកុសល ស្ថិតនូវក្នុងទុតិយជ្ឈានមាននិវរណធម៌ជាសត្រូវប្រកបដោយអង្គ ៤ គឺ វិចារ ១ សុខ ១ ឯកត្តតា ១

៣- ចិត្តជារូបាវចរកុសល ស្ថិតនៅក្នុងតតិយជ្ឈានមាននិវរណធម៌ជាសត្រូវប្រកបដោយអង្គ ៣ គឺ បីតិ ១ សុខ ១ ឯកត្តតា១  ។

៤- ចិត្តជារូបាវចរកុសល ស្ថិតនៅក្នុងចតុត្ថជ្ឈាន មាននិវរណធម៌ជាសត្រូវ ប្រកបដោយអង្គ ២ គឺ សុខ ១ ឯកត្តតា ១  ។

៥- ចិត្តជារូបាវចរកុសលស្ថិត នៅក្នុងបញ្ចមជ្ឈាន មាននិវរណធម៌ជាសត្រូវ ប្រកបដោយអង្គ ២ គឺ ឧបេក្ខា ចេតសិកធម៌ សោយអារម្មណ៍ព្រងើយជាកណ្ដាល ១ ឯកត្តតា ១  ។

រូបាវចរវិបាកចិត្ត ៥ នោះគឺ ៖

១- ចិត្តជារូបាវចរវិបាក ស្ថិតនៅក្នុងបឋមជ្ឈាន មាននិវរណធម៌ជាសត្រូវ ប្រកបដោយអង្គ ៥ គឺ វិតក្ក ១ វិចារ ១ បីតិ ១ សុខ ១ ឯកត្តតា ១   ។

២- ចិត្តជារូបាវចរវិបាក ស្ថិតនៅក្នុងទុតិយជ្ឈាន មាននិវរណធម៌ជាសត្រូវ ប្រកបដោយអង្គ ៤ គឺ វិចារ ១ បីតិ ១ សុខ ១ ឯកត្តតា ១

៣- ចិត្តជារូបាវចរវិបាក ស្ថិតនៅក្នុងតតិយជ្ឈាន មាននិវរណធម៌ជាសត្រូវ ប្រកបដោយអង្គ ៣ គឺ បីតិ ១ សុខ ១ ឯកត្តតា ១  ។

៤- ចិត្តជារូបាវចរវិបាក ស្ថិតនៅក្នុងចតុត្ថជ្ឈាន មាននិវរណធម៌ជាសត្រូវ ប្រកបដោយអង្គ ២ គឺ សុខ ១ ឯកត្តតា ១  ។

៥- ចិត្តជារូបាវចរវិបាក ស្ថិតនៅក្នុងបញ្ចមជ្ឈាន មាននិវរណធម៌ជាសត្រូវ ប្រកបដោយអង្គ ២ គឺ ឧបេក្ខា ១ ឯកត្តតា ១  ។

រូបាវចរកិរិយាចិត្ត ៥ នោះគឺ ៖

១- ចិត្តជាហេតុនៃរូបាវចរវិបាក ស្ថិតនៅក្នុងបឋមជ្ឈាន មាននិវរណធម៌ជាសត្រូវ ប្រកបដោយអង្គ ៥ គឺ វិតក្ក ១ វិចារ ១ បីតិ ១ សុខ ១ ឯកត្តតា ១   ។

២- ចិត្តជាហេតុនៃរូបាវចរវិបាក ស្ថិតនៅក្នុងទុតិយជ្ឈាន មាននិវរណធម៌ជាសត្រូវ ប្រកបដោយអង្គ ៤ គឺ វិចារ ១ បីតិ ១ សុខ ១ ឯកត្តតា ១   ។

៣- ចិត្តជាហេតុនៃរូបាវចរវិបាក ស្ថិតនៅក្នុងតតិយជ្ឈាន មាននិវរណធម៌ជាសត្រូវ ប្រកបដោយអង្គ ៣ គឺ បីតិ ១ សុខ ១ ឯកត្តតា ១   ។

៤- ចិត្តជាហេតុនៃរូបាវចរវិបាក ស្ថិតនៅក្នុងចតុត្ថជ្ឈានមាននិវរណធម៌ជាសត្រូវ ប្រកបដោយអង្គ ២ គឺ សុខ ១ ឯកត្តតា ១  ។

៥- ចិត្តជាហេតុនៃរូបាវចរវិបាក ស្ថិតនៅក្នុងបញ្ចមជ្ឈានមាននិវរណធម៌ជាសត្រូវ ប្រកបដោយអង្គ ២ គឺ ឧបេក្ខា ១ ឯកត្តតា ១  ៕

(ចប់រូបាវចរចិត្ត ១៥ តែប៉ុណ្ណេះ)

ព្រះញាណបវរវិជ្ជា ឯម ចាងហ្វាងសាលាបរិយត្តិជាន់ខ្ពស់
រៀបរៀង


  •  
  •  
0 0 votes
Article Rating
Subscribe
Notify of
guest
0 Comments
Inline Feedbacks
View all comments