​សុចរិត ៨ ប្រការ ​ជា​មង្គល​របស់​ស្រី

  •  
  •  

ស្រី ( ន. ) ពាក្យសម្រាប់ប្រើជាសាធារណៈ ឃ្លាតមកពីពាក្យសំស្រ្កឹតថា ស្ត្រី គឺមនុស្សជាតិដែលមានភេទទីទៃពី ប្រុស (បុរិសៈ ឬ បុរស), ទីទៃពី ខ្ទើយ (បណ្ឌក); ត្រូវប្រើឱ្យស្របគូគ្នាថា ស្រី-ប្រុស ឬ ប្រុស-ស្រី; កុំប្រើថា ស្ត្រី-ប្រុស ឬ បុរស-ស្រី ឡើង, ត្រូវប្រើថា បុរសស្ត្រី ឬ ស្ត្រី-បុរស ទើបស្របគ្នា ៖  ប្រុសស្រីជាប្តីប្រពន្ធ, បុរសស្ត្រីជាស្វាមីភរិយា (ប្រើពាក្យស្របគ្នាយ៉ាងនេះទើបស;ម) ។ ព. កា. ថា ៖

ស្រីប្រុសទាំងទ្វី  ជាគូមានពី-   បុរាណព្រេងនាយ  ស្រីជាប្រពន្ធ   ប្រុសទោះសម្ទាយ  បណ្ឌិតទាំងឡាយ  ឱ្យឈ្មោះថាប្តី ។

ស្ត្រីនិងបុរស  ក្នុងលោកទាំងអស់      ភរិយាស្វាមី  គឺប្តីប្រពន្ធ  ហ្នឹងឯងលោកស្ដី  ជនក្នុងលោកីយ៍   ហៅបានតាមថ្នាក់ ។

ប្តីជាអ្នករក  ទ្រព្យធនបានមក  ប្រពន្ធទុកដាក់  ចាស់ទុំបុរាណ   បានពោលបញ្ជាក់  ឱ្យនាងឱ្យអ្នក   ចងចាំគ្រប់ប្រាណ  ។

សំណាបយោងដី  រីឯស្រីៗ  យោងប្រុសសាមាន្យ  ទោះមារយាទខ្សោយ-   ក៏ដោយបើបាន   ស្រីមានសន្ដាន  ខ្ជាប់ខ្ជួនមួនមាំ ។

តែងបានចម្រើន  ទ្រព្យាកើតកើន   ព្រោះស្រីថែទាំ   ចាត់ចែងទុកដាក់   ចេះលាក់សន្សំ  សង្វាតខិតខំ រក្សាឱ្យគង់ ។ល។  (ម. ព. ស្ត្រី ទៀតផង) ។

មានកាព្យច្បាប់ស្រីជាព្រះរាជនិពន្ធនៃ ព្រះបាទសម្ដេចព្រះហរិរក្សរាមា ឥស្សរាធិបតី ព្រះបរមកោដ្ឋ (ព្រះអង្គដួង) ថ្លែងអំពីសុចរិត ៨ ប្រការជាមង្គលរបស់ស្រី  យើងយល់ឃើញថា គួរស្រង់យកមកចុះក្នុងវចនានុក្រមខ្មែរនេះ ដើម្បីរក្សាព្រះកេរ្តិ៍ទុកឱ្យបានឋិតថេរចិរកាលតវែងឆ្ងាយទៅ ព្រះរាជនិពន្ធនោះដូចតទៅនេះថា ៖

១- នេះនឹងសម្ដែង  បរិយាយចារចែង   ដើមបទអដ្ឋា- ហិ ឋានេហិ  សុចរិតា  ឥត្ថីលក្ខណា  មង្គលច្នេះពិត ។

ប្រែថាស្រីជា  កើតកបលក្ខណា   ដោយនូវសុចរិត   មង្គលប្រាំបី    ឱ្យស្រីពិនិត្យ   ចាំយកជាក្រឹត្យ   គ្រប់រូបស្រីៗ ។

ដើមបទព័ណ៌នា  លោកថាស្រីជា   សុចរិតភក្តី  ឫករាបស្រគត់ ផ្គង់ផ្តត់សម្ដី  ការកេរ្តិ៍ខ្មាសស្រី  បរិសុទ្ធមែនមួន ។

លោកថាស្រីត្រង់   កាន់សុចរិតផ្គង់   គំនិតចេះស្ងួន  អស់ទ្រព្យសម្បត្តិ   ប្រយត្នថែធួន  ទុកដាក់ខ្ជាប់ខ្ជួន  មិនមានប្រមាទ ។

៥- លោកថាស្រីគាប់  កាន់សុចរិតខ្ជាប់  ឧស្សាហ៍សង្វាត   ធ្វើការសន្សំ  តឿនខ្ញុំឱ្យឃ្មាត  ឱ្យខ្មីសង្វាត មិនមានស្ងៀមដៃ ។

លោកថាស្រីប្រាជ្ញ   សុចរិតអង់អាច  ចេះអធ្យាស្រ័យ  ញាតិព្រៀងទៅមក   រាប់រករួសវៃ   ទោះជនដទៃ ក៏រាប់តាមពិត ។

លោកថាស្រីស្អាត  សុចរិតគ្មានឃ្លាត  មែនមានគំនិត  ចេះរៀបអាហារ   ភ្នាក់ងារស្រីពិត   រណ្តាប់ផ្គាប់ចិត្ត  ប្តីគ្រប់វេលា ។

លោកថាស្រីស្មោះ  កាន់សុចរិតឆ្ពោះ   ចាំចិត្តស្នេហា  តែនឹងអង្គប្តី    ឥតបីរេរា   ស្មគ្រស្មោះស្មើជា  និត្យនៅរៀបរៀង ។

លោកថាស្រីស្លូត  សុចរិតរហូត  អបអត់ឥតល្អៀង  តាមពាក្យប្តីផ្តាំ  ចងចាំទុកទៀង  ពោលពាក្យមិនឃ្លៀង មិនឃ្លាតសត្យា ។

១០- លោកថាស្រីស្មើ  សុចរិតស័រពើ   អាចរងធានា  ទម្ងន់ចិត្តប្តី   ទោះបីទុក្ខា   ខ្សត់ក្រម្ដេចម្តា អាចទទួលប្រាណ ។

សុចរិតប្រាំបី  ជាមង្គលស្រី   ប្រសើរក្រមាន  អ្វីមកផ្ទឹមផ្ទាល់   ឱ្យដល់នេះបាន   ស្រីណាអាចធ្យាន ចិត្តចាំរៀនយក៍ ។

ទាំងប្រាំបីច្បាប់    ហៅស្រីមហាគាប់  លោកីយ៍កម្រ   ស្រីកាន់សុចរិត  ប្រព្រឹត្តល្អិតល្អ   ស្រីណាថាក្រ   ធ្វើតាមពុំបាន ។

លោកថាស្រីនោះ   ចិត្តអាក្រក់ស្មោះ    ស្អប់ដំបូន្មាន   ផ្សាដោយសារចិត្ត   ទុច្ចរិតសន្ដាន   បង្ហិនធនធាន   ចើកអាសមាយា ។

ក្តីជួច្រើនកល  ក្រដឹងចេះដល់   លែបខាយពុតវា  បើចិត្តចង់ស្រាប់  ចង់ស្ដាប់ហាក់ជា  ងាយដាយសោះសា  ចេះឯងដឹងឯង ។

១៥- ឯត្រង់ច្បាប់ល្អ   តិចទេយល់ក្រ   កម្រក្រៃលែង  ក្រព្រោះមិនចង់  ប្រុងអង្គឱ្យស្ដែង  ក្រដោយចិត្តល្បែង   ចំណង់តណ្ហា ។

អំពើសុចរិត  អធ្យាស្រ័យចិត្ត  សម្អាតឧស្សាហ៍  ស្មើស្មោះស្លូតត្រង់  ផ្គត់ផ្គង់ក្រឹត្យា  ប្រាំបីនេះណា  សុចរិតប្រាកដ ។

ឯសុចរិតស្រី    ផ្គត់ផ្គង់ស្វាមី    លោកឱ្យអបអត់  ឱនអៀនចិត្តទន់    ចេះគន់បែបបទ  តាមតែចិត្តពត់  ម្ដេចៗតាមបាន ។

មិនមានប្រកែក  មិនមានជជែក  ថាធ្វើមិនបាន  ទោះអៀនអន់អត់  សង្កត់ចិត្តប្រាណ   តាមចិត្តប្តីធ្យាន  ម្ដេចៗមិនថា ។

ច្បាប់នេះគួរស្រី   នៅនាលោកីយ៍  ផ្ចង់ចិត្តឧស្សាហ៍  កាន់ក្តីសុចរិត   ជាក្រឹត្យថ្លៃថ្លា  ឱ្យខ្ជាប់ជាក់ជា  ចរិតសព្វថ្ងៃ ។

២០- កាន់បានដូច្នោះ   នឹងឮកេរ្តិ៍ឈ្មោះ  ប្រសើរពេកក្រៃ   នឹងបានសាន្តសុខ  ចៀសទុក្ខចង្រៃ  ដល់បរលោកថ្លៃ  សោយសុខសួគ៌សិទ្ធិ ។

សម្ដែងសេចក្ដី   ពីមង្គលស្រី  ប្រសើរពេកពិត  គ្រប់ទាំងប្រាំបី  ក្រឹត្យស្រីសុចរិត    ចែងចប់ភាសិត តាមព្រះបាលី ។ ៚

មើលក្នុងពាក្យ ប្រុស, ប្តី, ប្រពន្ធ ទៀតផង ។ (បើពេញចិត្ត គួរទន្ទេញឱ្យចាំរត់មាត់  ជាការប្រពៃពេក) ។

ដកស្រង់ចេញពីវចនានុក្រមខ្មែរ សម្ដេច ជួន ណាត ទំព័រ ១៤៨០


  •  
  •  
0 0 votes
Article Rating
Subscribe
Notify of
guest
0 Comments
Inline Feedbacks
View all comments