វិធី​អប់រំ​ចិត្ត

  •  
  •  

ចិត្តគឺអ្វី ?

ចិត្តគឺជាធម្មជាតិគ្មានរូបដែលជាស្ដេចគ្រប់គ្រងនគរកាយ ។ ចិត្តនេះគេមិនអាចមើលឃើញដោយមំសចក្ខុបានទេ ព្រោះជានាមធម៌ តាមពិត អ្នកដែលមិនដឹងចិត្តថាគឺអ្វី តែងមិនឃើញចិត្តទេ តែកាលបើដឹងថាចិត្តគឺអ្វី តែងឃើញចិត្តបានតាមកម្លាំងនៃសេចក្ដីដឹងនោះ ។

គេច្រើនចូលចិត្តថា វិញ្ញាណ មនោ ចិត្ត ទាំង ៣ នេះដូចគ្នា ព្រោះហេតុនោះ គេទើបកំណត់វិញ្ញាណជាចិត្ត ចិត្តជាវិញ្ញាណខ្លះ មនោជាចិត្ត ចិត្តជាមនោខ្លះ ច្រឡូកច្រឡំគ្នាអស់ទៅ ទាំងនេះឯងព្រោះតែមិនស្គាល់ចិត្តថាជាអ្វី ។ ដែលពិតនោះ វិញ្ញាណ មនោ ចិត្តនេះមានមុខការផ្សេងៗគ្នា តែជាប់ទាក់ទងគ្នា ។

វិញ្ញាណគឺការដឹងច្បាស់ផ្លូវភ្នែក ត្រចៀក ច្រមុះ អណ្ដាត កាយ ចិត្ត ហើយវិញ្ញាណនេះជាផ្លូវដែលតដល់ចិត្ត ហេតុនោះ វិញ្ញាណទុកដូចជាអ្នកបញ្ជូន មនោទុកដូចជាអ្នកទទួល ចិត្តទុកដូចជាអ្នកដឹង ។ ចិត្តដែលមានស្រឡាញ់មានស្អប់ជាដើម ព្រោះមានគ្រឿងផ្សំគឺអារម្មណ៍ហើយនឹងគ្រឿងទទួលគឺកិលេស ។ អារម្មណ៍និងកិលេសផ្សំគ្នាកាលណា គឺធ្វើចិត្តឱ្យវិបរិត ដូចវិទ្យុកម្ចាយសំឡេង ត្រូវមានគ្រឿងបញ្ជូននិងគ្រឿងទទួលសំឡេងទើបប្រាកដបាន ពុំនោះទេដូចអគ្គិសនីដែលឱ្យកើតប្រយោជន៍ជាច្រើន មានឱ្យកើតពន្លឺជាដើម ក៏ព្រោះមានគ្រឿងផ្សំព្រមទាំងខ្សែ ប្រដាប់បើកបិទ និងអំពូលដូចម្ដេចមិញ វិញ្ញាណ មនោ ចិត្ត ក៏មានមុខការជាប់ទាក់ទងគ្នាដូច្នោះដែរ ។ ចិត្តដែលមានអារម្មណ៍ចូលមកផ្សំព្រោះកំណាចកិលេស ដែលមានឫសគល់មកអំពីរាគៈឬលោភៈ ទោសៈ មោហៈ ទើបមានសេចក្ដីស្រឡាញ់សេចក្ដីស្អប់ ចិត្តដូច្នេះ នៅក្រោមអំណាចកិលេស ។ សេចក្ដីជាប់ចំពាក់ទាំងឡាយក្នុងលោក ដែលកើតឡើងហើយក្នុងអតីតក្ដី ក្នុងបច្ចុប្បន្នក្ដីក្នុងអនាគតក្ដី តែងកើតមានឡើង ព្រោះចិត្តនៅក្រោមអំណាចកិលេសជាមូលហេតុ ។ កាលណាចិត្តមិនមានគ្រឿងផ្សំគឺអារម្មណ៍ និងគ្រឿងទទួលគឺកិលេសទេ កាលនោះចិត្តក៏មានអំណាចលើកិលេស គឺនៅក្នុងលោក សូម្បីលោកនឹងជាប់ចំពាក់ដូចម្ដេច ក៏មិនអាចធ្វើឱ្យចិត្តញាប់ញ័របាន ។ ព្រោះហេតុនោះ ក្នុងផ្លូវព្រះពុទ្ធសាសនាទើបលើកការអប់រំចិត្តថាជាកិច្ចសំខាន់បំផុត ។ រឿងរ៉ាវនiងវត្ថុស្ថានទាំងឡាយដែលប្រាកដនៅក្នុងលោក សុទ្ធតែជាការសម្ដែងចេញរបស់ចិត្តទាំងអស់ ។ វត្ថុគ្រប់យ៉ាងទើបធ្លាក់ក្នុងអំណាចរបស់ចិត្ត មានតែចិត្តប៉ុណ្ណោះទេដែលអាចធ្វើលោកឱ្យញាប់ញ័រ ឬធ្វើលោកឱ្យស្ងប់បាន ព្រោះហេតុដូច្នោះទើបគួរអប់រំចិត្ត ។

លក្ខណៈរបស់ចិត្ត

ចិត្តជាធម្មជាតិវិចិត្រក្រៃពេក ដោយសារអារម្មណ៍ចូលមកផ្សំដូចពណ៌ជ្រលក់សំពត់ កាលប្រើពណ៌បែបណាជ្រលក់សំពត់ សូម្បីសំពត់នោះមានពណ៌ស ក៏ត្រូវផ្លាស់ទៅតាមពណ៌ជ្រលក់នោះ សំពត់ទើបមានពណ៌ផ្សេងៗដូចម្ដេចមិញ ចិត្តក៏ដូច្នោះដែរ ។ មនុស្សម្នាក់ៗ មានចិត្តតែ១ដួងទេ តែដែលមានច្រើនដួង ព្រោះអារម្មណ៍នោះឯងចូលមកលាយ គឺកាលចិត្តប្រកាន់អារម្មណ៍ណាក៏ប្រែទៅតាមអារម្មណ៍នោះ ។

លោកពោលថា ចិត្តនេះជាធម្មជាតបម្រះននៀល អន្ទះអន្ទែងរក្សាបានដោយកម្រ ហាមឃាត់បានដោយកម្រ ត្រាច់ទៅក្នុងទីឆ្ងាយត្រាច់ទៅតែ១ដួង មានកាយជាទីអាស្រ័យ ហេតុនេះ ការកំណត់ដឹងលក្ខណៈរបស់ចិត្ត ក៏គួរនឹងកំណត់ដឹងដោយន័យនេះ ។

តាមប្រក្រតី ចិត្តនេះកាលបើត្រូវព្រាត់ប្រាសចាកអារម្មណ៍ដែលធ្លាប់សេពគប់មកហើយ ក៏សម្ដែងអាការបម្រះននៀល ដូចត្រីដែលគេលើកចេញពីទឹកបោះទៅលើគោក ជាធម្មជាតអន្ទះអន្ទែង ដោយសម្ដែងអាការឱ្យប្រាកដដូចពានរក្នុងព្រៃ ឬដូចទង់ដែលនៅលើសសរ កាលខ្យល់បក់ក៏ត្រឡប់ទៅ​ត្រឡប់មក ជាធម្មជាតរក្សាបានដោយកម្រ គេក៏ដឹងបានដោយអាការដែលសម្ដែងចេញ ដូចគោដែលនៅជិតស្រែមានសម្ទូង គេកម្រនឹងរក្សាកុំឱ្យស៊ីសម្ទូងក្នុងស្រែនោះបាន ជាធម្មជាតហាមឃាត់បានដោយកម្រ ដោយមានអាការដូចក្មេងដែលកំពុងរពឹសកម្រនឹងហាមឃាត់មិនឱ្យរពឹសបាន ត្រាច់ទៅក្នុងទីឆ្ងាយចំពោះតែ១ដួង គឺត្រាច់ស្វែងរកអារម្មណ៍ឬរឿងរ៉ាវដែលធ្លាប់ដឹងធ្លាប់ឃើញមិនឈប់ឈរ ស្ថានទីណាដែលធ្លាប់ទៅហើយ សូម្បីត្រឡប់មកយូរ ក៏ត្រាច់ទៅក្នុងស្ថានទីនោះបាន កាយនៅទីនេះទេតែចិត្តអាចត្រាច់ទៅពេញលោក បើនឹងរាប់រយផ្លូវដែលចិត្តត្រាច់ទៅមួយថ្ងៃៗ ក៏ហួសប្រមាណដែលនឹងរាប់បាន ចំពោះកាយត្រាច់ទៅមិនបានត្រឹមណា ព្រោះត្រូវហត់នឿយ តែចិត្តមិនមែនដូចកាយទេ ទីណាកាយត្រាច់ទៅមិនបានចិត្តត្រាច់ទៅបាន សូម្បីមានគ្រឿងកំបាំងក៏លេចរួចទៅបាន ទីដែលគេហាមក៏បំពានចូលទៅ ព្រោះហេតុអ្វី ? ព្រោះអារម្មណ៍នោះដែលចូលមកផ្សំចិត្តមានច្រើនយ៉ាង ចិត្តប្រកាន់អារម្មណ៍នេះហើយ បណ្ដោយទៅប្រកាន់អារម្មណ៍ឯណោះទៀត វិលទៅវិលមករកទីបំផុតគ្មាន ទើបឈ្មោះថាត្រាច់ទៅក្នុងទីឆ្ងាយ ហើយត្រាច់ទៅតែ១ដួង ។

កាយយើងនេះ បើមិនមានចិត្ត ក៏មានអាការដូចភាពយន្តដែលខ្វះមនុស្សទាញ កាលបើមានចិត្តចូលអែបអាស្រ័យ ក៏មានអាការដូចភាពយន្តដែលមានមនុស្សទាញ ភាពយន្តនឹងសម្ដែងអាការលោតរាំផ្លាស់ប្ដូរទៅយ៉ាងណា ក៏ព្រោះមនុស្សទាញកាយសម្ដែងអាការឱ្យប្រាកដយ៉ាងណាបានក៏ព្រោះចិត្តជាអ្នកបង្គាប់ការឬនឹងប្រៀបកាយដូចផ្ទះ ចិត្តដូចអ្នកនៅអាស្រ័យ ផ្ទះនោះបើម្ចាស់អ្នកនៅអាស្រ័យជាមនុស្សមានកិរិយាមារយាទល្អ ក៏ជាផ្ទះល្អ មានគ្រឿងប្រដាប់វិចិត្រល្អ តាមកម្លាំងរបស់ម្ចាស់ផ្ទះ ជាទីគួរមើលគួរសរសើរជាបសាទនីយស្ថាន ឱ្យកើតសេចក្ដីជ្រះថ្លាដល់អ្នកបានឃើញ ដូចព្រះសុគន្ធកុដិ ទីគង់នៅរបស់ព្រះពុទ្ធ ឬប្រាសាទរាជវាំងរបស់ព្រះមហាក្សត្រជាដើម តែបើម្ចាស់ផ្ទះនោះជាមនុស្សមិនល្អ គឺជាពាលជន ដូចចោរជាដើម ផ្ទះនោះក៏ត្រឡប់ក្លាយទៅជាទីគួរខ្លាច មិនគួរឱ្យចូលជិតបាន ខនេះមានឧបមាដូចម្ដេចកាយនឹងចិត្តក៏ដូច្នោះដែរ ។ កាលចិត្តបានទទួលការអប់រំក្នុងផ្លូវល្អដែលជាប្រយោជន៍ហើយ អាការដែលសម្ដែងចេញមកតាមផ្លូវកាយផ្លូវវាចាក៏ល្អ តែបើចិត្តខ្វះការអប់រំ ឬបានអប់រំក្នុងផ្លូវមិនជាល្អដែលប្រាសចាកប្រយោជន៍ ប្រាសចាកធម៌ អាការដែលសម្ដែងចេញមកតាមផ្លូវកាយផ្លូវវាចាក៏មិនល្អ ដោយន័យនេះទើបអាចឃើញបានថាចិត្តសំខាន់ជាងកាយ ព្រោះហេតុនោះយើងគួរអប់រំចិត្តតាមសមត្ថភាពនឹងឱកាស មិនគួរបណ្ដោយចិត្តឱ្យធ្លាក់ទៅក្នុងអំណាចកិលេស គួរតាមរក្សាហាមប្រាមការពារកុំឱ្យប្រព្រឹត្តទៅដូច្នោះ ពេលគួរអត់សង្កត់ក៏ចូលអត់សង្កត់ ពេលគួរបង្រ្កាបក៏ចូរបង្រ្កាបកុំបណ្ដោយឱ្យចិត្តទៅតាមអំណាចកិលេស ដែលជាហេតុនាំទុក្ខទោសមកឱ្យ ពេលគួរស្ទួយលើកតម្កើង ក៏ចូរស្ទួយលើកតម្កើងឱ្យក្លាហានឱ្យត្រេកអររីករាយ កុំធ្វើចិត្តឱ្យរួញរាងោកងក់ ពេលគួរសម្លឹងពិនិត្យ ក៏ចូរសម្លឹងពិនិត្យចុះ ។

សាធុជនទាំងឡាយ ដែលប្រាកដថាជាអ្នកមានកិត្តិសព្ទល្អ មានសុខចម្រើនរុងរឿងមិនសាបសូន្យ ក៏ព្រោះបានអប់រំចិត្តរបស់ខ្លួនតាមសមគួរផ្សេងគ្នាខ្លះ តែការអប់រំតិច អប់រំច្រើន អប់រំក្នុងផ្លូវលោក ឬអប់រំក្នុងផ្លូវធម៌ប៉ុណ្ណោះ ។ ចំណែកផលដែលកើតមកអំពីការអប់រំនោះក៏ប្រាកដជាអំណោយផលឱ្យតាមកម្លាំងនៃការអប់រំ កាលអប់រំក្នុងផ្លូវណាត្រឹមណា ក៏រមែងបានផលក្នុងផ្លូវនោះត្រឹមនោះ មិនប្រាសចាកផលឡើយ ។

វិធីអប់រំចិត្ត

ក្នុងខាងដើមនៃការអប់រំចិត្តនេះ ត្រូវស្គាល់ចិត្តព្រមទាំងស្គាល់លក្ខណៈនិងអាការរបស់ចិត្ត សម្រាប់ត្រួតត្រាពិចារណា ដូចមានកញ្ចក់សម្រាប់ឆ្លុះមើលស្រមោលមុខ ព្រោះធម្មតាការអប់រំគ្រប់យ៉ាងត្រូវមានគ្រឿងសម្រាប់ប្រើក្នុងការនោះ ព្រមទាំងសេចក្ដីសម្គាល់នៃការអប់រំ សូម្បីការអប់រំចិត្តក៏ដូច្នោះដែរ គឺត្រូវរៀនឱ្យដឹងរឿងចិត្តល្មមជាគោលការនិងសេចក្ដីសម្គាល់នៃការអប់រំចិត្តជាមុន ដើម្បីធ្វើចិត្តឱ្យជាធម្មជាតគួរដល់ការងារដ៏ប្រពៃ ទាំងផ្លូវលោក ទាំងផ្លូវធម៌ ឱ្យទាល់តែចិត្តស្ងប់ចាកអកុសលធម៌ទាំងឡាយ មានការដឹងហេតុផលជាក់ច្បាស់តាមសេចក្ដីពិត ចំណែកផលដែលយើងប្រាថ្នាយ៉ាងក្រៃលែង ក៏គឺឱ្យជាចិត្តពេញបរិបូណ៌ដោយសេចក្ដីសុខមែនៗ មិនមានអ្វីលាយឡំ ។ ការអប់រំចិត្តនេះមិនមែនគ្រាន់តែទំនុកបម្រុងដល់ការងារផ្លូវធម៌ប៉ុណ្ណោះទេ ដែលពិតនោះគឺទំនុកបម្រុងដល់ការងារចំណែកគតិលោកផង ព្រោះការងារដ៏ប្រពៃទាំងឡាយដែលឱ្យសម្រេចប្រយោជន៍ទាំងខ្លួនឯង ទាំងពួកគណៈប្រទេសជាតិ សុទ្ធតែមានធម៌ដ៏ប្រពៃ ដោយលះបង់ធម៌ចំណែកអកុសលដែលមានទុក្ខជាផលនោះចេញ ហើយអប់រំបំពេញធម៌ចំណែកកុសលដែលមានផលជាសុខឱ្យកើតមានឡើង ក្នុងចិត្តរបស់ខ្លួន ។

គ្រឿងឧបករណ៍ក្នុងការនេះ ក៏មិនត្រូវមានដើមទុនអ្វីប៉ុន្មានទេគ្រាន់តែព្យាយាមឱ្យមានសតិគ្រប់ឥរិយាបថ ហើយតាំងចិត្តកំណត់ពិចារណាត្រួតត្រាសង្កេតមើលក្នុងការដែលធ្វើ ពាក្យដែលនិយាយ រឿងដែលគិតឱ្យដឹងថាជាសុចរិតឬទុច្ចរិត កាលនឹងធ្វើអ្វី និយាយអ្វី គិតអ្វីគួរពិចារណាមើលថា បើយើងនឹងធ្វើយ៉ាងនេះ គិតយ៉ាងនេះទៅ តើជាសុចរិតឬទុច្ចរិត កាលដឹងថាជាសុចរិត គប្បីធ្វើ គប្បីនិយាយ គប្បីគិត កាលដឹងថាជាទុច្ចរិត ក៏កុំធ្វើ កុំនិយាយ កុំគិត សូម្បីធ្វើហើយនិយាយហើយ គិតហើយ ក៏គប្បីពិចារណាដូច្នោះទៀត កាលដឹងថាជាសុចរិត ក៏គប្បីនៅដោយចិត្តបាមោជ្ជ​ត្រេកអរ សិក្សាប្រតិបត្តិក្នុងកុសលធម៌ទាំងយប់ទាំងថ្ងៃចុះ កាលដឹងថាជាទុច្ចរិត ក៏គប្បីសម្ដែងទោសដែលធ្វើល្មើសនោះចេញ ហើយតាំងចិត្តសង្រួមប្រយត្នតទៅ កុំធ្វើថែមទៀត នេះឯងជាកិច្ចខាងដើមនៃការអប់រំចិត្ត ។

កាលបើការធ្វើ ការនិយាយ និងការគិតជាសុចរិតហើយ បើមានបំណងនឹងព្យាយាមបំពេញតទៅ ក៏គួរអប់រំចិត្តរបស់ខ្លួនឱ្យតាំងនៅក្នុងសេចក្ដីស្ងប់ អ្វីជាសត្រូវចំពោះសេចក្ដីស្ងប់ចិត្ត គួរព្យាយាមបង្រ្កាបលះវៀរចេញ ហើយអប់រំបំពេញធម៌ដែលកឱ្យកើតសេចក្ដីស្ងប់ចិត្តនោះឱ្យមានឡើង ទ្រាំអត់ធន់ធ្វើចិត្តរបស់ខ្លួនឱ្យធ្ងន់ធ្ងរ នឹងនួនតែក្នុងធម៌ជាចំណែកកុសល ។ នីវរណៈធម៌ គ្រឿងរាំងរាមិនឱ្យចិត្តបានដល់សេចក្ដីស្ងប់គឺកាមច្ឆន្ទៈ ព្យាបាទៈ ថីនមិទ្ធៈ ឧទ្ធច្ចកុក្កុច្ច វិចិកិច្ឆា ទាំង៥នេះ ជាសត្រូវដោយត្រង់ចំពោះសេចក្ដីស្ងប់ចិត្ត គួរពិចារណាមើលថា នីវរណៈនោះមានទោសយ៉ាងណា កាលបើពិចារណាឃើញទោសហើយក៏គួរលះចេញ សូម្បីលះមិនដាច់ស្រឡះទេ ក៏ឈ្មោះថាល្អជាងការបណ្ដោយទៅតាមអំណាចនីវរណៈដែរ កាលបើនីវរណៈកើតឡើងគ្របសង្កត់ចិត្តក៏គួរពិចារណាមើលឱ្យដឹងថានេះជានីវរណៈ ដែលកឱ្យកើតសេចក្ដីពេញចិត្តស្រឡាញ់ប្រាថ្នាជាប់ជំពាក់ទៅក្នុងរូប សំឡេង ក្លិន រស សម្ផស្ស ដែលគួរប្រាថ្នាខ្លះ កឱ្យកើតអាឃាត បំផ្លាញប្រទូសរ៉ាយគេខ្លះ កឱ្យកើតសេចក្ដីរួញថយនិងងងុយងោកងក់ខ្លះ កឱ្យកើតសេចក្ដីរាយមាយនឹងរសាប់រសល់ខ្លះ កឱ្យកើតសេចក្ដីសង្ស័យមិនដាច់ស្រេចខ្លះទាំងនេះឯងសុទ្ធតែជាសត្រូវចំពោះសេចក្ដីស្ងប់ចិត្តទាំងអស់ ។ កាលបើដូច្នេះហើយ គួរធ្វើទុកក្នុងចិត្តដោយឧបាយដែលត្រូវ គឺឱ្យឃើញថាអារម្មណ៍ទាំងឡាយមានរូបសំឡេងជាដើមនោះ ដែលគួរស្រឡាញ់ គួរប្រាថ្នាជន្លេញជន្លចិត្ត ក៏ព្រោះចូលចិត្តថាស្រស់បស់មិនល្អទេ តែដែលឃើញថាស្រស់បស់ថាល្អទៅវិញ ក៏ព្រោះការតាក់តែងបរិហារកាយដែលជាចំណែករូបប៉ុណ្ណោះ បើខ្វះការតាក់តែងជាដើមហើយ ការមិនស្រស់បស់ល្អអាចកើតប្រាកដឡើង ។ កាលឧស្សាហ៍ពិចារណាកំណត់យ៉ាងនេះហើយ ចិត្តក៏នឹងឃ្លាតចាកកាមច្ឆន្ទៈនោះបានតាមសមគួរព្រោះហេតុនោះ កាលបើនឹងមើលនឹងស្ដាប់ជាដើម ទើបគួរជាអ្នកចេះមើលចេះស្ដាប់ តទៅនឹងបានប្រយោជន៍មកពីការមើលការស្ដាប់នោះពុំខាន ។ សូម្បីនីវរណៈដទៃៗ កើតឡើងក៏គួរពិចារណាដោយឧបាយនេះដែរ ទាល់តែចិត្តដល់នូវសេចក្ដីស្ងប់ពិតប្រាកដ មានអាការស្រដៀងនឹងវង់ភ្លើងដែលនៅក្នុងអំពូល កាលបើអប់រំចិត្តបានយ៉ាងនេះហើយឈ្មោះថាជាអ្នកមានចិត្តនៅលើអំណាចនីវរណៈជាថ្នាក់ទី២ នៃការអប់រំចិត្ត តពីនេះទៅត្រូវពិចារណាប្រារព្ធសេចក្ដីកើតរលត់នៃសង្ខារ ញែកចេញឱ្យឃើញជាភាគជាចំណែកដោយគួរដល់វោហារថា ខន្ធ ធាតុ អាយតនៈ ព្រមទាំងហេតុបច្ច័យ ដរាបដល់លះសេចក្ដីប្រកាន់ដោយអំណាចតណ្ហា​ មានះ ទិដ្ឋិ ថា « នុះរបស់អាត្មាអញ នុះជាខ្លួនប្រាណរបស់អាត្មាអញ » ដែលជាមាគ៌ាឱ្យដល់នូវសេចក្ដីបរិសុទ្ធហ្មត់ចត់ផុតចាកទុក្ខទាំងពួង នេះឯងថ្នាក់ទីបំផុតនៃការអប់រំចិត្ត ។

ផលនៃការអប់រំចិត្ត

ចិត្តនេះ កាលបើគេបានអប់រំល្អហើយ ធ្វើឱ្យស្ងប់បរិសុទ្ធហ្មត់ចត់ហើយ រមែងប្រព្រឹត្តទៅដើម្បីប្រយោជន៍នឹងសេចក្ដីចម្រើនយ៉ាងក្រៃលែងអាចនាំសេចក្ដីសុខមកឱ្យជានិច្ច ។ សេចក្ដីសុខដែលកើតមកអំពីការអប់រំចិត្តឱ្យស្ងប់នឹងបរិសុទ្ធនេះ ជាសេចក្ដីសុខយ៉ាងត្រជាក់ត្រជំ មិនមានសេចក្ដីសុខណាៗ ក្នុងលោកស្មើបាន លោកអ្នកមានប្រាជ្ញាទើបនិយមក្នុងការអប់រំចិត្តពន់ពេក ។

ប្រយោជន៍ដែលកើតអំពីការអប់រំចិត្តនោះ ចែកចេញជា៣ជាន់ គឺទិដ្ឋធម្មិកត្ថៈ ( ប្រយោជន៍ក្នុងបច្ចុប្បន្ន ) សម្បរាយិកត្ថៈ ( ប្រយោជន៍ក្នុងបរលោក ) បរមត្ថៈ ( ប្រយោជន៍ឧត្ដមគឺព្រះនិព្វាន ) ។

ទិដ្ឋិធម្មិកត្ថៈ

អំណោយផលឱ្យតាំងខ្លួនបានជាគោលចារិកត្រឹមត្រូវក្នុងបច្ចុប្បន្ន ។ ព្រោះហេតុនោះ អ្នកប្រាថ្នាផលជាន់នេះ គួរអប់រំចិត្តឱ្យមានសេចក្ដីឧស្សាហ៍ខ្មីឃ្មាតក្នុងករណីយកិច្ចដែលជានាទីរបស់ខ្លួន គឺថាបើនៅក្នុងវ័យដែលត្រូវសិក្សា ក៏គួរជ្រើសរើសការសិក្សាដែលជាប្រយោជន៍ លះវៀរការសិក្សាដែលជាទោសចេញ កាលបើឃើញការសិក្សាដែលជាប្រយោជន៍ហើយ ក៏ចូរព្យាយាមចំពោះការសិក្សានោះ ទាល់តែសម្រេចផលតាមបំណង កុំនឿយណាយរួញរាឡើយ កាលបើបានទទួលការងារណាៗដែលគេប្រគល់ឱ្យ ក៏ចូរតាំងចិត្តព្យាយាមធ្វើការងារនោះៗ ឱ្យបានសម្រេចផលតាមដែលគេប្រគល់ឱ្យ ឬគេទុកចិត្តគួរអប់រំចិត្តឱ្យស្មោះត្រង់ចំពោះខ្លួនឯង ចំពោះអ្នកដទៃ ចំពោះការងារដែលជានាទីរបស់ខ្លួន ចំពោះកាលវេលា ចំពោះសមាគម ឱ្យចិត្តមានសតិសម្បជញ្ញៈ អត់ធន់ ក្លៀវក្លា អាចហ៊ាន រីករាយ ទន់ភ្លន់ មានសច្ចកតញ្ញូកតវេទី បដិភាណឈ្លាសវៃដឹងហេតុការណ៍មិនភ្ញាក់ផ្អើលអាចប្រកបករណីយនោះៗឱ្យសមគួរដល់កាលៈទេសៈ ចេះរក្សាករណីយនោះៗមិនឱ្យសាបសូន្យ ឱ្យមានតែសេចក្ដីចម្រើនដោយលំដាប់ រហូតដល់ទ្រព្យសម្បត្តិដែលរកបានមកដោយធម៌ដ៏ប្រពៃ ក៏ចេះរក្សានឹងចាយវាយក្នុងផ្លូវដែលជាប្រយោជន៍ ចេះកាន់ប្រយោជន៍របស់ទ្រព្យសម្បត្តិទុកឱ្យបាន មិនបណ្ដោយឱ្យប្រាសចាកប្រយោជន៍ ដែលនឹងត្រឡប់ជាទោសដល់ខ្លួន ទាំងត្រូវជាមនុស្សមានកល្យាណមិត្ររួមកិច្ចការ ឬប្រឹក្សាប្រារព្ធការងារគ្រឿងចិញ្ចឹមជីវិតជាដើម កាលបើអប់រំចិត្តបានយ៉ាងនេះហើយ គង់នឹងបានទទួលផលដូចពោលមកពុំខាន ។

សម្បរាយិកត្ថៈ

អំណោយផលឱ្យចេះធ្វើប្រយោជន៍ដល់ពួកគណៈប្រទេសជាតិ ហើយជាគុណសម្បត្តិជាប់នឹងខ្លួន ដូចស្រមោលជាប់តាមប្រាណ សូម្បីនឹងទៅកាន់ទិសណាៗ ក៏រមែងអំណោយផលតាមជូនទៅឧបត្ថម្ភក្នុងទិសនោះៗ មិនឱ្យមានទុក្ខលំបាក ។ ព្រោះហេតុនោះ អ្នកប្រាថ្នាផលជាន់នេះ គួរអប់រំចិត្តឱ្យមានសទ្ធា គឺជឿក្នុងរបស់ដែលគួរជឿ ឱ្យមានសីល គឺតាំងចិត្តប្រព្រឹត្តកាយវាចារៀបរយប្រាសចាកទោសទាល់តែចិត្តជាប្រក្រតីមិនកម្រើកញាប់ញ័រ ឱ្យមានចាគៈ គឺចេះបែងចែកលះទាំងខាងក្នុងនិងខាងក្រៅ ធ្វើចិត្តឱ្យទូលាយមិនចង្អៀត អ្វីជាសត្រូវរបស់សទ្ធានិងសីល ជាចំណែកខាងក្នុងក៏រមែងលះបាន អ្វីជាសត្រូវរបស់ការខាងក្រៅក៏រមែងលះបាន ឱ្យមានបញ្ញាដឹងហេតុផលតាមពិត ក្នុងរបស់ដែលខ្លួនជឿនឹងលះបង់ ។ ការអប់រំចិត្តបានយ៉ាងនេះ រមែងជាហេតុធ្វើចិត្តឱ្យស្គាល់ជាក់លាក់ក្នុងការបំពេញប្រយោជន៍រួមគឺពួកគណៈដែលខ្លួននៅអាស្រ័យ ជាគុណសមុទ័យឱ្យជាអ្នកលឿនដាច់គេក្នុងពួកនោះៗ ។

បរមត្ថៈ

អំណោយផលឱ្យជាអ្នកមានចិត្តបរិសុទ្ធផុតចាកកិលេសាសវៈផុតចាកកងទុក្ខទាំងពួង ព្រោះហេតុនោះ អ្នកប្រាថ្នាផលជាន់នេះ គួរអប់រំចិត្តឱ្យមានបញ្ញាជាហេតុជ្រែកទុក្ខ ដែលមានតណ្ហាជាដែនកើត កាលបើអាចលះតណ្ហាបានដាច់ស្រឡះហើយ កងទុក្ខទាំងពួងក៏រលត់អស់ដូចភ្លើងដែលអស់ប្រេង រមែងរលត់ទៅដូច្នោះ ។

វិធីអប់រំចិត្តតាមដែលពណ៌នាមកនេះ សូមលោកអ្នកមានប្រាជ្ញាពិចារណាមើលចុះ បើលោកអ្នកនិយមក្នុងការអប់រំចិត្តហើយ តែមិនបានសម្រេចលទ្ធផលដល់ជាន់ទីបំផុត បានត្រឹមតែការធ្វើ ការនិយាយ ការគិត ជាសុចរិតប៉ុណ្ណោះ ក៏គប្បីនឹកសង្ឃឹមក្នុងចិត្តចុះថា ខ្លួនតិះដៀលខ្លួនឯងមិនបាន អ្នកដឹងពិចារណាហើយក៏សរសើរ កិត្តិសព្ទខាងល្អរមែងក្រអូបខ្ចរខ្ចាយទៅគ្រប់ទិសានុទិស មិនជាអ្នកវង្វេងធ្វើកាលកិរិយា សូម្បីនឹងត្រូវទម្លាយខន្ធទៅក៏មានសុគតិជាទីប្រព្រឹត្តទៅក្នុងខាងមុខ សុទ្ធតែជាផលដែលគួរប្រាថ្នាពិតៗ ទើបជាការសមគួរណាស់តែខំព្យាយាមក្នុងការអប់រំចិត្តនេះ ដើម្បីសម្រេចផលជាសុខក្នុងទីគ្រប់ស្ថាន គ្រប់កាលសម័យ ។ វិធីអប់រំចិត្តមានន័យដូចពោលមកដូច្នេះឯង ។

ចប់

ចិត្តសៅហ្មងមកពីមិនប្រឹងអប់រំ               ប្រឹងសន្សំធ្វើទានសីលនិងភាវនា
ចិត្តសៅហ្មងនាំឱ្យរងទុក្ខខ្លោចផ្សា           ក្នុងអនាគតកាលនិងបច្ចុប្បន្ន ។
ចិត្តបរិសុទ្ធផុតមន្ទិលស្រិលស្អាតភ្លឹង       មកអំពីប្រឹងខំបំពត់មិនស្រាកស្រន់
ចិត្តបរិសុទ្ធនាំឱ្យសុខអនេកលន់              សាធុជនគួរអប់រំចិត្តទៅហើយ !

ស៊ិន ហ៊ាន ស្មៀននៅពុទ្ធសាសនបណ្ឌិត្យ
រៀបរៀង

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៥៤


  •  
  •  
0 0 votes
Article Rating
Subscribe
Notify of
guest
0 Comments
Inline Feedbacks
View all comments