សាសនា​ទុក​ជា​ថ្នាំ​ប្រចាំ​ជីវិត

សាសនាគឺជាពាក្យប្រៀនប្រដៅ ដែលជាគោលរបស់ចិត្ត អាចគ្រប់គ្រងចិត្តរបស់អ្នករាប់អានកាន់តាមឲ្យជ្រះថ្លា ឲ្យវៀរចាកវត្ថុដែលគួរវៀរ ឲ្យធ្វើវត្ថុដែលគួរធ្វើ ឲ្យសម្រេចការគ្រប់គ្រងខ្លួនដោយខ្លួនឯង ឲ្យដឹងខុសត្រូវអាក្រក់ល្អដោយខ្លួនឯង ។

សាសនាជារបស់ចាំបាច់យ៉ាងវិសេស មានតម្លៃលើសលប់ ដែលមនុស្សគ្រប់ឋានៈ ត្រូវមាន ត្រូវរាប់អានប្រចាំចិត្តខានពុំបាន ព្រោះសាសនាជាអណ្ដូងទីកើតនៃសីលធម៌ ជាគ្រឿងនាំសេចក្ដីសុខមកឲ្យអ្នកកាន់តាម ដូចតំណក់ទឹកភ្លៀងដែលធ្លាក់ចុះមក នាំយកទាំងសេចក្ដីរីករាយមកផង ។ សាសនាជាប្រទីបទ្រោលបំភ្លឺចិត្តមនុស្ស ឲ្យជីវភាពមនុស្សមានដំណើរល្អ ឲ្យយោគយល់ចិត្តថ្លើមមនុស្សផងគ្នា មិនឲ្យបៀតបៀនគ្នាដោយផ្លូវត្រង់និងផ្លូវអម ។ សាសនាជាគ្រឿងគ្រប់គ្រងមនុស្សបានទាំងផ្លូវកាយផ្លូវចិត្ត ទាំងទីកំបាំង ទីវាល យ៉ាងជិតស្និទ្ធល្អជាងច្បាប់គ្រប់គ្រងមនុស្សដែលបានត្រឹមតែរាងកាយម្យ៉ាង ចំណែកចិត្តគ្រប់គ្រងមិនបាន ច្បាប់ដាក់ទោសមនុស្សអ្នកប្រព្រឹត្តល្មើសបានតែក្នុងពេលដែលចាប់កំហុសបាន ដោយមានសាក្សី ឬមានឯកសារជាភស្ដុតាង តែបើមនុស្សអ្នកប្រព្រឹត្តល្មើសនោះលបធ្វើក្នុងទីកំបាំង ចាប់មិនបានទេ ព្រោះគ្មានសាក្សីគ្មានឯកសារជាហ្លាក់ឋាន ។ ឯមនុស្សអ្នករាប់អានសាសនា មានសាសនាជាគ្រឿងប្រចាំចិត្ត តែងមានចិត្តអៀនខ្មាសមិនហ៊ានធ្វើអំពើអាក្រក់ សូម្បីក្នុងទីកំបាំងដែលគ្មានអ្នកណាដឹងឃើញឡើយ ។ មនុស្សគ្រប់រូប គ្រប់ភេទ គ្រប់វ័យ សុទ្ធតែត្រូវការសេចក្ដីសុខស្ងប់ដូចគ្នា គ្មានអ្នកណាបដិសេធថា មិនត្រូវការនោះទេ ។ ឯសេចក្ដីសុខស្ងប់គ្រប់យ៉ាងនោះឯង ក៏ជាផលកើតមកអំពីគោលធម៌នៃសាសនា ។

ធម្មតាចិត្តមនុស្ស រមែងអន្ទះអន្ទែងស្ទុះស្ទាទៅកាន់អារម្មណ៍ផ្សេងៗ ដែលចូលមកប្រលោមឲ្យស្រឡាញ់ខ្លះ មកញុះញង់ឲ្យស្អប់ខ្ពើមខ្លះ មកលលួងឲ្យភ្លាំងភ្លាត់ញាប់ញ័រខ្លះ មិនឲ្យនៅនឹងនួនបាន បើគ្មានបង្គោលឲ្យចិត្តប្រកាន់យកជាបង្អែក ចិត្តរមែងមិននឹងធឹងនៅបានទេ តែងតែអណ្ដែតអណ្ដូងទៅរកសេចក្ដីក្ដៅក្រហាយ ដូចស្វាដែលចូលចិត្តលោតចុះលោតឡើង បើមិនចងទុកនឹងបង្គោលបណ្ដោយឲ្យទៅតាមទំនើង អាចនឹងធ្វើឲ្យវិនាសច្រើនស្ថាន ។ ចិត្តរបស់មនុស្សរមែងត្រូវវិបត្តិដោយអំណាចសេចក្ដីលោភ ក្រោធ វង្វេង ឥច្ឆា ឫស្យា ព្រមទាំងឲ្យទោសគឺសេចក្ដីវិនាស អាក្រក់ ខ្លាំងជាងសេះដែលខូច ឬជាងដំរីចុះប្រេងទៅទៀត ។ ដោយហេតុនេះមនុស្សយើងត្រូវមានគោល គឺសាសនាជាបង្អែក ជាគ្រឿងអប់រំចិត្ត ដើម្បីឲ្យប្រណីតបញ្ចង់លះបង់សេចក្ដីវិបត្តិអាក្រក់នោះចោលចេញ ។ មនុស្សដែលមានសាសនាជាគោលហ្វឹកហាត់ចិត្តរមែងគ្មានសេចក្ដីវិបត្តិ មានតែសេចក្ដីត្រជាក់ចិត្ត ឥតកិលេសដុតរោលឲ្យធ្វើសេចក្ដីអាក្រក់ ដែលជាហេតុឲ្យក្ដៅក្រហាយឲ្យវិនាសដល់ខ្លួននិងអ្នកដទៃទេ ។ ចំណែកមនុស្សដែលគ្មានសាសនាឈ្មោះថា គ្មានគោល គ្មានបង្អែក ចិត្តមនុស្សដែលគ្មានបង្អែក រមែងត្រូវវិបត្តិនិងត្រូវក្រសែកិលេសនាំទៅតាមយថាកម្ម ដូចជាទូកដែលគ្មានបង្គោលចង រមែងត្រូវខ្សែទឹកនិងខ្យល់បក់ឲ្យរសាត់ទៅរកទីបំផុតគ្មាន អាចបណ្ដាលឲ្យអន្តរាយលិចលង់ក្នុងពេលណាមួយ ឬដូចរថយន្តដែលគ្មានហ្វ្រាំងជាគ្រឿងទប់កង់ អាចនឹងជ្រុលទៅមុករថយន្តដូចគ្នា ឬមនុស្ស ឲ្យខូចឲ្យមានរបួស ឬឲ្យអន្តរាយដល់ជីវិតបាន ។

ម្យ៉ាងទៀត សាសនាទុកដូចជាគ្រឿងអលង្ការដ៏មានតម្លៃ សម្រាប់តាក់តែងចិត្តរបស់មនុស្សឲ្យល្អ ឬក៏ដូចជាសម្លៀកបំពាក់ សម្រាប់បិទបាំងរាងកាយ ឲ្យសុខសប្បាយ ឲ្យកក់ក្ដៅ អាចការពារក្ដៅត្រជាក់បានតាមត្រូវការ មនុស្សដែលគ្មានគ្រឿងអលង្ការនិងសម្លៀកបំពាក់សូម្បីបន្តិចបន្តួចសម្រាប់បិទបាំងរាងកាយ រមែងជាទីគួរអៀនខ្មាសនិងគួរខ្ពើមរបស់អ្នកដែលបានចួបបានឃើញ កាលត្រូវសេចក្ដីក្ដៅរងាមកប៉ះពាល់ ក៏រមែងមានទុក្ខវេទនាទ្វេឡើងទៀត គ្មានសុខស្រួលឡើយ ចំណែកមនុស្សអ្នកមានសម្លៀកបំពាក់ និងគ្រឿងអលង្ការតាក់តែងរូបកាយ រមែងសមរម្យល្អគួរទស្សនា សូម្បីក្ដៅត្រជាក់មកប៉ះពាល់ខ្លាំងយ៉ាងណា ក៏គ្រឿងសម្លៀកបំពាក់នោះអាចជួយការពារឲ្យបានសុខស្រួល ។ មនុស្សគ្មានសាសនាជាគ្រឿងប្រដាប់ចិត្ត មិនផ្សេងគ្នាពីមនុស្សដែលអាក្រាតកាយនៅតែខ្លួនទទេនោះឡើយ ហើយចិត្តមនុស្សបែបនោះ រមែងមិនល្អ មិនមានសេចក្ដីសុខស្ងប់ កាលបើកិលេសាសវៈចូលញាំញី ក៏រឹតតែមួម៉ៅក្ដៅក្រហាយខ្លាំងឡើងទៀត ។ មនុស្សអ្នកមានសាសនាប្រចាំចិត្ត រមែងមានចិត្តល្អបរិសុទ្ធ មានចិត្តត្រជាក់ត្រជំនៅជាសុខ សូម្បីកិលេសចូលមកញាំញីខ្លាំងយ៉ាងណា ក៏សាសនាអាចជួយការពារមិនឲ្យក្ដៅក្រហាយបាន ។

ដោយហេតុនេះ មនុស្សអ្នកយល់ត្រូវតាមគន្លងធម៌មិនវិបល្លាសចាកហេតុផល ទើបគេនាំគ្នានិយមកាន់សាសនា ដើម្បីទុកជាអលង្ការនិងជាគោលចិត្ត មិនបណ្ដោយចិត្តរបស់គេឲ្យអណ្ដែតទៅតាមក្រសែនៃសេចក្ដីអាក្រក់ដែលចូលមកប្រលោមលោមលួងឲ្យភ្លេចខ្លួន ហើយចិត្តរបស់ជនដែលមានសាសនាជាបង្អែក រមែងចម្រើនដោយសេចក្ដីល្អ គ្មានសេចក្ដីថោកទាបទេ ដូចដើមឈើដែលដុះល្អមាំមួនរឹងប៉ឹងឡើង ក៏ព្រោះមានឫសកែវជាកម្លាំង ។ សាសនាអាចធ្វើអំណោយសន្តិសុខនិងប្រយោជន៍ដល់មនុស្សគ្រប់សញ្ជាតិ គ្រប់វណ្ណៈ ឲ្យតែអ្នកណាប្រតិបត្តិតាមគោលធម៌ក្នុងសាសនា អ្នកនោះក៏បានសេចក្ដីត្រជាក់សុខស្រួលនឹងបានទទួលប្រយោជន៍តាមសមគួរដល់ការប្រតិបត្តិគ្រប់គ្នា ដូចអាកាសដ៏បរិសុទ្ធ អ្នកណាបានស្រូបចូល អ្នកនោះក៏មានសុខភាពស្រួល ។ ហេតុនេះសាសនាទើបមាននៅជាគូនឹងលោក ធ្វើឲ្យលោកមានសន្តិសុខ ជាគូនឹងប្រទេសជាតិ ធ្វើឲ្យប្រទេសជាតិបានចម្រើនរុងរឿង ជាគូនឹងពួកមនុស្ស ធ្វើឲ្យពួកមនុស្សស្រឡាញ់រាប់អានគ្នា យល់ចិត្តថ្លើមគ្នា ជាគូនឹងពួកគណៈ ធ្វើឲ្យពួកគណៈមានសាមគ្គីគ្នាជានិច្ច ដូចដួងព្រះអាទិត្យព្រះចន្ទមាននៅជាគូនឹងអាកាសផែនដី ព្រមទាំងលោកខានពុំបាន ។

បើសាសនា មាននៅជាគូនឹងលោកអាចធ្វើអំណោយសន្តិភាពដល់លោកជាអនេកប្បការយ៉ាងនេះ ចុះហេតុដូចម្ដេចក៏មានជនខ្លះយល់ខុសថា  សាសនាជាថ្នាំដែលញៀនហើយឲ្យទោសផង ? តាមសេចក្ដីពិតបើពោលតាមហេតុផល ក៏គង់ឃើញថា សាសនាមិនមែនជាថ្នាំដែលញៀនហើយឲ្យទោសសោះឡើយ ប្រសិនបើប្រៀបសាសនាទៅនឹងថ្នាំក៏ជាថ្នាំដែលគួរសេព មិនមែនជាថ្នាំដែលញៀនហើយឲ្យទោសទេ ។ ដោយមានហេតុផលដូច្នេះ ទើបគួរញែកថ្នាំជា ២ យ៉ាងគឺ ថ្នាំគួរសេព ១ ថ្នាំមិនគួរសេព ១ ។ ថ្នាំគួរសេព គឺថ្នាំដែលចាំបាច់ដល់ជីវិតពិតៗខានមិនបាន វៀរចាកមិនកើត ក្នុងវេលាមានឈឺថ្កាត់ដូចជាគ្រុន ឈឺក្បាល ក្ដៅខ្លួន ឬវណ្ណរោគ (របេង) យើងត្រូវបរិភោគថ្នាំ ដូចជាអាស្ពីរីន គីនីន ឬថ្នាំចាក់ជាដើម ដើម្បីបំបាត់រោគទាំងនោះឲ្យជាសះស្បើយទៅ ។ ថ្នាំបែបនេះជាថ្នាំចាំបាច់ពិតប្រាកដដែលយើងត្រូវសេព ។ បុគ្គលណាមានរោគហើយមិនបរិភោគថ្នាំកែរោគ បណ្ដោយឲ្យប្រព្រឹត្តទៅតាមយថាកម្ម រោគក៏មិនសះស្បើយ បុគ្គលនោះក៏ត្រូវរងទុក្ខវេទនាយ៉ាងខ្លាំងគ្មានសេចក្ដីសុខស្រួលទេ ក្នុងទីបំផុតអាចនឹងដល់នូវសេចក្ដីស្លាប់បាន ។ បុគ្គលណាមានរោគហើយបានបរិភោគថ្នាំកែរោគ បុគ្គលនោះ មិនបានឈ្មោះថា បរិភោគថ្នាំដែលញៀនទេ បានឈ្មោះថាជាអ្នកបរិភោគថ្នាំដែលគួរបរិភោគ ហើយបានសេចក្ដីសរសើរថាជាអ្នកចេះថែរក្សាខ្លួនឯងផង ។

ចំណែកវត្ថុដែលមិនមែនជាថ្នាំចាំបាច់ដល់ជីវិតមនុស្ស បានខាងបារី កញ្ឆា សុរា និងអាភៀនជាដើម ទោះបីមិនសេពក៏មិនក្ដៅក្រហាយ ថែមទាំងអាចតម្កល់ជីវិតឲ្យរស់នៅបានតាមប្រក្រតី តែមនុស្សខ្លះផ្ដើមហាត់សេពសុរា កញ្ឆា បារី ឬអាភៀន ដែលជារបស់មិនចាំបាច់នោះធ្វើឲ្យញៀនជាប់កើតជាការចាំបាច់ឡើង ម៉្លោះហើយអត់មិនបាន ក៏ត្រូវការសេពរឿយៗទៅ ។ វត្ថុបែបនេះអាចកើតជាទោស ព្រោះធ្វើអ្នកសេពឲ្យញាណជាប់នាំឲ្យរសាប់រសល់ក្រវល់ក្រវាយ ក្នុងពេលមិនបានសេព តែកាលបានសេពក៏បន្ទោបង់សេចក្ដីរសាប់រសល់បានតែមួយខណៈ រួចកើតសេចក្ដីរសាប់រសល់ទៀត ជាហេតុធ្វើឲ្យសេពតទៅទៀតរកទីបំផុតគ្មាន ហើយជាហេតុឲ្យអ្នកផងតិះដៀលថា មិនសមបើទៅហាត់ខ្លួនឲ្យជាប់ចំពាក់ ដោយវត្ថុដែលមិនមែនជារបស់ចាំបាច់នោះឡើយ ។ ចំណែកផ្លូវសាសនា ដែលពោលថាជាឱសថគួរសេពនោះ ក៏ព្រោះថាមនុស្សក្នុងលោកនេះ បើមិនសេពថ្នាំគឺសាសនា គ្មានសាសនាប្រចាំចិត្តទេ ក៏គ្មានហិរិឱត្តប្បៈ គឺគ្មានសេចក្ដីអៀនខ្មាសក្នុងចិត្ត និងគ្មានសេចក្ដីកោតក្រែងចំពោះសេចក្ដីអាក្រក់គ្រប់យ៉ាងឡើយ លោកក៏មិនត្រជាក់ត្រជំសុខស្រួល និងមិនយល់ចិត្តថ្លើមគ្នានឹងគ្នា មានតែការបៀតបៀនបំផ្លិចបំផ្លាញគ្នាទៅវិញទៅមក ដោយគ្មានមេត្តាករុណា ប្រហែលគ្នានឹងសត្វព្រៃដែលកាចសាហាវ មិនមានសេចក្ដីអៀនខ្មាស ហ៊ានធ្វើសេចក្ដីអាក្រក់ទាំងក្នុងទីវាលទាំងក្នុងទីកំបាំង ដោយឥតញញើតដល់បាបកម្មឡើយ លោកនឹងមានសភាពដែលគួរឲ្យតក់ស្លុតហួសប្រមាណដូចជាបានឮភេរវសញ្ញា (សារ៉ែន) ប្រាប់មហន្តរាយតាមផ្លូវអាកាស ឬដូចជាមនុស្សមានរោគហើយមិនបរិភោគថ្នាំកែរោគ រោគនោះក៏នៅរ៉ាំរ៉ៃក្នុងខ្លួនជានិច្ច លុះតែបានបរិភោគថ្នាំដែលគួរបរិភោគទៅកាលណា ទើបរោគនោះជាសះស្បើយទៅបាន ។

សាសនាអាចធ្វើមនុស្សឲ្យចេះរក្សាសេចក្ដីស្ងប់រៀបរយបានល្អ ឲ្យចេះយល់ចិត្តថ្លើមគ្នា ឲ្យចេះយកចិត្តទុកដាក់ចំពោះគ្នីគ្នា ឲ្យដឹងគុណូបការរបស់អ្នកមានគុណ ហើយតបស្នងសងគុណលោក តាមកម្លាំងដែលអាចធ្វើបាន ទោះមានឱកាសល្មមនឹងប្រព្រឹត្តអំពើអាក្រក់បានក៏មិនបាន ព្រោះមានសាសនាប្រចាំចិត្ត ធ្វើឲ្យចេះអៀនខ្មាសចំពោះអំពើអាក្រក់នោះ ។ ដោយន័យនេះទើបឃើញថាសាសនាបើប្រៀបធៀបទៅនឹងថ្នាំ គឺជាថ្នាំគួរសេពពិតប្រាកដ  ព្រោះកាលណាសេពហើយ តែងធ្វើអ្នកសេពឲ្យមានសេចក្ដីសុខយ៉ាងត្រជាក់ត្រជំ រម្លត់ទុក្ខវេទនាគ្រប់យ៉ាងឲ្យអស់ទៅបាន ដូចជាថ្នាំកែរោគដែរ តែសាសនាមិនមែនជាថ្នាំញៀនជាប់ដូចជាមនុស្សចំពូកខ្លះយល់ខុសនោះទេ ព្រោះវត្ថុដែលញៀនជាប់នោះមិនមែនជារបស់ចាំបាច់ដល់ជីវិតមនុស្សឡើយ តែមនុស្សទេតើដែលទៅហាត់សេពឲ្យជាប់ខ្លួនឯងរហូតដល់កើតជារបស់ចាំបាច់ឡើង ចំណែកសាសនាជាថ្នាំចាំបាច់ដល់ជីវិតមនុស្សពិតៗ បើមនុស្សគ្មានសាសនានៅប្រចាំក្នុងចិត្តទេ ក៏បានឈ្មោះថា ជាមនុស្សតែពាក់កណ្ដាលប៉ុណ្ណោះ ព្រោះចិត្តមិនខ្ពស់ជាងសត្វតិរច្ឆានឡើយ ហើយជាមនុស្ស គ្រាន់តែមានកមានក្បាលដូចមនុស្ស តែមិនដឹងឧបការគុណអ្នកណាឡើយ ដោយហោចទៅ សូម្បីមាតាបិតាបង្កើតខ្លួន ក៏ថាគ្មានឧបការគុណដែរ ។ ចំណែកសាសនាទូន្មានចិត្តមនុស្សឲ្យដឹងគុណអ្នកមានគុណ ដែលហៅថាកតញ្ញូ ហើយឲ្យតបស្នងសងគុណលោកដែលហៅថាកតវេទី ។ សាសនាមាននាទី ជួយលើកតម្កើងមនុស្សភាព ឲ្យមានលក្ខណៈពេញជាមនុស្សមែនទែនឲ្យមានសេចក្ដីថ្លៃថ្នូរ ឲ្យមានចិត្តខ្ពស់ជាងសត្វតិរច្ឆាន ។

ហេតុដូច្នេះ មនុស្សក្នុងលោកគ្រប់រូប ទើបគួរសេពសាសនា គឺគួរមានសាសនាប្រចាំនៅក្នុងចិត្ត ។

 ព្រះមហា នូរ សុខ

គួរចងស្ពានមេត្រីនឹងអ្នកមានត្រកូលស្មើគ្នា

មនុស្សពីរនាក់ណា  មានទ្រព្យសម្បត្តិប៉ុនគ្នា  មានត្រកូលប៉ុនគ្នា  មនុស្សពីរនាក់នោះ  ត្រូវចងមេត្រីនឹងគ្នា  ត្រូវធ្វើវិវាហៈជាមួយគ្នា តែឯមនុស្សម្នាក់ខ្សោយម្នាក់ទៀតខ្លាំង គេមិនត្រូវធ្វើ គឺមិនត្រូវចងស្ពានមេត្រីទេ ។

ម្រឹគត្រូវគប់មួយអន្លើដោយម្រឹគទាំងឡាយ   គោដោយគោទាំងឡាយ សេះដោយសេះទាំងឡាយ មនុស្សល្ងង់ដោយមនុស្សល្ងង់ទាំងឡាយ   អ្នកប្រាជ្ញដោយអ្នកប្រាជ្ញទាំងឡាយ    ការចងគ្នាជាសម្លាញ់បានចំពោះតែមនុស្សណា  បើល្អៗដូចគ្នា ឬបើអាក្រក់ៗដូចគ្នាទេ ។

បញ្ចតន្ត្រៈ

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៥៥

បញ្ចេញយោបល់ ៖