វត្ថុបំណង​នៃ​ពុទ្ធសាសនា

ប្រទេសកម្ពុជា ជាប្រទេសដែលបានកាន់ព្រះពុទ្ធសាសនាជាច្រើនសតវត្សមកហើយ ទាំងច្បាប់រដ្ឋធម្មនុញ្ញ​សម្រាប់ប្រទេសទៀតក៏បានចាត់ទុកនូវពុទ្ធសាសនាថាជាសាសនាសម្រាប់រដ្ឋដែរ ។ ហេតុនេះ ពុទ្ធជនទាំងឡាយ គួរយកចិត្តទុកដាក់ពិចារណារិះរកខុសត្រូវក្នុងពាក្យប្រៀនប្រដៅឲ្យរឿយៗ   ដើម្បីនឹងទំនុកបម្រុង​ព្រះពុទ្ធសាសនាឲ្យបានរុងរឿង  កុំឲ្យសាបសូន្យទៅដោយវិធីណាឡើយ ។ គប្បីពិគ្រោះមើលតាមហេតុផលនិងតាមបែបច្បាប់ដែលលោកអ្នកប្រាជ្ញធ្លាប់បានសម្ដែងទុកមកអំពីមុនៗ ឲ្យយល់ឃើញពិតប្រាកដ កុំបណ្ដោយទុកឲ្យកើតទៅជាការវិនាស ព្រោះទិដ្ឋិមិនស្របគ្នានោះ គួរឧស្សាហ៍រិះរកមធ្យោបាយ ដើម្បីសេចក្ដីចម្រើនដល់ពុទ្ធសាសនាក្នុងកម្ពុជរដ្ឋទៅអនាគតកាលផង ។

ទិដ្ឋិ ប្រែថា “ ដំណើរយល់ឃើញ សេចក្ដីប្រកាន់តាមការយល់ ” ។ ដំណើរយល់ឃើញត្រូវតាមសភាវធម៌ ហៅថា សម្មាទិដ្ឋិ ដំណើរយល់ឃើញខុសអំពីគោលធម្មជាតិ ឬសេចក្ដីប្រកាន់តាមការយល់ឃើញដែលជាទំនាស់នឹងគោលនៃសេចក្ដីពិត ហៅថា មិច្ឆាទិដ្ឋិ ។

ពីនេះសូមអស់លោក – អ្នកពិចារណាតាមខ្ញុំដូចតទៅនេះ ៖

ព្រះពុទ្ធសាសនា មិនមែនជាសាសនាប្រដៅមនុស្សឲ្យទន់ខ្សោយដែលមិនហ៊ានតស៊ូនឹងគេទេ ។ រឿងនេះ បើយើងពិចារណាមើលតាមប្រវត្តិរបស់ព្រះសម្ពុទ្ធជាម្ចាស់ហើយ ក៏ឃើញបានថា ព្រះអង្គមានព្រះជាតិជាក្សត្រក្នុងវង្សគោតមសក្យរាជ គ្រងរាជសម្បត្តិនៅក្នុងក្រុងកបិលពស្ដុមហានគរ ព្រះអង្គទ្រង់ជាកំពូលនៃអ្នកចម្បាំងដែលធ្លាប់ប្រឡងមានថ្វីព្រះហស្ដឈ្នះគេមកហើយ ទ្រង់មានព្រះកាយពលខ្លាំងពូកែ ទាំងមានកម្លាំងព្រះទ័យមិនខ្លាចសេចក្ដីទុក្ខលំបាកក្នុងការលុកព្រៃផ្សៃឡើយ តែទោះបីព្រះអង្គពូកែឈ្លាសវៃក្នុងការច្បាំងដូច្នោះក៏ដោយ ក៏ព្រះអង្គត្រឡប់មកប្រៀនប្រដៅមនុស្សឲ្យតាំងនៅក្នុងសេចក្ដីស្ងប់ មិនឲ្យគំរាមកំញើញបៀតបៀនគ្នាទៅវិញ ។ ព្រះសាស្ដាទ្រង់ជាមគ្គុទេសក៍ បង្ហាញផ្លូវឲ្យឃើញថា សីលធម៌ជារបស់មនុស្សមានរស្មី ភ្នែកគឺបញ្ញា មិនឲ្យធ្លាក់ខ្លួនទៅជាទាសៈនៃសេចក្ដីអន្ទះសា ដោយអំណាចសេចក្ដីលោភ សេចក្ដីក្រោធ ឬសេចក្ដីវង្វេងឡើយ ។ មួយទៀត ព្រះអង្គទ្រង់ត្រាស់ថា អ្នកជាកំពូលចម្បាំង មិនមែនសន្មតយកអ្នកច្បាំងឈ្នះមនុស្សដទៃរាប់ម៉ឺនរាប់សែននាក់នោះទេ គឺព្រះអង្គទ្រង់សរសើរអ្នកច្បាំងឈ្នះខ្លួនឯង ដោយមិនបណ្ដោយខ្លួនឲ្យធ្លាក់ទៅជាទាសៈរបស់កិលេសដែលដេកត្រាំនៅខាងក្នុងសន្ដានចិត្ត ។

មួយវិញទៀត ព្រះពុទ្ធសាសនា មិនមែនជាសាសនារបស់អ្នកបោកបញ្ឆោតមនុស្សដទៃឲ្យវង្វេងនៅក្រោមអំណាចរបស់ខ្លួនទេ ។ រឿងនេះបើពិចារណាធៀបមើលដោយល្អិតល្អន់ហើយ ក៏ឃើញបានថា ព្រះពុទ្ធជាម្ចាស់មិនដែលប្រៀនប្រដៅជួយចម្លងមនុស្ស ឲ្យផុតចាកទាសភាពទាំងខាងផ្លូវកាយទាំងខាងផ្លូវចិត្តទូទៅគ្រប់មនុស្សដោយឥតរើសមុខ ។ ផ្លូវកាយ ទ្រង់ប្រៀនប្រដៅមិនឲ្យពុទ្ធសាសនិកជនទិញទាសៈលក់​ទាសៈ មិនឲ្យកំហែងមនុស្សដែលទន់ខ្សោយជាងខ្លួន ឲ្យមានមេត្តាករុណាអាណិតអាសូរដល់មនុស្សដែលក្រលំបាក ទ្រង់ប្រដៅឲ្យចេះទីពឹងខ្លួនឯង មិនឲ្យវង្វេងទៅអង្វរករស្រែកសូមអំពីវត្ថុសក្ដិសិទ្ធ ដោយមិនបានធ្វើអ្វីឲ្យកើតផល  ឲ្យព្យាយាមធ្វើរបរចិញ្ចឹមជីវិតក្នុងផ្លូវដែលត្រូវ មិនតែប៉ុណ្ណោះ ថែមទាំងទ្រង់ប្រៀនប្រដៅមិនឲ្យប្រកាន់វណ្ណៈទៀតផង គឺទ្រង់ប្រដៅឲ្យប្រកាន់ការប្រព្រឹត្តល្អជាគោល ។ អ្នកប្រតិបត្តិយ៉ាងនេះរមែងមិនជាទាសៈនរណាទាំងមិនធ្វើនរណាឲ្យជាទាសៈ ។ ចំណែកផ្លូវចិត្ត ទ្រង់ប្រដៅមិនឲ្យមនុស្សធ្វើជាទាសៈរបស់កិលេសទាំងប្រភេទល្មោភចង់បានទាំងប្រភេទក្រោធខឹង ទាំងប្រភេទងងឹតល្ងង់ ។ កាលបើដូច្នោះ គួរឃើញបានថា ព្រះពុទ្ធសាសនាប្រៀនប្រដៅ ដើម្បីរំដោះទាសភាពដោយពិតៗ សូម្បីព្រះសាស្ដាក៏ទ្រង់មិនមានបំណងឲ្យនរណាមួយ មកធ្វើសក្ការគោរពបូជាព្រះអង្គដែរ ដូចទ្រង់ប្រកាសជាឱឡារិកថា ការប្រព្រឹត្តព្រហ្មចារ្យមិនមែនដើម្បីលាភសក្ការនិងការសរសើរទេ ក្រៅអំពីនេះទៅទៀត​ ទ្រង់ប្រកាន់យកការប្រតិបត្តិត្រូវជាគោល គឺនរជនណាប្រតិបត្តិត្រូវ នរជននោះឈ្មោះថាបានបូជាព្រះអង្គដោយបូជាដ៏ខ្ពង់ខ្ពស់ ជាងការបូជាដោយទៀនធូបផ្កាឈើទៅទៀត ។ សូម្បីអ្នកតោងជាយសង្ឃាដីរបស់ព្រះអង្គ បើមិនបានប្រតិបត្តិឲ្យត្រឹមត្រូវទេ ក៏មិនឈ្មោះថានៅជិតព្រះអង្គដែរ ។ នេះឯងជាគ្រឿងបញ្ជាក់ឲ្យឃើញថា ព្រះបរមសាស្ដាទ្រង់ប្រៀនប្រដៅដើម្បីប្រយោជន៍ដល់អ្នកប្រព្រឹត្តប្រតិបត្តិត្រូវយ៉ាងពិតប្រាកដ មិនមែនមានបំណងនឹងបោកបញ្ឆោតយកលាភសក្ការទេ បើព្រះអង្គមានបំណងយ៉ាងនោះមែន ទ្រង់គង់នៅជាក្សត្រគ្រ់បគ្រងលោកិយសម្បត្តិប្រសើរជាង ។

ព្រះសម្ពុទ្ធជាម្ចាស់ប្រដៅមនុស្សឲ្យប្រតិបត្តិល្អយ៉ាងគ្រប់គ្រាន់ ហើយបើនឹងលើកតម្កើងនរជនណា ក៏លើកតម្កើង ព្រោះសេចក្ដីប្រព្រឹត្តល្អរបស់នរជននោះ ឥតមានលើកតម្កើងព្រោះទ្រព្យ ឬព្រោះវង្សត្រកូលឡើយ ។ ព្រោះហេតុនោះ នរណាដែលសម្លឹងខ្លួនថាជាអ្នកចេះដឹង មិនចំពោះតែផ្លូវលោកឬផ្លូវធម៌ទេ បើវាចារបស់គេដែលបន្លឺចេញមកនោះប្រកបដោយសេចក្ដីឫស្យា អាឃាត សេចក្ដីក្រោធខឹងទោមនស្សតូចចិត្ត ជាវាចាដឹកនាំដើម្បីបំផ្លាញចំពោះអ្នកដែលខ្លួនស្អប់ហើយ គប្បីជ្រាបចុះថា នយោបាយដូច្នោះជារបស់មនុស្សឆ្ងាយចាកព្រះពុទ្ធសាសនា ដូចមានរឿងដំណាលថា ៖

សម័យមួយ ព្រះសម្ពុទ្ធបានស្ដេចទៅកាន់ដែនមគធៈ វស្សការព្រាហ្មណ៍មហាមាត្យនៃដែននោះបានមកគាល់ព្រះអង្គ ហើយក្រាបបង្គំទូលអំពីសេចក្ដីយល់ឃើញរបស់ខ្លួនថា “ អ្វីក៏ដោយ ដែលខ្ញុំព្រះអង្គបានឃើញ បានឮ ឬបានដឹងមក បើខ្ញុំព្រះអង្គនិយាយទៅតាមការដែលដឹង ដែលឃើញនោះហើយ ក៏មិនមានទោសទេ ។ បើពាក្យឯណាដែលនិយាយទៅហើយ ជាហេតុឲ្យធម៌ចំណែកអាក្រក់ចម្រើន ធម៌ចំណែកល្អសាបសូន្យ ពាក្យនោះក៏មិនគួរនិយាយ តែបើនិយាយទៅហើយ ជាហេតុឲ្យធម៌ចំណែកអាក្រក់សាបសូន្យ ធម៌ចំណែកល្អចម្រើន ពាក្យនោះទើបគួរនិយាយ តថាគតសរសើរចំពោះតែអ្នកដែលនិយាយសច្ចពិតៗ ព្រមទាំងត្រូវឲ្យស្គាល់កាលដែលគួរនិយាយផង ។ មនុស្សដែលកើតមកហើយ តែងមានអណ្ដាតកើតមកនៅក្នុងមាត់ផង ។ មនុស្សពាលដែលពោលវាចាអាក្រក់ថោកទាប ឈ្មោះថាប្រើអណ្ដាតនោះសម្លាប់ខ្លួនឯង ។ នរណានឹងធ្វើការណាៗក៏ដោយ បើមានសេចក្ដីលោភ សេចក្ដីក្រោធ សេចក្ដីវង្វេងជាឫសគល់ហើយ សេចក្ដីអាក្រក់ដទៃៗ​ដែលនៅមិនទាន់កើតឡើងក៏នឹងកើតឡើង ដែលកើតហើយ ក៏រឹតតែចម្រើនឡើង ។ មនុស្សពាល កាលបើពោលពាក្យអាក្រក់ ក៏សម្គាល់ថាខ្លួនឈ្នះ ។ សេចក្ដីអត់ធន់របស់មនុស្សអ្នកដឹងទាន់ ទើបជាជ័យជម្នះដ៏ពិតប្រាកដ ។ អ្នកក្រោធតបមនុស្សដែលក្រោធ រមែងទាបថោកក្រៃលែងជាងមនុស្សដែលក្រោធមុននោះទៅទៀត ។ មនុស្សដែលមិនក្រោធតបចំពោះអ្នកដែលក្រោធ ឈ្មោះថាជាអ្នកឈ្នះ​សង្គ្រាមដែលកម្រនឹងឈ្នះបាន ។

ពុទ្ធមាមកជនទាំងឡាយ ចូរពិចារណាមើលចុះ ព្រះធម៌ពាក្យប្រៀនប្រដៅរបស់ព្រះអង្គ គឺប្រដៅឲ្យពួកយើងស្រឡាញ់សន្តិភាព គឺឲ្យធ្វើការណាៗដោយប្រាសចាកសេចក្ដីលោភ ក្រោធ វង្វេងជាត្រីមុខ ។ ក្នុងទីបំផុត ព្រះអង្គទ្រង់ប្រដៅពួកយើងឲ្យឈ្នះសង្គ្រាមដែលកម្រនឹងឈ្នះបាន គឺឲ្យហាត់ពត់ចិត្តមិនក្រោធខឹងចំពោះមនុស្សទូទៅ ។

ពុទ្ធសាសនបណ្ឌិត្យ

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៥៥

បញ្ចេញយោបល់ ៖