លោក​មុខ​មាន​មែន​ឬ​ទេ?

លោកមុខមានមែនឬទេ[១]

លោកមុខ បើនិយាយតាមពុទ្ធសាសនា ថាលោកមុខមានមែន ព្រោះមានស្ថានសួគ៌ ស្ថាននរក បើនិយាយតាមមតិនៃអ្នកប្រាជ្ញខាងពុទ្ធសាសនាថា ចាប់តាំងពីពេលផុតអស់ខ្យល់ដង្ហើមចេញចូល គឺស្លាប់ ហៅថា លោកមុខ ។ នានាជាតិក្នុងលោកច្រើនប្រកាន់ជឿថា លោកមុខមានមែន សឹងមានទំនៀមទម្លាប់ប្រព្រឹត្តជាប់មកជាភស្ដុតាងស្រាប់ដូច ៖

ទំនៀមខ្មែរ

ខ្មែរប្រកាន់ជឿថាអ្នកស្លាប់ហើយត្រូវកើតទៀត ហើយត្រូវកាន់យកវត្ថុផ្សេងៗពីលោកនេះទៅប្រើប្រាស់ក្នុងលោកខាងមុខ ព្រោះតែជំនឿយ៉ាងនេះ ទើបគេយកវត្ថុសម្រាប់ប្រើប្រាស់នោះដាក់កប់ជាមួយនឹងរូបបុគ្គលដែលស្លាប់ហើយ ដូចជាកាលពីឆ្នាំមុន ពួកអ្នកជីកដីរុករកបុរាណវត្ថុក្នុងប្រទេសខ្មែរ គេជីកដីទៅត្រូវលើរណ្ដៅខ្មោច ក្នុងរណ្ដៅនោះគេឃើញមានកាំបិត ពូថៅ ដាវ និងគ្រឿងប្រើប្រាស់ផ្សេងៗទៀតមានតុ ថាស ចាន ឆ្នាំងជាដើម ។ ម្យ៉ាងទៀត តាមទំនៀមទម្លាប់ខ្មែរបុរាណ ចំពោះមនុស្សចាស់ជរា កាលបើដឹងខ្លួនថាជិតស្លាប់ហើយ ច្រើនតែប្រាប់កូនចៅឲ្យរៀបចំគ្រឿងបន្លុងទុកប្លុងឲ្យខ្លួនជាមុន បើដល់ខ្លួនស្លាប់ហើយ ឲ្យកូនចៅនិមន្តព្រះសង្ឃមកទស់យកទៅ ដោយសម្គាល់ថា របស់ទាំងនោះនឹងបានដល់ខ្លួន ៗ នឹងប្រើប្រាស់នៅលោកមុខទៀត ។ ចំណែកកូនចៅ កាលជ្រើសយករបស់ដាក់ប្លុង ច្រើនតែរើសយករបស់ដែលម៉ែឪធ្លាប់ប្រើប្រាស់ ធ្លាប់ស្រឡញ់ និងរបស់ដែលមានតម្លៃ ចួនកាលទិញរបស់ថ្មីៗពីផ្សារមកធ្វើជាបន្លុងតែម្ដង គ្រឿងបន្លុងនេះអ្នកខ្លះនិមន្តព្រះសង្ឃទស់យកទៅកុដិ អ្នកខ្លះជីកដីកប់ក្នុងផ្នូរសពនោះ ប៉ុន្តែមិនមែនមានដាក់តែគ្រប់រណ្ដៅទេ ព្រោះរណ្ដៅខ្លះគេដាក់ ខ្លះគេមិនដាក់ នេះទំនៀមខ្មែរ ។

ទំនៀមចិន

ព្រះរាជាធិរាជប្រទេសចិន កាលមុននឹងទិវង្គតទ្រង់បង្គាប់ឲ្យសាងម៉ុងទុកជាស្រេច លុះព្រះអង្គទិវង្គតហើយ អាមាត្យមុខមន្ត្រីយកព្រះរាជទ្រព្យដ៏មានតម្លៃ ទៅតម្កល់ទុកថ្វាយក្នុងម៉ុង មិនតែប៉ុណ្ណោះ ថែមទាំងកប់ស្រីស្នំ ឬខ្ញុំប្រុសស្រីជាទីសព្វព្រះរាជហឫទ័យទៅក្នុងរណ្ដៅទាំងរស់ ដោយតាំងចិត្តថា ឲ្យទៅនៅចាំគាល់បម្រើព្រះមហាក្សត្រក្នុងលោកមុខទៀត ។ ឯអ្នកដែលត្រូវគេជីកកប់ទាំងរស់នោះ ក៏សុខចិត្តស្លាប់ ឥតធុញថប់ ឬឥតគេបង្ខិតបង្ខំចិត្តឡើយ ដ្បិតគេតាំងចិត្តថានឹងតបស្នងព្រះតេជៈព្រះគុណនៃព្រះមហាក្សត្ររបស់ខ្លួន ដែលរាប់ថាជាការបានបុណ្យយ៉ាងច្រើនក្រៃលែង ។

មិនតែប៉ុណ្ណោះ ទំនៀមចិន មុននឹងកប់សពរបស់គេ បើជាអ្នកមានធនធានស្ដុកស្ដម្ភ គេរៀបចំតែងតួសពដូចជាមន្ត្រី ធ្វើម៉ុងល្អសម្បើមណាស់ យកក្រដាសធ្វើជាប្រាក់សន្លឹក ជារូបមនុស្សបម្រើ ជារូបផ្ទះ ជារូបយានពាហនៈ និងជាគ្រឿងប្រើប្រាស់ផ្សេងៗទៀត ប៉ុន្តែ វត្ថុទាំងនេះមិនកប់ជាមួយនឹងសពទេ គេដុតភ្លើងឲ្យឆេះទាំងអស់ ដោយតាំងចិត្តឧទ្ទិសបញ្ជូនទៅឲ្យអ្នកស្លាប់ទៅលោកខាងមុខនោះ ។

ទំនៀមជប៉ុន

សម័យបុរាណ ជប៉ុនធ្វើរាជពិធីព្រះបរមសពនៃព្រះរាជាធិរាជជប៉ុន ដូចជាព្រះរាជាធិរាជចិនដែរ ។ ក្នុងរជ្ជកាលមួយនោះ មានមន្ត្រីជាន់ខ្ពស់ម្នាក់ជាតិជប៉ុន បានសុខចិត្តឲ្យគេកប់ខ្លួនទាំងរស់ទៅក្នុងដី ដើម្បីតាមហែព្រះមហាក្សត្ររបស់ខ្លួន ដែលស្ដេចយាងទៅលោកមុខ នៅថ្ងៃដែលគេធ្វើរាជពិធីបញ្ចុះព្រះបរមសពនោះ ។ តែឥឡូវនេះ មានបញ្ញត្តិហាមមិនឲ្យកប់មនុស្សទាំងរស់ទៅតាមសព ។

ទំនៀមអេហ្ស៊ីប

ប្រជាជនជាតិអេហ្ស៊ីបសម័យបុរាណ កប់សពដូចចិននិងជប៉ុនដែរ ប៉ុន្តែគេចេះរក្សាសពទុកឲ្យបានយូរអង្វែង មិនឲ្យស្អុយរលួយ[២] ដោយគេដាក់ថ្នាំរក្សាសព ហើយគេតម្កល់សពទុកក្នុងទីកន្លែងដ៏ល្អល្អះមាំមួនផង គេយកចំណីអាហារនិងគ្រឿងប្រើប្រាស់ផ្សេងៗទៅតម្កល់ទុកក្នុងទីតម្កល់សពផង ព្រោះគេជឿថា “ មនុស្សស្លាប់ហើយ វិញ្ញាណនឹងត្រឡប់មកចូលក្នុងរាងកាយវិញទៀត” ព្រោះហេតុនោះបានជាគេចាត់ការធ្វើទីតម្កល់សពរបស់ខ្លួនជាមុន តាំងពីនៅមានជីវិតនៅឡើយ ។

ទំនៀមអ្នកកាន់សាសនាគ្រិស្ដ និងសាសនាអ៊ីស្លាម

ជនកាន់សាសនាទាំងពីរនេះក៏កប់សពដូចជាតិចិន ជប៉ុន និងអេហ្ស៊ីបដែរ ។ លទ្ធិសាសនាទាំងពីរនេះ យល់ឃើញស្របគ្នាថា កាលដល់ “ ថ្ងៃកាត់សេចក្ដី ឬថ្ងៃតពីនោះមកទៀត លោកនៃមនុស្សយើងនេះនឹងមិនមានទៀតទេ មនុស្សស្លាប់ហើយនឹងរស់ឡើងវិញទាំងអស់គ្នា  អ្នកធ្វើល្អបានឡើងស្ថានសួគ៌  អ្នកធ្វើអាក្រក់ចុះនរក” ។ ប៉ុន្តែ ខាងលទ្ធិសាសនាអ៊ីស្លាមយល់ខុសពីសាសនាគ្រិស្ដខ្លះថា “មនុស្សស្លាប់ហើយវិញ្ញាណត្រូវទៅរាយការណ៍របស់ខ្លួនចំពោះព្រះម្ចាស់សួគ៌ ហើយត្រឡប់មកនៅនឹងរាងកាយដើមវិញ រង់ចាំថ្ងៃកាត់សេចក្ដី ” ។ ចំណែកសាសនាគ្រិស្ដជឿថា “វិញ្ញាណរបស់អ្នកស្លាប់ហើយ ត្រូវទៅរក ភ្លើងជម្រះ រង់ចាំថ្ងៃកាត់សេចក្ដីដែរ ” ។ ហេតុនេះ បានជាជាតិបារាំងមិនចងរឹតរួតសពដូចខ្មែរយើងទេ ដ្បិតគេមិនទុកសពឲ្យហួសពី ៤៨ ម៉ោងឡើយ ។

ទំនៀមហិណ្ឌូ

ប្រជាជនជាតិហិណ្ឌូសម័យបុរាណ ធ្វើពិធីដុតសព ។ ជនជាតិនេះធ្វើពិធីដុតសពវិសេសប្លែកជាងជាតិឯទៀតត្រង់កិច្ចមួយគឺក្នុងវេលាដែលគេដុតសពប្ដី ប្រពន្ធត្រូវតាក់តែងខ្លួនឲ្យល្អស្រស់ដោយគ្រឿងមង្គលការ ហើយចូលទៅអង្គុយឱបប្ដីលើជើងថ្ករ ឲ្យគេដុតខ្លួនទាំងរស់ ដោយតាំងចិត្តថា “នឹងទៅរៀបមង្គលការជាមួយនឹងប្ដីនៅលោកមុខម្ដងទៀត” ។ ចំណែកប្ដីវិញ បើប្រពន្ធស្លាប់ហើយ  មិនត្រូវដុតខ្លួនឲ្យស្លាប់ទៅតាមប្រពន្ធទេ សុខចិត្តឲ្យប្រពន្ធស្លាប់នៅតែម្នាក់ឯងចុះ ។

រឿងប្រពន្ធដុតខ្លួនឲ្យស្លាប់ទៅតាមប្ដី [៣]

កាលពីក្នុងឆ្នាំ ព.ស. ២៤៨០ នាងរូបាតានី ជាតិឥណ្ឌា កាលប្ដីស្លាប់ហើយ គ្រូពេទ្យប្រចាំតំបន់មកពិនិត្យសពនិងប្រកាសមរណភាពក្នុងវេលាល្ងាចនៃថ្ងៃនោះ ។ នាងរូបាតានីក៏ស្នើបំណងរបស់នាងឲ្យពពួកញាតិមិត្រទាំងឡាយបានជ្រាប ព្រមទាំងបង្អង់ការឈាបនកិច្ចទុកដល់ថ្ងៃស្អែកឡើង ដើម្បីនាងនឹងមាន​ឱកាស​ធ្វើកិច្ចដែលគួរធ្វើរបស់នាង ។ គ្រានោះ ពួកអ្នកដែលមកប្រជុំក្នុងបុណ្យសពនោះ ទាំងប្រុសទាំងស្រី ទាំងអ្នកជិតទាំងអ្នកឆ្ងាយ រហូតដល់ទៅខ្ញុំប្រុសខ្ញុំស្រីរបស់នាងក៏ចូលទៅអង្វរករហាមឃាត់នាង មិនឲ្យធ្វើកម្មណាមួយដែលជាការល្មើសច្បាប់អង់គ្លេស ដែលបញ្ញត្តលុបលាងមិនឲ្យប្រពន្ធដុតខ្លួនទាំងរស់ទៅតាមសពប្ដីជាដាច់ខាត ។ ប៉ុន្តែនាងមេម៉ាយឆ្លើយតបតាមបទបញ្ញត្តដែលមានក្នុងគម្ពីរហិណ្ឌូថា “មុខងាររបស់ភរិយា គឺនៅត្រង់មិនព្រមឃ្លាតចាកស្វាមីក្នុងយាមរស់ឬក្នុងយាមស្លាប់” ។ ពួកញាតិមិត្រឮដូច្នោះក៏មិនអាចហាមឃាត់នាងបាន ប៉ុន្តែបានស្នើរឿងនោះឲ្យរាជការជ្រាបសព្វគ្រប់ ។

គ្រានោះ មានយោគីកន្ធាត់ម្នាក់នៅក្នុងស្រុកនោះ ជាអ្នកបំភ្លឺទំនៀមទម្លាប់នៃឈាបនកិច្ចក្នុងឥណ្ឌាថា គេច្រើនធ្វើឈាបនកិច្ចក្នុងវេលាពីរបីម៉ោងជាខាងក្រោយពេលស្លាប់ហើយ វៀរតែអ្នកស្លាប់ក្នុងវេលាល្ងាចដែលមិនអាចនឹងចាត់ការឲ្យទាន់ពេលបាន ។ ការមរណភាពនៃប្ដីនាងរូបាតានីនៅវេលាដូចរងាខ្លាំង នាងទើបបង្អង់ការឈាបនកិច្ចឲ្យយឺតយូរបន្តិច ដើម្បីប្រុងប្រៀបការដែលនាងត្រូវធ្វើឲ្យរួចជាមុនសិន ។ លុះវេលាព្រឹកឡើងអរុណជិតរះហើយ នាងរូបាតានីក៏ចាត់ចែងបំពាក់គ្រឿងអមរណ៍ឲ្យប្ដីយ៉ាងផ្ចិតផ្ចង់តាមទំនៀមស្រុក រួចហើយបែរមកតាក់តែងខ្លួនរបស់នាងវិញ គឺនាងស្លៀកពាក់គ្រឿងវិវាហមង្គល ហើយសៀតផ្កាឈើនិងពាក់មាសពេជ្រគ្រឿងប្រដាប់ដទៃទៀត នាងយកជាតិហិង្គុលសម្បុរក្រហមស្រស់មកដៅត្រង់ថ្ងាសរបស់នាង ជាសញ្ញានៃភរិយាភាពក្នុងគ្រាចុងក្រោយបំផុត ស្រេចហើយនាងបើកទ្វារចេញទៅ មានកិរិយាឫកពាជាសុខតាមធម្មតា ហាក់ដូចជានាងក្រមុំដែលកំពុងតែបែរមុខទៅរកមធុមាស[៤] ជាមួយប្ដីរបស់នាង មើលទៅដូចជាមិនមែនស្រីមេម៉ាយដែលប្រុងដុតខ្លួនឲ្យស្លាប់ទៅតាមប្ដីទេ ។ នៅវេលាដែលនាងចេញមកក្រៅផ្ទះ មានស្រីជាញាតិមិត្រមួយពួកបានតឿនស្មារតីឲ្យនាងត្រិះរិះជាថ្មីឲ្យស្រួលបួល​សិន ក្នុងការដែលនាងធ្វើល្មើសច្បាប់លោកដូច្នោះ ប៉ុន្តែ ពាក្យឆ្លើយរបស់នាង ធ្វើឲ្យអ្នកទាំងនោះស្ងាត់មាត់ប្រៀបដូចគេចុកថា “ពួកអ្នករាល់គ្នាដែលមកហាមឃាត់ខ្ញុំដូច្នេះ នឹងត្រូវបណ្ដាសាទេព្តាឲ្យបាក់ឆ្អឹងឆ្អែងរហូតទៅ ព្រោះការដែលខ្ញុំធ្វើពិធីនេះ គឺខ្ញុំធ្វើដោយសេចក្ដីស្មោះត្រង់នឹងស្វាមីរបស់ខ្ញុំ នឹងចំពោះទេព្តាជាទីគោរពរបស់ខ្ញុំ ” ។

ខណៈនោះ គេចាប់សែងគ្រែសពប្ដីរបស់នាងចេញមកដាក់នៅធរណីទ្វារអស់ពេល ៤ ឬ ៥ នាទី ដើម្បីទទួលទឹកពររបស់អ្នកបួស ដែលជាពិធីដំបូង ។ គ្រានោះ នាងរូបាតានីបានយកជាយសំពត់វិវាហមង្គលរបស់នាងទៅចងភ្ជាប់នឹងគ្រែដាក់សពប្ដី ដើម្បីជាសញ្ញាក្នុងគ្រាចុងបំផុតថា “នាងជាភរិយាពិត មិនមែនជាស្រីមេម៉ាយទេ” ។ កាលអ្នកបួសឲ្យពរទឹកចប់ហើយ នាងក៏ដើរបំបាំងខ្លួនទៅក្នុងពួកនិករជន លុះទៅដល់ទីដុតសពហើយ នាងរូបាតានីក៏ទៅពួនលាក់ខ្លួនក្បែរជើងថ្ករ ។ អ្នកបួសក៏មកសូត្រមន្តឲ្យពរម្ដងទៀត លុះចប់ហើយ គេក៏លើកសពដាក់ទៅលើជើងថ្កល់ ។ គ្រឿងតូរ្យតន្ត្រីក៏ប្រគំឡើងលាន់ទ្រហឹងអឺងកងព្រមគ្នា ។ វេលានោះ ព្រះភ្លើងក៏ឆេះសន្ធោឡើង ។ នាងរូបាតានីបានលបលាបប្រេងជោកខ្លួនទាំងមូល ហើយក៏ស្ទុះចូលទៅឱបប្ដីក្នុងគំនរភ្លើងមួយរំពេច ។ សេចក្ដីនេះជ្រាបទៅដល់ពួកកងក្រវែល ៗ បីនាក់បានរត់ចូលមកការពារ ប៉ុន្តែការពារមិនឈ្នះ ព្រោះវេលានោះមានស្រី ៩ នាក់ដែលជាញាតិមិត្ររបស់នាងបានរាំងរាមិនឲ្យពួកកងក្រវែលចូលចុះ ។ ពេលនោះ គេឮសូរសំឡេងនាងស្រែកដោយអំណាចត្រូវកម្ដៅភ្លើងយ៉ាងក្ដៅខ្លាំងដែលនាងមិនអាចនឹងទ្រាំបាន ហើយក៏បាត់ឈឹងសូន្យទៅវិញ ឮតែសូរសន្ធឹកព្រះភ្លើងឆេះគឹកៗឡើង ។ អ្នកបួសក៏តាំងសូត្រធម៌ម្ដងទៀតជាការបង្ហើយកិច្ច ។ ចំណែកគ្រហស្ថក៏ស្រែកសូត្រឲ្យសព្ទសាធុការពរព្រមគ្នាឡើង ។ វេលានោះវិញ្ញាណរបស់នាងរូបាតានី ក៏រលត់បាត់ឈឹងសូន្យទៅដោយប្រការដូច្នេះ ។ ពិធីដែលប្រពន្ធដុតខ្លួនទាំងរស់ទៅតាមសពប្ដីនេះ ជាតិឥណ្ឌាបញ្ញត្តហៅថា “លទ្ធិកម្មសុត្តី” ។

ប្រជាជនជាតិហិណ្ឌូជឿថា “ មនុស្សស្លាប់ហើយ វិញ្ញាណចេញពីរាងកាយចាស់ ទៅចូលក្នុងរាងកាយថ្មីទៀត វិលស្លាប់វិលកើតនៅក្នុងភពផ្សេងៗ ទាល់តែដល់វិញ្ញាណស្អាតបរិសុទ្ធហើយ ទើបចូលទៅនៅរួមជាមួយនឹងព្រះព្រហ្មលើស្ថានសួគ៌” ។

ប្រពៃណីរបស់ជនជាតិខ្មែរ លាវ និងថៃ

ជនជាតិទាំង ៣ នេះ និយមការដុតសពដូចជាតិហិណ្ឌូដែរ មានខ្មែរយើងខ្លះកប់សពក្នុងដីជាបណ្ដោះអាសន្ន ដោយតាំងចិត្តថាថ្ងៃខែឆ្នាំណាស្រួល នឹងគាស់សពឡើងដុត ។ តាមទំនៀមទម្លាប់របស់ជនជាតិខ្មែរ កាលមនុស្សស្លាប់ហើយ មុនដំបូងគេលាងជម្រះសពឲ្យស្អាត រួចស្លៀកបំពាក់សពនោះដោយសំពត់អាវយ៉ាងល្អថ្មីៗ ហើយគេដាក់ប្រាក់១កាក់ក្នុងមាត់សពផង ដោយខ្លាចក្រែងសពនោះគ្មានសំពត់អាវស្លៀកពាក់ និងគ្មានប្រាក់ចាយក្នុងលោកមុខទៀត សូម្បីចាន ឆ្នាំង ជើងក្រាន អង្ករ ត្រី គេក៏ដាក់ប្លុងឲ្យ​សព​យកទៅបរិភោគនៅលោកមុខដែរ ។ បើជាអ្នកមានធនធានច្រើន កាលគេដុតសពសុសហើយ គេរើសយកឆ្អឹងធាតុទៅធ្វើពិធីដុតក្នុងទីដទៃម្ដងទៀត ។ កិច្ចធ្វើបុណ្យសពនៅប្រទេសខ្មែរមានច្រើនផ្នែកណាស់ គឺជាធ្វើតាមទំនៀមទម្លាប់ស្រុកខ្មែរខ្លះ តាមគម្ពីរសាសនាព្រះពុទ្ធខ្លះ តាមសាសនាព្រាហ្មណ៍ខ្លះ ។ កិច្ចសពនេះមានរបៀបកំប៉ិកកំប៉ុកច្រើនណាស់ ខ្ញុំរៀបរាប់ក្នុងទីនេះមិនល្មមវេលាទេ ។

ខាងសាសនាព្រាហ្មណ៍ប្រកាន់ថា “ វិញ្ញាណជាអត្តា ” ។ ឯខាងព្រះពុទ្ធសាសនាប្រកាន់ថា “ វិញ្ញាណជាអនត្តា ” ព្រោះមានព្រះពុទ្ធដីកាថា “របស់ផ្សេងៗនៃគ្រឿងរថ បើរួបរួមចូលគ្នា ទើបយើងហៅថា “ រថ ” បាន បើគេដោះរបស់អស់នោះឲ្យដាច់ចេញដោយឡែកពីគ្នាហើយ យើងនឹងហៅរបស់ផ្សេងៗនោះថា “ រថ ” មិនបានទេ ។ រថ ប្រៀបដូចរូបមនុស្សទាំងមូល ដែលមានរាងកាយនិងចិត្តថ្លើមនៅរួបរួមគ្នា សន្មតឈ្មោះផ្សេងៗគ្នាថា ដៃ ជើង ក្បាលជាដើម ដល់វេលាស្លាប់ហើយ អវយវៈទាំងអស់មានដៃ ជើង ក្បាលជាដើមនោះ ក៏បែកខ្ញែកចេញពីគ្នាអស់ មិននៅរួមគ្នាដូចកាលនៅមានជីវិតឡើយ ។ ដូច្នេះ ពុទ្ធសាសនាក៏បានយល់ឃើញថា  លោកមុខមានមែន  ព្រោះមនុស្សគ្រប់រូបទៀងតែស្លាប់ ៗ ហើយទៀងតែកើតទៀត ត្រង់ការស្លាប់ហើយកើតទៀតនោះ ឈ្មោះថា លោកមុខ ។ ចួនកាលគេហៅថា “ ភពមុខ ” ត្រូវនឹងពាក្យជាគូគ្នាថា “ លោកនេះ ជាគូនឹង លោកមុខ  ភពនេះ ជាគូនឹងភពមុខ  ជាតិនេះ ជាគូនឹង ជាតិមុខ ” ។ ពួកបុថុជ្ជនទាំងអស់ទៀងតែមានលោកមុខឬភពមុខ ។ មានតែពួកព្រះអរហន្តមួយពួកទេ ដែលគ្មានលោកមុខ ដ្បិតលោកចូលនិព្វានហើយ ។

ប្រជាជនជាតិរុស្ស៊ីសម័យបច្ចុប្បន្ននេះ គេប្រដៅពួកអ្នកស្រុកគេថា “យើងធ្វើការក្នុងលោកនេះ យើងត្រូវតែប្រាថ្នាយកផលប្រយោជន៍ឲ្យបានក្នុងលោកនេះ ឲ្យទាន់ចិត្ត កុំបង្អង់ចាំយកផលក្នុងលោកមុខ” ។ ការយល់ឃើញរបស់ជាតិរុស្ស៊ីនេះ បើទុកជាទាស់ខុសផ្ទុយនឹងសាសនានានាក្នុងលោកនេះ ក៏នៅតែមានមនុស្សភាគច្រើនយល់ស្របតាមមតិនៃប្រជាជាតិរុស្ស៊ីដែរ ព្រោះលទ្ធិសាសនានានាក៏បានប្រដៅថា “កើតជាមនុស្សត្រូវតែមានមានះ​ព្យាយាមធ្វើការ ខំធ្វើការឲ្យទាល់តែបានផលនៅនាលោកិយឲ្យទាន់ភ្នែក ហើយធ្វើតែការសុចរិតល្អផង ដើម្បីឲ្យបានផលទៅបរលោក គឺសាសនាខ្លះប្រដៅថា អ្នកធ្វើល្អនឹងបានឡើងទៅនៅជាមួយព្រះព្រហ្មឯស្ថានព្រហ្ម សាសនាព្រះពុទ្ធ ប្រដៅថា អ្នកធ្វើល្អនឹងបានទៅនៅរួមជាមួយព្រះអរហន្ត (និព្វាន) ។ ហេតុនេះមនុស្សក្នុងលោកភាគច្រើនប្រកាន់ជឿថា លោកមុខមានមែន នេះជាការដោះស្រាយប្រស្នាថា លោកមុខមានមែនឬទេ ។

[១]រៀបរៀងតាមប្រវត្តិរបស់នានាជាតិដែលមានសេចក្ដីពិស្ដារក្នុងច្បាប់ប្រវត្តិសាស្ត្រសាកល ។

[២]នៅប្រទេសអេហ្ស៊ីប មានជាងស៊ីឈ្នួលកប់សពច្រើនណាស់ ។

[៣]ស្រង់ចាកប្រវត្តិរបស់ប្រជាជាតិឥណ្ឌា ក្នុងច្បាប់ប្រវត្តិសាស្ត្រសកល ។

[៤]គឺខែដែលរៀបមង្គលការ ជាខែមានឱជារសផ្អែមឈ្ងុយឆ្ងាញ់ពិសាដូចទឹកឃ្មុំថ្មី ៗ ។

ឃុនបណ្ណានុរក្ស ប៊ូ ប៉ូ នៅពុទ្ធសាសនបណ្ឌិត្យ
រៀបរៀង

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៥៥

បញ្ចេញយោបល់ ៖