កិត្តិយស​និង​សុភមង្គល

ភាពរុងរឿង ភាពល្បីឮខ្ទរខ្ទារ ដោយសារស្នាដៃប្រកបដោយអត្ថប្រយោជន៍សាធារណៈនៃខ្លួនហៅថា “កិត្តិយស” ជាភាពដែលមនុស្សត្រូវការយ៉ាងខ្លាំងពន់ពេក ។ ប៉ុន្តែកិត្តិយសមានច្រើនក្នុងលោក សម្រាប់មនុស្សឬទេ ? តាមការពិចារណា កិត្តិយសមិនប្លែកគ្នាពីសេចក្ដីសុខឡើយ សេចក្ដីសុខមាននៅក្នុងលោកពាសពេញ ស្រេចនឹងអ្នកត្រូវការខំប្រឹងស្វែងរកប្រមូលមកចុះ បើខ្លួនចេះរកបាន ។

ដូចជនណាម្នាក់កើតជ្រះថ្លាយល់ត្រូវ ចំណាយទ្រព្យផ្ទាល់ខ្លួនកសាងសាលារៀនសាធារណៈ ឬកសាងមន្ទីរពេទ្យជាប្រយោជន៍សាធារណៈជាអាទិ ជននោះមានកិត្តិយសជាប្រាកដ អ្នកផងតែងគោរពសរសើរ និងមានការរាប់រកនិងរាប់អាន ។ អ្នកខ្លះបានទទួលឋានៈជាមន្ត្រីអ្វីមួយក្នុងកិច្ចការរាជការ ក៏មានឈ្មោះថាអ្នកមានកិត្តិយសដែរ ។ល។

សម្ដេចព្រះនរោត្តមសីហនុឧបយុវរាជ ព្រះប្រមុខរដ្ឋប្រទេសកម្ពុជា ព្រះអង្គទ្រង់បរិបូណ៌ដោយកិត្តិយសដ៏លើសលប់ ព្រោះព្រះអង្គបានទ្រង់ស៊ូប្ដូរព្រះជន្ម ដើម្បីទាមទារឯករាជ្យកម្ពុជា មកជូនមាតុភូមិនិងជាតិខ្មែរ ឃើញថាអំពើរបស់ព្រះអង្គនេះជាមហកម្មដ៏អស្ចារ្យ ដែលនឹងរកឥស្សរជនខ្មែរណាមកប្រៀបផ្ទឹមនឹងព្រះអង្គពុំបាន មិនតែប៉ុណ្ណោះ ព្រះអង្គទ្រង់ជាស៊ីម៉ងត៍សម្រាប់ផ្សារ​ប្រជាជាតិខ្មែរ ដែលមានការប្រេះឆាក្នុងពេលមុនរវាងគ្នានឹងគ្នាខ្លះនោះ ឲ្យមានការរួមគ្នា ស្រុះស្រួលនឹងគ្នាឡើងវិញ ហើយព្រះអង្គទ្រង់ជាព្រះអគ្គមគ្គុទេសក៍ឆ្នើមគ្រប់វិស័យទាំងអស់ផង ដើម្បីធ្វើឲ្យជនជាតិខ្មែរមានសន្តិសុខនិងសន្តិភាព ដែលជាប្រភពនៃសេចក្ដីថ្កុំថ្កើងរុងរឿងនៃប្រទេស ។ល។

សួរថា ៖ គ្រប់តែមនុស្ស សុទ្ធសឹងមានកិត្តិយសឬយ៉ាងណា ? – កិត្តិយសជាលទ្ធផលឬជាអានិសង្ស នៃអំពើប្រកបដោយសាធារណប្រយោជន៍ ។ ដូច្នេះ មនុស្សខ្លះទន់ខ្សោយពេក ដែលមិនអាចនឹងធ្វើនូវអំពើជាសាធារណប្រយោជន៍បាន ក៏គ្មានកិត្តិយសទេ មនុស្សនេះរស់នៅគ្រាន់តែរកស៊ីដើម្បីជីវិតខ្លួនប៉ុណ្ណោះ ក៏ប៉ុន្តែ បើគេយល់ការណ៍ច្បាស់ គេអាចរកកិត្តិយសរួមបានដែរ គឺគេប្រមូលកម្លាំងតូចៗដែលខ្លួនមាន យកមកធ្វើជាមហកម្មអ្វីមួយជាសាធារណប្រយោជន៍ គំនិតបែបនេះអាចបណ្ដុះកិត្តិយសសម្រាប់ខ្លួនបាន ។ ដូច្នេះ បានជាបច្ចុប្បន្នសម័យ សម័យសង្គម ឃើញមានមន្ទីរពេទ្យនិងសាលារៀនផុសដូចផ្សិត នៅគ្រប់ភូមិស្រុក ដែលផ្ដល់កិត្តិយសដល់អ្នកភូមិស្រុកនោះៗគ្រប់គ្នា ។

សួរថា កិត្តិយសដែលគេទុកជាវត្ថុជាទីប្រសើរ ហើយដែលមនុស្សត្រូវការចង់បានស្ទើរគ្រប់ប្រាណ សុទ្ធសឹងបរិសុទ្ធល្អទាំងអស់ ឬក៏មានកាឡៃខ្លះដែរ ? តាមសេចក្ដីសង្កេតនិងការពិចារណា ឃើញថាកិត្តិយសមិនមែនសុទ្ធតែបរិសុទ្ធទេ មានកិត្តិយសកាឡៃដែរ ។

ក្នុងករណីណាដែលកិត្តិយសជាវត្ថុកាឡៃ ? ក្នុងករណីដែលសាមីខ្លួនមិនអាចបំពេញអំពីអ្វីមួយជាសាធារណប្រយោជន៍បាន ហើយទៅលួចបន្លំយកស្នាដៃអ្នកដទៃមកដាក់ថាជារបស់ខ្លួន ដោយអាងតែខ្លួនមានសក្តិធំជាងឬដោយសារតែសាមីខ្លួនមិនមានសមត្ថភាពនឹងបញ្ចេញស្នាដៃនោះឲ្យលេចឡើង រួចខ្លួនបន្លំលួចមកបញ្ចេញទុកដាក់ថាជារបស់ខ្លួន ។ មានកិត្តិយសម្យ៉ាង ហៅថាកិត្តិយសដុនដាប ។ សួរថាកិត្តិយសនេះដូចម្ដេច ? កិត្តិយសនេះបានកើតឡើង ដោយអំណាចការពោលបង្កាច់គេ ឬក៏ដោយសារព្រោះតែចង់បានពេក ទៅសុំគេត្រង់ៗតែម្ដង ទោះបីបានដឹងច្បាស់ថាខ្លួនមិនមានភាពគួរនឹងទទួលក៏ដោយ ដូចជាមួលបង្កាច់ថា ឈ្មោះនោះគ្មានសមត្ថភាព បើឲ្យខ្លួនកាន់តំណែងនេះវិញទើបសម ។

មានកិត្តិយសម្យ៉ាងទៀត ហៅថា កិត្តិយសខ្លោចផ្សា ។ សួរថា កិត្តិយសនេះដូចម្ដេច ? មានជនឃោរឃៅខ្លះ ដោយអំណាចចង់បានកិត្តិយសខ្លាំងពេក ហ៊ានយកជីវិតអ្នកដទៃទៅប្ដូរ ដូចថាជួលគេឲ្យសម្លាប់អ្នកនោះទៅ ឋានៈនោះនឹងចន្លោះ ម៉្លោះហើយទៀងតែធ្លាក់មកលើខ្លួនជាប្រាកដ ។ ចំពោះរឿងកិត្តិយសកាឡៃនេះ គេសង្កេតឃើញមានជាហូរហែតាំងពីអតីតកាលមក ។ ឧទាហរណ៍ ក្នុងព្រះពុទ្ធសាសនា ៖ មានភិក្ខុមួយអង្គឧស្សាហ៍ណាស់ តែងបម្រើនិងគោរពព្រះមហាកស្សបរាល់ថ្ងៃ ទឹកឆាន់ក្ដី ទឹកស្រង់ក្ដី ទីសេនាសនៈនៃព្រះមហាកស្សបក្ដី លោកភិក្ខុអង្គនោះដងទុកនិងបោសសម្អាតប្រគេនជានិច្ច ។ មានភិក្ខុមួយអង្គទៀត ត្រូវជាសិស្សមហាកស្សបដែរ ជាមនុស្សកម្ជិល មិនដែលជួយធ្វើអ្វីសោះ តែបែរជាបានទទួលសេចក្ដីសរសើរ និងការរាប់អានពីសម្នាក់ព្រះមហាកស្សបពន់ពេក ។ សួរថា ហេតុអ្វីក៏ដូច្នេះ ? ឆ្លើយថា ភិក្ខុកម្ជិលមិនធ្វើអ្វីមែន តែចេះកលល្បិចក្នុងការបន្លំលួចស្នាដៃរបស់ភិក្ខុឧស្សាហ៍ថាជារបស់ខ្លួន គឺថាបើភិក្ខុនោះដងទឹកដាក់ពាងពេញហើយ ឃើញដូច្នោះ ខ្លួនស្ទុះភ្នែកទៅនិមន្តព្រះមហាកស្សបមកស្រង់ទឹក ការធ្វើយ៉ាងនេះជារៀងរាល់ថ្ងៃ ព្រះមហាកស្សប ដោយស្មានថាជាភិក្ខុកម្ជិលធ្វើ​ ម៉្លោះហើយ លោកតែងសរសើរប្រាប់គេប្រាប់ឯង ខ្លួនក៏ទទួលកិត្តិយសកាឡៃនេះរហូតមក ។

មានថ្ងៃមួយ ភិក្ខុឧស្សាហ៍ ដោយធុញទ្រាន់នឹងអំពើលាមកនៃភិក្ខុកម្ជិល ក៏ឈប់ដងទឹកដាក់ពាង ទុកឲ្យពាងនៅហួតហែងគ្មានទឹកមួយតំណក់ ។ ចំណែកភិក្ខុកម្ជិល ដោយស្មានគេដងដាក់ហើយ ព្រោះធ្លាប់តែដូច្នេះ ក៏ទៅនិមន្តព្រះកស្សបមកស្រង់ទឹក ។ វេលានិមន្តមកដល់ លោកមិនឃើញមានទឹកមួយតំណក់ក្នុងពាង ទើបរឿងពិតក៏ផ្ទុះលេចឡើង ។

ក្នុងបច្ចុប្បន្ននេះ រឿងកិត្តិយសកាឡៃក៏មិនមែនមានចំនួនតិច ខ្លះព្រោះតែចង់បានឋានៈអ្វីមួយដ៏ខ្ពង់ខ្ពស់ ខំទទូចសុំគេក៏មាន ខ្លះព្រោះតែចង់ឲ្យលេចឮឈ្មោះខ្ទរខ្ទារ ខំទៅនិយាយអង្វរឬកំហែងឲ្យគេជួយផ្សាយឈ្មោះខ្លួនតាមវិទ្យុផងក៏មាន ។ល។ សួរថា គេធ្វើយ៉ាងនេះវាចម្រើនដល់សាមីជនទេ ? ឆ្លើយថា ព្រោះតែមានការចម្រើន ទើបមនុស្សភាគច្រើននិយមធ្វើ ។ តាមការសង្កេត ឃើញថា គេធ្វើដូច្នេះ គឺគេបានកិត្តិយសមែន តែជាកិត្តិយសដែលបណ្ឌិត្យរមែងស្អប់ខ្ពើម ។ ចំពោះរឿងនេះ គួរឲ្យអៀនខ្មាសណាស់ បើមិនខ្មាសអ្នកដទៃ គួរតែខ្មាសខ្លួនឯង ព្រោះអំពើទុច្ចរិត គ្មាននរណាដឹងប្រាកដជាងខ្លួនឯងឡើយ ។

តទៅនេះ ខ្ញុំលើកយកសុភមង្គលមកដោះស្រាយម្ដង ។ ភាពសុខកាយសប្បាយចិត្ត ឈ្មោះថា សុភមង្គល​ ។ មនុស្យនិយមត្រូវការចង់បានសុភមង្គលនេះដូចជាកិត្តិយសដែរ ។ តាមការសង្កេតនឹងសេចក្ដីត្រិះរិះ ឃើញថា សុភមង្គល ទុកដូចជាបុប្ផាមានក្លិនក្រអូបដែលភមរជាតិតែងចោមរោមឬដូចជានារីមានរូបសម្បត្តិដ៏ឆើតឆាយដែលមាណពទាំងឡាយតែងតែដើរមកហើយលេបទឹកមាត់ផ្អឹះៗកាលណាបានឃើញ នេះឧបមាយ៉ាងណា មនុស្សត្រូវការសុភមង្គល មានឧបមេយ្យដូច្នោះ ។

សួរថា មនុស្សសព្វថ្ងៃយល់ថា សុភមង្គលកើតមកអំពីអ្វី ? តាមការសង្កេតនូវអាកប្បកិរិយានិងការប្រព្រឹត្ត ឃើញថាមនុស្សសព្វថ្ងៃ ចូលចិត្តថាសុភមង្គលកើតតែពីភោគទ្រព្យ គឺភោគទ្រព្យនេះហើយដែលផ្ដល់សុភមង្គលដល់មនុស្ស ។ ភោគទ្រព្យនឹងអាចនិមិត្តអ្វីៗឲ្យមនុស្សបានតាមសេចក្ដីប្រាថ្នា គេនិយមទុកភោគទ្រព្យជាកន្សែងបក់កន្សែងបោយ គេនិយមទុកភោគទ្រព្យជាខ្សែចងដំបងវាយឯង គេនិយមទុកភោគទ្រព្យជាឆ្នាំងឆ្អិនឯង ។ ការនិយមនេះ គួរហើយ តែមិនជាសមរម្យទេ ។

សួរថា ការនិយមនេះ ជាសេចក្ដីពិតឬយ៉ាងណា ? បើតាមសម្ភារនិយម ភោគទ្រព្យពិតជាប្រភពនៃសុភមង្គលមែន ព្រោះអ្វីៗទាំងអស់ជាអាទិ គឺផ្ទះ ប្រាសាទ យានយ៉ាងប្រណីត សម្លៀកបំពាក់ល្អ អាហារឈ្ងុយឆ្ងាញ់ គ្រឿងអលង្ការ ។ល។ កើតតែពីភោគទ្រព្យ ។ ដូច្នេះហើយបានជាក្នុងលោកបច្ចុប្បន្ន គេឃើញមនុស្សស្ទុះស្ទាសម្បើមពេកណាស់ ដើម្បីស្វែងរកភោគទ្រព្យ ។ មានមនុស្សខ្លះ គឺភាគច្រើនតែម្ដង ស៊ូប្ដូរស្លាប់ប្ដូររស់ចំពោះភោគទ្រព្យ គេរកភោគទ្រព្យដើម្បីរស់ ខ្លះរស់ដើម្បីស្លាប់ទៅវិញក៏មាន ។ ការខំប្រឹងស្វែងរកភោគទ្រព្យគឺជាករណីយកិច្ចរបស់មនុស្សពិតប្រាកដ តែត្រូវស្វះស្វែងដោយមធ្យោបាយណា ដោយវិធីដូចម្ដេច ? ត្រង់ចំណុចនេះហើយដែលត្រូវដោះស្រាយ ។ យើងឃើញគេមានផ្ទះថ្ម យើងឃើញគេមានរថយន្ត យើងឃើញគេមានសម្លៀកបំពាក់ល្អៗ យើងឃើញគេបរិភោគអាហារឆ្ងាញ់ យើងឃើញគេចូលកម្សាន្តក្នុងរោងរង្គសាលរាត្រី ។ល។ យើងប្រាថ្នាចង់ឲ្យដូចគេ ចំណង់នេះជាការគាប់ប្រសើរណាស់ហើយ តែត្រូវប្រយត្នការប្រតិបត្តិ ។ គួរឲ្យអៀនខ្មាសពេកណាស់ ព្រោះតែត្រូវការសុភមង្គល ហើយនៅប្រព្រឹត្តការមិនគប្បី ជាអំពើដែលអ្នកប្រាជ្ញតែងស្អប់ខ្ពើម (ចោរកម្មគ្រប់បែបយ៉ាង ស៊ីសំណូក) ។

គួរពិចារណាឲ្យសព្វ ។ ជាការថោកទាបពេកណាស់ ព្រោះតែចង់បានសុភមង្គលដល់ខ្លួននិងដល់គ្រួសារ ហើយទៅឆក់យកពីជនដទៃ ធ្វើជនដទៃឲ្យដល់ការសង្រេងសង្រៃ ។ ជាការថោកទាបម្យ៉ាងទៀត ដែលយកសុភមង្គលទៅទិញកិត្តិយស ដែលខ្លួនមិនមានសមត្ថភាពនឹងត្រូវបាន ហើយជាការថោកទាបធុនចុងបំផុត ចំពោះអ្នកដែលហ៊ានលក់កិត្តិយសឲ្យដល់មនុស្សដែលមានសភាពមិនគប្បីទទួល ឧបមាដូចជាត្រីរ៉ស់មានតែមួយ ហើយមានមនុស្សច្រើនត្រូវការចង់បរិភោគ យើងមិនលក់ឲ្យមនុស្សច្រើន យើងសប្បាយចិត្តនឹងលក់ឲ្យមនុស្សម្នាក់ដែលហ៊ានឲ្យថ្លៃច្រើន យើងស៊ូបណ្ដោយទុកឲ្យមនុស្សច្រើនវេទនា វិនាសចាកសុភមង្គល ព្រោះតែចង់បានសុភមង្គលផ្ទាល់ខ្លួនហួសប្រមាណ ។ កុំស្មានថាការមានសុភមង្គលតែម្នាក់ឯងអាចតាំងនៅបានជាស្ថាពរ ការស្មាននេះគឺភាន់ច្រឡំពិត ការប្រកាន់គំនិតនេះ ប្រហែលនឹងជចួបប្រទះនូវអ្វីមួយជាប្រភពនៃសេចក្ដីអន្តរាយក្នុងអនាគត ។

សូមជម្រាបបញ្ជាក់ថា ទ្រព្យសម្បត្តិក្ដី យសសក្តិសម្បត្តិក្ដី បរិវារសម្ប័ទ​ក្ដី និងចាត់ទុកជាប្រភពនៃសុភមង្គលក៏មិនប្រាកដ នឹងបដិសេធថាមិនមែនទៅវិញក៏មិនប្រាកដ ។ ការត្រិះរិះនិងពិចារណាឲ្យវែងឆ្ងាយទៅ ហុចឲ្យយល់ថាសុភមង្គលបរិសុទ្ធ គឺនៅត្រង់ការសុខចិត្ត ។ ឧទាហរណ៍ បើយើងជាមហាសេដ្ឋី បើយើងជាមហារដ្ឋបុរស តែចិត្តយើងមិនស្ងប់ មានបលិពោធជានិច្ចកាល និងឲ្យឈ្មោះថាយើងមានសុភមង្គលក៏មិនបាន យើងជាមនុស្សសាមញ្ញទេ តែមានចិត្តស្ងប់រីករាយនឹងវត្ថុដែលយើងមាន ឥតព្រួយបារម្ភក្រែងនរណាលបធ្វើទុក្ខ មិនមានការកង្វល់ហួសប្រមាណ ត្រង់នេះហើយទើបហៅថាសុភមង្គល ។

ដូច្នេះគួរគប្បីសន្និដ្ឋានថា សុភមង្គលជាអានិសង្សនៃភោគទ្រព្យ នៃយសសក្តិ ឬនៃបរិវារក៏មិនមែន នឹងថាអានិសង្សនៃការក្ររហេមរហាមក៏មិនមែន គឺពិតជាអានិសង្សនៃការសុខចិត្តជាប្រាកដ ។

អក្សរសាស្ត្រខ្មែរ    ខ្មែរគួរថែថួន

ឲ្យបានខ្ជាប់ខ្ជួន      គង់វង្សគត់មត់

ព្រោះអក្សរជាតិ     គោលជាតិប្រាកដ

អក្សររលត់           ជាតិក៏រលាយ

ច. ព.

លោក ផេង ជ្រីវ រៀបរៀង

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៦៣

បញ្ចេញយោបល់ ៖