អំពី​រឿង​អសោក

ខ្ញុំសូមពណ៌នាត្រង់រកក្បាល តាមសេចក្ដីលោក ហ៊ុយ ប៊ែរ ថា ៖ “ក្នុងទីស្ងាត់ កាលព្រះបាទអសោកបានទតឃើញសាវកព្រះពុទ្ធ (សមណៈ) ទោះចាស់ក្ដី ក្មេងក្ដី ទ្រង់តែងលត់ជង្គង់ ឱនព្រះសិរសំពះដល់ព្រះបាទនៃសមណៈ ។ សម័យនោះ ព្រះបាទអសោក មានអាចារ្យធំម្នាក់ឈ្មោះ យសៈ ជាមនុស្សមិច្ឆាទិដ្ឋិ ។ កាលបើបានឃើញព្រះបាទសោកគោរពព្រះភិក្ខុដូច្នោះ គាត់ពោលរិះគន់យ៉ាងខ្លាំងហើយក្រាបទូលចំពោះស្ដេចថា ៖ “ស្រមណ៍ទាំងនេះចេញមកពីវណ្ណៈផ្សេងៗដើម្បីបួសក្នុងពុទ្ធសាសនា ។ (ស្រមណ៍) ពួកនេះ មិនមែនត្រឹមតែជាពួកព្រាហ្មណ៍និងពួកក្សត្រប៉ុណ្ណោះទេ គឺជាពួកវេស្សៈក៏មាន ពួកសូទ្រៈក៏មាន រហូតដល់ពួកអ្នកសម្លាប់ស្បែក អ្នកតម្បាញ អ្នកធ្វើឥដ្ឋ និងអ្នកកាត់កោរ ហើយមានទាំងពួកចណ្ឌាលផង ។ បពិត្រមហារាជ ហេតុអ្វីព្រះអង្គសព្វព្រះទ័យគោរពស្រមណ៍អស់នោះ ? ។

បានទ្រង់ព្រះសណ្ដាប់ពាក្យនោះហើយ ព្រះអង្គទ្រង់នៅស្ងៀម មិនពោលថាអ្វីឡើយ ។ កន្លងពីនោះមក មិនបានប៉ុន្មាន ព្រះអង្គទ្រង់ប្រជុំអស់មន្ត្រីសេនាបតីរបស់ព្រះអង្គ ហើយទ្រង់បញ្ជាថា ៖ “ខ្ញុំត្រូវការក្បាលទាំងឡាយនៃសត្វទាំងអស់ តែខ្ញុំមិនអនុញ្ញាតឲ្យលោករាល់គ្នាសម្លាប់សត្វយកក្បាលមកឲ្យខ្ញុំទេ ខ្ញុំឲ្យរកតែក្បាលសត្វដែលស្លាប់ស្រាប់” ។ រួចទ្រង់មានព្រះបន្ទូលថា ៖ “លោកនេះ ត្រូវរកក្បាលសត្វនេះមកឲ្យខ្ញុំ លោកនុ៎ះ ត្រូវរកក្បាលសត្វនោះមកឲ្យខ្ញុំ ។ ទ្រង់ព្រះបញ្ជាចំពោះគ្រប់នាម៉ឺនទាំងអស់ហើយ ទើបទ្រង់ថ្លែងបញ្ជាក់ថា ៖ “ខ្ញុំត្រូវការឲ្យយកក្បាលសត្វផ្សេងគ្នាមកឲ្យខ្ញុំ ៗ មិនត្រូវការឲ្យយកក្បាលសត្វដូចគ្នាទេ” ។ ចំពោះលោក “យសៈ” ព្រះបាទអសោកទ្រង់មានព្រះបន្ទូលថា ៖ “លោក ! លោកត្រូវរកក្បាលមនុស្សមកឲ្យខ្ញុំ តែជាក្បាលមនុស្សដែលស្លាប់ដោយខ្លួនឯង” ។ លុះអស់លោកមន្ត្រី រកបានក្បាលសព្វគ្រប់មកថ្វាយព្រះអង្គហើយ ទ្រង់បញ្ជាឲ្យម្នាក់ៗយកក្បាលនោះៗទៅលក់នៅផ្សារ ។ ក្បាលទាំងប៉ុន្មានមានគេទិញអស់ វៀរលែងតែក្បាលមនុស្ស ក្បាលនេះធ្វើឲ្យមានការខ្ពើមរអើមដល់អ្នកណាដែលបានឃើញ គេតែងតែងាកមុខចេញ គ្មាននរណាត្រូវការទិញសោះ​ ។ កាលបើបានឃើញយសៈ មនុស្សទាំងអស់ នាំគ្នាជេរប្រទេចហើយពោលថា ៖ “លោកឯងជាមនុស្សចណ្ឌាល ជារាក្សសី ឬជាយក្ស បានជាយកក្បាលនេះមកដូច្នេះ ?” ។ លុះត្រូវគេជេរប្រទេសដូច្នោះ លោក យសៈ ក៏វិលមករកស្ដេច ហើយក្រាបទូលថា ៖ “ទូលព្រះបង្គំបានយកក្បាលមនុស្សនេះទៅដាក់លក់ តែគ្មាននរណាទិញសោះ គេត្រឡប់ជាជេរទូលព្រះបង្គំវិញ” ។ ខណៈនោះ ព្រះបាទអសោក មានព្រះបន្ទូលទៅកាន់លោកនោះថា ៖ “បើលោកយកក្បាលនេះទៅដាក់លក់ ហើយគ្មាននរណាទិញ ចូរលោកឲ្យក្បាលហ្នឹងទៅគេដោយមិនបាច់យកថ្លៃក៏បាន !” ។ ទទួលព្រះរាជបញ្ជាហើយ លោកយសៈវិលទៅផ្សារវិញ ហើយស្រែកប្រកាសយ៉ាងខ្លាំងថា ៖ “ខ្ញុំឲ្យក្បាលនេះទទេឥតយកថ្លៃ បើអ្នកណាត្រូវការ ចូរយកចុះ” ។ ឃើញទិដ្ឋភាពនោះ មនុស្សនៅផ្សារទាំងអស់ក៏ជេរលោកយសៈជាថ្មីទៀត គ្មាននរណាត្រូវការក្បាលនោះឡើយ ។ លោកយសៈខ្មាសគេពន់ពេក វិលទៅរកព្រះរាជា លើកដៃប្រណម្យចំពោះព្រះអង្គ ហើយពោលនូវសម្ដីដូច្នេះថា ៖ “ក្បាលសត្វគោ សត្វសេះ ដំរី ជ្រូក ចៀម គឺថាក្បាលសត្វទាំងអស់ មានមនុស្សត្រូវការទិញគ្មានសល់ គេដណ្ដើមគ្នាទិញផង ក្បាលសត្វទាំងអស់សុទ្ធសឹងមានតម្លៃ មានតែក្បាលមនុស្សមួយទេដែលត្រូវគេស្អប់ខ្ពើម គ្មាននរណាអាចយកទៅប្រើធ្វើជាអ្វីបានឡើយ សូម្បីឲ្យគេទទេ ក៏គ្មានគេត្រូវការយកផង ហើយទូលព្រះបង្គំត្រូវទទួលរងគ្រោះដោយគេជេរថែមទៀត ក្រៅពីគ្មានអ្នកទិញ !” ។

ព្រះរាជាទ្រង់មានព្រះបន្ទូលសួរចំពោះយសៈថា ៖ “កាលលោកដាក់ក្បាលមនុស្សលក់ ហេតុម្ដេចក៏លោកមិនអាចលក់ក្បាលនោះបាន ?” ។ លោកយសៈក្រាបបង្គំទូលថា ៖ “មនុស្សទាំងអស់ស្អប់ខ្ពើមក្បាលមនុស្ស គ្មានអ្នកណាត្រូវការទិញ” ។ ព្រះរាជាទ្រង់ដណ្ដឹងសួរទៀតថា ៖ “តែក្បាលនោះមួយទេឬ ដែលគេស្អប់ខ្ពើម ឬក៏ក្បាលមនុស្សទាំងអស់ជាទីស្អប់ខ្ពើមដូចគ្នា ?” – យសៈក្រាបបង្គំតបថា៖ “ក្បាលមនុស្សទាំងអស់សុទ្ធសឹងជាទីស្អប់ខ្ពើម មិនមែនតែក្បាលនេះមួយទេ” ។ ព្រះរាជាទ្រង់ដណ្ដឹងសួរជាថ្មីទៀតថា ៖ ចុះក្បាលរបស់ខ្ញុំ ជាវត្ថុជាទីស្អប់ខ្ពើមរបស់មនុស្សទាំងឡាយដែរឬ ? “ ។ – បានឮព្រះវាចាដូច្នោះ លោកយសៈភ័យ ហើយមិនហ៊ានក្រាបបង្គំទូលឆ្លើយ លោកនៅស្ងៀម ។ ព្រះរាជាទ្រង់មានបន្ទូលឡើងវិញថា ៖ “ខ្ញុំអនុញ្ញាតឲ្យលោកនិយាយ កុំខ្លាចអ្វីឲ្យសោះ ត្រូវលោកពោលពាក្យពិត តើក្បាលខ្ញុំជាទីស្អប់ខ្ពើមដែរឬ ?” ។ – លោកយសៈក្រាបទូលតបថា ៖ “ប្រាកដមែនហើយ ព្រះសិរនៃព្រះរាជាក៏ជាទីស្អប់ខ្ពើមដែរ” ។ ព្រះរាជាទ្រង់មានព្រះបន្ទូលតបទៅថា ៖ ឥឡូវ តើលោកយល់ហើយឬនៅ ?” ។ – លោកយសៈក្រាបទូលថា ៖ បពិត្រមហារាជ ទូលព្រះបង្គំយល់ហើយ !” ។ ព្រះរាជាមានព្រះបន្ទូលនឹងលោកយសថា ៖ “បើក្បាលមនុស្សមានបណ្ដាសក្តិក្ដី គ្មានបណ្ដាសក្តិក្ដី អ្នកមានសម្បត្តិក្ដី អ្នកក្រខ្សត់ក្ដី សុទ្ធសឹងជាទីស្អប់ខ្ពើមដូចគ្នាទាំងអស់ ហេតុម្ដេចក៏លោកប្រកាន់ឫក ព្រោះតែលោកមានអំណាច មានជាតិ មានវិជ្ជា មានសោភ័ណភាព ? ហើយហេតុអ្វីក៏លោកហាមខ្ញុំមិនឲ្យគោរពស្រមណ៍ទាំងឡាយជាកូនព្រះសក្យ ?” ។ រួចទ្រង់ពោលនូវគាថាយ៉ាងនេះថា ៖

“មានតែក្បាលមនុស្សទេ បើកាលណាគេឃើញ រមែងញ៉ាំងចិត្តឲ្យស្អប់ខ្ពើម ហើយគ្មាននរណាត្រូវការទិញ ។ ទោះបីឲ្យគេទទេ ក៏គេតែងពេបជ្រាយចំពោះក្បាលនោះ គេថែមទាំងមិនហ៊ានមកជិតផង ។ បើឃើញក្បាលមនុស្សពីចម្ងាយ មនុស្សទាំងអស់ តែងមានចិត្តក្ដៅក្រហាយ ។ គេនិយមពោលថា ៖ “វត្ថុនេះជាប្រផ្នូលអាក្រក់និងប្រកបដោយសេចក្ដីរអើមក្រៃលែង ! ក្បាលពេញទៅដោយឈាមនិងខ្ទុះនេះជាទីមើលងាយនឹងគួរខ្ពើមរអើមពន់ពេក ។ ក្បាលយើងក៏ថោកទាបនិងជាទីមើលងាយ គួរយកក្បាលនេះទៅប្ដូរនិងក្បាល “មានតម្លៃខាងសាសនា” ។ ដែលខ្ញុំឱនក្បាលចុះចំពោះពួកស្រមណ៍ទាំងឡាយ អំពើនេះគាប់ប្រសើរណាស់” ។

ព្រះបាទអសោកទ្រង់មានព្រះបន្ទូលនឹងលោកយសៈតទៅទៀតថា ៖

“លោកតែងតែប្រកាន់ថាភិក្ខុទាំងនោះ ចេញមកពីវណ្ណៈផ្សេងៗហើយថោកទាបផង ។ លោកពុំបានយល់ថាចិត្តរបស់ភិក្ខុ ពេញសុទ្ធតែព្រះធម៌ឡើយ ។ លោកជាមនុស្សល្ងង់ ជាមនុស្សមិច្ឆាទិដ្ឋិ ដួងចិត្តលោកកករល្អក់និងវង្វេង ព្រោះការភាន់ច្រឡំ ។ លោកជឿថាមានតែពួកព្រាហ្មណ៍ទេ ដែលអាចធ្វើខ្លួនឲ្យរួចចាកភពបាន ពួកវណ្ណៈដទៃមិនអាចធ្វើបាន ។ មែនពិត បើគេរៀបអាពាហ៍ពិពាហ៍ គួរគប្បីតែជ្រើសរើសវណ្ណៈចុះ ។ ក៏ប៉ុន្តែ បើកាលណាគេរកព្រះធម៌ តើប្រយោជន៍អ្វីនឹងគិតដល់វណ្ណៈ ? អ្នកណាដែលស្វែងព្រះធម៌ មិនត្រូវគប្បីគិតដល់វណ្ណៈឡើយ ។ គេបានកើតក្នុងវណ្ណៈខ្ពង់ខ្ពស់ ប្រសិនបើមានចរិយាអាក្រក់ គេក៏ត្រូវទទួលសេចក្ដីបន្ទោសពីជនទាំងអស់ រួចគេហៅអ្នកនោះជាមនុស្សថោកទាប ។ ប្រសិនបើវណ្ណៈមានសភាពថោកទាប តែមនុស្សមានគុណធម៌ពិតប្រាកដ គេត្រូវតែគោរព គេរមែងហៅអ្នកនោះជាមនុស្សខ្ពង់ខ្ពស់ ។ បើគេមានគុណធម៌បរិបូណ៌ហើយ ហេតុម្ដេចក៏យើងមិនគោរពគេ ? ការពុករលួយរបស់ចិត្ត តែងធ្វើឲ្យអាការខាងក្រៅថោកទាប  ឧត្តមគតិនៃមនោសញ្ចេតនាធ្វើឲ្យរូបកាយមានតម្លៃ ។ ពួកស្រមណ៍ប្រព្រឹត្តអំពើល្អ លោកត្រូវគោរពវិន័យ លោកបរិបូណ៌ដោយការចេះដឹង ៖ យ៉ាងនេះហើយ បានជាគួរគប្បីតែគោរពលោក គួរគប្បីតែក្រាបឱនលំទោនដ៏ជ្រាលជ្រៅចំពោះលោក ។ ….. លោកឯងមិនបានឮ មិនបានស្ដាប់ព្រះឱវាទនៃព្រះសក្យ ជាព្រះមហាករុណាទិគុណ ជាព្រះឧសភៈ គឺព្រះអង្គហើយដែលទ្រង់ត្រាស់ដឹងនូវមគ្គដ៏ល្អទេឬ ? លោកឯងមិនបានឮនូវព្រះធម៌ដែលព្រះអង្គទ្រង់សម្ដែងថា ៖ “ត្រូវយក [១] លក្ខណៈបីប្រការជាវត្ថុមិនទៀង ទៅប្ដូរយកលក្ខណៈបីប្រការជាវត្ថុទៀងទេឬ ?” ។ ព្រះឱវាទនៃព្រះពុទ្ធជាម្ចាស់មិនមានការភន្តច្រឡំត្រង់កន្លែងណាសោះឡើយ ។ ហេតុដូច្នេះ ទើបខ្ញុំត្រូវតែគោរពព្រះឱវាទនោះ ។ ប្រសិនបើលោកឲ្យខ្ញុំរឹងទទឹងចំពោះឱវាទនៃព្រះលោកនាថ លោកមិនគួរឲ្យខ្ញុំហៅលោកជាមិត្ររបស់ខ្ញុំឡើយ ។ កាលណាគេគាបអំពៅ គេយកទឹកវា គេបោះកាកចោល ។ រូបមនុស្សក៏ដូចជារឿងនេះដែរ ។ មច្ចុរាជផ្ដាច់ជីវិតមនុស្ស សាកសពដេកស្ដូកស្ដឹងលើផែនដី មិនអាចកម្រើកបាន គោរពព្រះសង្ឃមិនកើត ធ្វើអំពើល្អមិនបាន ។ នេះហើយដែលត្រូវឲ្យយល់ច្បាស់ថា កាយនេះជារបស់បែកធ្លាយ ត្រូវតែធ្វើកាយឲ្យនៅជារបស់មានសភាពស្ថិតស្ថេរ ។ ឧបមាដូចជា ៖ កាលណាភ្លើងឆេះផ្ទះ បណ្ឌិតត្រូវតែបញ្ចេញទ្រព្យសម្បត្តិរបស់ខ្លួនពីផ្ទះនោះ ត្រូវតែប្រញាប់រើយករតនវត្ថុទាំងឡាយចេញពីកំណប់ដែលធ្លាក់ទៅក្នុងទឹក ។ រូបកាយនេះមានការវិនាសជាទីបំផុត ត្រូវតែធ្វើរូបកាយឲ្យទៅជារបស់ដែលមិនវិនាស ។ តែឯមនុស្សខ្លៅមិនចេះសម្គាល់ថារបស់នេះត្រូវបែកធ្លាយ របស់នោះមិនមានការបែកធ្លាយទេ ។ កាលណាកងទ័ពមច្ចុរាជមកដល់ភ្លាម អ្នកនោះហាក់ដូចជាត្រូវចូលទៅក្នុងមាត់សត្វមករ ។ ក្នុងពេលនោះ ខ្លួនភ័យខ្លាចហើយតក់ស្លុតយ៉ាងខ្លាំងក្រៃលែង ។ កាលណាគេចម្រាញ់យកក្រែមនិងប៊័រពីទឹកដោះរួចហើយ ទោះបីផើងទឹកដោះបែកក៏ដោយ គេមិនសូវទុក្ខព្រួយប៉ុន្មានឡើយ ។ រូបកាយយើងក៏ដូច្នោះដែរ កាលណាគេបានទាញយកពីរូបកាយនូវរបស់ដែលមានសារៈដ៏ពិតប្រាកដហើយ តទៅ បើសេចក្ដីស្លាប់មកដល់ គេនឹងមិនមានការស្ដាយអ្វី ក៏ប៉ុន្តែបើគេមិនបានធ្វើកុសលកម្ម គេគិតតែក្រអឺតឆ្មើងកន្ទ្រើងគ្មានព្រួយបារម្ភសោះ កាលណាមច្ចុរាជមកដល់ភ្លាម ដើម្បីបំបែកផើងគឺរូបកាយ គេត្រូវមានចិត្តនោះរោលរាលក្ដៅក្រហាយដូចជាត្រូវភ្លើងឆេះ ។ សេចក្ដីទុក្ខប្រៀបដូចជាភ្លើង ផើងទឹកដោះប្រៀបដូចជារូបកាយមនុស្ស ។ លោកមិនត្រូវហាមខ្ញុំមិនឲ្យធ្វើកុសលកម្ម មិនឲ្យស្វែងរកវត្ថុមានសភាពទៀងទាត់ទេ ។ មានចិត្តរុំពទ្ធជុំវិញដោយអន្ធការគឺអវិជ្ជា លោកតែងនឹកថា ៖ “អញមានវណ្ណៈដ៏ខ្ពង់ខ្ពស់” ។ ចំណែកខ្លួនខ្ញុំ ខ្ញុំកាន់គប់ភ្លើង គឺព្រះឱវាទនៃព្រះទសពល នៃព្រះលោកត្រៃ ខ្ញុំយកគប់ភ្លើងនោះទ្រោលបំភ្លឺដើម្បីពិនិត្យរូបកាយ​របស់ខ្ញុំ ។ ដូច្នេះ មិនមានការផ្សេងគ្នារវាងអ្នកមានវណ្ណៈខ្ពង់ខ្ពស់និងវណ្ណៈថោកទាបឡើយ ។ ស្បែក សាច់ សរសៃឆ្អឹង អាការទាំង ៣៦ [២] នៃរូបកាយមានសភាពដូចគ្នាទាំងអស់ មិនថាអ្នកមានវណ្ណៈខ្ពង់ខ្ពស់និងអ្នកមានវណ្ណៈថោកទាប ។ អ្នកវណ្ណៈខ្ពស់មានសញ្ញាអ្វីជាគ្រឿងសម្គាល់ ? មានតែ​​សម្លៀក​បំពាក់ដ៏មានតម្លៃរបស់ខ្លួន សំពត់ដ៏ឆើតឆាយរបស់ខ្លួន និងរបស់ប្រើប្រាស់របស់ខ្លួនប៉ុណ្ណោះទេ ដែលប្លែក ។

បណ្ឌិតប្រកបដោយសេចក្ដីព្យាយាម ត្រូវតែឱនលំទោនគោរពស្រមណ៍ទាំងឡាយ និងធ្វើនូវកុសលកម្មជាប្រយោជន៍នៃអាត្មា នេះហើយដែលគេហៅថាបាននូវវត្ថុដែលមានសភាពទៀងទាត់ ។ ហេតុអ្វីក៏ខ្ញុំពោលរៀបរាប់នូវរឿងនេះ ? ព្រោះរូបកាយនេះប្រព្រឹត្តទៅយ៉ាងរហ័សដូចជាផ្លេកបន្ទោរ ដូចជាពពុះទឹក ដូចផ្នូកខ្សាច់ ដូចជាដើមចេក រូបកាយមិនមានគ្រាប់ដ៏មាំមួនទេ ។ ប៉ុន្តែ បើរូបកាយមិនស្ថិតស្ថេរនេះ ធ្វើកុសលកម្ម ត្រូវតាំងនៅអស់មួយរយកប្ប មានសភាពមាំមួនដូចជាភ្នំព្រះសុមេរុ៍ និងដូចជាមហាប្រឹថពី ។ ដូច្នេះបណ្ឌិតត្រូវតែស្វែងរកឲ្យបាននូវវត្ថុមិនបែកធ្លាយ មិនវិនាស” ។

៣) អំពីទានចុងក្រោយបង្អស់នៃព្រះបាទអសោក គម្ពីរមហាវង្ស ពោលថា “ផ្លែស្រម៉មួយចំហៀង” សេចក្ដីប្រែព្រះតេជគុណ គឹម – សាន ថា “ផ្លែកន្ទួតព្រៃមួយចំហៀង” សេចក្ដីនៃលោក ហ៊ុយ – ប៊ែរ ថា “ផ្លែស្វាយមួយចំហៀង” ។

ចំពោះផ្លែស្រម៉និងផ្លែកន្ទួតព្រៃ ឃើញថាមានការស្រដៀងគ្នា អាចផ្លាស់ប្ដូរគ្នាបាន ព្រោះស្រម៉និងកន្ទួតព្រៃ សុទ្ធសឹងជារុក្ខជាតិដុះនៅក្នុងព្រៃដូចគ្នា ហើយសណ្ឋានផ្លែក៏ប្រហែលគ្នាទៀត គ្រាន់តែរសជាតិផ្សេងគ្នាបន្តិច គឺមួយចត់ល្វីង មួយជូរល្វីង គឺថាវាមិនសូវប្លែកគ្នាឆ្ងាយ ។ ដូច្នេះ ខ្ញុំសន្និដ្ឋានថា គេអាចភន្តច្រឡំយកមួយជាមួយបាន ។ តែឯផ្លែស្វាយវិញ មានការផ្សេងគ្នាយ៉ាងធំរវាងផ្លែស្រម៉និងកន្ទួតព្រៃ គឺទ្រង់ទ្រាយក៏ខុស ទំហំក៏ខុស ហើយរសជាតិក៏ខុសទៀត ។ ហើយមួយយ៉ាងទៀត ផ្លែពីរខាងដើម ជារុក្ខជាតិដុះនៅតែក្នុងព្រៃ ស្វាយជារុក្ខជាតិស្រុក ។ អំពីរឿងនេះយើងគួរពិចារណាដែរ ថាហេតុអ្វីក៏ផ្សេងគ្នាខ្លាំងម៉្លេះ ? ។

ចំណែករឿងដែលថា តើខាងណាសមជាង ខាងកន្ទួតព្រៃឬស្រម៉ឬខាងផ្លែស្វាយ ? សូមអ្នកអានទាំងឡាយជួយវិនិច្ឆ័យផង ។

សេចក្ដីក្នុងមហាវង្សនិងសេចក្ដីប្រែរបស់ព្រះតេជព្រះគុណ គឹម – អាន ថាព្រះបាទអសោក ទ្រង់សព្វព្រះរាជហឫទ័យចំណាយព្រះរាជទ្រព្យ បូជាចំពោះព្រះពុទ្ធសាសនាឲ្យបានមួយរយកោដិតម្លឹងមាស ព្រោះទ្រង់បានជ្រាបថា អនាថបិណ្ឌិកសេដ្ឋីបានចំណាយទ្រព្យធ្វើទានក្នុងព្រះពុទ្ធសាសនា អស់មួយរយកោដិតម្លឹង​មាស ចំណែកព្រះអង្គ ដោយបូករួមទាំងអស់ទៅ ទើបនឹងបានតែ ៩៦ កោដិដំឡឹងមាស ។ ដើម្បីចំណាយគ្រប់ជា ១ រយកោដិ ទើបទ្រង់ព្រះបញ្ជាឲ្យនាយឃ្លាំងយកព្រះរាជទ្រព្យចំណាយឲ្យបានគ្រប់ដូចព្រះរាជបំណង តែជាអកុសលក្នុងឱកាសនោះ ព្រះបាទអសោកទ្រង់ប្រឈួនផង ។ ដោយខ្លាចអំណើះអត់ពីព្រះអង្គទៅ ព្រះរាជាអង្គក្រោយឡើងទ្រង់រាជ្យ ត្រូវខ្វះខាតភោគទ្រព្យក្នុងការកសាងរដ្ឋ ទើបមាននាម៉ឺនខ្លះដែលមិនសូវជ្រះថ្លាក្នុងព្រះពុទ្ធសាសនា បានទៅក្រាបទូលចំពោះព្រះអង្គម្ចាស់សម្បទី ជាព្រះរាជទាយាទថា បើទ្រង់បណ្ដោយឲ្យព្រះអយ្យកោ ចេះតែចំណាយព្រះរាជទ្រព្យដូច្នេះ ព្រះអង្គម្ចាស់ដែលត្រូវទ្រង់រាជ្យក្នុងពេលក្រោយ នឹងខ្សត់ខ្សោយដោយភោគទ្រព្យជាប្រាកដ ។ ព្រះអង្គម្ចាស់សម្បទី ដោយទ្រង់យល់ឃើញផង ទើបបញ្ជាដល់នាយឃ្លាំងថា ត្រូវឈប់យកទ្រព្យក្នុងព្រះឃ្លាំងថ្វាយចំពោះព្រះអយ្យកោទៀត ហើយក៏ឲ្យរាជបម្រើយកតែផ្លែស្រម៉ ឬកន្ទួតព្រៃមួយចំហៀងទៅថ្វាយដល់ព្រះអយ្យកោ ។ ឯសេចក្ដីរបស់លោក ហ៊ុយ – ប៊ែរ មិនឃើញមានពោលដូចរៀបរាប់ខាងលើនេះទេ គ្រាន់តែដាក់សេចក្ដីថាព្រះបាទអសោកទ្រង់ប្រឈួនខ្លាំង ពួកអាមាត្យមុខមន្ត្រី ដោយយល់ឃើញថាទ្រង់ចំណាយព្រះរាជទ្រព្យអស់ច្រើនហើយ ក៏យកតែផ្លែស្វាយមួយចំហៀងទៅថ្វាយតែប៉ុណ្ណោះ ។

អំពីរឿងថ្វាយផ្លែឈើតែមួយចំហៀងនេះ គម្ពីរមហាវង្ស សេចក្ដីប្រែ គឹម – អាន និងសេចក្ដីប្រែរបស់លោក ហ៊ុយ – ប៊ែរ មិនឃើញមានចង្អុលប្រាប់ហេតុសោះ ។ បើថ្វាយផ្លែទាំងមូលចំពោះព្រះបាទអសោកទៅ តើវានឹងខាតប៉ុន្មាន ហេតុដូចម្ដេចក៏ថ្វាយតែផ្លែមួយចំហៀង ? យោបល់ផ្ទាល់របស់ខ្ញុំថាជាបញ្ហាមួយដែរ ដើម្បីបញ្ជាក់ថ្វាយចំពោះព្រះបាទអសោក គឺថាឲ្យព្រះអង្គជ្រាបអំពីអំណាចរបស់ទ្រង់ ។ ឥឡូវនេះ អំណាចរបស់ព្រះអង្គប្រេះឆាហើយ ពុំមែននៅគង់វង់មាំទាំដូចផ្លែឈើទាំងមូលនោះទេ ជាអំណាចដែលត្រូវគេបំបែកបានហើយ គឺថានឹងត្រូវវិនាសក្នុងពេលដ៏ខ្លីណាមួយជាពុំខាន ។

ខ្ញុំសុំលើកយកសេចក្ដីរបស់លោកហ៊ុយប៊ែរមកផ្សាយជូនដូចតទៅ ៖

ព្រះបាទអសោកជាធម្មិករាជ ទ្រង់ប្រឈួនយ៉ាងធ្ងន់ ។ ព្រះរាជទ្រព្យទាំងអស់របស់ព្រះអង្គ ទ្រង់បានថ្វាយជាទានដល់សង្គមពុទ្ធសាសនា ។ ទ្រង់បង្ខំឲ្យមន្ត្រីយកទ្រព្យផ្សេងដទៃទៀតមកថ្វាយដល់ព្រះអង្គទៀត តែមន្ត្រីទាំងនោះឈប់ត្រូវការថ្វាយដល់ព្រះអង្គ ។ ទ្រង់បានទទួលផ្លែស្វាយមួយចំហៀង ។ ទ្រង់សព្វព្រះហឫទ័យប្រគេនផ្លែស្វាយមួយចំហៀងនេះដល់ព្រះសង្ឃ ។ ទ្រង់ប្រជុំអស់នាម៉ឺនមុខមន្ត្រីរបស់ព្រះអង្គហើយមានព្រះបន្ទូលថា ៖ ថ្ងៃនេះ តើអ្នកណាជាស្ដេច ហើយត្រូវគេគោរពបញ្ជារបស់អ្នកណា ?” ។ នាម៉ឺនទាំងអស់ក្រាបបង្គំទូលថា ៖ “មានតែព្រះមហារាជនេះហើយដែលគ្រប់គ្រងព្រះរាជាណាចក្រនៃព្រះអង្គ ក្នុងជម្ពូទ្វីបទាំងមូល គេត្រូវគោរពព្រះបញ្ជារបស់ព្រះអង្គ” ។ ឱកាសនោះ ព្រះបាទអសោកទ្រង់សម្ដែងនូវគាថាដូចតទៅ ៖ អស់លោកពោលថា ខ្ញុំជាព្រះមហាក្សត្រ ហើយថាគេត្រូវគោរពបញ្ជាការខ្ញុំ ។ អស់លោកពោលយ៉ាងនេះ គឺដើម្បីបញ្ជាខ្ញុំទេ ។ សម្ដីដែលអស់លោកនិយាយគឺជាពាក្យកុហក ។ អំណាចខ្ញុំស្លាប់ហើយ ខ្ញុំអស់សមត្ថភាពនឹងចាត់ការអ្វីហើយ ។ មានតែផ្លែឈើមួយចំហៀងនេះទេ ដែលខ្ញុំត្រូវជាធំបណ្ដាច់លើ ។ អំណាចជាវត្ថុជាទីស្អប់ខ្ពើម ។ ឱ គួរឲ្យអនិច្ចា ! អំណាចនេះត្រូវគេមើលងាយក្រៃពេក ! អំណាចប្រៀបដូចជាទន្លេដែលហូរធ្លាក់ចុះពីកំពូលភ្នំឥតបង្អង់ ។ ខ្លួនខ្ញុំជាព្រះចៅរាជាធិរាជនៃមនុស្សទាំងឡាយ ទុគ្គតភាពស្រាប់តែមកដល់ខ្ញុំភ្លាមដោយមិនដឹងខ្លួន ទុគ្គតភាពដែលមនុស្សទាំងអស់ត្រូវតែភ័យខ្លាច បានមកប៉ះមកលើរូបខ្ញុំមួយរំពេច ។

កាលបើពោលគាថានេះហើយ ទ្រង់ស្រែកឡើងថា ៖ “ព្រះឱវាទនៃព្រះលោកនាថពេញហៅត្រូវពិត មិនមែនខុសត្រង់ណាឡើយ !” ។ រួចទ្រង់សម្ដែងនូវគាថាតទៅទៀតថា ៖

សុភមង្គលដ៏យ៉ាងភ្លឺត្រចះត្រចង់អស្ចារ្យ នឹងត្រូវរលាយរលំធ្លាក់ចុះនៅទីបំផុត ។ សុភមង្គលនិងសេចក្ដីរីករាយនៃមនុស្សលោក នឹងត្រូវតែរលាយរលំចុះមិនខាន គឺជាវត្ថុដែលមនុស្សទាំងអស់តែងភ័យខ្លាច ។ ព្រះឱវាទនៃព្រះគោតម ពិតជាប្រកបដោយសារៈ ។ ក្នុងថ្ងៃទាំងឡាយកន្លងផុតទៅ កាលណាខ្ញុំយល់ច្បាស់ក្នុងចិត្តថាត្រូវបញ្ជាអ្វីហើយ ខ្ញុំគ្រាន់តែបញ្ចេញនូវបញ្ជាការនោះ សម្ដីខ្ញុំមិនមែននៅកើលទើរឥតប្រយោជន៍ឡើយ ។ សូម្បីតែយក្សនិងទេព្តាក៏ត្រូវទទួលនូវបញ្ជាការរបស់ខ្ញុំ ។ គ្រប់ទីទាំងអស់ ឰដ៏​ខាងក្នុងសមុទ្រទាំងបួន អ្នកណាដែលបានឮបញ្ជាការរបស់ខ្ញុំហើយ ត្រូវតែយកទៅអនុវត្ត គ្មាននរណាម្នាក់ហ៊ានរឹងទទឹងឡើយ ។ ដូច្នេះ កាលណាទន្លេហូរទៅប៉ះនឹងភ្នំដ៏ធំ ទឹកបែកពពុះហូរច្រាលមកក្រោយ ។ ខ្ញុំរលាយរលំចុះដូចថាភ្នំមួយដ៏ធំ គេរឹងទទឹងនឹងខ្ញុំ គេមិនយកបញ្ជាការខ្ញុំទៅអនុវត្ត ។ ពីដើមមិនមានអ្នកណាម្នាក់ហ៊ានទប់នឹងបញ្ជាការរបស់ខ្ញុំ ។ មិនដែលមានការច្របូកច្របល់សោះឡើយ ខ្ញុំបានបំបាក់បំបបពួកឧទ្ទាមគ្មានសល់ ខ្ញុំបានបើកស្វេតច្ឆត្ររបស់ខ្ញុំលាតសន្ធឹងគ្របលើមហាប្រឹថពីទាំងមូល គ្មាននរណាអាចនឹងទទឹងនឹងខ្ញុំបាន ប្រុស ស្រី ធំ តូច គ្មាននរណាដែលមិនគោរពខ្ញុំ ។ ហើយប្រសិនបើលោជាមានអ្នកណាហ៊ានរឹងទទឹងនឹងបញ្ជាការខ្ញុំ ខ្ញុំត្រូវតែបង្ក្រាបដោយអាវុធ ។ អ្នកណាដែលមានទុក្ខ ខ្ញុំត្រូវលួងលោមព្រមទាំងជួយផង ខ្ញុំសង្គ្រោះរហូតដល់អ្នកជំងឺ​និងអ្នកទីទ័លក្រ ឥតរើសមុខ ។ តែឥឡូវ សុភមង្គលរបស់ខ្ញុំដល់នូវទីបំផុតហើយ ទុគ្គតភាពមកដល់មួយរំពេច ហើយខ្ញុំជាមនុស្សប្រកបដោយសេចក្ដីទុក្ខវេទនា ។ ប្រសិនបើខ្ញុំជាស្ដេចអសោកពិតប្រាកដមែន ហេតុអ្វីក៏ខ្ញុំធ្លាក់ក្នុងសេចក្ដីទុក្ខវេទនាយ៉ាងនេះ ? ខ្លួនខ្ញុំប្រៀបដូចជាដើមអសោកដែលត្រូវគេកាត់ឫសចោល ហើយគេកាប់រលំទៀត ៖ ផ្កា ស្លឹក និងមែកទាំងឡាយ ស្ងួតក្រៀមអស់ហើយ ។ ឫទ្ធិអំណាចប្រៀបដូចជាការស្រមៃ (យល់សប្ដិ) ឫទ្ធិអំណាចនេះមិនស្ថិតស្ថេរទេ ។

រួចព្រះបាទអសោកទ្រង់ទតឆ្ពោះទៅលោកគ្រូពេទ្យដែលអង្គុយនៅខាងព្រះអង្គ ហើយទ្រង់ស្រែកថា ៖ ត្រូវអៀនខ្មាសអំពីឫទ្ធិអំណាចដែលតាំងនៅតែមួយស្របក់ ដូចជាផ្លេកបន្ទោរដែលវិនាសភ្លាមនៅពេលដែលវាបញ្ចេញឲ្យឃើញពន្លឺ ដូចជាស្លឹកត្រចៀកដំរី ដែលបក់ជានិច្ច មិនដែលឈប់នៅនឹង ដូចជាអណ្ដាតពស់ ដែលលៀនភ្លឹបភ្លែតឥតឈប់ឈរ ដូចជាទឹកសន្សើមពេលព្រឹក ដែលស្ងួតបាត់ នៅពេលដែលប្រទះនឹងព្រះអាទិត្យ ! ពីដើមខ្ញុំបានឮគេពោលវាចាដូច្នេះថា ៖

គេរក្សាគ្រប់គ្រងទ្រព្យសម្បត្តិបានដោយកម្រណាស់ ទ្រព្យសម្បត្តិរមែងរីងហួត ហើយមិនស្ថិតនៅអស់កាលដ៏យូរអង្វែងឡើយ ។ នេះហើយ ដែលបណ្ឌិតគួរគប្បីយល់ឲ្យជាក់ច្បាស់ ខ្លួនមិនត្រូវវាយឫកក្រអឺតសង្ហា និងរស់នៅដោយគ្មានក្ដីព្រួយបារម្ភឡើយ ។ ក្នុងជីវិតបច្ចុប្បន្នរហូតដល់ជីវិតអនាគត ត្រូវតែស្វែងរកនូវអត្ថប្រយោជន៍ប្រកបដោយសារៈ ។ កាលបើគេមានសម្បត្តិច្រើន គេត្រូវខំរក្សាទុកសេចក្ដីច្រណែន ព្រោះវារមែងវិនាសទៅវិញ ដោយហេតុមួយរយប្រការ ។ អ្នកមានទ្រព្យ កាលនៅរស់ ប្រៀបដូចជាសត្វពស់ដែលមានដំណើរបត់បែនក្រវិកក្រវក់ ។ ជនណាដែលមានការពិចារណាក្នុងពេលដែលគេនៅពេញកម្លាំងយ៉ាងស្វាហាប់ ត្រូវតែប្រញាប់ប្រញាល់ស្វែងរកធម៌ឲ្យមានក្នុងអាត្មា ។ កាលណាគេមានជំងឺ គេមានព្រះធម៌ក្នុងខ្លួនស្រេច ព្រោះគេមិនទៀងថានឹងនៅរស់តទៅឡើយ ។ ចំណែកគ្រួសារនិងបងប្អូនទាំងឡាយ កាលបើយល់ច្បាស់ថា អ្នកឯងមុខជាស្លាប់ហើយ អ្នកឯងមានសម្បត្តិយ៉ាងណាក៏ដោយ អ្នកឯងមិនអាចយកសម្បត្តិនោះមកធ្វើទានតាមចិត្តខ្លួនបានឡើយ ។ ទ្រព្យសម្បត្តិទាំងឡាយដែលគេរកបាននៅពេលនៃសេចក្ដីរុងរឿង កាលណាបើគេបានចួបនឹងបុញ្ញក្ខេត្តហើយ គួរគប្បីចំណាយធ្វើទានយ៉ាងរហ័ស “កាលណាអ្នកនៅមានកម្លាំង មុនពេលដែលជំងឺមិនទាន់មកញាំញី ត្រូវអ្នកធ្វើកុសលកម្មជានិច្ច ព្រោះទ្រព្យសម្បត្តិតែងតែនាំមកជាមួយនូវសេចក្ដីទុក្ខ ។ កាលណាអ្នកឯងជិតស្លាប់ អាពុកម្ដាយ ប្រពន្ធ និងកូន រមែងតែជំទាស់ចំពោះហេតុដែលអ្នកត្រូវការប៉ងយកទ្រព្យធ្វើទាន ទោះបីទ្រព្យនោះជារបស់អ្នកក៏អ្នកមិនអាចយកទៅចំណាយជាទានបានដូចបំណងឡើយ ។ នៅពេលដែលអ្នកធ្លាក់ក្នុងសភាពជាទម្ងន់ហើយ អ្នកមិនអាចធ្វើអ្វីតាមអំពើចិត្តទេ” ។

[១]តាមការណ៍ពិត ៖ លក្ខណៈ មានបី គឺអនិច្ចលក្ខណៈ ១ ទុក្ខលក្ខណៈ ១ អនត្តលក្ខណៈ ១ ហើយមានន័យផ្សេងពីគ្នា ។

[២]ក្នុងគម្ពីរបាលីពុទ្ធសាសនាខាងថេរវាទ ៖ អាការៈមានតែ ៣២ ។

ពាក្យឃាត់មិនឲ្យ  ធ្វើការអាក្រក់    ជាការលាមក   ឲ្យធ្វើល្អទៅ

ឲ្យដុសខាត់ចិត្ត    កុំឲ្យហ្មងសៅ   បីនេះលោកហៅ   ពុទ្ធសាសនា

ច.ព.

លោក ផេង ជ្រីវ រៀបរៀង

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៦៣

បញ្ចេញយោបល់ ៖