ព្រះចង្កូមកែវ

ហេតុដែលនាំឲ្យខ្ញុំយករឿងព្រះចង្កូមកែវមកធ្វើជាវិចារណកថា ដោយខ្ញុំចង់ដឹងជាក់ថា តើព្រះចង្កូមកែវរបស់ព្រះសម្មាសម្ពុទ្ធ មានប៉ុន្មាន ? នៅកន្លែងណាខ្លះ ?

តាមរឿងព្រះចង្កូមកែវរបស់លោកអាចារ្យ ចាប – ពិន សុវណ្ណ ជោតា បោះពុម្ពផ្សាយពីព្រះរាជបណ្ណាល័យ ព.ស.២៤៧៦ ថាលោកបានមើលអានគម្ពីរជាច្រើន ដូចយ៉ាងគម្ពីរឈ្មោះ ទាឋាវង្ស សង្គីតិយវង្ស ….. ដោយបង្រួញសង្ខេបទៅលោកនិយាយថា ព្រះចង្កូមកែវរបស់ព្រះសម្មាសម្ពុទ្ធមានតែ ៤ ព្រះអង្គ ។ ដល់ព្រះបរមគ្រូទ្រង់ចូលកាន់ព្រះនិព្វានទៅ ពុទ្ធបរិស័ទបានបូជាសពព្រះសម្មាសម្ពុទ្ធ ដោយមានអាចារ្យ​ព្លុក ទោណ ជាមេវាយចំណែកចែកព្រះធាតុ ។ ខ្ញុំមិនបានបរិយាយឲ្យពិស្ដារទេ ព្រោះខ្ញុំចង់បញ្ជាក់តែរឿងព្រះចង្កូមកែវ ។ លោកអាចារ្យ ទោណ បានចែកដូច្នេះ ៖

១- ព្រះចង្កូមកែវមួយ ព្រះឥន្ទយកទៅត្រៃត្រិង្សសួគ៌

២- បានទៅស្ដេចនាគ

៣- បានទៅប្រទេសគន្ធារ

៤- បានទៅរដ្ឋកលិង្គ

ចំណែកព្រះទាឋាដែលបានទៅរដ្ឋកលិង្គនោះ មានរឿងរ៉ាវច្រើនរហូតដល់ព្រះពុទ្ធសករាជ ៨៤០ ព្រះទាឋាអង្គនេះ មានស្ដេចពីរព្រះអង្គនាំទៅដល់កោះលង្កា ក្រុងអនុរាធៈតាមឱវាទរបស់ព្រះបិតា ។ លុះចំណេរក្រោយមក ពុទ្ធសករាជ ២១៣៥ ព្រះបរមទាឋាបានទៅប្រតិស្ឋាននៅក្រុងកន្ទី (Kandy) វិញ ។

ហេតុដែលនាំឲ្យយកមកពិចារណាដូច្នេះ ព្រោះនៅថ្ងៃទី១០ ខែ​មិថុនា ឆ្នាំ១៩៦១ នាយករដ្ឋមន្ត្រីប្រទេសស្រីលង្កា លោកស្រីបណ្ដរណៃកេ បានទទួលព្រះចង្កូមកែវមកពីប្រទេសចិន ។ ព្រះសង្ឃដែលហែហមព្រះចង្កូមកែវនោះមកស្រីលង្កាមានព្រះតេជព្រះគុណ ស្រីរោបជលសោ  (Shirop-Jhaltso) ព្រះជន្ម ៧៨ វស្សា ជាប្រធានពុទ្ធសមាគមនៅប្រទេសចិន ។ កោដិមានទម្ងន់ ៣៥០ ផោន (រង្វាស់រង្វាល់អង់គ្លេស) ។ គេឆ្ងល់ថា ព្រះចង្ហូមកែវមានតែ ៤ ព្រះអង្គទេ ដូចបានអធិប្បាយមកខាងលើ ចុះម៉េចបានជាមានព្រះចង្កូមកែវមួយទៀតនៅប្រទេសចិន ?

តាមទស្សនាវដ្ដីពុទ្ធសាសនាសាកលលោក WORLD BUDDHISM ផ្សាយចេញពីប្រទេសស្រីលង្កាលេខ ១១ ខែមិថុនា ១៩៦១ ថា ៖

“លោកបណ្ឌិត សុំស្នើទៅរដ្ឋាភិបាលកណ្ដាលស្រីលង្កា ឲ្យរៀបចំកន្លែងណាមួយដ៏គួរតម្កល់ព្រះទាឋាដែលគេថាយកមកពីស្រុកចិននោះទុកឲ្យពុទ្ធបរិស័ទនមស្ការបូជា” ។

លោក អារណូល រតនយកេ ថាៈ “ត្រូវតែរៀបចំតម្កើងព្រះចង្កូមកែវ ទោះមកពីប្រទេសចិនក្ដី រុស្ស៊ីក្ដី ប៉ូឡូញក្ដី …… “ ។

រឿងនេះហើយដែលជាហេតុនាំឲ្យមានសេចក្ដីឆ្ងល់អំពីព្រះចង្កូមកែវដែលយកមកពីប្រទេសចិនទៅកោះស្រីលង្កានៅឆ្នាំ ១៩៦១ នេះ ។

គម្ពីរខាងព្រះពុទ្ធសាសនា មិនដែលមានសម្ដែងអំពីព្រះទាឋាដែលនៅប្រទេសចិនសោះ ។ តែថាកាលដែលប្រទេសចិនចង់បានព្រះចង្កូមកែវ នៅកោះស្រីលង្កាអំពីស្ដេចព្រះនាមមហានាម ស្ដេចនេះក៏ធ្វើជារូបសំណាកដូចព្រះចង្កូមកែវពិត ៗ ដែលប្រតិស្ឋាននៅក្រុងកន្ទីផ្ញើទៅប្រទេសចិន ។

ខ្លះថា មានស្ដេចប្រទេសចិនព្រះនាម ស៊ិនកោ (Chinko) រកមធ្យោបាយដើម្បីលួចយកព្រះចង្កូមកែវពីប្រទេសស្រីលង្កា ក្នុងកាលដែលស្ដេចព្រះនាម ភុវេនកពាហុ សោយរាជ្យនៅកោះស្រីលង្កា ។ លោករតនយកេ ពោលថា ជនជាតិចិនបានយកធ្មេញចិនម្នាក់ ដែលជាពុទ្ធសាសនិកខាងមហាយាន មិនមែនតួព្រះចង្កូមកែវរបស់ព្រះពុទ្ធទេ” ។

លោក ប.ន គូរេ ពោលថា “ការដែលអនុញ្ញាតឲ្យយកទាឋាធាតុមកតាំងដូច្នេះ ដើម្បីសម្ដែងឲ្យឃើញឯកភាពប្លែកគ្នានៃពុទ្ធសាសនិក” ហើយគាត់បានជូនព័ត៌មានថា ៖ “ការលុកលុយប្រទេសទីបេត៍នៃចិនកុម្មុយនិស្ត” ហើយគាត់បានបន្ថែមថា “ចិនគោរពតែព្រះពុទ្ធសាសនាទេ ដូច្នេះក៏ថាចិនរកមធ្យោបាយដើម្បីធ្វើប្រទេសទីបេត៍ឲ្យសាបសូន្យព្រះពុទ្ធសាសនាទៅវិញ” ។

លោក ប៉ាណាសូយាថា “ចិនជាង ៦០០ លាននាក់ បានប្ដេជ្ញាគោរពព្រះទាឋាធាតុ ដូច្នេះចិនមិនមែនគួរថានឹងក្លែងបន្លំព្រះចង្កូមកែវទេ” ។

លោក ប៉ាត្រាម រ៉ូឌ្រីកូ ថា ៖ “គ្មានគម្ពីរណាមួយនិយាយអំពីព្រះចង្កូមកែវទៅប្រទេសចិនសោះ” ។

កាលពីឆ្នាំទៅ លោកបណ្ឌិត គោឌកុម្ពុរ ខាងបុរាណវត្ថុបានរកឃើញអក្សរចារឹកនៅស្ដម្ភមហិន្ទនៅក្រុងគិរិន្ទ ខាងត្បូងប្រទេសស្រីលង្កាថា ស្ដេចកវន្តិស្ស បានកប់ទុកព្រះចង្កូមកែវខាងក្រោមខាងឆ្វេង នៅ​តិស្ស​មហារាមក្រោមព្រះមហាស្តូប ។ នៅអក្សរចារឹកនោះថា ការបញ្ចុះព្រះចង្កូមកែវ នៅមហាស្តូប នៅតិស្សមហារាម នៅសតវត្សទី ៤ ពេលដែលព្រះចង្កូមកែវល្បីល្បាញទៅក្នុងប្រទេសស្រីលង្កា ដែលសព្វថ្ងៃនៅក្រុងកន្ទី” ។

លោកបណ្ឌិត គោឌកុម្ពុរេ ថា “តាមមហាបរិនិព្វានសូត្រថា កាលព្រះពុទ្ធទ្រង់បរិនិព្វាន ហើយនិងការចែកព្រះទាឋា មានតែប្រទេសបួនទេ ដែលបានទទួលព្រះចង្កូមកែវ គឺ សក្កៈ ១ កលិង្គ ១ និងគន្ធារ ១ The four were taken respectively to the world of Sakra, the Naga world, Kalinga and Gandhara. ។ ត្រង់នេះឃើញថាពិតដូចជាអាចារ្យ ចាប – ពិន និយាយក្នុងរឿងព្រះចង្កូមកែវមែន” ។

តាមគាថាដែលបានតែងឡើងនៅក្នុងសតវត្សទី១ នៃព្រះពុទ្ធសករាជថា ប្រទេសដែលបានទទួលព្រះចង្កូមកែវនោះ មិនមែនប្រទេសគន្ធារទេ គឺ សីហលទ្វីប (ស្រីលង្កា) ។

ភស្ដុតាងមួយទៀត តាមប្រវត្តិសាស្ត្រប្រទេសស្រីលង្កាបានបង្ហាញការដែលប្រទេសស្រីលង្កាធ្លាក់ចុះនៅក្រោមអាណាព្យាបាលរបស់ពួកអារ្យ័ន ដែលមកពីទិសនិរតីនៃប្រទេសឥណ្ឌា ដូចយ៉ាងរដ្ឋគន្ធារជាដើម ពួកអារ្យ័នបានមកតាំងទីនៅតំបន់ មគម សិធុលបូវ និងកតរគ្រាមខាងត្បូងប្រទេសស្រីលង្កា ។ គេបានរកឃើញសិលាចារឹកមួយនៅក្បែរសិធុលបូវថា “យើងដឹងតាមកាលានុប្បវត្តិថា ព្រះចង្កូមកែវនៅអនុរាធបុរី គឺគេយកមកពីរដ្ឋកលិង្គប្រទេសឥណ្ឌា យកមកប្រតិស្ឋាននៅអនុរាធបុរីក្នុងរាជ្យស្ដេចព្រះនាម ភិត្សិរីមេវ័ន (មុន គ.ស.៣០១ – ៣២៨) [១]  ។ រឿងព្រះចង្កូមកែវនេះគេដឹងឮច្រើនណាស់នៅប្រទេសស្រីលង្កា ។

[១] ត្រង់ គ.ស. នេះ បើតាមលោកអាចារ្យ ចាប – ពិន និយាយថា ព.ស. ៨៤០ ព្រះចង្កូមកែវចេញពីរដ្ឋកលិង្គមកប្រតិស្ឋាននៅអនុរាធបុរី ។  បើយកសៀវភៅបញ្ជាក់សករាជមកពិនិត្យទៅឃើញថា  ព.ស. ៨៤០ ត្រូវនឹង គ.ស. ២៩៦ ។ តែតាមកាលានុប្បវត្តិស្រីលង្កាថាមុន គ.ស. ៣០១ – ៣២៨ ហាក់ដូចជាមិនពិត ដូច្នេះខ្ញុំសូមលោកអ្នកអានវិនិច្ឆ័យផងចុះ ។

ពាក្យឃាត់មិនឲ្យ   ធ្វើការអាក្រក់  ជាការលាមក  ឲ្យធ្វើល្អទៅ
ឲ្យដុសខាត់ចិត្ត   កុំឲ្យសៅហ្មង   បីនេះលោកហៅ   ពុទ្ធសាសនា
ច.ព.

វិចារណកថា ព្រះចង្កូមកែវ
លោក ឌឹក គាម រៀបរៀង

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៦៣

បញ្ចេញយោបល់ ៖