ឆ្នាំងបាយរបស់គ្រូបោក គឺមនុស្សឆោត

មន្តអាគមគាថា យ័ន្តកថា កើតឡើងអំពីការមិនដឹងនូវសច្ចភាពនៃជីវិត ។ រឿងទាំងអស់នេះ បើទោះជាមានប្រសិទ្ធភាព ក៏ព្រះសម្មាសម្ពុទ្ធទ្រង់ហាមភិក្ខុសង្ឃមិនឲ្យធ្វើដែរ គឺហាមទាំងធ្វើឲ្យគេ ហាមទាំងធ្វើប្រើខ្លួនឯង ព្រោះជាវិជ្ជាមួយដែលបិទបាំងនូវចំណេះដឹងក្នុងរឿងជីវិត ជាវិជ្ជានាំឲ្យមនុស្សជឿខុស ព្រះអង្គទ្រង់ហៅថា តិរច្ឆានវិជ្ជា (វិជ្ជាដែលទទឹងទាស់ ឬខ្ទាស់នឹងច្បាប់ធម្មជាតិ) ។

វិជ្ជាដែលគេជឿថាខ្លាំងពូកែ មិនមែនសុទ្ធតែមិនសក្តិសិទ្ធនោះទេ ប៉ុន្តែពីបុរាណកាលមក អ្នករៀនវិជ្ជាទាំងនោះ ត្រូវតែមានត្រណមតឹងរឹងទើបអាចរក្សាមន្តានុភាពបាន ។ ម្យ៉ាងទៀត គ្រូពីបុរាណ មុននឹងបង្រៀន ឬផ្ទេរវិជ្ជាទាំងនោះដល់សិស្ស ពួកគាត់តែងតែពិសោធទឹកចិត្តសិស្ស ថាតើសិស្សនោះអួតក្អេងក្អាងឬល្មោភលោភលន់ដែរឬទេ ។ ត្រណមដែលអ្នករៀនរបៀនទាំងនោះត្រូវតមមានដូចជា ៖

  • មិនឲ្យយកវិជ្ជាទាំងនោះទៅរកស៊ី គឺទុកគ្រាន់តែការពារខ្លួន ឬទុកគ្រាន់តែសង្គ្រោះអ្នកដទៃ ដោយមិនឲ្យទាមទារសគុណ ។
  • ទ្រនឹប មានត្រឹមតែទៀន៥ ធូបប្រាំ ចេកមួយស្និត ផេះមួយត្រឡោក (អាចមានផ្សេងៗគ្នាខ្លះ ប៉ុន្តែមិនចំណាយច្រើនឡើយ) ទុកសម្រាប់ថ្វាយគ្រូ ។
  • ហាមអួតអាងថាខ្លួនពូកែ ដោយហោចទៅសូម្បីតែនិយាយថា ខ្លួនចេះនេះចេះនោះក៏មិនបាន អ្នកដទៃអាចដឹងថាពូកែពេលដែលខ្លួនសង្គ្រោះគេប៉ុណ្ណោះ (មិនផ្សាយ ទុកឲ្យគេមករកដោយខ្លួនឯង) ។
  • មិនប៉ះពាល់ ឬលេងសើចជាមួយមាតុគ្រាម (ស្រី) ។
  • មិនឲ្យជេរម្តាយគេជាដើម ។

លោកនេះពិតជាងងឹតខ្លាំងណាស់ ទោះព្រះអាទិត្យ១០រះក្នុងគ្រាតែមួយ ក៏មិនអាចឲ្យសត្វលោកទាំងអស់ភ្លឺស្វាងបានដែរ សូម្បីតែព្រះពុទ្ធ ដែលមានបញ្ញាខ្ពង់ខ្ពស់ស្ទង់មិនដល់ ក៏មិនអាចពន្យល់សត្វលោកឲ្យយល់អស់បាន ល្មមតែព្រះអង្គឈប់ចង់នៅក្នុងលោកនេះទៀតមែន ។
គ្រូបោកនៅស្រុកខ្មែរ បើមើលតាមបច្ចេកទេសនៃការបោក គឺអន់ខ្លាំងណាស់ ឃើញថាជាការបោកនៅលើគោកៗ ប៉ុន្តែមនុស្សជឿច្រើនជាងអ្នកនិយាយការណ៍ពិតឆ្ងាយណាស់ ។

តាមវត្តព្រះពុទ្ធសាសនាមួយចំនួន ក៏ជាអ្នកចូលរួមធ្វើឲ្យប្រជាជនកាន់តែល្ងង់ទៅ ឆោតទៅៗ ដែលជាហេតុឲ្យគ្រូខូចបោកពុទ្ធបរិស័ទបានយ៉ាងងាយ ព្រោះប្រើតែវិធីសាស្ត្រ ដែលធ្វើឲ្យបរិស័ទរេចរឹលបញ្ញាអស់ ដូចជាស្រោចទឹក រំដោះគ្រោះ សូធ្យជ័យ ក្រុងពាលី បរចង្រៃជាដើម ។ សូមគិតឡើងវិញទៅមើល តើវិធីទាំងអស់នេះបានផ្តល់អ្វីដល់បរិស័ទ? តើពាក្យថា កម្ម ផល នៅឯណា? ខ្ញុំសូមនិយាយឲ្យលំបាកស្តាប់បន្តិចទៅចុះថា ពិធីទាំងអស់នេះ គឺប្រឆាំងព្រះពុទ្ធចំតួតែម្តង ។ សូម្បីតែធម៌សូត្រមន្ត អ្នកសូត្រដ៏ច្រើន មិនយល់ថា ធម៌ដែលខ្លួនកំពុងសូធ្យ មានន័យដូចម្តេចផង តើឲ្យអ្នកស្តាប់យល់ម្តេចនឹងកើត? ដូចជាធម៌ជយន្តោ ដែលគេនិយមចូលចិត្ត ព្រះពុទ្ធទ្រង់ចង់ប្រាប់ថា មង្គល សិរីសួស្តី កើតចេញពីកាយសុចរិត វចីសុចរិត និងមនោសុចរិត ប៉ុន្តែទាំងអ្នកសូធ្យនិងអ្នកស្តាប់ផ្តោតតែទៅលើទឹកមន្តទៅវិញ ។

ឲ្យប្រាប់ថា នរណាជាអ្នកបោកខ្លះ ខ្ញុំពិតជាប្រាប់មិនអស់ទេ ព្រោះថាអ្នកបោកនឹងចេញមកបោកជាបន្តបន្ទាប់ទៀត មិនចេះអស់ទេ ឲ្យតែមានមនុស្សឆោត គ្រាន់តែគេប្រើវិធីសាស្ត្រខុសគ្នាបន្តិចៗប៉ុណ្ណោះ ប៉ុន្តែបំណងមិនសូវខុសគ្នាទេ គឺរកស៊ី ។
បោកបាន ចេះតែបោកទៅ……….. ព្រោះមនុស្សត្រូវបោកមានច្រើនទៀត ។
ឆ្នាំងបាយរបស់គ្រូបោក គឺមនុស្សឆោត ។

ព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា

ព្រហស្បតិ៍ ២កើត មិគសិរ វក ២៥៦០ – ០១ ធ្នូ ២០១៦