ការឆបោកឬបន្លំដោយជញ្ជីង

ការឆបោក ឬបន្លំដោយជញ្ជីង មាន៤យ៉ាង គឺបន្លំដោយរូប១ បន្លំដោយអវយវៈ១ បន្លំដោយការកាន់យក១ បន្លំដោយការបិទបាំង១ ។

អធិប្បាយ

១-  បុគ្គលធ្វើជញ្ជីងពីរ មានរូបប៉ុនគ្នា ដូចគ្នា តែធ្ងន់ស្រាលជាងគ្នា វេលាទិញ ប្រើជញ្ជីងធ្ងន់ វេលាលក់ ប្រើជញ្ជីងស្រាល ហៅថា បន្លំដោយរូប គឺរូបជញ្ជីង ។

២- វេលាទិញ ថ្លឹងរបស់យកដៃសង្កត់ជញ្ជីងពីខាងក្រោយ វេលាលក់ យកដៃសង្កត់ជញ្ជីងពីខាងមុខ ហៅថាបន្លំដោយអវយវៈ

៣- វេលាទិញ ថ្លឹងរបស់កាន់ខ្សែជញ្ជីងខាងគល់ដង វេលាលក់ កាន់ខ្សែខាងចុងដង ហៅថា បន្លំដោយការកាន់យក

៤- ធ្វើដងជញ្ជីងឲ្យមានប្រហោងខាងក្នុង ហើយច្រកកម្ទេចដែកក្នុងប្រហោងនោះ វេលាទិញ ធ្វើឲ្យដែករត់មកខាងក្រោយ វេលាលក់ធ្វើឲ្យដែករត់មកខាងមុខ ហៅថា បន្លំដោយការបិទបាំង

៥- ធ្វើភាជន៍ដោយមាសសុទ្ធតែ១ ហើយធ្វើភាជន៍កាឡៃជាច្រើន ឲ្យមានពណ៌ប្រហែលគ្នា ហើយលក់យកថ្លៃស្មើគ្នានឹងមាស ហៅថា បន្លំដោយមាស

៦- វេលាទិញ ប្រើរង្វាល់ធំ វេលាលក់ ប្រើរង្វាល់តូច ហៅថា បន្លំដោយរង្វាល់

៧- វេលាបានសំណូក វាស់ដីស្រែចម្ការធំឲ្យទៅជាតូច វេលាមិនបានសំណូក វាស់ដីតូច ឲ្យទៅជាធំ ដើម្បីឲ្យចម្រើនពន្ធ ឬសួយ ហៅថា បន្លំដោយរង្វាស់

ប្រភព ៖ បិដកលេខ១៤ ទំព័រ១២

បញ្ចេញយោបល់ ៖