វម្មិកប្បញ្ហា

ពាក្យថា “វម្មិកៈ” នេះប្រែថា “ដំបូក” គឺសូត្រសម្ដែងអំពីរូបរាងកាយ ដោយយកដំបូកមកប្រៀបធៀប ។ ព្រះសូត្រនេះ ព្រះបរមសាស្ដាទ្រង់សម្ដែងក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ចំពោះកុមារកស្សបព្រាហ្មណ៍ ដូច្នេះថា ៖

១- អ្វីហ្ន៎ហៅថាដំបូក ?

២- អ្វីហុយផ្សែងក្នុងពេលយប់ ?

៣- អ្វីឆេះក្នុងពេលថ្ងៃ ?

៤- អ្នកណាជាព្រាហ្មណ៍ ?

៥- អ្នកណាជាសុមេធ ?

៦- អ្វីជាសស្ត្រា ?

៧- អ្វីជាការជីក ?

៨- អ្វីជាសន្ទះទ្វារកង់ ?

៩- អ្វីជាសត្វហ៊ីង ?

១០- អ្វីជាផ្លូវបែកជាពីរ ?

១១- អ្វីជាសំពត់តម្រងក្បុង ?

១២- អ្វីជាអណ្ដើក ?

១៣- អ្វីជាកាំបិតនិងជ្រុញ ?

១៤- អ្វីជាដុំសាច់ ?

១៥- អ្វីជានាគ ?

ប្រស្នាទាំង ១៥ នេះនឹងសូមលើកយកមួយម្ដង ៗ មកអធិប្បាយតទៅ ។

អ្វីហ្ន៎ហៅថា ដំបូក ?

កាយដែលប្រកបដោយមហាភូតរូប ៤ គឺ ដី ទឹក ភ្លើង ខ្យល់ បានឈ្មោះថា ដំបូក ។

អធិប្បាយ ៖ សភាវធម៌ដែលប្រកបដោយ “សង្ខតធម៌” គឺធម៌មានបច្ច័យប្រជុំតាក់តែងឲ្យកើតបានទៅជារូប មានសណ្ឋានទ្រង់ទ្រាយមានពណ៌សម្បុរដោយអំណាចធាតុ ៤ ទ្រទ្រង់ គឺ ៖

១- ធាតុដី

២- ធាតុទឹក

៣- ធាតុភ្លើង

៤- ធាតុខ្យល់ ។

ធាតុណាដែលមានលក្ខណៈរឹងប៉ឹងមាំមួនជាងគេ ធាតុនោះឈ្មោះថាបឋវីធាតុៗ នោះដែលជាខាងក្នុង ១៩ គឺ សក់ រោម ក្រចក ធ្មេញ ស្បែក សាច់ សរសៃ ឆ្អឹង ខួរក្នុងឆ្អឹង តម្រងបស្សាវ [១] បេះដូង ថ្លើម វាវ ក្រពះ សួត ពោះវៀនធំ ពោះវៀនតូច អាហារថ្មី អាហារចាស់ ។

ធាតុណាមានលក្ខណៈរាវជ្រួតជ្រាប ធាតុនោះឈ្មោះថា អាបោធាតុ ៗ នោះដែលជាខាងក្នុង ១២ គឺ ប្រមាត់ ស្លេស ខ្ទុះ ឈាម ញើស ខ្លាញ់ខាប់ ទឹកភ្នែក ខ្លាញ់រាវ ទឹកមាត់ ទឹកសំបោរ ទឹករំអិល ទឹកមូត្រ[២]  ។

ធាតុដែលមានលក្ខណៈក្ដៅ ធាតុនោះឈ្មោះថា តេជោធាតុ ៗ នោះដែលជាខាងក្នុង៤ គឺ ៖

១- ភើ្លងដែលញ៉ាំងកាយឲ្យក្ដៅ

២- ភ្លើងដែលញ៉ាំងកាយឲ្យទ្រុឌទ្រោម

៣- ភ្លើងញ៉ាំងកាយឲ្យក្រហល់ក្រហាយ

៤- ភ្លើងដែលដុតអាហារឲ្យរលួយ ។

ធាតុណាដែលមានលក្ខណៈបក់ទៅមកៗ ធាតុនោះឈ្មោះថា វាយោធាតុ ៗ នោះដែលជាខាងក្នុង ៦ គឺ ៖

១- ខ្យល់បក់ឡើងលើ

២- ខ្យល់បក់ចុះក្រោម

៣- ខ្យល់បក់ក្នុងពោះ

៤- ខ្យល់បក់ក្នុងពោះវៀន

៥- ខ្យល់បក់តាមរាងកាយ

៦- ខ្យល់បក់ដង្ហើមចេញចូល ។

បណ្ឌិតគប្បីកំណត់ពិចារណាកាយនេះឲ្យឃើញថា គ្រាន់តែជាធាតុ ៤ ប្រជុំគ្នាប៉ុណ្ណោះ មិនមែនជាយើងជាគេឡើយ យ៉ាងនេះហៅថាធាតុកម្មដ្ឋាន ។

ម្យ៉ាងទៀត គប្បីពិចារណាថា កាយនេះជារូបធម៌តែងប្រែប្រួលគ្រប់ឥរិយាបថទាំង ៤ គឺ ដេក ដើរ ឈរ អង្គុយ ភិក្ខុក្នុងសាសនានេះ កាលបើដេកក្ដី ដើរក្ដី ឈរក្ដី អង្គុយក្ដី ក៏គប្បីនឹងដឹងច្បាស់ថាអាត្មាអញ ដេក ដើរ ឈរ អង្គុយ យ៉ាងនេះហៅថា ការពិចារណាក្នុងឥរិយាបថ ។

ឬក៏ពិចារណាថា កាយនេះជាសាកអសុភ ៩ យ៉ាងគឺ ៖

១-  សាកអសុភដែលគេយកទៅចោលក្នុងព្រៃស្មសាននៅថ្មីៗចំនួន១ថ្ងៃឬ២ថ្ងៃដ៏មានសម្បុរខៀវហើមឡើង ប្រកបដោយខ្ទុះហូរចេញមកខាងក្រៅ ។

២-  សាកអសុភដែលមានសត្វរុយ ក្អែក ត្មាត ចោមចឹកស៊ីជាដើម

៣-  សាកអសុភនៅតែរាងឆ្អឹង មានសរសៃនឹងសាច់ឈាម

៤-  សាកអសុភ មានតែសរសៃនិងឆ្អឹងមានឈាមប្រឡាក់

៥-  សាកអសុភ មានត្រឹមតែសរសៃនិងឆ្អឹងឥតឈាមប្រឡាក់

៦-  សាកអសុភមានតែឆ្អឹងដាច់រាត់រាយខ្ចាត់ខ្ចាយពីគ្នា

៧-  សាកអសុភរាងឆ្អឹងមានសប្បុរស

៨-  សាកអសុភមានឆ្អឹងសល់នៅគរ ចំនួន ១ ឆ្នាំ

៩-  សាកអសុភនៅតែកម្ទេចឆ្អឹងល្អិតៗ

បណ្ឌិតគប្បីពិចារណាអសុភកម្មដ្ឋានទាំង ៩ យ៉ាងនេះ ដោយការប្រៀបធៀបឲ្យឃើញច្បាស់នូវកាយរបស់យើងថា ជារបស់ពុកផុយរលួយហ្មត់គ្មានខ្លឹមសារ ព្រោះមានសភាវៈមិនទៀងទាត់ឋិតថេរចិរកាល ហេតុនោះបានជាព្រះអង្គសម្ដែងថា “ត្រូវតែលះបង់នូវនិច្ចសញ្ញា[៣] សុខសញ្ញា[៤] អត្តសញ្ញា[៥]ចេញ ហើយគប្បីចម្រើននូវអនិច្ចសញ្ញា ទុក្ខសញ្ញា អនត្តសញ្ញា” ដោយសេចក្ដីសម្គាល់ថា “កាយជារបស់មិនទៀង ប្រកបដោយទុក្ខ[៦] មិនមែនជារបស់យើងទេតែងឈឺចាប់ ទ្រុឌទ្រោម ទុរន់ទុរា មានសេចក្ដីស្លាប់ជាទីបំផុត សមនឹងសុភាសិតថា ៖

ឯវំ  ជរា  ច  មច្ចុ  ច  អធិវត្តន្ដិ  បាណិនោ

ខត្តិយេ  ព្រាហ្មណេ  វេស្សេ  សុទ្ទេ  ចណ្ឌានបុក្កុសេ

ប្រែថា ៖ សេចក្ដីចាស់ជរា (ឈឺចាប់) និងសេចក្ដីស្លាប់ តែងគ្របសង្កត់សង្កិន (ញាំញី) នូវពពួកសត្វទាំងឡាយ (ក្នុងលោក) (ឥតមានរើសមុខឬយល់មុខ) ថាក្សត្រ ព្រាហ្មណ៍ អ្នកជំនួញ ពួកគូលីចណ្ឌាល អ្នកចាក់សំរាមយ៉ាងនេះ (ទេ) ។

ម្យ៉ាងទៀត បើត្រូវនឹងស្លាប់ហើយ ទោះបីរត់ពួនសម្ងំត្រាំត្រែងក្នុងភ្នំគ្រាំថ្ម ក៏នៅតែមិនរួចអំពីសេចក្ដីស្លាប់បានឡើយ ។ ដូចពុទ្ធភាសិតដែលព្រះអង្គទ្រង់សម្ដែងប្រារព្ធនឹងសក្កៈឈ្មោះសុប្បពុទ្ធថា ៖

ន  អន្តលិក្ខេ  ន  សមុទ្ទមជ្ឈេ

ន  បព្វតានំ  វិវរំ  បវិស្ស

ន  វិជ្ជតេ  សោ  ជគតិប្បទេសោ

យត្រដ្ឋិតំ  នប្បសហេយ្យ មច្ចុ

ប្រែថា (បើ) បុគ្គលចូលទៅក្នុងពពកក្ដី ចូលទៅក្នុងមហាសមុទ្រមានជម្រៅ ៨៤០០០យោជន៍ក្ដី ចូលទៅកាន់ចន្លោះឬញកនៃភ្នំក្ដីក៏មិនគប្បីរួចអំពីសេចក្ដីស្លាប់បានឡើយ ព្រោះរកប្រទេសលើផែនដីដែលសេចក្ដីស្លាប់មិនគប្បីបៀតបៀន នូវបុគ្គលបាននោះគ្មានទេ ។

អ្វីហុយផ្សែងក្នុងពេលយប់ ?

បុគ្គលប្រារព្ធប្រកបកិច្ចការងារក្នុងវេលាថ្ងៃ ហើយត្រិះរិះក្នុងវេលាយប់ បានឈ្មោះថា បង្ហុយផ្សែងក្នុងរាត្រី ។ ពាក្យថា ហុយផ្សែងក្នុងរាត្រីនេះ ជាឈ្មោះរបស់បំណង ដែលបានប៉ងទុកជាមូលហេតុ ព្រោះថាការងារដែលត្រូវធ្វើដោយកាយក្ដី វាចាក្ដី អាស្រ័យនឹងសេចក្ដីត្រិះរិះគិតគូរទុកជាមុន ត្រូវនឹងបុរាណភាសិតថា “មុននឹងគូរត្រូវគិត មុននឹងប្រព្រឹត្តត្រូវពិចារណា ។ កិច្ចការទាំងពួង ដែលធ្វើទៅលឿនមិនប៉ះទង្គិចនឹងឧបសគ្គណាមួយ ក៏ព្រោះតែសេចក្ដីត្រិះរិះជាដើម ។ គំនិតគឺចិត្តហ្នឹងឯងដែលជាម្ចាស់កាយវាចា តែងចាត់វិធានការគ្រប់ជំពូក ។

អ្វីឆេះក្នុងពេលថ្ងៃ ?

បុគ្គលត្រិះរិះក្នុងពេលយប់ ហើយប្រកបការងារក្នុងវេលាថ្ងៃ បានឈ្មោះថាឆេះក្នុងពេលថ្ងៃ ។

បុគ្គលត្រិះរិះជ្រើសការងារដែលត្រឹមត្រូវតាមផ្លូវពុទ្ធសាសនា រមែងទទួលផលប្រយោជន៍ ៣ យ៉ាង គឺ ៖

១- ប្រយោជន៍ក្នុងបច្ចុប្បន្ន

២- ប្រយោជន៍ក្នុងបរលោក

៣- ប្រយោជន៍ដ៏ឧត្ដមគឺព្រះនិព្វាន ។

ប្រយោជន៍ក្នុងបច្ចុប្បន្ន មាន ៤ យ៉ាង

១- ឧដ្ឋានសម្បទា  បរិបូណ៌ដោយការលះបង់នូវសេចក្ដីខ្ជិលច្រអូស ហើយក្រោកឡើងស្រវាស្រទេញចាប់ការងារឥតធុញទ្រាន់ គឺការស្វែងរកនូវភោគសម្បត្តិ ដែលមិនប្រកបដោយទោស[៧] មានកសិកម្មនិងពាណិជ្ជកម្ម ទៅតាមយថាពលំរបស់ខ្លួន ដើម្បីឲ្យកើតសេចក្ដីសុខចម្រើន មិនកំណត់កាលវេលាឬដាក់ធុរៈក្នុងកិច្ចការងារដែលត្រូវធ្វើ ។

២- អារក្ខសម្បទា  បរិបូណ៌ដោយការរក្សាថែទាំរៀបចំទុកដាក់ទ្រព្យសម្បត្តិ ដែលខ្លួនរកបានមកហើយ កុំឲ្យវិនាសខ្ចាត់ខ្ចាយអន្តរាយព្រោះល្បែងផ្សេងៗ មានល្បែងស្រីស្រាកញ្ឆាអាភៀន និងល្បែងភ្នាល់ជាដើម ល្បែងទាំងនេះជាផ្លូវនៃសេចក្ដីខ្ចាត់ភ្លាត់វិនាសបង់ ប្រាសចាកសុខភាព អនាម័យ ។

៣- កល្យាណមិត្តតា  ភាវៈជាអ្នកគប់រកកល្យាណមិត្រដែលមានកល្យាណកម្មប្រចាំក្នុងខន្ធសន្ដាន ទើបបានសេចក្ដីចម្រើនដោយលាភនិងយសសក្ដិឋានៈដ៏ខ្ពង់ខ្ពស់ ព្រោះការសេពគប់នឹងកល្យាណមិត្រនេះ អាចធ្វើមនុស្សឲ្យក្លាយពីហីនភាពទៅកាន់ឧត្ដមភាព ឲ្យឡើងពីមូឡ្ហភាពទៅកាន់បណ្ឌិតភាព ឲ្យឡើងពីទុក្ខភាពទៅកាន់សុខភាព ឲ្យឡើងពីអន្ធបុថុជ្ជនទៅកាន់កល្យាណបុថុជ្ជន ឲ្យឡើងពីកល្យាណបុថុជ្ជនទៅកាន់អរិយជន មានគុណសម្បត្តិសមត្ថភាពដ៏ថ្លៃថ្លាស្ថាពរបរិបូណ៌ដោយមហិទ្ធិឫទ្ធិជាភិយ្យោភាពតទៅ ។

៤- សមជីវិតា  ប្រកបការអាជីពចិញ្ចឹមជីវិតល្មមសមគួរដល់កម្លាំងទ្រព្យធនធានដែលខ្លួនមាន គឺថាកុំគប្បីចាយវាយភោគសម្បត្តិ​ឲ្យហួសហេតុខុសទំនង ។

អ្នកមានក្លាយទៅជាអ្នកក្រដោយហេតុ ៤ យ៉ាង [៨]

១- មិនខំប្រឹងរករបស់ដែលបាត់

២- មិនជួសជុលរបស់ចាស់

៣- ស៊ីផឹកចាយវាយទ្រព្យសម្បត្តិឥតកំណត់

៤- លើកមនុស្សទ្រុស្ដសីលឲ្យជាធំ ។

ឯប្រយោជន៍ក្នុងបច្ចុប្បន្នទាំង ៤ យ៉ាងដែលបុរសស្ត្រីរកបានមកប្រកបដោយធម៌ មិនឈ្មោះថា “តណ្ហា” ទេ បានជាថាដូច្នោះព្រោះពាក្យថា “តណ្ហា” នេះសំដៅយកមច្ឆេរចិត្តដែលអាចស្វិតនូវទ្រព្យសម្បត្តិមិនចែកចាយចំណាយធ្វើបុណ្យកុសល មានមិនជីកអណ្ដូង មិនលើកស្រះ មិនដាំដើមឈើ មិនសង់ស្ពាន មិនសាងផ្លូវថ្នល់ជាដើម ។ សេចក្ដីស្វិតស្វាញបែបនេះ ទើបឈ្មោះថា “តណ្ហា” ។

បុរសស្ត្រីណាដែលមានសេចក្ដីកំណាញ់កាញ់សម្បត្តិទុក ដូចរៀបរាប់មកនេះ ឈ្មោះថាជាបុគ្គលមានសេចក្ដីសុខតិច ដោយហេតុតែមិនបែងចែកសេចក្ដីសុខឲ្យដល់ អ្នកដទៃ ព្រោះតែសេចក្ដីកំណាញ់ដូច្នេះ សាធុជនគួរប្រព្រឹត្តធ្វើតាមពុទ្ធភាសិតក្នុងគម្ពីរធម្មបទ ខុទ្ទកនិកាយ ត្រង់បកិណ្ណកវគ្គ ថា ៖

មត្តាសុខបរិច្ចាគា  បស្សេ  ចេ  វិបុលំ  សុខំ

ចជេ  មត្តាសុខំ  ធីរោ  សម្បស្សំ  វិបុលំ  សុខំ

ប្រែថា បើបុគ្គលឃើញនូវសេចក្ដីសុខដ៏ធំទូលាយហើយ គប្បីលះបង់នូវសេចក្ដីសុខមានប្រមាណតិចចេញ អ្នកប្រាជ្ញកាលឃើញនូវសេចក្ដីសុខដ៏ទូលាយ តែងលះបង់សេចក្ដីសុខតូចតាចចោល ។

ការដែលលះបង់សេចក្ដីសុខដែលមានប្រមាណតិច ដើម្បីប្ដូរយកវិបុលសុខ គួរតែអនុវត្តធ្វើនូវប្រយោជន៍ក្នុងលោកខាងមុខតទៅទៀត ។

ប្រយោជន៍ក្នុងបរលោកមាន ៤ យ៉ាង

១- សទ្ធាសម្បទា  បរិបូណ៌ដោយសទ្ធា គឺការជឿជាក់ចំពោះគុណព្រះរតនត្រ័យ ដែលជាកែវដ៏វិសេសវិសាលត្រកាលជាងសវិញ្ញាណករតនៈនិងវិញ្ញាណករតនៈ ។ ក្នុងភពទាំងបី[៩] ឥតមានវត្ថុអ្វីសម្រាប់បំភ្លឺបានទេ លោកទាំងមូលដែលអាចនឹងភ្លឺស្វាងរុងរឿងកម្ចាត់អវិជ្ជាទៅបាន ក៏ព្រោះតែគុណព្រះរតនត្រ័យ ដ៏មានសិរីតេជានុភាព ។

សទ្ធានោះមាន ៤ យ៉ាងគឺ ៖

ក- កម្មស្សទ្ធា  ជឿកម្ម

ខ- វិបាកស្សទ្ធា ជឿផលរបស់កម្ម

គ- កម្មស្សកតាសទ្ធា  ជឿថាសត្វមានកម្មជារបស់ខ្លួន

ឃ- តថាគតពោធិស្សទ្ធា  ជឿបញ្ញាត្រាស់ដឹងរបស់ព្រះតថាគត ។

បើធ្វើល្អ ផលដែលហុចឲ្យមកវិញក៏ល្អ ធ្វើអាក្រក់ ផលដែលហុចឲ្យមកវិញក៏អាក្រក់ បើធ្វើនូវកម្មល្អផងអាក្រក់ផង ផលដែលហុចឲ្យមកវិញក៏បានទាំងអាក្រក់ទាំងល្អ ។ សមដូចសុភាសិតថា

យាទិសំ  លភតេ  ពីជំ  តាទិសំ  លភតេ  ផលំ កល្យាណការី  កល្យាណំ  បាបការី  ច  បាបកំ

ប្រែថា បុគ្គលសាបបណ្ដុះព្រោះពូជបែបណារមែងបានផលបែបនោះ បុគ្គលធ្វើនូវកម្មល្អតែងបានផលល្អ បុគ្គលធ្វើនូវអំពើអាក្រក់តែងបានផលអាក្រក់” ។

លក្ខណៈរបស់សទ្ធាមាន ៤ យ៉ាងគឺ

ក- សទ្ធាមានសេចក្ដីជឿជាលក្ខណៈ

ខ- សទ្ធាមានសេចក្ដីជ្រះថ្លាជាលក្ខណៈ

គ- សទ្ធាមានកិរិយាលឿនទៅ ឬស្ទុះស្ទាទៅជាលក្ខណៈ

ឃ- សទ្ធាមានកិរិយាតាំងមាំ ក្នុងវត្ថុដែលគួរជឿជាលក្ខណៈ ។

លក្ខណៈទាំង ៤ យ៉ាងនេះ ជាគ្រឿងសម្គាល់សទ្ធា ឲ្យដឹងថាជឿឬមិនជឿ ជ្រះថ្លាឬមិនជ្រះថ្លា មានកម្លាំងអាចស្ទុះស្ទាលឿនទៅដែរឬគ្មាន មានកិរិយាតាំងមាំស៊ប់សួនក្នុងវត្ថុដែរឬគ្មាន យ៉ាងនេះហៅថា ប្រដាប់សម្រាប់សង្កេតឲ្យចំណាំចាំជាក់នូវសទ្ធា ។

ម្យ៉ាងទៀត សទ្ធានេះអាចឆ្លងនូវអន្លង់បានដោយពិត ដូចសុភាសិតថា សទ្ធាយ  តរតិ  ឱឃំ  គេឆ្លងនៅអន្លង់ ដោយសទ្ធា ។

អន្លង់ ៤  យ៉ាងគឺ

ក- អន្លង់គឺកាមគុណប្រាំ

ខ- អន្លង់គឺភព

គ- អន្លង់គឺទិដ្ឋិ

ឃ- អន្លង់គឺអវិជ្ជា ។

២- សីលសម្បទា  បរិបូណ៌ដោយការរក្សាសីល ។ សីលនោះ សម្រាប់គ្រហស្ថបានដល់និច្ចសីល គឺសីលដែលបុរសស្ត្រីរក្សាជានិច្ចមិនកំណត់កាលវេលា និងកុសលកម្មបថ ១០ ប្រការ

៣- ចាគសម្បទា  បរិបូណ៌ដោយការបរិច្ចាគទ្រព្យសម្បត្តិចាត់ចែងធ្វើបុញ្ញកម្ម មានកសាងកុដិ សាលា វិហារ ជីកអណ្ដូង លើកស្រះ សង់ស្ពាន សាងផ្លូវថ្នល់ សង់មន្ទីរពេទ្យសម្រាប់ព្យាបាលរោគជាដើម ។

៤- បញ្ញាសម្បទា  បរិបូណ៌ដោយប្រាជ្ញាការឆ្លៀវឆ្លាសវាងវៃក្នុងកុសលធម៌ទាំងពួង ឬក៏ចាក់ឆ្លុះចំពោះនូវបរមត្ថសច្ចៈ ។

អ្នកណាជាព្រាហ្មណ៍ ?

ព្រះតថាគតជាអរហន្តសម្មាសម្ពុទ្ធ ដែលប្រកបដោយមហាបុរិសលក្ខណៈទាំង ៣២ ប្រការ[៩]ហៅថាព្រាហ្មណ៍ ។

អ្នកណាជាសុមេធៈ ?

ភិក្ខុជាសេក្ខបុគ្គលអ្នកប្រកបក្នុងការរៀនមាន ៧ ចំពូក មានសោតាបត្តិមគ្គជាដើម មានអរហត្តមគ្គជាបរិយោសាន ហៅថាសុមេធ ។

អ្វីជាសស្ត្រា ?

ប្រាជ្ញាដ៏ប្រសើរ ហៅថា សស្ត្រា ។ បញ្ញានេះមានច្រើនប្រភេទណាស់ តែក្នុងទីនេះសូមដកស្រង់យកបញ្ញា ៤ យ៉ាងគឺ ៖

១- ទុក្ខេ  ញាណំ  ប្រាជ្ញាដឹងទុក្ខទាំង ១២ កង មានជាតិទុក្ខជាដើម មានយម្បិច្ឆំ ន លភតិ តម្បិទុក្ខ ជាទីបំផុត ។ ក៏ប៉ុន្តែទុក្ខទាំងអស់នេះបើប្រមូលឲ្យខ្លីចុះមកមានត្រឹមតែ ៥ យ៉ាងប៉ុណ្ណោះគឺរូបបាទានក្ខន្ធ ១ វេទនូបាទានក្ខន្ធ ១ សញ្ញូបាទានក្ខន្ធ ១ សង្ខារូបាទានក្ខន្ធ ១ វិញ្ញាណូបាទានក្ខន្ធ ១ ។

ព្រះសយម្ភូញាណ ទ្រង់សម្ដែងថា “បើនៅមានខន្ធដរាបណាដរាបនោះឈ្មោះថាប្រកបដោយទុក្ខ” បើមិនមានខន្ធទេ សេចក្ដីយំសោកបោកប្រាណទុក្ខទោមនស្សក៏មិនមានដែរ យ៉ាងនេះហៅថាបញ្ញាដឹងក្នុងកងទុក្ខ ។

២- ទុក្ខសមុទយេ  ញាណំ  ប្រាជ្ញាដឹងក្នុងហេតុដែលនាំបណ្ដាលឲ្យកើតទុក្ខ មកពីតណ្ហាទាំង ៣ ឬ ១០៨ ។

៣- ទុក្ខនិរោធេ ញាណំ បញ្ញាដឹងនូវកន្លែងរម្លត់ទុក្ខ គឺព្រះនិព្វាន ។

៤- ទុក្ខនិរោធគាមិនិយា  បដិបទាយ  ញាណំ  ប្រជ្ញាដឹងនូវផ្លូវប្រតិបត្តិទៅកាន់សេចក្ដីរម្លត់ទុក្ខទាំង ១២ កង ។

អ្វីជាការជីក ?

សេចក្ដីព្យាយាមឈ្មោះថាជាការជីក ពាក្យថា ព្យាយាមនេះគឺព្យាយាមញ៉ាំងសាធារណៈប្រយោជន៍ ទាំងបច្ចុប្បន្ននិងបរលោកឲ្យកើតមានដល់ខ្លួននិងអ្នកដទៃ ។

អ្វីជាសន្ទះទ្វារកង់ ?

សេចក្ដីងងឹតងងល់ឆ្ងល់ឈ្ងប់ពុំដឹងច្បាប់នូវសច្ចធម៌ទាំង ៤ ហៅថាគន្លឹះដែក ឬសន្ទះទ្វារកង់ ។

កង់ដែលវិលលឿនទៅមិនបាន ចេះតែរឹងគាំងនោះ ព្រោះតែគន្លឹះដែកឬរនុកដែកចូលទៅរាំងបិទផ្លូវកង់មិនឲ្យវិល យ៉ាងណា ពពួកសត្វក្នុងលោកដែលប្រកបដោយអវិជ្ជាក៏យ៉ាងនោះដែរ ។

អ្វីជាសត្វហីង ?

សេចក្ដីក្រោធខឹងប៉ោងឡើង ឈ្មោះថា សត្វហីង ។ សេចក្ដីក្រោធខឹងនេះជាឈ្មោះរបស់ទោសធម៌ ឬធម៌ឈ្នួន ធម៌ម្សេវ ហេតុនោះហើយបានជាព្រះអង្គទ្រង់សម្ដែងអំពីខន្តីធម៌ ជាតបធម៌មួយសម្រាប់ដុតកម្ដៅបំបាត់បង់ នូវសេចក្ដីក្រោធពិរោធ បើយើងចង់ឈ្នះសេចក្ដីក្រោធត្រូវតែកុំក្រោធខឹងតប ។

អ្វីជាផ្លូវបែកជាពីរ ?

សេចក្ដីសង្ស័យដែលបែកកន្ធែកចិត្តជាពីរផ្នែក ឈ្មោះថាផ្លូវបែកជាពីរ ។ ការដែលសង្ស័យមិនដាច់ស្រេចនិងសម្រេចទៅមិនបានយ៉ាងនេះ មិនអាចនឹងរកសេចក្ដីសុខចម្រើនបានទេ ព្រោះរវល់តែនឹងសេចក្ដីសង្ស័យរកទីបំផុតមិនមាន ។

អ្វីជាសំពត់តម្រងក្បុង ?

នីវរណធម៌ ៥ ជាគ្រឿងផង់ល្អិតហ្មត់ បានឈ្មោះថាតម្រងក្បុង ។

អ្វីជាអណ្ដើក ?

សេចក្ដីប្រកាន់ក្នុងឧបាទានក្ខន្ធទាំង ៥ ហៅថា សត្វអណ្ដើក ។

អ្វីជាកាំបិតនិងជ្រញ់ ?

កាមគុណទាំង ៥ ដែលអាស្រ័យគ្នាទៅវិញទៅមកគឺរូប អាស្រ័យនឹងភ្នែកជាដើម ហៅថា កាំបិតនិងជ្រញ់ ។

អ្វីជាដុំសាច់ ?

សេចក្ដីតម្រេកត្រេកត្រអាលស្រើបស្រាលចំពោះកាមគុណ ឈ្មោះថា ដុំសាច់ ។

អ្វីជានាគ ?

ព្រះខីណាស្រពដែលលោកលះបង់នូវអាសវៈអស់ពីខន្ធសន្ដានឥតជាប់ជំពាក់ ហៅថា នាគ ។

ហេតុនេះគ្រហស្ថទាំងឡាយក្ដី បព្វជិតក្ដី ដែលបានមើលឬបានរៀននូវវម្មិកប្បញ្ហានេះ សូមឲ្យសម្រេចតាមបំណងកុំបីឃ្លាតឡើយ ។

វិម្មកប្បញ្ហា ប្រស្នា ទាំង ១៥ ដែលបានសម្ដែងមកប៉ុណ្ណេះ សន្មតថាចប់ដោយសង្ខេប ។

សាសនារុងរឿងដោយបរិស័ទ

សច្ចធម៌  នៅបវរ  ឋិតគត់មត់

មិនរលត់  មិនរលុប  បាត់បង់ទៅ

ដោយបរិស័ទ  ទាំង ៤ ទិស  ឲ្យតាំងនៅ

កាន់ត្រឹមត្រូវ  មិនខុសផ្លូវ  ពីឱវាទ ។

ដែលវិនាស  ឬខ្ចាត់ខ្ចាយ  អន្តរាយបង់

នេះក៏លង់  ក្នុងបរិស័ទ  កាន់មិនស្អាត

ទាំងចម្រើន  ឬវិនាស  ពាក្យឱវាទ

ពុទ្ធោវាទ ក៏បរិស័ទ  ទាំង ៤ ដែរ ។

[១]– តម្រងបស្សាវៈនេះ បាលីថា វក្កំ ដែលធ្លាប់ប្រែមកថា ទាច, តែបើតាមសេចក្ដីពិតគិតតម្រងបស្សាវៈទេ ទាចនោះជាឈ្មោះរបស់រោគទេតើ ។
[២]– ក្នុងសូត្រដទៃៗអាការនោះមានត្រឹមតែ ៣១ ប៉ុណ្ណោះ, តែអដ្ឋកថាឃើញមានមន្ថែម មត្ថកេ មត្ថលដ្គំ (ខួរក្នុងក្បាល) ដូច្នេះទើបគ្រប់ជា អាការ ៣២ ។
[៣]– សេចក្ដីសម្គាល់ថាទៀង  ។
[៤]– ថាសុខ
[៥]–  ថាខ្លួន
[៦]– បានដល់ទុក្ខទាំង ១២ កងមានជាតិទុក្ខជាដើម មានយម្បិច្ឆំ ន លភតិ តម្បិទុក្ខ ជាអវសាន ។
[៧]– វៀរចាកបញ្ចវេរា ។
[៨]– មាននៅក្នុងគម្ពីរអង្គុត្តរនិកាយ ចតុក្កនិបាត ។
[៨]– គឺកាមភព, រូបភព, អរូបភព ។
[៩]– ចូរមើលលក្ខណៈសូត្រ ទីឃនីកាយ បាដិកវគ្គ និងព្រហ្មយុសូត្រ មជ្ឈិមនិកាយ មជ្ឈិមបណ្ណាសកឯណោះ ។

ព្រះមហា ច័ន្ទ-ហុង
វត្តបល្ល័ង្ក ឃុំពង្រ ស្រុករលាប្អៀរ ខែត្រកំពង់ឆ្នាំង
រៀបរៀង

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៦៣

បញ្ចេញយោបល់ ៖