ប្រយោជន៍​នៃពុទ្ធសាសនា

សាសនាទាំងអស់ក្នុងសកលលោក សុទ្ធតែមានបញ្ញត្តិ មានទ្រឹស្ដី មានអត្ថបទសម្រាប់ពន្យល់ដឹកនាំប្រៀនប្រដៅមនុស្ស ដើម្បីប្រយោជន៍ឲ្យគ្រាន់តែមនុស្សជឿជាប់ចិត្តបាក់ផ្នត់ ទៅជាទំនៀមទម្លាប់ដោយឥតហេតុផលក៏មាន ប៉ុន្តែក្នុងទីនេះ យើងអ្នកនិពន្ធមិនមានបំណងអធិប្បាយអំពីប្រយោជន៍របស់សាសនាដទៃទេ សូមអធិប្បាយចំពោះតែប្រយោជន៍នៃព្រះពុទ្ធសាសនាក្នុងប្រទេសកម្ពុជាយើងប៉ុណ្ណោះ ដូចសេចក្ដីតទៅនេះ ៖

វិជ្ជានៃពុទ្ធសាសនា ជាវិជ្ជាដែលមានគុណភាពមានតម្លៃ គួរអ្នកសិក្សាចំណាយពេលវេលា ដើម្បីសិក្សាគម្ពីរព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋខ្មែរយើងឲ្យយល់គោលបំណងរបស់ព្រះពុទ្ធ និងលោកអ្នកប្រាជ្ញក្នុងសម័យជាន់មុនផង ដើម្បីស្គាល់ច្បាស់នូវប្រយោជន៍របស់សាសនាក្នុងបច្ចុប្បន្ននិងបរលោកផង ព្រោះថាសាសនាទាំងអស់ សុទ្ធតែមានទ្រឹស្ដីសម្រាប់ប្រៀនប្រដៅមនុស្ស ឲ្យចុះចូលជឿតាមឱវាទរបស់គ្រូអ្នកប្រៀនប្រដៅ ។ សាសនាខ្លះមានប្រយោជន៍ច្រើន សាសនាខ្លះពុំសូវមានប្រយោជន៍ ប៉ុន្តែទុកជាយ៉ាងណាក៏ដោយ យើងគួរតែសិក្សាឲ្យស្គាល់មូលហេតុនៃសាសនានោះៗ ដើម្បីជាគ្រឿងស្ទាបស្ទង់ប្ដូរយោបល់អំពីសាសនា សម្រាប់លាតត្រដាង ទុកជាមេគំនិតក្នុងការពិចារណាមើលឲ្យកើតសតិបញ្ញាបរិបូណ៌ សម្រាប់ឋានៈនៃខ្លួនយើងជាបុរសស្ត្រីអ្នកសិក្សា ។ យើងអ្នកសិក្សា ដោយការមើលសាសនាច្រើន ដោយការពិនិត្យពិចារណាច្រើន អាចឃើញប្រយោជន៍នៃព្រះពុទ្ធសាសនាច្រើនយ៉ាង ប៉ុន្តែក្នុងទីនេះ សូមអធិប្បាយដោយសង្ខេបតាមយោបល់ ដូចដំណើរសេចក្ដីដែលត្រូវវែកញែកតទៅនេះ ៖

១- ព្រះពុទ្ធសាសនាជាផ្លូវនៃសន្តិភាព

ព្រះពុទ្ធសាសនាសម្បូណ៌ដោយសីលធម៌និងប្រពៃណីដ៏ល្អដែលគួរប្រតិបត្តិតាម ជាផ្លូវដើម្បីឲ្យកើតប្រាជ្ញាភ្លឺថ្លាឃើញធម៌រម្លត់ទុក្ខ នាំសេចក្ដីសុខមកឲ្យដល់មនុស្សអ្នកប្រតិបត្តិ ទុកដូចជាដួងប្រទីបមួយដ៏ធំក្នុងលោក សម្រាប់ទ្រោលបំភ្លឺមនុស្សលោកឲ្យឃើញផ្លូវប្រតិបត្តិ ដើរកាត់តម្រង់ទៅរកសន្តិសុខទាំងក្នុងបច្ចុប្បន្ននិងបរលោក ជាសាសនាលូករាវរកឃើញឫសគល់កិលេសមានលោភៈជាដើម ឃើញមគ្គផលនិព្វានបាន ។ ព្រះពុទ្ធសាសនាមានគុណភាពប្រកបដោយប្រយោជន៍ជាច្រើនយ៉ាង ដូចយ៉ាងការរីកចម្រើនឈានលឿនទៅមុខរបស់មនុស្សលោក ក៏ច្រើនតែកើតមកអំពីព្រះពុទ្ធសាសនាជាអ្នកចង្អុលប្រាប់ជាដំបូង សូម្បីវេជ្ជសាស្ត្រនិងវិទ្យាសាស្ត្រដែលរាប់ថាជាវិជ្ជាសម័យថ្មី ក៏ច្រើនតែកើតមកអំពីទ្រឹស្ដីពុទ្ធសាសនាដែលអ្នកប្រាជ្ញចម្លងផ្ដិតយករបៀបទុកជាមេគំនិត ។

គ្រប់ប្រទេសទាំងអស់ ច្រើនតែទទួលដឹងថា សេចក្ដីចម្រើនក្នុងសិល្បវិទ្យានិងសន្តិភាពនៃសង្គមមនុស្ស បានទទួលកំណើតអំពីពុទ្ធសាសនាដោយពិត ។ អ្នកប្រាជ្ញប្រវត្តិសាស្ត្រប្រទេសជប៉ុន បាន “ព្រះពុទ្ធសាសនា ជាសាសនានាំសេចក្ដីចម្រើនមកប្រគល់ឲ្យប្រទេសជប៉ុន ព្រះពុទ្ធសាសនាបានបើកទ្វារប្រទេសជប៉ុនដោយទ្រឹស្ដីមុនដំបូងបង្អស់ ឲ្យប្រទេសជប៉ុនទទួលសុខសន្តិភាពឈមមុខទៅរកសេចក្ដីចម្រើន មានកិត្តិសព្ទមុនគេក្នុងចំណោមមជាតិភ្នែកខ្មៅ ព្រោះហេតុនោះ យើងជាជាតិជប៉ុន នៅចុងប៉ូចបូព៌ាប្រទេស គួរណាស់តែសើរើសិក្សាអនុវត្តព្រះពុទ្ធសាសនាដោយគោរពមិនត្រូវធ្វេសប្រហែស” ។ បើជាមនុស្សក្នុងសកលលោកព្រមព្រៀងគ្នាកាន់ព្រះពុទ្ធសាសនាឲ្យត្រឹមត្រូវដិតដល់គ្រប់គ្នាទាំងអស់ ប្រាកដជាបានសន្តិភាពដោយពិតពុំខាន ។

២- ព្រះពុទ្ធសាសនា ជាឃ្លាំងនៃការសិក្សា

ការសិក្សាពុទ្ធសាសនាគ្មានបំណងខាងសម្ភារនិយម ដូចវិជ្ជាបច្ចេកទេសក្នុងផ្លូវលោក ដែលទាក់ទងដោយគ្រឿងសស្ត្រាវុធទេ គឺមានគោលដៅចំពោះតែខាងចិត្តនិយម ។ ប្រទេសកម្ពុជារបស់យើង ដែលបានទទួលគម្ពីរច្បាប់ព្រះពុទ្ធសាសនាមកសិក្សាឲ្យមានការចេះដឹង ក្នុងផ្លូវលទ្ធិសាសនាក្ដី ក្នុងផ្លូវអក្សរសាស្ត្រក្ដី ច្រើនតែកើតអំពីវត្តអារាមរបស់ព្រះពុទ្ធសាសនាជាដំបូង ឃើញថា ការសិក្សារបស់ខ្មែរឋិតនៅក្នុងឃ្លាំងគឺព្រះពុទ្ធសាសនាដែរ ទោះបីមានវិន័យហាមមិនឲ្យបព្វជិតធ្វើពេទ្យមើលជំងឺ ក៏ហាមបានដោយក្រណាស់ ដោយហេតុបព្វជិតមើលជំងឺឲ្យទទេៗ មិនបាច់យកថ្លៃ ។

៣- វត្តអារាមជាសភានៃមហាជន

ការប្រជុំគ្នាដើម្បីសន្ទនាពីធម៌អាថ៌ ឬពីព្រឹត្តិការណ៍ណាមួយ តាមសេចក្ដីចេះដឹងក្នុងសម័យនិយមនោះៗ ក៏ត្រូវតែធ្វើក្នុងវត្តអារាម មួយទៀត វត្តអារាមទុកជារោងហត្ថកម្មរបស់ការជាង មានការជាងឈើ ការកសាងសាលាវិហារជាដើម ។ ប្រភពនៃសេចក្ដីចម្រើនរបស់ប្រទេសយើង ដែលមានឈ្មោះជាប់មកថា ជាប្រទេសមានអក្សរសាស្ត្រ មានបុរាណវត្ថុជាកេរដំណែល មានប្រជាជាតិជាម្ចាស់ប្រទេស មានព្រះមហាក្សត្រសោយរាជ្យ ក៏ដោយអំណាចគុណនៃព្រះពុទ្ធសាសនា ឬថាព្រះពុទ្ធសាសនាទុកជាមន្ទីរសម្រាប់តាំងទុកឯកសារប្រជុំវប្បធម៌ខាងផ្នែកអក្សរសាស្ត្រ ប្រវត្តិសាស្ត្រនិងសីលហត្ថកម្មជាដើមរបស់ជាតិ ឲ្យជាតិមានជីវិតរស់នៅរហូតមក រួមសេចក្ដីថា “ព្រះពុទ្ធសាសនាមានវត្តនេះហើយ ជាទីមហាសន្និបាតរបស់អ្នកស្រុក” ។

៤- វត្តអារាមជាសាលារៀន 

យើងបានឃើញជាក់ច្បាស់ហើយថា វត្តអារាមកាលដែលប្រទេសយើង មិនទាន់មានសាលារៀនអក្សរសាស្ត្រ ខាងក្រៅវត្តតាមផ្លូវការនៅឡើយ មានតែវត្តអារាមហ្នឹងឯងជាសាលារៀន កាលដែលមិនទាន់មានមន្ទីរពេទ្យព្យាបាលរោគ មានតែវត្តអារាមជាមន្ទីរពេទ្យ សម្រាប់មើលជំងឺនៃមហាជន មិនត្រឹមតែមើលជំងឺក្នុងកាលប៉ុណ្ណោះទេ គឺមើលជំងឺក្នុងចិត្តផងថែមទៀត ព្រោះថា ការកើតទុក្ខព្រួយបារម្ភក្នុងផ្លូវចិត្តនេះ ចាត់ជារោគមួយយ៉ាងចំណាស់ វត្តអារាមនៃពុទ្ធសាសនាឈ្មោះថាជាកន្លែងសម្រាប់រម្ងាប់រោគកាយ – ចិត្តរបស់ពុទ្ធបរិស័ទជើងវត្តដែលមានទុក្ខឲ្យធូរស្រាលឲ្យជាសះស្បើយទៅ ។

៥- វត្តអារាមជាកន្លែងអាហារូបករណ៍

រាជធានីភ្នំពេញមានវត្តឧណ្ណាលោម វត្តលង្កា វត្តបទុមវតីជាដើម ជាវត្តទទួលបន្ទុកនៃភិក្ខុ – សាមណេរ និងក្មេងតូចធំបានច្រើនណាស់ ។ វត្តនីមួយ ៗ មានភិក្ខុ សាមណេរនិងក្មេងដែលចេញស្វះពន្លះ អំពីស្រុក – ខេត្តផ្សេង ៗ មកសម្នាក់អាស្រ័យនៅ ដើម្បីសិក្សារៀនសូត្រយកចំណេះវិជ្ជា ព្រោះថា ក្រុងភ្នពេញជាទីប្រជុំធំនៃវិជ្ជា សម្បូណ៌ដោយការសិក្សាជាងទីឯទៀត ។ ពួកភិក្ខុដែលមកនៅក្នុងវត្តទាំងនោះបានយូរឆ្នាំ ទាំងមានសមត្ថភាពគ្រាន់បើ ហើយបានធ្វើជាមេកុដិ មេក្រុម នៃវត្តនីមួយៗ អាចទទួលចិញ្ចឹមភិក្ខុ សាមណេរនិងក្មេងឲ្យនៅរៀនសូត្រ ទាល់តែសម្រេច អាចទទួលលទ្ធផលនៃការសិក្សាបាន ។ ពួកក្មេងដែលមកនៅអាស្រ័យជ្រកកោនក្នុងវត្តជាមួយនឹងព្រះសង្ឃនោះ សុទ្ធតែជាកូនអ្នកស្រែចម្ការក្រទ័លទ្រព្យសម្បត្តិ ។ គួរឲ្យអណោចអធ័ម អាណិត ឬអាសូរពួកក្មេងកម្សត់ទាំងនេះពន់ពេក បើកុំតែមានវត្តព្រះពុទ្ធសាសនាជាកន្លែងអាហារូបករណ៍ ប្រហែលជាក្មេងកម្សត់ទាំងនោះមិនបានទទួលរស្មីការសិក្សាដូចកូនអ្នកមានទ្រព្យទេ ប្រែសេចក្ដីឲ្យច្បាស់ថា “កូនអ្នកក្រីក្ររស់នៅដោយសារបាយវត្ត” ខំទ្រាំទ្រនៅបំពេញការសិក្សាទាំងរហេមរហាមទាល់តែសម្រេចផលនៃការសិក្សា អាចឡើងឋានៈទៅជាអ្នកមានជីវភាពខ្ពង់ខ្ពស់ តាមសមគួរដល់សមត្ថភាពរបស់ខ្លួនបាន ។ ចំណែកខាងកូនអស់លោកឥស្សរជន ឬកូនគហបតី គេមិនបាច់ត្រូវការឲ្យមកជ្រកកោននៅអាស្រ័យក្នុងវត្តឡើយ ។

កូនចៅរបស់អ្នកក្រីក្រ បានទទួលសេចក្ដីសង្គ្រោះអំពីបព្វជិតពុទ្ធសាសនិកក្នុងឆ្នាំនីមួយៗ បានច្រើននាក់ណាស់ ដូចយ៉ាងវត្តធំៗ មានក្មេងចំនួនពី ៣០០ ដល់ ៤០០ នាក់ ។ ចំនួនពួកក្មេងទាំងប៉ុណ្ណោះ បើជារដ្ឋាភិបាលទទួលយកទៅចិញ្ចឹមនោះ ខាតបង់ប្រាក់ថវិកាជាតិមិនមែនតិចទេ ក្នុងមួយឆ្នាំៗ ។ ក្មេងទាំងនេះ ឈ្មោះថារស់នៅដោយអាស្រ័យនឹងម្លប់ព្រះពុទ្ធសាសនា ហើយខំតស៊ូខំប្រឹងសិក្សា ទាល់តែបានលទ្ធផលនៃការសិក្សារបស់ខ្លួន ។ ក្នុងករណីនេះ ឃើញថា ព្រះពុទ្ធសាសនានៅប្រទេសកម្ពុជាយើង មានប្រយោជន៍ធំទូលាយអាចជួយសង្គ្រោះទំនុកបម្រុងដល់ប្រទេសជាតិបាន គឺថាព្រះពុទ្ធសាសនាទុកដូចជាកន្លែងអាហារូបករណ៍មួយដ៏ប្រសើរ របស់ពួកក្មេងអ្នកក្រីក្រ អាចចិញ្ចឹមជីវិតមនុស្សក្រទ័ល ដែលមិនមានលំនៅសម្រាប់ជ្រកកោននិងអាហារបរិភោគ ។ វត្តពុទ្ធសាសនាឈ្មោះថា បានជួយសម្រាលភារៈនៃរដ្ឋាភិបាល  ឲ្យធូរស្រាលបានច្រើនណាស់ ។

៦- វត្តអារាមគាំទ្រទាំងផ្លូវធម៌ទាំងផ្លូវលោក

លោកគ្រូចៅអធិការឬគ្រូសូត្រជាដើមក្នុងវត្តនីមួយៗ ដែលភ្ញាក់ខ្លួនដោយការសិក្សាធម្មវិន័យ បានយល់ផ្លូវសិក្សាតាមសម័យនិយមទៀត ។ ការសិក្សាច្បាប់ព្រះពុទ្ធសាសនារបស់បព្វជិតពុទ្ធសាសនិកនោះ ជាកម្លាំងមួយដែលនាំឲ្យមានប្រាជ្ញាស្មារតី​បរិបូណ៌ ក្នុងផ្លូវធម៌ផង ផ្លូវលោកផង គឺថាការសិក្សានោះអាចជួយឲ្យមានមធ្យោបាយ ជួយឲ្យមានយោបល់ល្អ ជួយឲ្យមានឧត្តមគតិ មានសមត្ថភាពដល់ខ្លួន ដល់ពួកឧបាសកជើងវត្តដែលជាអ្នកសិក្សា អាចដឹកនាំចិត្តឲ្យមានសទ្ធាជ្រះថ្លាក្នុងការកសាងសេនាសនៈ សម្រាប់បម្រើ​ព្រះពុទ្ធសាសនាផង បម្រើប្រទេសជាតិផង ។ ដូចយ៉ាងសាលាសិក្សាអក្សរសាស្ត្រមានសាលាបឋមសិក្សាជាដើម ដែលកើតមានព្រោងព្រាត ក្នុងស្រុក – ខេត្តផ្សេងៗ មានខេត្តកណ្ដាល តាកែវ ស្វាយរៀងជាដើម ច្រើនតែកើតអំពីចំហាយនៃការសិក្សាព្រះពុទ្ធសាសនាជាដើមអាទិ៍ គឺថាសាលាសិក្សាទាំងនោះកើតឡើងបានដោយសារស្នាដៃព្រះសង្ឃ មានលោកគ្រូចៅអធិការ ឬគ្រូសូត្រជាដើម ណែនាំពួកគ្រហស្ថជើងវត្តឲ្យកសាងដោយឥតមើលបំណាំរដ្ឋាភិបាលឡើយ លុះកសាងហើយ ជូនប្រគល់សាលាសិក្សានេះដល់រដ្ឋាភិបាល ដើម្បីឲ្យរាជការចាត់ចែងរកគ្រូបង្រៀនតាមផ្លូវការតទៅដែលអាចគាំពាររដ្ឋាភិបាល ជួយកម្លាំងឲ្យរដ្ឋាភិបាលចំណេញថរិកាជាតិបានច្រើនណាស់ ។

ដំណើរនេះសឲ្យឃើញថា “សាសនា កាលបើបុគ្គលណាមួយបានទទួលការអប់រំសិក្សាល្អហើយ អាចនាំឲ្យឆ្លុះឃើញសារប្រយោជន៍ក្នុងផ្លូវធម៌ផង ផ្លូវលោកផង” ។ ព្រះពុទ្ធសាសនាឈ្មោះថាជាសាសនាមួយជួយមហាជនប្រទេសកម្ពុជា ឲ្យចេះស្រឡាញ់ប្រទេសជាតិរបស់ខ្លួនបានដោយបរិបូណ៌ ជាសាសនាមានទ្រឹស្ដីល្អ អាចជួយសាងសាមគ្គីរបស់ជាតិឲ្យមានវឌ្ឍនធម៌ ឲ្យមានការគោរពជាតិ លើកតម្កើងជាតិ ។

៧- វត្តអារាមជាកន្លែងវប្បធម៌ជាតិ

អក្សរសាស្ត្ររបស់ជាតិ បើកុំតែបានវត្តអារាម ប្រហែលជាសាបសូន្យអស់ទៅហើយ ។

ហេតុអ្វីក៏ពោលដូច្នេះ កាលប្រទេសយើងស្ថិតនៅក្រោមអំណាចអាណាព្យាបាលបរទេស គេប្រើភាសាខ្មែរគ្រាន់តែបង្គ្រប់ប៉ុណ្ណោះ ក្នុងសាលារៀន មានបង្រៀនដែរ តែមានសភាពស្ដួចស្ដើងណាស់ នៅតាមក្រសួងរាជការនានា ប្រើសុទ្ធតែភាសាបរទេស លើកលែងតែក្រសួងយុត្តិធម៌ចេញ ជាក្រសួងដែលមានប្រើភាសាខ្មែរ ដោយភាគច្រើនបន្តិច ។ ចុះហេតុអ្វីក៏ភាសាខ្មែរ អក្សរសាស្ត្រខ្មែរ វប្បធម៌ខ្មែរមានអាយុរហូតមកដល់សព្វថ្ងៃនេះ ? ព្រោះមានវត្តអារាមជាកន្លែងចិញ្ចឹមទុកឲ្យមានជីវិតរស់នៅ ។ កុមារកូនអ្នកស្រុក តែងមកនៅរៀនអក្សរខ្មែរឯវត្តអារាម ឧបាសកឧបាសិកាក៏រៀនធម៌ព្រះពុទ្ធសាសនាដែលចារឹកជាអក្សរខ្មែរ នៅវត្តអារាម ភិក្ខុ សាមណេរសិក្សាធម៌វិន័យព្រះសម្ពុទ្ធ ព្រមទាំងគម្ពីរតម្រា ក្បួនច្បាប់ផ្សេងៗ ចារឹកជាអក្សរខ្មែរនៅតែក្នុងវត្តអារាម ។ ដូច្នេះវត្តអារាមជាឃ្លាំងអក្សរសាស្ត្រខ្មែរ ដែលទុកជាពន្លឺរស្មីរបស់ជាតិ កាលបើបាត់អក្សរសាស្ត្រ ជាតិក៏អាប់ឱនសាបសូន្យទៅជាលំដាប់ ។ ដោយហេតុនេះ ពុទ្ធសាសនានៅប្រទេសយើង ឈ្មោះថាជាសាសនាជួយជ្រោមជ្រែងរក្សាទុកនូវវប្បធម៌អក្សរសាស្ត្រជាតិដោយពិត ។

បព្វជិតពុទ្ធសាសនិក ដែលបានរៀនក្នុងផ្លូវគន្ថធុរៈ គឺរៀនគម្ពីរបាលីព្រះត្រៃបិដក ចេះចាំយល់សព្ទភាសាបាលី អាចប្រែពីបាលីមកជាភាសាខ្មែរយកសេចក្ដីបានដោយងាយ និងនិពន្ធជាសៀវភៅសិក្សាជាដំបូន្មានអប់រំ ជាកវីនិពន្ធន៍ ជារឿងល្បើកប្រកបដោយគតិវែងខ្លះ ខ្លីខ្លះ បានបោះពុម្ពផ្សាយជាសៀវភៅធម៌អាថ៌ធំតូចគរគោក សូមអញ្ជើញមើលក្នុងមន្ទីរ ពុទ្ធសាសនបណ្ឌិត្យ នឹងឃើញសៀវភៅខ្មែរដេរដាសមានព្រះត្រៃបិដកជាដើមព្រមទាំងបណ្ណាគារផ្សេងៗ នឹងឃើញសៀវភៅខ្មែរផ្នែកព្រះពុទ្ធសាសនា ចេញព្រោងព្រាតច្រើនតែកើតអំពីស្នាដៃព្រះសង្ឃ ដែលបានរៀនក្នុងផ្លូវព្រះពុទ្ធសាសនា ។ ប្រទេសកម្ពុជាដែលមានវឌ្ឍនធម៌ចម្រើនរុងរឿងលឹមៗមកនេះដោយកម្លាំងរស្មីវប្បធម៌ព្រះពុទ្ធសាសនាជាប្រាកដ ។

ព្រះមុនីកោសល សូរ-ហាយ រៀបរៀង

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៦៣