សុខកថា

នមោ  តស្ស  ភគវតោ  អរហតោ  សម្មាសម្ពុទ្ធស្ស

សូមនមស្សការព្រះភគវន្តមុនីអរហំសម្មាសម្ពុទ្ធ (ព្រមទាំងព្រះធម៌និងព្រះអរិយសង្ឃដោយសេចក្ដីគោរព) ។

លំដាប់នេះ អាត្មាភាពនឹងសម្ដែងអំពីកំណើតនៃសេចក្ដីសុខ ជាសង្ខេបតាមសមគួរដល់កាលវេលា ដូចមានសេចក្ដីទៅនេះ ។

សុខោ ពុទ្ធានមុប្បាទោ  “ការកើតឡើង នៃព្រះពុទ្ធទាងឡាយ ជាហេតុនាំឲ្យកើតសេចក្ដីសុខ” ។

អធិប្បាយថា ៖ ក្នុងកាលដែលមានព្រះសម្មាសម្ពុទ្ធបានត្រាស់ដឹងឡើង សត្វមានចំនួនច្រើននិងរាប់មិនអស់ តែងបានជួបប្រទះនូវប្រយោជន៍និងសេចក្ដីសុខស្ងប់ក្រៃលែង ។ ព្រោះព្រះសព្វញ្ញូពុទ្ធទ្រង់ឧបត្តិឡើង ទ្រង់ប្រកបដោយសិរីសម្បត្តិដ៏ខ្ពង់ខ្ពស់គួរស្ងើច ជាទីបូជារបស់ពួកជនហើយបរិបូណ៌ដោយចំណេះវិជ្ជាគ្រប់យ៉ាង ព្រមទាំងមានព្រះទ័យពេញប្រៀបដោយសេចក្ដីករុណា អាណិតអាសូរពួកសត្វទួទៅក្នុងត្រៃភពឥតរើសមុខ ។ ដោយពិត ព្រះបរមគ្រូដែលទ្រង់បានជួបប្រទះនឹងសេចក្ដីសុខក្សេមខ្ពង់ខ្ពស់ផុតចំណោមមនុស្ស ដោយគោត្រត្រកូលរាជសម្បត្តិជាដើម ក៏ព្រោះកម្រៃបុណ្យ សេចក្ដីល្អដែលទ្រង់បានកសាងសន្សំទុកជាលំដាប់ជាតិតៗមក ។

ព្រះលោកនាថប្រកបដោយព្រះមហាករុណាទិគុណ ទោះបីព្រះអង្គបានសេចក្ដីសុខស្រួលដូចម្ដេច ក៏មិនទម្រន់ឲ្យលក់ជក់ងប់ជាប់ព្រះទ័យឲ្យទាល់តែលង់ទាំងគំនិតដល់ភ្លេចនឹកមិនឃើញ នូវការសុខទុក្ខរបស់ពពួកសត្វដែលលិចលង់ក្នុងលោកសន្និវាសនេះទេ ព្រះអង្គមិនព្រមទទួលសោយសេចក្ដីសុខថ្កុំថ្កើងជាផលសំណាងដែលបានមកតាំងនៅស៊ប់ក្នុងកណ្ដាប់ព្រះហស្ដរបស់ព្រះអង្គតែមួយព្រះអង្គប៉ុណ្ណោះទេ ទ្រង់ស៊ូលះបង់ប្រយោជន៍ទាំងនោះចោលស្រឡះមិននឹកនា ខំប្រឹងបំពេញព្យាយាមទាល់តែបានសម្រេចប្រាជ្ញាពោធិញាណ លើរតនបល្លង្ក ព្រះអង្កបានទីជាសត្តនាយកៈអ្នកដឹកនាំស្រោចស្រង់សត្វទូទៅក្នុងលោក ឲ្យផុតពីសេចក្ដីទុក្ខលំបាកមានកើត ចាស់ ឈឺ ស្លាប់ជាដើម (ដូចជាសំពៅធំ) ។

ចាប់ដើមតាំងពីត្រឹមឆ្នាំដែលទ្រង់បានត្រាស់ដឹងមក ព្រះអរហំសម្មាសម្ពុទ្ធ ស្ដេចយាងទៅប្រកាសសាសនាប្រទានឱវាទពាក្យប្រៀនប្រដៅណែនាំពពួកសត្វមានមនុស្សនិងទេវតាជាដើម ខំប្រឹងព្យាយាមសម្ដែងធម៌បំភ្លឺពន្យល់ប្រាប់គុណ ទោស ខុស ត្រូវ ឲ្យសត្វយល់ឃើញពិតៗ ឥតរួញរានឹងសេចក្ដីនឿយព្រួយព្រះកាយពលក្នុងការប្រកាសប្រាប់ប្រយោជន៍របស់សត្វទាំងនោះឡើយ ។

ព្រះអង្គទ្រង់ប្រឹងបំពេញពុទ្ធកិច្ចគ្រប់គ្រាន់ មិនមានចន្លោះសមសក្ដិ ព្រះអង្គជាសត្តនាយកៈ អ្នកដឹកនាំស្រោចស្រង់ជាទីពឹងពាក់ពំនាក់អាស្រ័យនៃសត្វក្នុងត្រៃលោកមែនៗ ទាំងមានព្រះឥរិយា​បថស្រគត់ស្រគំសមរម្យ មានព្រះអធ្យាស្រ័យដ៏ទន់ភ្លន់ស្មោះស្មើ ស្លូតត្រង់ទៅរកសត្វទួទៅ គួរឲ្យមនុស្សទេវតានិងសត្វគ្រប់ថ្នាក់ មានសេចក្ដីសង្ឃឹមកក់ក្ដៅចូលទៅជ្រកក្រោមម្លប់ពោធិសម្ភារ បានសម្រេចសន្តិសុខតាមប្រាថ្នា ព្រះអង្កមានទំនងគួរឲ្យសត្វក្នុងសកលលោកគោរពក្រាបសំពះយកតម្រាប់តាម ដោយសេចក្ដីពេញចិត្តមិនបាច់បង្ខំ ។

ព្រះពុទ្ធគុណដែលរៀបរាប់មកខាងលើនេះ បើពោលបំព្រួញឲ្យខ្លីងាយចំណាំជាងនោះមកទៀត ថាព្រះអរហំសម្មាសម្ពុទ្ធបរមគ្រូជាម្ចាស់ទ្រង់មានព្រះទ័យស្អាត មិនប្រឡាក់ដោយបាបសេចក្ដីអាក្រក់ណាមួយដូច្នេះហៅថា វិសុទ្ធិគុណ ។ ទ្រង់ខំប្រឹងបំពេញប្រយោជន៍ឲ្យសត្វបានទទួលសេចក្ដីសុខតាមគតិលោក គតិធម៌រាល់គ្នា សមគួរដល់ភព្វសំណាងសត្វ មិនលាក់បិទប្រយោជន៍ទុកសម្ងំសោយសេចក្ដីសុខស្រួលតែមួយព្រះអង្គឡើយ ដូច្នេះហៅថា ករុណាគុណ ។ ទ្រង់មានឧបាយដ៏ប្រពៃក្នុងការទូន្មានសត្វ ធ្វើសេចក្ដីជ្រៅឲ្យរាក់ កំបាំងឲ្យងាយយល់ ងាយគិតជាដើម ដូច្នេះហៅថា បញ្ញាគុណ ។

ដោយហេតុនេះទើបប្រាកដថា ព្រះពុទ្ធគ្រប់ព្រះអង្គបានត្រាស់ដឹងឡើងក្នុងលោក ជាហេតុនាំឲ្យបានសេចក្ដីសុខ (ដល់ពួកសត្វក្នុងត្រៃភព) ។ សេចក្ដីដែលសម្ដែងមកនេះជាគុណដែលមានក្នុងព្រះអង្គ ។

ស្វាក្ខាតោ  ភគវតា  ធម្មោ  ធម្មដែលព្រះសម្មាសម្ពុទ្ធសម្ដែងដោយប្រពៃ មានគុណអាចស្រោចស្រង់សត្វលោកដែលពេញចិត្តកាន់តាមឲ្យផុតអំពីទុក្ខទោស បានសេចក្ដីសុខស្រួលឃើញជាក់ច្បាស់ចំពោះមុខភ្លាមៗ តាមថ្នាក់តាមជាន់ឥតបង្អង់ចាំកាលវេលា ។ ធម្មោ សុចិណ្ណោ សុខមាវហាតិ ធម៌ដែលសត្វបានរក្សាទុកត្រឹមត្រូវ នឹងផ្ដល់សេចក្ដីសុខមកឲ្យវិញពុំខាន ។

អធិប្បាយថា ៖ អំពើល្អហៅថាធម៌ អ្នកប្រព្រឹត្តត្រឹមត្រូវតាមធម៌ ឈ្មោះថាបានរក្សាធម៌ទុកដោយប្រពៃ និងត្រូវបានផលជាសុខ អ្នកមិនកាន់តាមធម៌នឹងត្រូវបានផលជាទុក្ខ ។ រួមព្រះធម៌ទាំង ៨៤០០០ ធម្មក្ខន្ធ ដែលព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងហៅថាពុទ្ធសាសនា ។

សាធុជន ដែលពេញចិត្តគាប់អធ្យាស្រ័យក៏ចង់បានប្រយោជន៍ សេចក្ដីសុខសេចក្ដីចម្រើនត្រឹមតែក្នុងលោកនេះក៏គួរតែបង្អោនចិត្ត ចូលមកកាន់ព្រះពុទ្ធសាសនាកុំខាន ព្រោះព្រះពុទ្ធសាសនានេះ អ្នកប្រាជ្ញជាន់ខ្ពស់ក្នុងលោក បានពិនិត្យឃើញពិតថា ជាសាសនាមានអានុភាពអាចធ្វើលោកឲ្យស្ងប់ទាំងញ៉ាំងមនុស្សសត្វដែលទន់ទាប់ថោកថយឲ្យខ្ពង់ខ្ពស់ថ្លៃថ្នូរ បើថ្លៃថ្នូរស្រាប់ ឲ្យរឹងរិតតែវិសេសក្រៃលែងឡើងទៀត ។ សេចក្ដីដែលពណ៌នាមកនេះ ត្រង់តាមគោលដើមនៃពុទ្ធបំណងពិត ព្រោះព្រះអង្គដែលខំប្រឹងព្យាយាមសម្ដែងច្បាប់ប្រាប់ពន្យល់មិនខ្លាចនឿយហត់ទាំងម្ល៉េះ ដោយទ្រង់មានព្រះទ័យករុណាចង់ដោះស្រាយពួកសត្វដែលជាប់ចំណងនៃសេចក្ដីទុក្ខលំបាកមានជាតិ ជរា ព្យាធិ មរណៈជាដើម ឲ្យរួចចាកទុក្ខបានសេចក្ដីសុខស្កប់ស្កល់ប៉ុណ្ណោះ ។

ព្រះសម្មាសម្ពុទ្ធ​ទ្រង់ជ្រាបច្បាស់ថា ពួកមនុស្សសត្វកើតមកពេញទាំងសកលលោក សុទ្ធសឹងតែប្រាថ្នាសេចក្ដីខ្ពង់ខ្ពស់ថ្លៃថ្លាគ្រប់ៗរូបដែលបែរជាបានសេចក្ដីអាប់ឱនទន់ទាប មិនសមដូចបំណងស្មើគ្នាទៅវិញនោះ បណ្ដាលមកពីហេតុច្រើនយ៉ាងណាស់ ខ្លះកើតឡើងដោយសេចក្ដីទន់ទាបក្រីក្រល្ងង់ខ្លៅស្រាប់មកអំពីកំណើតក៏មាន ព្រោះផលបុពេ្វតិច ខ្លះកើតមកបានចួបប្រទះនឹងសេចក្ដីថ្កុំថ្កើងសម្បូណ៌សម្បត្តិគ្រប់គ្រាន់ស្រាប់ពីកំណើត តែធ្វេសភ្លេចគិតបណ្ដោយចិត្តឲ្យទៅប្រព្រឹត្តអាក្រក់ទាស់ទំនង ពានទៅលើអំពើមិនមែនជាធម៌ បានសេចក្ដីថ្លោះធ្លោយធ្លាក់ខ្លួនជាអ្នកទន់ទាបអាប់ឱនខូចទៅវិញក៏មាន ខ្លះទប់ខ្លួនឲ្យនៅត្រឹមតែស្មើៗ មិនទាបមិនខ្ពស់ក៏មាន តាមសមគួរដល់អំពើដែលសត្វបានធ្វើរៀងៗខ្លួន ដូចពុទ្ធភាសិតថា សត្តេ កម្មំ វិភជ្ជតិ  កម្មគឺអំពើដែលសត្វធ្វើទុកមកអំពីជាតិមុន ឬជាតិនេះជាមេចំណែកចែកឲ្យសត្វបានសុខបានទុក្ខផ្សេងៗ គ្នា មិនមែនអ្វីផ្សេងក្រៅពីអំពើរបស់ខ្លួននោះចែកឲ្យឡើយ ។

ឯអំពើអាក្រក់ នាំមនុស្សឲ្យវិនាសបានសេចក្ដីទុក្ខលំបាកទាំងលោកនេះនិងលោកខាងមុខនោះ គឺ៖

អបាយមុខ (ហេតុដែលនាំឲ្យវិនាសសេចក្ដីចម្រើន) ៤ យ៉ាងគឺ ៖

១- ឥត្ថីធុត្ត អ្នកជោកចិត្តជក់នឹងមាតុគ្រាម មិនមានចិត្តសន្ដោសត្រឹមតែភរិយា ស្វាមីរបស់ផងខ្លួន

២- សុរាធុត្ត អ្នកសេពគ្រឿងស្រវឹង

៣- អក្ខធុត្ត អ្នកលេងល្បែងភ្នាល់

៤- បាបមិត្ត អ្នកគប់រកមនុស្សអន្ធពាល អាក្រក់ជាមិត្រ ។

ហេតុទាំង ៤ នេះសុទ្ធសឹងតែជាអំពើអាក្រក់ អាចនាំឲ្យប្រទេសជាតិមាតុភូមិ ភោគសម្ប័ទ និងចរិយាស្រកស្រុតចុះថោកទាបនាំឲ្យវិនាសថ្លោះធ្លោយខូចបង់ប្រយោជន៍សេចក្ដីសុខចម្រើន របស់មនុស្សក្នុងសកលលោកជាក់ស្ដែងភ្លាមៗ មិនបាច់ពោលថ្វីទៅលោកខាងមុខនោះឡើយ ។ មែនពិត អំពើទាំងនេះ បើសត្វខំប្រឹងប្រព្រឹត្តជាប់មិនលែង លោកពោលថា ទុកដូចជាកប់ភ្លើងយ៉ាងធំ មកដុតរោលកម្លោចបំផ្លាញភោគសម្បត្តិ ចំណេះវិជ្ជា ចរិយា មារយាទ ជាតិកំណើត និងសន្តិសុខ ដ៏រុងរឿងរបស់ខ្លួនឲ្យខ្លាចក្រិនខូច លែងលូតលាស់ដុះចម្រើនឡើងទៀត រួចចេះរេចរិលទៅជានិច្ច ឈ្មោះថាមនុស្សជួញទុក្ខ ។

បុគ្គលគួរកុំប្រព្រឹត្តអំពើទាំងនេះឲ្យសោះ កាលបើយើងវៀរចាកអំពើទាំងនេះរួចស្រឡះហើយ ឈ្មោះថាបានប្រព្រឹត្តធម៌ រក្សាធម៌ទុកដោយប្រពៃ នឹងបានផលជាសុខច្រើនប្រការ បើពោលដោយសង្ខេបវិញគឺ ៖

១- សុខព្រោះមានចិត្តស្រុះស្រួលស្មោះស្មើទៅរកស្វាមីភរិយាដោយមិនជាប់ចិត្តនឹងបុរស-ស្ត្រីឯទៀត   ។

២- សុខព្រោះមានសម្ដីរាបសាជាប្រក្រតី មិននិយាយឡេះឡោះកកែកកររករឿងឈ្លោះ មិនខូចបង់ប្រាក់កាស ដោយហេតុមិនសេពសុរា ។

៣- សុខព្រោះបានធ្វើការងារចម្រើន រៀនវិជ្ជាចេះចាំមិនភ័យនឹងអ្នករាជការចាប់ចង ឃុំឃាំងលក់ព្នៃ ដោយហេតុមិនលេងល្បែងភ្នាល់ ។

៤- សុខព្រោះចិត្តស្លូតត្រង់ មិនចេះធ្វើអំពើអាក្រក់ ដោយហេតុមិនសេពគប់រកជនពាល ។

ឯការគប់រកជនអន្ធពាល នាំឲ្យចេះចំណេះអាក្រក់ ព្រោះមនុស្សពាលមិនដែលមានសមត្ថភាព ខាងឯនាំឲ្យប្រព្រឹត្តល្អទេ មិនស្គាល់ហេតុនាំឲ្យបានសុខ ស្ដាប់ពាក្យត្រូវមិនសូវបាន បើអ្នកដែលទៅសេពគប់មិនចេះលេងស្រី ស្ដាប់ពាក្យត្រូវមិនសូវបាន បើអ្នកដែលទៅសេពគប់មិនចេះលេងស្រី នាំឲ្យចេះលេងស្រី មិនចេះសេពសុរានាំឲ្យចេះសេពសុរា មិនចេះលេងល្បែងភ្នាល់នាំឲ្យចេះល្បែងភ្នាល់ រហូតដល់ទៅនាំឲ្យចេះដើរលេងយប់ បោកប្រាស់បំបាត់ប្រវញ្ចគេ ធ្លាក់ដល់ចេះលួចប្លន់កាប់សម្លាប់គេក៏សឹងមាន ត្រូវនឹងពុទ្ធភាសិតថា អសេវនា ចពាលានំ  ការមិនគប់រកពួកជនពាល ចាត់ជាមង្គលដ៏ប្រសើរ ។

អ្នកដែលវាចាកអំពើអាក្រក់ ដូចបានពោលមកហើយនេះ ទុកដូចជាអ្នកបានបណ្ដុះប្រយោជន៍ដ៏ធំទូលាយចំពោះខ្លួនផង ទុកសម្រាប់ប្រទេសជាតិមាតុភូមិ ឲ្យដើរលឿនទៅកាន់វឌ្ឍនធម៌ខាងអនាគតផង ។ សេចក្ដីសុខទុក្ខទាំងនេះកើតមកអំពីកម្មផ្ទាល់ខ្លួនពិតៗ ការលះបង់អបាយមុខមានប្រយោជន៍ដ៏ធំទូលាយក្រៃពេក ។ ដែលសម្ដែងមកនេះជាសេចក្ដីសង្ខេប ។

មិនត្រឹមតែប៉ុណ្ណោះដែលហៅថាសាសនាបរិសុទ្ធនោះ គឺជាសាសនាអាចជ្រោងលោកឲ្យលឿនទៅកាន់សេចក្ដីចម្រើន ទប់សត្វមិនឲ្យធ្លាក់ទៅកាន់ទីថោកទាបមាននរកជាដើម ឲ្យលោកបានសេចក្ដីសុខស្ងប់ ទាំងធ្វើឲ្យអ្នកជឿស្ដាប់កាន់តាម បានប្រទះប្រយោជន៍សេចក្ដីចម្រើនដោយភោគសម្ប័ទបញ្ញាសម្ប័ទ កេរ្តិ៍ឈ្មោះយសសក្តិតាមសមគួរ មិនមែនសម្ដែងប្រាប់ឲ្យមនុស្សសត្វ ដេកទម្រន់ចាំសំណាងពីព្រេងនាយតែម្យ៉ាងទេ ដូចពុទ្ធភាសិតថា សុស្សូសំ លភតេ  បញ្ញំ អ្នកមានប្រាជ្ញាចេះចំណេះវិជ្ជាគ្រប់យ៉ាងបានមកពីប្រឹងរៀនស្ដាប់ទន្ទេញ មិនធ្វេសប្រហែសក្នុងការរៀនសូត្រ ឧដ្ឋាតា  វិន្ទតេ  ធនំ  អ្នកមានទ្រព្យគ្រប់គ្រាន់មកពីវៀសរវៃប្រឹងរកប្រឹងធ្វើមិនខ្ជិល ។ សេចក្ដីដែលសម្ដែងមកប៉ុណ្ណេះតាមលំអានព្រះពុទ្ធសាសនា ជាសាសនាប្រាប់ផ្លូវប្រតិបត្តិយ៉ាងកណ្ដាលមិនឲ្យសត្វកាន់ងាកធ្លាក់ទៅលើផ្លូវប្រតិបត្តិឆ្វេងដែលហៅថា អន្តា បដិ បទា  សេចក្ដីប្រតិបត្តិដ៏លាមក ឬអមខាងនោះឡើយ មានទំនងឲ្យពួកពុទ្ធបរិស័ទ នាំគ្នាកាន់តាមសេចក្ដីពេញចិត្តឥតបង្ខិតបង្ខំ ។

ព្រោះហេតុនោះ ទើបអធិប្បាយថាជាសាសនា ស្អាងលោកឲ្យរុងរឿង ទប់សត្វមិនឲ្យធ្លាក់ទៅកាន់ទីទាប ។

អាត្មាភាពសម្ដែងមកអំពីដើមកំណើតនៃសេចក្ដីសុខ សូមសន្មតថាចប់ដោយសង្ខេបតែប៉ុណ្ណេះ ឯវំ ៕

ព្រះមហា សុខ-វន់ និស្សិតសាលាបាលីជាន់ខ្ពស់
រៀបរៀង

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៥៤