វិវាទមូល

នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

សូមនមស្សការ ចំពោះព្រះភគវន្តមុនី ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ (ព្រមទាំងព្រះធម៌និងព្រះអរិយសង្ឃ ដោយសេចក្ដីគោរព) ។

សូមសម្ដែងអំពីវិវាទមូល តាមទំនងដែលមានក្នុងខុទ្ទកវត្ថុវិភង្គ គម្ពីរវិភង្គ អភិធម្មបិដក ។

ធម៌ដែលជាឫសគល់ឬជាហេតុដែលនាំឲ្យកើតសេចក្ដីឈ្លោះ ហៅថា វិវាទមូល ។ វិវាទមូលនោះព្រះដ៏មានព្រះភាគ ទ្រង់សម្ដែងចែកចេញទៅជា ៦ ប្រការ គឺ៖

១- កោធោ សេចក្ដីក្រោធ គឺសេចក្ដីខឹងចងគំនុំគុំគួន ។

២- មក្ខោ   ការលុបបំបាត់គុណគេ ។

៣- ឥស្សា  សេចក្ដីច្រណែនឈ្នានីសគេ ។

៤- សាថេយ្យំ ការប្រកាសគុណដែលមិនមានក្នុងខ្លួន គឺអួតអាងអំពើខិលខូច  អំពើឆែបឆប បោកប្រាស  អំពើដែលជាកិច្ចកលរបស់អ្នកលេង ។

៥- បាបិច្ឆតា សេចក្ដីប្រាថ្នាអាក្រក់ ។

៦- សន្ទិដ្ឋិបរាមាសិតា សេចក្ដីប្រកាន់មាំនូវទិដ្ឋិ គឺប្រកាន់តាមសេចក្ដីយល់ឃើញរបស់ខ្លួនថាជាការត្រូវការពិត សេចក្ដីយល់ឃើញរបស់អ្នកដទៃ សុទ្ធតែមិនត្រូវមិនពិត ។

អធិប្បាយវិវាទមូល ៦ ប្រការ

កោធោ = សេចក្ដីក្រោធខឹង នេះ, បានដល់ការអាក់អន់ចិត្ត តូចចិត្ត, ថ្នាងថ្នាក់ចិត្ត, កន្ទួលចិត្ត ។ សេចក្ដីក្រោធខឹងនេះមនុស្សជាបុថុជ្ជនតែងមានគ្រប់គ្នាជាធម្មតា ហេតុនោះបានជាមនុស្សជាបុថុជ្ជនច្រើនតែឈ្លោះទាស់ទែងគ្នា ។ សេចក្ដីក្រោធនេះបណ្ដាលមកអំពីការឮពាក្យគេជេរត្មះតិះដៀលឌឺដងបញ្ឈឺចិត្តខ្លះ បណ្ដាលមកអំពីការបៀតបៀនដោយកាយ មានវាយដំតប់ទះជាដើមរបស់អ្នកដទៃខ្លះ, បណ្ដាលមកពីការលេងល្បែងភ្នាល់ មានល្បែងបាស្ការល្បែងស៊ីសងជាដើមខ្លះ, បណ្ដាលមកអំពីគេយកទ្រព្យសម្បត្តិបំផ្លិចបំផ្លាញទ្រព្យសម្បត្តិខ្លះ, កាលបើក្រោធថ្នាំងថ្នាក់អាក់អន់ចិត្តហើយ ក៏កើតទៅជាឈ្នោះទាស់ទែងរហូតដល់ទៅចងពៀរព្យាបាទធ្វើគ្នាឲ្យវិនាសក៏បាន ។

ម្យ៉ាងទៀត សេចក្ដីក្រោធនេះឧបក្កិលេសគ្រឿងមន្ទិលសៅហ្មងចិត្ត ប្រៀបដូចជាវត្ថុមានធ្យូងផេះភក់ជាដើម ជាមន្ទិលសៅហ្មងដល់សំពត់សស្អាត ក៏ឯចិត្តនោះប្រសិនបើសៅហ្មងដោយឧបក្កិលេសគឺសេចក្ដីក្រោធខឹង ក៏ជាហេតុឲ្យបានទុគ្គតិភាព ប្រសិនបើបរិសុទ្ធជ្រះស្អាតចាកឧបក្កិលេសគឺសេចក្ដីក្រោធហើយក៏ជាហេតុឲ្យបានសុគតិភព ដូចគ្នានឹងសំពត់សស្អាតឥតមានប្រឡាក់ដោយមន្ទិលផ្សេង ៗ មានធ្យូងផេះភក់ជាដើម រមែងដិតជាប់ដោយគ្រឿងជ្រលក់ទាំងពួង មានពណ៌ក្រហមលឿងជាដើម នាំឲ្យសម្រេចប្រយោជន៍ដល់អ្នកដែលត្រូវការដោយជ្រលក់សំពត់ ។

ជនជាសប្បុរស គួរគ្របសង្កត់សេចក្ដីក្រោធឲ្យទន់ខ្សោយកុំឲ្យក្លៀវក្លាពេក ដោយធម៌ខន្តីសេចក្ដីអត់ធន់នឹងមេត្តាសេចក្ដីរាប់អានស្រឡាញ់គ្នីគ្នា ក្រឡេកមើលគ្នាដោយបិយចក្ខុ និយាយរកគ្នាដោយបិយវាចា ដើម្បីកុំឲ្យមានវិវាទទាស់ទែងគ្នា ព្រោះការវិវាទនោះជារោគមួយយ៉ាងធំក្នុងសង្គមនៃមនុស្សលោក ។

ការគ្របសង្កត់បំបាត់សេចក្ដីក្រោធនោះ មិនត្រឹមតែបាត់វិវាទប៉ុណ្ណោះទេ ថែមទាំងអាចផ្ចាញ់មនុស្សអ្នកក្រោធបានផង ថែមទាំងបានសុគតិភពគឺឋានសួគ៌ទេវលោកសមតាមបទព្រះបាឡីថា អក្កោធេន ជិនេ កោធំ ប្រែថា “មនុស្សយើងអាចផ្ចាញ់មនុស្សអ្នកក្រោធបាន ដោយសេចក្ដីមិនក្រោធតប” ។

សច្ចំ ភណេ កុជ្ឈេយ្យ   ទជ្ជា អប្បស្មិ យាចិតោ

ឯតេហិ តីហិ ឋានេហិ    គច្ចេ ទេវាន សន្តិកេ

ប្រែថា “មនុស្សយើងគួរនិយាយពាក្យពិតទៀងត្រង់ ១ មិនគួរក្រោធ ១ បើមានទេយ្យធម៌បន្តិចបន្តួច គួរឲ្យទានបន្តិចបន្តួចដល់ស្មូមកុំខាន ១, មនុស្សយើងអាចទៅនៅក្នុងសម្នាក់ទេព្តាបាន ដោយហេតុទាំង ៣ នេះ ហេតុណា ១ ក៏បាន” ។

មក្ខោ = ការលុបបំបាត់គុណគេ នោះ សេចក្ដីប្រហែលគ្នានឹងអកតញ្ញូតាធម៌ គឺការមិនដឹងគុណរបស់អ្នកដែលគេធ្វើគុណលើខ្លួន ឬថាដឹងដែរតែហាត់ដូចជាមិនដឹង បំបិទបំបាំងមិនឲ្យគេរាល់គ្នា ដឹងថាអ្នកនោះគេមានគុណលើខ្លួន មានឧទាហរណ៍ដូចជាភិក្ខុមួយរូបរៀនសូត្រក្នុងសម្នាក់អាចារ្យមួយរូប រៀនបានចេះដឹងគួរសមហើយក៏ទៅរៀនក្នុងសម្នាក់អាចារ្យដទៃទៀត យូរៗទៅបានចេះដឹងច្រើនជាងអាចារ្យដើម មានលាភសក្ការនឹងសេចក្ដីសរសើរគ្រាប់បើជាងអាចារ្យដើម ក៏សម្ដែងដូចជាអាការមិនមែនសិស្សមិនមែនអាចារ្យ ធ្វើឫកស្មើ ៗ បន្លំមិនឲ្យអ្នកដទៃដឹងថាខ្លួនជាកូនសិស្ស ។ មានភិក្ខុខ្លះរៀនសូត្រអំពីអាចារ្យច្រើនរូប តែគោរពរាប់អានបូជាចំពោះតែអាចារ្យណាដែលមានបុណ្យសក្តិ មានមុខមាត់អំណាចវាសនាច្រើន ត្រង់អាចារ្យឯទៀត ៗ ធ្វើហាក់ដូចជាមិនស្គាល់ ។ ភិក្ខុខ្លះទៀតឥតមានរៀននឹងគេសោះ ឃើញគេមាត់មុខមាត់យសសក្ដិលាភសក្ការច្រើន ក៏ខំយកចិត្តទុកដាក់ផ្គាប់ផ្គុនគេដោយចង់បានផលប្រយោជន៍ក្នុងបច្ចុប្បន្ន ចោលគ្រូអាចារ្យរបស់ខ្លួនទទេ ឥតមាននឹកនាសោះ ។

ម្យ៉ាងទៀត ការលុបគុណសម្បត្តិ គឺសេចក្ដីល្អរបស់គេចេញ ឆ្កឹះកកាយសេចក្ដីអាក្រក់របស់គេឲ្យអណ្ដែតខ្ពស់ឡើង ក៏ហៅថា មក្ខោ ការលុបគុណគេដែរ, ដូចក្នុងគ្រាពុទ្ធកាល មានភិក្ខុ ២ រូបឈ្មោះ ធម្មកថិក ១ វិនយធរ ១ កើតវិវាទបែកគ្នាទៅជា ២ ពួក ។ ហេតុខាងដើម គឺធម្មកថិកបន្ទោបង់ឧច្ចារៈ ហើយជម្រះឧច្ចារៈសល់ទឹកខ្លះទុកក្នុងភាជនៈដាក់ក្នុងបន្ទប់ទឹក ។ វិនយធរចូលទៅក្រោយឃើញទឹកនៅសល់ ហើយចេញមកវិញប្រាប់ធម្មកថិកថា លោកទុកទឹកដែលនៅសល់អំពីជម្រះដូច្នោះ ខុសទាស់នឹងវិនយប្បញ្ញត្តិហើយ ។ ធម្មកថិកក៏ទទួលខុសគ្មានរឹងទទឹង ។ ពេលក្រោយ វិនយធរនិយាយប្រាប់រឿងនោះដល់សិស្សរបស់ខ្លួន ពួកសិស្សវិនយធរក៏នាំគ្នាពោលទោសប្រាប់ពួកសិទ្ធិ-វិហារិកធម្មកថិកថា ឧបជ្ឈាយ៍របស់លោកត្រូវអាបត្តិ មិនស្គាល់អាបត្តិ ។

រឿងហេតុនោះមិនមែនជាធំដុំទេ តែបណ្ដាលទៅជាធំបាន បែកពួកបែកបក្ខជា ២ មកពីពួកវិនយធរគ្របលុបសេចក្ដីល្អរបស់ធម្មកថិក ឆ្កឹះកកាយសេចក្ដីខុសតែបន្តិច ឲ្យអណ្ដែតខ្ពស់ឡើងប្រាប់គេរាល់គ្នា ដូច្នេះ ក៏ហៅថាលុបគុណសម្បត្តិរបស់គេឲ្យបាត់សូន្យទៅ ទាញយកសេចក្ដីអាក្រក់របស់គេមកប្រកាសនាំឲ្យកើតវិវាទ ។

មក្ខោ ការលុបគុណគេនេះ ជាឧបក្កិលេសគ្រឿងសៅហ្មងដល់ចិត្តដូចជា (កោធោ) វិវាទមូលទី ១ នោះដែរ ព្រោះហេតុនោះ ជនជាសប្បុរសគួរលះបង់នូវអំពើលុបគុណគេចោលចេញ ត្រូវដឹងគុណគ្រូអាចារ្យមាតាបិតានិងអ្នកដែលគេបានសង្គ្រោះទំនុកបម្រុងខ្លួន កុំភ្លេចឧបការគុណគេឡើយ ចំណែកឥស្សរជននីមួយ ៗ ត្រូវបើកចក្ខុក្រឡេកមើលឲ្យច្បាស់ ត្រូវផ្ចង់សោតៈស្ដាប់ឲ្យជាក់ ត្រូវយកបញ្ញាពិចារណាមើលឲ្យសព្វគ្រប់ ឲ្យស្គាល់ច្បាស់ថាមនុស្សនេះមានគុណសម្បត្តិច្រើន មនុស្សនោះមានគុណសម្បត្តិតិច គួរសម្រេចការទៅតាមហេតុកុំឲ្យភាន់ច្រឡំ ក្រែងនឹងធ្លាក់ទៅក្នុងតម្រាស៊ុកគ្រលុក ។

ឥស្សា  សេចក្ដីច្រណែនឈ្នានីសគេ សេចក្ដីថា ការដែលបុគ្គល ឃើញគេមានលាភសក្ការ សេចក្ដីគោរពរាប់អានអំពីជនដទៃក៏ច្រណែនមិនចង់ឲ្យគេលើសខ្លួន ឬមិនចង់ឲ្យគេស្មើនឹងខ្លួនដោយលាភសក្ការ និងសេចក្ដីគោរពរាប់អានអំពីជនដទៃនោះ ដូច្នេះជាដើមហេតុនាំឲ្យកើតវិវាទទាស់ទែងគ្នាពេគបនកទុក ដូចជាព្រះទេវទត្ត ឃើញគ្រហស្ថគោរពរាប់អានព្រះថេរៈទាំងឡាយ មានព្រះសារីបុត្តនិងព្រះមោគ្គល្លានជាដើម ត្រង់ខ្លួនឯងគេមិនគោរពរាប់អាន ក៏កើតសេចក្ដីច្រណែនឈ្នានីសឡើង បែកកន្ធែកទៅតែឯងស្វែងរកពួករកបក្ខមិត្រភក្ដិបង្កហេតុវិវាទបំបែកសង្ឃ ត្រូវទោសអនន្តរិយកម្មបានបាបធ្ងន់បំផុត ។

ឥស្សា សេចក្ដីច្រណែននេះ ជាឧបក្កិលេស គ្រឿងសៅហ្មងដល់ចិត្តដូចគ្នានឹង (កោធោ) វិវាទមូលទី ១ នោះដែរ ព្រោះហេតុនោះពួកសប្បុរសគួរបន្ទោបង់នូវសេចក្ដីច្រណែនចេញគួរចម្រើននូវមុទិតាព្រហ្មវិហារឲ្យដុះក្នុងសន្ដាន នឹងបានស្ងប់ស្ងាត់បាត់ច្រណែនគេ វិវាទក៏បាត់សូន្យដោយអំណាចបាត់សេចក្ដីច្រណែន ។ ឯមុទិតានោះ ប្រែថា “សេចក្ដីត្រេកអររីករាយនឹងសម្បត្តិរបស់អ្នកដទៃ” គឺឃើញអ្នកដទៃបរិបូណ៌ដោយយសសក្ដិទ្រព្យធនលាភសក្ការ និងសេចក្ដីសរសើរក៏មានសេចក្ដីត្រេកអររីករាយ គ្មានច្រណែន ។

សាថេយ្យំ  ការប្រកាសគុណដែលមិនមានក្នុងខ្លួន នោះសេចក្ដីថា ខ្លួនមិនមានសទ្ធា អួតខ្លួនថាមានសទ្ធា, ខ្លួនមិនមានសីលបរិសុទ្ធ អួតខ្លួនថាមានសីលបរិសុទ្ធ, ខ្លួនចេះដឹងតិច អួតខ្លួនថាចេះដឹងច្រើន ដូច្នេះជាដើម ។ ត្រង់ពាក្យថា “អំពីខិលខូច, ឆែបឆប, បោកប្រាស” សេចក្ដីថា ការនិយាយមិនពិតមិនត្រឹមមិនទៀងត្រង់ ការឆែបឆបឡែបឡបឲ្យតែខាងបានស៊ី ត្រង់ខុសត្រូវមិនគិត ដូចត្រីឈ្មោះអានន្តមច្ឆៈ មានកន្ទុយជាត្រី មានក្បាលដូចពស់ កាលបើជួបនឹងពួកត្រី ក៏បង្ហាញកន្ទុយថាខ្ញុំត្រីដែរ កាលបើជួបនឹងពួកពស់ ក៏បង្ហាញក្បាលថាខ្ញុំពស់ដែរ ។ ត្រង់ពាក្យថា “អំពើកិច្ចកលរបស់អ្នកលេង” នោះសេចក្ដីថា ការប្រើឧបាយកលច្រើន មិនឲ្យអ្នកដទៃស្គាល់ប្រាកដថាខាងណាពោះ ខាងណាខ្នងជាដើម, ធ្វើអំពើខុសហើយចេះគេចខ្លួនដោះខ្លួនឲ្យរួចពីទោស ។

ព្រះអដ្ឋកថាចារ្យ លោកលើកយកព្រះគាថា ១ មកពន្យល់អំពីបទសាថេយ្យនេះថា ៖

 វាមេន សូករោ ហោតិ ទក្ខិណេន អជាមិកោ

 សរេន ឯលកោ ហោតិ វិសាណេប ជរគ្គវោ ។

ប្រែថា ៖ យក្ខសូករៈ (ខ្មោចជ្រូក) ១ គេមើលពីខាងឆ្វេងជាជ្រូក មើលពីខាងស្ដាំជាពពែ ស្ដាប់សំឡេងជាចៀម មើលទៅស្នែងជាគោចាស់ ។ បណ្ឌិតគប្បីដឹងសេចក្ដីក្នុងបទសាថេយ្យដូច្នេះឯង ។

មួយទៀត សាថេយ្យនេះជាឧបក្កិលេសគ្រឿងសៅហ្មងចិត្តដូចគ្នានឹង (កោធោ) វិវាទមូល ១ នោះដែរ ព្រោះហេតុនោះ ពួកសប្បុរសគួរទូន្មានខ្លួនឲ្យល្អ គួរកុំប្រព្រឹត្តធម៌សាថេយ្យនេះឲ្យសោះ ទើបនឹងអាចបានសេចក្ដីសុខល្អឥតមានវិវាទ ។

បាបិច្ឆតា = សេចក្ដីប្រាថ្នាអាក្រក់ នោះតាមពុទ្ធាធិប្បាយថា បុគ្គលខ្លះក្នុងលោកនេះមិនមានសទ្ធា ចង់ឲ្យគេដឹងថាខ្លួនមានសទ្ធា, មិនមានសីលបរិសុទ្ធ ចង់ឲ្យគេដឹងថាខ្លួនមានសីលបរិសុទ្ធ, ចេះដឹងតិចចង់ឲ្យគេដឹងថាខ្លួនចេះដឹងច្រើន, ត្រេកអរនឹងពួកគណៈ ចង់ឲ្យគេដឹងថាខ្លួនត្រេកអរនឹងទីស្ងាត់, ជាអ្នកខ្ជិលច្រអូស ចង់ឲ្យគេដឹងថាខ្លួនមានព្យាយាម, មានស្មារតិវង្វេងភ្លេច ចង់ឲ្យគេដឹងថាខ្លួនមានស្មារតីខ្ជាប់ខ្ជួន, មិនមានសមាធិ ចង់ឲ្យគេដឹងថាខ្លួនមានសមាធិ, មិនមានបញ្ញា ចង់ឲ្យគេដឹងថាខ្លួនមានបញ្ញា, ចំណង់ដូច្នេះហៅថាសេចក្ដីប្រាថ្នាអាក្រក់ ។

បាបិច្ឆតា សេចក្ដិប្រាថ្នាអាក្រក់នេះ អាចបណ្ដាលចេញទៅជាអំពើមិនសមគួរផ្សេង ៗ ដោយកាយខ្លះដោយវាចាខ្លះ បណ្ដាលជាវិវាទផ្សេង ៗ ។ ព្រោះហេតុនោះ ពួកសប្បុរសគួរលះបង់សេចក្ដីប្រាថ្នាអាក្រក់នេះចេញ គួរតាំងនៅក្នុងសេចក្ដីសន្ដោស សេចក្ដីប្រាថ្នាតិច ជាការគាប់ប្រសើរក្នុងលោក នាំឲ្យបានសេចក្ដីសុខស្រួល នាំឲ្យបាត់វិវាទផង ។

សន្ទិដ្ឋិបរាមាសិតា = សេចក្ដីប្រកាន់មាំនូវទិដ្ឋិ គឺប្រកាន់តាមសេចក្ដីយល់ឃើញរបស់ខ្លួនថា ជាការត្រូវការពិត នោះជាមន្ទិលដល់ពួកក្រុមជំនុំទាំងពួងក្នុងលោក តាំងអំពី ២ រូបឡើងទៅ នាំឲ្យសៅហ្មង ដល់កិ្ចការទាំងឡាយ របស់អ្នកដែលមានគ្នាច្រើន ។ ព្រោះមនុស្សក្នុងលោកនេះមានទិដ្ឋិសេចក្ដីយល់ឃើញខុសគ្នាដោយច្រើន ព្រោះហេតុនោះ សាធុជនមិនគួរប្រកាន់សេចក្ដីយល់ឃើញរបស់ខ្លួនថាត្រូវប្រកាន់សេចក្ដីយល់ឃើញរបស់អ្នកដទៃថាខុសពេកឡើយ បើប្រកាន់ណាស់ទៅ នឹងធ្លាក់ចុះក្នុងតម្រាខ្វាក់ស្ទាបដំរីពុំខានឡើយ ដូចមានរឿងក្នុងសុត្តន្តបិដកខុទ្ទកនិកាយ គម្ពីរឧទាន ថា៖

សម័យមួយព្រះដ៏មានព្រះភាគទ្រង់គង់នៅវត្តព្រះជេតពន ទៀបក្រុងសាវត្ថី ។ សម័យនោះឯងមានពួកនានាតិត្ថិយបរិព្វាជក គឺអ្នកបួសដែលមានលទ្ធិផ្សេង ៗ នៅក្នុងនគរសាវត្ថី មានវិវាទទាស់ទែងគ្នាដោយហេតុប្រកាន់ធម៌តាមយោបល់ចូលចិត្តតែរៀង ៗ ខ្លួន ខ្លះប្រកាន់ថាលោកទៀង ខ្លះថាលោកមានទីបំផុត ខ្លះថាលោកមិនមានទីបំផុត ខ្លះថាជីវិតនឹងសរីរៈជាមួយគ្នាមិនដទៃពីគ្នា ខ្លះថាជីវិតដទៃ សិរីរៈដទៃ ជាដើម ។

នានាតិត្ថិយបរិព្វាជកទាំងនោះក៏ជជែកគ្នា ដណ្ដើមយកត្រូវតែរៀងខ្លួន ហើយពោលពាក្យចាក់ដោតគ្នាទៅវិញទៅមក ។

គ្រានោះ មានភិក្ខុច្រើនអង្គនិមន្តចូលទៅយកបិណ្ឌបាត ក្នុងក្រុងសាវត្ថី បានជ្រាបដំណើរនោះ លុះត្រឡប់មកអំពីបិណ្ឌបាតធ្វើភត្តកិច្ចរួចហើយ ក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ បានក្រាបបង្គំទូលដំណើរវិវាទ របស់ពួកនានាតិត្ថិយបរិព្វាជក តាំងអំពីដើមរហូតដល់ចប់ ។

ព្រះអង្គមានព្រះបន្ទូលថា បានជាពួកជនទាំងនោះ ទាស់ទែងគ្នាមានសភាពដូច្នោះ ព្រោះសេចក្ដីល្ងង់ខ្លៅ មិនដឹងអត្ថមិនដឹងធម៌ពិតប្រាកដ ហើយព្រះអង្គសម្ដែងរឿងព្រេងក្នុងនគរសាវត្ថី ជាទីសណ្ដាប់ដល់ភិក្ខុទាំងនោះថា ម្នាលភិក្ខុទាំងឡាយ ពីមុនមកមានព្រះរាជា ១ ព្រះអង្គ សោយរាជ្យក្នុងនគរសាវត្ថី ថ្ងៃមួយព្រះរាជានោះមានព្រះបន្ទូលត្រាស់បង្គាប់បុរសម្នាក់ ឲ្យជ្រើសរើសរកយកបុគ្គលខ្វាក់អំពីកំណើត ក្នុងសាវត្ថីទាំងប៉ុន្មានឲ្យមកប្រជុំគ្នាក្នុងទី ១ បុរសនោះក៏ទទួលព្រះរាជឱង្ការហើយ ក៏ចាត់ការប្រមូលអស់ពួកមនុស្សខ្វាក់អំពីកំណើតមកប្រជុំគ្នាតែក្នុងកន្លែង ១ ហើយយកសេចក្ដីក្រាបបង្គំទូលតាមដំណើរ ។ ព្រះរាជាអង្គនោះមានព្រះរាជឱង្ការឲ្យយកដំរីមកឲ្យពួកជនខ្វាក់ទាំងនោះស្ទាបមើល តែពួកខ្លះឲ្យស្ទាបត្រង់ក្បាលដំរី ខ្លះស្ទាបត្រចៀក ខ្លះឲ្យស្ទាបភ្លុក ខ្លះប្រមោយ ខ្លះខ្លួន ខ្លះជើង ខ្លះខ្នង ខ្លះកន្ទុយ ខ្លះឲ្យស្ទាបត្រង់ចុងកន្ទុយ ។

បុរសនោះក៏ចាត់ការឲ្យស្ទាបដំរីតាមព្រះរាជឱង្ការសព្វគ្រប់ ក៏ត្រឡប់មកក្រាបបង្គំទូលវិញ ។ ព្រះរាជាក៏ទ្រង់ស្ដេចយាងទៅកាន់សម្នាក់ពួកជនខ្វាក់ទាំងនោះ ហើយទ្រង់មានព្រះរាជឱង្ការថា នែអ្នកទាំងឡាយ ចូរនិយាយតាមពិតតាមមែន ដោយចំណាំរបស់ខ្លួន អ្នករាល់គ្នាធ្លាប់បានឃើញដំរីឬទេ ? ដំរីតើដូចម្ដេច ? ដូចអ្វីខ្លះ ? ។ ពួកជនងងឹតភ្នែកពីកំណើតទាំងនោះ ក៏ក្រាបបង្គំទូលតាមសញ្ញារបស់ខ្លួន គឺពួកអ្នកស្ទាបក្បាលដំរី ក្រាបបង្គំទូលថាដំរីដូចក្អមទឹក, ពួកអ្នកស្ទាបត្រចៀកថាដំរីដូចចង្អេរ, អ្នកស្ទាបភ្លុកថាដំរីដូចជានង្គ័ល, អ្នកស្ទាបប្រមោយថាដំរីដូចយាមនង្គ័ល, អ្នកស្ទាបខ្លួនថាដំរីដូចដោកស្រូវ, អ្នកស្ទាបជើងថាដំរីដូចសសរផ្ទះ, អ្នកស្ទាបខ្នងថាដំរីដូចត្បាល់, អ្នកស្ទាបកន្ទុយថាដំរីដូចអង្រែ, ពួកអ្នកស្ទាបចុងកន្ទុយដំរី យកសេចក្ដីក្រាបបង្គំទូលថាដំរីដូចអំបោសសម្រាប់បោសសំរាម ។ ពួកជនខ្វាក់ទាំងនោះក៏តាំងប្រកែកគ្នា ជជែកគ្នាយ៉ាងម៉ឺងម៉ាត់ ដណ្ដើមយកផ្លូវត្រូវពិតតែរៀងខ្លួន រហូតដល់ឈ្លោះគ្នាយ៉ាងធំ ទៅជាដាល់តប់គ្នាទាត់ធាក់គ្នាពេញទំហឹង ។ សម័យនោះព្រះរាជាក៏ទ្រង់ព្រះសម្រួលក្អាកក្អាយដោយអត់ទ្រាំពុំបាន ។

ម្នាលភិក្ខុទាំងឡាយ បរិព្វាជកទាំងនោះ គ្មានបញ្ញាចក្ខុងងឹតងងល់ វង្វេងអត្ថក៏មិនដឹងមិនមែនអត្ថក៏មិនដឹង, ធម៌ក៏មិនដឹង មិនមែនធម៌ក៏មិនដឹង ម៉្លោះហើយទៅជាឈ្លោះគ្នា ដណ្ដើមយកត្រូវដោយសព្វខ្លួន ដូចបុគ្គលខ្វាក់អំពីកំណើតទាំងនោះឯង ។

សន្ទិដ្ឋិរមាសិតា សេចក្ដីប្រកាន់មាំនៃសេចក្ដីយល់ឃើញរបស់ខ្លួនថាត្រូវថាពិត ថាការយល់ឃើញរបស់អ្នកដទៃ មិនត្រូវមិនពិតនេះ ក៏ជាហេតុឲ្យកើតវិវាទទាស់ទែងគ្នា ប្រហែលគ្នានឹងរឿងមនុស្សខ្វាក់ស្ទាបដំរីនោះឯង ។

ចំណែកធម៌វិន័យព្រះពុទ្ធសាសនា ជ្រាលជ្រៅពេកណាស់ ច្រើនក្រៃលែង មិនងាយនឹងចេះចាំចូលចិត្តសព្វគ្រប់ ពុទ្ធសាសនិកជនខ្លះប្រកាន់ថាខ្លួនត្រូវ គេខុស បណ្ដាលឲ្យទៅជាវិវាទទាស់ទែងគ្នា នាំឲ្យជ្រោកជ្រាកព្រះពុទ្ធសាសនា ក៏ដូចគ្នានឹងមនុស្សខ្វាក់ស្ទាបដំរីនោះដែរ ។

អាត្មាភាពសម្ដែងមកក្នុងវិវាទមូល៦ ប្រការមកនេះ ក៏សូមបញ្ចប់ទេសនាត្រឹមតែប៉ុណ្ណេះ ឯវំ ។

ព្រះឧបាលិវង្ស  ម៉ឹងសែស  សាស្ត្រាចារ្យ
វត្តមហាមន្ត្រី ក្រុងភ្នំពេញ
រៀបរៀង

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៥៥