ឈ្នះ​ខ្លួន​ឯង​ប្រសើរ​បំផុត

តាមធម្មតា មនុស្សក្នុងលោកដែលរួមគ្នានៅជាសង្គមតូចក្ដី ធំក្ដី តែងមានការវិវាទឈ្លោះទាស់ទែងគ្នា ដោយការដណ្ដើមយកត្រូវ ឬយកឈ្នះតែរៀងខ្លួន ។ ផលជម្លោះនេះ បើក្នុងសង្គមតូចៗ បង្កើតទៅជាវាយដាល់កាប់សម្លាប់គ្នា ឬក្ដីក្ដាំប្ដឹងប្ដល់ដល់រាជការ ឲ្យវិនិច្ឆ័យរកខុសរកត្រូវឲ្យ ក្នុងសង្គមធំៗ បង្កទៅជាចម្បាំងតស៊ូដោយកម្លាំងអាវុធ ជាហេតុធ្វើឲ្យជាតិប្រទេសវិនាសអន្ដរាយ ។ ផលចុងបំផុតនៃជម្លោះ គឺអ្នកដែលកម្លាំងខ្សោយ ក៏ចាញ់ អ្នកដែលមានកម្លាំងខ្លាំង ក៏ឈ្នះ ។ បណ្ដាការឈ្នះនិងការចាញ់ ក្នុងការតស៊ូដោយកម្លាំងនេះ ការឈ្នះ គេរាប់ថាប្រសើរបំផុត ព្រោះអាចវាតអំណាចចេញទៅតាមឥទ្ធិពលរបស់ខ្លួនបាន ។ តែចម្បាំងនេះទុកថាជាចម្បាំងខាងក្រៅ ជ័យជម្នះនៃចម្បាំងខាងក្រៅនេះ អ្នកប្រាជ្ញទាំងឡាយមានព្រះសម្ពុទ្ធជាដើមមិនសរសើរសោះឡើយ ព្រោះអ្នកដែលឈ្នះហើយ ចួនកាលត្រឡប់ទៅជាចាញ់វិញ ដោយហេតុអ្នកឈ្នះតែងទទួលពៀរ អ្នកចាញ់តែងដេករករឿងនឹងសងសឹកវិញ ។

ក្នុងខ្លួនមនុស្សយើង មានសង្គមពីរ ដែលតែងប្រឆាំងគ្នា គឺសង្គមចិត្តកុសល និងសង្គមចិត្តអកុសល ។ ចិត្តទាំង ២ ក្រុមនេះ តែងទាស់ឈ្លោះគ្នាទៅវិញទៅមក ។ បើចិត្តអកុសលច្បាំងឈ្នះចិត្តកុសល ក៏សង្កត់ផ្ទប់ចិត្តកុសលមិនឲ្យក្រោករួច ហើយដឹកនាំកាយឲ្យធ្វើអំពើពាលយង់ឃ្នងមានប្រការផ្សេងៗ ដឹកនាំមាត់ឲ្យពោលពាក្យប្រកបដោយទោសច្រើនយ៉ាង ។ ផលក្នុងទីបំផុត ចិត្តអកុសលក៏ផ្ដល់ឲ្យមនុស្សយើងទទួលរងទុក្ខលំបាកតាមស្ថានការណ៍ដែលបានប្រព្រឹត្ត ។ រឿងនេះ គួរឃើញដូចអ្នកលេងស្រី អ្នកផឹកស្រា អ្នកលេងល្បែងភ្នាល់ អ្នកប្រព្រឹត្តធ្វើចោរកម្មលួចប្លន់ ឆបោកយកទ្រព្យសម្បត្តិអ្នកដទៃជាដើម ពួកជនអ្នកប្រព្រឹត្តអំពើពាលលាមកទាំងនេះ តែងវិនាសខ្លួន វិនាសទ្រព្យសម្បត្តិ ។ នេះឯងមកអំពីចិត្តអកុសលគ្របបាំងបិទចិត្តកុសល ៗ គ្មានកម្លាំងនឹងរើខ្លួនបាន ទើបធ្វើឲ្យគេងប់មុខស្លុងចុះទៅក្នុងអំពើអាក្រក់ ឥតតក់ស្លុត ឥតខ្មាសអៀនសោះឡើយ ។

ប្រសិនបើចិត្តកុសលច្បាំងឈ្នះចិត្តអកុសលវិញ ចិត្តកុសលក៏ដឹកនាំមនុស្សយើង ឲ្យចូលចិត្តធ្វើតែអំពើល្អ និយាយតែពាក្យជាគុណប្រយោជន៍ ដឹកនាំឲ្យរៀបឫកពាសុភាពរាបសា ។ ពួកជនដែលមានចិត្តកុសលឈ្នះចិត្តអកុសលនោះ តែងទទួលផលជាសុខ ចំណែកលាភ យស និងសេចក្ដីសរសើរ ក៏ចេះតែកើតមានជាលំដាប់ ដូចចូឡេកសាដកព្រាហ្មណ៍ដែលមានសំពត់ដណ្ដប់តែមួយ ប្រើពីរនាក់ប្ដីប្រពន្ធ ពេលមួយគាត់បានចូលទៅស្ដាប់ធម៌ព្រះសម្ពុទ្ធ ក៏មានសទ្ធាចិត្ត (ចិត្តសទ្ធា) ចង់ថ្វាយសំពត់ដណ្ដប់នោះចំពោះព្រះអង្គតែសទ្ធាចិត្តនេះច្បាំងនឹងមច្ឆេរចិត្ត (ចិត្តកំណាញ់មិនចង់ថ្វាយវិញ) តាំងពីព្រលប់ដល់ជត់ភ្លឺមិនអាចយកជ័យបាន ។ ក្នុងរយៈវេលាមួយរាត្រីនោះ ចួនកាលសទ្ធាចិត្តមានកម្លាំងសង្កត់សទ្ធាចិត្ត ។ លុះដល់ជិតភ្លឺ ចូឡេកសាដកព្រាហ្មណ៍ ទើបដាច់ស្រេចក្នុងចិត្តឥតរើរុះថា ត្រូវតែថ្វាយសំពត់ដណ្ដប់ ដល់ព្រះសម្ពុទ្ធ ខានពុំបាន ។ ត្រង់នេះ ទុកថាសទ្ធាចិត្តច្បាំងឈ្នះមច្ឆេរចិត្ត ។ ក្នុងកាលជាបន្ទាប់នេះ ចូឡេកសាដកព្រាហ្មណ៍បានទទួលសេចក្ដីសរសើរ ព្រមទាំងបានទទួលសំពត់សាដក៣២គូ នឹងខ្ញុំប្រុសខ្ញុំស្រី គោក្របីសេះជាដើមអំពីព្រះបាទបសេនទិកោសល ។ ការបានសេចក្ដីសរសើរជាដើមនៃចូឡេកសាដកព្រាហ្មណ៍នេះ គឺជាផលដែលកើតអំពីចិត្តកុសលផ្ដល់មកឲ្យ ។

ចម្បាំងនៃចិត្តកុសលនិងចិត្តអកុសលនេះ រាប់ថាជាចម្បាំងខាងក្នុង ព្រោះកើតមានខាងក្នុងសន្ដានមនុស្សយើងរាល់រូប ។ បណ្ដាជ័យជម្នះខាងក្នុងនេះ ជ័យជម្នះរបស់ចិត្តអកុសល បណ្ឌិតមិនរាប់ថាជាជម្នះដ៏ប្រសើរទេ ព្រោះឲ្យផលជាទុក្ខដល់សត្វ ជ័យជម្នះរបស់ចិត្តកុសល ទើបរាប់ថាជាជម្នះដ៏ប្រសើរ ព្រោះឲ្យផលជាសុខ តាមសមគួរដល់កម្លាំងកសាងមក ។

សេចក្ដីនេះសមដូចពុទ្ធភាសិតថា អត្តា ហវេ ជិតំ សេយ្យោ ឈ្នះខ្លួនឯងប្រសើរ ។ ពាក្យថាខ្លួនឯង  សំដៅយកចិត្ត  ឈ្នះខ្លួនឯង  គឺឈ្នះចិត្តឯង សំដៅយកចិត្តកុសលឈ្នះចិត្តអកុសលនោះឯង ។

ចិត្តអកុសលដែលមានកម្លាំងអាចឈ្នះចិត្តអកុសលបាន ដោយអាស្រ័យធម៌ ២ ប្រការ គឺ សញ្ញាមៈ (ការរវាំង) និងទមៈ (ការបង្វឹក) ។ សញ្ញាមៈ ជាធម៌ទី ១ មានភារៈខាងការសង្រួម រវាំង ប្រាស្រ័យឃ្លាំមើលអារម្មណ៍ដែលចូលមកក្នុងទ្វារទាំង ៦ ឲ្យដឹងថាអារម្មណ៍នេះល្អឬមិនល្អ កាលបើអារម្មណ៍ណាចូលមកហើយ នាំឲ្យកើតសោមនស្សឬទោមនស្ស ក៏ទប់ឃាត់ចិត្តមិនឲ្យសោមនស្ស មិនឲ្យទោមនស្ស ។ បន្ទាប់មកត្រូវមុខទមៈ ជាធម៌ទី ២ ដែលមានភារៈខាងទូន្មានប្រៀនប្រដៅចិត្ត សម្រាប់ប្រដៅចិត្តឲ្យដើរទៅក្នុងទីប្រកបដោយគុណ ។ កុសលចិត្ត កាលបើមានធម៌សញ្ញាមៈនិងទមៈ នេះជាអាវុធហើយ ក៏អាចឈ្នះចិត្តអកុសលបានដោយងាយ ។ ដូច្នេះ យើងជាពុទ្ធសាសនិកជនមិនគប្បីច្បាំងនឹងជនដទៃទេ គប្បីច្បាំងតែនឹងខ្លួនឯង ព្រោះឈ្នះខ្លួនឯងប្រសើរបំផុត ។

ឈ្នះអ្វីមិនប្រពៃស្មើនឹងឈ្នះចិត្ត
ដែលប្រព្រឹត្តធ្វើអំពើមិនសមសួន
ច្រានចោលអស់គ្មានអាឡោះអាល័យស្ងួន
អាចធ្វើខ្លួនមានសួស្ដីជ័យជោគល្អ ។
ការចាញ់ចិត្តគឺបណ្ដោយទៅតាមចង់
មិនគិតត្រង់អង្គខុសត្រូវផ្លូវខ្មៅស
តែងមានទុក្ខឃើញទាន់ហន់តាមជាន់ក
លុះតំណទៅជាតិមុខទុក្ខអនន្តរ៍ ។

យូរ អ៊ុន

ឃុនសុវត្តិវេទី យូរ   អ៊ុន

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៥៥