វិរុទ្ធ​វត្ថុ​កថា

សម្ដែងពីវត្ថុដែលប្លែកគ្នាក្នុងត្រៃលោក [១]

ត្រៃលោកតែងទ្រទ្រង់វត្ថុមានវិញ្ញាណនិងគ្មានវិញ្ញាណ វត្ថុមានវិញ្ញាណបានខាងមនុស្ស អមនុស្ស [២] និងសត្វតិរច្ឆាន  វត្ថុគ្មានវិញ្ញាណបានខាងដី ទឹក ភ្លើង ខ្យល់ ដើមឈើ ស្មៅ និងវល្លិជាដើម វត្ថុទាំងអស់នេះកើតឡើងតែប្លែកៗគ្នា ។

វត្ថុមានវិញ្ញាណ ដូចពួកមនុស្ស តែងប្លែកគ្នាដោយសម្បុរខ្លះ ប្លែកគ្នាដោយក្លិនខ្លះ ប្លែកគ្នាដោយទ្រង់ទ្រាយខ្លះ ប្លែកគ្នាដោយឥរិយាបថខ្លះ ប្លែកគ្នាដោយសំឡេងខ្លះ ។

ចំណែកវត្ថុដែលគ្មានវិញ្ញាណ ដូចដើមឈើ ស្មៅ វល្លិ ទឹក ដី ភ្លើង ខ្យល់ ខ្សាច់ ក្រួសនិងថ្ម ទាំងនេះ ក៏ប្លែកៗគ្នា មិនដូចគ្នាឡើយ អស់លោកអ្នកទាំងឡាយបានឃើញច្បាស់នឹងភ្នែកគ្រប់គ្នាហើយ ខ្ញុំមិនបាច់ថ្លែងរៀបរាប់ឲ្យពិស្ដារឡើយ ចូរអស់លោកអ្នកទាំងឡាយពិចារណាមើលចុះ វៀរលែងតែស្ថានព្រះនិព្វានចេញ ក្រៅពីស្ថានព្រះនិព្វានហើយ របស់អ្វីៗតែងមិនទៀងទាំងអស់ ឥតលោកអ្នកណានឹងគិតត្រូវបាន ព្រោះហេតុនោះ បានជាពុទ្ធភាសិតថា ” របស់ដែលមិនត្រូវគិត មាន ៤ យ៉ាងគឺ វិស័យព្រះពុទ្ធ ១ វិស័យឈាន ១ ផលកម្ម ១ គិតពីរឿងលោក ១ ” ។

១- វិស័យព្រះពុទ្ធ  ព្រះសម្ពុទ្ធព្រះអង្គមានព្រះកាយកម្ពស់ ១៨ ហត្ថ ព្រះអង្គអាចយាងទៅគង់នៅក្នុងគ្រាប់ស្ពៃបាន បើយ៉ាងនេះយើងនឹងគិតថា ព្រះអង្គនិម្មិតព្រះកាយឲ្យតូច ហើយធ្វើគ្រាប់ស្ពៃឲ្យធំឡើងឬយ៉ាងណា ក៏គិតមិនត្រូវ ព្រោះព្រះកាយព្រះអង្គទំហំប៉ុន្មានក៏នៅប៉ុណ្ណោះដដែល គ្រាប់ស្ពៃទំហំប៉ុន្មាន ក៏នៅប៉ុណ្ណោះដដែល នេះគឺដោយអំណាចបុណ្យបារមីរបស់ព្រះអង្គ គ្មានអ្នកណានឹងគិតត្រូវ តែខំគិតហើយមុខជានឹងត្រឡប់ទៅជាមនុស្សឆ្កួតជាមិនខានឡើយ ។ មានរឿងដំណាលពីបុរសម្នាក់ ខំរិះគិតពីវិស័យរបស់ព្រះពុទ្ធ ក៏មិនសម្រេចដូចប្រាថ្នា ស្ទើរនឹងត្រឡប់ទៅជាឆ្កួត ។ វេលានោះមានអ្នកប្រាជ្ញម្នាក់មានចិត្តមេត្តាបានយកកញ្ចក់មួយ ទៅឆ្លុះតួព្រះចេតិយកម្ពស់ ១ រយ ២០ ហត្ថ ទំហំ ៣ រយ ៦០ ហត្ថ ហើយប្រាប់ថា ៖  អ្នកឯងចូលមើលស្រមោលព្រះចេតិយក្នុងកញ្ចក់នេះ ។ ឯបុរសនោះក៏ទៅមើលឃើញមែន ។ ទើបមានអ្នកប្រាជ្ញាសួរថា ៖ តួព្រះចេតិយធំម៉្លេះ អាចចូលមកជាប់នៅក្នុងផ្ទៃកញ្ចក់នេះបាន បើដូច្នេះតើអ្នកយល់ថា ព្រះចេតិយនេះតូចទៅហើយកញ្ចក់រីកធំឡើងឬដូចម្ដេច ? ។ អ្នកនោះតបថា មិនមែនដូច្នោះទេ តួព្រះចេតិយនឹងតួកញ្ចក់នេះ មានទំហំប៉ុណ្ណេះដដែល ។ អ្នកមានប្រាជ្ញាក៏ប្រាប់ថា : អើវិស័យរបស់ព្រះពុទ្ធ ក៏យ៉ាងនោះដែរ អ្នកគិតមិនត្រូវទេ តែខំគិតមើលមុខជានឹងឆ្កួតជាមិនខាន ។ ឯបុរសនោះក៏ចូលចិត្តឥតសង្ស័យតទៅទៀតឡើយ ។

២- វិស័យឈាន ៖ លោកអ្នកដែលបានសម្រេចឈាន ប្រកបដោយអភិញ្ញាហើយ តែងមានឫទ្ធិ មានអំណាច អាចនឹងទៅចាប់យកព្រះអាទិត្យ ព្រះចន្ទ្រ មកធ្វើជាតាំងសម្រាប់ទ្រជើងក៏បាន ឬនឹងចង់និម្មិតខ្លួនឲ្យជាវត្ថុអ្វីៗ ក៏សម្រេចបានគ្រប់យ៉ាងឥតមានទើសទាស់ឡើយ ។

៣- ផលកម្ម ៖  មនុស្សដែលបានធ្វើកុសលកម្មឬអកុសលកម្មហើយ តែងសោយសេចក្ដីទុក្ខតិចច្រើន តាមផលកម្មដែលខ្លួនបានធ្វើមកនោះ បើចំណែកខាងកុសលកម្ម ផលកម្មនោះនាំទៅកើតជាទេវតាឬនាំកើតទៅជាមនុស្ស ក៏មិនដូចគ្នា ខ្លះកើតក្នុងត្រកូលខ្ពង់ខ្ពស់ ខ្លះកើតក្នុងត្រកូលថោកទាប ខ្លះមាន ខ្លះក្រ ខ្លះល្អ ខ្លះអាក្រក់ជាដើម ។

ចំណែកខាងអកុសលកម្មវិញ ផលកម្មនោះនាំទៅកើតក្នុងអបាយភូមិទាំង៤ គឺ នរក ប្រេត តិរច្ឆាន និងអសុរកាយ រងទុក្ខវេទនាផ្សេងៗ គ្នាមិនដូចគ្នាឡើយ ។

៤- ការគិតពីរឿងលោក ៖  បុគ្គលណាមួយគិតថា កាលដើមបង្អស់តើនរណាបង្កើតព្រះអាទិត្យ ព្រះចន្ទ្រ ដី ទឹក ភ្លើង ខ្យល់ ព្រមទាំងដើមស្វាយ ដើមដូង និងដើមស្លាជាដើមមកនេះ បានជាមានជាប់មកដល់សព្វថ្ងៃនេះ ក៏រិះគិតមិនឃើញឡើយ ព្រោះវត្ថុទាំងនោះតែងកើតមកជាធម្មតា និងមានលោកអ្នកណា មានឫទ្ធិ មានអំណាច អាចនឹងបង្កើតទុកមកក៏ទេ គឺមានតាំងពីកដី ទឹក រហូតមកដល់សព្វថ្ងៃនេះឯង ហេតុនេះបានជារកលោកអ្នករិះគិតមិនត្រូវ ។

សូមថ្លែងពីរបស់ដែលដូចគ្នាវិញ ឯរបស់ដែលដូចគ្នាអត់ខានដូចមិនបាននោះ និយមយកត្រង់សេចក្ដីស្លាប់តែម្យ៉ាង ព្រោះរូបយើងរាល់គ្នាតែងកើតឡើងហើយតែងស្លាប់ទៅវិញជាធម្មតា ខុសគ្នាតែខ្លះស្លាប់មុន ខ្លះស្លាប់ក្រោយប៉ុណ្ណោះ នឹងវេះគេចឲ្យផុតពីសេចក្ដីស្លាប់ពុំបាន ប្រុសក៏ស្លាប់ ស្រីក៏ស្លាប់ ក្មេងក៏ស្លាប់ ចាស់ក៏ស្លាប់ អ្នកធំក៏ស្លាប់ អ្នកតូចក៏ស្លាប់  អ្នកមានក៏ស្លាប់ អ្នកក្រក៏ស្លាប់  អ្នកអាយុវែងក៏ស្លាប់ អ្នកអាយុខ្លីក៏ស្លាប់ សេចក្ដីស្លាប់នេះឯងឥតមានយល់មុខថា អ្នកនេះធំ អ្នកនោះតូចឡើយ ។

ក្នុងទីនេះ ខ្ញុំសូមលើករឿងព្រេងមួយមកថ្លែង ឲ្យឃើញច្បាស់ក្នុងសេចក្ដីស្លាប់នេះទៀត ក្នុងរឿងព្រេងនោះលោកបានដំណាលតៗគ្នាមកថា ៖  មានមនុស្សម្នាក់ក្រទ្រព្យសម្បត្តិពន់ពេកណាស់ ហើយចំពាក់វាក់វិនទ្រព្យគេក៏ច្រើន ក្នុងមួយថ្ងៃៗ គេមកតឹងទារទ្រព្យរបស់ជាច្រើនរូប ចៅកម្សត់នោះដល់ទាល់គំនិតគិតរកអ្វីសងគេពុំបាន ក៏កាន់តែព្រួយចិត្តឡើងៗ គិតចង់ស្លាប់ឆាប់ មិនចង់រស់ជាមនុស្សតទៅ ក៏ស្រែកហៅព្រះកាល [៣] ថា ៖ ” ព្រះកាលអើយមកយកខ្ញុំឆាប់ទៅ កុំឲ្យខ្ញុំរស់នៅយូរ ពិបាកចិត្តខ្ញុំពេកណាស់ ” ស្រែកហៅយ៉ាងនេះគ្រប់បីដង ។

គ្រានោះ ព្រះកាល ក៏មកតាមពាក្យដែលបុរសនោះស្រែកហៅមែនប្លែងខ្លួនជាចាស់ម្នាក់ដើរមកដល់ហើយសួរថា ” ចុះហេតុដូចម្ដេច បានជាអ្នកឯងស្រែកហៅយើងជាព្រះកាលអីដល់ម៉្លេះ អ្នកឯងកើតទុក្ខមិនសុខចិត្តពីរឿងអ្វីខ្លះ ? “ ចូរប្រាប់យើងឲ្យឆាប់ ” ។ ចៅកម្សត់នោះតបថា ” ឱ ! លោកអើយ សព្វថ្ងៃនេះខ្ញុំទាល់ក្រពេកណាស់ កើតព្រួយចិត្តដ្បិតជំពាក់ទ្រព្យគេច្រើន គេមកតឹងទាររឿយៗ រកវត្ថុអ្វីសងគេពុំបានសោះ ព្រោះហេតុនោះបានជាខ្ញុំស្រែកហៅលោក ឲ្យលោកយកខ្ញុំឲ្យឆាប់ទៅ កុំឲ្យវេទនាយូរពេក ” ។ ព្រះកាលប្រាប់វិញថា ៖ “ បើដូច្នោះអ្នកឯងថប់អ្វីពេលនេះយើងមិនទាន់យកអ្នកឯងនៅឡើយទេ យើងជួយអ្នកឯងឲ្យមានទ្រព្យសម្បត្តិមានអាយុវែង បានសប្បាយចិត្តទៅខាងមុខសិន តែត្រូវអ្នកឯងរៀនមន្តអាគមគាថាថ្នាំសង្កូវពីយើង រួចអ្នកយកទៅរកមើលជំងឺគេចុះ នឹងបានទ្រព្យសម្បត្តិច្រើនទៅខាងមុខមិនខាន ” ។ ចៅកម្សត់នោះមានចិត្តត្រេកអរ ក៏បានទទួលរៀនតាមពាក្យព្រះកាលប្រាប់ដោយសព្វគ្រប់ ហើយព្រះកាលនោះក៏បាត់ខ្លួនពីទីនោះមួយរំពេចទៅ ។ គ្រាខាងក្រោយមក ចៅកម្សត់បានដើរមើលជំងឺអ្នកស្រុក ដែលឈឺទាំងប៉ុន្មាន ក៏បានសះជាដូចសេចក្ដីប្រាថ្នា ហើយគេបូជារង្វាន់ខាន់ខៅជាច្រើន យូរៗទៅត្រឡប់ជាមានទ្រព្យសម្បត្តិយ៉ាងធំស្ដុកស្ដម្ភមាំមួនឡើង ។ គ្រាខាងក្រោយមកទៀត ព្រះកាលនោះមកប្រាប់វិញថា ៖ “ អ្នកឯងរៀបចំខ្លួនប្រាណចុះ ប្រាំពីរថ្ងៃទៀត យើងមកយកអ្នកឯហើយ ” ។ អ្នកនោះក៏កើតសេចក្ដីទោមនស្សតូចចិត្តគិតថា ” កាលពីដើមអញកំពុងទាល់ក្រលំបាកវេទនា បានខំស្រែកហៅព្រះកាលឲ្យមកយកឲ្យឆាប់ ពេលនោះព្រះកាលមិនព្រមយក ក៏ជួយទំនុកបម្រុងអញឲ្យមានទ្រព្យសម្បត្តិឡើង ឥឡូវអញមានទ្រព្យសម្បត្តិស្រួលបួលហើយ ត្រឡប់ជាមកយកអញទៅវិញ នរណាសុខចិត្តទៅ បើដូច្នេះគួរអញនឹងគិតវេះគេចរត់ឲ្យផុតពីព្រះកាល កុំឲ្យតាមរកអញឃើញឡើយ ” គិតដូច្នេះហើយក៏ប្រាប់ប្រពន្ធកូនតាមរឿងនោះដោយសព្វគ្រប់ ដល់វេលាយប់ក៏ជញ្ជូនទ្រព្យសម្បត្តិទាំងអស់ នាំទាំងប្រពន្ធកូនចុះសំពៅបើកឆ្លងសំដៅទៅខាងសមុទ្រក្រៅ ដោយគិតថា ៖  មុខជានឹងផុតពីកណ្ដាប់ដៃព្រះកាលហើយ ។ លុះបើកសំពៅគ្រប់៧ថ្ងៃ ដល់ទៅមហាសមុទ្ទ ពេលនោះ កើតមានខ្យល់ព្យុះបក់បោករលកមកផ្ទប់សំពៅលិចទៅក្នុងទឹកមហាសមុទ្ទ ជនទាំងនោះក៏ស្លាប់ទាំងអស់គ្នាឥតសល់មានម្នាក់ឡើយ ត្រូវដូចពាក្យព្រះកាលថា ប្រាំពីរថ្ងៃទៀតនឹងមកយកនោះឯង ។

រឿងនេះឆ្លុះឲ្យយល់ច្បាស់ថា មនុស្សសត្វគេចពីស្លាប់មិនផុតព្រោះជារបស់ត្រូវមានស្មើគ្នា ដូច្នេះ យើងកុំភ្លេចថាខ្លួនមិនស្លាប់ ហើយកុំភ្លេចថាខ្លួនយើងត្រូវស្លាប់ចាប់ជាតិជាថ្មីទៀត តាមយថាកម្មដែលខ្លួនបានសាងមក ។

សម្ដែងមកក្នុងវិរុទ្ធកថា សូមបញ្ចប់ត្រឹមប៉ុណ្ណេះ ឯវំ ។

[១] ប្រែថា ៖ លោកទាំងបី គឺ កាមលោក ១ រូបលោក ១ អរូបលោក ១ ។

[២] សំដៅយក ខ្មោច ប្រេត យក្ស អសុរកាយ និងទេវតា ។

[៣] ប្រែថា សេចក្ដីស្ដាប់ ។

ព្រះវិភទ្ធញ្ញាណ សោម ឡុច រៀបរៀងកាលពីគង់ព្រះជន្មនៅ

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៥៥

បញ្ចេញយោបល់ ៖