សីលធម៌

សីលធម៌  [១] ពាក្យនេះកាត់ជា ២ បទ គឺសីល ១ ធម៌ ១ ។ ការរក្សាកាយវាចាឲ្យរៀបរយល្អ ឲ្យប្រាសចាកទោស ហៅថា សីល បានដល់សីល៥ សីល៨ សីល១០ សីល២២៧ ។ សភាវៈដែលទ្រទ្រង់ហៅថា ធម៌ ។

ពាក្យថា ” ធម៌ ” នេះជារបស់កណ្ដាល គឺទ្រទ្រង់ទាំងខាងល្អ ទ្រទ្រង់ទាំងខាងអាក្រក់ បើខាងល្អ គឺទ្រទ្រង់អ្នកប្រព្រឹត្តល្អមិនឲ្យធ្លាក់ទៅក្នុងទីអាក្រក់ ហៅថា ធម៌ល្អ ( កុសលធម៌ ) បើខាងអាក្រក់ គឺទ្រទ្រង់អ្នកប្រព្រឹត្តអាក្រក់ឲ្យធ្លាក់ទៅក្នុងទីអាក្រក់ ហៅថា ធម៌អាក្រក់ ( អកុសលធម៌ ) ។ ធម៌ក្នុងពាក្យថា សីលធម៌នេះ សំដៅយកធម៌ខាងល្អ ។

ក្នុងទីនេះ មិនបានអធិប្បាយអំពីសីលទេ ព្រោះមានសេចក្ដីពិស្ដារដូចលោក-អ្នកធ្លាប់ជ្រាបស្រាប់ហើយ សូមអធិប្បាយតែត្រង់ពាក្យថា ធម៌ឲ្យពិស្ដារបន្តិច ។

មនុស្សអ្នកមានធម៌នៅប្រចាំក្នុងចិត្ត ឬថាអ្នកប្រព្រឹត្តធម៌ជាប់ជានិច្ច ធម៌នោះតែងរក្សាអ្នកនោះមិនឲ្យធ្លាក់ទៅក្នុងទីអាក្រក់បាន ព្រោះសេចក្ដីអាក្រក់គ្មានផ្លូវនឹងកើតឡើងបាន មានតែសេចក្ដីល្អឲ្យបានសេចក្ដីសុខម្យ៉ាងប៉ុណ្ណោះ ។ ធម៌នេះ មានលក្ខណៈនិងកិច្ចផ្សេងអំពីសីល សីលមានការរៀបរយកាយវាចាជាលក្ខណៈ មានការកម្ចាត់បង់សេចក្ដីអាក្រក់ ដែលនឹងគប្បីប្រព្រឹត្តកន្លងដោយកាយវាចាជានិច្ច រមែងសម្រេចជាសីលបានដោយការលះវៀរ គឺលះវៀរតាមសិក្ខាបទនោះៗ ។ ចំណែកធម៌នោះ មានសភាពទ្រទ្រង់អ្នកប្រព្រឹត្តទុកមិនឲ្យធ្លាក់ទៅក្នុងទីអាក្រក់ មានកិរិយា ធ្វើអធ្យាស្រ័យរបស់មនុស្សអ្នកប្រព្រឹត្តឲ្យរឹតតែល្អិតសុខុមក្រៃលែង ជាងភាពដើមជាលក្ខណៈ មានការកម្ចាត់បង់សេចក្ដីអាក្រក់ ដែលនឹងគប្បីកើតឡើងក្នុងចិត្តជាកិច្ច រមែងសម្រេចប្រយោជន៍ដល់អ្នកប្រតិបត្តិបាន ដោយការធ្វើតាមសីលនិងធម៌ មានលក្ខណៈនិងកិច្ចផ្សេងៗគ្នាដូច្នេះ ហេតុនោះ ទើបចាត់ថាជាខប្រតិបត្តិដែលបុគ្គលនឹងត្រូវបំពេញឲ្យប្រព្រឹត្តទៅទាំង ២ យ៉ាង និងបំពេញតែមួយៗមិនបានទេ ។ ក៏បុគ្គលអ្នករក្សាសីលឈ្មោះថា ជាអ្នកវៀរចាកសេចក្ដីអាក្រក់បានមែនហើយ ប៉ុន្តែសេចក្ដីអាក្រក់ដែលលះវៀរបានដោយសីលនោះ ជាសេចក្ដីអាក្រក់យ៉ាងគ្រោតគ្រាត ដែលឃើញបានងាយ ចំណែកសេចក្ដីអាក្រក់យ៉ាងល្អិតនៅមានក្នុងចិត្តទៀត ឬនឹងគប្បីកើតឡើងផ្លូវចិត្តផុតវិស័យរបស់សីលដែលនឹងកម្ចាត់បាន ។ គប្បីឃើញដូចបុគ្គលអ្នករក្សាសីលតែម្យ៉ាង គ្មានធម៌ជាគ្រឿងគាំពារ បើទៅចួបប្រទះនឹងមនុស្សមានទុក្ខ ដូចឃើញគេធ្លាក់ទឹក ឬអត់បាយ ហើយដើរហួសទៅមិនបានជួយគេឲ្យផុតពីអន្តរាយផង យ៉ាងនេះសីលមិនជាប់ទេ ប៉ុន្តែជាហេតុឲ្យគេតិះដៀលបានថាជាអ្នកប្រាសចាកមេត្តាករុណាដល់មនុស្សមានទុក្ខវេទនា ព្រោះហេតុនេះ បុគ្គលអ្នករក្សាសីលតែម្យ៉ាងមិនទាន់បានឈ្មោះថាល្អមែនទែនទេ ឬថាមានធម៌មិនទាន់បានទេ ត្រូវតែជាអ្នកប្រតិបត្តិធម៌ផង ទើបចាត់ថាល្អមែនទែន ឬមានធម៌បាន ហើយបានឈ្មោះថាជាអ្នកមានសីលមានធម៌ ។

មួយទៀត អ្នករក្សាសីលដែលនឹងរក្សាឲ្យបរិសុទ្ធបាន ត្រូវតែអាស្រ័យការប្រព្រឹត្តធម៌ឲ្យជាគូគ្នា ។ សីលកាលណាមានធម៌ជាគ្រឿងអប់រំ នឹងដាច់ធ្លុះធ្លាយដោយកម្រណាស់ រមែងរឹងប៉ឹងមាំមួន ។ សីលដែលនឹងដាច់ធ្លាក់ធ្លាយទៅបាន ក៏ព្រោះអាស្រ័យចិត្តមានអធ្យាស្រ័យនៅគ្រោតគ្រាត ។ កាលចិត្តបានអាស្រ័យធម៌ជាគ្រឿងអប់រំហើយរមែងមានអធ្យាស្រ័យល្អិតសុខុម ។ កាលបើចិត្តមានអធ្យាស្រ័យល្អិតសុខុមហើយ សីលនឹងមិនដាច់ទៅដោយងាយៗទេ ហេតុនេះអ្នករក្សាសីល លោកទើបប្រដៅឲ្យប្រព្រឹត្តធម៌ជាគូគ្នា ។ ធម៌ក្នុងទីនេះសំដៅយក  កល្យាណធម៌ ប្រែថា ” ធម៌ល្អ ” ជាខប្រតិបត្តិដ៏ពិសេស ត្រូវរក្សាឲ្យជាគូនឹងសីលប្រាំ ។ អ្នកដែលមានកល្យាណធម៌នៅក្នុងចិត្ត លោកហៅថា កល្យាណជន ប្រែថា ” ជនល្អ ” កល្យាណធម៌នោះលោកចែកទុកជា ៥ ប្រការ ជាគូនឹងសីល ៥ គឺ ៖

១- មេត្តានិងករុណា  គូនឹងសីលសិក្ខាបទទី ១

២- សម្មាអាជីវៈ      គូនឹងសីលសិក្ខាបទទី ២

៣- សេចក្ដីសង្រួមក្នុងកាម  គូនឹងសីលសិក្ខាបទទី ៣

៤- ការមានសត្យ     គូនឹងសីលសិក្ខាបទទី ៤

៥- ការមានសតិជុំវិញ        គូនឹងសីលសិក្ខាបទទី ៥

អធិប្បាយ

១- មេត្តា-ករុណា

មេត្តា បានដល់ការផ្សាយមេត្រីចិត្ត គិតប្រាថ្នាឲ្យគេបានសុខ ។ ការផ្សាយមេត្តានេះប្រព្រឹត្តទៅដោយអាការ២យ៉ាង គឺផ្សាយទៅដោយចំពោះពួកគណៈរបស់ខ្លួនឬបុគ្គលដែលខ្លួនធ្លាប់ស្គាល់ ហៅថា ឧទ្ទិស្សផរណា ១  ការផ្សាយទៅក្នុងសត្វមិនប្រមាណ មិនចំពោះអ្នកណា ទោះបីជាសត្វ ឬបុគ្គល មិនកំណត់ពួកនេះ ហៅថា អនោទ្ទិស្សផរណា ១  ។

គុណធម៌នេះជារបស់សំខាន់ក្រៃលែងរបស់ពួកមនុស្ស ជាហេតុឲ្យមានសេចក្ដីគោរពរាប់អានគ្នា មានសេចក្ដីអើពើជួយគ្នាទៅវិញទៅមក ផ្សាយមេត្តាទៅដោយចំពោះ ជាហេតុឲ្យមនុស្សដែលខ្លួនផ្សាយមេត្តាទៅដល់នោះមានសេចក្ដីស្រឡាញ់គោរពរាប់អាន គប្បីឃើញដូចយ៉ាងមាតាបិតាមានសេចក្ដីមេត្តាក្នុងបុត្រធីតា ឧស្សាហ៍ទំនុកបម្រុងឲ្យបានទទួលសេចក្ដីសុខជាយ៉ាងក្រៃលែង បុត្រធីតាក៏មានសេចក្ដីស្រឡាញ់គោរពមាតាបិតានោះយ៉ាងខ្លាំងក្លា បើមាតាបិតាគ្មានមេត្តាក្នុងបុត្រធីតាទេ គ្រាន់តែចិញ្ចឹមកុំឲ្យគេតិះដៀលប៉ុណ្ណោះ បុត្រធីតាក៏មិនសូវមានចិត្តស្រឡាញ់គោរពមាតាបិតាណាស់ដែរ ។

ការផ្សាយមេត្តាដោយមិនចំពោះ ជាហេតុឲ្យមនុស្សទាំងឡាយមានសេចក្ដីស្រឡាញ់គោរពរាប់អាន គប្បីឃើញដូចយ៉ាងបុគ្គលដែលមិនធ្លាប់ស្គាល់គ្នាមកពីមុន ប៉ុន្តែលុះបានទទួលសេចក្ដីអើពើផ្សាយមេត្តារកគ្នាទៅវិញទៅមកហើយ ត្រឡប់ជាមានសេចក្ដីគោរពរាប់អានគ្នា នេះក៏ព្រោះមេត្តា ។ បើអ្នកទាំងពីរខាងចេះតែមានចិត្តឫស្យាឈ្នានីសគ្នា ធ្វើម្ដេចនឹងស្រឡាញ់គ្នាកើត កុំថាតែមនុស្ស សូម្បីសត្វតិរច្ឆាន កាលបើបានទទួលសេចក្ដីរាក់ទាក់ទំនុកបម្រុងអំពីអ្នកណា ក៏គង់តែចេះសម្ដែងការស្រឡាញ់ពេញចិត្តនឹងអ្នកដែលមានមេត្តាដល់វានោះដែរ ព្រោះដូច្នោះ បានជាលោកប្រដៅឲ្យបំពេញទានៗនេះក៏ដើម្បីឲ្យជាការសម្ដែងមេត្រីចិត្ត ។ មេត្តានេះជាគ្រឿងទំនុកបម្រុងសិក្ខាបទទី១ ឲ្យមាំមួនក្រៃលែងឡើង បើក្នុងកាលខ្លះកើតចិត្តព្យាបាទឈ្លោះប្រកែកគ្នា កាលតាំងចិត្តផ្សាយមេត្តាទៅហើយ គឺតាំងចិត្តឲ្យគិតឃើញថា យើងជាអ្នកស្រឡាញ់សុខ ស្អប់ខ្ពើមទុក្ខ រូបគេក៏ដូចជាយើងដែរ កាលបើយើងធ្វើឲ្យគេមានសេចក្ដីក្ដៅក្រហាយ គេក៏មុខជាខានបានសុខ យើងមិនគួរនឹងធ្វើឲ្យគេបានទុក្ខទេ លំដាប់នោះក៏នឹងធ្វើចិត្តឫស្យាឈ្នានីសព្យាបាទ ឲ្យស្រាកស្រាន្តថយចុះបានរហូតដល់លែងព្យាបាទគេជាទីបំផុត ។

ករុណា បានដល់សេចក្ដីអាណិតអាសូរ ប្រាថ្នានឹងឲ្យគេផុតទុក្ខក្នុងវេលាអ្នកដទៃបានទទួលទុក្ខ ។ គុណធម៌នេះចាត់ថាជាធម៌ដ៏សំខាន់ ប្រការមួយទៀត សឹងជាហេតុដែលនឹងធ្វើឲ្យមនុស្សគ្រប់ៗរូបមានសេចក្ដីជួយជ្រោមជ្រែងក្នុងរឿងទុក្ខភ័យនៃគ្នានឹងគ្នា មិនអង្គុយស្ងៀមមើលបំណាំគ្នា ។ កាលបើគ្មានករុណាដល់គ្នាទេ គង់តែមានចិត្តអាក់អន់នឹងគ្នាខ្លះមិនខាន ករុណាជាគ្រឿងដាស់តឿនចិត្តឲ្យគិតដល់សេចក្ដីសុខទុក្ខរបស់អ្នកដែលខ្លួនមិនពេញចិត្ត លំដាប់ពីនេះ ក៏នឹងកើតសេចក្ដីអាណិតអាសូរមិនអាចបៀតបៀនគេបាន ការមិនចូលចិត្ត មិនពេញចិត្ត ក៏អន់ថយតិចទៅ ដរាបដល់អស់រលីង ។

មេត្តានិងករុណាទាំងពីរនេះ ជាគ្រឿងកម្ចាត់វិហិង្សាវិតក្ក គឺគិតបៀតបៀនអ្នកដទៃ ។ កាលបើមនុស្សយើងចេះតែមានមេត្តាករុណាដល់គ្នានឹងគ្នាដូច្នេះគ្រប់ៗរូបហើយ ការបៀតបៀនប្រទូសរ៉ាយគ្នាក៏លែងកើតមាន ដូច្នេះ សីលសិក្ខាបទទី១ ក៏នឹងរឹតតែតាំងមាំខ្លាំងឡើងលើសដើម ។

មេត្តានិងករុណានេះ មានគុណច្រើនដូចពោលមកហើយ ប៉ុន្តែត្រូវប្រើក្នុងផ្លូវដែលត្រូវ បើប្រើក្នុងផ្លូវខុស ដូចជួយអ្នកត្រូវទោសព្រោះប្រព្រឹត្តខុសជាដើម មិនចាត់ជាមេត្តា-ករុណាទេ ហើយបានឈ្មោះថាទំនុកបម្រុងអ្នកធ្វើខុស ផ្លូវដែលល្អគួរតែពិចារណាថា ជាកម្មរបស់គេ ដែលគេបានធ្វើទុកមកហើយ រួចត្រូវតាំងចិត្តឲ្យនៅជាកណ្ដាល មេត្តានិងករុណា កាលបើប្រើខុសផ្លូវដូច្នេះ រមែងមានទោសច្រើនដូចគ្នា នេះចាត់ជាកល្យាណធម៌គូនឹងសិក្ខាបទទី១ ។

២- សម្មាអាជីវៈ

បានដល់សេចក្ដីព្យាយាមស្វែងរកគ្រឿងចិញ្ចឹមជីវិតក្នុងផ្លូវដែលត្រូវ គុណធម៌នេះចាត់ថាជាធម៌សំខាន់ប្រការមួយរបស់បុគ្គលអ្នករក្សាសីល នឹងចាត់ថាជាគ្រឿងផ្គត់ផ្គង់សិក្ខាបទទី ២ ឲ្យរឹតតែមាំមួនក្រៃលែងឡើង ។ បុគ្គលអ្នករក្សាសីលហើយ បានឈ្មោះថាជាអ្នកលះវៀរចាកការស្វែងរកគ្រឿងចិញ្ចឹមជីវិតក្នុងផ្លូវដែលខុស សូម្បីវៀរចាកការស្វែងរកក្នុងផ្លូវដែលខុសដូច្នោះហើយ ក៏ត្រូវខំស្វែងរកក្នុងផ្លូវដែលត្រូវផង [២] បើមិនខំស្វែងរកទេ គ្រឿងចិញ្ចឹមជីវិតរបស់ខ្លួនក៏នឹងខ្វះខាត កាលបើខ្វះគ្រឿងចិញ្ចឹមជីវិតហើយ រាងកាយក៏គង់នៅមិនបាន ត្រូវតែស្លាប់ ឬមានអ្នកខ្លះបានអាស្រ័យបរិភោគទ្រព្យសម្បត្តិចាស់ដែលមានស្រាប់ ប៉ុន្តែបើគ្មានទ្រព្យថ្មីចូលសោះ ទ្រព្យចាស់មុខជារលស់អស់ទៅរាល់ថ្ងៃរហូតដល់ផុតអស់រលីងឥតសល់អ្វី  បើទ្រព្យចាស់អស់រលីងហើយ សេចក្ដីទាល់ក្រចូលមកសង្កត់កយ៉ាងធ្ងន់ ទាល់តែទ្រាំ​រក្សាសីលតទៅទៀតមិនបាន នឹងត្រូវបែរក្បាលចុះទៅកាន់ភាពជាមនុស្សថោកទាបម្ដងទៀត ព្រោះហេតុនេះ លោកទើបប្រដៅឲ្យអ្នកដែលតាំងនៅក្នុងសីល ឲ្យមានព្យាយាមប្រឹងប្រែងស្វែងរកគ្រឿងចិញ្ចឹមជីវិតកុំឲ្យខ្ជិលច្រអូស ប៉ុន្តែឲ្យស្វែងរកតែក្នុងផ្លូវដែលត្រូវធម៌ដូចយ៉ាងដែលហៅថា សម្មាអាជីវៈ ។ ការស្វែងរកក្នុងផ្លូវតាមគន្លងធម៌នេះក្នុងទីនេះ មិនមែនសំដៅយកត្រឹមតែថា ឲ្យវៀរចាកមិច្ឆាជីវៈប៉ុណ្ណោះទេ កាលបើវៀរចាកមិច្ឆាជីវៈហើយ ត្រូវប្រកបដោយសេចក្ដីប្រព្រឹត្តជាធម៌ក្នុងការស្វែងរកគ្រឿងចិញ្ចឹមជីវិតផង រឿងនេះគប្បីឃើញសេចក្ដីប្រព្រឹត្តជាធម៌ក្នុងកិច្ចការ ក្នុងបុគ្គល ក្នុងវត្ត ដូចតទៅនេះ ៖

សេចក្ដីប្រព្រឹត្តជាធម៌ក្នុងកិច្ចការ ៖ ការគ្រប់យ៉ាងដែលខ្លួនធ្វើ ហើយនឹងបានទទួលផលប្រយោជន៍អំពីគេ ត្រូវតែតាំងចិត្តធ្វើឲ្យមែនទែន សំដៅយកផលជាធំ កុំគិតតែចង់បានមួយចំណែក ដូចជាខ្ញុំរាជការបានទទួលផលប្រយោជន៍អំពីរដ្ឋបាល ត្រូវតែតាំងចិត្តធ្វើការរដ្ឋបាលមែនទែន រក្សាកិច្ចការជាមុខក្រសួងរបស់ខ្លួនកុំឲ្យខ្វះខាត ធ្វើកិច្ចការនោះៗឲ្យសម្រេចទៅដោយល្អ មិនបិទបាំងមុខក្រសួង ធ្វើឲ្យពេញលេញតាមកំណត់កាលវេលា កាលមកធ្វើការ ក៏មកឲ្យត្រឹមត្រូវតាមពេល កាលនឹងត្រឡប់ទៅផ្ទះវិញ ក៏ត្រឡប់ឲ្យត្រឹមត្រូវតាមពេល រួមសេចក្ដីថា កុំធ្វើឲ្យឃើញតែបាន ។ សូម្បីកិច្ចការយ៉ាងដទៃៗ ដែលខ្លួនត្រូវបានទទួលផលប្រយោជន៍អំពីគេ ក៏ត្រូវធ្វើដោយស្មោះត្រង់ កុំយកចំណេញយកប្រៀបគេ ធ្វើឲ្យសមគួរដល់ការដែលនឹងបានទទួលប្រយោជន៍អំពីគេ នេះឈ្មោះថាសេចក្ដីប្រព្រឹត្តជាធម៌ក្នុងកិច្ចការ ។

សេចក្ដីប្រព្រឹត្តជាធម៌ក្នុងបុគ្គល ៖ ការងារដែលត្រូវធ្វើ សុទ្ធតែជាប់ជំពាក់នឹងមនុស្សទូទៅ ក៏ត្រូវធ្វើឲ្យស្មើ មិនយល់មុខថាអ្នកនោះ អ្នកនេះ ដូចជាឈ្មួញ កាលយករបស់មកលក់ត្រូវកំណត់ថា យើងនឹងលក់យកចំណេញប៉ុន្មាន ហើយទើបបានលក់ កាលលក់ក៏ត្រូវលក់ឲ្យស្មើមុខគ្នា ដូចជាលក់ឲ្យអ្នកនេះ ថ្លៃប៉ុណ្ណេះ កាលលក់ឲ្យអ្នកដទៃក៏ឲ្យតម្លៃស្មើគ្នាដែរ ក្នុងរបស់ដូចគ្នា ទោះអ្នកទិញជាមនុស្សជាន់ណា ក៏ដោយ ត្រូវលក់ឲ្យតម្លៃស្មើគ្នាជាដរាប មិនត្រូវលក់ឲ្យខុសតម្លៃគ្នាដូច្នេះជាដើម នេះឈ្មោះថាប្រព្រឹត្តិជាធម៌ក្នុងបុគ្គល ។

សេចក្ដីប្រព្រឹត្តជាធម៌ក្នុងវត្ថុនោះ ៖ ដូចបុគ្គលដែលជាអ្នកជំនួញនោះ កាលនាំយកទំនិញមកលក់តែងដឹងថា របស់នោះល្អ របស់នោះមិនល្អ កាលលក់ក៏ប្រាប់អ្នកទិញ តាមពិត ដូចរបស់សុទ្ធក៏ប្រាប់ថាសុទ្ធ របស់ក្លែងក្លាយក៏ប្រាប់ថាកែ្លងក្លាយ របស់ល្អក៏ប្រាប់ថាល្អ មិនល្អក៏ប្រាប់ថាមិនល្អ ប្រាប់តាមការពិតនៃរបស់នោះៗ មិនកុហកបញ្ឆោត ដូចរបស់មិនល្អប្រាប់ថាល្អ របស់ក្លែងក្លាយប្រាប់ថារបស់សុទ្ធជាដើម នេះឈ្មោះថាសេចក្ដីប្រព្រឹត្តជាធម៌ក្នុងវត្ថុ ។

មួយទៀត អ្នកមានសីល សូម្បីវៀរចាកការងារដែលជាទោស ដោយត្រង់ដូច្នេះហើយ ក៏នៅតែត្រូវលះវៀរការងារបែបខ្លះទៀត ដែលជាផ្លូវខូចខាតចាកទ្រព្យសម្បត្តិ ដូចជាស្វែងរកទ្រព្យក្នុងការភ្នាល់ល្បែងភ្នាល់ជាការនាំឲ្យខូចកេរ្តិ៍ឈ្មោះ ចួនកាលដេកកើតទុក្ខ ចួនកាលខូចខាតទ្រព្យ ។ ឯទ្រព្យដែលបានមកអំពីការភ្នាល់នោះ មិនគង់ទ្រង់អង្វែងដោយហេតុ២យ៉ាង គឺ ១ បានមកដោយងាយច្រើនតែមិនសូវស្ដាយ ចាយវាយងាយ ទុកមិនគង់ ២ ការចង់បានគ្មានទីបំផុត ទោះបីបានប៉ុន្មានក៏នៅតែមិនគ្រប់គ្រាន់ដែរ ចេះតែខំលេងតទៅទៀត គង់តែមានពេលភ្លាត់ចាញ់គេមួយគ្រា ។ ទ្រព្យដែលបានមកដោយងាយដូច្នេះ មានសេចក្ដីស្រឡាញ់មិនដូចទ្រព្យសម្បត្តិដែលបានមកត្រូវចេញពីដើមទុន ចេញកម្លាំងទេ ។ ទ្រព្យដែលរកបានមកហើយ ត្រូវចេះរក្សានិងចាយវាយប្រើប្រាស់ឲ្យជាប្រយោជន៍ គឺទំនុកបម្រុងខ្លួនឯងខ្លះ ទំនុកបម្រុងអ្នកដែលគួរទំនុកបម្រុងខ្លះ កាលមានហេតុគួរប្រើទើបប្រើ មិនចេះតែចាយវាយខ្ជះខ្ជាយទាល់តែហួសប្រមាណ និងមិនក្បិតក្បៀតខ្លាំងពេក ។

មនុស្សគ្រប់រូប កាលបើនាំគ្នាប្រកបការងារដ៏ប្រាសចាកទោស ប្រកបតែក្នុងផ្លូវត្រូវដូចពោលមកនេះហើយ រមែងបានទទួលសេចក្ដីសុខសប្បាយ មិនត្រូវមានភ័យមានពៀរនឹងអ្នកណាឡើយ ។

សម្រាប់អ្នករក្សាសីល កាលតាំងនៅក្នុងសម្មាអាជីវៈដូច្នេះហើយ រមែងជាផ្លូវដែលនឹងឲ្យរក្សាសីលសិក្ខាបទទី២បានបរិសុទ្ធ សីលរបស់ខ្លួនក៏នឹងមិនពពាលមិនពព្រុស ព្រោះហេតុនោះគុណធម៌នេះលោកទើបចាត់ថាជាកល្យាណធម៌ប្រការមួយ សម្រាប់បំពេញឲ្យជាគូគ្នាទៅនឹងសិក្ខាបទទី២ ។

៣- សេចក្ដីសង្រួមក្នុងកាម

បានដល់កិរិយាដែលមិនព្រមប្រព្រឹត្តល្មោភក្នុងកាម ធ្វើសេចក្ដីត្រេកអរក្នុងកាមតាមប្រមាណដែលមានគុណធម៌នេះចាត់ថា ជារបស់សំខាន់ក្នុងកិរិយានឹងគាំពារសីលសិក្ខាបទទី៣ ឲ្យគង់ស្ថិតស្ថេរ និងជាគ្រឿងចង្អុលបង្ហាញសេចក្ដីបរិសុទ្ធរបស់បុរសស្ត្រីឲ្យឃើញច្បាស់ ។ អ្នកដែលលះវៀរចាកកាមហើយ ប៉ុន្តែនៅប្រព្រឹត្តខ្លួនឲ្យជាមនុស្សវិលវល់ឈ្លក់នៅក្នុងកាម ក៏ត្រូវចាត់ថាជាអ្នកមានមន្ទិល មិនមែនជាអ្នកបរិសុទ្ធស្អាត ។

សម្រាប់បុរស កាលមានភរិយាហើយ ក៏ត្រេកអរពេញចិត្តនៅតែក្នុងភរិយារបស់ខ្លួន មិនគួរនឹងទៅស្មគ្រស្មោះលបស្រឡាញ់ស្រីដទៃឡើយ កាលបើខ្លួនមានប្រពន្ធហើយយ៉ាងណា ក៏គប្បីតាំងសេចក្ដីឧស្សាហ៍ចិញ្ចឹមរក្សាគ្នាទៅ បើទុកជាក្រលំបាកយ៉ាងណាក៏មិនត្រូវលះបង់ចោលគ្នាដែរ នេះឈ្មោះថាជាអ្នកតាំងនៅក្នុង  សទារសន្ដោស ប្រែថា ” ត្រេកអរក្នុងភរិយារបស់ខ្លួន ” អ្នកប្រតិបត្តិខ្លួនបានដូច្នេះ រមែងជាទីគាប់សរសើរ ទាំងជាទីស្រឡាញ់ទុកចិត្តរបស់អ្នកដទៃផង ។

សម្រាប់ស្ត្រី កាលមានស្វាមីហើយ ក៏ត្រេកអរនៅតែក្នុងស្វាមីរបស់ខ្លួន តាំងចិត្តទំនុកបម្រុងបម្រើស្វាមីរបស់ខ្លួនមិនទៅស្មគ្រស្មោះរួមរក្សស្រឡាញ់ប្រុសដទៃ សូម្បីស្វាមីរបស់ខ្លួនមានសេចក្ដីទាល់ក្រលំបាកយ៉ាងណាក៏ដោយ មិនសម្ដែងអាការព្រងើយកន្តើយសោះអង្គើយនឿយណាយរសាយចិត្តចេញពីស្វាមីរបស់ខ្លួនដែរ ស្រ្តីដូច្នេះ បានឈ្មោះថា មានសេចក្ដីប្រព្រឹត្តធម៌ដ៏ល្អប្រពៃក្នុងស្វាមីរបស់ខ្លួន រមែងជាទីទុកចិត្តរបស់ស្វាមី នឹងជាទីសរសើររបស់ជនទូទៅ ។

មួយវិញទៀត ប្រុសដែលមានភរិយារួចហើយ ឬក៏នៅលីវមិនទាន់មានប្រពន្ធទេ ដែលទៅភពប្រសប់នឹងស្រីដទៃមានស្រីពេស្យាជាដើម សូម្បីមិនចាត់ថាជាកាមេសុមច្ឆាចារ ក៏នៅតែជាហេតុឲ្យបានទទួលសេចក្ដីវិនាសច្រើនប្រការ គឺ ៖

ក- ត្រូវបង់ទ្រព្យ  ព្រោះការទំនុកបម្រុងស្រីនោះ តាំងពីត្រូវចាយវាយក្នុងការបណ្ដើរគ្នាលេង និងបរិភោគដេកអង្គុយរហូតទៅ ដែលជាការមិនគួរឲ្យខូចខាតទ្រព្យ ។

ខ- ជាអណ្ដូងកើតនៃរោគ  បណ្ដារោគទាំងអស់ រោគដែលកើតអំពីស្រីពេស្យាដែលហៅថា ” កាមរោគ ” នេះរាប់ថាជារោគយ៉ាងកាចអាក្រក់ម្យ៉ាង អាចធ្វើឲ្យអវយវៈរាងកាយវិកលពិការទៅបាន ក្នុងទីបំផុតក៏ដល់ស្លាប់ បើមិនស្លាប់ទេ រោគនេះក៏អាចជាប់ឆ្លងទៅដល់ភរិយានិងបុត្ររបស់ខ្លួន ធ្វើឲ្យភរិយានិងបុត្ររបស់ខ្លួនបានទទួលទុក្ខជាមួយផង ។

គ- ជិតដិតនឹងអន្តរាយណាស់  ធម្មតាស្រីពេស្យាតែងតែស្នេហ៍ស្និទ្ធស្រឡាញ់ប្រុសច្រើននាក់ កាលបើប្រុសកើតមានសេចក្ដីហិង្សាប្រជែងគ្នាហើយ ក៏នឹងកើតឈ្លោះវិវាទគ្នាខ្លះ ប្រទូសរ៉ាយរាងកាយគ្នាខ្លះ ។

សម្រាប់ស្រ្តីគ្មានស្វាមី ក៏មិនគួរទៅចងព័ន្ធស្រឡាញ់បុរស សូម្បីជាប្រុសដែលមិនត្រូវហាមប្រាមក៏មិនគួរដែរ ព្រោះជាទីខូចកេរ្តិ៍ឈ្មោះនឹងអាចឲ្យខូចខាតទ្រព្យសម្បត្តិ ព្រោះការចិញ្ចឹមប្រុស ។

ទោសដែលពោលមកនេះ អាស្រ័យសេចក្ដីមិនសង្រួមក្នុងកាមជាហេតុ ព្រោះដូច្នោះ លោកទើបប្រដៅឲ្យសង្រួមក្នុងកាម កាលបើមានសេចក្ដីសង្រួមក្នុងកាមហើយ ការរក្សាសីលក្នុងសិក្ខាបទទី៣ ក៏នឹងតាំងនៅបានដោយមាំមួន ហេតុនេះ សទារសន្ដោស លោកទើបចាត់ជាកល្យាណធម៌ប្រការមួយ ឲ្យបំពេញជាគូគ្នានឹងសីលសិក្ខាបទទី៣ ។

៤- សេចក្ដីមានសត្យ

ការប្រព្រឹត្តខ្លួនជាមនុស្សត្រង់ហៅថា មានសត្យ  ចាត់ជាគុណធម៌ដ៏សំខាន់ប្រការមួយ ដែលជាគ្រឿងផ្គត់ផ្គង់សីលសិក្ខាបទទី៤ឲ្យមាំស្ថិតស្ថេរ មានប្រភេទដែលនឹងគប្បីវិភាគបានដូចតទៅនេះ ៖

ក- សេចក្ដីទៀងក្នុងធម៌  បានដល់សេចក្ដីប្រព្រឹត្តខ្លួនជាធម៌ក្នុងកិច្ចការដ៏ជាទីរបស់ខ្លួន កាលនឹងធ្វើអ្វីមិនធ្វើឲ្យខុសដោយអំណាចអគតិ៤ គឺ  ឆន្ទាគតិ សេចក្ដីលម្អៀងព្រោះស្រឡាញ់ ទោសាគតិ សេចក្ដីលម្អៀងព្រោះមិនត្រូវគ្នាស្អប់គ្នា មោហោគតិ  សេចក្ដីលម្អៀងព្រោះល្ងង់ខ្លៅ ភយាគតិ សេចក្ដីលម្អៀងព្រោះខ្លាច ។

គប្បីឃើញដូចអ្នកវិនិច្ឆ័យកាត់ក្ដី ដាក់ខ្លួនជាកណ្ដាល កាត់សេចក្ដីទៅដោយធម៌ មិនទន់ទៅចូលខាងពួកដែលខ្លួនស្រឡាញ់ មិនសង្កត់សង្កិនខាងពួកដែលខ្លួនស្អប់ បានដឹងហេតុផលល្អហើយទើបកាត់សេចក្ដី និងមិនខ្លាចផ្លូវខាងនោះ ខាងនេះ  ឬសូម្បីមនុស្សដទៃៗ ក៏ប្រកាន់យកតែសេចក្ដីត្រឹមត្រូវជាធំ ។

ខ- សេចក្ដីស្មោះត្រង់  បានដល់សេចក្ដីប្រព្រឹត្ត​ត្រង់ចំពោះបុគ្គលជាមិត្រ ឬសូម្បីដល់អ្នកដទៃៗ គប្បីឃើញតួយ៉ាងក្នុងមិត្រអ្នកវៀរចាកទោស៤ស្ថាន គឺមនុស្សគិតប្រយោជន៍ខ្លួន មនុស្សល្អតែមាត់ មនុស្សប្រចុប មនុស្សដឹកនាំក្នុងផ្លូវវិនាស ហើយជាអ្នកប្រកបដោយភាពជាមនុស្សមានឧបការ  មនុស្សរួមសុខ រួមទុក្ខ មនុស្សប្រាប់ប្រយោជន៍មិត្រ ដូច្នេះបានឈ្មោះថាស្មោះត្រង់ចំពោះមិត្រ ។

គ- ស្វាមីភក្ដិ  បានដល់សេចក្ដីស្រឡាញ់ភក្ដីក្នុងចៅហ្វាយនាយរបស់ខ្លួន កាលបើខ្លួនព្រមលើកឲ្យអ្នកណាធ្វើជាចៅហ្វាយនាយរបស់ខ្លួនហើយ ខ្លួនក៏តាំងចិត្តប្រព្រឹត្តស្មោះត្រង់សុចរិត មិនគិតទុយ៌សចំពោះបុគ្គលនោះ ចាំជួយមើលនឹងកម្លាំងក្នុងកិច្ចតូចធំទាំងពួង រហូតដល់ជួយការពាររវាងសេចក្ដីអាក្រក់វិនាស មិនឲ្យកើតឡើងដល់ចៅហ្វាយនាយរបស់ខ្លួន ក្នុងទីបំផុត សូម្បីជីវិតក៏អាចលះបង់ជួសបាន មានចិត្តស្រឡាញ់ភក្ដីជានិច្ចមិនបែកចិត្ត នេះបានឈ្មោះថាជាអ្នកស្វាមីភក្ដិ ។

ឃ- សេចក្ដីកតញ្ញូ  បានដល់សេចក្ដីដឹងឧបការដែលលោកបានធ្វើហើយដល់ខ្លួន ជាគូគ្នានឹងកតវេទី ដែលប្រែថា អ្នកដឹងឧបការដែលលោកធ្វើហើយ នឹងធ្វើតបវិញ តែក្នុងទីនេះមិនបានប្រាថ្នាយ៉ាងនោះ ប្រាថ្នាតែត្រឹមមិនភ្លេចគុណរបស់លោកដូចខ្លួនបានទទួលឧបការគុណអំពីលោកអ្នកដទៃដូចមាតាបិតាជាដើម ក៏មិនភ្លេចគុណរបស់លោកដែលបានធ្វើឧបការឲ្យខ្លួនតម្កល់លោកទុកក្នុងឋានៈដែលជាអ្នកមានគុណមានសេចក្ដីគោរពរាប់អានលោក មិនជាមនុស្សលុបគុណរបស់លោក ។

ព្រោះសេចក្ដី សេចក្ដីមានសត្យ ទើបចាត់ជាគុណធម៌ដ៏សំខាន់ក្រៃលែងក្នុងការដែលនឹងទំនុកបម្រុងសីលសិក្ខាបទទី៤ ឲ្យមាំមួនឡើង ។ កាលបើមិនមានសេចក្ដីសត្យសុចរិតទេ សីលនេះក៏នឹងបែកធ្លាយទៅបានដោយងាយ ហេតុនេះ សេចក្ដីមានសត្យ លោកទើបចាត់ជាកល្យាណធម៌ប្រការមួយ សម្រាប់បំពេញជាគូគ្នានឹងសីលសិក្ខាបទទី ៤ ។

៥- សេចក្ដីមានសតិជុំវិញ

បានដល់សេចក្ដីមិនរាយមាយ មិនភ្លេចស្មារតី កាលនឹងធ្វើកិច្ចការអ្វីៗ ក៏ឲ្យមានសតិសម្បជញ្ញៈចាំត្រួតត្រា រវាំងប្រយត្នមិនឲ្យខុសភ្លាត់ ។ គុណធម៌នេះ រាប់ថាជាកិច្ចសំខាន់ប្រការមួយ ដែលនឹងផ្គត់ផ្គង់សីលទុកឲ្យមាំមួន ។ សីលគ្រប់ខដែលនឹងដាច់ធ្លុះធ្លាយទៅបាន ក៏ព្រោះភាពជាអ្នកមិនមានសតិ​សម្បជញ្ញៈប្រចាំការ នឹងធ្វើអ្វីក៏មិនខុសមិនភ្លាត់ភ្លាំង ព្រោះដូច្នោះ ភាពជាអ្នកមានសតិជុំវិញ លោកទើបចាត់ថាជាធម៌ផ្គត់ផ្គង់សីលឲ្យមាំមួន មានប្រភេទដែលនឹងលើកឡើងពោលក្នុងទីនេះ ៤ ប្រការ ៖

ក- សេចក្ដីស្គាល់ប្រមាណក្នុងអាហារដែលនឹងបរិភោគ   អាហារនោះតាមធម្មតាក៏មានប្រយោជន៍ដល់រាងកាយ ធ្វើឲ្យរាងកាយគង់ទ្រង់នៅបាន បើមនុស្សយើងមិនបានអាស្រ័យអាហារទេ ជីវិតរាងកាយក៏គង់ទ្រង់មិនបាន តាមធម្មតាជាយ៉ាងនេះក៏មែនហើយ ប៉ុន្តែសូម្បីដូច្នោះទេ អាហារនោះឯងនឹងក្លាយទៅជាទោសវិញ ហេតុនេះ គប្បីវៀរចាករបស់ដែលជូរផ្អូម ដែលនឹងកឲ្យកើតទោស មិនឲ្យបរិភោគច្រើនពេក ឬឲ្យតិចពេក ឲ្យពិចារណាមើលថា អាហារណាជាទោសដល់រាងកាយ អាហារជាប្រយោជន៍ វៀរចាកអាហារដែលជាទោសបរិភោគតែអាហារដែលមានប្រយោជន៍ ។ បើមិនមានសេចក្ដីដឹងស្គាល់ប្រមាណទេឲ្យតែឃើញអាហារក៏ចេះតែបរិភោគទៅដូច្នេះ រមែងជាទោសកឲ្យកើតសេចក្ដីទុក្ខលំបាកដល់រាងកាយបានក្នុងពេលខ្លះ ព្រោះដូច្នោះលោកទើបប្រដៅឲ្យស្គាល់ប្រមាណក្នុងអាហារ ។

ខ- សេចក្ដីមិនធ្វេសប្រហែសក្នុងការងារ  បានដល់កិរិយាដែលមិនព្រងើយកន្តើយ បណ្ដែត​បណ្ដោយលះចោលធុរៈក្នុងកិច្ចការងារដែលខ្លួនត្រូវធ្វើឲ្យខូចខាត ប្រញាប់ចាត់ចែងប្រញាប់ធ្វើឲ្យរួចស្រេច នឹងធ្វើឲ្យត្រូវតាមកាលៈទេសៈ គប្បីឃើញដូចយ៉ាងធ្វើស្រែចម្ការ នឹងត្រូវប្រញាប់ចាត់ចែងធ្វើឲ្យត្រូវតាមរដូវកាល បើបង្អង់ទុកទៅធ្វើក្នុងវេលាមិនមែនរដូវកាល ក៏ឥតបានផល ។ សូម្បីការលក់ដូរជួញប្រែក៏ត្រូវតែពិចារណាឲ្យសមគួរតាមកាល ត្រូវគិតទុកជាមុនថារបស់លក់វេលានោះ វេលានេះនឹងបានថ្លៃច្រើនឬតិច របស់ណាមានមនុស្សត្រូវការច្រើន របស់ណាមិនសូវមានគេត្រូវការចង់បាន បើជាកិច្ចការរឹតតែល្អិតសំខាន់ឡើង ក៏ត្រូវតែខំពិចារណាឲ្យច្រើនដែរ ដូចធ្វើរាជការ ត្រូវតែជាអ្នកចេះដឹងយល់ច្បាស់ក្នុងវិធីដំណើរការ ប្រុងប្រយត្នឲ្យច្រើនណាស់ នឹងត្រូវតែរក្សារបៀបទុកមិនឲ្យភ្លាត់ភ្លាំង អ្នកដែលមានសេចក្ដីប្រយត្នដូច្នេះ ឈ្មោះថាមិនធ្វេសប្រហែសក្នុងកិច្ចការ ។

គ- សេចក្ដីមានសម្បជញ្ញៈក្នុងការប្រព្រឹត្តខ្លួន   បានដល់កិរិយាដែលដឹងជុំវិញ ក្នុងការដែលខ្លួននឹងធ្វើ នឹងនិយាយ នឹងគិតប្រុងប្រយត្នមិនឲ្យភ្លាត់ភ្លាំង នឹងធ្វើ នឹងនិយាយ នឹងគិត ក៏រំពឹងគិតពិចារណាមើលមុខមើលក្រោយ ផ្លូវបាន ផ្លូវបង់ ឲ្យរបៀបសព្វគ្រប់ កាលបើដឹងថា យ៉ាងណានឹងជាគ្រឿងវិនាសជាផ្លូវឲ្យកើតទោស ក៏វៀរចេញប្រកបតែផ្លូវដែលមានគុណ ដូច្នេះ រមែងជាបច្ច័យឲ្យធ្វើការអ្វីៗ មិនភ្លាត់ខុស នេះឈ្មោះថាសេចក្ដីមានសម្បជញ្ញៈក្នុងការប្រព្រឹត្តខ្លួន ។

ឃ- សេចក្ដីមិនប្រមាទក្នុងធម៌  បានដល់សេចក្ដីញ៉ាំងបញ្ញាចុះពិចារណាឲ្យឃើញតាមសភាពសេចក្ដីកើតពិតរបស់សង្ខារថា មនុស្សយើងដែលកើតមកក្នុងលោកនេះ រមែងត្រូវមានសេចក្ដីចាស់ឈឺស្លាប់ជាធម្មតា ជាយ៉ាងនេះស្មើគ្នាទាំងអស់ ផ្សេងគ្នាតែត្រង់ឆាប់ ឬយូរប៉ុណ្ណោះទេ ។ កាលបើឃើញតាមកើតពិតហើយ មិនធ្វើខ្លួនឲ្យជាមនុស្សមួម៉ៅ ស្រវឹងជាប់នៅក្នុងសេចក្ដីសុខដែលមានប្រមាណតិច ប្រញាប់ប្រញាល់ធ្វើសេចក្ដីល្អប្រពៃ ធ្វើខ្លួនឲ្យជាប្រយោជន៍ដល់ខ្លួនដល់អ្នកដទៃ ឲ្យសមគ្នានឹងភាពជាអ្នកដែលរស់នៅអាស្រ័យលោក កាលយល់ឃើញថាកិច្ចឯណាធ្វើមិនទាន់បានសម្រេច ឬមិនទាន់ធ្វើនៅឡើយ ក៏ខំប្រញាប់ចាត់ចែងធ្វើកិច្ចនោះឲ្យរួចស្រេចទៅ កាលវេលាសេចក្ដីស្លាប់នឹងមានមកដល់ ក៏នឹងមិនបាននឹកស្ដាយក្រោយថា ការយ៉ាងនោះយ៉ាងនេះយើងមិនទាន់បានធ្វើ បើបានធ្វើរួចស្រេចហើយ សូម្បីនឹករឭកឃើញក្នុងវេលាណា ក៏រមែងបានទទួលសេចក្ដីរីករាយក្នុងកិច្ចការដែលខ្លួនបានចាត់ចែងធ្វើឲ្យស្រេចហើយនោះ ។

មួយទៀត សេចក្ដីល្អនិងសេចក្ដីអាក្រក់ ជារបស់របស់ដែលមនុស្សគ្រប់រូបមិនគួរប្រមាទ ព្រោះធម៌ទាំងពីរនេះ ឲ្យផលមិនស្មើគ្នាទេ សេចក្ដីល្អឲ្យផលជាសុខ សេចក្ដីអាក្រក់ឲ្យផលជាទុក្ខ សេចក្ដីល្អជារបស់មនុស្សគ្រប់រូបគួរប្រញាប់បំពេញ សេចក្ដីអាក្រក់ជារបស់ដែលគួរវៀរដោយដាច់ខាត សូម្បីសេចក្ដីអាក្រក់ ខ្លួននឹងធ្វើតែត្រឹមបន្តិចបន្តួចប៉ុណ្ណោះ ក៏មិនគួរធ្វើដែរ ការធ្វើបន្តិចម្ដងៗនោះឯង នឹងជាហេតុឲ្យច្រើនឡើងបាន ។ សេចក្ដីល្អនោះគួរតែព្យាយាមធ្វើឲ្យច្រើនឡើង ប៉ុន្តែ បណ្ដាសេចក្ដីល្អនិងសេចក្ដីអាក្រក់ទាំងពីរនេះ សេចក្ដីល្អ​ច្រើនតែធ្វើបានក្រជាងសេចក្ដីអាក្រក់ ត្រូវតែអាស្រ័យសេចក្ដីព្យាយាមខំប្រឹងធ្វើ សូម្បីខាងដើមមិនចូលចិត្តចង់ធ្វើសោះ ក៏ត្រូវតែខំប្រឹងទន់ទាញចិត្តឲ្យទាល់តែមានអធ្យាស្រ័យថ្នឹកឬជាប់ស្និទ្ធ ឯសេចក្ដីល្អនោះរមែងនឹងជាទីពឹងរបស់ខ្លួនបាន ទាំងក្នុងបច្ចុប្បន្ននិងភពមុខ កាលបុគ្គលបានប្រតិបត្តិខ្លួនឲ្យដំណើរទៅតាមធម៌ ដែលពោលមកនេះហើយ ឈ្មោះថាជាអ្នកមិនប្រមាទក្នុងធម៌ ។

ការមានសតិជុំវិញនេះ កាលមាននៅក្នុងខ្លួនហើយ រមែងនឹងជាបច្ច័យឲ្យតាំងខ្លួនទុកក្នុងគុណធម៌ដែលល្អ នឹងធ្វើ នឹងនិយាយ នឹងគិត មិនខុស មិនភ្លាត់ ចាត់ជាគ្រឿងប្រដាប់របស់អ្នកមានសីល ធ្វើឲ្យសីលដែលខ្លួនរក្សារឹតតែមាំមួនក្រៃលែងឡើង លោកទើបចាត់សតិថាជាកល្យាណធម៌ប្រការមួយ សម្រាប់បំពេញជាគូនឹងសិក្ខាបទទី៥ ។

កល្យាណធម៌ ៥ ប្រការដូចពោលមកនេះ សូម្បីតែ១ប្រការក៏រមែងជាគ្រឿងទំនុកបម្រុងសីលឲ្យមាំមួនបានដែរ ប្រៀបដូចស្នូលដែកដែលនៅក្នុងសសរស៊ីម៉ងត៍ រមែងធ្វើសសរនោះរឹងប៉ឹងមាំទាំខ្លាំងឡើងទៀត ហេតុនេះ មនុស្សគ្រប់រូបគួរតែបំពេញធម៌ ៥ ប្រការនេះឲ្យជាគូគ្នាទៅនឹងសីលជាប់ជានិច្ចចុះ ។

គោលដែលត្រូវចាំក្នុងសីលនិងធម៌

១- បាណាតិបាត ជាគូនឹង មេត្តា, ករុណា

២- អទិន្នាទាន ជាគូនឹង សម្មាអាជីវៈ

៣- កាមេសុមិច្ឆាចារ  ជាគូនឹង សទារសន្ដោស

៤- មុសាវាទ ជាគូនឹង សច្ច

៥- សុរាមេរយ  ជាគូនឹង សតិ

ចប់

[១] ច្បាប់ធម្មចក្សុ ខ្សែ ២២ ទំព័រ ៩៩៧ ។

[២] ក្បួនច្បាប់ក្នុងព្រះពុទ្ធសាសនា សុទ្ធតែប្រដៅមនុស្ស ឲ្យមានព្យាយាមប្រឹងប្រែងទាំងអស់ មិនដែលប្រដៅឲ្យខ្ជិលច្រអូសទេ គឺប្រដៅថា បើជាគ្រហស្ថត្រូវខំធ្វើការចិញ្ចឹមជីវិត ឬខំប្រព្រឹត្តធម៌ឲ្យមែនទែន កុំខ្ជិល កុំធ្វេសប្រហែសឡើយ បើជាភេទបព្វជិតវិញ ត្រូវតែខំប្រឹងប្រព្រឹត្តឲ្យខ្លាំងក្លាលើសគ្រហស្ថទៅទៀត ។ ប៉ុន្តែរឿងនេះ មានអ្នកខ្លះដែលមិនយល់ច្បាស់ក្នុងផ្លូវធម៌របស់ព្រះពុទ្ធសាសនានោះ ត្រឡប់ជាតិះដៀលថា ព្រះពុទ្ធសាសនាប្រដៅមនុស្សឲ្យខិ្ជលច្រអូស អ្នកកាន់ព្រះពុទ្ធសាសនាសុទ្ធតែជាមនុស្សទម្រន់ ពួកអ្នកបួសជាមនុស្សខ្ជិលណាស់ឥតបានការអ្វីសោះ ។ អ្នកមានគំនិតបែបនេះខុសស្រឡះ ព្រោះតែខ្លួនល្ងង់ខ្លៅ ឬខ្លួនមិនធ្លាប់ហែល បានជាហ៊ានថា ស្មានបំពានដូច្នេះ ។

ឃុនបណ្ណានុរ័ក្ស  ប៊ូ ប៉ូ
រៀបរៀង

 ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៥៥

បញ្ចេញយោបល់ ៖