បន្លា​មុត យក​បន្លា​ជោះ

វិស័យមនុស្សពាល បើពុំមានអ្នកណា សង្កត់សង្កិនផ្ចាញ់ផ្ចាលទេ ក៏រឹតតែបានចិត្តព្រហើនកោងកាចឈ្លានពានខ្លាំងឡើងលើសដើម ដោយសម្គាល់ថា គេខ្លាចខ្លួន ដូចគោធ្លាប់គៀចម្ដងបានហើយ ក៏ឡើងចាងចេះតែគៀចញយៗតទៅទៀត ។ ប៉ុន្តែ បើមានអ្នកណាគេដឹងពុតទាន់ គេធ្វើអំពើយង់ឃ្នងផ្ចញ់ផ្ចាលតបវិញភ្លាម ។ មនុស្សពាលក៏នឹងរាងចាលអស់ពុតត្បុតខ្លះមិនខាន ។ ដូចមានរឿងដំណាល ក្នុងកូដវាណិជជាតកទុកនិបាតថា ៖

មានឈ្នួញពីរនាក់ ម្នាក់នៅក្រុង ម្នាក់នៅស្រុកស្រែ ជាសម្លាញ់នឹងគ្នាយ៉ាងជិតស្និទ្ធ រកស៊ីលក់ដូរចូលគ្នាជានិច្ច ទាល់តែជឿចិត្តគ្នាទៅវិញទៅមកឥតសង្ស័យ ។ ថ្ងៃមួយ ឈ្មួញនៅស្រុកក្រៅយកផាលប្រាំរយទៅផ្ញើទុកនឹងឈ្មួញនៅក្នុងក្រុង ។ ឯឈ្មួញអ្នកក្រុងទទួលយកផាលទៅទុកនៅកន្លែងមួយ ហើយចេះតែលក់ដាច់អស់ផាលទៅ ទើបគិតថាសម្លាញ់អញ ជឿទុកចិត្តអញយូរណាស់មកហើយ អញនិយាយអ្វីៗ ក៏ចេះតែជឿអញដែរ ឥឡូវនេះ ត្រូវអញធ្វើឧបាយកលយកប្រាក់ថ្លៃផាលរបស់សម្លាញ់ឲ្យអស់ទាំងប្រាំរយផាល ទើបប្រើមនុស្សឲ្យរកកើបអាចម៍កណ្ដុរពីទីនេះទីនោះឲ្យបានច្រើនយកមកចាក់គរជាគំនរធំនៅត្រង់កន្លែង ដែលខ្លួនដាក់ផាលនោះ ធ្វើហាក់ដូចជាកណ្ដុរស៊ីផាលអស់ ដោយគំនិតគិតទុកថា បើសម្លាញ់អញមកទារប្រាក់ថ្លៃផាល អញនឹងប្រាប់ថា បានប្រាក់ពីណា បើកណ្ដុរវាស៊ីផាលអស់ទៅហើយ ឥតបានលក់ផាលមួយសោះ ។

កន្លងមកមិនយូរប៉ុន្មានថ្ងៃ ឈ្មួញស្រុកក្រៅមកទាររកប្រាក់ថ្លៃផាលពីឈ្មួញអ្នកក្រុង ។ ឈ្មួញអ្នកក្រុងធ្វើឫកពើហាក់ដូចជាអាណិតសម្លាញ់ខ្លាំងណាស់ និយាយប្រាប់ថា ឱសម្លាញ់ ! ខ្ញុំមិនចង់នឹកនាទេ តែនឹកពីរឿងផាលឡើង អាណិតសម្លាញ់ណាស់ស្ទើរស្រក់ទឹកភ្នែក ដ្បិតកណ្ដុរវាស៊ីផាលទាំងប្រាំរយអស់រលីង ឥតសល់ផាលមួយសោះ សូម្បីតែលក់ដាច់ផាលមួយក៏គ្មានដែរ ខ្ញុំឲ្យគេរៀបទុកដាក់ផាលនៅកន្លែងមួយជិតដិតល្អណាស់ លុះកន្លងមកមិនយូរប៉ុន្មាន ខ្ញុំឲ្យមនុស្សទៅជញ្ជូនយកផាលមកលក់ ស្រាប់តែបាត់ផាលអស់ គ្មានឃើញមួយសោះ ត្រឡប់ជាឃើញសុទ្ធតែអាចម៍កណ្ដុរទៅវិញ ប្រាកដជាកណ្ដុរវាស៊ីផាលអស់ ហើយវាជុះអាចម៍ទុកគរនៅកន្លែងនោះ បើសម្លាញ់មិនជឿខ្ញុំ ចូរសម្លាញ់ទៅមើលឲ្យឃើញនឹងភ្នែកខ្លួនចុះ រឿងនេះហួសវិស័យខ្ញុំនឹងថែរក្សាការពារបាន ហើយសូមសម្លាញ់កុំគិតស្មានថាជាការអ្វីឡើយ ។ ឈ្មួញជនបទចូលទៅមើលកន្លែងដាក់ផាល ឃើញសុទ្ធតែអាចម៍កណ្ដុរមែន ទើបនៅស្ងៀមស្ងាត់មិនថាអ្វីមួយម៉ាត់សោះ ប៉ុន្តែនឹកក្នុងចិត្តថា ផាលជាដែក ជារបស់រឹងណាស់ មិនមែនជាអាហារចំណីរបស់កណ្ដុរទេ ហេតុអ្វីក៏សម្លាញ់អញនិយាយថា កណ្ដុរស៊ីផាលអស់ ធ្មេញកណ្ដុរអាចករកេរដែកដាច់ដែរឬ ? ម្យ៉ាងទៀត ក្លិនឬរសរបស់ដែក ក៏មិនគួរនាំឲ្យកណ្ដុរកាត់ឬស៊ីបានទេ បើដូច្នេះ ច្បាស់ជាសម្លាញ់នេះមិនស្មោះត្រង់នឹងអញទេ មុខជាគិតកោងបោកប្រាស់យកប្រាក់អញជាប្រាកដ ណ្ហើយចុះ ចាំអញគិតធ្វើឧបាយកលផ្ទញ់ផ្ទាល់នឹងឧបាយកលវិញ ព្រោះវិស័យពាលបើមិនធ្វើឲ្យដឹងខ្លួនខ្លះទេ មុខជាវាចេះតែបានចិត្ត ចេះតែឡើងចាង ហ៊ានកុហកបញ្ឆោតបោកប្រាស់អញញយៗតទៅទៀត ហើយព្រហើនមើលងាយអ្នកដទៃ ថាគេមិនដឹងដល់គំនិតខូចវៀចវេររបស់ខ្លួន ពេលនេះ គួរតែអញទូន្មានសម្លាញ់អញដោយអាជ្ញាដ៏ធ្ងន់ ទើបបានស្មើសមគ្នា ។

ឈ្មួញជនបទស្រុកក្រៅ លុះគិតឃើញយ៉ាងនេះហើយ ថ្ងៃមួយទៅលួចនាំយកកូនប្រុសតូចរបស់ឈ្មួញអ្នកក្រុងទៅងូតទឹកឯកំពង់ ហើយនាំកូននោះទៅផ្ញើលាក់បំពួនទុកនឹងញាតិសន្ដាននៅភូមិមួយឆ្ងាយមិនឲ្យអ្នកណាដឹងឮ ហើយផ្ដាំថា កុំឲ្យកូនតូចនេះចេញមកក្រៅបន្ទប់ឲ្យសោះ រហូតដល់ខ្ញុំត្រឡប់មកយកកូននេះទៅវិញ ។ អ្នកផ្ទះក៏ទទួលមើលថែរក្សាកូននោះតាមបណ្ដាំគ្រប់ប្រការ ។ ឯឈ្មួញអ្នកស្រុកក្រៅផ្ញើកូនរួចហើយ ត្រឡប់ទៅឯផ្ទះឈ្មួញអ្នកក្រុងវិញ ។ ចំណែកឈ្មួញអ្នកក្រុងបាត់កូន ខំដើររកសព្វច្រកល្ហកពុំឃើញ ដ្បិតកាលសម្លាញ់លួចនាំយកកូនទៅនោះ ខ្លួនពុំបានដឹង លុះស៊ើបសួរដំណឹងទៅ ឮគេប្រាប់ថា សម្លាញ់នាំកូនទៅងូតទឹកតាំងពីព្រឹកព្រហាម លុះពេលជិតព្រលប់ទើបឃើញសម្លាញ់នោះ មកដល់ផ្ទះ ក៏ស្រែកសួរពីចម្ងាយថា នៃសម្លាញ់ អ្នកនាំកូនខ្ញុំទៅងូតទឹកមែនឬទេ ?

ឆ្លើយ – ខ្ញុំនាំកូនអ្នកទៅងូតទឹកមែន ។

សួរ – នាំទៅងូតទឹកកន្លែងណា ?

ឆ្លើយ – នាំទៅត្រង់កំពង់អ្នកនេះឯង ។

សួរ – ចុះម៉េចក៏បាត់យូរដល់ម្ល៉េះ ?

ឆ្លើយ – ព្រោះកើតហេតុដែលគួរឲ្យតក់ស្លុត បើប្រាប់គេទៅគ្មានអ្នកណាជឿទេ ។

សួរ – កើតហេតុដូម្ដេចខ្លះ ?

ឆ្លើយ – កើតហេតុកន្លែងឆាបកូនក្មេង ។

ឈ្មួញអ្នកក្រុង គ្រាន់តែឮដូច្នោះ ក៏នឹកដល់កូនខ្លួនភ្លាម ទើបសួរយ៉ាងប្រញាប់ថា កូនខ្ញុំទៅឯណា ?

ឆ្លើយ – កូនសម្លាញ់សត្វក្លែងឆាបយកទៅបាត់ហើយ , ខ្ញុំចុះទៅងូតទឹកឲ្យវានៅចាំលើមាត់ច្រាំង ស្រាប់តែសត្វខ្លែងហើរចុះពីអាកាសមកឆាបយកកូនសម្លាញ់បាត់ទៅ ខ្ញុំដេញវាមិនទាន់សោះ ជាការហួសវិស័យរបស់ខ្ញុំៗ ដេញតាមវាទាល់តែអស់កម្លាំងរត់មិនរួច ទើបវិលមកវិញ ព្រោះជាប់ដេញតាមសត្វខ្លែង បានជាខ្ញុំបាត់យូរតាំងពីព្រលឹម ដល់ព្រលប់យ៉ាងនេះ ។

ឈ្មួញអ្នកក្រុងនឹកអាឡោះអាល័យស្ដាយកូន ក៏ទួញយំសោកស្រក់ទឹកភ្នែកសស្រាក់ហើយនិយាយថា សត្វខ្លែងនោះខ្លួនវាតូចទេ ម៉េចក៏វាឆាបយកកូនខ្ញុំដែលខ្លួនធំជាងវាទៅរួច ពាក្យអ្នកឯងនោះមិនគួរឲ្យជឿទេ (ដែលគេថាយ៉ាងនេះ ព្រោះគេភ្លេចរឿងកណ្ដុរស៊ីផាលដែក ) ។

ឈ្មួញស្រុកក្រៅឆ្លើយថា សត្វខ្លែងវាតូចក៏មែនហើយ ប៉ុន្តែវាឆាបយកកូនទៅបាន ទើបជារឿងគួរឲ្យឆ្ងល់ គួរឲ្យអស្ចារ្យណាស់ អ្នកទាំងពីរប្រកែកជជែកឈ្លោះគ្នាជាខ្លាំង ឈ្មួញអ្នកក្រុងប្រកែកមិនព្រមជឿថា សត្វខ្លែងឆាបយកកូនខ្លួនសោះ សូម្បីស្ដាប់ឮទាំងអស់ ក៏គ្មានអ្នកណាម្នាក់ជឿដែរ ។ ឯឈ្មួញស្រុកក្រៅ បើទុកជាគេមិនជឿពាក្យខ្លួនសោះ ក៏នៅតែនិយាយពាក្យដដែលថា សត្វខ្លែងឆាបកូនក្មេងយកទៅបាត់ មិនរើរុះប្រែប្រួលឡើយ ។ ទើបឈ្មួញអ្នកស្រុកក្រុងនាំយករឿងនេះទៅប្ដឹងចៅក្រមសាលាចោទប្រកាន់ថា ឈ្មួញស្រុកក្រៅសម្លាប់កូនរបស់ខ្លួនដោយអាងថា សត្វខ្លែងឆាបយកទៅ ។

កាលតុលាការសួរដេញដោលថា អ្នកបាននាំកូនក្មេងទៅងូតទឹកឯកំពង់ពិតមែនឬទេ ?

ឆ្លើយ – បាទ ! ខ្ញុំបាទបាននាំក្មេងនោះទៅងូតទឹកមែន ។

សួរ – សត្វខ្លែងឆាបយកក្មេងនោះទៅមែនឬ ?

ឆ្លើយ – បាទ ! មែនពិតហើយ ។

តុលាការសួរផ្ទួនៗដល់៣ ដងថា សត្វខ្លែងឆាបយកក្មេងនោះទៅមែនឬ ? ឆ្លើយថា មែនទាំង៣ដង ។ តុលាការមិនជឿពាក្យថា សត្វខ្លែងឆាបក្មេងនោះសោះ ចេះតែជំរិតសួរហើយសួរទៀត គំហកកំហែងយ៉ាងណា ចម្លើយនៅតែឆ្លើយប្រកាន់ពាក្យដដែលឥតរើរុះ ។

តុលាការនឹងវិនិច្ឆ័យថា ចម្លើយសម្លាប់កូនក្មេង ឬលួចពង្រត់កូនក្មេងក៏មិនបាន ព្រោះពុំមានសាក្សីជាសំអាងថា ចម្លើយបានធ្វើយ៉ាងនោះមែន ឬនឹងវិនិច្ឆ័យតាមពាក្យរបស់ចោទក៏ថា ក្មេងនោះសត្វខ្លែងឆាបយកទៅក៏មិនបាន ព្រោះមិនមានអ្នកណាដឹងឃើញផង ទើបតុលាការលួងលោមឈ្មួញស្រុកក្រៅថា សូមប្រាប់តាមការណ៍​ពិតទៅចុះ រឿងនេះតើដូចម្ដេច ?

ឈ្មួញស្រុកក្រៅគិតថា ពេលនេះ គួរអញបញ្ចេញសេចក្ដីពិតហើយ ទើបចាប់ផ្ដើមសួរតុលាការថា លោកធ្លាប់ឃើញកណ្ដុរស៊ីផាលដែកដែរឬទេ ?

តុលាការឆ្លើយថា យើងមិនធ្លាប់ឃើញទេ លុះឆ្លើយយ៉ាងនេះហើយ លោតែនឹកឃើញភ្លាមថា ប្រហែលជាចោទក៏នឹងចម្លើយមានរឿងទាស់ទែងគ្នាពីមុនមកហើយ ទើបសួរថា រឿងកណ្ដុរស៊ីផាលនោះមានហេតុដូចម្ដេចខ្លះ ចូរដំណាលឲ្យយើងស្ដាប់ផង ។

ឈ្មួញស្រុកក្រៅដំណាលរឿងដើមប្រាប់តុលាការថា យើងខ្ញុំទាំងពីរនាក់ជាសម្លាញ់នឹងគ្នា ជឿទុកចិត្តគ្នាជាយូរយារណាស់មកហើយ ខ្ញុំបានយកផាលដែកប្រាំរយទៅផ្ញើនឹងសម្លាញ់ទុកលក់ឲ្យផង លុះខ្ញុំមកទារប្រាក់ថ្លៃផាល សម្លាញ់អ្នកចោទក៏ប្រាប់ខ្ញុំថា ផាលអ្នកឯងកណ្ដុរស៊ីអស់ទៅហើយ អ្នកចូរទៅមើលអាចម៍កណ្ដុរចុះ ខាងក្រោយមក ខ្ញុំនាំកូនរបស់សម្លាញ់ទៅងូតទឹក ក៏កើតសត្វខ្លែងមកឆាបយកកូនក្មេងនោះទៅ បើកណ្ដុរស៊ីផាលបាន សត្វខ្លែងក៏ឆាបយកក្មេងទៅបានដូចគ្នា បើកណ្ដុរស៊ីផាលមិនបានទេ សត្វខ្លែងក៏ឆាបយកក្មេងទៅមិនបានដូចគ្នាដែរ ។

ទើបតុលាការសួរចោទក៍ថា កណ្ដុរស៊ីផាលមែនឬទេ ?

ឆ្លើយ – រឿងនេះមិនមែនទេ ព្រោះខ្ញុំបញ្ឆោតយកប្រាក់ថ្លៃផាលរបស់គេ បានជាប្រាប់កុហកថា កណ្ដុរស៊ីផាលអស់ទៅហើយ ។

សួរ – អាចម៍កណ្ដុរមានច្រើននៅកន្លែងនោះមែនឬទេ ?

ឆ្លើយ – មែន ព្រោះខ្ញុំប្រើមនុស្សឲ្យជញ្ជូនអាចម៍កណ្ដុរយកពីទីដទៃមកចាក់នៅទីនោះ ។

សួរ – អ្នកព្រមបង្វិលប្រាក់ថ្លៃផាលឲ្យដល់ចម្លើយវិញឬទេ ?

ឆ្លើយ – ខ្ញុំព្រមបង្វិលប្រាក់ថ្លៃផាលឲ្យចម្លើយទាំងអស់ ។

តុលាការនិយាយនឹងចម្លើយថា ឥឡូវនេះ ចោទក៍គេព្រមឲ្យប្រាក់ថ្លៃផាលមកអ្នកវិញហើយ រឿងកូនរបស់ចោទក៍ដែលអ្នកនាំយកទៅងូតទឹកនោះ សត្វខ្លែងឆាបយកទៅមែនឬទេ ។

ឆ្លើយ – មិនមែនទេ !

សួរ – អ្នកយកក្មេងនោះទៅទុកឯណា ?

ឆ្លើយ – ខ្ញុំយកទៅផ្ញើទុកនឹងញាតិនៅភូមិឯណោះ ។

សួរ – អ្នកព្រមទៅយកកូននោះមកប្រគល់ឲ្យចោទក៍វិញឬទេ ?

ឆ្លើយ – បើចោទក៍ព្រមបង្វិលប្រាក់ថ្លៃផាលឲ្យខ្ញុំៗ ក៏នឹងព្រមបង្វិលក្មេងឲ្យដល់ចោទក៍វិញដែរ ។

តុលាការវិនិច្ឆ័យឲ្យឈ្មួញអ្នកក្រុងប្រគល់ប្រាក់ថ្លៃផាល ឲ្យទៅឈ្មួញស្រុកក្រៅ ហើយវិនិច្ឆ័យឲ្យឈ្មួញស្រុកក្រៅប្រគល់កូនឲ្យឈ្មួញអ្នកក្រុងវិញ ។ ចាប់ដើមអំពីនោះមក ឈ្មួញទាំងពីរនាក់ក៏សុខចិត្តសះជានឹងគ្នា លែងចោទប្រកាន់គ្នាទៅវិញទៅមក ប៉ុន្តែលែងទុកចិត្តគ្នាតទៅមុខទៀត ។

រឿងនេះបានគតិជា២យ៉ាងគឺ ៖

១- ឈ្មួញអ្នកក្រុង ត្រូវមហាជនតិះដៀលថាជាមនុស្សអាក្រក់ ទុច្ចរិតទ្រុស្តមិត្ត មិនគួរអ្នកផងចូលសមាគមសេពគប់រាប់រកឡើយ ។

២- ឈ្មួញស្រុកក្រៅ ត្រូវមហាជនលើកតម្កើងសរសើរថាជាមនុស្សល្អសុចរិត មានឧបាយល្អិតសុខុមគិតធ្វើកិច្ចកលផ្ទញ់ផ្ទាល់កិច្ចកល បំបាត់សេចក្ដីទុច្ចរិតរបស់ឈ្មួញអ្នកក្រុងបាន ដូចសុភាសិតបុរាណថា បន្លាមុត យកបន្លាជោះ ។

 លោក ប៊ូ ប៉ូ រៀបរៀង

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៥៩