អំពី​អាហារ​ភោជន

គ្រឿងអាហារភោជនដែលមានគុណ ឬទោសស្រេចតែវិធីប្រុងផ្សំឬដាំស្លតាមបែបអនាម័យ គឺថា ៖

១- អាហារដែលប្រកបដោយមំសៈ បើឆៅឬស្រស់ ឬស្ទើរឆៅស្ទើរឆ្អិន ឆាប់រលាយជាង ហើយនាំឲ្យមានប្រយោជន៍ដល់រាងកាយច្រើនជាងសាច់ឆ្អិន មានប្រយោជន៍ច្រើនជាងសាច់ត្រាំ ឬដែលហាលស្ងួតហើយ ។ ហេតុនេះ ត្រូវចម្អិនមំសៈឲ្យឆ្អិនត្រឹម ៥ នាទីទឹកពុះ ឬបន្ថយកម្ដៅឲ្យចុះមកទៀតក៏បាន ដើម្បីកុំឲ្យមំសៈនោះឆ្អិនហួសពេក ។

២- តាមធម្មតា សាច់ត្រីច្រើនមានខ្លាញ់តិចមិនល្មមគ្រប់គ្រាន់នឹងសេចក្ដីត្រូវការរបស់រាងកាយ ជាតិត្រីដែលមានខ្លាញ់ច្រើននោះមិនសូវសម្បូណ៌ទេ ហេតុនេះ វេលាប្រុងអាហារភោជនបែបនេះ ត្រូវលាយខ្លាញ់សត្វដទៃផង លើកលែងតែត្រីដែលមានខ្លាញ់ច្រើនស្រាប់ ។ បើត្រូវការបរិភោគតែសាច់ត្រីសុទ្ធ ត្រូវយកទៅចៀននឹងខ្លាញ់ល្អជាងយកទៅចំហុយ ឬឆ្អើរ ឬអាំង បើស្លត្រី ត្រូវច្របាច់ខ្ទិះដូងដាក់ផង មានទំនងដូចសម្លការីជាដើម ។

៣- ការដាំបាយ កុំជាត់ទឹកបាយចោលឲ្យសោះ ព្រោះរបស់វិសេសជាតិបាយតែងរលាយចេញមកជាមួយនឹងទឹកបាយ ដូច្នេះគួរប្រើវិធីចម្អិនបាយដោយលៃទឹកនឹងអង្ករ ឲ្យទឹករីងព្រមនឹងបាយឆ្អិន កុំបាច់ជាត់ទឹកបាយចោល ឬមួយនឹងប្រើទឹកបាយទទួលទានជំនួសទឹកស៊ុបក៏បាន មិនគួរចាក់ទឹកបាយឲ្យឆ្កែស៊ី ហើយខ្លួនឯងបែរជាបរិភោគតែកាកបាយដូច្នេះទេ ។ តាមដោយពិត យើងគួរបរិភោគទឹកបាយ ឯសាច់បាយគួរឲ្យទៅឆ្កែស៊ីវិញ ។

៤- ការប្រើបន្លែស្រស់បរិភោគឆៅៗ ដូចជាញាំសាលាដជាដើមនោះ ដំបូងត្រូវលាងឲ្យស្អាតហើយត្រាំបន្លែនោះក្នុងទឹក វេលាហាន់រួចត្រូវលាងដោយទឹកម្ដងទៀត បើបន្លែនេះស្អាតក៏គួរដែរ តែក្នុងខណៈកើតជំងឺអាសន្នរោគដល់ប្រជាជន មិនគួរគប្បីប្រើបន្លែស្រស់ទេ ។

៥- អ្នកដែលមានមុខក្រសួងខាងប្រកបអាហារភោជននោះត្រូវមានសំពត់អៀមយ៉ាងសស្អាតចងនៅនឹងខ្លួនជានិច្ច ។ វេលាដាំស្លរួចហើយត្រូវលាងដៃឲ្យស្អាតនឹងកាត់ក្រចកឲ្យខ្លីជានិច្ច ។

៦- កាលបើរៀបចំអាហារភោជនរួចហើយមិនត្រូវប្រើដៃចាប់ពាល់ទេ គឺត្រូវយកវែក, ស្លាបព្រាផង ដួសជំនួសដៃ សូម្បីចាប់នំប៉័ងទទួលទានក៏ត្រូវប្រើសមដែលស្អាតដែរ ទើបអស់សេចក្ដីរង្កៀស ។

៧- ក្នុងពេលដែលកំពុងធ្វើអាហារភោជនផ្សេងៗនោះ មិនត្រូវនិយាយស្ដីច្រើនពេក ព្រោះអាចនឹងធ្វើឲ្យទឹកមាត់ខ្ទាតធ្លាក់ទៅក្នុងអាហារភោជននោះៗបាន ។

អាហារដែលធ្វើឲ្យឧច្ចារៈជ្រាយធូរស្រួលនោះគឺ ៖

១- ថ្លើមសត្វផ្សេងៗ មានថ្លើមមាន់និងថ្លើមទាជាដើម ។

២- សម្លឬម្ហូបដែលបង់ម្ជូរអម្ពិល មានសម្លម្ជូរជាដើម ។

៣- ផ្លែឈើស្រស់ផ្សេងៗ ដែលមានផ្លែតាមរដូវកាលជាដើម ។

៤- នំប៉័ងខ្មៅ (នំប៉័ងនេះសម្បុរប្រផេះ) ជាដើម ។

៥- ទឹកបង្អែម ទឹកឃ្មុំ និងកាហ្វេ ។

របស់អស់នេះជាគ្រឿងធ្វើឲ្យលាមកចេញមកធូរស្រួលមិនក្ដៀនក្ដាំងទល់លាមកជាដើម ។

ខ. ស.
ជាអ្នកប្រែនិងរៀបរៀង
ខេមរង្សី

បញ្ចេញយោបល់ ៖