មរណានុស្សតិកម្មដ្ឋានពិស្ដារ

វិនិច្ឆ័យក្នុងមរណានុស្សតិកម្មដ្ឋាននិទ្ទេស

តត្ថមរណៈសតិយាភាវនានិទ្ទេសេ ក្នុងមរណានុស្សតិភាវនានិទ្ទេសនោះ មានសេចក្ដីថា ព្រះយោគាវចរ នឹងចម្រើននូវមរណានុស្សតិកម្មដ្ឋាននោះ គប្បីរឭកដល់សេចក្ដីស្លាប់ ឲ្យជានិច្ចជាប់នៅក្នុងសន្ដាន ។

ឯមរណៈនោះ សំដៅយកសេចក្ដីដែលដាច់ជីវិតិន្រ្ទិយ ដែលមានកំណត់ដោយភពតែ ១ គឺថាកើតឡើងក្នុងភពណាជាសត្វមានជីវិតហើយដល់ចុតិទម្លាយខន្ធសូន្យដាច់ជីវិតិន្រ្ទិយ ទៅចាកភពនោះបានឈ្មោះថាមរណៈ សេចក្ដីមរណៈយ៉ាងនេះ គួរនឹងយកមកជាអារម្មណ៍នៃមរណានុស្សតិ កម្មដ្ឋានបាន ។

ឯមរណៈមាន ៣ ប្រការទៀតគឺសមុច្ឆេទមរណៈ ខណិកមរណៈ សម្មតិមរណៈ ។ មរណៈទាំង ៣ នេះ មិនគួរនឹងយកមកជាអារម្មណ៍នៃមរណានុស្សតិកម្មដ្ឋានឡើយ សមុច្ឆេទមរណៈនោះ បានខាងឯព្រះអរហន្ត ដែលកាត់បង់នូវវដ្ដទុក្ខ កិច្ចដែលសម្រេចដល់ព្រះអរហត្ត កាត់បង់នូវទុក្ខក្នុងសង្សារវដ្ដបាននោះ ចាត់ជាមរណៈប្រការ ១ ហៅថាសមុច្ឆេទមរណៈ ខណិកមរណៈនោះ បានខាងសង្ខារធម៌ដែលរលត់រលាយគ្រប់ៗខន្ធ គឺថាចិត្តនិងចេតសិក ដែលកើតឡើងជាឧប្បាទខណៈ តាំងនៅជាថិតិខណៈ រលត់ទៅជាភង្គខណៈ នោះចាត់ជាមរណៈប្រការ ១ ហៅថាខណិមរណៈ សម្មតិមរណៈនោះ បានខាងសេចក្ដីស្លាប់ ដែលលោកសម្មតិ ដោយលោកវោហារហៅថាដើមឈើស្លាប់ ទង់ដែងស្លាប់ ដែកស្លាប់ជាដើម ចាត់ជាមរណៈប្រការ ១ ហៅថាសម្មតិមរណៈ ក៏មរណៈទាំង ៣ ប្រការនេះ ព្រះយោគាវចរ កុំប្រាថ្នាយកមកជាអារម្មណ៍ ក្នុងកាលដែលចម្រើនមរណានុស្សតិកម្មដ្ឋាននោះឡើយ មរណៈដែលគួរនឹងយកមកជាអារម្មណ៍នោះ ព្រះអដ្ឋកថាប្រាថ្នាយកមរណៈ ២ ប្រការ គឺ កាលមរណៈ ១ អកាលមរណៈ ១ កាលមរណៈនោះ គឺស្លាប់ដោយអស់បុណ្យអស់អាយុ អធិប្បាយថាសត្វទាំងពួងដែលមានកុសល ជាជនកកម្មនាំឲ្យបដិសន្ធិ ក្នុងទីដែលជាសុខ បើកុសលដែលជាឧបត្ថម្ភកគាំទ្រនោះ មិនបានទំនុកបម្រុងរហូតទៅ បើទុកជាមានបច្ច័យគឺអាហារដែលតអាយុ នោះនៅមានបរិបូណ៌ក្ដី ក៏គង់មិនអាចនិងវឌ្ឍនាការចម្រើនទៅបាន និងដល់នូវកិរិយាច្យុតិ ចាកខន្ធ ដាច់ជិវិតិន្រ្ទិយ ព្រោះហេតុកុសល ឧបត្ថម្ភកតទៅពុំបាន មរណៈយ៉ាងនេះហៅថា បុញ្ញក្ខយមរណៈ គឺស្លាប់ដោយអស់បុណ្យ មានពាក្យដីកាចារ្យចូលមកថា បុញ្ញក្ខយមរណៈ ស្លាប់ដោយអស់បុណ្យនេះថា ដោយសត្វដែលកើតក្នុងសម្បត្តិភព គឺភពបរិបូណ៌ដោយសម្បត្តិ ថាបើសត្វដែលកើតក្នុងវិបត្តិភព គឺភពប្រកបដោយសេចក្ដីទុក្ខលំបាកដរាបដល់អស់បាប អស់អកុសលកម្មនៃខ្លួន ហើយទើបធ្វើកាលកិរិយាចាកវិបត្តិភពនោះទៅ មរណៈយ៉ាងនេះហៅថា បាបក្ខយមរណៈ ស្លាប់ដោយអស់បាប ។

ឯអាយុក្ខយមរណៈនោះ គឺស្លាប់ដោយអស់អាយុនោះ ព្រះអដ្ឋកថាលោកពោលថា សត្វដែលរកគតិសម្បត្តិ កាលសម្បត្តិ អាហារសម្បត្តិមិនបាន គឺមិនបានមានគតិ​បរិបូណ៌ដូចទេវតា ដែលបរិបូណ៌ដោយគតិមិនបានមានកាលដ៏បរិបូណ៌ដូចបុគ្គលក្នុងបឋមកប្ប ដែលបរិបូណ៌ដោយកាល មិនបានមានអាហារដ៏បរិបូណ៌ដូចជាន់ក្នុងឧត្តរកុរុទ្វីប ដែលបរិបូណ៌ដោយអាហារ មានអាយុតិចប្រមាណ ១០០ឆ្នាំ ដូចមនុស្សប្រុសស្រីក្នុងកាលសព្វថ្ងៃនេះក្ដី សត្វដែលបរិបូណ៌ដោយកាលនិងអាហារ និងអាយុយឺនច្រើនជាង ១សែនឆ្នាំនោះក្ដី តែបណ្ដាសត្វដែលស្ថិតនៅដរាបដល់អស់អាយុហើយ ទើបធ្វើកាលកិរិយាទៅទាំងប៉ុន្មាន បានឈ្មោះថាអាយុក្ខយមរណៈដូចគ្នាទាំងអស់ អ្នកប្រាជ្ញគប្បីចូលចិត្តថា សត្វដែលអស់បុណ្យ អស់បាប អស់អាយុ ហើយស្លាប់ទៅនោះ បានឈ្មោះថាកាលមរណៈគឺស្លាប់ក្នុងកាលដ៏គួរគប្បីស្លាប់ ។

ឯអកាលមរណៈ គឺស្លាប់ក្នុងកាលដ៏មិនសមគួរនិងស្លាប់នោះ អធិប្បាយថា សត្វទាំងឡាយដែលមានខន្ធបែកធ្លាយដោយអំណាចឧបច្ឆេទកកម្ម គឺកម្មដែលចូលទៅជិតផ្ដាច់បង់ជីវិត ដូចស្ដេចទុសិមាររាជនិងស្ដេចកលាបុរាជជាដើមដែលប្រទូសរ៉ាយដល់ខន្តីវាទីតាបសហើយផែនដីបើកចន្លោះឲ្យធ្លាក់ចុះទៅក្នុងអវិចីនរកនោះ បានឈ្មោះថាអកាលមរណៈៗ នេះគឺស្លាប់ក្នុងកាលមិនគួរស្លាប់ មិនតែម្យ៉ាងប៉ុណ្ណោះ សត្វទាំងឡាយដែលមានបោរាណកកម្ម មានគេមកកាប់ មកចាក់ឲ្យស្លាប់ ដោយគ្រឿងសស្រ្តាវុធធ្វើកាលកិរិយាដោយព្យាយាមនៃបុគ្គលដទៃ ឬឲ្យកើតមានអកុសលចិត្តប្រហារជីវិតនៃខ្លួនដោយខ្លួនឯងក្ដី សេចក្ដីស្លាប់យ៉ាងនេះក៏បានឈ្មោះថាអកាលមរណៈដែរ ក៏មរណៈទាំង ២ ប្រការ គឺកាលមរណៈនិងអកាលមរណៈមានន័យដូចពណ៌នាមកនេះ សមគួរនឹងយកមកជាអារម្មណ៍ក្នុងកាលដែលនិងចម្រើនមរណានុស្សតិកម្មដ្ឋាននោះឯង ។

តំកាវេតុកាមេនរហោគតេន ។ល។ យោនិសោមនសិការោបវត្តេតព្វោ ។

សេចក្ដីថា ព្រះយោគាវចអ្នកប្រាថ្នា និងចម្រើននូវមរណានុស្សតិកម្មដ្ឋាននោះ គប្បីចូលទៅកាន់ទីសេនាសនដ៏ស្ងាត់នៅតែម្នាក់ឯង ហើយគប្បីបរិកម្មថា មរណំ ភវិស្សតិ ជីវិតិន្រ្ទិយំ ឧបច្ឆិជ្ជិស្សតិ សេចក្ដីស្លាប់នឹងមានជីវិតិន្រ្ទិយនិងដាច់ ដូច្នេះក៏បាន ឬថាមរណំៗ សេចក្ដីស្លាប់ៗដូច្នេះក៏បានកាលដែលនឹងធ្វើ បរិកម្មនោះគប្បីតាំងមនសិការគឺធ្វើទុកក្នុងចិត្តជាឧបាយឲ្យមាំ កុំធ្វើមនសិការដោយឧបាយគ្មាន មានពាក្យដីកាចារ្យវិសជ្ជនាថាដែលឲ្យធ្វើមនសិការកំណត់ដោយឧបាយ គឺថាឲ្យមានសតិនិងបញ្ញាពិចារណាឲ្យឃើញធម្មសំវេគថា សេចក្ដីស្លាប់នោះនិងមានដល់យើងដោយពិត ជីវិតនៃយើងនេះនិងដាច់ដោយពិត គប្បីពិចារណាឲ្យឃើញសំវេគដូច្នេះ កុំបរិកម្មទៅតែមាត់ទទេចិត្តមិនមានសំវេគសោះ បើបរិកម្មទៅតែមាត់ហើយមិនបានតាំងបញ្ញាចុះពិចារណា ឲ្យឃើញធម្មសំវេគក្នុងសេចក្ដីស្លាប់នោះទេ ក៏បានឈ្មោះថាធ្វើមនសិការដោយរកឧបាយគ្មាន កាលបើព្រះយោគាវចរប្រព្រឹត្តនូវកិច្ចមនសិការ ដោយរកឧបាយគ្មាននោះ ខណៈកាលរឭកដល់សេចក្ដីស្លាប់ នៃបុគ្គលដែលជាទីស្រឡាញ់ក៏កើតសេចក្ដីស្រណោះ ឧបមាដូចបុគ្គលដែលរឭកដល់មាតាបង្កើត និងកូនដែលជាទីស្រឡាញ់ដែលដល់នូវទីអនិច្ចកម្មកន្លងទៅ ក៏នឹងកើតសេចក្ដីសោក សេចក្ដីខ្សឹកខ្សួល កាលបើរឭកដល់សេចក្ដីស្លាប់របស់ជន ដែលខ្លួនស្អប់ខ្ពើមមិនស្រឡាញ់ ក៏និងកើតសេចក្ដីត្រេកអរទៅវិញ ដូចជនដែលមានពៀររឭកដល់សេចក្ដីស្លាប់នៃគ្នា និង គ្នា កាលបើរឭកដល់សេចក្ដីស្លាប់ នៃបុគ្គលដែលខ្លួនមិនស្អប់មិនស្រឡាញ់នោះ ក៏និងព្រងើយៗ មិនមានសេចក្ដីសំវេគដូចឆវទាហិកជនគឺអ្នកសម្រាប់ដុតខ្មោចកាលបើឃើញសាកអសុភហើយ និង រកសេចក្ដីសំវេគគ្មាន ថាបើរឭកដល់សេចក្ដីស្លាប់របស់ខ្លួនវិញ ក៏កើតសេចក្ដីតក់ស្លុតក្នុងចិត្ត ដូចបុគ្គលដែលមានសន្ដានប្រកបដោយសេចក្ដីខ្លាចច្រើន កាលណាបើបានឃើញពេជ្ឈឃាដ កាន់នូវដាវលើកឡើងគ្រវីក្នុងទីចំពោះមុខ ក៏មានចិត្តនោះ តក់ស្លុតក្រៃពេក សេចក្ដីនេះអ្នកប្រាជ្ញគប្បីសន្និដ្ឋានក្នុងចិត្តថា ហេតុដែលនិងឲ្យកើតសេចក្ដីសោយសោកក្ដី សេចក្ដីត្រេកអរក្ដី សេចក្ដីរកសំវេគគ្មានក្ដី សេចក្ដីតក់ស្លុតក្នុងចិត្តក្ដី ហេតុទាំងអស់នេះក៏អាស្រ័យអំពីកិរិយាប្រាសចាកសតិបញ្ញារកសំវេគគ្មាន ព្រោះធ្វើមនសិការដោយរកឧបាយគ្មាន បរិកម្មថា មរណំ ៗ នោះត្រឹមតែមាត់ទទេ មិនបានយកសតិបញ្ញាប្រកបចូលឲ្យឃើញធម្មសំវេគពិតៗ ផង ត្រឡប់ទៅជាដូច្នោះបាន បើធ្វើមនសិការដោយឧបាយញ៉ាំងសតិបញ្ញា ឲ្យជ្រៀតជ្រែកចូលបានមានធម្មសំវេគ តាំងនៅក្នុងសន្ដានហើយឯណាឡើយ ក៏និងទៅជាដូច្នោះ​បាននឹងចម្រើនជាគុណវុឌ្ឍិដ៏ប្រសើរ បើទុកជារឭកដល់សេចក្ដីស្លាប់នៃបុគ្គលដ៏ជាទីស្រឡាញ់ក្ដី ក៏មិនសោយសោករឭកដល់សេចក្ដីស្លាប់នៃបុគ្គលមានពៀរដែលខ្លួនស្អប់ខ្ពើមក្ដី ក៏មិនបានព្រងើយ គង់នឹងកើតសេចក្ដីសំវេគបរិបូណ៌ទៅក្នុងសន្ដាន បើទុកជារឭកដល់សេចក្ដីស្លាប់នៃខ្លួនទៀត ក៏គង់មិនតក់ស្លុតទៅបាន ។

តស្មាតត្ថតត្ថហតមតសត្តេ ឱលោកេត្វា ទិដ្ឋបុត្វាសម្បត្តីនំ មតានំសត្តានំមរណំអាវជ្ជិត្វា សតិញ្ចសំវេគ ញ្ចបញ្ញញ្ចយោជេត្វាមរណំភរិស្សតិ   ។

ហេតុដូច្នោះ ព្រះយោគាវចរដែលចម្រើនមរណានុស្សតិកម្មដ្ឋាននោះ គប្បីពិចារណានូវសេចក្ដីស្លាប់នៃសត្វទាំងឡាយ ដែលជាសត្រូវសម្លាប់ក្ដីស្លាប់ឯងក្ដី ដែលគេចោលនៅក្នុងទីទាំងពួង មានទីស្មសានជាដើមដែលខ្លួនបានឃើញអំពីមុន គប្បីពិចារណាយកមកជាអារម្មណ៍ ក្នុងកាលដែលចម្រើនមរណានុស្សតិកម្មដ្ឋាននោះ សតិញ្ចបញ្ញញ្ចសំវេគញ្ចយោជេត្វា គប្បីធ្វើមនសិការដោយឧបាយ ញ៉ាំងសតិនិងបញ្ញា និងធម្មសំវេគឲ្យកើតឡើងហើយ គប្បីធ្វើបរិកម្មដោយន័យមានដើមថា មរណំភវិស្សតិជីវិតិន្រ្ទិយំ ឧបច្ឆិជ្ជិស្សតិ (សេចក្ដីប្រែដូចមុខ) កាលបើព្រះយោគាវចរប្រព្រឹត្តដោយវិធី ដែលព្រះអដ្ឋកថាចារ្យសម្ដែងទុកដូច្នេះ ពួកខ្លះដែលមានបញ្ញិន្រ្ទិយមុតក្លានោះ ក៏អាចឃាត់បង់នូវនីវរណធម៌ទាំង ៥ មានកាមឆន្ទៈជាដើម និងមានមរណារម្មណ៍តាំងមាំនិងបានសម្រេចឧបចារសមាធិ មិនបានព្រួយលំបាកពេកព្រោះមានបញ្ញិន្រ្ទិយមុតក្លា ។

ឯព្រះយោគាវចរដែលមានបញ្ញិន្រ្ទិយ មិនបានមុតក្លា ក៏មិនបានសម្រេចក្នុងកិច្ចនៃកម្មដ្ឋានវិធីប៉ុណ្ណោះទេ បើមានប្រាថ្នាចម្រើនក្នុងមរណានុស្សតិកម្មដ្ឋានតទៅ ក៏គប្បីរឭកដល់សេចក្ដីស្លាប់ដោយអាការ ៨ គឺ ៖

១- វធកបច្ចុបដ្ឋាន ឲ្យព្រះយោគាវចររឭកដល់សេចក្ដីស្លាប់ឲ្យឃើញប្រាកដ ដូចនាយពេជ្ឈឃាដដែលមានដៃកាន់ដាវមុត មានពាក្យបុច្ឆាសួរថា ហេតុអ្វីទើបឲ្យរឭកដូច្នេះ វិសជ្ជនាថា បានជារឭកយ៉ាងដូច្នេះនោះ ព្រោះឲ្យឃើញថា ការដែលកើតនិងស្លាប់នោះមកព្រមគ្នា សត្វទាំងឡាយដែលកើតមកក្នុងលោកនេះ តែងមានជរានិងខណិកមរណៈជាប់ប្រដិតជាមួយនឹងខ្លួនមកគ្រប់រូបគ្រប់នាម យថាហិអហិឆត្តកំមកុលំ មត្ថកេនបំសុំគហេត្វាវឧគច្ឆតិ ប្រៀបដូចក្រពុំផ្សិតដែលទុលឡើងផុតពីដី តែងនាំយកមកនូវធូលីអាចម៍ដីឡើងមកផង តេសំបដិសន្ធិចិត្តំឧបាទានន្តរមេវជរំបត្វា សត្វទាំងឡាយដែលកាន់យកនូវបដិសន្ធិកំកំណើតក្នុងលោកនេះចាប់ដើមអំពីបដិសន្ធិហើយក្នុងលំដាប់ឧប្បាទខណៈនៃបដិសន្ធិចិត្តនោះ ក៏ដល់នូវសេចក្ដីជរានិងមរណៈៗ ជាប់ដិតតាមមកជាមួយនឹងខ្លួន បព្វតសិខរតោបតិតោសិលាវិយ ប្រៀបដូចដុំថ្ម ដែលបែកធ្លាក់ចុះចាកកំពូលភ្នំ តែងកាន់យកនូវដើមឈើនិងគុម្ពស្មៅ ដែលជាប់ជាមួយនឹងខ្លួនមកផង មរណំបិសហជាតិយាអាគតំ កិរិយាកើតនិងស្លាប់នេះ ជាប់មកព្រមគ្នាជាមួយសហជាតធម៌ ព្រោះថាកើតមានហើយ ស្លាប់ក៏មានផង បុគ្គលដែលកើតមកនេះ តែងនិងស្លាប់ទៅវិញដោយពិត ចាប់ដើមអំពីកើតឡើងហើយ ក៏បែរមុខចំពោះទៅកាន់សេចក្ដីស្លាប់មែនពិត ដូចព្រះអាទិត្យឧគ្គមនាការរះឡើងហើយក៏បែរមុខចំពោះទៅកាន់ទីអស្ដង្គត មិនមានថយក្រោយត្រឡប់ចាកវិថីដំណើរនោះឡើយ ម្យ៉ាងទៀតឧបមាដូចទឹកដែលហូរចុះមកអំពីភ្នំ ប្រព្រឹត្តទៅហើយមិនអាចត្រឡប់ក្រោយ តែបណ្ដាដើមឈើនិងដើមស្មៅដែលធ្លាក់ចុះមកក្នុងខ្សែទឹកនោះ សូម្បីតែវត្ថុណាមួយ និងអាចត្រឡប់វិលក្រោយគ្មានឡើយ សេចក្ដីនេះមានឧបមាដូចម្ដេចមិញថាមានឧបមេយ្យដូចអាយុសង្ខារសត្វទាំងពួង ដែលកន្លងទៅៗ មិនត្រឡប់ក្រោយ តាំងមុខចំពោះទៅកាន់សេចក្ដីស្លាប់មិនរេរាដូច្នោះឯង ហេតុដូច្នោះ ព្រះសម្មាសម្ពុទ្ធសម្ដែងទុកថា យមេករត្តឹបថមំ គព្ភេវសតិមានវោ អព្ភុដ្ឋិតោវសោយាតិ សតច្ឆំននិវត្តតីតិថាសត្វដែលនៅក្នុងគភ៌នៃមាតា ចាប់ដើមអំពីខណៈតាំងបដិសន្ធិ ក្នុងវេលារាត្រីនោះ ហើយក៏តាំងប្រែទៅៗ កាលដើមជាកលលរូប ហើយប្រែទៅជា អម្ពុទ ជាបេសិ ជាឃន ចេះតែប្រែទៅៗ ដរាបដល់មរណភាពជាទីបំផុត នឹងរកទៀងរកប្រាកដមិនមាន ប្រៀបដូចពពកដែលតាំងឡើងហើយ ក៏ដល់នូវភាវអណ្ដែតឃ្លាតទៅៗ ដរាបដល់សូន្យបាត់ ។

មានពាក្យដីកាចារ្យវិសជ្ជនាថា ដែលមានព្រះពុទ្ធភាសិតថា សត្វដែលតាំងបដិសន្ធិ ក្នុងវេលារាត្រីយប់នោះ គឺថាដោយ យេភុយ្យន័យ ថាធម្មតាសត្វដែលកាន់យកបដិសន្ធិ ក្នុងវេលាយប់នោះមានដោយច្រើនដែលនិងកាន់យកបដិសន្ធិក្នុងវេលាកណ្ដាលថ្ងៃនោះមានដោយតិច ហេតុដូច្នោះអ្នកប្រាជ្ញគប្បីចូលចិត្តថា រតិសព្ទនោះព្រះអង្គសម្ដែងដោយ យេភុយ្យន័យ ឯអាយុនៃសត្វដែលកន្លងទៅៗ ដោយន័យដូចពណ៌នាមកដូច្នេះ ហេតុនេះព្រះអដ្ឋកថាលោកឧបមាទុកថា ជីវិតដែលអស់ទៅតិចទៅនោះ ដូចអាការដែលអស់ទៅនៃទឹកក្នុងស្ទឹងតិចទៅ ៗ រឿយៗ ដោយអំណាចកម្ដៅនៃព្រះអាទិត្យ ក្នុងគិម្ហរដូវដល់នូវសភាវៈហួតរីងអស់ទៅគ្រប់ថ្ងៃគ្រប់វេលា ពុំនោះសោតដូចផ្លែឈើ ដែលអាបោធាតុមិនបានជ្រាបដល់ នឹងជ្រុះចាកដើមក្នុងវេលាព្រឹក ក៏ធម្មតាផ្លែឈើដែលមានរស មានពណ៌ផ្សេងៗ អាស្រ័យនឹងរសផែនដី ដែលទទឹកសើមជ្រាបឡើងទូទៅក្នុងដើម ទើបដល់នូវវឌ្ឍនាការចម្រើននៅជាយ៉ាងល្អ បានថាបើរសផែនដីមិនអាចសើមជ្រាបឡើងទៅក្នុងដើមបាន ផ្លែឈើទាំងនោះ ក៏និងដល់នូវសេចក្ដីវិនាសចាកដើមមិនខាន សេចក្ដីនេះមានឧបមាដូចម្ដេចមិញថា ឧបមេយ្យដូចជីវិតសត្វទាំងពួងនេះ អាស្រ័យនូវរសនៃអាហារដែលសើមជ្រាបទៅក្នុងកាយ ថាបើរសអាហារ មិនអាចជ្រាបទៅបានទេ ក៏នឹងដល់នូវសេចក្ដីហួតរីងដាច់ ជីវិតិន្រ្ទិយទៅមិនខាន យ៉ាងនោះក៏ឯរូបនិងនាមទាំងពួងនេះកាលបើជរា ព្យាធិ មរណៈ បៀតបៀនហើយក៏ដល់នូវសេចក្ដីគ្រាំគ្រា ស្វិតស្រពោនឈឺចាប់លំបាកវេទនា មានខ្យល់អស្សាសបស្សាសដាច់សូន្យទៅ សល់នៅតែរាងកាយម្យ៉ាង ជាអសុភសាធារណៈលើផែនដីដូចគ្នា ប្រៀបដូចភាជនៈដីដែលបុគ្គលប្រហារដោយដំបង នឹងបែកធ្លាយខ្ចាត់ខ្ចាយទៅដូច្នោះឯង ហេតុដូច្នោះ ព្រះសម្មាសម្ពុទ្ធទ្រង់ភាសិត នូវព្រះគាថាយ៉ាងនេះទុកមក ។

អច្ចយន្តិអហោរត្តា ជីវិតំឧបរុជ្ឈតិ អាយុខីយតិ បច្ចានំ កុន្នទីនំវឧទកំ ផលានមិវបក្កនំ បាតោបត្តនតោភយំ ឯវំជាតានមច្ចានំ និច្ចំមរណតោភយំ យំថាហិកុម្ភការស្ស កតំមត្តិកាភាជនំ ខុទ្ទកញ្ចម ហន្តញ្ច យំបក្កំយញ្ចអាមកំ សព្វំភេទបរិយន្តំ ឯវំមច្ចានជីវិតំ ឧស្សាវោវតិណគ្គម្ហិ សុរិយស្សុគ្គមនំបតិ ឯវមាយុមនុស្សានំមាមំមម្មនិវារយាត្តិ ។

សេចក្ដីថា ថ្ងៃនិងយប់ទាំងឡាយប្រព្រឹត្តកន្លងទៅយ៉ាងណា ជីវិតសង្ខារនៃសត្វទាំងឡាយ ក៏ចេះតែរលត់បាត់ទៅៗ យ៉ាងនោះឯង ទឹកក្នុងស្ទឹងដែលតែងរីងហួតទៅយ៉ាងណា អាយុសង្ខារនៃសត្វទាំងឡាយ ក៏តែងអស់ទៅជាធម្មតាយ៉ាងនោះ ភ័យរបសផ្លែឈើទុំទាំងឡាយ កើតឡើងអំពីកិរិយាជ្រុះចុះចាកដើមយ៉ាងណា ភ័យនៃសត្វទាំងឡាយកើតឡើងអំពីសេចក្ដីស្លាប់ជានិច្ចយ៉ាងនោះ ភាជនៈដីឯណាតូចឬធំ ចាស់ឬថ្មី ដែលស្មូនឆ្នាំងធ្វើហើយ ហេតុដោយភាជនៈទាំងនោះ និងដល់នូវកិរិយាបែកធ្លាយជាបំណែកជាទីបំផុតយ៉ាងណា ជីវិតសង្ខារនៃសត្វទាំងឡាយក៏នឹងអន្តរាយទៅយ៉ាងនោះ ទឹកសន្សើមដែលដិតជាប់នៅចុងស្មៅហើយហួតរីងបាត់ទៅ ព្រោះអាស្រ័យនូវកម្ដៅនៃព្រះអាទិត្យយ៉ាងណា អាយុសង្ខាររបស់មនុស្សសត្វទាំងឡាយ ក៏អស់ទៅយ៉ាងនោះឯង ហាក់ដូចជានឹងពោលអង្វរមកវិញថាម្នាលអ្នកៗ កុំឃាត់ខ្ញុំឡើយ ឯវំវធកបច្ចុប្បដ្ឋានតោមរណំអនុស្សរិតព្វំ ព្រះយោគាវចរ ដែលចម្រើននូវមរណានុស្សតិកម្មដ្ឋាននោះ គប្បីរឭកនូវសេចក្ដីស្លាប់ ដោយវធកបច្ចុប្បដ្ឋានដូចន័យដែលពោលមកនេះ ។

២- សម្បតិវិបត្តិ គឺឲ្យព្រះយោគាវចររឭកនូវសេចក្ដីស្លាប់ដោយការបរិបូណ៌និងវិនាស គឺឲ្យរឭកឃើញថាសត្វទាំងពួង ដែលកើតមកនេះ បរិបូណ៌ហើយមានសេចក្ដីវិនាសទៅវិញ ដែលនឹងល្អនឹងចម្រើននៅនោះ កាលដែលវិបត្តិមិនទាន់មកដល់គ្របសង្កត់នៅឡើយ បើវិបត្តិមកដល់គ្របសង្កត់ហើយ នឹងវិនាសឃ្លាតចាកវត្ថុគ្រប់ប្រការ សេចក្ដីល្អនិងចម្រើនក៏បាត់ទៅ សេចក្ដីទុក្ខអាក្រក់នឹងចូលមក កាយនិងចិត្តដែលធ្លាប់ជាសុខហើយក៏ត្រឡប់ជាទុក្ខវិញ មិនធ្លាប់សោយសោកហើយត្រឡប់ជាសោយសោកវិញ ដូចយ៉ាងព្រះបាទធម្មាសោករាជ ស្ដេចមានបុញ្ញានុភាពសោយរាជសម្បត្តិព្រមព្រៀងដោយសេចក្ដីសុខ ដល់នូវឥស្សរិយភាពជាធំក្នុងភូមិមណ្ឌលជម្ពូទ្វីប ស្ដេចបានបរិច្ចាគទានក្នុងពុទ្ធសាសនា អស់ព្រះរាជទ្រព្យ ១០០ កោដិ មានអាណាចក្រផ្សាយទៅខាងក្រោមផែនដី ១ យោជន៍ខាងលើអាកាស ១ យោជន៍ ប្រកបដោយសិរីសម្បត្តិសុខយ៉ាងនោះ កាលដែលមរណៈមកដល់ ក៏មានសេចក្ដីសោកកើតឡើងចំពោះព្រះអង្គ ហើយមានព្រះភក្រ្តាបែស្មោះទៅកាន់សេចក្ដីស្លាប់មិនត្រឡប់ក្រោយឡើយ ន័យមួយ​ទៀតថា សព្វំអារោគ្យំព្យាធិបរិយោសានំ សព្វំយោព្វនំដរាបរិយោសានំ សព្វំជីវិតំមរណៈបរិយោសានំ សេចក្ដីថាភាវៈនៃបុគ្គលមិនមានរោគគ្រប់ប្រការ គង់តែមានព្យាធិនៅបន្ទាប់ខាងមុខកិរិយាដែលចម្រើនដោយវ័យទាំងពួង គង់តែមានជរានៅបន្ទាប់ខាងមុខ សេចក្ដីរស់នៅរាល់ថ្ងៃនេះ គង់តែមានមរណៈ នៅបន្ទាប់ខាងមុខ សព្វោយោវលោកសន្និវាសោ ជាតិយាអនុគតោ ជរាយអនុសតោ ព្យាធិនាអភិភូតោ មរណៈនអញ្ភហតោ សេចក្ដីថា សត្វទាំងពួងដែលអាស្រ័យនៅក្នុងលោកទាំងអស់ តែងមានជាតិទុក្ខប្រដិតតាមលួងលោមធ្វើឲ្យវង្វេងភ្លាត់ស្មារតី ជរាទុក្ខតែងចងរួតរឹតឲ្យដល់នូវវិបរិតផ្សេងៗ ព្យាធិទុក្ខជាអ្នកតាមញាំញី បៀតបៀនឲ្យឈឺចាប់សព្វរាងកាយមរណទុក្ខជាអ្នកគ្របសង្កត់បំបែកទម្លាយផ្ដាច់ផ្ដិលជីវិតិន្រ្ទិយឲ្យវិនាសសាបសូន្យទៅ ហេតុនេះទើបព្រះសម្មាសម្ពុទ្ធ ទ្រង់សម្ដែងថា ៖

យថាបិសេលាវិបុលា នភំអាហច្ចបព្វតា សមន្តា អនុបរិយេយ្យុំ និប្ជោថេន្តាចតុទិសា ឯវំជរាចមច្ចុច អធិវត្តន្តិបាណិនោ ខត្តិយេព្រាហ្មណេវេសេ សុទ្ទេ ចណ្ឌាលបុក្កុសេ នកិញ្ចិបរិវជ្ជេតិ សព្វមេវាភិមទ្ទតិ នតត្ថហត្ថីនភូមិ នរថានំនបត្តិយា នចាបិមន្តយុទ្ធេន សក្កាជេតុំធនេនវាតិ    ។ ។

សេចក្ដីថា ជរាក្ដី មច្ចុក្ដី និងបានវៀរលែងនូវបុគ្គលណា ១ មិនមានឡើយ តែងគ្របសង្កត់ញាំញីសព្វសត្វទាំងពួងទូទៅ គ្រប់រូបគ្រប់នាម មិនមានលើកទុកថាក្សត្រិយ៍ ថាព្រាហ្មណ៍ អ្នកឈ្មួញ អ្នកគ្រូ អ្នកបណ្ដាល អ្នកចោលនូវអាចម៍ ស្ដេចក្ដីមរណៈនេះ ឧបមាដូចភ្នំដែលមានដុំថ្មតាន់តែមួយ ធ្លាក់ចុះមកអំពីអាកាស ហើយវិលជុំវិញក្នុងទិសទាំង ៤ សង្កត់សង្កិននូវវត្ថុទាំងពួង មិនមានវៀរទុកនុវសត្វ​និងសង្ខារណាមួយ​ឡើយ បើនឹងតយុទ្ធដោយស្ដេចមច្ចុរាជនោះ មិនមែនជាវិស័យតយុទ្ធបាន ព្រោះហេតុនោះថាក្នុងមរណសង្រ្គាមនោះ មិនមានទីតាំងនៃពលដំរី ពលសេះ ពលរាជរថ ពលថ្មើជើង មិនមានទីតាំងដោយគូកំពែងទ្វារទាំងពួង ដែលនឹងមានពលពាហនៈច្រើន ក៏មិនត្រូវការនឹងយកមកតយុទ្ធដោយមរណសង្រ្គាមនោះ មិនអាចនឹងយកមកតាំងបានឡើយ ទោះបីនឹង​ឲ្យនូវមាសប្រាក់កែវមណីប៉ុន្មានៗក្ដី ឬចេះមន្តអាគមយ៉ាងណាៗ ក្ដីក៏មិនអាចនិងយកមកតយុទ្ធដោយសេ្ដចមច្ចុរាជនោះឡើយ តំវវត្ថបេន្តេនសម្បត្តិ វិបត្តិតោមរណំអនុស្សរិតព្វំ ព្រះយោគាវចរកាលកំណត់នូវសេចក្ដីស្លាប់ដូច្នេះហើយ គប្បីរឭកដល់មរណៈដោយសម្បត្តិវិបត្តិដូចន័យដែលបានពោលមកហើយនេះចុះ ។

៣- ឧបសំហរណតោ គឺឲ្យព្រះយោគាវចររឭកដល់សេចក្ដីស្លាប់ដោយ ឧបសំហរណគឺថាឲ្យរឭកដល់សេចក្ដីស្លាប់នៃបុគ្គលដទៃ ហើយនាំចូលមកទុកដាក់ក្នុងខ្លួន កាលដែលនឹងរឭកនោះ គប្បីរឭកដោយអាការ ៧ ប្រការគឺ ៖

ក- យសមហគ្គតោ ឲ្យរឭកដោយភាវៈច្រើនទៅដោយយសគឺថាឲ្យរឭកថាសេ្ដចមច្ចុរាជនេះ នឹងបានកោតក្រែងថាអ្នកនេះ ជាមនុស្សមានបរិវាច្រើនកុំបៀតបៀនឡើយ នឹងបានកោតក្រែងដូច្នេះមិនមាន អម្បាលយ៉ាងស្ដេចធំទាំងឡាយមានមហាសម្មិតរាជ និងមន្ធាតុរាជ និងមហាសុទស្សនចក្រពត្រាធិរាជដែលមានឥស្សរិយយសនិងបរិវារយសជាយ៉ាងច្រើន បរិបូណ៌ទៅដោយពលពាហនៈ និងទ្រព្យសម្បត្តិជាឱឡារិកភាពនោះ ក៏គង់លុះក្នុងអំណាចស្ដេចមច្ចុរាជទាំងអស់ នឹងចាំពោលទៅថ្វីដល់ខ្លួនអាត្មានេះ នឹងផុតចាកអំណាចស្ដេចមច្ចុរាជឯណាបាន ឯវំយំសមហគ្គតោអនុស្សរិតព្វំ ព្រះយោគាវចរគប្បីរឭកដោយភាវៈច្រើនទៅដោយយសដូចពោលមកនេះ ។

ខ- បុញ្ញមហគ្គតោ ឲ្យរឭកដោយភាវៈច្រើនទៅដោយបុណ្យគឺថាឲ្យរឭកដល់អ្នកមានបុណ្យទាំងឡាយ មានជោតិកសេដ្ឋី និងជដិលសេដ្ឋី និងឧគ្គសេដ្ឋី និងបុណ្ណកសេដ្ឋីជាដើម បណ្ដាជនដែលមានបុញ្ញភិសម្ភារទាំងនោះ ជោតិកសេដ្ឋីនោះ មានប្រាង្គណ៍ប្រាសាទហើយទៅដោយកែវ ៧ ប្រការមានផ្ទៃ ៧ ជាន់កំ ពែង ៧ ជាន់ សុទ្ធតែហើយទៅដោយកែវ ៧ ប្រការ ហើយមានទាំងដើមកល្បព្រឹក្សកើតឡើងក្នុងជ្រុងទាំង ៤ នៃប្រាសាទ កំណប់ ១ មានទំហំមាត់ជាង ១ យោជន៍ មួយទៀតមានទំហំមាត់កន្លះយោជន៍ មួយទៀតមានមាត់ជាង ៣០០ សិន មួយ​ទៀតមានមាត់ជាង ១០០ សិន ហើយមានស្ត្រីកែវមកអំពីឧត្ដរកុរុទ្វីបជាអគ្គភរិយា ឯជដិលសេដ្ឋីនោះទៀត មានភ្នំមាសកើតឡើងខាងក្រោយផ្ទះនិងកាយកើបជញ្ជូនយកប៉ុន្មានៗ ក៏មិនអស់មិនមានរលស់​ឡើយ មេណ្ឌកសេដ្ឋីនោះ មានពពែមាសកើតឡើងដោយបុណ្យពេញទៅក្នុងទីប្រមាណ ៨ ករីសក្នុងពោះពពែនោះពេញទៅដោយវត្ថុទាំងពួង បើនឹងប្រាថ្នាវត្ថុឯណា ៗ ក៏ដកយកតែឆ្នុកដែលបិទមាត់ពពែនោះចេញ ហើយវត្ថុនោះៗ ក៏ហូរចេញចាកមាត់ពពែនោះមក បានសម្រេចដូចសេចក្ដីប្រាថ្នា បុណ្ណកសេដ្ឋីនោះ កាលដើមចេញទៅភ្ជួរស្រែ អាចម៍បំណះក៏ត្រឡប់ទៅជាមាស លុះបានធ្វើជាសេដ្ឋីហើយ ទីភូមិធ្វើផ្ទះនៅនោះ ក៏មានកំណប់ទ្រព្យពេញក្នុងទីនោះ អ្នកមានបុញ្ញភិសម្ភារច្រើនផ្សេងៗ គ្នាប្លែកវិសេសពីគ្នា ជនទាំងឡាយដទៃគេតែងឮល្បី ថាជាអ្នកមានបុញ្ញានុភាពប្រាកដក្នុងលោកនេះ ក៏អ្នកទាំងអម្បាលនោះ អ្នកណា ១ មិនអាចយកទ្រព្យទាំងនោះ មកជាថ្នូរដូរខ្លួន លោះខ្លួនឲ្យផុតចាកអំណាចនៃសេ្ដចមច្ចុរាជនោះបាន សុទ្ធតែដល់នូវមរណភាព បែកធ្លាយខន្ធបាត់ទៅទាំងអស់ និងបាច់ពោលទៅថ្វីដល់បុគ្គលប្រាកដដូចជាអាត្មានេះឯង ធ្វើម្ដេចនិងរួចចាកមរណភាព ទៅបាន ឯវំបុញ្ញមហគ្គតោអនុស្សរិតព្វំ ព្រះយោគាវចរគប្បីរឭកដោយភាវៈច្រើន ទៅដោយបុណ្យយ៉ាងនេះ ។

គ- ថាមមហគ្គតោ ឲ្យរឭកដោយភាវៈច្រើនទៅដោយកម្លាំងគឺថាឲ្យរឭកដល់បុគ្គលដែលមានកម្លាំងច្រើន ប្រាកដយ៉ាងអ្នកចម្បាប់ឈ្មោះ វាសុទេព ពលទេព ភិមសេន យុទិដ្ឋិល ហនុជាដើម បណ្ដាអ្នកទាំងឡាយនេះ ជនម្នាក់ៗ នោះសឹងមានកម្លាំងច្រើនៗ កម្លាំងនាយខ្មាន់ធ្នូ ៥០០នាក់ ទើបស្មើនឹងកម្លាំងនាយភិមសេនតែម្នាក់ ក៏បុគ្គលដែលមានកម្លាំងច្រើន ដែលគេឮល្បីប្រាកដក្នុងលោកនេះ ម្ដេចក៏មិនអាចតយុទ្ធដោយសេ្ដចមច្ចុរាជបាន ចំណង់បើខ្លួនអាត្មានេះ នឹងអាចតយុទ្ធឯណាបានងាយ ឯវំថាមមហគ្គតោអនុស្សរិតព្វំ ព្រះយោគាវចរគប្បីរឭកដោយភាវៈច្រើនទៅដោយកម្លាំង ដូចពោលមកហើយយ៉ាងនេះ ។

ឃ- ឥន្ធិមហគ្គតោ ឲ្យរឭកដោយភាវៈច្រើនទៅដោយឫទ្ធិ គឺថាឲ្យរឭកដល់បុគ្គលកើតមកក្នុងលោកនេះ ដែលមានឫទ្ធិសក្ដានុភាពច្រើនដោយប្រការឯណាៗ ក្ដីក៏មិនអាចនឹងធ្វើនូវសង្រ្គាមតនឹងស្ដេចមច្ចុរាជនោះបានអម្បាលដូចព្រះមហាមោគ្គល្លានត្ថេរ ជាទុតិយសាវ័កនៃព្រះសម្មាសម្ពុទ្ធជាម្ចាស់ ប្រកបដោយឥទ្ធានុភាព ដ៏លើសជាទីឯតទគ្គ ចំណែកខាងឫទ្ធិបណ្ដាសាវ័កក្នុងសាសនានេះ សាវ័កណា​មួយ​នឹងមានឫទ្ធិដូចព្រះមហាមោគ្គល្លាននេះមិនមាន ព្រះមហាមោគ្គល្លាននេះ អាចញ៉ាំវេជយន្តប្រាសាទ របស់ទេវរាជ ឲ្យកម្រើកញាប់ញ័រដោយម្រាមមេជើងទៅបាន ឯកិច្ចដែលនឹងចូលឈានសមាបត្តិឲ្យយ៉ាងឆាប់ មិនមានបុគ្គលឯណាស្មើមានឫទ្ធិដល់ត្រឹមនេះហើយ ម្ដេចក៏គង់ចូលទៅកាន់មាត់នៃមច្ចុរាជ ព្រមទាំងឫទ្ធិ ទាំងតេជៈអំណាច ប្រៀបដូចសត្វម្រឹគដែលចូលទៅកាន់មាត់ក្រៃសររាជសីហ៍ ក៏យ៉ាងខ្លួនអាត្មានេះ ធ្វើម្ដេចហើយនឹងផុតអំណាចនៃស្ដេចមច្ចុរាជនោះបាន ឯវំឥទ្ធិមហគ្គ តោអនុស្សវិព្វំ ព្រះយោគាវចរគប្បីរឭកដោយភាវៈច្រើនទៅដោយឫទ្ធិដូចពោលមកនេះ ។

ង- បញ្ញាមហគ្គតោ ឲ្យរឭកដោយភាវៈច្រើនទៅដោយបញ្ញាគឺថាឲ្យរឭកឃើញថា បណ្ដាសត្វទាំងឡាយដែលវិលវល់ នៅក្នុងជលាលោកឱឃសាគរនេះ សត្វណាមួយ​ដែលមានបញ្ញាឆ្លៀវឆ្លាសយ៉ាងណាៗ ក៏គង់មិនអាចគិតរកលេសឧបាយ គេចឲ្យផុតចាកអំណាចនៃស្ដេចមច្ចុរាជនោះបាន កុំបាច់និយាយឡើយដល់សត្វដទៃ ៗ ដែលមានបញ្ញាបារមីតិច ទោះបើលោកមានបញ្ញាបារមីមុតក្លា ប្រាកដយ៉ាងព្រះមហាសារីបុត្តត្ថេរ ជាបឋមសាវ័ក ប្រកបដោយបញ្ញាដ៏ក្លាហាន ចំណែកគ្រាប់ភ្លៀងធ្លាក់ចុះក្នុងល្វែងចក្រវាល ធ្លាក់ចុះប្រមាណ ១កល្ប ដំណក់គ្រាប់ភ្លៀងនិងល្អងគ្រាប់ភ្លៀងនោះ មានច្រើនតិចប៉ុន្មានៗ ព្រះសារីបុត្តលោកអាចរាប់បានទាំងអស់ បណ្ដាសត្វក្នុងលោកនេះ លើកទុកតែព្រះសម្មាសម្ពុទ្ធជាម្ចាស់ចេញ ក្រៅពីនោះហើយអ្នកណាមួយ​ឡើយក៏នឹងមានបញ្ញាច្រើនដូចព្រះសារីបុត្តនោះគ្មាន បញ្ញាព្រះសារីបុត្តនោះថា បើចែកចេញជា ១៦ ៗ ហើយលើក ១៥ ចេញ យកតែចំណែក ១ ចំណែក ១ នោះមកចែកចេញជា ១៦ ហើយលើកចេញ ១៥ ចំណែកទៀត យកតែចំណែក ១ ខាងចុងផុតនោះមកចែកចេញជា ១៦ ចំណែកទៀតតាមន័យដូច្នេះដល់ទៅ ១៦ ដង ហើយទើបយកបញ្ញាព្រះសារីបុត្តត្ថេរ ១ ចំទីណិតដែលបែងជា ១៦ ចំណែកក្នុងទីបំផុតនោះ មកប្រៀបដោយបញ្ញាបណ្ឌិតជាតិទាំងពួងៗ ក៏តិចជាងបញ្ញាព្រះសារីបុត្តត្ថេរ ១ ចំណែកដែលជាបំផុតនោះទៀត ព្រះសារីបុត្តនេះបានជាទីឯតទគ្គ ចំណែកខាងបញ្ញាច្រើនបណ្ដាលោកដែលមានបញ្ញាច្រើន ដល់ទីបំផុតយ៉ាងនេះហើយ ក៏គង់មិនអាចនិងកន្លងបង់នូវអំណាចនៃស្ដេចមច្ចុរាជនោះបាន យ៉ាងខ្លួនអាត្មានេះ នឹងអាចកន្លងនូវអំណាចនៃស្ដេចមច្ចុរាជនោះឯណាបាន ឯវំបញ្ញាមហគ្គតោអនុ ស្សវិតព្វំ ព្រះយោគាវចរ គប្បីរឭកដោយភាវៈច្រើនទៅដោយបញ្ញា ដូចន័យដែលពោលមកហើយនេះ ។

ច- បច្ចេកពុទ្ធតោ ឲ្យរឭកដោយព្រះច្ចេកពុទ្ធគឺឲ្យរឭកថាព្រះច្ចេកពុទ្ធទាំងពួងនោះ ប្រកបដោយបញ្ញាពលនិងវីរិយពលបានកាច់កិនញាំញីនូវសិកសត្រូវគឺកិលេសធម៌ទាំងពួង ហើយដល់នូវបច្ចេកពោធិញាណ ត្រាស់ដឹងនូវញេយ្យធម៌ទាំងពួង ដោយខ្លួនឯង មិនមានគ្រូអាចារ្យប្រៀនប្រដៅឡើយ ក៏ព្រះបច្ចេកពុទ្ធប្រសើរដោយគុណយ៉ាងនេះហើយ ម្ដេចក៏គង់មិនផុតចាកអំណាចនៃស្ដេចមច្ចុរាជនោះបាន ចំណង់បើយ៉ាងអាត្មានេះនិងអាចរួចផុតមកអំពីទីណា ឯវំបច្ចេកពុទ្ធតោអនុស្សរីតព្វំ ព្រះយោគាវចរគប្បីរឭកដោយព្រះបច្ចេកពុទ្ធ ដូចន័យយ៉ាងនេះ ។

ឆ- សម្មាសម្ពុទ្ធតោ ឲ្យរឭកដោយព្រះសម្មាសម្ពុទ្ធ គឺឲ្យរឭកថាព្រះសម្មាសម្ពុទ្ធ ព្រះអង្គមានព្រះរូប ព្រះឆោម ព្រះសរីរកាយដ៏វិចិត្រទៅដោយទ្វត្តឹសមហាបុរិសលក្ខណៈ គឺលក្ខណៈសម្រាប់មហាបុរសទាំង ៣២ និងអសីត្យានុព្យញ្ជនៈទាំង ៨០ គត់ ប្រសើរដោយធម្មកាយ បរិបូណ៌ដោយកែវពោលគឺ សីលខន្ធ សមាធិខន្ធ បញ្ញាខន្ធ វិមុត្តិខនូ វិមុត្តិញាណទស្សនខន្ធ  និងបរិសុទ្ធ ដោយអាការទាំងពួង ជាបុគ្គលដល់ហើយនូវភាវៈច្រើនទៅដោយយស ដោយបុណ្យ ដោយកម្លាំងដោយឫទ្ធិ ដោយបញ្ញា និងរកបុគ្គលឯណាមួយ​ប្រៀបផ្ទឹមជាគូរស្មើមិនបាន អរហំ សម្មាសម្ពុទ្ធោ សោបិសសីលវុដ្ឋិនិបាតេន មហាអគ្គិក្ខន្ធោវិយ   ព្រះសម្មាសម្ពុទ្ធនោះ ព្រះអង្គបានកាច់បំបាក់នូវកាំកងនៃសង្សារចក្រ ត្រាស់ដឹងនូវធម៌ទាំងពួងដោយព្រះអង្គឯង ដោយអាការមិនបានវិបរិត ព្រះអង្គមានគុណប្រសើរយ៉ាងនេះហើយ ម្ដេចឡើយក៏គង់ទ្រង់រម្ងាប់នូវសង្ខារធម៌ទាំងពួងចូលទៅកាន់ព្រះនិព្វាន ជាស្ថានសូន្យចាករាគាទិកិលេសដោយទទឹកភ្លៀងគឺមរណៈ ព្រះអង្គប្រៀបដូចគំនរភ្លើងធំ ដែលជាប្រទីបពន្លឺក្នុងត្រៃភព រលមរលត់សូន្យទៅដោយអំណាចទទឹកភ្លៀង ប្រល័យ​កល្បរលាយបាត់សង្ខាររកបញ្ញត្តិមិនមាន ។

ឯវំមហានុកាវស្ស យន្នាមេតំមហេសិនោ នភយេននលជ្ជាយ មរណំវសមាគតំ និលជ្ជំ វីតសារជ្ជំសព្វសត្តាភិមទ្ទនំតយិទំមាទិសំសត្តំ  កថំនាភិភវិស្សតិ ។

សេចក្ដីថា ព្រះសម្មាសម្ពុទ្ធព្រះអង្គជាអ្នកស្វែងរកនូវគុណ មានសីលគុណជាដើមនេះ មានអានុភាពច្រើនយ៉ាងនេះ ម្ដេចក៏គង់សេចក្ដីមរណៈមិនមានកោតខ្លាច មិនមានអៀនខ្មាសសោះ ក៏ឯមរណៈនេះ ជាសង្រ្គាមធំក្នុងជលាលោកតែងញាំញីនូវសត្វទាំងពួងទាំងឡាយ ដែលមិនមានខ្មាស មិនមានញញើត និងគ្របសង្កត់នូវសត្វប្រាកដ ដូចយ៉ាងអត្មានេះផងមិនខាន ឯវំសម្មាសម្ពុទ្ធតោ-អនុស្សរិតព្វំ ព្រះយោគាវចរ គប្បីរឭកដោយព្រះសម្មាសម្ពុទ្ធដូចន័យយ៉ាងនេះ ។

ឯអាការទាំង ៧ ប្រការនោះ រួមចូលគ្នាជាបទ ១ ហៅថា ឧបសំហរណ  ។

៤- កាយពហុសាធារណតោ ឲ្យព្រះយោគាវចររឭកថា អយំកាយោពហុសាធារណោ អសីតិយាតាវកិមិកុលានំសាធារណោ សេចក្ដីថារូបកាយនៃសត្វទាំងពួងរស់សាធារណៈទូទៅ ដល់ពួកដង្កូវទាំងឡាយ ៨០ ត្រកូល ដង្កូវដែលអាស្រ័យនូវស្បែកសម្បុរថ្ងៃ ក៏ទំពាស៊ីនូវស្បែកសម្បុរសថ្ងៃដែលអាស្រ័យនៅក្នុងស្បែកបន្ទាប់សាច់ ក៏ទំពាស៊ីនូវស្បែកបន្ទាប់សាច់ ដែលអាស្រ័យនៅក្នុងសាច់ ក៏ទំពាស៊ីសាច់ដែលអាស្រ័យនូវសសៃ ក៏ទំពាស៊ីសសៃ ដែលអាស្រ័យនូវឆ្អឹង ក៏ទំពាស៊ីឆ្អឹង ដែលអាស្រ័យនូវខួរក្នុងឆ្អឹង ក៏ទំពាស៊ីនូវខួរក្នុងឆ្អឹង ជាយន្តិ ជិយ្យន្តិ មិយ្យន្តិ ដង្កូវទាំងឡាយនោះ កើតក្នុងកាយចាស់ក្នុងកាយ ស្លាប់ក្នុងកាយបន្ទោបង់នូវឧច្ចារបស្សាវក្នុងកាយ ។

កាយោវនេសំសូតិឃរំចេវ គិលានសាលាចសុ សានំច វច្ចកុដិចបស្សាវទោណិកា  ។

កាយនៃយើងទាំងពួងនេះ ជាផ្ទះសម្រាប់ប្រសូតិនៃសត្វដង្កូវ ជារោងសម្រាប់ដាក់សត្វដង្កូវឈឺ ជាព្រៃស្មសាន សម្រាប់ចោលសាកអសុភដង្កូវ ជាបង្គន់ ជាស្នូកសម្រាប់ជុះឬថាសម្រាប់បន្ទោបង់នូវឧច្ចារឬបស្សាវនៃដង្កូវ គួរតែសង្វេគវេទនាកាយនៃយើងគេទាំងឡាយនេះ ចួនកាលដង្កូវកម្រើកជ្រួលជ្រើមឡើង ហើយក៏ដល់នូវសេចក្ដីស្លាប់ ដោយដង្កូវកម្រើកនោះក៏មាន ខាងក្នុងករជកាយនេះ នឹងមានតែពួកដង្កូវបៀតបៀនតែម្យ៉ាងក៏ទេ សឹងមានរោគច្រើនជាងរយជំពូក បៀតបៀនក្នុងកាយនេះទៀត ហើយក៏ជាទីសាធារណៈទូទៅដល់សត្រូវទាំងឡាយខាងក្រៅមានសត្វពស់និងខ្ទួយជាដើម ជាបច្ច័យនៃសេចក្ដីស្លាប់រាងកាយនេះជាទីមុត ត្រូវអំពីឧបទ្ទវន្តរាយទាំងពួងផ្សេងៗ ឧបមាដូចចន្លោងដែលបុគ្គលឆ្លោងទុកក្នុងទីប្រជុំផ្លូវធំទាំង ៤ ជាទីត្រូវត្រង់នៃសរនិងលំពែងធំ និងដុំថ្មជាដើម ហេតុនេះព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងទុកថា ។

ឥធភិក្ខវេភិក្ខុទិវសេនិក្ខន្តេ រត្តិយាបតិហិតាយ ឥតិបធិសញ្ចិក្ខត្តិ  ។

សេចក្ដីថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលមានមរណសតិក្នុងសន្ដាន កាលបើពេលាថ្ងៃប្រព្រឹត្តកន្លងទៅហើយ រាត្រីនឹងចូលមក គប្បីពិចារណាដល់មរណភាពនៃអាត្មាថា ហេតុដែលនឹងឲ្យអាត្មាដល់នូវសេចក្ដីអន្តរាយជាបច្ច័យនៃសេចក្ដីស្លាប់នោះ ច្រើនយ៉ាងណាស់ ចួនកាលពស់ចឹក ខ្ទួយទិចក្អែបខាំក៏មាន ចួនកាលអាហារដែលបរិភោគចូលទៅហើយមិនទ្រុឌទ្រោម ប្រមាត់កម្រើក ស្លេស្ម​កម្រើក ខ្យល់មានមុខដ៏មុតដូចកាំបិតចាប់ចុកក៏មាន ហេតុទាំងនេះក៏សុទ្ធតែសេចក្ដីអន្តរាយ ជាបច្ច័យនៃមរណៈទាំងអស់ ឯវំកាយពហុសាធារណតោ មរណំអនុស្សរិតព្វំ ព្រះយោគាវចរគប្បីពិចារណានូវសេចក្ដីស្លាប់ ដោយកាយពហុសាធារណៈយ៉ាងនេះ ។

៥- អាយុទុព្វលតោ ឲ្យព្រះយោគាវចររឭកសេចក្ដីស្លាប់ដោយអាយុមានកម្លាំងថយ គឺឲ្យរឭកឲ្យឃើញថា អាយុរបស់សត្វទាំងពួងរកកម្លាំងមិនមានជាទុព្វលភាពពេកណាស់ ដូចបទថា ៖

សត្តានំជីវិតំអស្សាសបស្សាសូបនិព្វនិព្វទ្ធំចេវ ឥរិយាបថូប និព្វទ្ធំច សីតុណ្ហូបទិព្វទ្ធំច មហាភូតូ បនិព្វទ្ធំច អាហារូបនិព្វទ្ធំច  ។

សេចក្ដីថា ជីវិតនៃសត្វទាំងឡាយនេះ ជាប់ចំពោះដោយដង្ហើមចេញនិងដង្ហើមចូលផង ថាបើដង្ហើមចេញចូលនោះ មិនបានប្រព្រឹត្តទៅហើយជីវិតក៏នឹងដាច់ទៅសូន្យទៅ នឹងដល់នូវសេចក្ដីមរណភាពដោយពិត ជីវិតនេះជាប់ទៅដោយឥរិយាបថផង កាលបើឥរិយាបថទាំង៤ ប្រព្រឹត្តទៅស្មើល្អ ជីវិតនោះក៏រស់នៅបានមិនរលត់ មិនសូន្យទៅ បើឥរិយាបថនោះ ប្រព្រឹត្តទៅមិនស្មើ គឺអង្គុយច្រើន ឬដេកច្រើន ឬឈរច្រើន ឬដើរច្រើន ជ្រុលដោយឥរិយាបថណាមួយ​ហើយ ក៏ជាហេតុនឹងឲ្យអាយុនោះតិចទៅ ជីវិតនេះជាប់ទៅដោយសេចក្ដីក្ដៅនិងត្រជាក់ផង កាលបើក្ដៅនិងត្រជាក់នោះតាំងនៅស្មើល្អ ជីវិតក៏រស់នៅប្រព្រឹត្តទៅបាន បើក្ដៅឬត្រជាក់នោះជ្រុលហួសប្រមាណហើយ អាយុក៏នឹងដាច់សូន្យទៅ ជីវិតនេះជាប់ទៅដោយមហាភូតរូប៤ គឺធាតុទាំង ៤ កាលបើធាតុទាំង ៤ នោះប្រព្រឹត្តទៅស្មើល្អ ជីវិតក៏ចម្រើននៅបាន បើធាតុទាំង ៤ ធាតុណាមួយ​ប្រព្រឹត្តទៅមិនស្មើ កម្រើកហើយ អាយុនឹងដាច់សូន្យទៅ ទុកជាបុគ្គលបរិបូណ៌ដោយកម្លាំងច្រើនយ៉ាងណាៗក្ដី តែធាតុណាមួយ​ កម្រើកហើយក៏គង់និងមានកាយនោះ គ្រាំគ្រាជារោគផ្សេងៗ មានអតិសាររោគ គឺរោគចុះឈាមជាដើម មានកាយនោះពុកស្អុយសៅហ្មង ក្ដៅក្រហាយក្រវល់ក្រវាយទូទៅសព្វរាងកាយ ចួនកាលមានទីតដាច់ឃ្លាតចេញពីគ្នា ក៏ដាច់ជីវិតិន្រ្ទិយសូន្យទៅ ជីវិតនេះជាប់ទៅដោយអាហារ កាលបើបានអាហារបរិភោគចូលទៅ ជីវិតក៏ប្រព្រឹត្តទៅបាន ថាបើមិនបានបរិភោគអាហារហើយ ឬបរិភោគឲ្យច្រើនកើនលើសប្រមាណ ភ្លើងធាតុនិងអាចកម្ដៅឲ្យទ្រុឌទ្រោមទៅមិនបាន ហើយអាយុក៏នឹងដាច់សូន្យទៅ អាស្រ័យហេតុនេះឯងទើបសម្ដែងថា ជីវិតិន្រ្ទិយរបស់សត្វទាំងពួងនោះ ជាប់ទៅដោយអស្សាសបស្សាសផង ជាប់ទៅដោយសេចក្ដីក្ដៅនិងត្រជាក់ផងជាប់ទៅដោយមហាភូតរូបផង ជាប់ទៅដោយអាហារផង ឯវំអាយុទុព្វលតោ មរណំអនុស្សរិតព្វំ ព្រះយោគាវចរគប្បីរឭកដល់សេចក្ដីស្លាប់ ដោយអាយុទុព្វលដូចមានន័យដែលសម្ដែងមកនេះ ។

៦- អនិមិត្តតោ ឲ្យព្រះយោគាវចររឭកសេចក្ដីស្លាប់ ដោយកំណត់គ្មានថា ៖

ជីវិតំព្យាធិកាលោច ទេហនិក្ខេបនំគតិ បញ្ចេតេ ជីវលោកស្មឹ អនិមិតាននាយរេ  ។

អធិប្បាយថា ហេតុដែលនឹងកំណត់មិនបានរបស់សត្វនោះមាន ៥ យ៉ាង គឺជីវិតកំណត់មិនបាន ១ សេចក្ដីឈឺចាប់កំណត់មិនបាន ១ កាលវេលានឹងស្លាប់កំណត់មិនបាន ១ ទីដែលនិងចោលកឡេវរសាកអសុភកំណត់មិនបាន ១ ដំណើរដែលនឹងទៅកាន់ភពខាងមុខទៀត កំណត់មិនបាន ១ រួមគ្នាត្រូវជា ៥ យ៉ាង អធិប្បាយថាសត្វទាំងឡាយនឹងកំណត់ថា អញនឹងមានជីវិតប្រព្រឹត្តទៅបានដល់កាលត្រឹមនោះៗ បើមិនទាន់ដល់កាលត្រឹមនោះទេ អញនឹងមិនស្លាប់មុន លុះតែកាលកំណត់នោះទើបស្លាប់ នឹងកំណត់យ៉ាងនេះមិនបាន កាលលកាលេបិសត្តាមរន្តិ សត្វទាំងឡាយដែលកើតឡើងក្នុងគភ៌មាតានោះ ទើបនឹងតាំងឡើងជាកលលរូបហើយវិនាសទៅក៏មាន ជាអម្ពុទហើយក៏មាន ចួនកាលជាបេសិជាឃនហើយវិនាសទៅក៏មាន ចួនកាលបែកបញ្ចសាខាហើយវិនាសទៅក៏មាន ចួនកាលតាំងនៅបាន ១ខែ ២-៣-៤-៥-១០ខែ ហើយក៏វិនាសទៅក៏មាន សត្វចំពូកខ្លះ ស្លាប់ក្នុងកាលចេញចាកគភ៌មាតាក៏មាន សត្វខ្លះចេញចាកគភ៌មាតាហើយ តាំងនៅបាន ១ថ្ងៃ ២ថ្ងៃ ៣ថ្ងៃ ហើយស្លាប់ ទៅវិញក៏មាន នៅបាន ៤-៥-១០ថ្ងៃស្លាប់ទៅក៏មាន នៅបាន ១ខែ ២ខែ ៣ខែ ហើយស្លាប់ទៅក៏មាន នៅបាន ៤-៥-១០ខែហើយស្លាប់ទៅក៏មាន នៅបាន ១-២-៣ឆ្នាំ ហើយស្លាប់ទៅក៏មានតាំងនៅបាន ១០-២០-៣០ឆ្នាំ ហើយស្លាប់ទៅក៏មាន ដែលនិងកំណត់ជីវិតនេះកំណត់មិនបាន ឯសេចក្ដីឈឺចាប់នោះទៀតក៏កំណត់មិនបានដូចគ្នា ដូចបទថា ឥមិនាព្យាធិនាសត្តា មរន្តិនអញ្ញេន ថាសត្វទាំងឡាយនិងស្លាប់ដោយជំងឺនេះ ដោយរោគឈ្មោះនេះៗ យ៉ាងនេះកំណត់មិនបាន សត្វចំពូកនេះស្លាប់ដោយចក្ខុរោគគឺរោគក្នុងភ្នែក ឬសោតរោគ គឺរោគក្នុងត្រចៀក ចួនកាលស្លាប់ដោយឃានរោគ គឺរោគក្នុងច្រមុះ ឬជីវ្ហារោគ គឺរោគក្នុងអណ្ដាត កាយរោគ គឺរោគក្នុងកាយ សីសរោគ គឺរោគក្នុងក្បាល មានប្រការផ្សេងៗ សត្វជំពូកខ្លះស្លាប់ដោយរោគដែលតាំងឡើងអំពីប្រមាត់ហៅថាបិតសមុដ្ឋានរោគ ខ្លះស្លាប់ដោយរោគដែលតាំងឡើងអំពីស្លេស្មហៅថាសេម្ហសមុដ្ឋានរោគយ៉ាងនេះ កាលវេលាដែលនឹងស្លាប់នោះទៀតក៏រកកំណត់មិនបានដូចគ្នា ដូចបទថា ឥមស្មឹយេវកាលេមរិតព្វំ- អញ្ញស្មឹ ថាសត្វយ៉ាងនេះត្រូវស្លាប់ក្នុងពេលដូច្នេះ ក្រៅពីពេលនេះមិនស្លាប់ឡើយ នឹងកំណត់ដូច្នេះ មិនបាន ចួនកាលសត្វខ្លះស្លាប់ក្នុងពេលព្រឹកក៏មាន សត្វខ្លះស្លាប់ក្នុងវេលាថ្ងៃត្រង់ ខ្លះស្លាប់ក្នុងវេលាថ្ងៃរសៀលក៏មាន ចួនកាលស្លាប់ក្នុងពេលបឋមយាម ឬមជ្ឈិមយាម ឬបច្ឆិមយាមក៏មាន ដែលនិងកំណត់វេលាស្លាប់នោះកំណត់មិនបាន ដូចន័យដែលពោលមកនេះជាដើម ។

ឯទីដែលនឹងចោលកឡេវរសាកអសុភនោះទៀត ក៏នឹងកំណត់មិនបានដូចគ្នា ដូចបទថា ឥធេវមិយមានានំទេហេនបតិ តព្វំនអញ្ញត្រ ថាសត្វទាំងឡាយកាលស្លាប់ក្នុងទីនេះ ត្រូវចោលរាងកាយក្នុងទីនេះ មិនគប្បី​ចោលក្នុងទីឯទៀតៗឡើយ នឹងកំណត់ដូច្នេះមិនបាន ព្រោះថាអត្តភាពរបស់សត្វខ្លះ កាលដែលកើតៗ ក្នុងស្រុក វេលាដល់ស្លាប់ទៅ ស្លាប់ចោលរាងកាយក្រៅស្រុកក៏មាន ដូចកាលសត្វខ្លះកាលដែលកើតៗ ក្រៅស្រុក វេលាដល់ស្លាប់ចេញទៅស្លាប់ក្រៅស្រុកក៏មាន ចួនកើតក្រៅស្រុក វេលាដល់ស្លាប់ចូលមកស្លាប់ក្នុងស្រុកក៏មាន សត្វខ្លះកាលដែលនៅៗ ក្នុងស្រុកនគរនេះ វេលាដល់ស្លាប់ទៅស្លាប់ក្នុងស្រុកឯណោះ នគរឯណោះក៏មាន ចួនកាលដែលនៅៗ ក្នុងស្រុកឯណោះ នគរឯណោះ វេលាដល់ស្លាប់មកស្លាប់ក្នុងស្រុកនេះនគរនេះក៏មាន សត្វខ្លះកាលដែលនៅៗ ក្នុងទឹក វេលាស្លាប់មកស្លាប់លើគោកក៏មានសត្វខ្លះកាលដែលនៅៗ លើគោកដល់ស្លាប់ទៅ ស្លាប់ក្នុងទឹកក៏មានដែលនឹងកំណត់ទីស្លាប់ កំណត់មិនបាន ។

ដំណើរដែលនឹងទៅកាន់ភពខាងមុខនោះទៀត ក៏កំណត់មិនបានដូចគ្នា ដូចបទថា ឥតោចុតេន ឥធ និព្វត្តិតព្វំ ថាសត្វដែលនឹងចុតិអំពីទីឯណោះត្រូវមកកើតក្នុងទីនេះស្រុកនេះ នគរនេះកំណត់ដូច្នេះមិនបាន ព្រោះថាសត្វទាំងឡាយចំពូកខ្លះ ចុតិអំពីលោកមកកើតក្នុងមនុស្សលោកក៏មាន ចួនកាលចុតិអំពីមនុស្សលោក ហើយទៅកើតក្នុងទេវលោកខ្លះ ទៅកើតក្នុងរូបភពខ្លះ អរូបភពខ្លះទៅកើតក្នុងតិរច្ឆានកំណើតខ្លះ ទៅកើតក្នុងប្រេតវិស័យខ្លះ អសុរកាយនិងនរកខ្លះ ប្រព្រឹត្តទៅតាមសមគួរដល់កម្មជាកុសល ឬជាអកុសលរបស់សត្វ ដែលខំសន្សំទុកក្នុងជាតិនេះនាំសត្វឲ្យវិលកើត វិលស្លាប់ក្នុងគតិទាំង ៥ គឺ និរយគតិ បេតគតិ តិរច្ឆានគតិ មនុស្សគតិ ទេវគតិ មានឧបមាដូចម្ដេច​មិញថា មានឧបមេយ្យដូចគោដែលបុគ្គលទឹមក្នុងនឹមជាមួយគ្នា តែងប្រព្រឹត្តទៅតាមកំណត់និងរបៀបផ្លូវ មិនអាចនឹងងាកចេញទៅបានឡើយ ឯវំ អនិមិត្តតោ មរណំ អនុស្សរិតព្វំ ព្រះយោគាវចរគប្បីរំឭកដល់សេចក្ដីស្លាប់ ដោយនិមិត្តដូចន័យដែលពោលមកនេះ ។

៧- អទ្ធានបរិច្ឆេទតោ ឲ្យព្រះយោគាវចររំឭកដល់សេចក្ដីស្លាប់ដោយ អទ្ធាបរិច្ឆេទ គឺឲ្យរឭកថា មនុស្សនំ ជីវិតស្សនាម ឯតរហិ បរិត្តោ អទ្ធា យោ ចីរំ ជីវតិសោ វស្សសតំ អបំ្បវា ភិយ្យោ ថាជីវិតនៃមនុស្សទាំងឡាយក្នុងកាលឥឡូវនេះនោះតិចពេកណាស់ ម្យ៉ាងទៀតមនុស្សណាដែលរស់នៅត្រឹម ១០០ឆ្នាំ ឬជាង ១០០ឆ្នាំ នោះក៏ឃើញថាតិចមនុស្សណាស់ ច្រើនតែមនុស្សដែលមានអាយុតិចថយចុះពី ១០០ឆ្នាំមក នោះឃើញមានច្រើនមនុស្ស ហេតុដូច្នោះបានជា ព្រះសម្មាសម្ពុទ្ធទ្រង់ទេសនាទុកមកថា ។

អប្បមាយុមនុស្សានំ បិឡេយ្យនំ សុបោរិសោ ចរេយ្យាទិត្តសីសោវ នត្ថិ មច្ចុស្ស នាគមោ  ។

សេចក្ដីថា ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលជាសប្បុរស កាលបើដឹងច្បាស់ថាអាយុនៃមនុស្សនេះតិចយ៉ាងនេះហើយ ក៏គប្បីប្រព្រឹត្តពិនិត្យមើលអាយុនៃខ្លួន កុំស្រវឹងទៅដោយអាយុ កុំចូលចិត្តកាន់យកថាអាយុនោះឋិតនៅយឺនយូរប៉ុន្មាន គប្បីឧស្សាហ៍ព្យាយាមក្នុងសុចរិតធម៌ ខ្វល់ខ្វាយក្នុងគុណធម៌ ដែលនិងឲ្យសម្រេចដល់ព្រះនិព្វាន ជាទីរម្ងាប់ទុក្ខសោករោគគ្រប់ចំពួក ត្រូវធ្វើអាការឲ្យបានដូចបុគ្គលដែលមានក្បាលភ្លើងឆេះ ហើយខំខ្វល់ខា្វយរកឧបាយដើម្បីនឹងលត់ភ្លើងដែលឆេះជាប់នៅលើសីសៈនៃខ្លួន គប្បីឧស្សាហ៍គិតធម្មសំវេគដល់សេចក្ដីស្លាប់ ព្រោះថាកើតមកជាសត្វ ជាបុគ្គលហើយ សេ្ដចមច្ចុរាជមិនមកបៀតបៀននោះមិនមានឡើយ ដោយដាច់ខាត ដូចព្រះពុទ្ធភាសិតដែលសម្ដែងមកហើយនេះ រួចហើយទើបទ្រង់សម្ដែងនូវអលង្កតសូត្រតទៅថា ម្នាលភិក្ខុទាំងឡាយកាលជាតិអំពីមុននោះគថាគតកើតជាគ្រូម្នាក់ឈ្មោះថា អរកៈ បានសម្ដែងធម៌ដល់ព្រាហ្មណ៍ម្នាក់ឈ្មោះ អលង្កតព្រាហ្មណ៍ក្នុងធម្មទេសនា នោះ មានសេចក្ដីថា ជីវិតនៃទាំងឡាយនេះមិនបានតាំងនៅយូរឡើយ ប្រៀបដូចតំណក់នៃទឹកសន្សើម ដែលជាប់នៅដោយចុងស្មៅហើយនិងឆាប់រីងស្ងួតហួតបាត់ទៅដោយកម្ដៅព្រះអាទិត្យ ឬដូចពពុះទឹកដែលប៉ោងឡើងដោយអំណាចកម្លាំងនៃខ្សែទឹកផ្ទប់គ្នា ហើយនឹងឆាប់បែកឆាប់រលាយទៅ ឬថាជីវិតនៃសត្វទាំងពួងនេះ នឹងឆាប់រលត់រលាយទៅដូចស្នាមគំនូសដែលគេគូសទឹក ហើយឆាប់រលប់រលាយបាត់ទៅបើមិនដូច្នោះ ប្រៀបដូចខ្សែទឹកដែលហូរចុះមកអំពីកំពូលភ្នំ តែងមានខ្សែទឹកដ៏ឆេវឆាបយកនូវវត្ថុទាំងពួងជាយ៉ាងឆាប់រហ័សទៅ ឬដូចទឹកមាត់ដែលបុគ្គលប្រមូលចូលគ្នា ហើយស្ដោះចេញទៅនឹងឆាប់ហួតបាត់ទៅ ពុំនោះសោតដូចដុំសាច់ដែលបុគ្គលដាក់ចុះទៅក្នុងខ្ទះដែកដែលក្ដៅឆេះឆាប់ធ្វើឲ្យអស់អន្ដរធានទៅយ៉ាងណា ជីវិតនៃសត្វទាំងពួងក៏យ៉ាងនោះឯង ក៏ឯជីវិតនៃសត្វក្នុងកាលសព្វថ្ងៃនេះតិចពេកណាស់ ច្រើនទៅដោយសេចក្ដីវិនាសនិងទុក្ខ​លំបាក ច្រើនទៅដោយសេចក្ដីសោកសៅអាល័យទាំងពួង បុគ្គលដែលជាបណ្ឌិតជាតិគួរកុំប្រមាទ គប្បីធ្វើការកុសលប្រព្រឹត្តនូវសាសនព្រហ្មចារិយ៍ក៏ការដែលកើតមកជាសត្វជាជីវិតហើយដែលនឹងមិនត្រូវស្លាប់នោះ មិនមានឡើយ តែកើតមកហើយក៏គង់មានសេចក្ដីស្លាប់ក្នុងទីបំផុតមិនខាន ដូចសេចក្ដីដែលទ្រង់សម្ដែងទេសនាទុកក្នុងអលង្កតសូត្រនោះឯងម្យ៉ាងទៀតព្រះអង្គទ្រង់សម្ដែងថា ៖

យោ ចាយំ ភិក្ខវេ ភិក្ខុ ឯវំ មរណសតឹ ភាវេតិ អហោវតាហំ រតិ្ទន្តិវំ ជីវេយំ្យ ភគវតោ សាសនំ មនសិក វេយំ្យ ពហុំ មេកតំ អស្ស  ។

ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងព្រះពុទ្ធសាសនាដែលមានសទ្ធាចម្រើននូវមរណានុស្សតិកម្មដ្ឋាននោះអង្គណា​មួយ​នឹងធ្វើមនសិការថា ឱហ្ន ដូចជាយើងគឺតទៅអាត្មានេះ បើជាយើងរស់នៅអស់ថ្ងៃនេះនិងយប់នេះ អាត្មក៏ានឹងធ្វើមនសិការតាមពាក្យប្រៀនប្រដៅរបស់ព្រះមានព្រះភាគ គឺខ្លួនអាត្មា​ត្រូវធ្វើច្រើនឡើងដោយពិត ព្រោះថាជាហេតុនឹងនាំមកនូវបដិវេធធម៌គឺ អរិយមគ្គ អរិយផល អាត្មានឹងប្រព្រឹត្តធ្វើនូវបព្វជិតកិច្ចជាប្រយោជន៍របស់ខ្លួននោះឲ្យច្រើននៅក្នុងខន្ធសន្ដានដរាបដល់កំណើតជីវិតដែលអាត្មាប្រព្រឹត្តក្នុងថ្ងៃ១ យប់១ នោះ ម្នាលភិក្ខុទាំងឡាយភិក្ខុណាមួយ​មានមរណស្សតិ គឺរឭកឃើញសេចក្ដីស្លាប់មានកំណត់ជីវិតត្រឹមថ្ងៃ១ យប់១ ដោយប្រការដូច្នេះ តថាគតហៅភិក្ខុនោះថា ជាអ្នកចម្រើនមរណស្សតិយ៉ាងទន់នៅឡើយ នៅប្រកបដោយសេចក្ដីប្រមាទ និងភិក្ខុដែលមានមរណស្សតិ មានកំណត់ជីវិតអំពីពេលព្រឹកដរាបទៅដល់ពេលល្ងាចនោះក្ដី ឬភិក្ខុដែលរឭកឃើញសេចក្ដីស្លាប់ មានកំណត់ជីវិតពីត្រឹមពេលឆាន់ចង្ហាន់បានមួយ​ពំនូតនោះក្ដី ភិក្ខុទាំងឡាយនេះតថាគតថាភិក្ខុនៅប្រកបដោយសេចក្ដីធ្វេសប្រហែសនៅឡើយ ព្រោះចម្រើនមរណានុស្សតិ ដើម្បីឲ្យអស់នូវអាសវនោះនៅទន់ណាស់ មរណានុស្សតិនោះមិនបានក្លាហាន បើភិក្ខុណា​មួយ​ចម្រើនមរណានុស្សតិ គឺរឭកឃើញសេចក្ដីស្លាប់គ្រប់ពំនូតបាយឬគ្រប់ដង្ហើមចេញនិងដង្ហើមចូល ដោយគិតថាអាត្មាអញនឹងមានជីវិតរស់នៅត្រឹមពេលដែលលេបពំនូតបាយចូលទៅនេះ ឬនឹងគិតថាអញនឹងរស់នៅត្រឹមដង្ហើមចេញចូលម្ដងនេះ អាត្មានិងធ្វើមនសិការតាមពាក្យប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធ នឹងធ្វើបព្វជិតកិច្ចឲ្យជាប្រយោជន៍ដល់ខ្លួនឲ្យច្រើននៅក្នុងសន្ដាននៃខ្លួន ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលឃើញសេចក្ដីស្លាប់គ្រប់ៗ ពំនូតបាយឬគ្រប់ៗដង្ហើមចេញចូលយ៉ាងនេះ តថាគតសរសើរថាជាអ្នកមានមរណស្សតិក្លាហាន ថាជាអ្នកប្រកបដោយអប្បមាទធម៌ដ៏បរិបូណ៌ នឹងបានអស់ទៅនៃអាសវធម៌ ឯអាការដែលនឹងប្រព្រឹត្តទៅនៃជីវិតនេះតិចតួចពេកណាស់ ដែលនឹងស្និទ្ធស្នាលដោយជីវិតរបស់ខ្លួនថា ជីវិតនេះនឹងឋិតនៅយឺនយូរ អាត្មាមុខជាមិនទាន់ដល់នូវមរណភាពនៅឡើយ និងស្និទ្ធស្នាលទុកយ៉ាងនេះមិនបានឡើយ អ្នកប្រាជ្ញគប្បី សន្និដ្ឋានចូលចិត្តតាមន័យពុទ្ធភាសិត ដូចពណ៌នាមកនេះ ឯវំ អទ្ធានបរិច្ឆេទតោ មរណំ អនុស្សរិតព្វំ ព្រះយោគាវចរគប្បីរឭកដល់សេចក្ដីស្លាប់ ដោយអទ្ធានបរិច្ឆេទ តាមន័យដែលពោលមកនេះ ។

៨- ខណៈបរិត្តតោ ឲ្យព្រះយោគាវចររំឭកដល់សេចក្ដីស្លាប់ដោយខណៈបរិត្ត គឺឲ្យរំឭកថា អតិបរិតោ សត្តានំ ជីវិតក្ខណោ ឯកចិត្តប្បវត្តតិមត្តោយេវ ថាជីវិតក្ខណៈនៃសត្វទាំងពួងនេះតិចពេកណាស់ ប្រព្រឹត្តទៅបានមាត្រាថាតែត្រឹមខណៈចិត្តមួយ​ៗ ប៉ុណ្ណោះដែលមានព្រះពុទ្ធភាសិត សម្ដែងដោយន័យមានដើមថា ជីវិតសត្វស្ថិតនៅយូរបាន១០០ឆ្នាំនោះ គឺថាដោយអំណាចជីវិតិន្ទ្រិយដែលប្រព្រឹត្តទៅដោយលំដាប់ភពមួយ​ៗ ដោយសន្មតវោហារហៅថាស្លាប់ បើថាដោយបរមត្ថនោះថាជីវិត សត្វប្រព្រឹត្តទៅដល់ត្រឹមភង្គខណៈនៃចិត្តណា គ៏បានឈ្មោះថាមរណៈត្រង់នោះ បើជីវិតនោះកើតឡើងជាឧប្បាទខណៈ តាំងនៅជាថិតិខណៈឈ្មោះថាជីវិតរស់នៅ ឯខណៈចិត្តនេះមាន ៣ គឺ ឧប្បាទខណៈ ១ ថិតិខណៈ ១ ភង្គខណៈ ១ កាលដែលជីវិតនោះប្រព្រឹត្តទៅដល់ត្រឹម ឧប្បាទខណៈ ថិតិខណៈ ឈ្មោះថារស់នៅ បើដល់ទៅ ភង្គខណៈ ហើយឈ្មោះថាដាច់ទៅ កាលបើជីវិតដាច់ហើយចិត្តក៏រលត់ៗ ហើយក៏បានឈ្មោះថាសត្វស្លាប់ក្នុងគ្រានោះឯង តែថាមរណៈក្នុងភង្គខណៈនោះ ផុតវិស័យសត្វទាំងពួងនឹងដឹងបានព្រោះថាខណៈនៃចិត្តដែលប្រព្រឹត្តទៅក្នុងសន្ដានយើងរាល់គ្នាទាំងពួងនេះឆាប់រហ័សណាស់ នឹងយកវត្ថុឯណាមកឧបមាប្រៀបនោះ បានដោយកម្រពេកណាស់ ដូចព្រះពុទ្ធភាសិតត្រាស់ថា ។

នាហំ ភិក្ខុវេ អញ្ញំ ឯកធម្មម្បិ បស្សាមិ ឯវំលហុបរិវត្តំយថា យិទំ ភិក្ខវេ ចិត្តំ  ។

ម្នាលភិក្ខុទាំងឡាយ ចិត្តនេះមានភាវៈប្រព្រឹត្តរហ័សក្រៃពេកណាស់ រកធម្មជាតិដទៃៗ នឹងប្រព្រឹត្តរហ័សស្មើដោយចិត្តនេះ តថាគតពិចារណារកមើលមិនឃើញមានសូម្បីដល់មួយ​ឡើយ ម្នាលភិក្ខុទាំងឡាយនាយខ្មាន់ធ្នូ ៤ នាក់បានហាត់ហ្វឹកហ្វឺនស្ទាត់ជាយ៉ាងល្អក្នុងសិល្បសាស្រ្តធ្នូ ក្នុងពេលមួយ​នោះ ខ្មាន់ធ្នូទាំង ៤ នាក់ក៏ចេញទៅឈរនៅក្នុងទិសទាំង ៤ ហើយក៏ព្រួញផ្គងដាក់ផ្គាប់នឹងចន្លោះធ្នូ ហើយបាញ់ចេញទៅព្រមគ្នាគ្រប់ទិសទាំង៤ ព្រួញក៏លឿនទៅក្នុងទិសទាំង ៤ ដោយកម្លាំងឆាប់រហ័សតាមកម្លាំងព្រួញ ហើយដែលមានបុរសដែលមានកម្លាំងឆាប់រហ័សជាងខ្យល់បក់ក៏រត់លឿនទៅក្នុងទិសខាងកើត ចាប់យកព្រួញដែលនៅក្នុងទិសខាងកើតនោះបានហើយ ត្រឡប់មកទិសខាងលិចហើយ ចាប់យកព្រួញដែលមកក្នុងទិសនោះបានទៀត ហើយរត់ទៅក្នុងទិសខាងជើងខាងត្បូងក៏ចាប់យកព្រួញដែលទៅក្នុងទិសនោះៗ បានទាំងអស់មិនទាន់ធ្លាក់ដល់ដីឡើយ ក៏កម្លាំងបុរសដែលឆាប់រហ័សជាងខ្យល់យ៉ាងនេះ នឹងយកមកប្រៀបនឹងកម្លាំងសន្ទុះនៃចិត្តនេះ ក៏ប្រៀបមិនបាន ម្យ៉ាងទៀតកម្លាំងលឿនទៅនៃច័ន្ទមណ្ឌល ឬសុរិយមណ្ឌលក្ដី ឬកម្លាំងសន្ទុះនៃទេវតាដែលលឿនទៅខាងមុខ នៃច័ន្ទមណ្ឌលនិងសុរិយមណ្ឌលនេះក្ដី ក៏យកមកប្រៀបដោយសន្ទុះនៃចិត្តនេះក៏ប្រៀបមិនបានឡើយ ម្នាលភិក្ខុទាំងឡាយ ឯកិរិយាឆាប់រហ័សនៃចិត្តនេះ នឹងរកវត្ថុអ្វីនីមួយមកឧបមាឧបមេយ្យនោះមិនងាយនឹងរកបានឡើយ អ្នកប្រាជ្ញគប្បីសន្និដ្ឋានថា ចិត្តដែលប្រព្រឹត្តទៅក្នុងសន្ដានកើតហើយរលត់ៗ ហើយកើតជាខណៈៗគ្នានោះនិងបានដាច់ជាចន្លោះៗគ្នានោះក៏ទេ គឺជាប់គ្នាមិនដាច់ប្រៀបដូចខ្សែទឹកហូរដូច្នោះឯង ចិត្តឡើងកាន់វិថីហើយចុះទៅកាន់ភវង្គ ចុះទៅកាន់ភវង្គហើយឡើងមកកាន់វិថីទៀត ចិត្តនេះរលត់ចិត្តនោះកើត ចិត្តនោះកើតចិត្តនេះរលត់ជាលំដាប់ៗគ្នាទៅ ប្រៀបដូចកង់រថដែលវិលទៅនោះឯង ។

អ្នកប្រាជ្ញគប្បីសន្និដ្ឋានថាជីវិតនៃសត្វនេះ កាលបើពោលដោយបរមត្ថនោះ មានកំណត់តែត្រឹមខណៈចិត្តតែ ១ រលត់ទៅកាលបើចិត្តនោះ រលត់ចុះហើយ សត្វក៏ឈ្មោះថាស្លាប់ក្នុងគ្រានោះ បើចិត្តនោះរលត់ ១ខណៈ ឬ ២ខណៈ ៣ខណៈ សត្វក៏ឈ្មោះថាស្លាប់ម្ដង ឬ ២ដង ៣ដងបើចិត្តនោះរលត់នោះចាប់ខណៈមិនបានយ៉ាងណា សេចក្ដីស្លាប់របស់សត្វក៏ចាប់មិនបានយ៉ាងនោះ ស្លាប់គ្រប់ៗ ខណៈចិត្តនោះ ដូចបញ្ហាដែលព្រះសម្មាសម្ពុទ្ធទេសនាទុកក្នុងអភិធម្មថា ។

អតិតេចិត្តក្ខណេ ជីវិត្ថនជីវតិនជីវិស្សតិ អនាគតេចិត្តក្ខណេ នជីវិត្ថនជីវតិជីវិស្សតិ បច្ចុប្បន្នេ-ចិត្តក្ខណេ នជីវិត្ថជីវតិនជីវិស្សតិ

សេចក្ដីថា សត្វដែលមានជីវិតក្នុងខណៈចិត្តដែលជាអតីតនោះមិនមានជីវិតក្នុងខណៈចិត្តជាបច្ចុប្បន្ន មិនមានជីវិតក្នុងខណៈចិត្តជាអនាគតសត្វដែលមានជីវិតក្នុងខណៈចិត្តជាអនាគតនោះ មិនមានជីវិតក្នុងខណៈចិត្តជាអតីត មិនមានជីវិតក្នុងបច្ចុប្បន្ន សត្វដែលមានជីវិតក្នុងខណៈចិត្តជាបច្ចុប្បន្ននោះ មិនមានជីវិតក្នុងខណៈចិត្តជាអតីត មិនមានជីវិតក្នុងខណៈចិត្តជាអនាគត បញ្ហានេះ ព្រះសម្មាសម្ពុពុទ្ធទ្រង់ទេសនាទុក ដើម្បីនឹងឲ្យដឹងឃើញអធិប្បាយក្នុងបរមត្ថថា សត្វដែលមានជីវិតនៅក្នុងកាលទាំង ៣ គឺអតីត អនាគត បច្ចុប្បន្ន នោះក្នុងកាលមួយៗ មានខណៈ ៣ ៗ គឺ ឧប្បាទខណៈ ១ ថិតិខណៈ ១ ភង្គខណៈ ១  មានខណៈចិត្តដូច្នេះដូចគ្នាទាំងអស់គ្រប់ខណៈចិត្ត និងបានប្លែកគ្នាក៏ទេ ។

ឯខណៈចិត្តមួយៗនោះ មាននាមនិងរូបជាសហជាតិកើតព្រមគ្នាជាផ្នែកៗយ៉ាងនេះ ដូចគាថាដែលព្រះសម្មាសម្ពុពុទ្ធសម្ដែងទុកថា ៖

ជីវតំ អត្តភាវោ  ច សុខទុក្ខាចកេវលា ឯកចិត្តសមាយុត្តា លហុសោវត្តតេខណោ យេនិរុ–ទ្ធាមរន្តស្ស តិដ្ឋមានស្សវាឥធសព្វេបិសទិសាខទ្ធា គតាអប្បដិសន្ធិយា ។

អធិប្បាយក្នុងគាថាដើមថា សហជាតធម៌គឺជីវិតនិងអត្តភាព សុខ ទុក្ខ និងសហជាតធម៌ដ៏សេសចាកសុខនិងទុក្ខ និងជីវិតិន្ទ្រិយនោះតែងសម្បយុត្តគ្រប់ៗខណៈចិត្តក្នុងចិត្តមួយៗដូចគ្នាទាំងអស់ ឯសហជាតធម៌ទាំងឡាយនេះនិងបានលាយច្រឡំគ្នាក៏ទេ កើតព្រមគ្នាដោយខណៈចិត្តណា ក៏ជាផ្នែកញែកគ្នាទៅតាមខណៈចិត្តនោះ ។

ឯខណៈដែលនឹងកើតឡើងនៃសហជាតធម៌ គឺសុខនិងទុកនិងជីវិតិន្ទ្រិយជាដើមនោះ ក៏ប្រព្រឹត្តទៅឆាប់រហ័សព្រមគ្នាមួយ​អន្លើដោយខណៈចិត្ត យេនិរុទ្ធាមរន្តស្ស តិដ្ឋមានស្សវាឥធ  ថាខន្ធនៃបុគ្គលដែលស្លាប់ និងដល់នៅកិរិយារលត់ព្រមដោយចុតិចិត្តក្ដីនិងខន្ធនៃបុគ្គលដែលស្ថិតនៅមិនទាន់ស្លាប់ និងដល់នូវកិរិយារលត់ក្នុងភង្គខណៈក្រៅចាកចុតិចិត្តក្ដី និងបានប្លែកគ្នានោះក៏ទេ សព្វេបិសទិ-សាខន្ធា គតាអប្បដិសន្ធិយា ថាខន្ធទាំងឡាយប្រាកដជារលត់ដូចគ្នាស្មើគ្នាទាំងអស់ តែថាខន្ធដែលរលត់ព្រមដោយចុតិចិត្តនោះ មានបដិសន្ធិចិត្តកើតជាលំដាប់ គឺបដិសន្ធិចិត្តដែលកាន់យកអារម្មណ៍នៃជវនក្នុងមរណាសន្នវិថី មានកម្មឬកម្មនិមិត្ត ឬគតិនិមិត្តជាអារម្មណ៍នោះ កើតក្នុងលំដាប់នៃចុតិចិត្ត ចំណែកខាងខន្ធដែលរលត់ខាងភង្គខណៈចិត្តទាំងពួងក្រៅចាកចុតិចិត្តនោះ និងបានមានបដិសន្ធិចិត្តនោះកើតជាលំដាប់ក៏ទេមានតែចិត្តដទៃក្រៅចាកបដិសន្ធិចិត្តនោះ កើតជាលំដាប់តាមគួរដល់អារម្មណ៍ដែលប្រព្រឹត្តក្នុងសន្ដាន អ្នកប្រាជ្ញគប្បីសន្និដ្ឋានថា ក្នុងមរណាសន្នវិថីគឺផ្លូវចិត្តនឹងដល់មរណៈនោះកាលនៅ ១៧ ខណៈចិត្តទៀតនិងដល់ចុតិចិត្តហើយ ខាងក្រោយចុតិចិត្តនោះ ១៧ ខណៈចិត្ត និងបានមានកម្មជ្ជរូបកើតឡើងផងក៏ទេ ឯកម្មជ្ជរូបដែលកើតហើយអំពីមុននោះ ក៏រលត់ចុះព្រមគ្នាដោយចុតិចិត្ត កាលបើកម្មជ្ជរូបរលត់ហើយ លំដាប់នោះចិត្តជ្ជរូបនិងអាហារជ្ជរូបនោះក៏រលត់ទៅតាមគ្នា នៅសល់តែឧតុជ្ជរូបប្រព្រឹត្តទៅក្នុង កឡេវរសាកអសុភ ដរាបដល់បែកធ្លាយសាបសូន្យទៅយ៉ាងនេះឯងជាខន្ធដែលរលត់ទៅព្រមដោយចុតិចិត្ត ចំណែកខន្ធដែលរលត់ទៅក្នុងភង្គខណៈទាំងពួងចាកចុតិនោះរូបកលាបនៅកើតតៗ មិនដាច់គ្នាប្រៀបដូចជាអណ្ដាតប្រទីប ឬខ្សែទឹកដែលប្រព្រឹត្តទៅមិនដាច់ចាកគ្នានោះឯង រូបដែលកើតឡើងមុនៗនោះ មានអាយុគ្រប់ ១៧ ខណៈចិត្តហើយក៏រលត់ទៅរូបដែលមានអាយុមិនទាន់គ្រប់កំណត់នោះ ក៏នៅប្រព្រឹត្តទៅក្នុងសន្ដាន កើតជាសង្កាត់ៗគ្នាតទៅ រូបកលាបទាំងពួងមិនដាច់ចាកសន្ដាន អ្នកប្រាជ្ញគប្បីសន្និដ្ឋានថា បើទុកជារូបកលាបកើតប្រដិតជាប់នៅក្ដី តែខណៈចិត្តរលត់ចុះហើយ ក៏ចាត់ជាឈ្មោះថា ដល់នូវមរណៈពិត ។

ឯវំខណៈបរិត្តតោមរណំមនុស្សរិតព្វំ ព្រះយោគាវចរគប្បីរឭកដល់សេចក្ដីស្លាប់ ដោយខណៈបរិត្ត ដោយន័យដែលព្រះពុទ្ធភាសិត ត្រាស់ទេសនាដូចពណ៌នាមកនេះ ជំនុំអាការទាំងឡាយ ៨ ប្រការដូចន័យដែលសម្ដែងមកហើយនេះ បើព្រះយោគាវចរបានរឭកតែន័យណាមួយ​ បានធ្វើទុកក្នុងចិត្តរឿយៗ ចិត្តដែលមានមរណានុស្សតិកម្មដ្ឋានជាអារម្មណ៍នោះ ក៏និងបានសេពដោយភាវនាក្លាហាន ក្នុងការចម្រើនស្មារតីដែលមានមរណៈជាអារម្មណ៍នោះ ក៏និងតាំងនៅជាយ៉ាងល្អ និងឃាត់នូវនីវរណធម៌ទាំងពួងបាន អង្គឈានក៏នឹងកើតប្រាកដ តែថាមិនបានដល់ អប្បនាឈាន  បានតែត្រឹម ឧបចារឈាន ព្រោះថាមរណារម្មណ៍នោះជាសភាវធម៌ជាវត្ថុគួរកើតសំវេគពេកណាស់ កាលបើកាន់យកនូវមរណស្សតិជាអារម្មណ៍ហើយរឭករឿយៗ នោះតែងនាំមកនូវសេចក្ដីតក់ស្លុតចិត្តទៅក្នុងខាងមុខ ហេតុដូច្នោះភាវនាចិត្តដែលប្រកបដោយមរណស្សតិ នោះមិនអាចបានដល់ អប្បនា-ឈាន  បានត្រឹម ឧបចារឈាន   ។

មានពាក្យបុច្ឆាជ្រៀតចូលមកថា ចុះ លោកុត្តរឈាន និងទុតិយារូបឈាន ចតុត្ថារូបឈាន មានអារម្មណ៍ជាសភាវធម៌ដែរ ឬក៏បានជាឡើងរហូតទៅ អប្បនាឈាន បាន ។

ពាក្យទទួលតបវិញថា លោកុត្តរឈាន ដែលឡើងទៅដល់ អប្បនាឈាន  បាននោះ ដោយអំណាចភាវនាវិសេស គឺចម្រើនវិសុទ្ធិភាវនាឡើងទៅដោយលំដាប់ៗ អារម្មណ៍ក៏ជាសភាវធម៌ពិត តែបានអនុភាពដែលចម្រើនវិសុទ្ធិភាវនានោះឲ្យផល ទើបអាចឡើងរហូតទៅដល់អប្បនាឈានបាន ។

ឯទុតិយារូបឈាន និង ចតុត្ថារូបឈាន មានអារម្មណ៍ជាសភាវធម៌បានឡើងទៅដល់ អប្បនា-ឈាន នោះ ដោយអំណាចអារម្មណ៍ជាសមតិក្កមភាវនាគឺទុតិយារូបនោះកន្លងបង់នូវអារម្មណ៍នៃបថមារូបចតុត្ថារូបនោះ កន្លងបង់នូវអារម្មណ៍នៃតតិយារូប ហេតុដូច្នេះ បើទុកជាអារម្មណ៍នោះ ជាសភាវធម៌ក្ដី ក៏គង់ដល់នូវអប្បនាឈានបាន ដោយអារម្មណ៍ជា សមតិក្កមភាវនា  ។

ក្នុង មរណានុស្សតិ នេះរកវិសុទ្ធិភាវនានិងអារម្មណ៍ សមតិក្កមភាវនា មិនមាន ហេតុដូច្នោះព្រះយោគាវចរ ដែលចម្រើន មរណានុស្សតិ នោះ ទើបបានតែត្រឹម ឧបចារឈាន  ។

ឯឧបចារឈាន ដែលព្រះយោគាវចរ បានក្នុងទីដែលចម្រើនមរណានុស្សតិនោះ ក៏បានដល់នូវពាក្យហៅថា មរណានុស្សតិ ឧបចារឈាន ព្រោះ ឧបចារឈាន នោះកើតឡើងដោយអំណាច ពិចារណាមរណស្សតិ នោះឯង ។

ឥមំធបនមរណស្សតិមនុស្សតិមនុយុត្តោភិក្ខុសតតំអប្បមត្តោហោតិ  ។

សេចក្ដីថា បុគ្គលដែលឃើញភ័យក្នុងវដ្ដសង្សារបានចម្រើននូវមរណានុស្សតិនេះ ក៏នឹងអាចលះបង់នូវសេចក្ដីប្រមាទរឿយៗ ហើយមិនបានត្រេកអរក្នុងភពទាំងពួង នឹងលះបង់នូវសេចក្ដីត្រេកអរក្នុងជីវិត និងជាអ្នកនិន្ទាតិះដៀលនូវការជាលាមក និងមិនសន្សំទុកនូវចតុប្បច្ច័យ និងប្រាសចាកសេចក្ដីកំណាញ់ក្នុងគ្រឿងបរិក្ខារទាំងពួង ហើយនឹងដល់នូវសេចក្ដីសន្សំក្នុងអនិច្ចសញ្ញា គឺបានឃើញនូវសេចក្ដីមិនទៀងក្នុងរូបធម៌និងនាមធម៌ ហើយនឹងបាននូវទុក្ខសញ្ញា អនត្តសញ្ញា ប្រាកដដោយអំណាចរឭកតាមអនិច្ចសញ្ញា បើបានឃើញអនិច្ចសញ្ញាហើយ ក៏ជាគុណឲ្យឃើញដល់ទុក្ខសញ្ញានិងអនត្តសញ្ញា កាលបើបានឃើញព្រះត្រៃលក្ខណញាណប្រាកដច្បាស់ក្នុងខន្ធសន្ដានហើយដល់វេលានិងស្លាប់ក៏មិនបានខ្លាចស្លាប់ប៉ុន្មាន នឹងមានស្មារតីមិនវង្វេងចាកកុសលធម៌ ។

ឯបុគ្គលដែលមិនបានចម្រើន មរណានុស្សតិ នោះ គ្រានឹងដល់មរណសម័យគឺកាលជិតនឹងស្លាប់នោះក៏កើតសេចក្ដីតក់ស្លុតខ្លាចស្លាប់នោះក្រៃពេក ប្រៀបដូចបុគ្គលដែលម្រឹគពាលគ្របសង្កត់ទុកជាអាហារ ឬនៅកណ្ដាប់ដៃយក្ស ឬនៅក្នុងមាត់ពស់ដែលមានពិស ឬនៅក្នុងកណ្ដាប់ដៃចោរ ឬពេជ្ឈឃាដដូច្នោះឯង ដែលមានសេចក្ដីតក់ស្លុតយ៉ាងនេះ នោះព្រោះអាស្រ័យហេតុដែលមិនបានចម្រើន មរណានុស្សតិ នោះ ។

ឯគុណដែលចម្រើន មរណានុស្សតិ នេះ ជាបច្ច័យនឹងឲ្យសម្រេចដល់ព្រះនិព្វាន បើមិនទាន់បានសម្រេចព្រះនិព្វានក្នុងជាតិនេះទេ កាលទម្លាយខន្ធដាច់ជីវិតិន្ទ្រិយហើយ ក៏គង់មាន សុគតិភពនៅខាងមុខ ។

តស្មាហវេអប្បមាទំ កយិរាថសុមេធសោ ឯវំមហានុភាវាយ មរណស្សតិយាសទា

ហេតុដូច្នោះព្រះយោគាវចរដែលមានប្រាជ្ញាល្អ កុំគប្បីធ្វើនូវសេចក្ដីប្រមាទ ហើយគប្បីឧស្សាហ៍ចម្រើននូវ មរណានុស្សតិ ភាវនាដែលជាធម៌ប្រកបដោយគុណានុភាពដ៏ធំសព្វៗកាលទៅហោង

មរណានុស្សតិកម្មដ្ឋានចប់

មរណានុស្សតិកម្មដ្ឋានពិស្ដារ

ព្រះគ្រូវិមលបញ្ញា អ៊ុម ស៊ូរ
អាចារ្យក្នុងព្រះរាជបណ្ណាល័យ កម្ពុជា

ប្រែចេញពីបាលី វិសុទ្ធិមគ្គ

បញ្ចេញយោបល់ ៖