វីរិយ​កថា

សេចក្ដីអធិប្បាយអំពីព្យាយាម

ប្រជាជនក្នុងលោក ដែលតាំងកសាងផ្ដើមឡើង ជាបឋមនោះគឺរៀនសិល្ប៍សាស្រ្តទាំងពួង ឬស្វែងរកទ្រព្យសម្បត្តិដោយហត្ថកម្មជាដើម អាស្រ័យដោយអ្វី ថាអាស្រ័យដោយវីរិយព្យាយាម តែប្រាសចាកវីរិយហើយ នឹងកសាងធ្វើការអ្វីមិនសម្រេចទាំងអស់ វីរិយនេះជាសាធារណៈទូទៅ លើវិជ្ជាទាំងពួង ហើយជាទីកាត់បង់នូវទម្លាប់ខ្ជិលច្រអូសនេះចេញ តាមធម្មតាមនុស្សកើតមកគ្មានវិជ្ជាសោះហៅថាល្ងង់ងងឹត លុះដល់មានព្យាយាមរៀនសូត្រដោយមាតាបិតា ឬរាជការជួយឧបត្ថម្ភដាស់តឿនទើបកើតវិជ្ជាចេះដឹងឡើង រីវិជ្ជានេះជាទីផ្លូវបង្កើតប្រាជ្ញានិងទ្រព្យសម្បត្តិ ហេតុនេះមនុស្សយើងកុំស្ថិតនៅជាមនុស្សធម្មតា គឺកើតឡើងល្ងង់នៅជាល្ងង់ ក្រនៅជាក្រនោះឡើយ ត្រូវប្រែទៅតាមសម័យដែលរាប់អានថាល្អពិតយកមកនមស្ការ ទុកដាក់ក្នុងចិត្តជានិច្ច កិរិយាដែលប្រែប្រួលពីមនុស្សធម្មតាបានដូច្នេះ ត្រូវឲ្យលះបង់ខ្ជិលច្រអូសចេញ ឲ្យមានវីរិយរៀនសូត្រសិល្ប៍សាស្រ្ត និងខំធ្វើការងាររកទ្រព្យសម្បត្តិឲ្យមានឡើង គឺវិជ្ជាឬវត្ថុអ្វីដែលមិនមាន នោះត្រូវព្យាយាមរៀនរកឲ្យមានឡើង បើមានឡើងហើយ ត្រូវព្យាយាមឲ្យរឹតតែចេះដឹងមានច្រើនឡើងតទៅទៀត នេះវីរិយខាងគតិលោក វីរិយគតិធម្មវិញហៅថាសម្មាវាយាមោ ព្យាយាមដ៏ប្រពៃមាន៤យ៉ាងគឺ ៖

១ – អកុសលចិត្ត ឯណាមិនទាន់បង្កើតឡើង ត្រូវព្យាយាមបំបាត់កុំឲ្យបង្កើតឡើង ។

២ – អកុសលចិត្ត ឯណាបង្កើតឡើង ត្រូវព្យាយាមលះបង់ចោលចេញ ។

៣ – កុសលចិត្ត ឯណាមិនទាន់បង្កើតឡើង ត្រូវព្យាយាមឲ្យមានឲ្យកើតឡើង ។

៤ – កុសលចិត្ត ឯណាបង្កើតឡើងហើយ ត្រូវព្យាយាមឲ្យរឹងរឹតតែបង្កើតឡើងតទៅទៀត រីសិល្បសាស្រ្តខាងលោកខាងធម៌ក្ដី ទ្រព្យសម្បត្តិធនធានក្ដី កើតមានឡើងដោយកិរិយារៀនរក ដូចពាក្យទំនៀមថា ចេះព្រោះរៀន មានព្រោះរក តាមសតិនិងតម្រិះតិចច្រើន ប្រៀបដូចខ្សែស្ទង់ទឹក បើខ្សែវែងក៏ដឹងជ្រៅ បើខ្សែខ្លីក៏ដឹងរាក់តាមភាពវាសនានឹងបង្អង់ឈប់ពុំបាន ឯការងារមានប្រភេទច្រើនសណ្ឋាននឹងធ្វើការមួយមុខៗ អស់ការនោះហើយឈប់ដើរលេងនោះ ហៅថាមិនល្មមនឹងចិញ្ចឹមជីវិតបាន ព្រោះហេតុអ្វី ថាព្រោះខ្ជិលក៏មាន ព្រោះមិនយល់ផ្លូវរកស៊ីនាំឲ្យទញ់ទាល់គំនិតក៏មាន ដោយហេតុមិនរៀនសិល្បសាស្ត្រខាងជំនួញ ហេតុនេះបានជាសម្ដែងថាវីរិយជាមូលហេតុឲ្យកើតប្រាជ្ញាក្រាស់ដូចផែនដី តែប្រាសចាកវីរិយហើយ ប្រាជ្ញានោះក៏សាបសូន្យបាត់ទៅ អធិប្បាយថា តម្រិះវិជ្ជាទាំងពួងត្រូវស្វាធ្យាយឲ្យរឿយៗ តែគ្មានវីរិយស្វាធ្យាយ ហើយនឹងភ្លេចវង្វេងបាត់ទៅ ប្រៀបដូចជាផ្ទះបើលិចបែកបាក់ត្រូវជួសជុលឲ្យឆាប់ បើមិនជួសជុលនឹងវិនាសខូចទៅជាអសារឥតការ ម្យ៉ាងទៀតដូចជារូបកាយឬវត្ថុជាបរិក្ខារ ត្រូវតែជម្រះឲ្យស្អាតកុំឲ្យក្អែលឬច្រែះ ស្នឹម នឹងចម្រើនស្ថិតស្ថេរចីរកាលតទៅ នេះមានឧបមាដូចម្ដេច មានឧបមេយ្យដូចតម្រិះវិជ្ជាដូច្នោះឯង ។

សម័យនេះនឹងចង្អុលឲ្យឃើញថាវីរិយធ្លាក់ក្នុងស្រុកប្រទេសណា ស្រុកប្រទេសនោះច្រើនមានភោគសម្ប័ទ និងសិល្បសាស្ត្រប្រើការគ្រប់យ៉ាងដែលត្រូវការក្នុងលោក សមដូចពុទ្ធភាសិតថា ពហូសច្ចញ្ចសិប្បញ្ច ឯតម្មង្គលមុត្តមំ អធិប្បាយថាសេចក្ដីស្ដាប់ច្រើន និងរៀនយកនូវសិល្បសាស្រ្តជាមង្គលដ៏ឧត្ដម ជាទីឲ្យចម្រើនក្នុងលោកនិងបរលោក ភាសិតនេះជាពាក្យប្រដៅវិសេសណាស់ យើង​គប្បីប្រតិបត្តិតាមកុំធ្វេសប្រហែស ដើម្បីបំបាត់នូវពាក្យពោលផ្សំនឹងខ្ជិល ថាខំរៀនខំរកអីពេកស្រេចនៅសំណាងនោះចេញ ព្រោះយើងមើលមិនឃើញទៅខាងមុខដូចម្ដេច សូម្បីព្រះពុទ្ធអង្គកាលពុំទាន់បានត្រាស់ក្នុងបច្ឆិមជាតិនេះ ទ្រង់មានវីរិយធ្វើទុក្ករកិរិយា៦ព្រះវស្សា ទើបបានត្រាស់មិនបាននៅផ្ទំស្ងៀមចាំសំណាងនោះឡើយ ។

ហេតុនេះត្រូវតាំងវីរិយរៀនវិជ្ជាឬធ្វើការងារឲ្យឆាប់ៗ ទើបបានសម្រេចប្រយោជន៍ ដោយខំផ្សំនឹងសំណាងកសាងនោះឯង សមដូចភាសិតថាឲ្យមាន វីរិយំ សច្ចំ កុសល  ។ ន័យមួយទៀតអ្នកមានវីរិយត្រូវឲ្យប្រកបដោយឥរិយាបថ៤យ៉ាង គឺដេក ដើរ ឈរ អង្គុយ ឲ្យស្មើគ្នា តែឲ្យច្រើនជ្រុលទៅដោយឥរិយាបថណាមួយនោះ នឹងបង្កើតឡើងនៅសមុដ្ឋានរោគ តែប្រទេសយើងមិនសូវមានអ្នកណាព្យាយាមជ្រុលពេកនោះទេ ច្រើនតែរៀនចេះល្មមប្រើការបាន សន្មតថាចេះហើយក៏ឈប់ទៅ ។

ឯអ្នកធ្វើការងារក៏ដូចគ្នា ច្រើនពោលពាក្យភាន់ច្រឡំផ្សំនឹងខ្ជិលថា កុំលោភពេកឬផ្លូវធ្វើការងាររករបរ គឺជួញព្រែ ធ្វើស្រែចម្ការច្បារដំណាំជាដើម នេះឈ្មោះថាធ្វើការប្រាសចាកទោស ហៅថាសម្មាអាជីវោ ចិញ្ចឹមជីវិតដោយប្រពៃ ឯហៅថាលោភនោះ គឺចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ មានលួចទ្រព្យគេជាដើម ។

ឯកិច្ចដែលវីរិយធ្វើការងារមិនធ្វេសប្រហែស ប្រយត្នមិនឲ្យខូចខាត នេះជាមង្គលដ៏ប្រសើរ ក្នុងឥធលោកនិងបរលោក ។

សម្ដែងមកតាំងពីដើមបទ រហូតដល់ទីបំផុតបទ សន្មតថាចប់ដោយសង្ខេបនេះ ដើម្បីឲ្យឃើញថាសិល្បសាស្ត្រ និងភោគសម្ប័ទ បង្កើតឡើងនាំថ្កើងដល់ស្រុកនគរ នេះដោយវីរិយ វីរិយនេះជាទីទ្រទ្រង់នូវវិជ្ជានិងសម្បត្តិ កម្ចាត់បង់នូវល្ងង់ខ្លៅ និងខ្សត់អត់ឃ្លានថោកថយ ជាដែនឲ្យរុងរឿងទៅអនាគតកាល ។

អ្នកឧកញ៉ា សុភាធិរាជ  ស៊ូរ

ប្រភព ​៖ ទស្សនាវដ្ដី​កម្ពុជសុរិយា ក្បាលលេខ៨ ឆ្នាំ១៩២៦ ២៧