គតិ ៥​យ៉ាង ដែល​បុរស​ជា​ប្ដី​ត្រូវ​ប្រតិបត្តិ​ចំពោះ​ស្ត្រី​ជា​ប្រពន្ធ

ប្ដី ( ន. ) [ជើង ដ ]   ( សំ. បា.) (បតិ “ម្ចាស់; ប្រុសជាម្ចាស់ផ្ទះ គឺបុរសជាគូគ្នានឹងស្រ្តីជាភរិយា”) ប្រុសជាគូគ្នានឹងស្រីជាប្រពន្ធ : មានប្ដីប្រពន្ធ គឺស្រីមានប្រុសជាប្ដី ប្រុសមានស្រីជាប្រពន្ធជាគូគ្រងហើយ ។

– ប្ដីសី ក្លាយមកពីពាក្យថា ប្ដីស្រី ឬ ប្ដីសិរី គឺប្ដីស្រីសួស្ដីឬប្ដីរបស់ស្រី (?) : នាងទូចកូនមីងវាមានប្ដីសីហើយឬនៅ ? (ព. សា.) ។

យើងនឹកស្ដាយដោយយល់ថាពុំគួរខាន ក៏បានស្រង់យកពាក្យជាព្រះរាជនិពន្ធនៃ ព្រះបាទសម្ដេចព្រះហរិរក្សរាមា ឥស្សរាធិបតី ព្រះបរមកោដ្ឋ (ព្រះអង្គដួង) ដែលទ្រង់និពន្ធចប់ស្រេចនៅថ្ងៃសៅរ៍ ៨រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៣៨០ កាលព្រះអង្គមានព្រះជន្មគម្រប់ ៤១ វស្សា, យើងស្រង់ព្រះរាជនិពន្ធនោះយកមកទុកជាព្រះកេរ្តិ៍ក្នុងវចនានុក្រមខ្មែរនេះ ចំពោះតែត្រង់ពាក្យថ្លែងអំពីគតិ ៥យ៉ាង ដែលបុរសជាប្ដីត្រូវប្រតិបត្តិចំពោះស្ត្រីជាប្រពន្ធប៉ុណ្ណោះ, មិនមានសេចក្ដីវែងណាស់ណាទេ, ដូចតទៅនេះគឺ ៖

កតមេហិ  បញ្ចគតី-  ហិ សាមិកា  ភរិយាស-  ង្គហាធម្មា  ប្រែតាមអត្ថា-  ធិប្បាយបាលី ។

ថាប្រុសឯណា  នឹងមានភរិយា  លោកឱ្យចេះក្ដី  ទាំងប្រាំចំពោះ  សង្គ្រោះចិត្តស្រី  ប្រពន្ធប្រក្រតី  ដូចធម៌សម្ដែង ។

បើប្ដីឯណា  ពុំកាន់កិរិយា  ទាំងប្រាំនេះឯង  ហៅប្ដីទុជ៌ន  ជួលន់ក្រៃលែង  ចេះតែកំហែង  ចិត្តប្រពន្ធពិត ។

បើប្ដីកាន់ច្បាប់  ទាំងប្រាំនេះខ្ជាប់  ហៅប្ដីសុចរិត  បម្រុងភរិយា  ដោយនាក្រមក្រឹត្យ  ប្រសើរពេកពិត  ឥតអ្វីផ្ទឹមឡើយ ។

អស់ប្រុសទាំងឡាយ  ចូរចាំអធិប្បាយ  ច្បាប់នេះជាត្រើយ  ទុកគ្រប់ប្រុសប្រាណ  កុំមានកន្ដើយ  មានប្រពន្ធហើយ  ជាសុខសម្រាន្ត ។

មួយគឺហៅប្ដី  ឱ្យប្រើសម្ដី  នឹងប្រពន្ធមាន  ពាក្យទន់ពីរោះ  ស្មើស្មោះដោយក្សាន្ត  សរសើររាប់អាន  តាមសព្ទវាចា ។

មួយគឺប្រពន្ធ  ខុសឆ្គងស្រាលធ្ងន់  កុំជេរផ្ដាសា  ទាត់ធាក់ដៀលដំ  ដូចខ្ញុំអាត្មា  កុំស្ដីដើមថា  ឱ្យឮសាយសព្ទ ។

មួយគឺបានធន  ប្រគល់ប្រពន្ធ  ទុកដាក់រណ្ដាប់ ទាំងគ្រឿងអាហារ  ជាការស្រីផ្គាប់  រៀបចំសម្រាប់  ថែទាំរក្សា ។

មួយគឺកុំផ្ចង់  កុំខំតែប-  ង្កើតកូនហើយថា  ប្រពន្ធសុខចិត្ត  ឱ្យគិតប្រាថ្នា   រួសរកទ្រព្យា  សម្រាប់ឱ្យផង ។

មួយគឺឱ្យចាប់  ស្រឡាញ់ឱ្យខ្ជាប់  កុំជិនណាយហោង  បើមានប្រពន្ធ-  ទៀតកុំប៉ុនប៉ង  ស្រឡាញ់ស្នេហ៍ស្នង  ឱ្យស្មើមុខឡើយ ។

សម្ដែងសេចក្ដី  គ្រប់ប្រាំវិថី  ចែងចប់ស្រេចហើយ  ឱ្យអស់ប្រុសផង  ចាំចងជាត្រើយ  ផ្ចង់កុំកន្តើយ  ចោលច្បាប់បុរាណ ។

បើប្រុសឯណា  ពុំផ្ចង់ចិន្តា  ដូចធម៌ទូន្មាន  នៅនឹងភរិយា  គ្មានជាសុខសាន្ត  ហិនហោចធនធាន  ទាស់ទែងលែងគ្នា ។

ឯវិស័យចិត្ត  អស់ស្រីផងពិត  មានប្ដីប្រាថ្នា  អំពើទាំងប្រាំ  នេះចាំចិន្តា   គ្រប់ចិត្តភរិយា  នៅនាលោកិយ ។

បើខ្វះអំពើ-  ណាមួយហើយតើ  ប្រពន្ធថាប្ដី  ចិត្តពុំត្រូវត្រង់  ពុំគង់មេត្រី  តូចចិត្តស្វាមី  អាក់អន់ពុំស្មោះ ។

លោកឱ្យប្រុសផង  គន់គិតស្ងួនគ្រង  ផ្ចង់ចិត្តសង្គ្រោះ-  ប្រពន្ធឱ្យពិត  ដោយក្រឹត្យប្រាំនោះ  ប្រពន្ធក៏ស្មោះ-  ចិត្តចូលមូលឯង ។

កុំគិតតែយក-   ប្រពន្ធបានមក   គ្រាន់ឱបប្រឡែង  បង្កើតតែកូន   សោះសូន្យធនធេង   លោកឱ្យគិតក្រែង  ដំណៀលនិន្ទា ។

ធម្មតាជាប្ដី  បានទ្រព្យធនអ្វី  ឬយសសក្ដា  តែងនៅសុខសឹង-  ទីពឹងផងគ្នា  ព្រោះដ្បិតភរិយា  កាន់ក្ដីសុចរិត ។

អំពើច្នេះហោង  ឱ្យអស់ប្រុសផង  ចងចាំក្នុងចិត្ត  តាមធម៌ទូន្មាន  គ្រប់ប្រាណប្រុសពិត  ទុកជាក្រមក្រិត្យ  ច្បាប់ច្បាស់តទៅ ។

អង្គអញរចនា  សេចក្ដីកាព្យា  តាមច្បាប់ទុកនៅ  ក្នុងព្រះបាលី  សេចក្ដីជ្រាលជ្រៅ  ពុំហ៊ានសៅដៅ  លើកលែងងាយដាយ ។

ឧស្សាហ៍ខំប្រុង  ប្រែរករើសក្នុង  គម្ពីរនិកាយ  អដ្ឋកថា  ដីកាបរិយាយ  និបាតទាំងឡាយ  មកផ្សំស្រដី ។

ជាច្បាប់ទុកត  ដំណឹងតំណ  ដំណើរស្ត្រី  ឱ្យជាក់ប្រាកដ  ដោយបទបាលី  គ្រាន់អស់ប្រុសស្រី  រើសរៀនរកផ្លូវ ។

ច្បាប់នេះប្រសើរ  ដំណឹងដំណើរ  ទំនងនេះកូវ  ជាច្បាប់ប្រាកដ  ដោយបទត្រឹមត្រូវ  គួរយើងឥឡូវ  ប្រតិបត្តិរក្សា ។

គួររៀនឱ្យស្ទាត់  ឱ្យចាំរត់មាត់  ដាក់ក្នុងចិន្តា  គ្រាន់នឹងប្រិតប្រៀន  បង្រៀនអាត្មា  តាមដោយគាថា  នេះឯងតទៅ ។

ចែងចប់អភិប្រាយ  ដោយអត្ថបរិយាយ សូរេចថ្ងៃសៅរ៍  ប្រាំបីរោចឯ  នាខែមាឃនៅ  ឆ្នាំរកាត្រូវ  នព្វស័កស្រេចហោង ។៚

(បើពេញចិត្ត គួរទន្ទេញឱ្យចាំមាត់) ម. ព. ប្រពន្ធ ទៀតផង) ។

ដកស្រង់ចេញពីវចនានុក្រមខ្មែរ សម្ដេច ជួន ណាត ទំព័រ ៦៣៦ 

បញ្ចេញយោបល់ ៖