ទោស​នៃ​បុគ្គល​អ្នក​ខ្ជិល​សម្អាត​កាយ ​និង​អានិសង្ស​នៃ​បុគ្គល​អ្នក​សម្អាតកាយ

បញ្ចិមេភិក្ខវេអាទីនវាទន្តកដ្ឋស្សអខាទ  នេកតមេបញ្ច  អចភ្ខាស្សំ មុខំ ទុតទ្ធំ ហោតិ  រសាហរណី  យោនវិសុជ្ឈន្តិបិត្តំ សេហ្ហំ  ភត្តំ  ន បរិយោនទ្ធតិ  ភត្ត  មស្សនច្ឆាទេតិ ឥមេខោភិក្ខវេ បញ្ចាទីនវាទន្តកដ្ឋ ស្សអខាទនេ ។

សេចក្ដីថា ម្នាលភិក្ខុទាំងឡាយ ទោសទាំងឡាយ៥ប្រការនេះកើតមានប្រាកដក្នុងកិរិយាមិនទំពាស៊ីនូវឈើស្ទន់ គឺថាបុគ្គលខ្ជិលច្រអូសមិនលាងលុបជម្រះមន្ទិលញើសក្អែលមុខមាត់ធ្មេញដោយឈើស្ទន់ ឬច្រាសឲ្យស្អាតហ្មត់ចត់ល្អ កតមេបញ្ច  ម្នាលភិក្ខុទាំងឡាយទោសទាំង៥ប្រការនោះដូចម្ដេចខ្លះ ។

ព្រះអង្គទ្រង់សម្ដែងវិសជ្ជនា ដោយព្រះអង្គឯង ថាទោសទាំង៥ប្រការនោះគឺ ៖

១- សេចក្ដីសាបសូន្យកើតឡើងដល់ភ្នែក បង្កើតឲ្យមានរោគងងឹត និងស្រវាំង ឈឺចាប់ក្នុងភ្នែក ។

២- មាត់មានក្លិនស្អុយជាទីខ្ពើមរអើមដល់ខ្លួនឯង និងអ្នកដទៃ ។

៣- សរសៃដែលជាទីទទួលនូវរសអាហារមិនស្អាតបរិសុទ្ធល្អ ជាហេតុឲ្យបរិភោគអាហារមិនមានរសជាតិឆ្ងាញ់ពិសាបរិសុទ្ធល្អ ។

៤- ប្រមាត់ និងស្លេស្ម មិនគ្របសង្កត់រួបរឹតជក់យកនូវជាតិបាយ ទឹក ស្អាតល្អ ។

៥- បុគ្គលនោះមិនឃ្លានបាយ បាយមិនគាប់ចិត្ត បរិភោគមិនសូវបាន កើតជារោគស្គមក្រហមលឿង ។

ម្នាលភិក្ខុទាំងឡាយ ទោសទាំង៥ប្រការនេះបង្កើតមានពិតប្រាកដដល់បុគ្គលដែលខ្ជិលសម្អាតកាយ មានមិនលាងលុបជម្រះមុខមាត់មន្ទិលធ្មេញជាដើម ដោយឈើស្ទន់ ឬច្រាសឲ្យស្អាតល្អ ។

អង្គសម្ដេចព្រះទសពលញាណ ទ្រង់សម្ដែងប្រាប់ទោសយ៉ាងនេះហើយ ព្រះអង្គទ្រង់សម្ដែងប្រាប់អានិសង្សជាខាងក្រោយ ដោយបាលីថា ៖

បញ្ចិមេ  ភិក្ខុវេ  អានិសំសាទន្តកដ្ឋស្សខាទនេ
កត មេបញ្ចចក្ខុស្សំមុខំទុគន្ធំ ន ហោតិ  រសាហរណិ
យោវិសុជ្ឈន្តិ  បិត្តំសេម្ហំភត្តំបរិយោនទ្ធតិ ភតមស្សច្ឆាទេតិ
ឥមេខោភិក្ខវេបញ្ចានិសំសាទន្តកដ្ឋស្សខាទនេ ។

សេចក្ដីថា ម្នាលភិក្ខុទាំងឡាយ អានិសង្សទាំងឡាយ ៥ ប្រការនេះ កើតមានប្រាកដក្នុងកិរិយាទំពាស៊ីនូវឈើស្ទន់ គឺថាបុគ្គលមានឧស្សាហ៍ព្យាយាមលុបជម្រះមន្ទិលញើស ក្អែលមុខមាត់ធ្មេញដោយឈើស្ទន់ ឬច្រាសឲ្យស្អាតហ្មត់ចត់ល្អ កតមេបញ្ច ម្នាកភិក្ខុទាំងឡាយអានិសង្សទាំង៥ប្រការនោះដូចម្ដេចខ្លះ ព្រះអង្គវិសជ្ជនាដោយព្រះអង្គឯងថា អានិសង្សទាំង៥ប្រការនោះគឺ ៖

១- សេចក្ដីសាបសូន្យមិនមានដល់ភ្នែក ជាប្រយោជន៍ គឺមានភ្នែកថ្លាល្អ មិនងងឹត មិនស្រវាំង មិនមានរោគឈឺចាប់កើតឡើងក្នុងភ្នែក ។

២- មាត់មានក្លិនស្អុយមិនមាន ។

៣- សរសៃទាំងឡាយ ដែលជាទីទទួលនូវរសអាហារស្អាតបរិសុទ្ធល្អ ។

៤- ប្រមាត់និងស្លេស្ម គ្របសង្កត់រួបរឹតជក់យកជាតិបាយទឹកស្អាត បរិសុទ្ធល្អ ។

៥- បាយទឹកជាទីគាប់ចិត្តនៃបុគ្គលនោះ បរិភោគអាហារបានមិនទ្រាន់ មិនឆ្អើម មិនបង្កើតជារោគស្គម ។

ម្នាលភិក្ខុទាំងឡាយ អានិសង្សទាំង៥នេះ កើតឡើងពិតប្រាកដដល់បុគ្គលដែលមានឧស្សាហ៍ព្យាយាម លាងលុបជម្រះមុខមាត់មន្ទិលធ្មេញ ដោយឈើស្ទន់ជាដើម ដូ្ចច្នេះយើងទាំងឡាយគប្បីប្រតិបត្តិតាមព្រះពុទ្ធភាសិត ដូចបានអធិប្បាយមកនេះចុះ នឹងបានសេចក្ដីសុខ សេចក្ដីចម្រើនក្នុងលោកនេះ និងលោកខាងមុខពិត ។

ន័យមួយទៀតលោកសម្ដែងថា បុគ្គលដែលនឹងបរិភោគអាហារត្រូវឲ្យពិនិត្យពិចារណាក្នុងថ្ងៃ១ បើបរិភោគច្រើនវេលា ត្រូវឲ្យបរិភោគអាហារដែលទន់ៗមុន កុំឲ្យបរិភោគដែលរឹងៗមុន បើបរិភោគអាហាររឹងៗមុន ហើយបរិភោគអាហារដែលទន់ៗក្រោយ អាហារដែលទន់ៗនោះ នោះរលួយទៅឆាប់ អាហារដែលរឹងនោះ រលួយទៅមិនទាន់នាំឲ្យខណ្ឌឲ្យស្ទះពោះវៀន ខ្យល់ប្រព្រឹត្តទៅពុំស្រួលជាហេតុនឹងឲ្យកើតនូវរោគឈឺពោះ ចុកសៀតជាដើម ។

ព្រះញាណបវរវិជ្ជា ឯម អាចារ្យសាលាបាលីជាន់ខ្ពស់

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា លេខ ៩ ១០- ១១ ១២ ឆ្នាំ ១៩២៦ ២៧ ។

បញ្ចេញយោបល់ ៖