វិធី​តុបតែង​ព្រះ​ពុទ្ធ​សាសនា​ឲ្យ​ចម្រើន​ឡើង

ដើម្បីនឹងបានតបស្នងឆ្លងសទ្ធា របស់ព្រះរាជបណ្ណាល័យ ដែលបានផ្សាយធម៌ និងវិន័យច្រើនមុខនៅនានគរខេមរៈនេះ ជាសេចក្ដីប្រយោជន៍ធំដល់កល្យាណសប្បុរសទាំងអស់គ្នា ខ្ញុំសូមអធិប្បាយជាបែបខ្លីៗអំពីព្រះពុទ្ធសាសនា ក្នុងនគរកម្ពុជាយើងនេះ ។

បពិត្រសាធុជនទាំងឡាយ សាសនាព្រះឈ្នះមារជាម្ចាស់ក្នុងបូរីយើងសព្វថ្ងៃនេះ ពុំបានរុងរឿងវិសេសប៉ុន្មានទេ ព្រះពុទ្ធសាសនាដែលបានថ្កុំថ្កើងរុងរឿងឡើង ដោយសារតែពុទ្ធបរិស័ទឈឺឆ្អាលជួយឧបត្ថម្ភគាំទ្រ គោរពប្រតិបត្តិធម៌និងវិន័យត្រឹមត្រូវត្រង់តាមពុទ្ធោវាទ សមនឹងសេចក្ដីដែលមានក្នុងបច្ឆិមពុទ្ធវចនៈដែលព្រះអនាវរញាណបានប្រារព្ធចំពោះនឹងព្រះអានន្ទ នៅក្នុងនគរកុសិនារា ។

ខ្ញុំមានចិត្តសង្ស័យណាស់ ហេតុដូចម្ដេចបានជានគរខ្មែរយើង សាសនាព្រះភគវន្តមុនីសាស្តាពុំបានប្រសើរប៉ុន្មាន តាមសេចក្ដីអត្តនោមតិកាត់ប្រមាណស្មានរបស់ខ្ញុំ យល់ឃើញថាដូចនេះ ៖

ប្រការ ១– ពួកប្រាជ្ញរាជបណ្ឌិតជាតិខ្មែរមានតិចណាស់

ប្រការ ២– ពួកប្រាជ្ញរាជបណ្ឌិតនោះ ពុំមានធម៌សាមគ្គីសមគ្នា រស់អាស្រ័យគ្នាទៅវិញទៅមក ក្នុងកិរិយាសម្ដែងចែងអធិប្បាយផ្សាយធម៌និងវិន័យ ។

ប្រការ ៣– ពុទ្ធសាសនិកជនមានទិដ្ឋិ មានប្រកាន់អួតអាងថាខ្លួនសិក្សាធម៌វិន័យត្រឹមត្រូវហើយ តាមបង្គាប់របស់គ្រូអាចារ្យអំពីដើមរៀងមក ។

ប្រការ ៤– ពុទ្ធសាសនិកជននោះ បែកទៅជាពួក ជាកង ជានិកាយ ពុំមានចិត្តវិស្សាសៈរាប់អានគ្នា ។

ហេតុទាំង ៤ ប្រការនេះជាប្រធាន ធ្វើឲ្យសាសនាព្រះអនាវរញាណពុំចម្រើនកើនឡើង ឲ្យជាភិយ្យោភាពក្រៃលែងតទៅទៀតបាន ។

សប្បុរសគប្បីយល់ថា តម្រិះវិជ្ជា កើតមានមកអំពីសូត្ររៀនដូចមានបុរាណភាសិតមួយថា ចេះមកពីរៀន មានមកពីរក ក្នុងនគរខ្មែរយើងមានសាលាបរិយត្តិបាលីមួយ ជាទីធ្វើឲ្យអ្នកប្រាជ្ញបរិបូណ៌ច្រើនឡើង ដើម្បីនឹងបានជួយពត់តម្រង់ព្រះពុទ្ធសាសនា ព្រះវិន័យបិដកសឹងមានក្នុងគម្ពីរនោះគ្រប់គ្រាប់ល្មមប្រើការបាន ដោយងាយស្រួលណាស់ គួរយើងទាំងអស់គ្នាសូត្ររៀនព្រះបរិយត្តិឱ្យចេះដឹង ប្រឹងជួយសាលាបាលីដែលជាអាយុព្រះពុទ្ធសាសនា ជារាជកេរ្តិ៍របស់ព្រះករុណាបរមរាជានុកោដ្ឋ ជាម្ចាស់ជីវិតយើង បុប្ផាផ្កាទាំងឡាយស្រស់ល្អស្រួលក្នុងវេលាដែលដើមរុក្ខាមានជីវិតរស់នៅ បើប្រសិនណាដើមរុក្ខាត្រូវកម្ដៅព្រះអាទិត្យខ្លាំងពេក ស្លាប់ទៅកាលណាបុប្ផាទាំងឡាយនោះ នឹងស្រពោនស្រពន់ទោរទន់ស្លោករុះរោយលើបថវីឋានពុំខាន បានសេចក្ដីគណនាឧបមាបីដូចជាសាលាបរិយត្តិ បើពុំបានរុងរឿងតទៅ ព្រះពុទ្ធសាសនាក៏សឹងវិនាសបន្តិចៗម្ដងពីនគរខ្មែរយើង ហេតុនេះយើងគប្បីពិចារណាឲ្យបានផូរផង់ឆ្ងាយទូលាយ នឹងបានឃើញយល់នូវប្រយោជន៍របស់សាលានេះ បុគ្គលណាមួយមានចិន្ដាសទ្ធាជួយជ្រោមជ្រែងសាលាបាលី បុគ្គលនោះ ខ្ញុំហ៊ានពោលថា បានធ្វើបដិបត្តិបូជាដល់សម្ដេចព្រះជិនស្រីម្ចាស់លោក ។

ក្នុងច្បាប់នាគ្រប់ប្រទេសគ្រប់តំបន់ ដែលសម្រាប់ប្រៀនប្រដៅបណ្ដារាស្ត្រ នោះគេតែងរំឭកដល់ធម៌សាមគ្គីសាមគ្គា គឺសេចក្ដីព្រមព្រៀងគ្នាក្នុងកិរិយាធ្វើការនីមួយៗ សេចក្ដីព្រមព្រៀងគ្នានាំមកនូវសេចក្ដីសុខបណ្ដាលសេចក្ដីចម្រើនឲ្យកើតឡើង ធម៌នេះអ្នកប្រាជ្ញរាជបណ្ឌិតក្នុងខេមរមណ្ឌលពុំសូវមាន គួរណាស់គិតឃើញថាអាត្មាអញពុំស្គាល់ធម៌វិន័យឲ្យបានអស់លក្ខណៈទេ មានគេឯទៀតដែលគេបានសិក្សាច្រើនចេះជាងអាត្មាអញ គួរអញរាប់អានគេដើម្បីនឹងបានសង្គ្រោះ ជួយគ្រោមជ្រែងពួកខ្មៅល្ងង់កុំឲ្យអវិជ្ជាមកគ្របសង្កត់ពេក អ្នកប្រាជ្ញណាគិតបែបនេះ ខ្ញុំពោលថាអ្នកប្រាជ្ញនោះបានធ្វើបដិបត្តិបូជាហើយ ដល់ព្រះដ៏មានបុណ្យអនន្តគុណជាម្ចាស់លើត្រៃភព ។

ពុទ្ធសាសនិកជនទាំងអស់សិក្សាធម៌វិន័យ អំពីសម្នាក់សាស្តាចារ្យផ្សេងៗគ្នា មានគ្រូ​អាចារ្យខ្លះ​ក៏ចេះអាថ៌ធម៌ជ្រៅជ្រះជម្រះមន្ទិលសង្ស័យបាន មានខ្លះចេះស្ដួចស្ដើង ហើយតម្កើងដំឡើងសក្ដិខ្លួនអ្នកចេះដឹងពហុសូត្រ ប្រឹងប្រដៅឲ្យកូនសិស្សប្រតិបត្តិតាមក្បួនខ្នាតកម្លៅរបស់ខ្លួន ចួនត្រូវចួនខុស ចំណែកខាងកុលបុត្រវិញ ក៏ប្រឹងតែជឿគ្រូអស់ពីពោះ អួតប្រាប់គេថាគ្រូអាត្មាចេះណាស់ ចួនកាលប្រព្រឹត្តលើខុសបង់ ប្រកាន់ថាជាត្រូវតម្រូវតាមឱវាទគ្រូបាធ្យាយ កុលបុត្រធ្វើបែបនេះ កុលបុត្រនោះ ឈ្មោះថាធ្វើបញ្ញាពុំមានឲ្យរស្មី ហៅថាមនុស្សគ្មានតេជក៏បាន កុលបុត្រទាំងអស់គ្នាត្រូវគិតឲ្យឃើញថា ពាក្យឯណាដែលពោលទៅហើយ នាំនូវសេចក្ដីសុខដល់រូបអ្នកដទៃនិងរូបអាត្មា ពាក្យនេះជាពាក្យត្រូវ កិរិយាធ្វើទានសីលភាវនាឯណា១ ដែលត្រឹមត្រង់តាមពុទ្ធបញ្ញត្តិ និងពុទ្ធានុញ្ញាត គ្មានភាន់ច្រឡូកច្រឡំនឹងសាសន៍ដទៃ កិរិយានោះហៅថា កិរិយារបស់ពុទ្ធបរិស័ទពិតប្រាកដ កុលបុត្រណាគិតឃើញដូចនេះ កុលបុត្រនោះ ខ្ញុំពោលថា បានធ្វើបដិបត្តិបូជាដល់ព្រះបរមគ្រូ លោកនាថសាស្ដាលើទេវតាមនុស្សយក្ខទាំងឡាយ ។

កុលបុត្រអួតអាងប្រកាន់ដោយរៀងខ្លួន នូវគ្រូអាចារ្យនាំបំបែកចែកទៅពួក ម៉្លោះហើយសាមគ្គីសាមគ្គាមានទៅដោយពួកដោយកង ដូចជាបណ្ដារាស្ត្រចិន មិនទួទៅ មិនចេះស្រឡាញ់រាប់អានអ្នកនៅក្នុងម្លប់សាសនាជាមួយ ធ្វើបែបនេះហៅថាមនុស្សពុំចេះស្រឡាញ់ជាតិ បើប្រសិនណាជាយើងនាំគ្នាធ្វើតាមទំនើងចិត្តរបស់យើង ដូចនេះ តរៀងទៅព្រះពុទ្ធសាសនានឹងវិនាសអន្ដរធានដោយស្នាដៃរបស់យើងពុំខាន ខ្ញុំសូមលើកវត្ថុនិទានមួយមកអធិប្បាយជូនមហាសប្បុរសទាំងអស់គ្នា គ្រាន់ជាទីសណ្ដាប់ គិតទៅកាលក្រោយៗទៀត ។

សេចក្ដីអធិប្បាយថា កាលពីអតីតប្រព្រឹត្តកន្លងទៅហើយមានពាណិជ១០០នាក់ នាំទំនិញទៅលក់ បើកភេត្រាឆ្ពោះទៅកាន់នគរមួយ លុះភេត្រាបានដល់កណ្ដាលមហាសមុទ្រកាលណា ក៏កើតហេតុវិវាទឈ្លោះគ្នា ក្នុងវិធីគិតប្រាក់ចំណូលចំណាយ ម៉្លោះហើយពួកពាណិជក៏ពុំបានសេចក្ដីសុខរៀងខ្លួនឡើយ ខ្លះចូលចិត្តថា គួរនាំទំនិញបកត្រឡប់មកគេហដ្ឋានវិញ ខ្លះថាគួរនាំទំនិញទៅលក់ឲ្យអស់ទើបនឹងគិតគ្នាជាក្រោយទៀត ប្រកែកជជែកគ្នាទៅវិញទៅមក ទោសគឺខឹងក៏មានឡើងរាល់ខ្លួន អ្នកខ្លះស្ទុះទៅសម្រូតក្ដោងផ្ដាច់ខ្សែសាវ អ្នកខ្លះចែវភេត្រាទៅកាន់ខាងមុខ អ្នកខ្លះចែវចំពោះមកក្រោយ ភេត្រាទៅណាក៏ពុំរួច លុះព្រះអាទិត្យជិតអស្ដង្គតវេលាណា ព្ធដ៏ខាងនោះមានវាយោពាយុ ១ យ៉ាងធំ មកបក់ផាត់សំពៅនោះធ្លុះធ្លាយលិចទៅ ឯពួកពាណិជទាំង១០០នាក់ ក៏បានទៅជាចំណីរបស់ត្រីឆ្លាម មករ ពិន្ទង ក្នុងមហាសមុទ្រជ្រៅ ។

សប្បុរសស្ដាប់រឿងចុះ ឯសំពៅនោះ មានឧបមាបីដូចជាព្រះពុទ្ធសាសនា ពួកពាណិជទាំង ១០០នាក់ ដូចជាពុទ្ធសាសនិកជនរាល់គ្នា បញ្ជីដូចជាកិរិយាប្រតិបត្តិដល់ធម៌និងវិន័យ បើប្រសិនណាជាយើងគ្មានសេចក្ដីរាប់អានគ្នានឹងគ្នា រកគន្លងពិតរបស់ពុទ្ធភាសិត ប្រព្រឹត្តតែគិតរកហេតុបង្កើតរឿង សាសនាព្រះសក្យមុនីគោតមបរមគ្រូនឹងវិនាសឆាប់ដូចជាភេត្រារបស់នាយពាណិជ ឯរូបអាត្មាយើងរកសេចក្ដីសុខបានមកពីបទណា ក្នុងឥធលោកនិងបរលោកនាយ យើងសោយទុក្ខវេទនាដូចនាយពាណិជ ក្នុងពោះសត្វត្រីក្នុងសមុទ្រ ។

ខ្ញុំពន្យល់អំពីរបៀបធ្វើព្រះពុទ្ធសាសនា ឲ្យចម្រើនឡើងពុំទាន់បរិបូណ៌អស់សេចក្ដីនៅឡើយ ប៉ុន្តែខ្ញុំសូមសន្មតចាត់ថាជាចប់ចុះតាមសម័យ ខ្ញុំមានពេលខ្លីពេកណាស់ ប៉ុន្តែមុនឈប់អធិប្បាយនេះ ខ្ញុំសូមធ្វើបណាម១ រំឭកដល់ព្រះករុណា ស៊ីសុវត្ថិ បរមរាជានុកោដ្ឋ និងដល់គុណវិសេសរបស់ព្រះរាជបណ្ណាល័យជាបទឃ្លោងខាងក្រោមនេះ ។

អហំតាំងថាខ្ញុំ សូមបង្គំដោយហត្ថា ដល់ព្រះមហាករុណា ក្សត្រខត្តិយា ស៊ីសុវត្ថិ ។ បរមរាជានុកោដ្ឋ ព្រះទ័យសោតល្អសែនថ្វាត់ ព្រះបញ្ញាថ្លាក្ដាត់ បានចាត់ចែងតែងសាសនា ។ បង្កើតព្រះរាជបណ្ណាល័យ ជានិស្ស័យនៃបណ្ដា ពុទ្ធបរិសទ្យា នាំបញ្ញាញាណសម្ភារ ។ ព្រះរាជបណ្ណាល័យ វិស័យក្រៃក្រពណ៌នា ផ្សាយធម៌វិន័យសា កើនលាភាជនទាំងឡាយ ។ ប្រៀបធៀបដូចព្រះចន្ទ រះជាក់ស្បាន់ស្រស់ក្បោះក្បាយ កណ្ដាលស្រុកយើងអាយ កើតសប្បាយកាយបហិមា ។ កម្ចាត់បំបាត់សោក ទាំងងុយងោករោគអវិជ្ជា ចេះស្គាល់ដល់ធម្មា វិន័យាត្រឹមត្រូវត្រង់ ។ សាសនាព្រះសម្ពុទ្ធ ចៅចោមមកុដល្អកន្លង នឹងបានធំចម្បង ដូចបំណងអ្នកសទ្ធា ។ សូមតេជៈជ័យជោគ មានដល់លោកអ្នករាល់គ្នា ដែលកបដួងទ័យា ជួយព្យាបាលបណ្ណាល័យ ។ ទិញសៀវភៅសូត្ររៀន ទុកទូន្មានប្រៀនដួងចៃ ឲ្យស្គាល់រាល់តម្លៃ វចនៈថ្លៃព្រះសាស្ដា ។ សព្វទុកនឹងសព្វលោក ទាំងសព្វរោគដ៏ហានក្លា កុំបីពាល់កាយា ដល់មហាជនរាល់អង្គ ។ ទេវតាក្នុងលោកធាតុ សូមខ្មីឃ្មាតឆ្លៀតតម្រង់ ធ្វើសាសនាឲ្យត្រង់ ត្រូវគន្លងទំនងខ្នាត ។ ធ្វើចិត្តអស់សត្វលោក ពុំស្មោកគ្រោកខំឱហាត រៀនសូត្រសិល្បសាស្ដ្រ សង្វាតគិតការអ្វីល្អអើយ ។​

ថី គីម ហាក់ ធ្វើរាជការនៅប៉ុស្តិ៍ ខ្សែលួស
រៀបរៀង

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៣១

បញ្ចេញយោបល់ ៖