ពុទ្ធ​បរិស័ទ​គឺ​អ្នក​ណា

ពាក្យប្រារព្ធ

មនុស្សយើងកើតមកហើយ មិនថាអ្នកមានឬអ្នកក្រ អ្នកខ្ពង់ខ្ពង់អ្នកថោកទាបទេ សុទ្ធតែស្អប់ខ្ពើមទុក្ខ ចង់បានសុខដូចគ្នាទាំងអស់ គ្មានអ្នកណាចង់បានទុក្ខស្រឡាញ់ទុក្ខសោះ កុំថាដល់ទៅខ្លួនរងទុក្ខ សូម្បីគ្រាន់តែពាក្យ ទុក្ខ  ៗ ក៏មិនចង់ឮផង ។ ហេតុនេះ បានជាមនុស្សគ្រប់រូបខំគិតរកឧបាយដើម្បីធ្វើឲ្យខ្លួនផុតពីទុក្ខទោស ឲ្យខ្លួនបានសុខដោយវិធីផ្សេង  ៗ គ្នា អ្នកខ្លះខំធ្វើការងារចិញ្ចឹមជីវិតត្រឹមត្រូវតាមផ្លូវលោក ផ្លូវធម៌ក៏មាន អ្នកខ្លះធ្វើការងារទុច្ចរិតខុសផ្លូវលោកផ្លូវធម៌ក៏មាន សូម្បីនឿយហត់យ៉ាងណាក៏មិនរួញរា ទាំងនេះ ក៏ព្រោះតែគេចង់ឲ្យខ្លួនសុខតែម្យ៉ាងប៉ុណ្ណោះ ។ ប៉ុន្តែ អ្នកស្វែងរកសុខនោះ មិនមែនចេះតែបានសុខគ្រប់រូបទេ បើអ្នកណាធ្វើត្រូវតាមផ្លូវឲ្យកើតសុខ អ្នកនោះទើបបានសុខដូចចិត្តប្រាថ្នាទៅ បើអ្នកណាធ្វើខុសផ្លូវឲ្យកើតសុខ អ្នកនោះមិនបានសុខ ត្រឡប់បានជាទុក្ខផ្ទុយនឹងបំណងខ្លួនទៅវិញ ព្រោះខ្លួនមិនដឹងដើមហេតុដែលឲ្យកើតសុខទុក្ខសោះ ។

តាមពិត សុខទុក្ខជាផលរបស់កម្ម  ៗ ជាហេតុ ។ បើកម្មល្អជាហេតុតែងបានសុខជាផល បើកម្មអាក្រក់ជាហេតុ តែងបានទុក្ខជាផល ។ សុខទុក្ខនឹងកើតមានឡើងដោយសារតែខ្លួនឯងជាអ្នកធ្វើ អ្នកណាធ្វើល្អអ្នកនោះបានសុខ អ្នកណាធ្វើអាក្រក់ អ្នកនោះបានទុក្ខ ។ សុខទុក្ខនេះចែករំលែកឲ្យគ្នាមិនបានទេ បើគ្រាន់តែពន្យល់ប្រាប់ដើមហេតុឲ្យកើតសុខទុក្ខដល់គ្នាបាន ដូចជាប្រាប់គ្នាថា បើអ្នកចង់ដឹងត្រជាក់ ត្រូវអ្នកងូតទឹក បើអ្នកចង់ដឹងក្ដៅ ត្រូវអ្នកហាលថ្ងៃប៉ុណ្ណោះ ចំណែកអ្នកប្រាប់មិនត្រជាក់ឬក្ដៅទេ សុខទុក្ខក៏ដូចជាត្រជាក់នឹងក្ដៅនេះដែរ ។

លទ្ធិសាសនាទាំងពួងដែលកើតមានឡើងក្នុងលោក ក៏កើតមកតែអំពីគំនិតរបស់លោកជាសាស្ដានោះ  ៗ គិតចៀសវាងទុក្ខទោសហើយស្វែងរកសុខតែម្យ៉ាងប៉ុណ្ណោះ ប៉ុន្តែសាសនាទាំងនោះមានពាក្យប្រៀនប្រដៅប្លែក  ៗ គ្នា ទៅតាមគំនិតយោបល់សាស្ដានោះ  ៗ ។

ចំពោះព្រះពុទ្ធសាសនា មានពាក្យប្រៀនប្រដៅអំពីផ្លូវចៀសវាងទុក្ខទោស និងផ្លូវធ្វើឲ្យកើតសុខក្នុងលោកនេះនិងលោកខាងមុខ ដោយបរិយាយដ៏ជ្រាលជ្រៅល្អិតសុខុមណាស់ ដូចកាលព្រះសម្មាសម្ពុទ្ធ បានត្រាស់ដឹងថ្មី  ៗ ដំបូងបំផុត ទ្រង់ប្រដៅសាវ័កឲ្យស្គាល់ទុក្ខ ឲ្យស្គាល់ហេតុកើតទុក្ខ ឲ្យស្គាល់ទីរលត់ទុក្ខ និងឲ្យស្គាល់ផ្លូវប្រតិបត្តិឲ្យដល់ទីរលត់ទុក្ខ រួមខ្លីថា ព្រះពុទ្ធអង្គទ្រង់ប្រាប់ហេតុឲ្យកើតសុខទុក្ខមុនរឿងផ្សេង  ៗ ។

ហេតុនេះ មនុស្សគ្រប់រូបទើបត្រូវកាន់សាសនាទុកជាគោលសម្រាប់គ្រប់គ្រងជីវិតរបស់ខ្លួនឲ្យប្រាសចាកទុក្ខ ឲ្យបានសុខស្រួលរាល់ថ្ងៃ ដូចជាកាន់ច្បាប់សម្រាប់ស្រុកទេសដែរ ។ ប៉ុន្តែ អ្នកណាកាន់សាសនាអ្វី អ្នកនោះត្រូវតែខំគិតដេញដោលរកហេតុផលក្នុងសាសនានោះ ឲ្យឃើញពិតប្រាកដដោយប្រាជ្ញារបស់ខ្លួន កុំចេះតែកាន់សាសនាដោយសារគេបង្ខំ ដោយខ្លាចគេ ឬដោយអៀនខ្មាសគេ ។

ក្នុងសៀវភៅនេះ ខ្ញុំអធិប្បាយចំពោះតែវិធីប្រតិបត្តិក្នុងព្រះពុទ្ធសាសនាមួយប៉ុណ្ណោះ សាសនាឯទៀតលើកទុក ។

សូមលោកអ្នកកាន់ព្រះពុទ្ធសាសនាជួយវិនិច្ឆ័យប្រស្នាតទៅនេះផង ៖

១ – ព្រះពុទ្ធអង្គជាអ្នកបង្កើតលោកឬ ?

២ – ព្រះពុទ្ធអង្គជាអ្នកដាក់ទោសទណ្ឌកម្ម ដល់ពួកសាវកដែលល្មើសពុទ្ធប្បញ្ញត្តិឬ ?

៣ – ព្រះពុទ្ធអង្គជាអ្នកទទួលពាក្យអង្វរករបន់ស្រន់ របស់ពួកសាវ័កឬ ?

៥ – ព្រះពុទ្ធអង្គជាម្ចាស់កម្មផលមែនឬទេ ?

អត្ថបទដែលត្រូវពោលក្នុងទីនេះគឺ ប្រស្នាទាំង ៥ ប្រការនេះ សូមអស់លោកអ្នកមើលសេចក្ដីក្នុងរឿងនេះ កាលបើមើលហើយនឹងបានយល់ច្បាស់លាស់មិនខាន ។

១ – ពុទ្ធបរិស័ទ

២ – ករណីយកិច្ចរបស់ពុទ្ធបរិស័ទ

៣ – ដើមកំណើតរបស់ព្រះពុទ្ធជាអ្នកបង្កើតសាសនា

៤ – រូបរាងរបស់ពុទ្ធសាសនា

៥ – វត្ថុបំណងរបស់ពុទ្ធសាសនា

៦ – គោលធម៌យ៉ាងសំខាន់បំផុតរបស់ពុទ្ធសាសនា

៧ – គោលនៃការប្រតិបត្តិធម៌យ៉ាងត្រឹមត្រូវបំផុតក្នុងពុទ្ធសាសនា

៨ – ផលដ៏ប្រសើរបំផុតនៃការប្រតិបត្តិធម៌ក្នុងពុទ្ធសាសនា ។

ពុទ្ធបរិស័ទ

ពាក្យថា « ពុទ្ធបរិស័ទ » ចែកជា ២ បទ គឺពុទ្ធ ១ បរិស័ទ ១ ។

ពុទ្ធ ជាព្រះនាមនៃព្រះសមណគោតម ដែលជាសាស្ដាអ្នកបង្កើតសាសនា() ។ បរិស័ទ ជាឈ្មោះពួកជនដែលកាន់សាសនាត្រូវគ្នាដូចជា ពួកពុទ្ធបរិស័ទ ពួកគ្រិស្តបរិស័ទ ពួកអ៊ិស្លាមបរិស័ទ ជាដើម ។ រួម ពុទ្ធ និង បរិស័ទ ភ្ជាប់គ្នាជា ពុទ្ធបរិស័ទ ប្រែថា « បរិស័ទរបស់ព្រះពុទ្ធ » ឬថា « ពួកជនអ្នកកាន់ពុទ្ធសាសនា គឺអ្នកធ្វើតាមពាក្យប្រៀនប្រដៅនៃព្រះពុទ្ធ » ។ ពួកពុទ្ធបរិស័ទទាំងអស់នឹងផ្លាស់ឈ្មោះហៅថា « ពុទ្ធសាសនិកជន » ឬ « ពុទ្ធមាមកៈ » ឬ « ពុទ្ធសាវ័ក » យ៉ាងនេះវិញក៏បាន សំដៅយកពួកអ្នកកាន់ពុទ្ធសាសនាដូចគ្នា ។

មនុស្សដែលបាននាមថា « ពុទ្ធបរិស័ទ » នោះ គេមិនបានកំណត់ថា ជាជាតិអ្វីទេ មិនកំណត់ថាប្រុសឬស្រី ក្មេងឬចាស់ទេ ឲ្យតែអ្នកណាប្រព្រឹត្តត្រឹមត្រូវតាមធម៌វិន័យរបស់ព្រះពុទ្ធហើយ អ្នកនោះក៏បាននាមថា « ពុទ្ធបរិស័ទ » ដូចគ្នាទាំងអស់ ។ ពួកពុទ្ធបរិស័ទ មាន ២ ពួកគឺគ្រហស្ថ ១ ពួក បព្វជិត ១ ពួក ។

អ្នកដែលមានចិត្តចង់តាំងខ្លួនជាពុទ្ធបរិស័ទ ត្រូវតែសិក្សាឲ្យចេះដឹងនូវ ៖

ករណីយកិច្ចរបស់ពុទ្ធបរិស័ទ

ខាងពួកគ្រហស្ថ() មុនដំបូង ត្រូវតាំងចិត្តជឿកម្មផល នឹងជឿគុណព្រះរតនត្រ័យ ហើយបន្លឺវាចាសូមស្មាលាទោសរួចប្រកាសប្ដេជ្ញាខ្លួនថាជាអ្នកគោរពរាប់អានកាន់ពុទ្ធសាសនា នៅទីចំពោះព្រះភក្រ្តព្រះពុទ្ធរូប ឬចំពោះព្រះភក្រ្តភិក្ខុ ១ រូប ២ រូបឡើងនៅទីកន្លែងណាក៏បាន ។ លុះធ្វើកិច្ចទាំង ២ យ៉ាងខាងដើមនេះស្រេចហើយ ត្រូវសមាទានសីល ៥ ឬសីល ៨ នឹងប្រព្រឹត្តតាមធម៌វិន័យសម្រាប់គ្រហស្ថជាច្រើនប្រការតទៅទៀត ។ ពុទ្ធបរិស័ទខាងពួកគ្រហស្ថបើប្រុសហៅ « ឧបាសក, » បើស្រីហៅ « ឧបាសិកា » គឺអ្នកតាំងចិត្តយកព្រះរតនត្រ័យជាទីពឹងជាទីរលឹក ។

ករណីយកិច្ចខាងពួកបព្វជិត() មុនដំបូង អ្នកដែលចង់បួស ត្រូវចូលទៅរកលោកគ្រូអាចារ្យឬព្រះឧបជ្ឈាយ៍ សូមរៀនសូត្រធម៌វិន័យសម្រាប់អ្នកបួសឲ្យបានចេះដឹងល្មមសមគួរហើយ ក៏រកត្រៃចីវរបរិក្ខារសម្រាប់អ្នកបួស លុះរកបានសព្វគ្រប់ហើយ ចូលទៅសូមបួសក្នុងសម្នាក់លោកគ្រូអាចារ្យ កាលបួសរួចហើយ បើប្រុសហៅថា « សាមណេរ » ឬ « ភិក្ខុ » បើស្រីហៅ « សាមណេរី » ឬ « ភិក្ខុនី » ។

អ្នកដែលបាននាមប្បញ្ញត្តិថាជា « ពុទ្ធបរិស័ទ » ហើយ គួរណាស់តែខំសិក្សារឿងរ៉ាវនៃព្រះពុទ្ធជាម្ចាស់យ៉ាងល្អិតតទៅទៀត ដើម្បីឲ្យបានយល់ច្បាស់លាស់អំពី ៖

ដើមកំណើតនៃព្រះពុទ្ធជាអ្នកបង្កើតសាសនា

ព្រះពុទ្ធជាបរមគ្រូនៃយើង ជាមនុស្សអស្ចារ្យ ទ្រង់សម្ភពក្នុងសក្យត្រកូល ព្រះជាតិជាក្សត្រ បានឡើងសោយរាជ្យសម្បត្តិក្នុងព្រះជន្ម ១៦ វស្សា ទ្រង់ពិចារណាឃើញសេចក្ដីទុក្ខព្រួយរបស់ព្រះអង្គនិងមនុស្សសត្វដទៃ ទើបលះបង់ចោលរាជសម្បត្តិចេញទ្រង់ព្រះផ្នួសក្នុងព្រះជន្ម ២៩ គង់ក្នុងព្រៃខំត្រិះរិះរកធម៌ជាគ្រឿងរម្លត់ទុក្ខព្រួយអស់វេលា ៦ ឆ្នាំ ទើបទ្រង់បានជ្រាបធម៌ជាគ្រឿងរម្លត់ទុក្ខព្រួយនោះ ក្នុងព្រះជន្ម ៣៥ មានព្រះនាមថ្មីថា « ពុទ្ធ » មានព្រះនាមតាមព្រះគោត្រថា « ព្រះពុទ្ធសមណគោតម » ឬ « ព្រះពុទ្ធសក្យមុនីគោតម » ព្រះអង្គបរិនិព្វានក្នុងព្រះជន្ម ៨០ គត់() ។

ពួកពុទ្ធបរិស័ទ កាលបើបានចេះដឹងរឿងរ៉ាវនៃព្រះពុទ្ធហើយត្រូវតែសិក្សាឲ្យយល់ច្បាស់លាស់អំពី ៖

រូបរាងរបស់ពុទ្ធសាសនា

ពាក្យថា « ពុទ្ធសាសនា » ចែកជា ២ បទ គឺពុទ្ធ ១ សាសនា ១ ។ ពុទ្ធ ជាព្រះនាមនៃព្រះបរមសាស្ដាអ្នកផ្ដើមបង្កើតសាសនា ដូចថាមកហើយ ។ សាសនា ប្រែថា « ពាក្យប្រៀនប្រដៅ » រួមចូលគ្នាជា ពុទ្ធសាសនា ប្រែថា « ពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ » ។

ពាក្យប្រៀនប្រដៅទាំងអស់ ដែលព្រះបរមសាស្ដាត្រាស់ទេសនាទូន្មានពួកពុទ្ធបរិស័ទ តាំងពីបានត្រាស់ដឹងជាព្រះពុទ្ធរហូតដល់បរិនិព្វានក្នុងកំឡុង ៤៥ ឆ្នាំ សូម្បីព្រះអង្គសំដែងបែកខ្ញែកទៅជាប៉ុន្មានផ្នែកក៏ដោយក៏គង់តែហៅដោយសរុបថា « ពុទ្ធសាសនា » តែម្យ៉ាងប៉ុណ្ណោះ សឹងមានជាប់រហូតមកដល់សព្វថ្ងៃនេះ រាប់ថារូបរាងរបស់ពុទ្ធសាសនា កើតមកបានអាយុ ២៤៩៧ ឆ្នាំហើយ ។

ពួកពុទ្ធបរិស័ទ កាលបើបានស្គាល់រូបរាងរបស់ពុទ្ធសាសនាហើយត្រូវតែត្រិះរិះដេញដោលរកនូវ ៖

វត្ថុបំណងរបស់ពុទ្ធសាសនា

ព្រះពុទ្ធសាសនាទាំងមូល ទោះបីព្រះបរមសាស្ដាត្រាស់ទេសនាទូន្មានពួកពុទ្ធបរិស័ទដោយព្រះវិនយបិដកក្ដី ព្រះសុត្តន្តបិដកក្ដី ព្រះអភិធម្មបិដកក្ដី ក៏មានវត្ថុបំណងតែមួយ គឺទ្រង់ដឹកនាំពួកពុទ្ធបរិស័ទឲ្យប្រតិបត្តិឈមមុខទៅរកព្រះនិព្វាន ដែលជាទីរលត់ទុក្ខតែម្យ៉ាងប៉ុណ្ណោះ ។

ប៉ុន្តែ មានន័យជាអនេកប្រការ() ដែលព្រះអង្គដឹកនាំពួកពុទ្ធបរិស័ទឲ្យប្រតិបត្តិយកផលប្រយោជន៍នាលោកិយ ដែលជាអ្នកមិនទាន់បានដល់ព្រះនិព្វាន ដូចជាព្រះអង្គត្រាស់ប្រាប់ប្រយោជន៍ ៣ យ៉ាងគឺប្រយោជន៍ក្នុងជាតិនេះ ១ ក្នុងជាតិខាងមុខ ១ ប្រយោជន៍ប្រសើរបំផុតគឺព្រះនិព្វាន ១ ។

ពួកពុទ្ធបរិស័ទ កាលបើបានយល់ច្បាស់នូវវត្ថុបំណងរបស់ពុទ្ធសាសនាហើយ ត្រូវតែខំពិចារណាឲ្យល្អិតជ្រាលជ្រៅស្រាវជ្រាវរកនូវ ៖

គោលធម៌យ៉ាងសំខាន់បំផុតរបស់ពុទ្ធសាសនា

ព្រះពុទ្ធសាសនាទាំងមូល មានចតុរារិយសច្ច ( របស់ពិត ៤ យ៉ាង ) ជាកំពូល ធម៌គ្រប់យ៉ាងសុទ្ធតែសង្រ្គោះរួមចុះក្នុងវង់ចតុរារិយសច្ចទាំងអស់ ។ សេចក្ដីប្រតិបត្តិគ្រប់បែបដែលមានប្រាកដក្នុងគម្ពីរទាំងឡាយក៏តែងកើតមានឡើងដើម្បីសេចក្ដីចេះដឹង នូវចតុរារិយសច្ច ជាកំពូលនៃព្រហ្មចរិយ() ការប្រតិបត្តិដើម្បីឲ្យត្រាស់ដឹងចតុរារិយសច្ចដោយប្រាជ្ញាជាកំពូលនៃការប្រតិបត្តិទាំងមូល ។

ចតុរារិយសច្ច

ពាក្យថា « ចតុរារិយសច្ច » ប្រែថា « របស់ពិតដ៏ប្រសើរមាន ៤ យ៉ាងគឺ ៖

១ – ទុក្ខអរិយសច្ច របស់ពិតដ៏ប្រសើរ គឺទុក្ខ

២ – សមុទយអរិយសច្ច របស់ពិតដ៏ប្រសើរ គឺហេតុប្រជុំកើតឡើងនៃទុក្ខ

៣ – និរោធអរិយសច្ច របស់ពិតដ៏ប្រសើរ គឺធម៌រលត់ទុក្ខ

៤ – មគ្គអរិយសច្ច  របស់ពិតដ៏ប្រសើរ គឺសេចក្ដីប្រតិបត្តិជាដំណើរទៅកាន់ទីរលត់ទុក្ខ ។

សេចក្ដីអធិប្បាយអំពីអរិយសច្ច () ដោយសង្ខេប ៖

១ – ទុក្ខអរិយសច្ច ពោលដោយខ្លី សំដៅយកឧបាទាន្ខន្ធទាំង ៥ គឺសេចក្ដីប្រកាន់មាំថា រូប ១ សញ្ញា ១ សង្ខារ ១ វិញ្ញាណ ១ ជារបស់ខ្លួន ។

២ – សមុទយអរិយសច្ច សំដៅយកតណ្ហា  ៗ ប្រែថា « សេចក្ដីប្រាថ្នា » ។ តណ្ហានេះជាដើមហេតុធ្វើឲ្យមនុស្សសត្វកើតហើយស្លាប់  ៗ ហើយកើតទៀត មិនចេះផុត ។ ធ្វើឲ្យមនុស្សជាបុថុជ្ជនគឺអ្នកក្រាស់ដោយកិលេស ។ មនុស្សដែលមានតណ្ហាសេចក្ដីប្រាថ្នាដរាបណា ក៏មិនដល់នូវទីរលត់ទុក្ខដរាបនោះ ប្រៀបដូចនៅមានភ្លើងគឺហេតុដរាបណាផលគឺការក្ដៅ ក៏នៅមានដរាបនោះ ។ តណ្ហាមាន ៣ គឺ កាមតណ្ហា ១ ភវតណ្ហា ១ វិភវតណ្ហា ១ ។

៣ – និរោធអរិយសច្ច សំដៅយកការរលត់តណ្ហាអស់ គឺបានដល់ព្រះនិព្វាន ។

៤ – មគ្គអរិយសច្ច សំដៅយកមគ្គមានអង្គ ៨ ( អដ្ឋង្គិកមគ្គ ) ជាផ្លូវប្រតិបត្តិឲ្យបានដល់នូវទីរលត់ទុក្ខគឺព្រះនិព្វាន ។

ហេតុផលរបស់អរិយសច្ច

ទុក្ខ ជាផលរបស់សមុទ័យ  ៗ ជាហេតុរបស់ទុក្ខ ។ និរោធជាផលរបស់មគ្គ  ៗ ជាហេតុរបស់ និរោធ ។

កិច្ចដែលត្រូវធ្វើក្នុងអរិយសច្ចមាន ៤ ()

១ – ទុក្ខ ជាបរញ្ញាតព្វកិច្ច គឺត្រូវកំណត់ដឹង

២ – សមុទ័យ ជាបហាតព្វកិច្ច គឺត្រូវលះបង់ចេញ

៣ – និរោធ ជាសច្ឆិកាតព្វកិច្ច គឺត្រូវធ្វើឲ្យជាក់ច្បាស់

៤ – មគ្គ ជាភាវេតព្វកិច្ច គឺត្រូវធ្វើឲ្យកើតមានឡើង ។

កិច្ចក្នុងអរិយសច្ចទាំង ៤ នេះ រួមឲ្យខ្លីមក នៅតែត្រឹម ២ យ៉ាងគឺលះបង់សមុទ័យ ១ ចម្រើនមគ្គ ១ ។

បរិវដ្តក្នុងអរិយសច្ច

បរិវដ្ត ប្រែថា « ញាណជាគ្រឿងវិលទៅ » សំដៅយកញាណទាំង ៣ គឺសច្ចញ្ញាណ ១ កិច្ចញ្ញាណ ១ កតញ្ញាណ ១ ។

១ – ប្រាជ្ញាដឹងថា នេះទុក្ខ នេះហេតុឲ្យកើតទុក្ខ នេះសេចក្ដីរលត់ទុក្ខ នេះផ្លូវឲ្យដល់នូវសេចក្ដីរលត់ទុក្ច ហៅថា សច្ចញ្ញាណ ប្រែថា ប្រាជ្ញាដឹងរបស់ពិត ។

២ – ប្រាជ្ញាដឹងថា ទុក្ខនេះគួរកំណត់ដឹង សមុទ័យនេះគួរលះបង់ និរោធនេះគួរធ្វើឲ្យច្បាស់ មគ្គនេះគួរធ្វើឲ្យកើតមាន ហៅថា កិច្ចញ្ញាណប្រែថា ប្រាជ្ញាដឹងកិច្ចដែលគួរធ្វើ ។

៣ – ប្រាជ្ញាដឹងថា ទុក្ខនេះអាត្មាកំណត់ដឹងហើយ, សមុទ័យនេះអាត្មាលះបង់ហើយ, និរោធនេះអាត្មាធ្វើឲ្យច្បាស់ហើយ មគ្គនេះអាត្មាធ្វើឲ្យកើតមានហើយ ហៅថា កតញ្ញាណ ប្រែថា ប្រាជ្ញាដឹងកិច្ចដែលធ្វើស្រេចហើយ ។

ញាណទាំង ៣ នេះប្រព្រឹត្តទៅក្នុងអរិយសច្ចទាំង ៤ត្រូវជាអាការ ១២ (៤ x ៣ = ១២) ។

អត្ថក្នុងអរិយសច្ច ១៦

១ – បីឡនត្ថ       ប្រែថា          បៀតបៀន

២ – សង្ខតត្ថ                 ប្រែថា          ត្រូវបច្ច័យប្រជុំតាក់តែង

៣ – សន្តាបត្ថ             ប្រែថា            ក្ដៅក្រហាយ

៤ – វិបរិណាមត្ថ       ប្រែថា            ប្រែប្រួល ។

សមុទ័យមានអត្ថ ៤

១ – អាយុហមត្ថ   ប្រែថា          ឲ្យកើតកងទុក្ខ

២ – និទានត្ថ        ប្រែថា             ជាហេតុនៃទុក្ខ

៣ – សំយោគត្ថ      ប្រែថា           ប្រកបសត្វទុក្ខក្នុងសង្សារទុក្ខ

៤ – បលិពោធត្ថ       ប្រែថា             ឃុំខាំងសត្វទុក្ខក្នុងគុកគឺសង្សារទុក្ខ ។

និរោធមានអត្ថ ៤

១ – និស្សរណត្ថ       ប្រែថា          ជួយឲ្យចេញចាកឧបធិ ( កិលេស )

២ – វិវេកត្ថ              ប្រែថា              ស្ងាត់ចាកកិលេស

៣ – អសង្ខតត្ថ         ប្រែថា             បច្ច័យតាក់តែងមិនបាន

៤ – អមតត្ថ               ប្រែថា             ជាអម្រិតរស ( មិនចេះស្លាប់ ) ។

មគ្គមានអត្ថ ៤

១ – និយ្យានត្ថ     ប្រែថា          ជញ្ជូនសត្វចេញចាកវដ្តសង្សារ

២ – ហេត្វត្ថ                  ប្រែថា          ជាហេតុនៃព្រះនិព្វាន

៣ – ទស្សនត្ថ         ប្រែថា             ឃើញព្រះនិព្វាន

៤ – អធិបតេយ្យត្ថ      ប្រែថា          ជាអធិបតីក្នុងវិមុត្តិញ្ញាណទស្សនៈ ។

ពួកពុទ្ធបរិស័ទ កាលបើបានយល់ច្បាស់ជាចតុរារិយសច្ចជាគោលធម៌យ៉ាងសំខាន់បំផុតរបស់ពុទ្ធសាសនាហើយ ត្រូវតែត្រិះរិះជ្រើសរើសរកផ្លូវប្រតិបត្តិឲ្យឃើញថាផ្លូវណាជា ៖

គោលនៃការប្រតិបត្តិធម៌យ៉ាងប្រសើរបំផុតក្នុងពុទ្ធសាសនា

កាលពីជំនាន់បុរាណ ដែលមិនទាន់មានព្រះពុទ្ធជាម្ចាស់ក្នុងលោកបណ្ដាមនុស្សទាំងអស់ធ្លាប់ស្គាល់សុខទុក្ខមកហើយ តែងស្អប់ខ្ពើមទុក្ខណាស់ មិនចង់បានទុក្ខសោះ ស្រឡាញ់តែសុខ ចង់បានតែសុខមួយយ៉ាងប៉ុណ្ណោះ ម្ល៉ោះហើយក៏កើតគំនិតរិះគិតរកផ្លូវប្រតិបត្តិដើម្បីចៀសវាងឲ្យផុតពីទុក្ខ ធ្វើឲ្យកើតសុខដល់ខ្លួន ប៉ុន្តែប្រតិបត្តិមិនត្រូវត្រង់ផ្លូវរម្លត់ទុក្ខ ក៏គ្រាន់តែបានស្រាកស្រាន្តស្ងប់ទុក្ខក្នុងកាលខ្លះ លុះអស់អំណាចកម្លាំងធម៌នោះហើយ ក៏ត្រឡប់ជាកើតទុក្ខឡើងវិញដដែល ទទួលសោយទុក្ខអស់កាលវែងឆ្ងាយតទៅមុខទៀត មិនចេះផុត ព្រោះតែមិនបានដឹងអរិយសច្ច ៤ ដូចជាអាឡារតាបសនិងឧទកតាបសខំចម្រើនឈានឲ្យបានផលទៅកើតនៅនាស្ថានព្រហ្ម ដោយសម្គាល់ខុសថា ស្ថានព្រហ្មជាទីផុតទុក្ខ ជាទីរលត់ទុក្ខអស់ ។ ព្រះពុទ្ធជាម្ចាស់នៃយើងកាលព្រះអង្គកំពុងតែស្វែងរកធម៌ជាគ្រឿងរម្លត់ទុក្ខ មុនបានត្រាស់ដឹងជាព្រះពុទ្ធ ទ្រង់ធ្លាប់បានចូលទៅនៅសិក្សាលទ្ធិធម៌ក្នុងសម្នាក់តាបសទាំង ២ រូបនោះដែរ ប៉ុន្តែទ្រង់ជ្រាបថាធម៌នេះមិនមែនជាផ្លូវប្រតិបត្តិឲ្យផុតទុក្ខទេ ទើបយាងចេញពីសម្នាក់តាបសទាំង ២ រូបនេះ ទៅស្វែងរកផ្លូវប្រតិបត្តិដោយវិធីផ្សេង  ៗ ទៀត ។

កាលដែលព្រះបរមសាស្ដាបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធថ្មី  ៗ ផុត ពី ៤៩ ថ្ងៃមក ព្រះអង្គទ្រង់ត្រាស់ទេសនាព្រះធម្មចក្កប្បវត្តនសូត្រ ( អរិយសច្ច ៤ ) និងអនត្តលក្ខណសូត្រ ( ព្រះត្រៃលក្ខណ៍ ) មុនធម៌ទាំងអស់ ប្រោសភិក្ខុបញ្ចវគ្គិយ ( ៥ រូប ) មុនពុទ្ធបរិស័ទទាំងពួងនៅនាព្រៃឥសិបតនមិគទាយវន ក្បែរក្រុងពារាណសី ។

សេចក្ដីខាងដើមនៃព្រះធម្មចក្កប្បវត្តនសូត្រ ទ្រង់ត្រាស់ប្រារព្ធអំពីផ្លូវប្រតិបត្តិ ៣ ប្រការថា ម្នាលភិក្ខុទាំងឡាយ ផ្លូវប្រតិបត្តិ ១ ធូរថយពេក ហៅ កាមសុខល្លិកានុយោគ ប្រែថា « ការប្រកបខ្លួនឲ្យទទឹកជោកទៅដោយសេចក្ដីសុខក្នុងកាម » ផ្លូវប្រតិបត្តិ ១ ទៀតតឹងរឹងហួសពេកហៅ អត្តកិលមថានុយោគ ប្រែថា « ការប្រកបខ្លួនទុកក្នុងសេចក្ដីលំបាក » សំដៅយកការប្រតិបត្តិដែលពួកជនខ្លះ ខំព្យាយាមទូន្មានខ្លួនដោយវិធីផ្សេង  ៗ មានអាំងភ្លើង ហាលថ្ងៃជាដើម ដើម្បីឲ្យបានផុតទុក្ខព្រួយនិងឲ្យបានសម្រេចដូចសេចក្ដីប្រាថ្នា ផ្លូវធូរពេកនិងផ្លូវតឹងពេកទាំង ២ ប្រការនេះ តថាគតបានប្រតិបត្តិរួចមកហើយ ដឹងថាជាផ្លូវឥតផលប្រយោជន៍ ជាផ្លូវដ៏អាក្រក់លាមកថោកទាប អ្នកទាំងឡាយមិនត្រូវប្រតិបត្តិតាមផ្លូវទាំង ២ យ៉ាងនេះទេ ។

ម្នាលភិក្ខុទាំងឡាយ នៅមានផ្លូវប្រតិបត្តិ ១ ទៀត ជាផ្លូវប្រតិបត្តិយ៉ាងកណ្ដាល មិនធូរពេក មិនតឹងពេក ជាផ្លូវប្រតិបត្តិឲ្យដល់នូវទីរលត់ទុក្ខពិតប្រាកដ ជាផ្លូវដ៏ប្រសើរមានអង្គ ៨ ( អដ្ឋង្គិកមគ្គ ) ជាផ្លូវដែលតថាគតបានប្រតិបត្តិរួចមកហើយ តថាគតបានត្រាស់ដឹងអរិយសច្ច ៤ ( របស់ពិត ៤ យ៉ាង ) ដោយសារផ្លូវនេះ អ្នកទាំងឡាយត្រូវប្រតិបត្តិធម៌តាមផ្លូវកណ្ដាលនេះចុះ ដែលជាផ្លូវមានឈ្មោះថា មជ្ឈិមាបដិបទា ប្រែថា « សេចក្ដីប្រតិបត្តិជាយ៉ាងកណ្ដាល » សំដៅយកការដើរទៅតាមគន្លងផ្លូវយ៉ាងកណ្ដាល ជាផ្លូវទៅកាន់ទីរលត់ទុក្ខ ។

ផ្លូវកណ្ដាលដែលឈ្មោះថា មជ្ឈិមាបដិបទា នេះមានអង្គ ៨ ( អដ្ឋង្គិកមគ្គ [] ) គឺ  ៖

១ – សម្មាទិដ្ឋិ                សេចក្ដីឃើញត្រូវ

២ – សម្មាសង្កប្ប           សេចក្ដីត្រិះរិះត្រូវ

៣ – សម្មាវាចា              វាចាត្រូវ

៤ – សម្មាកម្មន្ត             ការងារត្រូវ

៥ – សម្មាអាជីវ             ចិញ្ចឹមជីវិតត្រូវ

៦ – សម្មាវាយាម          ព្យាយាមត្រូវ

៧ – សម្មាសតិ              រឭកត្រូវ

៨ – សម្មាសមាធិ           តាំងចិត្តមាំត្រូវ ។

អង្គទាំង ៨ នេះ លុះតែមានព្រមជាមួយគ្នាគ្រប់ទាំង ៨ រួមចូលគ្នា ជាកម្លាំងតែមួយ ទើបហៅថា មគ្គ ឬអរិយមគ្គ ឬមជ្ឈិមាបដិបទា បើញែកចេញឲ្យដាច់ពីគ្នាតែអង្គមួយ  ៗ វិញ មិនហៅ មគ្គទេ គ្រាន់តែហៅត្រឹមចំណែកអង្គមួយ  ៗ តាមឈ្មោះអង្គនោះ  ៗ ប៉ុណ្ណោះ ។

មគ្គមានឈ្មោះ ៤ យ៉ាង តាមកម្លាំងដែលអាចលះកិលេសបាន គឺ ៖

១ – សោតាបត្តិមគ្គ                ជាគូនឹង        សោតាបត្តិផល

២ – សកទាគាមិមគ្គ                     –             សកទាគាមិផល

៣ – អនាគាមិមគ្គ                        –             អនាគាមិផល

៤ – អរហត្តមគ្គ                            –            អរហត្តផល ។

មគ្គ ៤ ផល ៤ នេះ ជាឈ្មោះរបស់ចិត្ត ។ អ្នកមានមគ្គចិត្តនឹងផលចិត្តយ៉ាងនេះ ហៅថា អ្នកបានសម្រេចមគ្គផល ។

ការប្រតិបត្តិធម៌គ្រប់គ្រាន់ មានមជ្ឃិមាបដិបទាជាបង្គោល ។ មជ្ឈិមាបដិបទាជាទីប្រជុំចុះនៃការប្រតិបត្តិធម៌ទាំងអស់ ក្នុងព្រះពុទ្ធសាសនាទាំងមូល ។ មជ្ឈិមាបដិបទាជាក្រសែនៃព្រះនិព្វាន ជាផ្លូវដើរនៃចិត្ត មិនមែនជាផ្លូវសម្រាប់ដើរដោយជើងទេ ។

មជ្ឈិមាបដិបទាជាធម៌សម្រាប់មនុស្សគ្រប់រូប មិនមែនជាធម៌ខ្ពស់ហួសផុតវិស័យរបស់មនុស្សឡើយ មិនមែនជាធម៌ធ្វើឲ្យមនុស្សទន់ខ្សោយ ឬធ្វើឲ្យខ្ជិលច្រអូស ឲ្យចាលចាញ់សេចក្ដីទុក្ខដែលខ្លួនត្រូវអត់ធន់នោះទេ ជាធម៌យ៉ាងកណ្ដាល មានថ្នាក់ខ្ពស់ទាបតាមខ្នាតរបស់មនុស្សបុថុជ្ជនគ្រប់រូបក្នុងរូបនេះ មិនមែនជាធម៌សម្រាប់តែព្រះអរិយបុគ្គលមួយចំពូកប្រតិបត្តិប៉ុណ្ណោះទេ ដ្បិតថា បើមនុស្សបុថុជ្ជនមិនប្រតិបត្តិតាមមជ្ឈិមាបដិបទានេះហើយ ធ្វើម្ដេចនឹងក្លាយខ្លួនទៅជាព្រះអរិយបុគ្គលគឺអ្នកបានសម្រេចមគ្គ ៤ ផល ៤ កើត ហេតុនេះបានជាចាត់មជ្ឈិមាបដិបទាថា ជាគោលនៃការប្រតិបត្តិធម៌យ៉ាងប្រសើរបំផុតក្នុងព្រះពុទ្ធសាសនា ។

ពួកពុទ្ធបរិស័ទ កាលបើបានយល់នូវមជ្ឈិមាបដិបទាជាគោលដ៏សំខាន់នៃការប្រតិបត្តិធម៌ហើយ ត្រូវតែពិចារណាដេញដោលរកឲ្យឃើញផលនៃការប្រតិបត្តិធម៌ថា ផលដូចម្ដេច ដែលជា ៖

ផលប្រយោជន៍យ៉ាងខ្ពស់បំផុតនៃការប្រតិបត្តិធម៌

ក្នុងព្រះពុទ្ធសាសនា()

ក្បួនច្បាប់ក្នុងព្រះពុទ្ធសាសនា បានសម្ដែងបញ្ជាក់ អំពីផលប្រយោជន៍នៃការប្រតិបត្តិធម៌ ដោយអនេកបរិយាយ ប៉ុន្តែផលទាំងអស់នោះ បើបំប្រួញឲ្យតិចមក នៅមានតែត្រឹម ២ យ៉ាងគឺ ផលជាលោកិយ ១ ផលជាលោកុត្តរ ។

ផលជាលោកិយ

ក្នុងទីនេះ សូមបរិយាយអំពីផលជាលោកិយមុន(១០) អ្នកប្រតិបត្តិធម៌តាមក្រសែនៃមជ្ឈិមាបដិបទា ដូចបានរៀបរាប់ខាងដើមហើយនោះ រមែងបានផលប្រយោជន៍យ៉ាងវិសេសក្នុងវេលាកំពុងតែប្រតិបត្តិធម៌ មិនបង្អង់ចាំពេលណាទើបបានផលទេ ( អកាលិកោ ) ជាធម៌ឲ្យផលពុំមាន កាលខាន់ គឺថា មជ្ឈិមាបដិបទាធ្វើអ្នកប្រតិបត្តិតាមឲ្យជាមនុស្សមានហេតុផលជាគោលការ ធ្វើឲ្យជាអ្នកដាច់ស្រេចក្នុងចិត្ត ធ្វើឲ្យជាអ្នកឈ្នះខ្លួនឯងបាន ធ្វើឲ្យជាអ្នកបង្គាប់បញ្ជាខ្លួនឯងបាន ធ្វើឲ្យជាអ្នកមានសេចក្ដីប្រាថ្នាត្រឹមត្រូវ ធ្វើឲ្យជាអ្នកទៀងទាត់ត្រង់ផ្លូវ ធ្វើឲ្យជាអ្នកមានកាយកម្ម វចីកម្ម នឹងការចិញ្ចឹមជីវិត ប្រាសចាកទុក្ខក្ដៅក្រហាយគ្រប់ប្រការ ធ្វើឲ្យជាអ្នកមានព្យាយាម មានសេចក្ដីក្លាហាន មានសេចក្ដីចេះដឹង នឹងឲ្យមានសេចក្ដីទៀងទាត់ក្នុងចិត្ត ល្មមឲ្យជីវិតរបស់ខ្លួនមានរបៀបរៀបរយ គួរដល់ឋានៈរបស់ធម៌ដែលខ្លួនប្រតិបត្តិ ។

កាលមនុស្សបានប្រតិបត្តិធម៌ត្រឹមត្រូវតាមមជ្ឈិមាបដិបទា ដែលមាន សម្មាទិដ្ឋិ ជាប្រធាន ជាមេនាំអាទិហើយ ក៏រមែងបានផលអាចឲ្យកើតអង្គមគ្គ ៧ ខាងចុងតៗគ្នាតាមលំដាប់ភ្លាម ៗ មិនរង់ចាំកាលណាទេដូចជាអ្នកមាន ៖

១ – សេចក្ដីយល់ឃើញត្រូវ    ( សម្មាទិដ្ឋិ ) ការចូលចិត្តត្រឹមត្រូវតាមហេតុផល ក៏ជាផ្លូវឲ្យកើត ៖

២ – សេចក្ដីត្រិះរិះត្រូវ            ( សម្មាសង្កប្ប ) សេចក្ដីត្រិះរិះត្រូវធ្វើឲ្យកើត ៖

៣ – វាចាត្រូវ                         ( សម្មាវាចា )

៤ – ការងារត្រូវ                       ( សម្មាកម្មន្ត )

៥ – ការចិញ្ចឹមជីវិតត្រូវ          ( សម្មាអាជីវ )

៦ – ព្យាយាមត្រូវ                    ( សម្មាវាយាម )

៧ – រឭកត្រូវ                         ( សម្មាសតិ )

៨ – តាំងចិត្តមាំត្រូវ                ( សម្មាសមាធិ ) ។

កាលបើអង្គមគ្គជាហេតុកើតមានយ៉ាងនេះហើយ ការលះកិលេសនោះ  ៗ បានជាផល ក៏កើតមានឡើងក្នុងខណៈនៃមគ្គនោះ  ៗ ដែរ ប៉ុន្តែជាមគ្គនៅទន់ខ្សោយ នៅស្ដើងស្ដួច មិនទាន់ខ្លាំងក្លា មិនទាន់ពេញលេញ ហៅថាអរិយមគ្គមិនទាន់បាន គ្រាន់តែអាចលះកិលេសចំពូកខ្លះបាន តាមកំឡាំងនៃមគ្គជាលោកិយ ឲ្យបានផលជាលោកិយប៉ុណ្ណោះ ។

បណ្ដាផលជាលោកិយទាំងអស់ សំដៅយកត្រង់ការអស់កិលេសចំពូកខ្លះនោះ ថាជាផលប្រសើរបំផុតលើសផលលោកិយនានា មានផលសោយសុខសម្បត្តិក្នុងស្ថានមនុស្សនឹងស្ថានសួគ៌ជាដើម ។

ផលជាលោកុត្តរ

មគ្គជាលោកិយដូចមាននិយាយរួចហើយនោះ ជាគោលនៃការគ្រប់គ្រងជីវិតរបស់អ្នកប្រតិបត្តិឲ្យប្រព្រឹត្តទៅរៀបរយ ឲ្យបានសុខសប្បាយរាល់  ៗ ថ្ងៃ ហៅថា អ្នកបានផលជាលោកិយ ។

ផលជាលោកិយនេះ កាលបើគេអប់រំអង្គមគ្គ ឲ្យចាស់ក្លាដល់កំរិតហើយ អាចក្លាយទៅជា « អរិយផល » ដែលកើតពីអរិយមគ្គបានដូចសេចក្ដីអធិប្បាយ ដោយសង្ខេបតទៅនេះ ៖

អ្នកប្រតិបត្តិធម៌តាមលំអាននៃមជ្បិមាបដិបទា ជាលោកិយហើយបានព្យាយាមអប់រំអង្គមគ្គទាំង ៨ ឲ្យមានកម្លាំងពេញទីតាមវិធីនៃការប្រតិបត្តិធម៌ ព្រមព្រៀងគ្នាជាកម្លាំងតែ ១ ហើយ ហៅថា « អរិយមគ្គ »  ៗ នេះ អាចកម្ចាត់កិលេស ឬ សំយោជន៍យ៉ាងល្អិតបំផុតដែលត្រាំជាប់ស្អិតនៅក្នុងចិត្តឲ្យរលត់ទៅតាមចំណែកនៃកម្លាំងអរិយមគ្គដែលខ្លួនអប់រំបាន ។ ផលដែលកើតមានឡើង អំពីកិរិយាលះបង់កិលេសបាននេះ ហៅថា « អរិយផល » ។ អរិយមគ្គដែលចាស់ក្លាដល់កម្រិតអាចកម្ចាត់កិលេសក្នុងចិត្តបានត្រឹមណា ក៏មានឈ្មោះហៅតាមជាន់នៃការលះកិលេសរបស់ខ្លួនបានត្រឹមណោះថា សោតាបត្តិមគ្គ សកទាគាមិមគ្គ អនាគាមិមគ្គ អរហត្តមគ្គ ។ អរិយផលក៏មានជាគូនឹងអរិយមគ្គគ្រប់  ៗ មគ្គដែរ គឺ សោតាបត្តិផល សកទាគាមិផល អនាគាមិផល អរហត្តផល ហេតុនោះទើបកើតបានជាមគ្គ ៤ ផល ៤ ហៅកាត់ខ្លីថា « មគ្គផល » ។ អរិយមគ្គជាហេតុ អរិយផលជាផល ។ អរិយមគ្គដែលមានឈ្មោះផ្សេងគ្នាជា ៤ យ៉ាងនោះ ក៏ព្រោះកម្ចាត់កិលេសបានច្រើនតិចជាងគ្នា(១១) ។ ឱកាសបើកឲ្យអង្គមគ្គប្រជុំគ្នាជាអរិយមគ្គបានកាលណា ការកាត់សំយោជន៍ក៏កើតមានឡើងក្នុងកាលណោះមួយរំពេច ។ ឱកាសនេះ មិនកំណត់កាលទេ ( អកាលិកោ ) កើតមានឡើងក្នុងខណៈ ដែលចិត្តមូលជាអារម្មណ៍តែមួយដោយឆាប់រហ័ស ដូចអ្នកខ្លះស្ដាប់ទេសន៍បានសម្រេចមគ្គផលនៅទីនោះភ្លាម ក៏មាន ( ខិប្បាភិញ្ញា ) ដោយសេចក្ដីព្យាយាមដ៏ខ្លាំងក្លា ដូចព្រះយោគាវចរខំចម្រើនភាវនារឿយ  ៗ រាល់ថ្ងៃទាល់តែបានសម្រេចមគ្គផល ក៏មាន ( ទន្ធាភិញ្ញា ) ។

អ្នកប្រតិបត្តិធម៌ហើយបានសម្រេចលោកុត្តរផល ជាផលជាន់ខ្ពស់បំផុតយ៉ាងនេះហើយ ឈ្មោះថាជាអ្នកបានដល់ព្រះនិព្វានជាស្ថានរលត់ទុក្ខទាំងអស់ ឈ្មោះថាជាអ្នកប្រតិបត្តិធម៌ត្រឹមត្រូវតាមវត្ថុបំណងនៃព្រះពុទ្ធសាសនាពិតប្រាកដ ព្រោះព្រះពុទ្ធសាសនាទាំងមូល មានចំណុចជាទីបំផុតត្រង់មគ្គ ៤ ផល ៤ និព្វាន ១ រួមជា ៩ ដែលហៅថាព្រះនព្វលោកុត្តរធម៌ ។

សេចក្ដីបញ្ចប់

មនុស្សជាជាតិអ្វីក៏ដោយ ប្រុសឬស្រី ក្មេងឬចាស់ ដែលជាអ្នកកាន់ពុទ្ធសាសនា បាននាមប្បញ្ញត្តិថា « ពុទ្ធបរិស័ទ » ហើយ ត្រូវពិចារណាឲ្យយល់ច្បាស់ដោយគំនិតប្រាជ្ញារបស់ខ្លួនថា ៖

ព្រះពុទ្ធសាសនា ជាសាសនាទៀតទាត់ណាស់ គ្មានសាវ័កណាអាចលុបលាង ឬ កែប្រែដូចជាច្បាប់សម្រាប់ប្រទេសមួយ  ៗ បានទេ, ជាសាសនាមិនទទួលពាក្យអង្វរករបន់ស្រន់របស់អ្នកណាសោះ, ជាសាសនាមិនទទួលរ៉ាប់រងទុក្ខទោសជួសអ្នកណាសោះឡើយ, ជាសាសនាចង្អុរហេតុផលយ៉ាងដាច់ខាត ។

ព្រះពុទ្ធសាសនាប្រៀបដូចទូក ពួកពុទ្ធបរិស័ទប្រៀបដូចអ្នកជិះ ។ ទូកលឿនក្ដី មិនលឿនក្ដី ទៅត្រង់ឬវៀចក្ដី ក៏ស្រេចតែលើខ្លួនអ្នកជិះ ។ បើទូកបែកធ្លុះធ្លាយ ត្រូវតែអ្នកជិះជួសជុលបិទភ្ជិតខ្លួនឯង បើមិនបិទទេទូកក៏លិច ខ្លួនអ្នកជិះក៏លង់ទឹកស្លាប់កណ្ដាលទន្លេ គ្មានហៅអ្នកណាឲ្យជួយខ្លួនបានទេ ។

ពួកពុទ្ធបរិស័ទ មិនត្រូវតាំងចិត្តផ្ដែតរេរទៅលើព្រះពុទ្ធអង្គដោយនឹកអាងថា ព្រះពុទ្ធនឹងមកជួយដឹកដៃយឹតយោងខ្លួនឲ្យរួចពីទុក្ខទោស » ដូច្នេះឡើយ ត្រូវតែតាំងចិត្តជឿកម្មនឹងផលរបស់កម្មជាយ៉ាងដាច់ខាតថា « កម្មល្អឲ្យផលជាសុខ កម្មអាក្រក់ឲ្យផលជាទុក្ខ អ្នកណាបានសុខឬបានទុក្ខ ក៏ព្រោះតែអ្នកនោះបានធ្វើកម្មល្អ ឬអាក្រក់រួចមកហើយ គ្មានអ្នកណាអាចទទួលសុខទុក្ខជួសអ្នកណាបានទេ ប្រៀបដូចចោរលួចប្រាក់គេ  ៗ ចាប់ដាក់គុក គ្មានអ្នកណាទទួលទោសគុកជួសចោរនោះបានទេ សូម្បីតែអាពុកបង្កើតក៏ទទួលទោសជួសកូនមិនបានដែរ ។ សេចក្ដីបរិសុទ្ធនឹងមិនបរិសុទ្ធចំពោះតែរូបមនុស្សម្នាក់  ៗ គ្មានអ្នកណាបរិសុទ្ធជួសអ្នកណាបាន ប្រៀបដូចអ្នករៀនចំណេះវិជ្ជាផងទាំងពួង អ្នកណារៀន អ្នកនោះចេះ នឹងរៀនជួសគ្នា ឬនឹងចេះជួសគ្នាមិនកើត ។ ការរៀនជាកម្ម គឺហេតុ ការចេះដឹងជាផល ។ »

ពួកពុទ្ធបរិស័ទបើជឿកម្មផលដូច្នេះហើយ ទើបបានប្រតិបត្តិធម៌ត្រឹមត្រូវតាមវត្ថុបំណងរបស់ព្រះពុទ្ធសាសនា ។ បើមិនជឿកម្មផលទេចេះតែធ្វើបុណ្យឲ្យទានរក្សាសីលទាំងខ្វាក់ទាំងថ្លង់ ព្រោះចិត្តចង់ឲ្យបានសុខ លុះមិនបានសុខដូចបំណង ដ្បិតប្រតិបត្តិខុសគន្លងធម៌ ក៏ទៅជាខំបន់ព្រះសំពះទេវតាឲ្យជួយខ្លួន កាលបើមិនឃើញព្រះ ឬទេវតាជួយក៏ត្រឡប់ជាខឹងស្អប់បន្ទោសព្រះ ឬទេវតាថាមិនជួយខ្លួនទៅវិញ ។

បណ្ដោយថាសភាវទាំងឡាយ ( របស់កើតមានឯង ) ដូចជាគេយកទឹកស្រោចភ្លើង  ៗ តែងរលត់អស់ទៅ នេះជាទំនៀមទម្លាប់យ៉ាងទៀងទាត់របស់ធម្មតា គ្មានមនុស្សណាជាអ្នកសាងភ្លើងឬទឹកដែលជាវត្ថុធម្មជាតិនោះឡើយ មានតែមនុស្សជាអ្នកដឹងទំនៀមនេះថា « បើគេយកទឹកស្រោចភ្លើង  ៗ មុខជារលត់អស់មិនខាន » អ្នកដឹងយ៉ាងនេះចាត់ជាមនុស្សដឹងមុនគេ ហើយប្រាប់គ្នាត  ៗ មក ព្រះពុទ្ធអង្គក៏ដូច្នោះដែរ គឺព្រះអង្គបានជ្រាបរបស់ពិត ( អរិយសច្ច ) មុនគេ ព្រះអង្គមិនបានកសាងមគ្គទាំង ៨ ឡើងទេ ព្រះអង្គគ្រាន់តែបានស្វែងរកមគ្គឃើញមុនគេ ហើយប្រកាសប្រាប់អ្នកដែលចង់បានសុខ ឲ្យដើរទៅតាមអង្គមគ្គទាំង ៨ នោះ ប៉ុណ្ណោះ ( អក្ខាតារោ តថាគតា ) ។

អង្គមគ្គទាំង ៨ ប្រៀបដូចជាផ្លូវថ្នល់ ១ ប្រកបដោយអង្គគុណ ៨ យ៉ាងគឺ មានក្ដារបិទប្រកាសប្រាប់ដំណើរ ( សម្មាទិដ្ឋិ ) មិនវៀចវេរត្រង់ទៅកាន់ទីតាមប្រាថ្នា ( សម្មាសង្កប្បៈ ) មានគូស្នាមភ្លោះ ( សម្មាវាចា ) មានម្លប់ឈើ ( សម្មាកម្មន្ត ) មានកន្លែងសំណាក់អាស្រ័យ ( សម្មាអាជីវៈ ) មានទីរកអាហារបាន ( សម្មាវាយាម ) មានការគ្រប់គ្រងអ្នកដំណើរ ( សម្មាសតិ ) មានសេចក្ដីសុខដល់អ្នកដំណើរ ( សម្មាសមាធិ ) អរិយមគ្គក៏មានអង្គជានាទី ។ ល្មមសមគួរឲ្យបានសម្រេចសេចក្ដីប្រាថ្នារបស់អ្នកប្រតិបត្តិដូចជាផ្លូវនោះដែរ ។

អង្គមគ្គទាំង ៨ នឹងដើរជួសគ្នាមិនបានទេ ព្រោះជាចំណែកចិត្ត មិនមែនជាចំណែកវត្ថុដូចការលត់ភ្លើងដែលអាចជួយស្រោចជួសគ្នាបានទេ ។ ភ្លើងប្រៀបដូចសេចក្ដីទុក្ខក៏មែនហើយ ប៉ុន្តែភ្លើងជាចំណែកវត្ថុ ការលត់ជាចំណែកកាយ ទើបអាចជួយលត់ជួសគ្នាបាន ។ ទុក្ខក្នុងទីនេះជាចំណែកចិត្តដែលមនុស្សរាល់រូបដឹងឃើញដោយខ្លួនឯង ( សន្ទិដ្ឋិកោ ) ទើបធ្វើជួសគ្នាមិនបាន ប្រៀបដូចជាអ្នករៀន មិនអាចរៀនសូត្រចំណេះវិជ្ជាជួសគ្នាបានដូច្នោះដែរ ។

ព្រះពុទ្ធអង្គគ្រាន់តែជាអ្នកបានជ្រាបរបស់ពិតដ៏ប្រសើរ ( អរិយសច្ច ៤ ) មុនគេ ហើយទ្រង់ចង្អុលប្រាប់គេថា នេះហៅថាទុក្ខ ( ទុក្ខអរិយសច្ច ) នេះជាហេតុឲ្យកើត ( ទុក្ខសមុទយអរិយសច្ច ) នេះជាសេចក្ដីរលត់ទុក្ខ ( ទុក្ខនិរោធអរិយសច្ច ) នេះជាផ្លូវដែលនឹងធ្វើអ្នកដំណើរឲ្យដល់នូវសេចក្ដីរលត់ទុក្ខ ( ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ) ជាផ្លូវដែលធ្វើឲ្យមារនឹងសេនាមារតាមមិនទាន់ ជាផ្លូវដែលអ្នកទាំងឡាយត្រូវព្យាយាមដើរទៅដោយខ្លួនឯង ព្រះតថាគតទាំងឡាយគ្រាន់តែជាអ្នកប្រាប់ផ្លូវប៉ុណ្ណោះទេ ( អក្ខាតារោ តថាគតា ) ។ មួយទៀត ព្រះតថាគតទាំងឡាយ មិនដែលទទួលពាក្យអង្វរករបន់ស្រន់របស់អ្នកណាឡើយ ( សុទ្ធិអសុទ្ធិ បច្ចត្តំ នាញ្ញោ អញ្ញំ វិសោធយេ ) ។

ការប្រតិបត្តិធម៌

គឺជាការផ្លាស់ចិត្តអាក្រក់ឲ្យក្លាយទៅជាចិត្តល្អ

ជាការធ្វើជីវិតឲ្យបានសុខស្រួល

ការបំបាត់សេចក្ដីល្ងង់ខ្លៅ

ជាការចេញចាកទុក្ខឈានទៅរកសុខ

សឹងមានព្រះនិព្វានជាទីដៅ ។

រឿងពុទ្ធបរិស័ទគឺអ្នកណា សង្ខេបប៉ុណ្ណេះ

 មានសេចក្ដីពិស្ដារក្នុងច្បាប់ពុទ្ធប្រវត្តិឬគម្ពីរបឋមសម្ពោធិ ។

 ករណីយកិច្ចខាងគ្រហស្ថមានពិស្ដារក្នុងច្បាប់គិហិបដិបត្តិ ។

 ករណីយកិច្ចខាងអ្នកបួសមានពិស្ដារក្នុងបព្វជ្ជាខន្ធក៍ ។

 រឿងរ៉ាវនៃព្រះពុទ្ធមានសេចក្ដីពិស្ដារក្នុងច្បាប់ពុទ្ធប្រវត្តិ ឬ ក្នុងគម្ពីរបឋមសម្ពោធិ ។

 មានសេចក្ដីពិស្ដារក្នុងច្បាប់សិង្គាលោវាទសូត្រលេខ ម.២១ ។

 ការប្រតិបត្តិធម៌យ៉ាងប្រសើរបំផុត ។

 មានសេចក្ដីពិស្ដារក្នុងច្បាប់អរិយសច្ចកថា លេខ ម. ១២ នឹងច្បាប់អរិយសច្ចជាពុទ្ធភាសិតរបស់លោកគ្រូប៉ាង – ខាត់ ក្នុងកម្ពុជសុរិយាឆ្នាំ ១៩៤៥ នឹងច្បាប់សៀមឈ្មោះអរិយសច្ចគឺអ្វី លេខ ម. ៥៧៣ ។

 កិច្ច ៤ នេះ គុណនឹងមគ្គ ៤ ទៅជា ១៦ ហៅថា សោឡសកិច្ច ។

 ច្បាប់អរិយសច្ចកថា ថាៈ អបលិពោធត្ថោ មានអត្ថថា រកកង្វល់រវល់មិនបាន ។

១០ និស្សនត្ថោ អធិប្បាយថា សម្ដែងចេញ ។

១១ មានសេចក្ដីពិស្ដារក្នុងច្បាប់អរិយសច្ចកថា របស់ពុទ្ធសាសនបណ្ឌិត្យលេខ ម. ១២ ។

១២ ស្រង់ចាកច្បាប់ពុទ្ធសាសនាសៀម លេខ ម. ៤៣៥ ទំព័រ ៥១៨ . . . ។

១៣ ស្រង់ចាកច្បាប់ពុទ្ធសាសនាសៀម លេខ ម. ៤៣៥ ទំព័រ ៥១៨ . . . ។

១៤ អរិយមគ្គណា កម្ចាត់កិលេសអ្វីខ្លះ មានសេចក្ដីពិស្ដារក្នុងច្បាប់អរិយសច្ចកថា លេខ ម. ១២ ។

ឃុនបណ្ណានុរ័ក្ស ប៊ូ ប៉ូ នៅពុទ្ធសាសនបណ្ឌិត្យ
រៀបរៀង

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៥៤