វាចា​ឥត​ទោស​ ៥ យ៉ាង

ការដែលនិយាយមិនដឹងពេល មិនដឹងវេលាចេះតែនិយាយទៅ ៗ នាំឲ្យខូចប្រយោជន៍ច្រើនយ៉ាងណាស់ គួរគប្បីយើងគិតនិយាយឲ្យស្គាល់កាល ស្គាល់វេលាអធ្យាស្រ័យ ហើយឲ្យបានជាប្រយោជន៍ផង ទើបប្រសើរ ត្បិតព្រះជាគ្រូយើងព្រះអង្គទ្រង់សម្ដែងថា វាចាដែលបុគ្គលពោលទៅហើយឥតមានទោសនោះ មាន ៥ យ៉ាងគឺ ៖

១- កាលេនចភាសិតា ពោលសមគួរតាមកាលដែលគួរពោល គឺថាបើនឹងពោលប្រារព្ធទៅនឹងបុគ្គលណា ត្រូវសង្កេតមើល កាលវេលាអធ្យាស្រ័យបុគ្គលនោះ កាលគួរពោលសឹមពោល កាលមិនគួរពោលកុំពោល កាលគួរពោលនោះ គឺកាលដែលគេទំនេរឥតមានការអ្វី ហើយគេក៏ត្រេកអរទទួលចង់ស្ដាប់ពាក្យខ្លួនផង កាលដែលមិនគួរពោលនោះ គឺកាលដែលគេកំពុងតែរវល់ធ្វើការងារជាដើម ឬ គេកំពុងតែជាប់ពាក្យនិយាយនឹងអ្នកឯណាមួយ ។

២- សម្មាចភាសិតា បើនឹងពោលកាលណា វាចាក៏ល្អពីរោះប្រពៃវាជាប្រកបដោយធម៌ វៀរបង់នូវ វចីទុច្ចរិតទាំង៤ ។

៣- សណ្ហាចភាសិតា បើនឹងពោលកាលណា វាចាល្អិតហ្មត់ចត់ គឺថាពាក្យត្រង់ណាដែលពោលទៅហើយ អ្នកស្ដាប់ ស្ដាប់មិនទាន់ចូលចិត្តសេចក្ដីច្បាស់លាស់នៅឡើយ នៅមានងឿងឆ្ងល់សន្ទិះសង្ស័យក៏ខំគិតរកឧបាយនាំឧទាហរណ៍ឯណាមួយដែលកន្លងទៅហើយក្ដី ដែលមាននៅក្នុងបច្ចុប្បន្ននេះក្ដី ទាញយកមកប្រៀបផ្ទឹម ឧបមាឧបមេយ្យពន្យល់ ឲ្យទាល់តែគេយល់ស្ដាប់បានដោយងាយ ។

៤- អត្ថសញ្ហិតាភាសិតា បើនឹងពោលកាលណា ពោលតែពាក្យណា ដែលជាពាក្យមានប្រយោជន៍ ពាក្យជាច្បាប់ឲ្យបានជាតម្រាប់ល្អដល់ខ្លួនផង ដល់អ្នកស្ដាប់ផង ។

៥- មេត្តចិត្តេនចភាសិតា បើនឹងពោលកាលណា ពោលប្រកបដោយមេត្តាចិត្ត គឺថាវាចាចេញទៅយ៉ាងណា ចិត្តខាងក្នុង ក៏យ៉ាងនោះដែរ គឺល្អព្រមទាំងខាងក្នុងខាងក្រៅ មិនមានចិត្តគិតទុច្ចរិត អាក្រក់ខាងក្នុង ហើយពោលបញ្ចើតែវាចាឲ្យល្អពីរោះតែខាងក្រៅឲ្យគេជឿតាម ។

ព្រះមហាវិមលធម្ម នាម ថោង
ចាងហ្វាងសាលាបាលីជាន់ខ្ពស់ ក្រុងភ្នំពេញ

អាចារ្យ  អ៊ិត ហាក់
គ្រូបង្រៀនសាលាបាលីជាន់ខ្ពស់ ក្រុងភ្នំពេញ
អ្នកពណ៌នា

ខ្ញុំ​ព្រះករុណា​ខ្ញុំបាទ ​រីករាយ​នឹង​ដកស្រង់​អត្ថបទ​នានា​ដែល​មានប្រយោជន៍ ជាពិសេស​ចំណេះដឹង​ផ្នែក​ព្រះពុទ្ធ​សាសនា កែសម្រួល​អក្ខរា​វិរុទ្ធ រួច​យក​មក​ចុះផ្សាយ​ប្រគេន​និង​ចែក​ជូន​ជា​ធម្មទាន ។ ស្វាគមន៍​ចំពោះ​​មតិយោបល់​កែ​លម្អ​ក្នុង​ន័យ​ស្ថាបនា  សូម​អរព្រះគុណ​និង​អរគុណ !​

បញ្ចេញយោបល់ ៖