សមភាព​ក្នុង​ព្រះ​ពុទ្ធ​សាសនា

សមភាព គឺភាពជាអ្នកស្មើគ្នាក្នុងពួកមនុស្ស ជារឿងដែលគេច្រើនតែនិយាយគ្នាក្នុងផ្លូវលោក ហេតុនេះ គួរនិយាយសមភាពក្នុងផ្លូវធម៌ខាងសាសនាផង ឱ្យឃើញជាគូគ្នា ដើម្បីប្រៀបធៀបមើលដោយហេតុផលថា សមភាពនោះ យើងគួរព្រមទទួលត្រឹមណា ទើបនឹងបានជាការសមរម្យល្អ ។

សមភាពក្នុងលក្ខណៈធម្មតា

មនុស្សយើងដែលកើតមកហើយតែងតែប្រែប្រួលទៅដោយលំដាប់ មិនតាំងនៅដូចដើមទេ គឺតាមដែលមើលឃើញ តាំងពីសម្រាលចាកគភ៌មាតាមកជាកូនខ្ចី ចេះតែចម្រើនវ័យឡើងជាក្មេងធំ ជាក្មេងជំទង់ ជាកំលោះក្រមុំ ជាកណ្ដាលមនុស្ស ហើយក៏ចាស់ជរាទ្រុឌទ្រោម ថយចុះដោយលំដាប់ទៅវិញ រហូតដល់ទីបំផុតក៏ស្លាប់ ដូចគ្នាគ្រប់មនុស្សទាំងអស់ ឥតរើសមុខថាអ្នកណាឡើយ ។ នេះជាលក្ខណៈមួយដែលមានស្មើគ្នាទូទៅក្នុងពួកមនុស្សគ្រប់រូប ក្នុងព្រះពុទ្ធសាសនា ហៅថា អនិច្ចលក្ខណៈ  ប្រែថា « លក្ខណៈមិនទៀងទាត់ » ។

មួយទៀត គ្រប់មនុស្សដែលកើតមកមានសង្ខាររាងកាយហើយរមែងមានទុក្ខប្រចាំជាប់មកតែម្ដង ព្រោះសង្ខាររាងកាយនេះនឹងគង់ទ្រង់រស់នៅបាន ក៏ត្រូវតែអាស្រ័យបច្ច័យជាគ្រឿងបន្ត មានអាហារនិងអាកាសជាដើមចាំជួយឧបត្ថម្ភជានិច្ច ទើបមានអាការស្រេកឃ្លានក្នុងវេលាត្រូវការអាហារជាដើម ទើបមនុស្សត្រូវតែថែរក្សាទំនុកបម្រុងឱ្យសមគួរតាមសេចក្ដីត្រូវការ ជាភារៈដែលត្រូវចាត់ការមិនចេះអស់ហើយ ។ ប៉ុន្តែកាលបើមនុស្សមិនបានគិតពិចារណាមើល ច្រើនតែមិនសូវដឹងរឿងនេះ ហើយនៅមានទុក្ខដទៃៗ មានសេចក្ដីឈឺចាប់ជាដើមចូលមកបៀតបៀនទៀត យ៉ាងនេះស្មើគ្នាទាំងអស់ឥតរើសមុខ ។ នេះជាលក្ខណៈមួយយ៉ាង ដែលមានស្មើគ្នាទូទៅក្នុងពួកមនុស្ស ក្នុងព្រះពុទ្ធសាសនាហៅថា ទុក្ខលក្ខណៈ ប្រែថា « លក្ខណៈជាទុក្ខ » ។

មួយទៀត សេចក្ដីប្រែប្រួលនៃសង្ខាររាងកាយនិងសេចក្ដីទុក្ខផ្សេងៗ ដែលមានប្រចាំសង្ខារ សូម្បីជារបស់ដែលមនុស្សមិនត្រូវការ មិនប្រាថ្នា ប៉ុន្តែមិនអាចនឹងកែខៃឬគេចចៀសវាងឱ្យផុតទៅបាន គង់តែត្រូវកើតមានដូច្នោះតាមសភាពរបស់សង្ខាររាងកាយ ព្រោះមិននៅក្នុងអំណាចរបស់អ្នកណា ។ ភាពជារបស់មិននៅក្នុងអំណាចបង្គាប់បញ្ជារបស់អ្នកណានេះឯង ជាលក្ខណៈមួយយ៉ាងដែលមានស្មើគ្នាទូទៅក្នុងពួកមនុស្ស ក្នុងព្រះពុទ្ធសាសនា ហៅថា អនត្តលក្ខណៈ ប្រែថា « លក្ខណៈមិនមែនជារបស់នៃខ្លួន » ។

លក្ខណៈទាំង ៣ ប្រការនេះ មានស្មើគ្នាទូទៅក្នុងពួកមនុស្សទាំងពួងដែលចាត់ថាជាសង្ខារប្រភេទមួយ ហៅថា ឧបាទិន្នកសង្ខារប្រែថា « សង្ខារមានចិត្តគ្រប់គ្រង » លោកទើបហៅថា សាមញ្ញលក្ខណៈ បានសេចក្ដីថា មនុស្សគ្រប់រូប មានកើត ចាស់ ឈឺ និងស្លាប់ដូចគ្នាទាំងអស់ ទើបឈ្មោះថាជាអ្នកស្មើគ្នា ដោយលក្ខណៈធម្មតា៣ប្រការគឺ មិនទៀង ជាទុក្ខ ជាអនត្តា មិនប្រព្រឹត្តទៅតាមសេចក្ដីប្រាថ្នា ។ រឿងនេះជាសេចក្ដីពិត ដែលសម្ដេចព្រះបរមសាស្ដាទ្រង់សម្ដែងដោយហេតុផល កាលបុគ្គលពិចារណាដោយហេតុផលហើយ រមែងយល់ឃើញតាមការពិត គ្មានចន្លោះដែលនឹងទង់ទាញហាមឃាត់បាន ។ នេះឯងជាសមភាព គឺភាពជាអ្នកស្មើគ្នាក្នុងពួកមនុស្សដោយលក្ខណៈធម្មតា ។

សមភាពក្នុងសេចក្ដីប្រព្រឹត្ត

ប្រការមួយទៀត សេចក្ដីប្រាថ្នាសុខនឹងមិនប្រាថ្នាទុក្ខ រមែងជាសេចក្ដីចេះដឹងស្មើគ្នាក្នុងពួកមនុស្សទាំងពួង ។ រឿងនេះជាសេចក្ដីពិតអ្នកដែលត្រូវការប្រាថ្នាសេចក្ដីទុក្ខលំបាក សូម្បីត្រឹមតែម្នាក់ក៏គ្មានក្នុងលោក គ្រប់មនុស្សសុទ្ធតែប្រាថ្នាសុខទាំងអស់គ្នា ប៉ុន្តែមនុស្សទាំងអស់នឹងមានសុខស្មើគ្នាក៏ទេ ព្រោះសុខមិនមែនសម្រេចដល់បុគ្គលដោយគ្រាន់តែមានចិត្តប្រាថ្នាប៉ុណ្ណោះឡើយ ត្រូវតែអាស្រ័យហេតុ គឺការស្វែងរកនឹងប្រកបធ្វើ ។ អ្នកឈ្លាសវៃដឹងស្គាល់ហេតុនៃសុខហើយធ្វើត្រូវតាមហេតុ រមែងបានសុខដូចប្រាថ្នា ។ ចំណែកអ្នកល្ងង់ខ្លៅ ធ្វើដោយស្មានដោយមិនទាន់បានដឹងហេតុនៃសុខជាមុន តែងប្រទះសុខដោយគាប់ចួនខ្លះ ឃ្វាងទទេទៅខ្លះ ។ ព្រោះហេតុនោះមនុស្សក្នុងលោកសូម្បីស្រឡាញ់សុខស្មើគ្នា ប៉ុន្តែបានសុខមិនស្មើគ្នាទេ សូម្បីដូច្នោះ ក៏នៅតែឈ្មោះថា ជាអ្នកស្មើគ្នាដោយសេចក្ដីប្រាថ្នាសុខនឹងប្រាថ្នាឱ្យផុតទុក្ខ ។ ដោយហេតុនេះ មនុស្សគ្រប់រូបអ្នកត្រូវការសុខ ត្រូវតែបណ្ដុះបណ្ដាលសេចក្ដីចេះដឹងហេតុនៃសុខនឹងទុក្ខឱ្យកើតមានឡើងក្នុងខ្លួនដើម្បីចៀសវាងហេតុនៃទុក្ខចេញ ប្រកបហេតុនៃសុខតែម្យ៉ាង ទើបនឹងបានសុខដូចសេចក្ដីប្រាថ្នា ។

កាលបើសុខជាទីប្រាថ្នារបស់មនុស្សទូទៅ ឥតសល់ម្នាក់យ៉ាងនេះហើយ វត្ថុណានាំសុខមកឱ្យ វត្ថុណាជាកន្លែងកើតនៃសុខ វត្ថុនោះតែងជាទីប្រាថ្នារបស់មនុស្សទូទៅឥតសល់ម្នាក់ដូចគ្នាដែរ ។ កាលបើមនុស្សគ្រប់រូបនាំគ្នាប្រាថ្នាវត្ថុតែមួយដូចគ្នាយ៉ាងនេះហើយ ក៏ត្រូវតែប្រណាំងប្រជែងដណ្ដើមគ្នាជាធម្មតា ដូចជាការប្រឡងចំណេះវិជ្ជា ដើម្បីដណ្ដើមយកនាទីឋានន្តរសក្តិ ។ កាលបើដណ្ដើមគ្នាកើតមានឡើងហើយសេចក្ដីទើសទាក់ខ្ទាំងខ្ទប់ថ្នាំងថ្នាក់អាក់អន់ចិត្តក្ដៅក្រហាយចិត្តនឹងគ្នាក៏កើតមានឡើង ។ កាលបើការទាំងនេះកើតមានឡើងហើយ សេចក្ដីវិវាទឈ្លោះប្រកែកគ្នា សេចក្ដីអាឃាតព្យាបាទបំផ្លិចបំផ្លាញគ្នា ក៏រមែងមានឡើង និងសេចក្ដីបៀតបៀនផ្ដន្ទាឈ្នានីសគ្នាក៏ត្រូវមានតាមគ្នាមកដែរព្រមជាមួយនឹងសេចក្ដីទុក្ខលំបាក ក្ដៅក្រហាយដោយប្រការផ្សេងៗ ។ កាលបើដូច្នេះ ផ្ទៃលោកនឹងជាសុខដូចសេចក្ដីប្រាថ្នា ក៏ប្រែក្លាយទៅជាបានទុក្ខលំបាកក្ដៅក្រហាយ ដែលមិនមានអ្នកណាប្រាថ្នាឡើយ ។ រឿងនេះចង្អុរឱ្យឃើញថា មនុស្សជាច្រើនរូបធ្វើខុសច្បាប់នៃសមភាពនឹងខុសសេចក្ដីប្រាថ្នារបស់ខ្លួនឯង ទាំងនេះ ក៏ព្រោះតែសេចក្ដីប្រាថ្នារបស់ខ្លួនឯងនោះហើយជាដើមហេតុ ។

ដើម្បីនឹងការពារផលដែលមិនគួរប្រាថ្នា មិនឱ្យកើតឡើងបានដើម្បីនឹងឱ្យមនុស្សផុតចាកសេចក្ដីបៀតបៀនបំផ្លាញគ្នា មនុស្សគ្រប់រូបទើបត្រូវតែមានសមភាពក្នុងសេចក្ដីប្រព្រឹត្តចំពោះគ្នា គឺថាទាំងអស់គ្នាត្រូវតែប្រព្រឹត្តក្នុងផ្លូវដែលនឹងមិនប្រទូសរ៉ាយ ចំពោះសមភាពក្នុងសេចក្ដីប្រាថ្នារបស់គ្នានឹងគ្នាមួយជាន់ទៀត ។ សមភាពក្នុងសេចក្ដីប្រព្រឹត្តនេះក្នុងព្រះពុទ្ធសាសនាព្រះបរមសាស្ដាទ្រង់បញ្ញត្តហៅថា ៖

សីលសាមញ្ញតា « ភាពជាអ្នកស្មើគ្នាដោយសីល » ។ សីលប្រែថា ប្រក្រតី សម្គាល់សេចក្ដីថា មិនកម្រើក ភាពជាអ្នកស្មើគ្នាដោយសីល សម្គាល់សេចក្ដីថា ភាពជាអ្នកមានសេចក្ដីប្រព្រឹត្តផ្លូវកាយវាចារៀបរយស្មើគ្នា បានដល់វៀរចាកការសម្លាប់រហូតដល់ការប្រទូសរ៉ាយរាងកាយ១ វៀរចាកការលួចទ្រព្យសម្បត្តិរហូតដល់ការទម្លាយទ្រព្យរបស់អ្នកដទៃ១ វៀរចាកការនិយាយកុហកបំផ្លាញប្រយោជន៍របស់អ្នកដទៃ១ វៀរចាកការសេពរបស់ស្រវឹងមានសុរាជាដើមដែលធ្វើឱ្យខូចស្មារតីមិនដឹងខុសមិនដឹង​ត្រូវ១ រួមជា៥ប្រការ ហៅថា បញ្ចវេរវិរតិ ប្រែថា « វៀរចាកពៀរប្រាំ » ព្រោះការប្រព្រឹត្តកម្ម៥ប្រការនេះ ជាការកឱ្យកើតពៀរ គឺសេចក្ដីអាឃាតព្យាបាទបំផ្លិចបំផ្លាញគ្នាឱ្យកើតមានឡើង ។

មែនពិត ជីវិតនិងរាងកាយរមែងជាទីស្រឡាញ់របស់មនុស្សទូទៅរហូតដល់សត្វមានជីវិតទាំងពួង កាលបើមានគេប្រទូសរ៉ាយ ក៏រមែងឈឺចាប់លំបាក ហើយចងអាឃាតព្យាបាទតបទៅវិញខ្លះ ទាំងអ្នកធ្វើទាំងអ្នករងអំពើក៏គ្មានប្រក្រតីសុខទាំងអស់គ្នា ចេះតែមានពៀរមានភ័យជានិច្ចព្រោះគំនិតប្រុងប្រទូសរ៉ាយបំផ្លិចបំផ្លាញគ្នា ។ ទ្រព្យសម្បត្តិរបស់អ្នកណា អ្នកនោះតែងតែស្រឡាញ់ប្រកាន់ស្ដាយ កាលបើមានចោរលួចឆក់ដណ្ដើមឬបាត់បង់ខូចខាតតទៅ ក៏តែងតូចចិត្តកើតទុក្ខសោកស្ដាយកើតគំនិតគុំគួនចងអាឃាតដល់អ្នកធ្វើ ។ បុត្រភរិយារមែងជាទីស្រឡាញ់ជាទីជាប់ចិត្តអាឡោះអាល័យ កាលបើមានការកន្លងល្មើសកើតឡើងធ្វើសែស្រឡាយ នៃវង្សត្រកូលឱ្យច្រឡូកច្រឡំសៅហ្មងមិនស្អាតបរិសុទ្ធជាទីមើលងាយ ។ មនុស្សយើងក្រៅពីការស្រឡាញ់បុត្រភរិយាហើយ រមែងមានសេចក្ដីស្រឡាញ់វង្សត្រកូលយ៉ាងក្រៃលែង ព្យាយាមនិងគ្រប់គ្រងថែររក្សាឱ្យបរិសុទ្ធផូរផង់តាមសេចក្ដីនិយមរបស់លោក កាលបើមានគេហ៊ានប្រមាថមើលងាយប្រព្រឹត្តកន្លងប្រពៃណីហើយ ក៏កើតសេចក្ដីក្ដៅក្រហាយឈឺចាប់ចងគំនុំអាឃាតព្យាបាទ ។ មនុស្សក្នុងលោកកាលបើថាដោយគោលធម៌ហើយ សុទ្ធតែត្រូវការសេចក្ដីស្មោះត្រង់ដល់គ្នាទាំងអស់ សូម្បីពាក្យសម្ដីដែលនិយាយគ្នា ក៏ប្រាថ្នាឱ្យបានឮបានស្ដាប់តែពាក្យដែលពិតប្រាកដ មិនកុហកបញ្ឆោត ព្រោះពាក្យពិតមិនធ្វើឱ្យខូចប្រយោជន៍ មានតែឱ្យសម្រេចប្រយោជន៍ នឹងធ្វើឱ្យជាទីជឿទុកចិត្តដល់គ្នាទៅវិញទៅមក សឹងជាផ្លូវផុតភ័យយ៉ាងឯក ។ លោកនេះ បើមានតែសេចក្ដីពិតដល់គ្នានឹងគ្នាហើយ នឹងស្ងប់ជាប្រក្រតី សុខគ្មានអ្វីប្រៀបផ្ទឹមបាន ប៉ុន្តែប្រព្រឹត្តទៅមិនកើត ព្រោះមនុស្សក្នុងលោកមានកិលេសហើយឃើញតែខ្លួនឯងមួយ ។ សូម្បីអ្នកណាក៏ដោយកាលបើមានគេនិយាយកុហកបញ្ឆោតហើយ ក៏រមែងចូលចិត្តខុសហើយដំណើរការខុសទៅតាម ខូចខាតប្រយោជន៍ដែលខ្លួននឹងត្រូវបានសម្រេច ។ ព្រោះហេតុនោះ បានជាគ្មានអ្នកណាចូលចិត្តស្រឡាញ់ពាក្យកុហកសោះ សូម្បីខ្លួនអ្នកដែលច្រើនតែនិយាយកុហកគេ ក៏មិនចូលចិត្តឱ្យអ្នកណាមកនិយាយកុហកខ្លួនវិញដែរ ចូលចិត្តឱ្យគេនិយាយតែពាក្យពិត កាលបើមានគេនិយាយកុហកក៏កើតក្រោធខឹងស្អប់ខ្ពើមលែងជឿទុកចិត្តគេតទៅមុខទៀត ខ្លួនអ្នកដែលមិនចូលចិត្តពាក្យកុហកសោះក៏ចេះតែនៅនិយាយកុហកគេជាដរាប ជាអ្នកប្រទូសរ៉ាយដល់គោលធម៌ក្នុងខ្លួនឯង និងជាអ្នកប្រទូសរ៉ាយដល់គោលធម៌របស់លោក ឈ្មោះថាទម្លាយប្រយោជន៍ខ្លួនឯងនឹងអ្នកដទៃទាំងពីរខាង ព្រោះសេចក្ដីឃ្លៀងឃ្លាតលែងទុកចិត្តគ្នាកើតមកអំពីមនុស្សវៀច ច្រើនតែនិយាយកុហកជាត្រីមុខ ។ ការធ្វើ ការនិយាយ ការគិត ដែលនឹងប្រព្រឹត្តទៅក្នុងផ្លូវត្រូវ មិនប្រព្រឹត្តទៅដើម្បីបៀតបៀនខ្លួនឯងនឹងអ្នកដទៃនោះ រមែងកើតមានដល់អ្នកមានសតិជុំវិញ ។ ធម្មតាសាមញ្ញជន សូម្បីកាលនៅមិនទាន់ស្រវឹងក៏គង់តែមានវេលាភ្លេចភ្លាំង ធ្វើខុស និយាយខុស គិតខុស បង្កសេចក្ដីវិនាសដល់ខ្លួននិងអ្នកដទៃ កាលបើចេះតែសេពរបស់ស្រវឹងធ្វើឱ្យខូចសតិថែមលើសដើមឡើងទៀត សេចក្ដីខុសខូចកោងកាចអាក្រក់រឹងរឹតតែមានកម្លាំងខ្លាំងឡើងទាល់តែផុតថា នឹងនិយាយក៏មិនអស់មិនចប់មានគំរូនៅគរគោក និយាយយ៉ាងងាយៗ ត្រង់ការបង្កសេចក្ដីរំខានចិត្តដល់អ្នកជិតខាងដូចជាក្នុងក្រុមគ្រួសាររបស់ខ្លួន លោកថាអ្នកស្រវឹងស្រាហើយ តែងបង្កពៀរ៥ប្រការខាងដើមបានដោយងាយណាស់ ព្រោះហេតុនោះការផឹកទឹកស្រវឹង ទើបចាត់ថាជាហេតុពៀរភ័យ ។ ចំណែក បញ្ចវេរវិរតិ គឺការលះវៀរចាកពៀរ៥ ជាគុណធម៌រាំងរាភ័យពៀរក្នុងលោក និងចាត់ថាជាសីល ព្រោះធ្វើលោកឱ្យជាប្រក្រតីសុខប្រាសចាកការបៀតបៀនបំផ្លាញគ្នានឹងគ្នា ។ កាលមនុស្សទាំងពួងតាំងចិត្តរក្សាសីល ៥ ប្រការនេះជានិច្ច មិនហ៊ានឈានកន្លងព្រោះហេតុអ្វីៗ ហើយមនុស្សគ្រប់រូបក៏ឈ្មោះថាមានសមភាពក្នុងសេចក្ដីប្រព្រឹត្តសមជាមនុស្សដែលរាប់ថាមានអារ្យធម៌ ។ ការដែលមនុស្សគ្រប់រូបជាអ្នកមានសីលស្មើគ្នានេះឯង ហៅថា សីលសាមញ្ញតា ភាពជាអ្នកស្មើគ្នាដោយសីល ។

អ្នកណាប្រព្រឹត្តបែកផ្សេងខុសនឹងបក្សពួករបស់ខ្លួន ដោយត្រឡប់យល់ឃើញរបស់ដែលគេនិយមថាអាក្រក់វិនាស ក្លាយជារបស់ល្អ អ្នកនោះរមែងជាទីស្អប់ខ្ពើមជាទីរង្កៀស របស់ពួកដែលបែកចាកពួកទៅដែលហៅថា បែកសាមគ្គី រមែងឱ្យផលអាក្រក់ខ្លួនឯង នឹងប្រទាញកម្លាំងរបស់ពួកឱ្យថយចុះ ព្រោះហេតុនោះ សីលសាមញ្ញតា ទើបចាត់ថាធម៌ជាទីតាំងនៃសាមគ្គីផង ។

សមភាពក្នុងសេចក្ដីយល់ឃើញ

មនុស្សត្រូវតែនៅរួបរួមគ្នាជាពួកទើបបាន ត្រូវពឹងពាក់អាស្រ័យគ្នាត្រូវរួមកម្លាំងជួយគ្នារក្សាពួករបស់ខ្លួនឯង សូម្បីមានសេចក្ដីស្មើគ្នាដោយការប្រព្រឹត្តល្អ ជាគ្រឿងការពារសេចក្ដីបៀតបៀនបំផ្លាញគ្នាហើយក្ដី ប៉ុន្តែបើមានសេចក្ដីយល់ឃើញមិនស្មើគ្នាទេ រមែងជាហេតុឱ្យបែកសាមគ្គីវិវាទទាស់ទែងគ្នា បន្ថយកម្លាំងគ្នាឯង នាំសេចក្ដីវិនាសមកឱ្យដល់ពួកគណៈរបស់ខ្លួនឯង ។ ព្រោះហេតុនោះ មនុស្សអ្នករួបរួមគ្នាជាពួកគណៈត្រូវតែមានសមភាពក្នុងសេចក្ដីយល់ឃើញខ្វះមិនបានទេ ដើម្បីជាគ្រឿងការពារសេចក្ដីបែកសាមគ្គី ។ សមភាពក្នុងសេចក្ដីយល់ឃើញនេះជាពាក្យក្នុងព្រះពុទ្ធសាសនា ព្រះបរមសាស្ដាទ្រង់បញ្ញត្តហៅថា ៖

ទិដ្ឋិសាមញ្ញតា  « ភាពជាអ្នកស្មើគ្នាដោយសេចក្ដីយល់ឃើញ » ។

សេចក្ដីយល់ឃើញនោះ ពោលដោយសាសនវោហារថា ទិដ្ឋិ ជាពាក្យកណ្ដាលៗ បើសម្គាល់សេចក្ដីខាងល្អ ថែម សម្មា នៅខាងដើមជា សម្មាទិដ្ឋិ ( សេចក្ដីយល់ឃើញត្រូវ )  បើសម្គាល់សេចក្ដីខាងអាក្រក់ ថែម មិច្ឆា ភ្ជាប់ខាងដើមថា មិច្ឆាទិដ្ឋិ ( សេចក្ដីយល់ឃើញខុស ) បើចំពោះតែកម្លាំងសព្ទថា ទិដ្ឋិ គ្មានសព្ទដទៃនៅខាងដើមឬខាងចុងទេ សម្គាល់សេចក្ដីទាំងខាងល្អទាំងខាងអាក្រក់ តែក្នុងទីនេះសម្គាល់សេចក្ដីតែខាងល្អ ។ ទិដ្ឋិ ( សេចក្ដីយល់ឃើញ ) នេះជារបស់សំខាន់ណាស់ បើមានសេចក្ដីយល់ឃើញខុស ក៏ជាហេតុធ្វើឱ្យខុស និយាយខុស គិតខុស នាំទោសទុក្ខភ័យអន្តរាយនិងសេចក្ដីវិនាសមកឱ្យខ្លួនឯងនិងពួកគណៈរបស់ខ្លួន បើមានសេចក្ដីយល់ឃើញត្រូវ ក៏ជាហេតុឱ្យធ្វើត្រូវ និយាយត្រូវ គិតត្រូវ នាំគុណប្រយោជន៍ សុខសួស្ដីមកឱ្យខ្លួននឹងពួកគណៈរបស់ខ្លួន ។ ព្រោះហេតុនោះសេចក្ដីយល់ឃើញទើបជារបស់ដែលគួរតែប្រុងប្រយត្ន ឱ្យប្រព្រឹត្តទៅតែក្នុងផ្លូវដែលត្រូវ ។ សេចក្ដីយល់ឃើញឯណា មិនប្រព្រឹត្តទៅដើម្បីបៀតបៀនខ្លួនឯងនឹងអ្នកដទៃ សេចក្ដីយល់ឃើញនោះជាសេចក្ដីយល់ឃើញត្រូវ ដូចសេចក្ដីដែលយល់ឃើញថា របស់ទាំងពួងរមែងជាប់ដោយហេតុផល ហើយផលរមែងប្រព្រឹត្តទៅតាមអំណាចនៃហេតុ មានដើមថា មនុស្សដែលកើតមករួមពួកគណៈគ្នានេះ សូម្បីជាអ្នកមានសេចក្ដីកើត ចាស់ ឈឺ ស្លាប់ជាធម្មតាស្មើគ្នា និងសូម្បីជាអ្នកស្រឡាញ់សុខស្អប់ខ្ពើមទុក្ខស្មើគ្នាក៏ពិតមែនហើយ ប៉ុន្តែសូម្បីដូច្នោះ ក៏នៅតែជាអ្នកមិនស្មើគ្នាដោយហេតុគឺកម្មរបស់ខ្លួនដែលបានធ្វើទុកមក អំណោយចំណែកឱ្យជាអ្នកល្អខ្លះ អាក្រក់ខ្លះ ផ្សេងៗគ្នា គឺមនុស្សខ្លះមានអាយុវែង មនុស្សខ្លះសមប្រកបគ្មានរោគភ័យបៀតបៀន មនុស្សខ្លះទាល់ក្រអនាថា មនុស្សខ្លះមានធនធានយ៉ាងសម្បូណ៌ មនុស្សខ្លះជាទីស្អប់ខ្ពើម មានសឹកសត្រូវច្រើន មនុស្សខ្លះជាទីស្រឡាញ់ពេញចិត្តអាណិតអាសូររបស់ជនទាំងឡាយ គ្មានសឹកសត្រូវ មនុស្សខ្លះជាទីជឿស្ដាប់របស់ជនទាំងឡាយ មនុស្សខ្លះជាទីមើលងាយ មិនជាទីជឿស្ដាប់របស់អ្នកណា មនុស្សខ្លះរងេរងើវិកលចរិត មនុស្សខ្លះសម្បូណ៌ដោយសេចក្ដីគិតសេចក្ដីចេះដឹងមនុស្សខ្លះល្ងង់ខ្លៅ មនុស្សខ្លះមានប្រាជ្ញាឈ្លាសវៃ មនុស្សខ្លះមានតេជានុភាពជាទីរាប់អានកោតក្រែង មនុស្សខ្លះគ្មានតេជានុភាព មិនជាទីគោរពកោតក្រែងប៉ុណ្ណោះជាដើមជាគ្រឿងចង្អុលឱ្យឃើញថា ជាផលដែលជាប់មកអំពីហេតុ ប្រព្រឹត្តទៅតាមហេតុ ។ បើយើងជឿហេតុផល នឹងមានសេចក្ដីយល់ឃើញក្នុងគន្លងនៃហេតុផលហើយ ក៏នឹងសន្និដ្ឋានបានថា ចំណែកដែលល្អដូចភាពជាអ្នកមានអាយុវែងជាដើម រមែងជាផលនៃហេតុគឺកម្មខាងល្អពិតប្រាកដ ចំណែកដែលអាក្រក់ ដូចភាពជាអ្នកមានអាយុខ្លីជាដើម រមែងជាផលនៃហេតុគឺកម្មខាងអាក្រក់ពិតប្រាកដ កាលខ្លួនធ្លាក់នៅក្នុងឋានៈដូចម្ដេច ក៏នឹងធ្វើខ្លួនឱ្យជាអ្នកសមគួរដល់ឋានៈដូច្នោះគឺថាកាលធ្លាក់នៅក្នុងចំណែកអាក្រក់ថោកទាបជាងគេ ក៏មិនតូចចិត្តឥច្ឆាឈ្នានីសអ្នកដទៃដែលមានឋានៈល្អជាងខ្លួន រមែងជាអ្នកដឹងខ្លួនបានថាព្រោះយើងធ្វើកម្មមិនល្អ ដែលនឹងអំណោយផលដូច្នេះទុកមក បានជាត្រូវយ៉ាងនេះ ហើយព្យាយាមប្រុង​ប្រយត្ន​ខ្លួនមិនធ្វើកម្មអាក្រក់ ធ្វើតែកម្មដែលល្អជាគ្រឿងកែខៃ ក៏នឹងបានជាអ្នកមានឋានៈល្អឡើងដោយលំដាប់ បើជាអ្នកធ្លាក់នៅក្នុងចំណែកល្អខ្ពង់ខ្ពស់ជាងគេ ក៏មិនគប្បីប្រកាន់ខ្លួនប្រាណប្រមាថមើលងាយអ្នកដទៃ ដែលមានឋានៈថយថោកជាងខ្លួននឹងមិនគប្បីច្រណែនឫស្យាអ្នកដទៃ ដែលមានឋានៈស្មើនឹងខ្លួន ព្រោះបានពិចារណាឃើញថា ដែលយើងជាអ្នកមានឋានៈល្អប្រសើរជាងគេឬស្មើមុខនឹងគេដូច្នេះ ក៏ព្រោះតែយើងបានធ្វើកម្មល្អ ដែលនឹងឱ្យផលល្អទុកមក កម្មល្អទើបអំណោយឱ្យយើងបានត្រឹមនេះ នឹងខំព្យាយាមធ្វើកម្មល្អឱ្យរឹតតែច្រើនៗឡើងទៅទៀត ក៏នឹងបានជាអ្នកល្អរឹតតែច្រើនឡើងដរាបទៅ មិនធ្លាក់ថោកទាប ។ សេចក្ដីយល់ឃើញដែលនៅក្នុងគន្លងហេតុផលដូច្នេះ រមែងជាហេតុការពារមិនឱ្យបុគ្គលធ្លាក់ទៅក្នុងផ្លូវថោកទាប មានតែត្រឡប់ផ្ចុងផ្ដើមឱ្យជាអ្នកល្អច្រើនឡើង ទាំងជាគ្រឿងហាមឃាត់សេចក្ដីឫស្យាគ្នា សេចក្ដីប្រកាន់ខ្លួនប្រាណមើលងាយអ្នកដទៃ នឹងសេចក្ដីសង្កត់សង្កិនគ្នាមិនឱ្យកើតឡើង ។ កាលមនុស្សអ្នករាប់ជាប់ក្នុងពួកជាមួយគ្នា ជាអ្នកមានសេចក្ដីយល់ឃើញត្រូវស្មើគ្នា ពួកគណៈក៏រមែងមានសេចក្ដីចម្រើនដោយបុគ្គលអ្នកល្អ នៅរួមគ្នាជាពួកដោយសេចក្ដីស្រុះស្រួល មានសេចក្ដីសុខទូទៅគ្រប់គ្នា ។

ប្រការមួយទៀត ជនទាំងឡាយនៅជាពួក នឹងរួមគ្នាជាពួកបានត្រូវតែអាស្រ័យសេចក្ដីព្រមព្រៀងជួយគ្នាធ្វើមុខការ គឺត្រូវគោរពដល់មុខការរបស់ខ្លួន ដោយអើពើយកចិត្តទុកដាក់ប្រតិបត្តិយ៉ាងម៉ឺងម៉ាត់និងត្រូវគោរពដល់មុខការរបស់អ្នកដទៃ ដោយមិនប្រតិបត្តិយ៉ាងម៉ឺងម៉ាត់និងត្រូវគោរពដល់មុខការរបស់អ្នកដទៃ ដោយមិនប្រតិបត្តិការឱ្យជាទីទើសទាស់ដល់មុខការរបស់អ្នកដទៃ ដោយមិនមើលងាយ ហើយត្រូវព្រមទទួលសម្មតិកម្មដែលជាប់ដោយខ្លួន ។ បុគ្គលអ្នកធ្វើមុខការ ដូចព្រមទទួលថាអ្នកនោះអ្នកនេះជាធំ ជាប្រធានអ្នកដឹកនាំឬជាអ្នកគ្រប់គ្រងរបស់ពួក បុគ្គលនោះតែងនៅក្រោមបង្គាប់បញ្ជា ហើយប្រតិបត្តិតាមមុខការរបស់ខ្លួនដែលកើតមានដូចម្ដេច មិនប្រកាន់ថាស្មើគ្នាដូចគ្នាទាំងអស់ដ៏ជាការបដិសេធសម្មតិដែលមិនមានអ្នកណាអាចបដិសេធបាន ។ ព្រោះលោកគឺប្រជុំជននៅរួមគ្នាបាន ក៏ដោយអាស្រ័យសម្មតិហើយប្រតិបត្តិដំណើរការជាប់ទាក់ទងគ្នាក្នុងវិថីនៃសម្មតិ មិនឱ្យខុសចាកសម្មតិទៅបាន ដូចសម្មតិថាមាតាបិតា បុត្រធីតា ស្វាមីភរិយា ញាតិមិត្រជាដើម ទាំងនេះជាប់ដោយមុខការប្រចាំខ្លួនរបស់ជនទាំងនេះចេញ លោកក៏តាំងនៅមិនបាន សម្មតិក៏អស់នាទី ។ មួយទៀត បើលោកនេះនឹងមិនមានសម្មតិហើយ មនុស្សនឹងធ្វើសេចក្ដីចូលចិត្តរាប់អានគ្នាមិនបានឡើយ ព្រោះហេតុនោះ សម្មតិទើបជារបស់ដែលលើកចោលមិនបាន សូម្បីពួកជននឹងប្រើការគ្រប់គ្រងគ្នាដោយវិធីណាក៏ដោយ ។ ដោយហេតុនេះ អ្នកមានសេចក្ដីយល់ឃើញត្រូវ រមែងយល់ឃើញថា ការដែលសម្មតិថាអ្នកនោះជាធំជាប្រធានជាអ្នកដឹកនាំឬជាអ្នកគ្រប់គ្រង ឬថាអ្នកនោះជាអ្នកបង្គាប់បញ្ជា អ្នកនោះជារងបន្ទាប់ជាអ្នកនៅក្រោមបង្គាប់បញ្ជាជាដើមនេះ មិនមែនជាការទម្លាយរំលាងសមភាពក្នុងពួកជនទេ ត្រឡប់ជាការរក្សាសមភាពក្នុងពួកជនឱ្យមាំមួនទៅវិញ ។ ព្រោះពួកនឹងតាំងនៅបានក៏ដោយអ្នកមានមុខការស្រុះស្រួលជួយគ្នាធ្វើការតាមនាទី ដោយអើពើស្មើគ្នា ។ កាលអ្នកណាបានទទួលសម្មតិឱ្យធ្វើនាទីរបស់អ្នកដឹកនាំពួក បើជនអ្នកនៅរួមពួកដ៏រាប់ថាជារងបន្ទាប់ មានសេចក្ដីគោរពចំពោះនាទីរបស់អ្នកនោះ ប្រតិបត្តិការតាមនាទីរបស់អ្នករងបន្ទាប់ដោយត្រឹមត្រូវ នាទីអ្នកដឹកនាំដែលសម្មតិតែងតាំងគ្នាឡើងនោះ ក៏រមែងសម្រេចប្រយោជន៍ កិច្ចការរបស់ពួករមែងដំណើរទៅដោយរៀបរយ ។ បើជនអ្នកនៅរួមពួកជាមួយគ្នា មិនគោរពចំពោះនាទី របស់អ្នកដឹកនាំហើយ ចេះតែបែកខ្ញែកពីគ្នាធ្វើតែតាមអំពើចិត្តរៀងខ្លួនទៅហើយ កិច្ចការទាំងឡាយក៏ខ្ចាត់ខ្ចាយផ្ដេសផ្ដាស ល្អខ្លះអាក្រក់ខ្លះ ច្រឡូកច្រឡំគ្នាអស់ឥតរបៀប ជាការបន្ថយសមភាព នឹងបន្ថយកម្លាំងសេចក្ដីចម្រើនរបស់ពួកឱ្យអន់ថយចុះទៅ រហូតដល់តាំងនៅមិនបាន ។ ព្រោះហេតុនោះ គ្រប់ពួកមិនរើសថាតូចឬធំទេ ដូចគ្រួសារមួយឬភូមិប្រទេសមួយ ទើបត្រូវតែមានប្រធានអ្នកដឹកនាំខ្វះមិនបាន ។ សូម្បីក្នុងខ្លួនឯងអវយវៈទាំងឡាយរមែងធ្វើមុខការទាំងអស់គ្នា ភ្នែកជាអ្នកដឹកនាំ ទើបបាននាមថានេត្រ ខួរក្បាលមាននាទីគិតអានរបស់អវយវៈនោះ ក៏គឺជួយគ្នា ធ្វើនាទីឱ្យរាងកាយនេះប្រព្រឹត្តទៅដោយល្អ ដោយមិនចេះរង្កៀសច្រណែនប្រចាំគ្នាឡើយ រាងកាយនេះទើបគង់នៅបាន ។ រាងកាយរបៀបដូចពួក ភ្នែកឬខួរក្បាលប្រៀបដូចប្រធានអ្នកដឹកនាំរបស់ពួក ពួកជនរមែងខ្ពស់ទាបជាងគ្នាដោយតំណែងនាទី រហូតដល់គុណធម៌សេចក្ដីឈ្លាសវៃនឹងអាច តែរមែងស្មើគ្នាដោយសេចក្ដីត្រូវធម៌ដែលគ្រប់មនុស្សមាន និងប្រយោជន៍ដែលនឹងគប្បីបានរួមគ្នាក្នុងការងាររបស់ពួក ។ កាលសេចក្ដីស្មើគ្នាមានឡើងដោយហេតុផលដូចគ្នា ការដែលនឹងដាក់កម្រិតឱ្យស្មើគ្នាទៅទាំងអស់គ្រប់របស់គ្រប់យ៉ាងនោះ រមែងប្រព្រឹត្តទៅមិនបានឡើយ ព្រោះទើសទាក់ដល់គោលធម៌គឺហេតុផលសូម្បីព្រះអរិយបុគ្គលក្នុងព្រះពុទ្ធសាសនា គង់តែនៅមានខ្ពស់ទាបជាងៗគ្នាដោយជាន់នៃមគ្គផល តែស្មើគ្នាតាមគោលនៃសមភាពដូចពោលមកហើយ ។ សេចក្ដីយល់ឃើញត្រូវតាមគោលនៃសមភាព ដ៏ប្របកដោយហេតុផលនេះ រមែងជាគុណគួរប្រាថ្នាក្នុងពួកជនអ្នកនៅជាពួកគណៈ ដើម្បីរាំងរាការបែកសាមគ្គី និងការប្រណាំងប្រជែងសង្កត់សង្កិនគ្នាឯង ព្រោះហេតុនោះ ទិដ្ឋិសាមញ្ញតា « ភាពជាអ្នកស្មើគ្នាដោយសេចក្ដីយល់ឃើញ » ទើបជាធម៌ដែលគួរប្រាថ្នាយ៉ាងក្រៃលែង ។

ភាពជាអ្នកស្មើគ្នាដោយសេចក្ដីយល់ឃើញក្នុងទីនេះ ដោយន័យដ៏ទៀងទាត់ សំដៅយកសេចក្ដីយល់ឃើញរួមគ្នា ក្នុងផ្លូវដែលត្រូវតាមគន្លងធម៌ ។ ធម្មតាបុគ្គលរមែងមានសេចក្ដីយល់ឃើញបែកផ្សេងគ្នាទៅបាន តាមសេចក្ដីគិតឃើញរបស់ខ្លួន ប៉ុន្តែបើក្នុងរបស់ដូចគ្នា កើតមានសេចក្ដីយល់ឃើញបែកផ្សេងគ្នាឡើង រមែងប្រព្រឹត្តទៅដើម្បីវិវាទឈ្លោះប្រកែកគ្នា ។ កាលចំណែកម្ខាងប្រកាន់ថារបស់ខ្លួនត្រូវ ក៏គ្មានផ្លូវដែលនឹងស្រុះស្រួលគ្នាបាន ។ ព្រោះហេតុនោះ សេចក្ដីយល់ឃើញត្រូវតែមានគន្លងធម៌ជាគោល សេចក្ដីយល់ឃើញរបស់ចំណែកខាងណាមិនប្រកបដោយគន្លងធម៌ ចំណែកខាងនោះរមែងប្រើការមិនបានមិនគួរប្រកាន់អាងសេចក្ដីយល់ឃើញរបស់ខ្លួនទុកទេ គួរតែព្រមតាមចំណែកដែលប្រកបដោយគន្លងធម៌ ។ គន្លងធម៌ក្នុងទីនេះ បានដល់ផ្លូវដែលមិនខូចផល ទាំងរបស់ខ្លួន ទាំងរបស់ជនទូទៅ ។ មួយទៀត សូម្បីនឹងមានសេចក្ដីយល់ឃើញរួមគ្នាទាំងអស់ក្នុងពួកជាមួយគ្នា ប៉ុន្តែមិនប្រព្រឹត្តទៅតាមគន្លងធម៌ទេ ក៏មិនបានជាការ ព្រោះប្រព្រឹត្តទៅដើម្បីសេចក្ដីវិនាសដល់មនុស្សទាំងពួង ទាំងទំនាស់នឹងសេចក្ដីយល់ឃើញរបស់ពួកជនដទៃដែលប្រកបដោយគន្លងធម៌ ជាផ្លូវបែកសាមគ្គីនឹងពួកដទៃតទៅទៀត ។ ព្រោះហេតុនោះ គួរតែមានសេចក្ដីយល់ឃើញរួមគ្នាចំពោះតែក្នុងគន្លងធម៌ប៉ុណ្ណោះ ទើបនឹងអាចរក្សាសាមគ្គីទុកបានដោយទូទៅ ។

ព្រះបរមសាស្ត្រាទ្រង់សម្ដែងសមភាព គឺភាពជាអ្នកស្មើគ្នាក្នុងពួកមនុស្ស ដោយគោលធម៌៣ប្រការ គឺទ្រង់សម្ដែងសមភាព ដោយន័យនៃសាមញ្ញលក្ខណៈថា គ្រប់មនុស្សធ្លាក់នៅក្នុងលក្ខណៈដែលមិនទៀង ជាទុក្ខ ជាអនត្តា តាមដែលបានឃើញ គឺកើតមកហើយក៏ចាស់ឈឺ ស្លាប់ដូចគ្នាទាំងអស់ ដូច្នេះ ដើម្បីឱ្យឃើញសេចក្ដីវិនាសសាបសូន្យ សេចក្ដីមិនស្ថិតស្ថេរ នឹងបានជាអ្នកមិនប្រមាទស្រវឹងក្នុងវ័យក្នុងសេចក្ដីមិនមានរោគ ក្នុងជីវិត ក្នុងរបស់សម្លាញ់ ។ ទ្រង់សម្ដែងភាពជាអ្នកស្មើគ្នា ដោយសេចក្ដីប្រព្រឹត្តល្អ ដែលហៅថា សីលសាមញ្ញតា ដើម្បីហាមឃាត់សេចក្ដីបៀតបៀនបំផ្លាញគ្នា ។ ទ្រង់សម្ដែងភាពជាអ្នកស្មើគ្នា ដោយសេចក្ដីយល់ឃើញត្រូវតាមគន្លងធម៌ដែលហៅថា ទិដ្ឋិសាមញ្ញតា ដើម្បីហាមឃាត់សេចក្ដីយល់ឃើញខុសផ្លូវ និងសេចក្ដីវិវាទទាស់ទែងបែកសាមគ្គី ។ សមភាព ៣ ប្រការនេះជាគោលធម៌សំខាន់ក្រៃលែងរបស់លោក ជារបស់ទៀងទាត់មិនប្រែប្រួលព្រោះហេតុណាៗ បើជនក្នុងលោកទាំងមូលព្រមគ្នាប្រតិបត្តិតាមគោលសមភាព ៣ ប្រការនេះគ្រប់គ្នាហើយ លោកនឹងដល់សន្តិសុខ ប្រាសចាកភ័យពៀរ និងសេចក្ដីល្អដល់គ្នា គឺជួយទំនុកបម្រុងគ្នា នាំគ្នាទៅកាន់សេចក្ដីសួស្ដីគឺសេចក្ដីផុតភ័យ មិនមានទីបំផុត ព្រោះហេតុនោះអ្នកប្រាថ្នាសន្តិសុខដល់ខ្លួនដល់ខ្លួន និងពួកគណៈរបស់ខ្លួន ទើបគួរតែយកចិត្តទុកដាក់ក្នុងសមភាព ៣ ប្រការនេះ ហើយប្រតិបត្តិដំណើរការកុំឱ្យខុសវិថីនៃសមភាពនោះ ។

សូមសេចក្ដីសុខសួស្ដីចូរមានដល់អស់លោកអ្នក ដោយតេជានុភាពព្រះរតនត្រៃ !

ឃុនបណ្ណានុរ័ក្ស ប៊ូ – ប៉ូ នៅពុទ្ធសាសនបណ្ឌិត្យ
ប្រែចាកច្បាប់ធម្មចក្សុ  អក្សរថៃ

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៥៤

អំពី មេត្តាកវី

ខ្ញុំ​ព្រះករុណា​ខ្ញុំបាទ ​រីករាយ​នឹង​ដកស្រង់​អត្ថបទ​នានា​ដែល​មានប្រយោជន៍ ជាពិសេស​ចំណេះដឹង​ផ្នែក​ព្រះពុទ្ធ​សាសនា កែសម្រួល​អក្ខរា​វិរុទ្ធ រួច​យក​មក​ចុះផ្សាយ​ប្រគេន​និង​ចែក​ជូន​ជា​ធម្មទាន ។ ស្វាគមន៍​ចំពោះ​​មតិយោបល់​កែ​លម្អ​ក្នុង​ន័យ​ស្ថាបនា  សូម​អរព្រះគុណ​និង​អរគុណ !​

មើលប្រកាសទាំងអស់របស់ មេត្តាកវី →

Leave a Reply

avatar
  Subscribe  
Notify of