មត្តញ្ញុកថា

នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស

សូមនមស្សការ ចំពោះព្រះភគវន្តមុនីអរហំសម្មាសម្ពុទ្ធព្រះអង្គនោះ ( ព្រមទាំងព្រះធម៌និងព្រះអរិយសង្ឃ ដោយសេចក្ដីគោរព ) ។

ថ្ងៃនេះជាថ្ងៃឧបោសថកាល ពួកពុទ្ធបរិស័ទខ្លះបានសមាទានឧបោសថសីលតាំងពីបុព្វណ្ហសម័យ ។ ពេលនេះជាធម្មស្សវនកាលត្រូវតាមសណ្ដាប់ប្រពៃណីពីបុរាណសម័យ នៃពុទ្ធមាមកជនរៀងរាបមក ។ អាត្មាភាពបានទទួលភារៈមកសម្ដែងព្រះធម៌តាមសមគួរដល់កាលវេលា ។ សូមសម្ដែងអំពីមត្តញ្ញុតាកថា តាមន័យពុទ្ធភាសិតមួយបាទថា៖

មត្តញ្ញុកថា សទា សាធុ

 « ភាវៈនៃបុគ្គលអ្នកស្ដាល់ប្រមាណ រមែងញ៉ាំងប្រយោជន៍ឲ្យសម្រេចសព្វៗកាល » ។

ពុទ្ធភាសិតនេះ ព្រះបរមគ្រូជាម្ចាស់ទ្រង់ត្រាស់សរសើរបុគ្គលអ្នកស្គាល់ប្រមាណ ថាជាអ្នកអាចធ្វើប្រយោជន៍ឲ្យសម្រេចបានគ្រប់កាល ។

សូមអធិប្បាយសេចក្ដីនៃពុទ្ធភាសិតនេះដូចសេចក្ដីតទៅនេះ ៖

មត្តញ្ញុកថា ប្រែថា « ភាពនៃបុគ្គលអ្នកស្គាល់នូវប្រមាណ » គឺស្គាល់ថា ធ្វើនេះសម យ៉ាងនេះល្អ  យ៉ាងនេះចុះរបៀប  ត្រូវទំនងសមតាមកាលៈទេសៈ កាលបើធ្វើយ៉ាងនេះទៅ រមែងបានសម្រេចប្រយោជន៍យ៉ាងនោះ ជាដើម ។ ការស្គាល់ប្រមាណនេះ មានទំនងគួរនឹងពណ៌នាបានច្រើនន័យ តែបើនឹងរួបរួមជាគោលនៃសេចក្ដីអធិប្បាយមានតែ ៥ ប្រការដូច្នេះគឺ ៖

១ – ការដឹងប្រមាណក្នុងទ្រព្យសម្បត្តិ

២ – ការដឹងប្រមាណក្នុងករណីយកិច្ច

៣ – ការដឹងប្រមាណក្នុងការថែទាំខ្លួន

៤ – ការដឹងប្រមាណក្នុងបុគ្គល

៥ – ការដឹងប្រមាណក្នុងធម៌ ។

ការដឹងប្រមាណក្នុងទ្រព្យសម្បត្តិ

ការដឹងប្រមាណក្នុងទ្រព្យសម្បត្តិនេះ ចែកចេញជា ៣ ប្រការតទៅទៀត គឺស្គាល់ប្រមាណក្នុងការស្វែងរក ១ ស្គាល់ប្រមាណក្នុងការថែរក្សា ១ ស្គាល់ប្រមាណក្នុងការបរិភោគប្រើប្រាស់ ១ ។

ការចេះលៃលករកឧបាយស្វែងរកទ្រព្យសម្បត្តិ ឲ្យបានត្រឹមត្រូវតាមគន្លងធម៌ គឺវៀរចាកជំនួញ ៥ ប្រការ មិនស្វែងរកដោយអាការកុហកភរភូតឆបោកបំបាត់ប្រវញ្ចន៍ទ្រព្យរបស់អ្នកដទៃ មិនរំពៃគយគន់សម្លឹងសម្លក់លួចឆ្មក់រឹបជាន់ដណ្ដើមយកភោគទ្រព្យអ្នកដទៃ ដោយកិច្ចកលចោរកម្ម មិនបន្លំដោយភ្នែកជញ្ជីង គៃកៀសដោយរង្វាល់ នាឡិ តៅ កន្តាំង បំបិទបំបាំងគៃលៃលកឲ្យតែខាងចំណេញ ដោយឧបាយកលទុច្ចរិត ។ ទាំងត្រូវវៀរចាកស្ថាន ៤ យ៉ាងទៀត គឺវៀរមិនលម្អៀងព្រោះសេចក្ដីគាប់ចិត្ត សេចក្ដីស្រឡាញ់ ១ មិនលម្អៀងព្រោះសេចក្ដីខេរខឹងឬសេចក្ដីស្អប់ ១ មិនលម្អៀងព្រោះសេចក្ដីល្ងង់ខ្លៅ មិនដឹងខុសត្រូវ ១ មិនលម្អៀងព្រោះខ្លាចអំណាច ១ ហើយមិនប្រព្រឹត្តស៊ីសំណូកសូកអង្វរសង្កត់សង្កិនយកផលប្រយោជន៍ឡើយ ព្រោះសុទ្ធតែជាការស្វែងរកមិនសម មិនល្អ មិនត្រូវទំនងទេ ជាការស្វែងរកខុសចាកគន្លងធម៌ដោយពិតប្រាកដ ។ ការស្វែងរកដោយឧបាយទុច្ចរិត ព្រះពុទ្ធជាម្ចាស់ទ្រង់ហាម ព្រោះជាហេតុនាំឲ្យមានសេចក្ដីក្ដៅក្រហាយទាំងនាំឲ្យចួបប្រទះនឹងទុក្ខទោសគ្រោះថ្នាក់ច្រើនប្រការផង ឈ្មោះថាស្វែងរកសេចក្ដីទុក្ខមកឲ្យខ្លួននិងអ្នកដទៃ នាំឲ្យមានសេចក្ដីវិនាសក្នុងលោកទាំងពីរ ។ ហេតុនេះ សាធុជនគួរតែគេចវៀះចៀសវាងឲ្យផុតអំពីការស្វែងរកប្រកបដោយធម៌ ហើយស្វែងរកដោយឧបាយប្រកបដោយធម៌វិញ ទើបជាហេតុនាំឲ្យត្រជាក់ចិត្តខ្លួននិងអ្នកដទៃ ទ្រព្យសម្បត្តិដែលរកបានមកដោយសុចរិត ជាសម្បត្តិនិត្យចម្រុងចម្រើនឡើងតាមលំដាប់ ។ កាលបើស្វែងរកទ្រព្យសម្បត្តិ បានមកដោយយុត្តិធម៌ត្រឹមត្រូវហើយ គួរស្គាល់ប្រមាណក្នុងការថែរក្សាទ្រព្យនោះថែមទៀតគឺត្រូវចេះរក្សាកុំឲ្យខូចអន្តរាយដោយភ័យផ្សេងៗ គឺរាជភ័យ ចោរភ័យ អគ្គិភ័យ ឧទកភ័យ និងអ្នករួមមរតកជាមួយគ្នា ដោយបានគិតប្រុងជានិច្ចថា « អាត្មាអញគិតធ្វើដូចម្ដេចហ្ន៎ ដើម្បីកុំឲ្យរាជការរឹបជាន់យកទ្រព្យសម្បត្តិ កុំឲ្យរាជការលក់ពិន័យទោសបាន កុំឲ្យចោរប្លន់កុំឲ្យមានអាសន្នដោយភ្លើងឆេះ កុំឲ្យទឹកលិច កុំឲ្យមនុស្សអ្នករួមមរតកជាមួយដែលមិនគាប់ចិត្តនឹងគ្នាដណ្ដើមយកទៅបាន » ។ ព្រោះថាទ្រព្យសម្បត្តិដែលរកបានមកហើយ បើបណ្ដែតបណ្ដោយធ្វេសប្រហែស នឹងវិនាសបាត់ទៅវិញ ដោយភ័យផ្សេង ៗ មានរាជភ័យជាដើមនោះនាំឲ្យបង់កម្លាំងខូចខាតពេលវេលាដែលខំរកខំធ្វើមក ចួនកាលនាំឲ្យបង់ខាតទ្រព្យធនជាទុនដើម ដោយតាមរករបស់ដែលបាត់ទៅនោះទ្វេភាគឡើងទៀតក៏សឹងមាន ។ ហេតុនេះ បុគ្គលជាម្ចាស់ទ្រព្យគួរតែប្រយត្នក្នុងការគ្រប់គ្រងរក្សាទ្រព្យសម្បត្តិឲ្យម៉ឺងម៉ាត់ ទើបចាត់ជាអ្នកស្គាល់ប្រមាណក្នុងការថែរក្សា ។ ដើម្បីនឹងថែរក្សាទ្រព្យសម្បត្តិឲ្យបានឋិតថេរចិរកាលទៅនោះ ត្រូវដឹងវិធីរក្សាដូចតទៅនេះ ៖

១ – ចេះស្វែងរករបស់ដែលបាត់

២ – ចេះជួសជុលរបស់ដែលចាស់គ្រាំគ្រា

៣ – ចេះប្រើប្រាស់ឲ្យល្មមដល់ប្រមាណ

៤ – មិនតាំងបុរសឬស្រ្ដីទ្រុស្តសីលជាធំ ។

មែនពិត ធម្មតាទ្រព្យសម្បត្តិដែលគង់នៅ ឬចម្រើនតទៅទៀតបាននោះ ក៏ពីព្រោះតែអ្នកម្ចាស់ទ្រព្យចេះថែរក្សា ចេះចាយចេះប្រើប្រាស់ ។

បុគ្គលដែលស្គាល់ប្រមាណក្នុងការប្រើប្រាស់ ចាយវាយទ្រព្យសម្បត្តិតាមកម្លាំងធនធានរបស់ខ្លួន ដឹងអស់ដឹងគង់ដឹងបង់ដឹងបាត់ មិនចាយខ្ជះខ្ជាយភោរភាវឥតសណ្ដាប់ធ្នាប់ មិនបណ្ដោយឲ្យសម្បត្តិទ្រព្យវិនាសអន្តរាយដោយល្បែងពាលា ល្បែងស្រី ល្បែងស្រា កញ្ឆា អាភៀន ឬញៀនញ៉ាមជាប់ចិត្តនឹងល្បែងភ្នាល់ផ្សេងៗ មានបៀ ប៉ោ ថួ អាប៉ោងជាដើម ទើបចាត់ជាអ្នកស្គាល់ប្រមាណក្នុងការប្រើប្រាស់ចាយវាយ ។ ម្យ៉ាងទៀត ត្រូវចេះទុកដាក់ទ្រព្យរបស់ឲ្យមានរបៀបរៀបរយល្អ កុំចោលរាត់រាយ ដូចអ្នកខ្លះមានផ្ទះធំទូលាយល្អពេក តែមិនចេះរៀបចំទុកដាក់ឲ្យល្អស្អាតបាត ចេះតែគ្រវាត់គ្រវែងរាយប៉ាយពេញតែផ្ទះសម្បែង ម្ល៉ោះហើយទៅជាចង្អៀតចង្អល់ស្អេកស្កះ មិនល្អមើលទៅវិញ ។ ត្រូវចេះថ្នមរបស់ឲ្យល្អ គឺត្រូវដឹងថា របស់នេះតូច  ធំ ក្រាស់ ស្ដើង ជាប់ ផុយ តិច ច្រើនជាដើម ហើយប្រើយ៉ាងណាឲ្យតែខាងបានល្អសមរម្យ មិនឆ្គងនឹងភ្នែកអ្នកផង ត្រូវចេះលៃលករកឧបាយជួសជុលកែកុនប៉ះប៉ុន ទ្រព្យរបស់ដែលបាក់បែកឬប្រឡាក់ប្រឡូស ចេះជួសជុលដុសខាត់សម្អាតឲ្យល្អជាប្រក្រតី យ៉ាងនេះទើបចាត់ថាជាអ្នកស្គាល់ប្រមាណក្នុងការប្រើប្រាស់ ។

ន័យមួយទៀត បុគ្គលអ្នកដឹងប្រមាណក្នុងទ្រព្យសម្បត្តិគឺដែលស្វែងរក ថែរក្សា ប្រើប្រាស់ទ្រព្យសម្បត្តិឲ្យត្រឹមត្រូវតាមធម៌ដូចពណ៌នាមកនេះ ឈ្មោះថាជាអ្នកញ៉ាំងប្រយោជន៍ឲ្យសម្រេចបានគ្រប់កាល ឈ្មោះថាជាអ្នកមានសេចក្ដីសុខច្រើនប្រការណាស់ ព្រោះទ្រព្យសម្បត្តិនោះអាចញ៉ាំងបុគ្គលជាម្ចាស់ទ្រព្យឲ្យសម្រេចប្រយោជន៍ដូចតទៅនេះ

១ – អ្នកមានទ្រព្យសម្បត្តិ តែងចិញ្ចឹមខ្លួននិងក្រុមគ្រួសារគឺមាតាបិតា បុត្រធីតា ទាសកម្មករ ឲ្យជាសុខទៅបាន ។

២ – អ្នកមានទ្រព្យសម្បត្តិ អាចចងមិត្រមេត្រីនឹងអ្នកក្បែរខាងបានតាមត្រូវការ ។

៣ – អ្នកមានទ្រព្យសម្បត្តិ អាចបំបាត់ភ័យអន្តរាយឧបទ្រព្យចង្រៃដែលកើតអំពីហេតុផ្សេងៗបាន ។

៤ – អ្នកមានទ្រព្យសម្បត្តិ អាចធ្វើនូវពលិកម្ម ៥ ប្រការ គឺ ៖

            ក- ញាតិពលិ ការសង្រ្គោះញាតិ

            ខ- អតិថិពលិ ការទទួលភ្ញៀវ

            គ- បុព្វបេតពលិ ការធ្វើបុណ្យឧទ្ទិសផលជូនដល់បុព្វបុរសដែលចែកឋានបាត់ទៅហើយ

            ឃ- រាជពលិ ការបង់ពន្ធដារសួយសារអាករជាប្រយោជន៍ផែនដី

            ង- ទេវពលិ ការធ្វើបុណ្យឧទ្ទិសផលថ្វាយទេវតា ។

៥ – អ្នកមានទ្រព្យសម្បត្តិ អាចបរិច្ចាគទ្រព្យរបស់ខ្លួន ឲ្យជាទានដល់សមណព្រាហ្មណ៍អ្នកប្រព្រឹត្តត្រឹមត្រូវបានតាមប្រាថ្នា ឬក៏អាចកសាងសាលាទានជាសាធារណៈឬកុដិ វិហារ សាលា ជាសង្ឃទានប្រគេនសង្ឃ អ្នកប្រកបកិច្ចក្នុងព្រះពុទ្ធសាសនា ឬសាងសាលារៀន មន្ទីរពេទ្យ ទំនុកបម្រុងការរៀនសូត្រ ទំនុកបម្រុងខាងការព្យាបាលរោគបានដោយសេរីនិងសេចក្ដីត្រូវការ ។

 រួមការដឹងប្រមាណដូចបានអធិប្បាយមកនេះ ឈ្មោះថាការដឹងប្រមាណក្នុងទ្រព្យសម្បត្តិ ។

ការដឹងប្រមាណក្នុងករណីយកិច្ច

កិច្ចការដែលយើងត្រូវធ្វើ ហៅថា ករណីយកិច្ច ធម្មតាកិច្ចការក្នុងលោកទាំងអស់ សុទ្ធសឹងតែមានសភាពប្លែកៗពីគ្នា គឺកិច្ចការខ្លះក្រលំបាកធ្វើ កិច្ចការខ្លះងាយស្រួល ស្រណុកធ្វើ កិច្ចការខ្លះច្រើន ខ្លះតិច ខ្លះធ្វើយូរ ខ្លះធ្វើឆាប់ តែបើរួមឲ្យខ្លីមកមានតែត្រឹម ២ យ៉ាងគឺកិច្ចការដែលត្រូវធ្វើដោយប្រាជ្ញា ១ កិច្ចការដែលត្រូវធ្វើដោយកម្លាំង ១ ។ ការសិក្សារៀនសូត្រនូវចំណេះវិជ្ជា អក្សរសាស្ត្រ ចតុព្វិធលេខ បរមត្ថវិជ្ជា ធម៌វិន័យត្រៃសិក្ខាជាដើម ហៅថាកិច្ចការដែលត្រូវធ្វើដោយប្រាជ្ញា ព្រោះជាកិច្ចដែលយើងត្រូវប្រើគំនិតរិះពិចារណា ឲ្យយល់ចូលចិត្តពិតប្រាកដទើបធ្វើទៅបាន ។ កិច្ចការហត្ថកម្មសម្រាប់អ្នកស្រែចម្ការជាងឈើ ជាងកំបោរ ឬការដែលត្រូវលើកលីពុនជញ្ជូនរែកសែងជាដើមឈ្មោះថាកិច្ចការត្រូវធ្វើដោយកម្លាំង ។

ការដឹងប្រមាណ គឺស្គាល់ថា កិច្ចការនេះត្រូវធ្វើយ៉ាងនោះ កិច្ចការនោះ ត្រូវធ្វើយ៉ាងនេះ កិច្ចនេះគួរធ្វើ កិច្ចនោះមិនគួរធ្វើ អំពើនេះធ្វើទៅនាំឲ្យចម្រើន អំពើនោះធ្វើទៅនាំឲ្យវិនាសហិនហោចប្រយោជន៍ខ្លួននិងអ្នកដទៃ យ៉ាងនេះជាដើម ហៅថាស្គាល់ប្រមាណក្នុងកិច្ចការ ។ មែនពិត កិច្ចការណាក៏ដោយ ដែលជាកិច្ចត្រូវធ្វើនោះ បុគ្គលត្រូវតែពិចារណាឲ្យជាក់ច្បាស់ចូលចិត្តស៊ប់សិន សឹមធ្វើទើបប្រសើរ ព្រោះថាកិច្ចការដែលបុគ្គលធ្វើជ្រុលជ្រួសហួសទៅហើយ ហើយកាយ វាចា ចិត្ត រមែងដិតជាប់នៅប្រាកដ មិនងាយនឹងកែប្រែបានឡើយ ប្រៀបដូចជាឆ្នាំងដីដែលបែកហើយមិនដែលផ្សារភ្ជាប់វិញបានទេ បើទុកជាផ្សារបាន ក៏មិនជាប់មាំល្អដូចដើមវិញ ។ កិច្ចការណាដែលបុគ្គលធ្វើទៅហើយ ក្ដៅក្រហាយតាមក្រោយ នាំឲ្យខូចខាតប្រយោជន៍ខ្លួននិងអ្នកឯទៀត នាំឲ្យចង្អៀតចង្អល់ដល់ចិត្តគំនិតអធ្យាស្រ័យអ្នកដទៃ បុគ្គលមិនគប្បីធ្វើកិច្ចការនោះឡើយ សមដូចជាពុទ្ធភាសិតថា អកតំ ទុក្កដំ សេយ្យោ « អំពើអាក្រក់ បុគ្គលកុំធ្វើ ល្អជាង » ។ បុគ្គលអ្នកធ្វើអំពើអាក្រក់មិនងាយបានសេចក្ដីសុខកាយសប្បាយចិត្តទេ ។ បុគ្គលអ្នកស្គាល់ប្រមាណក្នុងកិច្ចការ ដែលខ្លួនត្រូវធ្វើដូចពណ៌នាមកនេះហៅថា ដឹងប្រមាណក្នុងករណីយកិច្ច ។

ការដឹងប្រមាណក្នុងការថែរក្សាខ្លួន

ខ្លួនជាទីស្រឡាញ់ពេញចិត្តរបស់ជនគ្រប់គ្នាទាំងអស់ បានជាជនទាំងនោះខំថ្នាក់ថ្នមថែទាំរក្សាខ្លួន ឲ្យបានសេចក្ដីសុខដោយឧបាយផ្សេងៗគ្នា អ្នកខ្លះក៏ចេះថែរក្សាខ្លួនឲ្យបានសុខភាពគ្រាន់បើ អ្នកខ្លះក៏ត្រឡប់ជាផ្ទុយនឹងបំណងដើមទៅវិញ ។ ព្រះពុទ្ធជាបរមគ្រូទ្រង់ត្រាស់ប្រដៅឲ្យថែរក្សាខ្លួនដោយវិធីសម្អាតភូមិភាគ គេហដ្ឋាន សម្អាតគ្រឿងប្រើប្រាស់ សម្អាតគ្រឿងស្លៀកពាក់ សម្អាតគ្រឿងផឹកនិងភោជន៍ភស្ដុចំណីអាហារ សម្អាតសរីរាវយវៈរាងកាយឲ្យស្អាតល្អ ព្រោះថាកាលបើទីលំនៅជាដើមមិនស្អាតល្អហើយ ជាហេតុនាំឲ្យរូបរាងកាយរបស់យើងដែលអាស្រ័យនូវគ្រឿងមិនស្អាតមានរោគផ្សេងៗ កាលបើរូបរាងកាយមានរោគហើយ ចិត្តដែលអាស្រ័យនៅក្នុងរូបកាយ ធ្វើម្ដេចនឹងប្រព្រឹត្តទៅដោយស្រួលបាន ? កាលបើចិត្តមិនស្រួលហើយ គំនិតប្រាជ្ញាធ្វើម្ដេចនឹងដុះដាលចម្រើនឡើងបាន ? កាលបើគំនិតប្រាជ្ញាមិនចម្រើនលូតលាស់ភ្លឺស្វាងហើយ ប្រយោជន៍ដែលយើងត្រូវការចង់បានក្នុងបច្ចុប្បន្ននេះ និងលោកខាងមុខ ធ្វើម្ដេចនឹងសម្រេចតាមប្រាថ្នាទៅបាន ? ហេតុនេះគួរយល់ថា បណ្ដារោគទាំងអស់សុទ្ធតែជាសត្រូវជាបច្ចាមិត្រជាអ្នកបំផ្លាញនូវប្រយោជន៍នៃអស់យើងរាល់គ្នា ព្រោះសេចក្ដីពិតថា អ្នកណាមួយ ទោះជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភក្ដី ជាអ្នកប្រាជ្ញក្ដី ជានាម៉ឺនឬរាស្រ្តប្រជាក្ដី កាលបើត្រូវរោគចូលមកលុកលុយជិះជាន់ក្នុងរូបកាយហើយក៏ត្រឡប់ជាមានអានុភាពតិច ប្រើការមិនកើតទាំងអស់ ព្រោះចាញ់អំណាចរោគ ។ ហេតុដូច្នេះ គួរយើងខំឧស្សាហ៍សម្អាតទីលំនៅជាដើម ដើម្បីរារាំងបិទផ្លូវកុំឲ្យរោគកើតឡើងបាន ។ ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សរសើរណាស់ នូវបុគ្គលដែលចេះរក្សារាងកាយ ថានាំឲ្យបានសេចក្ដីសុខសប្បាយ មានអាយុយឺនយូរ ទ្រង់ត្រាស់សម្ដែងថា សណិកំ ជីរតិ អាយុំ បាល្យំ » អាយុដែលបុគ្គលរក្សា រមែងចាស់គាំគ្រា ទៅសន្សឹម ៗ បន្តិចម្ដង ៗ » ។

រួមសេចក្ដីដែលអធិប្បាយមកនេះហៅថា ដឹងប្រមាណក្នុងការថែរក្សាខ្លួន ។

ការដឹងប្រមាណក្នុងបុគ្គល

ការដឹងប្រមាណក្នុងបុគ្គល សំដៅយកការចេះលៃលកតម្រូវអធ្យាស្រ័យនៃគ្នានឹងគ្នា ដែលបុគ្គលក្នុងសង្គមជាមួយ​ដើម្បីនឹងរក្សាសេចក្ដីសុខឲ្យកើតមានសព្វខ្លួន ព្រោះមនុស្សយើងដែលកើតឡើងក្នុងលោក មានសន្ដានមិនដូចគ្នាទាំងអស់ទេ មានមុខក្រសួងបុណ្យសក្ដិខ្ពស់ទាប មានទ្រព្យសម្បត្តិតិចច្រើន មានការកាន់ទំនៀមទម្លាប់ផ្សេងៗដោយឡែកៗពីគ្នា ទើបព្រះសាស្ដាទ្រង់ត្រាស់ប្រដៅដឹងប្រមាណក្នុងបុគ្គល ដូចសេចក្ដីពន្យល់តទៅនេះ ៖

១ – ត្រូវឲ្យមានសេចក្ដីស្មោះត្រង់រកគ្នា ចេះសង្រ្គោះគ្នាទៅវិញទៅមកតាមថ្នាក់តាមជាន់ គឺមាតាបិតានិងបុត្រធីតា គ្រូអាចារ្យនិងសិស្ស ស្វាមីនិងភរិយា មិត្រសម្លាញ់នងមិត្រសម្លាញ់ផងគ្នា ចៅហ្វាយនាយនិងជនអ្នកនៅក្រោមបង្គាប់ បព្វជិតនិងគ្រហស្ថ ត្រូវសម្ដែងសេចក្ដីស្មោះត្រង់ទៅវិញទៅមក កុំកាន់កិរិយាខ្មាំងសត្រូវរកគ្នា ។

២ – ត្រូវចេះទប់ចិត្ត ទប់សម្ដី ចេះបន្ទន់កាយឱនលំទោនរកគ្នាចេះទូន្មានខ្លួននូវវេលាដែលឧបសគ្គណាមួយចូលមកញាំញី មិនឲ្យកើតសេចក្ដីក្រោធខឹង នាំឲ្យឈ្លោះទាស់ទែងខ្វែងគំនិតគ្នា ។

៣ – បើមានសេចក្ដីក្រោធកើតឡើង ត្រូវចេះបន្រ្ទោមបន្ថយកំហឹងនោះឲ្យរលស់ស្រកស្រុតទៅវិញ ត្រូវចេះលៃលករកឧបាយដើម្បីរម្លត់កំហឹង គួរកុំព្យាបាទ ចងអាឃាតគំនុំគុំគួនគ្នា ព្រោះនឹងនាំឲ្យមានពៀរនឹងគ្នាតទៅថ្ងៃមុខ ។

៤ – ត្រូវចេះរំលែកចែកចាយ ចំណាយធនធានទិញអាហារចំណីគ្រឿងបរិភោគ ឧបភោគ ឲ្យដល់គ្នីគ្នា ។

ការដឹងប្រមាណដូចបានពោលមកនេះ ហៅថា ដឹងប្រមាណក្នុងបុគ្គល ។

ការដឹងប្រមាណក្នុងធម៌

ការចេះលែលកទន្ទេញស្វាធ្យាយ សង្កេតពិនិត្យពិនិស្ច័យនូវសេចក្ដីធម៌អាថ៌ណាមួយ ឲ្យយល់ចូលចិត្តជាក់ច្បាស់ ចេះចាំប្រាកដស្ទាត់ជំនាញឬក៏សេចក្ដីឈ្លាសវៃក្នុងការបង្ហាត់បង្រៀនប្រដៅណែនាំពន្យល់ធម៌តាមកាលគួរ តាមដំណើរបរិស័ទតិចច្រើន ព្រមទាំងការយល់ទំនងកម្រងធម៌ថា ធម៌នេះត្រូវលះបង់ ធម៌នេះត្រូវចម្រើន ឬយល់ទំនងនៃសេចក្ដីប្រតិបត្តិ ដូចដឹងថា ទានត្រូវបរិច្ចាគយ៉ាងនេះទើបមានផលច្រើន សីលត្រូវរក្សាយ៉ាងដូច្នេះ ទើបបរិសុទ្ធ ភាវនាត្រូវចម្រើនតាមរបៀបនេះទើបសម្រេចគុណវិសេស ដូច្នេះជាដើម ហៅថាស្គាល់ប្រមាណក្នុងធម៌ ។ បុគ្គលអ្នកស្គាល់ប្រមាណក្នុងធម៌ហើយប្រតិបត្តិតាមធម៌ រមែងបានទទួលកម្រៃផលពីព្រះធម៌វិញ ដូចពុទ្ធភាសិតថា ធម្មោ ហវេ រក្ខតិ ធម្មចារឹ ឆត្តំ មហន្តំ វិយ វស្សកាលេ « ធម៌តែងអភិបាលរក្សាបុគ្គលអ្នកប្រព្រឹត្តប្រតិបត្តិតាមធម៌ ដូចឆត្រធំសម្រាប់បាំងការពារមិនឲ្យភ្លៀងទទឹក » ។ ន ទុគ្គតឹ គច្ឆតិ ធម្មចារី « បុគ្គលអ្នកប្រព្រឹត្តធម៌ រមែងមិនទៅកាន់ទុគ្គតិ » ។ ធម្មចារី សុខំ សេតិ អស្មឹ លោកេ បរម្ហិ ច « បុគ្គលអ្នកប្រព្រឹត្តធម៌ រមែងសម្រេចឥរិយាបថទាំង ៤ គឺដេក ដើរ ឈរ អង្គុយ ជាសុខក្នុងលោកនេះនិងលោកខាងមុខ » ។

រួបរួមការដឹងប្រមាណទាំង ៥ ប្រការ ដូចបានពណ៌នាមកនេះ ហៅថា មត្តញ្ញុតា « ភាពនៃបុគ្គលអ្នកស្គាល់ប្រមាណ » ។ បុគ្គលអ្នកដឹងប្រមាណ ដូចបានពណ៌នាមកដោយសង្ខេបៗនេះ រមែងញ៉ាំងប្រយោជន៍គ្រប់យ៉ាង ឲ្យបានសម្រេចគ្រប់កាល ដូចពុទ្ធភាសិតដែលបានពោលខាងដើមហើយ ថា មត្តញ្ញុតា សទា សាធុ  ។

អាត្មាភាពសម្ដែងធម៌ទេសនាមកនេះ សមគួរដល់កាលវេលាតែប៉ុណ្ណេះ ។ សូមឲ្យពុទ្ធបរិស័ទសប្បុរសទាំងឡាយបានសម្រេចឥដ្ឋមនុញ្ញផលវិបុលសុខគ្រប់ប្រការ ! ។

ធម្មទេសនានុភាវេន សុខិតា ហោន្តុ បាណិនោ

ទ្វីសុ អត្ថេសុ តិដ្ឋន្តុ សហ សព្វេហិ ញាតិភិ

ដោយអានុភាពនៃព្រះធម៌ទេសនានេះ សូមឲ្យសត្វទាំងឡាយបានសេចក្ដីសុខគ្រប់ប្រការ ! សូមឲ្យតាំងនៅក្នុងប្រយោជន៍ទាំងពីរប្រការ គឺប្រយោជន៍ក្នុងលោកនេះ និងបរលោក ព្រមទាំងញាតិទាំងឡាយគ្រប់គ្នា !

រតនត្តយតេជេន សកលលោកវាសិនោ

វុឌ្ឍឹ វិរុឡ្ហំ បប្បោន្តុ សន្តិភាវញ្ច នាញ្ញថា

ដោយតេជានុភាពនៃព្រះរតនត្រៃ គឺព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃសូមឲ្យប្រជាជនទាំងឡាយដែលអាស្រ័យនៅក្នុងសកលលោក បានដល់នូវការលូតលាស់ដុះចម្រើននិងសន្តិភាព កុំបីឃ្លាតក្លាយជាបការៈដទៃឡើយ ! ។

ធម៌នៃអ្នកម្ចាស់ផ្ទះដែលត្រូវប្រតិបត្តិទៅរកភ្ញៀវ

ចូរមក ! មកណេះ ! អញ្ជើញអង្គុយលើអាសនៈ ! ហេតុអ្វីក៏ខានអញ្ជើញមកលេងយូរម្ល៉េះ ?    អ្នកសុខសប្បាយ ជានាទេឬ ? ហ្អឺអ្នកទុព៌លណាស់តើ !  សូមជូនពរអ្នកឲ្យ សុខសប្បាយ ! ខ្ញុំមានសេចក្ដីរីករាយសប្បាយណាស់ បានឃើញអ្នកមកលេង ! ។

នេះជាសិរីនៃលោកសប្បុរសទាំងឡាយ ដែលលោកបានឃើញនរជនណាមួយមកដល់ផ្ទះ បើទុកជាជននោះជាជនថោកទាបក៏ដោយ លោកតែងតែនិយាយដូច្នេះដរាប ។    នេះជាធម៌នៃម្ចាស់ផ្ទះទាំងឡាយធម៌ងាយសោះ ហើយអាចប្រគល់ស្ថានសួគ៌ឲ្យទៀតផង ។

បញ្ចតន្រ្តៈ
ព្រះមហា ជា ឆាយ វត្តឧណ្ណាលោម
រៀបរៀង

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៥៤

ខ្ញុំ​ព្រះករុណា​ខ្ញុំបាទ ​រីករាយ​នឹង​ដកស្រង់​អត្ថបទ​នានា​ដែល​មានប្រយោជន៍ ជាពិសេស​ចំណេះដឹង​ផ្នែក​ព្រះពុទ្ធ​សាសនា កែសម្រួល​អក្ខរា​វិរុទ្ធ រួច​យក​មក​ចុះផ្សាយ​ប្រគេន​និង​ចែក​ជូន​ជា​ធម្មទាន ។ ស្វាគមន៍​ចំពោះ​​មតិយោបល់​កែ​លម្អ​ក្នុង​ន័យ​ស្ថាបនា  សូម​អរព្រះគុណ​និង​អរគុណ !​

បញ្ចេញយោបល់ ៖