រឿង​ព្រះ​អង្គុលិមាលត្ថេរ

ក្នុងសុត្តន្តបិដក មជ្ឈិមនិកាយ មជ្ឈិមបណ្ណាសកៈ

សម័យនោះឯង ក្នុងដែនព្រះបាទបសេនទិកោសល មានចោរម្នាក់ឈ្មោះអង្គុលិមាល ជាមនុស្សកាច មានដៃប្រឡាក់ឈាម សិ្នទ្ធក្នុងការបៀតបៀននិងការសម្លាប់ ឥតមានសេចក្ដីអាណិតអាសូរពួកសត្វមានជីវិតឡើយ ។ ចោរនោះតែងធ្វើស្រុកនិគមជនបទឲ្យទៅជាមិនមែនស្រុកនិគមជនបទ តែងសម្លាប់យកពួកមនុស្សហើយកាត់យកម្រាមដៃមកធ្វើជាកម្រងពាក់ ។ គ្រានោះ ព្រះដ៏មានព្រះភាគស្ដេចចូលទៅទ្រង់បិណ្ឌបាតក្នុងក្រុងសាវត្ថីក្នុងវេលាព្រឹក លុះថ្ងៃរសៀល ព្រះអង្គស្ដេចទៅកាន់ផ្លូវឆ្ងាយសំដៅទៅត្រង់ទីដែលអង្គុលិមាលចោរនៅ (តែមួយព្រះអង្គឯង) ។ ពួកអ្នកឃ្វាលគោ អ្នកឃ្វាលបសុសត្វ អ្នកភ្ជួររាស់ និងអ្នកដើរផ្លូវ បានឃើញព្រះដ៏មានបុណ្យកំពុងស្ដេចទៅកាន់ផ្លូវឆ្ងាយសំដៅទៅត្រង់ទីដែលអង្គុលិមាលចោរនៅ ក៏ក្រាបទូលថា បពិត្រព្រះសមណៈសូមព្រះអង្គកុំនិមន្តទៅតាមផ្លូវនោះឡើយ ដ្បិតផ្លូវនុ៎ះមានចោរឈ្មោះ អង្គុលិមាល ជាមនុស្សកាច តែងសម្លាប់ពួកមនុស្ស ហើយកាត់យកម្រាមដៃមកធ្វើជាកម្រងពាក់ ។ កាលបើពួកមនុស្សក្រាបទូលយ៉ាងនេះពីរបីដង ព្រះដ៏មានបុណ្យក៏ទ្រង់ស្ងៀម ទ្រង់ចេះតែស្ដេចទៅ ។

ឯអង្គុលិមាលចោរ បានឃើញព្រះដ៏មានបុណ្យកំពុងតែស្ដេចមកអំពីចម្ងាយ ក៏ត្រិះរិះថា យីអើ អស្ចារ្យ​ណាស់ អើហ្ន៎ ចម្លែកណាស់ព្រោះបុរស ១០នាក់ក្តី ២០នាក់ក្ដី ៣០នាក់ក្ដី ៤០នាក់ក្ដី នាំគ្នាដើរជាពួកៗ មកតាមផ្លូវនេះ ក៏បុរសនោះឯង ដល់នូវសេចក្ដីវិនាសក្នុងកណ្ដាប់ដៃរបស់អញ (ទាំងអស់) ចុះសមណៈនេះ តែម្នាក់ឯង ឥតមានគ្នីគ្នាសោះ ម៉េចក៏ហ៊ានដើរមក ហាក់ដូចជាមិនកោតញញើតឡើយ បើដូច្នោះ អញនឹងសម្លាប់សមណៈនេះ ឲ្យក្ស័យជីវិត ។ គ្រានោះអង្គុលិមាលចោរក៏ចាប់ដាវនិងខែល សៀតធ្នូនិងបំពង់ព្រួញដេញព្រះដ៏មានព្រះភាគជាប់តាមពីក្រោយ ។ ព្រះដ៏មានបុណ្យ ទ្រង់សម្ដែងឫទ្ធិធ្វើឲ្យអង្គុលិមាលចោរដែលរត់ពេញហ្នឹងហើយ មិនឲ្យរត់តាមទាន់ព្រះអង្គដែលស្ដេចតាមដំណើរប្រក្រតីបាន ។ អង្គុលិមាលចោរគិតថា យីអើ អស្ចារ្យណាស់ យីអើ ចម្លែកណាស់ ព្រោះកាលពីមុនៗមក អញស្ទុះដេញចាប់ដំរីកំពុងបោលក៏បាន ស្ទុះដេញចាប់សេះកំពុងផាយក៏បាន ស្ទុះដេញចាប់រថកំពុងលឿនក៏បាន ស្ទុះដេញម្រឹគកំពុងបោលក៏បាន ចម្លែកតែម្ដងនេះ ហេតុអ្វីបានជាអញរត់ពេញទំហឹងហើយក៏នៅតែមិនទាន់សមណៈនេះ ដែលដើរតាមដំណើរប្រក្រតីដូច្នេះ ។ អង្គុលិមាលចោរឈប់ឈរស្ងៀម ស្រែកឃាត់ព្រះដ៏មានបុណ្យថា ឈប់សិន​សមណៈ ឈប់សិនសមណៈ ។ ព្រះដ៏មានបុណ្យត្រាស់តបថា នែអង្គុលិមាល តថាគតឈប់ហើយ អ្នកឯងចូរឈប់ដែរទៅ ។

គ្រានោះ  អង្គុលិមាលចោរគិតថា ពួកសមណៈជាសក្យបុត្រធ្លាប់និយាយតែពាក្យពិត ប្ដេជ្ញាតែពាក្យពិត ចម្លែកតែសមណៈនេះ កំពុងដើរទេ ម្ដេចឡើយក៏និយាយថា នែអង្គុលិមាល តថាគតឈប់ហើយ អ្នកចូរឈប់ដែរទៅ បើដូច្នោះ អញត្រូវសួរសមណៈនេះមើល ។ លំដាប់នោះ អង្គុលិមាលចោរក៏ពោលនឹងព្រះដ៏មានព្រះភាគថា ៖

នែសមណៈ លោកកំពុងដើរសោះទេ ត្រឡប់និយាយថាតថាគតឈប់ហើយ ថែមទាំងថាឲ្យអញដែលឈប់ហើយថា អ្នកឯងទេមិនទាន់ឈប់ ដូច្នេះវិញ នែសមណៈ អញសូមសួរដំណើរនុ៎ះនឹងលោក លោកដែលឈប់ហើយ តើដូចម្ដេច អញដែលមិនទាន់ឈប់ តើដូចម្ដេច ។  ព្រះអង្គតបថា នែអង្គុលិមាល តថាគតបានឈប់ហើយ (នោះ) ព្រោះដាក់ចុះនូវគ្រឿងវាយដំចំពោះពួកសត្វទាំងអស់សព្វៗកាល ឯអ្នកឯងជាអ្នកមិនសង្រួមក្នុងពួកសត្វ ព្រោះហេតុនោះ អ្នកឯងឈ្មោះថាជាអ្នកមិនឈប់ ។ អង្គុលិមាលចោរតបថា “នែសមណៈលោកស្វែងរកនូវគុណដ៏ធំ ជាអ្នកដែលទេវតានិងមនុស្សតែងបូជា លោកមកកាន់មហាជន (ដើម្បីសង្គ្រោះ) ដល់ខ្ញុំអស់កាលយូរហើយ ខ្លួនខ្ញុំនឹងប្រព្រឹត្តតាមនឹងលះបង់នូវបាបចោលចេញ ព្រោះបានស្ដាប់នូវគាថារបស់ព្រះអង្គដែលប្រកបដោយធម៌” ថាដូច្នេះហើយ ក៏គ្រវែងដាវនិងអាវុធចោលទៅក្នុងត្រពាំង ក្នុងជ្រោះ ក្នុងរណ្ដៅ ហើយថ្វាយបង្គំព្រះបាទានៃព្រះសុគត ហើយសូមផ្នួសនឹងព្រះអង្គក្នុងទីនោះឯង ។ ចំណែកព្រះសម្ពុទ្ធ បានត្រាស់ហៅអង្គុលិមាលចោរនោះថា អ្នកចូរមកជាភិក្ខុចុះដូច្នេះ ។ ក្នុងគ្រានោះ ភិក្ខុភាវៈ ក៏កើតមានដល់អង្គុលិមាលចោរនោះ ។ ព្រះភគវន្តមុនីទ្រង់យកអង្គុលិមាលភិក្ខុជាបច្ឆាសមណៈ ស្ដេចធ្វើពុទ្ធដំណើរសំដៅទៅក្រុងសាវត្ថី ព្រះអង្គទៅគង់នៅជេតវនារាមរបស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ គាប់ចួនសម័យនោះ ពួកមហាជនកំពុងតែប្រជុំគ្នាទៀបទ្វារ ខាងក្នុងបុរីរបស់ព្រះបាទបសេនទិកោសល ស្រែកហ៊ោគឹកកងថា បពិត្រព្រះសម្មតិទេព ក្នុងដែនរបស់ព្រះអង្គមានចោរម្នាក់ ឈ្មោះអង្គុលិមាល ជាមនុស្សកាច តែងសម្លាប់ពួកមនុស្ស ហើយកាត់យកម្រាមដៃមកធ្វើជាកម្រងពាក់ សូមព្រះសម្មតិទេពកម្ចាត់អង្គុលិមាលចោរនោះចេញ ។ លំដាប់នោះ ព្រះបាទបសេនទិកោសលស្ដេចចេញអំពីក្រុងសាវត្ថី ដោយអស្សយាន ចំនួន ៥០០ ស្ដេចចូលទៅកាន់អារាមទាំងថ្ងៃ បរយានទៅទល់ត្រឹមទីដែលឈប់យានហើយក៏ស្ដេចចុះអំពីយាន ស្ដេចទៅតែព្រះបាទទទេ ចូលសំដៅទៅរកព្រះដ៏មានបុណ្យ ដល់ហើយក្រាបថ្វាយបង្គំគង់ក្នុងទីដ៏សមគួរ ។ ព្រះដ៏មានបុណ្យទ្រង់ត្រាស់សួរថា បពិត្រមហារាជ ទំនងជាមហាបពិត្រខ្ញាល់នឹងព្រះបាទមគធសេនិយពិម្ពិសារ ឬខ្ញាល់នឹងស្ដេចលិច្ឆវី អ្នកក្រុងវេសាលី ឬក៏ខ្ញាល់នឹងពួកស្ដេច ដែលជាបច្ចាមិត្រឯទៀតឬអ្វី ។ ព្រះបាទបសេនទិកោសលក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមិនខឹងនឹងស្ដេចឯណាទេ ក្នុងដែនរបស់ខ្ញុំព្រះអង្គ មានចោរម្នាក់ឈ្មោះអង្គុលិមាល ជាមនុស្សកាចណាស់ ។ល។ ខ្ញុំព្រះអង្គនឹងកម្ចាត់អង្គុលិមាលចោរនោះចេញ ។ ព្រះដ៏មានបុណ្យត្រាស់ថា បពិត្រមហារាជចុះបើមហាបពិត្រត្រឡប់ជាឃើញ អង្គុលិមាលកោរសក់ពុកមាត់និងពុកចង្កា ស្លៀកដណ្ដប់សំពត់កាសាវពស្ត្រ ចេញចាកផ្ទះទៅកាន់ផ្នួសវិញ តើមហាបពិត្រត្រូវអង្គុលិមាលនោះដូចម្ដេចទៅ ។ ព្រះបាទបាទបសេនទិកោសលក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គគប្បីថ្វាយបង្គំឬក្រោកទៅទទួល និមន្តដោយអាសនៈឬទំនុកបម្រុងនូវអង្គុលិមាលនោះដោយចីវរបិណ្ឌបាតសេនាសនៈ ថ្នាំរក្សារោគ និងបរិក្ខារទាំងឡាយ ឬនឹងចាត់ចែងនូវការរក្សាសេចក្ដីការពារ និងការគ្រប់គ្រងប្រកបដោយធម៌ដល់អង្គុលិមាលនោះ ។

ចួនជាវេលានោះឯង អង្គុលិមាលភិក្ខុ កំពុងអង្គុយជិតព្រះដ៏មានបុណ្យ ៗ លើកព្រះហស្តខាងស្ដាំចង្អុលបង្ហាញព្រះបាទបសេនទិកោសលថា បពិត្រមហារាជ នុ៎ះហ្ន៎អង្គុលិមាល ។ លំដាប់នោះព្រះបាទបសេនទិកោសលក៏មានសេចក្ដីភ័យភិត តក់ស្លុត ព្រឺរោម ព្រឺស្បែកឡើងមួយរំពេច ។ ព្រះដ៏មានបុណ្យជ្រាបច្បាស់ថា ព្រះបាទបសេនទិកោសលទ្រង់ភ័យញ័រចំប្រប់ព្រឺរោមដូច្នោះហើយ ក៏ត្រាស់ថា បពិត្រមហារាជសូមមហាបពិត្រកុំភ័យឡើយ ភ័យអំពីសម្នាក់អង្គុលិមាលនេះ មិនមានដល់មហាបពិត្រទេ ។ លំដាប់នោះ ព្រះបាទបសេនទិកោសលបាត់ភ័យតក់ស្លុត ក៏ចូលទៅជិតអង្គុលិមាលភិក្ខុ ហើយមានព្រះឱង្ការសួរថាបពិត្រលោកដ៏ចម្រើន លោកម្ចាស់ឈ្មោះអង្គុលិមាលឬ ។ អង្គុលិមាលភិក្ខុថា ថ្វាយព្រះពរមហារាជ ។ ចុះបិតាមាតាលោកម្ចាស់គោត្រអ្វី ។ បិតាអាត្មាភាពជាគគ្គគោត្រ មាតាអាត្មាភាពជាមន្តានីគោត្រ ។ បពិត្រលោកម្ចាស់ដ៏ចម្រើន សូមលោកម្ចាស់គគ្គគោត្រ មន្តានីបុត្រអភិរម្យចុះ ខ្ញុំព្រះករុណានឹងទំនុកបម្រុងដោយចីវរ បិណ្ឌបាត សេនាសនៈ ថ្នាំរក្សារោគ និងបរិក្ខារទាំងឡាយ ដល់លោកម្ចាស់គគ្គគោត្រមន្តានីបុត្រ ។ សម័យនោះ អង្គុលិមាលភិក្ខុ ប្រព្រឹត្តនៅតែក្នុងព្រៃប្រព្រឹត្តតែបិណ្ឌបាត ប្រើប្រាស់តែសំពត់បង្សុកូល ប្រើប្រាស់តែចីវរ ៣ ។ បានជាកាលនោះ អង្គុលិមាលភិក្ខុថ្វាយព្រះពរថាពុំបាច់ទេមហារាជ អាត្មាភាពមានត្រៃចីវរគ្រប់គ្រាន់ហើយ ។

លំដាប់នោះ ព្រះបាទបសេនទិកោសលក្រាបទូលព្រះដ៏មានបុណ្យថា បពិត្រព្រះអង្កដ៏ចម្រើន អស្ចារ្យ​ណាស់ ចម្លែកណាស់ ព្រោះថាព្រះអង្គអាចទូន្មានបុរសដែលគេទូន្មានមិនបាន អាចរម្ងាប់បុរសដែលគេរម្ងាប់មិនបាន អាចរម្លត់ពុតត្បុតនៃបុរសដែលគេរម្លត់មិនបាន បពិត្រព្រះអង្គដ៏ចម្រើន ដ្បិតខ្ញុំព្រះអង្គមិនអាចនឹងទូន្មាននូវបុរសឯណា ដោយអាជ្ញាក្ដី ដោយគ្រឿងសស្ត្រាវុធក្ដី ព្រះដ៏មានព្រះភាគអាចទូន្មានបុរសនោះបានដោយមិនបាច់មានអាជ្ញា ដោយមិនបាច់មានគ្រឿងសស្ត្រាវុធក៏ឥឡូវនេះ ខ្ញុំព្រះអង្គសូមថ្វាយបង្គំលាទៅវិញ ព្រោះខ្ញុំព្រះអង្គមានកិច្ចការច្រើន មានការរវល់ច្រើន ។

លំដាប់នោះ អង្គុលិមាលភិក្ខុចូលទៅបិណ្ឌបាតក្នុងក្រុងសាវត្ថី នៅវេលាបុព្វណ្ហសម័យ ទៅតាមលំដាប់ច្រក បានចួបនឹងស្ត្រីម្នាក់ឈឺពោះសម្រាលកូន លុះលោកឃើញហើយក៏គិតថា អើហ្ន៎ ពួកសត្វលំបាកណាស់ ។ ដល់ពេលរសៀល អង្គុលិមាលភិក្ខុចូលទៅគាល់ព្រះដ៏មានព្រះភាគក្រាបទូលពីដំណើរស្ត្រីឈឺពោះសម្រាលកូននោះគ្រប់ប្រការ ។ ព្រះសាស្ដាត្រាស់ថា ម្នាលអង្គុលិមាល បើដូច្នោះ ចូរអ្នកទៅរកស្ត្រីនោះហើយនិយាយថា នែនាង តាំងអាត្មាកើតមកមិនដែលក្លែងផ្ដាច់ផ្ដិលជីវិតសត្វឡើយ ដោយពាក្យសច្ចៈនេះ សូមសិរីសួស្ដីកើតមានដល់នាង សូមសិរីសួស្ដីកើតមានដល់គភ៌ ។ អង្គុលិមាលភិក្ខុទូលថា ខ្ញុំព្រះអង្គនឹងត្រូវសម្បជានមុសាវាទមិនខាន ព្រោះខ្ញុំព្រះអង្គក្លែងផ្ដាច់ផ្ដិលជីវិតសត្វជាច្រើនណាស់ ។ ព្រះអង្គត្រាស់ថា បើដូច្នោះ អ្នកចូរនិយាយនឹងស្ត្រីនោះថា នែនាង តាំងពីអាត្មាកើតហើយក្នុងអរិយជាតិ គឺបានជាអរិយបុគ្គល មិនដែលក្លែងផ្ដាច់ផ្ដិលជីវិតសត្វឡើយ ដោយពាក្យសច្ចៈនេះ សូមសិរីសួស្ដីកើតមានដល់នាង សូមសិរីសួស្ដីកើតមានដល់គភ៌ ។ អង្គុលិមាលភិក្ខុចូលទៅនិយាយនឹងស្ត្រីនោះ តាមព្រះពុទ្ធដីកា សិរីសួស្ដីក៏បានកើតដល់ស្ត្រីនោះនិងដល់គភ៌ គឺសម្រាលកូនរួចភ្លាម ឥតលំបាកឡើយ ។

លំដាប់នោះ អង្គុលិមាលភិក្ខុ ជាបុគ្គលម្នាក់ឯង ដោះខ្លួនចេញចាកពួក ឥតមានសេចក្ដីធ្វេសប្រហែស មានព្យាយាមដុតនូវកិលេសប្រថុយលះបង់នូវអត្តភាព មិនយូរប៉ុន្មាន លោកក៏បានសម្រេចព្រះអរហត្តផលដល់វេលាបុព្វណ្ហសម័យ លោកនិមន្តទៅបិណ្ឌបាតក្នុងក្រុងសាវត្ថី ។ មានមនុស្សដទៃយកដុំដីខ្លះ ដំបងខ្លះ ក្រួសខ្លះ គ្រវែងចោលទៅលើកាយព្រះអង្គុលិមាល ៗ ត្រូវរបួសបែកព្រះសីសៈហូរឈាម បែកបាត្រ រហែកសង្ឃាដី លោកក៏ចូលទៅគាល់ព្រះដ៏មានបុណ្យ ៗ ត្រាស់ទូន្មានថាម្នាលអង្គុលិមាល ចូរអ្នកខំអត់ទ្រាំទៅ អ្នកគួរនឹងឆេះក្នុងនរកជាច្រើនឆ្នាំរាប់រយពាន់ឆ្នាំ ដោយវិបាកនៃកម្មឯណា អ្នកបានទទួលរងវិបាកនៃកម្មនោះក្នុងបច្ចុប្បន្ននេះ (តែប៉ុណ្ណេះទេ) ។

វេលានោះ អង្គុលិមាលភិក្ខុ ទៅនៅក្នុងទីរហោស្ថានពួនសម្ងំតែម្នាក់ឯង សោយនូវវិមុត្តិសុខ ទើបបន្លឺនូវឧទានក្នុងវេលានោះថា ៖ “បុគ្គលឯណាធ្វេសប្រហែសក្នុងកាលមុន តែដល់កាលជាខាងក្រោយមកបុគ្គលនោះមិនធ្វេសប្រហែសវិញ បុគ្គលនោះឈ្មោះថាញ៉ាំងលោក[១] នេះឲ្យភ្លឺច្បាស់ ដូចព្រះចន្ទផុតស្រឡះចាកពពក បាបកម្មដែលបុគ្គលឯណាធ្វើហើយ តែបុគ្គលនោះត្រឡប់ជាបិទបាំងបាន គឺមិនសោយផលកម្មវិញ ដោយសារកុសលគឺមគ្គ បុគ្គលនោះឈ្មោះថា ញ៉ាំងលោកនេះឲ្យភ្លឺច្បាស់ដូចព្រះចន្ទផុតស្រឡះចាកពពក ភិក្ខុណា ជាកំលោះនៅឡើយ ប្រកបព្យាយាមក្នុងព្រះពុទ្ធសាសនា ភិក្ខុនោះឯងឈ្មោះថាញ៉ាំងលោកនេះឲ្យភ្លឺច្បាស់ ដូចព្រះចន្ទផុតស្រឡះចាកពពក ។

សូមពួកមនុស្សជាសត្រូវស្គាល់នូវធម្មកថារបស់ខ្ញុំ សូមពួកមនុស្សជាសត្រូវនឹងខ្ញុំ ប្រកបព្យាយាមក្នុងព្រះពុទ្ធសាសនា ពួកសប្បុរសឯណា តែងដឹកនាំមនុស្សឲ្យរៀនធម៌ សូមពួកមនុស្សជាសត្រូវនឹងខ្ញុំ សេពគប់នូវពួកសប្បុរសទាំងនោះចុះ សូមពួកមនុស្សជាសត្រូវនឹងខ្ញុំ ស្ដាប់ធម៌ដ៏ជាទីផូរផង់ដល់ខន្តី ទាំងជាទីសរសើរនូវការមិនខឹង គឺមេត្តាតាមកាលដ៏សមគួរផង សូមពួកមនុស្សជាសត្រូវនឹងខ្ញុំ បំពេញនូវធម៌នោះផង មនុស្សឯណាជាសត្រូវនឹងខ្ញុំ សូមសត្រូវនោះកុំបីបៀតបៀនខ្ញុំ ទាំងកុំបៀតបៀននូវបុគ្គលដទៃណាមួយឡើយ សូមឲ្យនូវសេចក្ដីសុខគឺព្រះនិព្វាន ចូររក្សានូវមនុស្សដែលប្រកបដោយតណ្ហា និងមនុស្សដែលមិនមានតណ្ហា ។

ពួកអ្នកបង្ហូរទឹករមែងបង្ហូរទឹក (តាមប្រឡាយទឹក) ពួកអ្នកធ្វើកូនសររមែងពត់កូនសរ ពួកអ្នកចាំងឈើរមែងចាំងឈើ អ្នកប្រាជ្ញទាំងឡាយរមែងទូន្មានខ្លួន ។

ពួកមនុស្សខ្លះគេទូន្មានដោយដំបង ដោយកង្វេរ ដោយរំពាត់ ចំណែកខ្ញុំជាអ្នកមានប្រាជ្ញា ដែលព្រះដ៏មានបុណ្យជាអាទិបុគ្គលមិនបានយកដំបង ឬគ្រឿងសស្ត្រាវុធ (មកទូន្មានខ្ញុំទេ) កាលដើមខ្ញុំឈ្មោះថា អហិង្សកុមារ (ជាអ្នកមិនបៀតបៀនគេ) តែជាអ្នកបៀតបៀនគេដល់មកថ្ងៃនេះ ខ្ញុំមានឈ្មោះទៀងទាត់ គឺសមតាមឈ្មោះដើមរបស់ខ្ញុំ ព្រោះខ្ញុំលែងបៀតបៀននូវអ្នកណាមួយហើយ កាលពីដើមខ្ញុំជាចោរមាននាមប្រាកដថា អង្គុលិមាល ដែលជំនន់ធំបន្សាត់ទៅ (តែឥឡូវនេះ) ខ្ញុំបានដល់នូវព្រះពុទ្ធជាទីពឹងហើយ កាលពីដើម ខ្ញុំមានដៃប្រឡាក់ឈាម មាននាមប្រាកដថា អង្គុលិមាល (តែឥឡូវនេះ) សរណគមន៍ ខ្ញុំបានដល់ហើយ តណ្ហាជាគ្រឿងនាំទៅកាន់ភព ខ្ញុំបានរម្លើងចោលហើយ ខ្ញុំបានធ្វើអំពើដែលគួរទៅកាន់ទុគ្គតិដូច្នោះជាច្រើនតែកម្មវិបាក គឺមគ្គចេតនាបានមកអប់រំ (ក្នុងសន្ដានខ្ញុំហើយ) ខ្ញុំជាអ្នកមិនមានបំណុលគឺកិលេស បរិភោគភោជន ពួកជនពាលឥតប្រាជ្ញាតែងប្រកបនូវសេចក្ដីប្រមាទ ឯអ្នកប្រាជ្ញតែងរក្សានូវសេចក្ដីមិនប្រមាទទុក ដូចទ្រព្យដ៏ថ្លៃថ្លា សូមអ្នកទាំងឡាយកុំប្រកបនូវសេចក្ដីប្រមាទឡើយ កុំប្រកបនូវសេចក្ដីត្រេកអរនិងការប្រព្រឹត្តក្នុងកាមឡើយ ព្រោះថាបុគ្គលអ្នកមិនប្រហែសធ្វេស ខំដុតបំផ្លាញ (នូវកិលេស) រមែងបានដល់នូវសេចក្ដីសុខដ៏ទូលាយ ខ្ញុំមកល្អហើយ ខ្ញុំមិនគេចចេញទេគំនិតនេះ ខ្ញុំមិនមែនគិតខុសទេ បណ្ដាធម៌ទាំងឡាយដែលព្រះអង្គចែករំលែកល្អហើយ ព្រះនិព្វានឯណាជាគុណជាតដ៏ប្រសើរ ខ្ញុំបានដល់នូវព្រះនិព្វាននោះហើយ ខ្ញុំមកល្អហើយ ខ្ញុំមិនគេចចេញទេ គំនិតនេះខ្ញុំមិនមែនគិតខុសទេ វិជ្ជា ៣ ប្រការ ខ្ញុំបានសម្រេចហើយ ពុទ្ធសាសនាខ្ញុំបានធ្វើតាមហើយ ។

អង្គុលិមាលសូត្រចប់ប៉ុណ្ណេះ ។

 

ឃុនបណ្ណានុរក្ស ប៊ូ-ប៉ូ
ក្រសួងពុទ្ធសាសនបណ្ឌិត្យជាអ្នកប្រែ [២]

[១]– ពាក្យថា លោកៗ ក្នុងទីនេះ សំដៅយកខន្ធ ធាតុ អាយតនៈរបស់ឯង ។ អដ្ឋកថា ។

[២]– មិនបានប្រែតាមប្រយោគបាលីទេ ប្រែច្រូតកាត់យកសេចក្ដីខ្លីដើម្បីឲ្យងាយស្ដាប់ ។ ដោយអាងច្បាប់ព្រះត្រៃបិដកប្រែ ភាគទី ២៤ ។

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៥៤

ខ្ញុំ​ព្រះករុណា​ខ្ញុំបាទ ​រីករាយ​នឹង​ដកស្រង់​អត្ថបទ​នានា​ដែល​មានប្រយោជន៍ ជាពិសេស​ចំណេះដឹង​ផ្នែក​ព្រះពុទ្ធ​សាសនា កែសម្រួល​អក្ខរា​វិរុទ្ធ រួច​យក​មក​ចុះផ្សាយ​ប្រគេន​និង​ចែក​ជូន​ជា​ធម្មទាន ។ ស្វាគមន៍​ចំពោះ​​មតិយោបល់​កែ​លម្អ​ក្នុង​ន័យ​ស្ថាបនា  សូម​អរព្រះគុណ​និង​អរគុណ !​

បញ្ចេញយោបល់ ៖