ភាតរភាព​ខាង​ពុទ្ធសាសនា

បរិយាយ ពីការរាប់អានគ្នាដូចបងប្អូនក្នុងផ្លូវពុទ្ធសាសនា

ភាពនៃការរាប់អានគ្នាដូចបងប្អូនរបស់មនុស្សក្នុងលោក តាមភាសាបាលីហៅថា “ភាតរភាព” ។

ភាតរភាពមានច្រើន តែរួមជា ២ ប្រភេទ គឺភាតរភាពក្នុងផ្លូវលោក១ ភាតរភាពក្នុងផ្លូវសាសនា ១ ។

ការរាប់អានគ្នា តាមភាពជាជនជាតិជាមួយគ្នា ជាវង្សត្រកូលជាមួយគ្នា ជាមិត្រសម្លាញ់ផងគ្នា ចាត់ជាភាតរភាពក្នុងផ្លូវលោក ។

ការរាប់អានគ្នា តាមភាពជាអ្នកសាសនាជាមួយគ្នា ចាត់ជាភាតរភាពក្នុងផ្លូវសាសនា ។

សូមបរិយាយចំពោះតែភាតរភាពក្នុងផ្លូវព្រះពុទ្ធសាសនាម្យ៉ាង ។

មនុស្សមានជាតិផ្សេងគ្នាទាំងប្រទេសក៏ផ្សេងគ្នា ប៉ុន្តែកាន់សាសនាព្រះពុទ្ធជាមួយគ្នា ដូចជាជាតិឥណ្ឌា លង្កា ភូមា ថៃ លាវ ជប៉ុន ចិន យួន និងខ្មែរយើងជាដើម (ទោះបីផ្សេងនិកាយ) ក៏ហៅថា “មនុស្សពុទ្ធសាសន៍” ឬ “ពុទ្ធបរិស័ទ” ដូចគ្នា ។

 ពុទ្ធបរិស័ទគ្រប់ប្រទេសកាន់ព្រះពុទ្ធសាសនា បានយល់ច្បាស់ថាទាំងមនុស្សទាំងសត្វក្នុងសកលលោកសុទ្ធតែខ្លាចទុក្ខចង់សុខ ខ្លាចស្លាប់ចង់រស់គ្រប់រូប ។ ដោយគេយល់ច្បាស់ដូច្នេះបានជាគេត្រូវផ្សាយមេត្តាចិត្តអាណិតមនុស្សសត្វទួទៅ និងត្រូវធ្វើការកុសលនានា គឺកាន់សីលមានវៀរចាកការបៀតបៀនការសម្លាប់ ការលួចជាដើម ព្រមទាំងបរិច្ចាគទានមានសាងវត្តអារាមវិហារ សាលារៀន មន្ទីរពេទ្យជាដើម ក្នុងប្រទេសរៀងខ្លួន ឧទ្ទិសចំពោះព្រះសង្ឃជាពុទ្ធជិនោរសទាំង ៤ ទិសគឺព្រះសង្ឃជាតិខ្មែរចូលទៅសម្នាក់ក្នុងវត្តលោកសង្ឃជាតិឥណ្ឌា ថៃ ភូមា លង្កា លាវ ជប៉ុន ចិន យួនក៏បាន លោកសង្ឃជាតិទាំងនោះចូលមកសម្នាក់ក្នុងវត្តលោកសង្ឃជាតិខ្មែរក៏បាន ឥតប្រកាន់ឡើយ ។

នេះជាអំពើរឹតចំណងភាតរភាពរវាងមនុស្សពុទ្ធសាសន៍ដូចគ្នា ឱ្យចាក់ស្រេះជាប់គ្នាជាដរាបទៅ ។

នៅបច្ចុប្បន្នកាលនេះ ពួកពុទ្ធបរិស័ទនៅទ្វីបអាស៊ីខ្លះ អឺរ៉ុបខ្លះបានរួបរួមគ្នាបង្កើតសមាគមពុទ្ធសាសនាឡើងហៅថា “ពុទ្ធិកសមាគមពិភពលោក” មានទីសម្នាក់ការធំនៅលង្កាទ្វីប ។ ប្រទេសខ្មែរយើងក៏បានរួមជាមួយផង ហើយរៀងរាល់ប្រទេសបានបង្កើតពុទ្ធិកសមាគមមជ្ឈមណ្ឌលភូមិភាគ ជាសាខានៃពុទ្ធិកសមាគមពិភពលោកទៀត ដើម្បីជួយឧបត្ថម្ភសមាគមនេះឱ្យរឹងប៉ឹងនឹងឱ្យរីកសាយទូទៅ ។ ប្រទេសកម្ពុជាយើងក៏បានបង្កើតដូចគេ ហៅថា “ពុទ្ធិកសមាគមមជ្ឈមណ្ឌលភូមិភាគកម្ពុជរដ្ឋ” មានទីសម្នាក់បណ្ដោះអាសន្ននៅមហាកុដិវត្តឧណ្ណា-លោម ក្រុងភ្នំពេញ ។

ពុទ្ធិកសមាគមទាំងនេះ ជាសមាគមពង្រីកភាតរភាពខាងពុទ្ធសាសនាឱ្យរីកធំទូលាយ ។ ការពង្រីករបស់សមាគមនេះមានន័យផ្សេងៗ គឺសាងវិជ្ជាឋានសម្រាប់បង្រៀនពុទ្ធវចនៈជាភាសាបាលីភាសាសំស្ក្រឹតនិងភាសាបរទេស ប្រែពុទ្ធវចនៈអំពីភាសាបាលីភាសាសំស្ក្រឹតនិងភាសាបរទេស រៀបរៀងពុទ្ធវចនៈទុកជាក្បួនច្បាប់សម្រាប់បង្រៀនប្រជាជន បញ្ជូនគណៈធម្មទូតទៅផ្សាយព្រះពុទ្ធសាសនានៅនានាប្រទេសទួទៅទាំងពីភពលោក បញ្ជូននិស្សិតទៅរៀនពុទ្ធវចនៈជាភាសាបរទេសនៅនានាប្រទេស ដើម្បីឱ្យចេះរបៀបផ្សាយនូវព្រះពុទ្ធសាសនាដោយភាសាផ្សេង ៗ ដូចប្រទេសខ្មែរយើងបានបញ្ជូនឱ្យទៅរៀននៅប្រទេសឥណ្ឌា លង្កា ភូមា ជប៉ុនជាដើម ។

អាស្រ័យដោយព្រះពុទ្ធសាសនា ជាសាសនាមានរសតែមួយ គឺវិមុត្តិរសដូចមហាសមុទ្ទដែលមានរសតែម្យ៉ាង គឺរសប្រៃ ហើយដោយពុទ្ធបរិស័ទព្រួតគ្នាពង្រីក និងរឹតសម្ពន្ធភាតរភាពខាងព្រះពុទ្ធសាសនាដូចថ្លែងមកនេះថែមទៀត ក៏មានប្រជាជននៅអាស៊ីនិងអឺរ៉ុបជ្រះថ្លាកាន់តាមកាន់តែច្រើនឡើងជាលំដាប់ ។ កាលបើដូច្នេះ ភាតរភាពខាងព្រះពុទ្ធសាសនាក៏មានច្រើនឡើងតាមគ្នា ។

ចំណែកប្រទេសកម្ពុជាយើង ជាប្រទេសមានជាតិ សាសនា មហាក្សត្រ តាំងពីសម័យគោកធ្លកព្រេងនាយមក មិនដែលអាក់ខានទេគ្រាន់តែសម័យមុន គេកាន់ព្រហ្មញ្ញសាសនា សម័យកណ្ដាលគេកាន់ព្រះពុទ្ធសាសនាបែបមហាយាន សម័យឥឡូវគេកាន់ពុទ្ធសាសនាបែបហីនយានប៉ុណ្ណោះ ភាតរភាពរវាងជាតិ សាសនា មហាក្សត្រ របស់ខ្មែរក៏ចេះតែមានជាប់ជាដរាបមករហូតដល់សព្វថ្ងៃនេះ ។

ព្រោះហេតុនេះ បានជាបោរាណកបណ្ឌិតជាតិខ្មែរ បានតាំងត្រៃសរណដ្ឋាន ៣ ប្រការគឺ “ជាតិ សាសនា មហាក្សត្រ” ទុកជាបាវចនាសម្រាប់ទូន្មានបច្ឆាជនក្នុងកម្ពុជរដ្ឋ ឱ្យគោរពនូវប្រពៃណីរៀងខ្លួនដើម្បីសេចក្ដីសុខ-ចម្រើននិងរុងរឿងដល់កម្ពុជប្រទេស ។ ប្រជាជនជាតិខ្មែរទាំងពួងក៏បានស្វាធ្យាយ​បាវចនា​នេះចេះចាំសឹងគ្រប់គ្នា ។

ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ វរ្ម័ន ព្រះចៅប្រទេសកម្ពុជាជាអម្ចាស់ជីវិតលើត្បូងរបស់យើងសព្វថ្ងៃនេះ ទ្រង់ប្រកបដោយត្រៃសរណដ្ឋានទាំង ៣ ប្រការនេះគឺ ៖

១- ទ្រង់មានព្រះជាតិជាខ្មែរ ជាព្រះមហាក្សត្រអគ្គប្រមុខជាតិខ្មែរទ្រង់ស្នេហានិងគោរពជាតិខ្មែរ

២- ទ្រង់ស្នេហានិងគោរពព្រះមហាក្សត្រ ជាបុព្វបុរសរបស់ខ្មែរ

៣- ទ្រង់ស្នេហានិងគោរពព្រះពុទ្ធសាសនា ជាសាសនាផ្លូវការរបស់ប្រទេសខ្មែរ ។

ព្រោះតែព្រះអង្គស្នេហានិងគោរព ជាតិ សាសនា មហាក្សត្រនេះហើយ បានជាទ្រង់ស៊ូប្ដូរព្រះជន្មបំពេញព្រះរាជបេសកកម្ម ទាមទារឯករាជ្យបរិបូណ៌ដោយក្លាហាននិងដោយសន្តិវិធី ជូនប្រទេសជាតិមាតុភូមិដោយមិនទ្រង់ព្រះវិតក្កដល់ការនឿយហត់ ដូចយើងបានដឹងឮឃើញប្រាកដក្នុងគ្រានេះ ឱ្យប្រទេសជាតិបានឡើងឋានៈជាឯករាជ្យសម្បូណ៌ដូចបុរាណសម័យ រហូតដល់កល្បាវសាន ។

ព្រះរាជករណីយកិច្ចទាំងនេះ ត្រូវចាត់ទុកក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាថាជាកល្យាណកិច្ចប្រសើរក្រៃលែង បណ្ដាលឱ្យប្រជាជនរួមជាតិ សាសនា មហាក្សត្រជាមួយព្រះអង្គ ស្នេហាស្វាមី​ភក្ដិសក្ការគោរពព្រះអង្គជាទីបំផុត នាំគ្នាដើរតាមផែនការព្រះអង្គដែលសន្មតនាមថាផែនការព្រះសីហនុ ដោយសាមគ្គីភាពដ៏ក្លាហាន ដូចខ្មែរបុរាណសម័យព្រេងនាយ ។

មួយទៀត ដែលព្រះប្រិយមហាក្សត្ររបស់យើង ព្រះអង្គបានទទួលការស្នេហា សក្ការ គោរពអំពីប្រជាជនរួមជាតិដូចថ្លែងមកនេះ អាស្រ័យដោយភាតរភាពរវាងជាតិ សាសនា មហាក្សត្រ ដែលប្រទេសខ្មែរធ្លាប់មានជាបវេណីអំពីបុរាណរៀងមកផង ដោយព្រះអង្គបានបំពេញនូវភាតរភាពនោះ ឱ្យរឹងរិតតែខ្លាំងក្លាថែមឡើងផង ។

លោក ប៊ូ-ប៉ូ រៀបរៀង

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៥៤

អំពី មេត្តាកវី

ខ្ញុំ​ព្រះករុណា​ខ្ញុំបាទ ​រីករាយ​នឹង​ដកស្រង់​អត្ថបទ​នានា​ដែល​មានប្រយោជន៍ ជាពិសេស​ចំណេះដឹង​ផ្នែក​ព្រះពុទ្ធ​សាសនា កែសម្រួល​អក្ខរា​វិរុទ្ធ រួច​យក​មក​ចុះផ្សាយ​ប្រគេន​និង​ចែក​ជូន​ជា​ធម្មទាន ។ ស្វាគមន៍​ចំពោះ​​មតិយោបល់​កែ​លម្អ​ក្នុង​ន័យ​ស្ថាបនា  សូម​អរព្រះគុណ​និង​អរគុណ !​

មើលប្រកាសទាំងអស់របស់ មេត្តាកវី →

បញ្ចេញយោបល់ ៖