រាជវសតី​កថា

នមោ  តស្ស  ភគវតោ  អរហតោ  សម្មាសម្ពុទ្ធស្ស

សូមនមស្ការចំពោះព្រះភគវន្តមុនី អរហំសម្មាសម្ពុទ្ធ ព្រះអង្គនោះ ( ព្រមទាំងព្រះធម៌និងព្រះអរិយសង្ឃ ដោយសេចក្ដីគោរព ) ។

ក្នុងឱកាសនេះ អាត្មាភាពសូមសម្ដែងអំពី ” រាជវសតីកថា ” ជាឱវាទរបស់ព្រះបរមសាស្ដា ដើម្បីជាផ្លូវចម្រើនក្នុងការសិក្សានៃពុទ្ធសាសនិកជន តាមគោលនៃពុទ្ធភាសិតដែលមានក្នុងមហាសន្និបាតជាតក ខុទ្ទកនិកាយ ដូចបទនិពន្ធគាថា យ៉ាងនេះថា ៖

ឧដ្ឋាតា  កម្មធេយ្យេសុ អប្បមត្តោ  វិចក្ខណោ

សុសំវិហិតកម្មន្ដា  ស  រាជវសតឹ  វសេ

ប្រែថា ៖ បុគ្គលអ្នកប្រឹងប្រែងក្នុងការងារ ជាអ្នកមិនប្រមាទ មានបញ្ញាឃើញប្រចក្ស ចាត់ចែងការងារបានរៀបរយ បុគ្គលនោះគប្បីតាំងនៅក្នុងរាជការបាន ” ។

ព្រះពុទ្ធភាសិតនេះសរសើរថា អ្នកដែលអាចតាំងនៅក្នុងវង្សរាជការបាន ដោយគុណធម៌៤ប្រការ ដែលហៅថា រាជវសតី ៖

១- ជាអ្នកប្រឹងប្រែងតស៊ូក្នុងការងារ

២- ជាអ្នកមិនប្រមាទធ្វេសប្រហែស ប្រាសចាកសេចក្ដីខ្ជិលច្រអូសក្នុងមុខក្រសួង

៣- ជាអ្នកមានបញ្ញាពិចារណា គិតគូរមើលសេចក្ដីចម្រើនវិនាសក្នុងការងារ

៤- ជាអ្នកចាត់ចែងការងារឱ្យមានរបៀបរៀបរយ មិនច្របូកច្របល់ ។

ដូចអធិប្បាយតទៅនេះ ៖

ការប្រឹងប្រែងតស៊ូព្យាយាមក្នុងករណីយកិច្ចគ្រប់ប្រការ ចាត់ថាជា គុណសម្បត្តិសំខាន់យ៉ាងក្រៃលែង អាចធ្វើឱ្យអ្នកប្រកបដល់នូវសន្តិវរសុខនិងបរមសុខបាន ។ ការងារទាំងឡាយមានការរកស៊ីចិញ្ចឹមជីវិតដោយប្រក្រតី ដូចជាកសិកម្ម វាណិជ្ជកម្ម វេជ្ជកម្ម ឧស្សាហកម្ម ហត្ថកម្ម និងការសិក្សាអក្សរសាស្ត្រ សាសនសាស្ត្រ វិទ្យាសាស្ត្រ តក្កសាស្ត្រជាដើម រហូតដល់មុខកិច្ចជាមុខក្រសួងរបស់ខ្លួន ដែលចាត់ថាជាករណីយកិច្ចត្រឹមត្រូវ ក៏សុទ្ធតែត្រូវអាស្រ័យ សេចក្ដីព្យាយាមជួយដឹកនាំគាំទ្រផង សមដោយនិពន្ធពុទ្ធភាសិតថា ឧដ្ឋាតា  វិន្ទតេ  ធនំ  ” អ្នកមានសេចក្ដីព្យាយាមមាំ រមែងបានទ្រព្យសម្បត្តិ ” ។ មនុស្សដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ តែងបានសេចក្ដីសុខ ។ ការដែលមានភោគសម្បត្តិ ក៏ដោយអាស្រ័យសេចក្ដីព្យាយាមលះកាត់សេចក្ដីសុខបន្តិចបន្តួចប្ដូរយកសេចក្ដីសុខធំ ទាត់សេចក្ដីខ្ជិលច្រអូស ព្រោះសេចក្ដីខ្ជិលច្រអូស រមែងធ្វើអាការដូចមិត្តឱ្យសេចក្ដីសុខក្នុងខាងដើម លួងលោមបុគ្គលល្ងង់ឱ្យលង់លិច ពេលមកខាងក្រោយផ្ដល់សេចក្ដីទុក្ខឱ្យមិនមានទីបំផុត ឯសេចក្ដីព្យាយាមនោះ រមែងធ្វើការដូចជាសត្រូវ ឱ្យសេចក្ដីលំបាកក្នុងខាងដើម តែពេលខាងក្រោយត្រឡប់ទៅជាមហាមិត្រ អាចជួយសេចក្ដីសុខយ៉ាងធំរកទីបំផុតគ្មាន ហេតុនេះសេចក្ដីខ្ជិលច្រអូសជាគ្រឿងកសាងសេចក្ដីទុក្ខ ការព្យាយាមជាគ្រឿងផ្សំបណ្ដុះសេចក្ដីសុខ ។ បុគ្គលដែលឆ្លងសេចក្ដីទុក្ខបាន ក៏ព្រោះការព្យាយាម បើគេធុញទ្រាន់នឹងការព្យាយាមដោយឃើញតែសេចក្ដីលំបាកក្នុងករណីយកិច្ចមុនហើយ គេនឹងឆ្លងសេចក្ដីទុក្ខក៏ពុំបាន ដូចជាបុគ្គលចូលលត់ភ្លើងក្នុងពេលដែលឆេះផ្ទះ បើខ្លាចក្ដៅក៏លត់ពុំបាន ។ ពិតណាស់ សេចក្ដីលំបាករមែងកើតជាមួយនឹងការព្យាយាម ព្រោះមនុស្សដែលមានឧបសគ្គក្នុងវេលាធ្វើ បើចុះចាញ់ឧបសគ្គនោះក៏ត្រូវរងទុក្ខវេទនាជាដរាប តែបើយកជ័យជម្នះបានឧបសគ្គនោះបាន សេចក្ដីទុក្ខព្រួយក៏ឃ្លាតចេញពីខ្លួនឯង ។ ការដែលមិនខ្លាចនឿយហត់នេះឯងឈ្មោះថា ” វីរិយ ” ។ ពោលដោយមូលហេតុមាន ២ យ៉ាងគឺ កាយនិងចិត្ត ។ ដែលប្រព្រឹត្តទៅតាមផ្លូវកាយ ហៅថា ” កាយិកៈ ” តាមផ្លូវចិត្តហៅថា ” ចេតសិក ” ។ ដូច្នេះ វីរិយៈ មិនមែនមានតែក្នុងទីទៃ គឺមានក្នុងកាយនិងចិត្ត កាយនិងចិត្តនេះឯងជាទីតាំងនៃការព្យាយាម កាលបើបុគ្គលឃើញច្បាស់យ៉ាងនេះហើយគួរប្រកបការប្រឹងប្រែងអង់អាចខាងផ្លូវកាយនិងផ្លូវចិត្ត ដែលធម្មតាតាក់តែងឱ្យមក មិនគួរទុកកាយនិងចិត្តឱ្យនៅទំនេរឥតប្រយោជន៍ទេ ។ ចំណែកករណីយកិច្ចដែលត្រូវធ្វើដោយផ្លូវកាយនិងផ្លូវចិត្ត ទាំងផ្នែកគតិលោកនិងគតិធម៌ តាំងពីជាន់ទាបរហូតដល់ជាន់ខ្ពស់ សុទ្ធតែត្រូវអាស្រ័យការតស៊ូប្រឹងប្រែងជាគ្រឿងទំនុកបម្រុង ទើបអាចសម្រេចសមតាមបំណងបាន ។ សេចក្ដីព្យាយាមមានកម្លាំង តែងដឹកនាំបុគ្គលអ្នកប្រកបឱ្យប្រសព្វសន្តិសុខទាន់ពេលសម័យ ប្រៀបដូចគ្រឿងចក្រដែលបង្វិលរថយន្ត អាកាសយាន កប៉ាល់និងកាណូតឱ្យទៅកាន់មាគ៌ាដ៏ឆ្ងាយបានដោយសុវត្ថិភាព ។ កាលបើបុគ្គលមានព្យាយាមមាំជាគ្រឿងទំនុកបម្រុងហើយ នឹងបានជាដើមទុនកកើតផលគឺ វរសុខនិងសិរីធម៌ ។ តែករណីយកិច្ចដែលត្រូវធ្វើ នឹងដើរលឿនទៅដោយសេចក្ដីរៀបរយល្អបានដោយអាស្រ័យសេចក្ដីមិនប្រមាទ ប្រាសចាកការធ្វេស​ប្រហែស​ក្នុងមុខការងាររបស់ខ្លួន ទើបរួចចាកវិបត្តិកាត់ចូលទៅរកសួស្ដី ហេតុនេះព្រះទសពលញ្ញាណប្រទានអប្បមាទធម៌ជាគុណសម្បត្តិចាត់ទុកក្នុងបទទី ២ ។

សេចក្ដីមិនប្រមាទនេះ បានដល់សេចក្ដីប្រយត្នមិនធ្វេសប្រហែស មិនភ្លេចភ្លាំង មិនភាន់ភាំងទៅក្នុងអារម្មណ៍ បើពោលដោយសេចក្ដីបានដល់ការមិនវង្វេងភ្លេចស្មារតី មិនបណ្ដោយឱ្យដើរទៅតាមសេចក្ដីស្រវឹងជ្រុលជ្រប់ ។ សេចក្ដីមិនប្រមាទនេះជាទីតាំងនៃគុណប្រយោជន៍ដ៏ធំទូលាយទាំងគតិលោកនិងគតិធម៌ តួយ៉ាងដូចអ្នករកស៊ីឈ្នួលទទួលរក្សាចិញ្ចឹមគោក្របីឱ្យគេ កាលបើធ្វេសប្រហែសមិនយកចិត្តទុកដាក់ក្នុងការថែទាំរក្សាសត្វដែលខ្លួនចិញ្ចឹមទេ ហ្វូងសត្វនោះក៏អន្តរាយ ព្រោះរោគវិបត្តិខ្លះ ព្រោះចោរភ័យខ្លះ រកផលល្អគ្មាន កាលបើប្រុងប្រយត្ន មិនបណ្ដែតបណ្ដោយ អន្តរាយបែបនោះក៏គ្មាន បើទុកជាមានខ្លះ ក៏តិចជាងមិនប្រយត្ន ។ ឯអ្នកគ្រប់គ្រងផ្ទះ បើមិនអើពើក្នុងការរវាំងមើល​គេហដ្ឋាន មិនរវាំងទ្រព្យសម្បត្តិបណ្ដោយឱ្យការងារច្របូកច្របល់គ្នា ភោគសម្បត្តិដែលមិនទាន់កើត ក៏មិនកើត ដែលកើតហើយក៏វិនាសបាត់ទៅ នឹងទៅជាចន្លោះបើកឱ្យចោរចូលលុកលុយចូលយកទ្រព្យសម្បត្តិបានទៀត ។ ចំណែករាជបុរសអ្នកបដិបត្តិរាជការ បើធ្វេសប្រហែលមិនប្រយត្នក្នុងមុខការរបស់ខ្លួន ក៏រមែងមិនរួចពីកំហុស ។ កាលបើមានចិត្តស្វាមីភក្ដិក្នុងករណីយកិច្ចរបស់ខ្លួន មិនមានសេចក្ដីប្រមាទ បើបានជាអ្នកចម្រើនក្នុងកិច្ចការទៅតាមលំដាប់ ។ ឯអ្នកជាប្រធានរបស់គណៈវង្សត្រកូល បើមិនប្រយត្នថែទាំយកចិត្តទុកដាក់ក្នុងនាទីរបស់ខ្លួន មិនបីបាច់រក្សាទំនុកបម្រុងនូវអន្តោជននិងពាហិរជនដោយធម្មិកោបាយទេ អន្តរាយនឹងកើតមានដល់គណៈវង្សត្រកូល មិនបានចម្រើនមាំមួនទៅតាមផ្លូវល្អ ពួកជនពាលនឹងបានឱកាសបង្កសេចក្ដីរំខាន ហេដ្ឋិមជនក៏នឹងបានសេចក្ដីទុក្ខក្ដៅក្រហាយ មិនមានសេចក្ដីស្ងប់ជាសុខ កាលបើតាំងចិត្តថែទាំរក្សាទំនុកបម្រុងដោយសេចក្ដីមិនប្រមាទ ទើបអាចកម្ចាត់ទោសភ័យ-វិបត្តិ បានសម្រេចសេចក្ដីសុខ-សួស្ដីដ៏ធំទូលាយ ។ ចំណែកអ្នកត្រូវការខាងផ្លូវធម៌ បំពេញកុសលចរិយាវត្ត រក្សាក្រៀកទុកនូវសតិមិនឱ្យសេចក្ដីប្រមាទលុកលុយ ទើបអាចហាមឃាត់អកុសលដែលមិនទាន់កើតមិនឱ្យកើតឡើង ធ្វើកុសលដែលកើតឡើងហើយ ឱ្យរឹងរីតតែចម្រើនឡើងជាភិយ្យោភាព ជាគោលនៃសន្តិសុខក្នុងព្រះពុទ្ធសាសនាសមដោយទេសនាន័យ ដែលសម្ដេចព្រះសម្ពុទ្ធជាម្ចាស់ត្រាស់សរសើរសេចក្ដីមិនប្រមាទក្នុងធម្មបទ ខុទ្ទកនិកាយថា ៖ “ បណ្ដាកុសលធម៌ទាំងអស់ សេចក្ដីមិនប្រមាទជាធំជាង ដូចស្នាមជើងសត្វទ្វេបាទ ចតុប្បាទ ដែលសញ្ចរលើប្រឹថពី ស្នាមជើងដំរី ធំជាងស្នាមជើងទាំងអស់ ” ។ កាលបើបុគ្គលមិនប្រមាទហើយ កុសលធម៌ដែលមិនទាន់កើត នឹងកើតឡើង ដែលកើតឡើងហើយ ក៏រឹងរឹតតែចម្រើនឡើង អ្នកមិនប្រមាទរមែងទាញយកនូវប្រយោជន៍ទាំងពីរផ្លូវបាន គឺប្រយោជន៍ក្នុងបច្ចុប្បន្នដែលឃើញជាក់នឹងភ្នែក បានដល់ប្រយោជន៍ក្នុងគតិលោក ប្រយោជន៍ក្នុងសម្បរាយិកភពលោកមួយ បានដល់ប្រយោជន៍គតិធម៌ ឈ្មោះថាអ្នកមានជ័យជម្នះទាំងពីរផ្លូវ ឬពោលវោហារថា បានសម្រេចសម្បត្តិទាំងពីរយ៉ាងគឺ ភោគសម្បត្តិ បានដល់មាស ប្រាក់ កែវ កង ដែលជាគ្រឿងទំនុកបម្រុងដល់អាមិសសុខ និងគុណសម្បត្តិ បានដល់កុសលធម៌ និងសេចក្ដីបរិសុទ្ធកាយ វាចា ចិត្ត ដែលជាឧបការដល់និរាសមិសសុខ ។ តែសេចក្ដីមិនប្រមាទនេះដែលអាចកើតឡើងដល់បុគ្គល ក៏ដោយសារការចួបប្រទះនូវវត្ថុអស់ទៅនឹងសូន្យទៅជាសាក្សី តពីនេះ ទើបអប្បមាទ ធម៌កើតចម្រើនឡើង ដូចបុគ្គលអ្នកឃើញការវិនាសទៅនិងសូន្យទៅនៃភោគសម្បត្តិ រមែងជាមូលហេតុមិនឱ្យប្រមាទក្នុងការស្វែងរកភោគទ្រព្យ មិនឱ្យប្រមាទក្នុងការបរិហាររក្សាទ្រព្យ មិនប្រមាទក្នុងការចាយវាយទ្រព្យ ។ កាលបើឃើញការសាបសូន្យចាកយស ជាមូលហេតុឱ្យប្រយត្នរក្សាក្នុងករណីផ្សេងៗ ហេតុនេះ អប្បមាទធម៌ជាគុណសម្បត្តិរបស់បុគ្គលអ្នកត្រូវការចម្រើនក្នុងរាជវសតី គួរអប់រំឱ្យកើតមានក្នុងសន្ដានរបស់ខ្លួន ជាថ្នាក់ទី ២ ។ តែថាបើខ្វះបញ្ញាជាគ្រឿងពិចារណាលៃលកមើលសេចក្ដីវិនាសទៅនិងសូន្យទៅនៃកិច្ចការ ក៏ជាហេតុឱ្យការងារដែលខ្លួនធ្វើឱ្យប្រព្រឹត្តទៅដោយលំបាក មិនមានរបៀបរៀបរយ បើមានបញ្ញាជាគុណជាតិខ្ពង់ខ្ពស់ចូលអែបនែបផង នឹងត្រិះរិះឬពិចារណា ឬក៏នឹងធ្វើអ្វីៗ បានមិនទើសទាក់ ហេតុនេះទើបទ្រង់ត្រាស់ថា បញ្ញា ជាគុណសម្បត្តិថ្នាក់ ៣ ។

ប្រីជាដែលស្គាល់ច្បាស់ហេតុផល ឈ្មោះថា បញ្ញា ។ គុណសម្បត្តិនេះល្អទាំងគតិលោកនិងគតិធម៌ ព្រោះថាសព្វវត្ថុទាំងចំណែកល្អឬអាក្រក់ រមែងជាហេតុឱ្យផលបូកគូគ្នា ហេតុល្អឱ្យសម្រេចផលល្អ ហេតុអាក្រក់ឱ្យសម្រេចផលអាក្រក់ ហេតុនៃសេចក្ដីសុខឱ្យសម្រេចផលបានជាសុខ  ហេតុនៃសេចក្ដីទុក្ខឱ្យសម្រេចផលក៏ជាទុក្ខ ធម្មជាតិទាំងអស់សុទ្ធតែមានហេតុផលជាគូៗគ្នា មិនផ្លាស់ប្ដូរទៅរកធម្មជាតិដទៃឡើយ ហេតុនៅមានត្រឹមណាផលក៏នៅមានត្រឹមនោះ កាលបើអស់ហេតុទើបផលរលត់ ។ អ្នកមានបញ្ញាដឹងច្បាស់ហេតុផល តាមគន្លងវឌ្ឍនធម៌ បានឈ្មោះថា អ្នកស្គាល់ហេតុស្គាល់ផល ​និស្ស័យ​ចិត្តគំនិតរបស់បុគ្គលនោះ រមែងភ្លឺស្វាងព្រោះពន្លឺគឺបញ្ញា បណ្ដេញចោលនូវងងឹតគឺអវិជ្ជា មិនឱ្យមានឱកាសរួបរឹតចូលមកពទ្ធព័ន្ធបាន ។ ព្រះអាទិត្យព្រះចន្ទមានដួងប្រទីបបញ្ចេញពន្លឺពីចិត្តគំនិតបានដូច្នោះ លោកនឹងរុងរឿងធូរទូលាយបាន ក៏ព្រោះតែអាស្រ័យបុគ្គលអ្នកមានប្រាជ្ញាដឹងផ្លូវហាយនធម៌ វឌ្ឍនធម៌ច្បាស់ ប្រកបឧបាយជាគ្រឿងលុបលាងសេចក្ដីវិនាសចោលចេញ ដើរទៅតាមបដិបទានៃសេចក្ដីចម្រើន ។ ផ្លូវធម៌ក៏ដូចគ្នា បើចិត្តប្រាសចាកបញ្ញា អវិជ្ជាក៏រួបរឹតឱ្យងងឹតចូលទៅទំនុកបម្រុងផង ក៏ជួយបង្ហាញផ្លូវឱ្យស្គាល់ច្បាស់ធម្មតារបស់ឧបសគ្គបាន កាលបើចិត្តដើរទៅកាន់ផ្លូវត្រូវដូចនេះហើយ អាចទទួលពន្លឺ គឺបញ្ញាមកអំពីផលដែលធ្វើខ្លួនឱ្យរួចចាកងងឹតបាន ។ ឯពន្លឺព្រះអាទិត្យព្រះចន្ទមានដួងអាចបញ្ចេញពន្លឺបាន តែក្នុងទីដែលមិនមានវត្ថុអ្វីបិទបាំង បើមានវត្ថុអ្វីបិទបាំងក៏ផ្សាយពន្លឺទៅមិនដល់ ចំណែកពន្លឺ គឺបញ្ញាទុកណាជាវត្ថុឧបសគ្គយ៉ាងណាក៏ដោយ ក៏អាចភ្លឺឆ្លុះទៅរហូតបាន ថែមទាំងជាគុណជាតិមាំមួនផង រាប់ថាជាពន្លឺយ៉ាងកំពូល សមដោយពុទ្ធនិពន្ធដែលទ្រង់ត្រាស់ទុកថា នត្ថិ បញ្ញា សមា អាភា ” ពន្លឺស្មើដោយបញ្ញាមិនមាន ” ។ បញ្ញាអាចសង្កេតពិចារណារកហេតុដ៏សុខុមល្អិតដែលកំបាំង ឱ្យភ្លឺច្បាស់ប្រាកដឡើង មិនមានពន្លឺដទៃស្មើនឹងជាគ្រឿងដាស់តឿនឱ្យដើរទៅរកផ្លូវត្រូវជាផ្នែកសុចរិត ។ បុគ្គលមានអាជីពប្រកបដោយបញ្ញា រមែងធ្វើករណីយកិច្ចប្រាសចាកទោស ដើម្បីជាសាធារណប្រយោជន៍ដល់សាធារណជន មិនប្រព្រឹត្តលបក្បត់ ព្រោះតែឃើញប្រយោជន៍ផ្ទាល់ខ្លួនតែម្យ៉ាង តែងចែករំលែកផ្សព្វផ្សាយ ជាសាធារណដៈល់ជនដទៃ ដោយទឹកចិត្តមេត្តា ចិត្តអាណិតត្រាប្រណី ទាំងនេះ ក៏ព្រោះអាស្រ័យបញ្ញាជាគ្រឿងទំនុកបម្រុង ។ លោកអ្នកដែលគ្រប់គ្រងប្រជុំជនឱ្យជាពួកគណៈឬក្រុមគ្រួសារទៅបាន រាប់តាំងពីត្រកូលមួយឬភូមិភាគឡើងទៅ ក៏ព្រោះមានបញ្ញា ស្គាល់ហេតុផល ដឹងជាក់នូវឧបាយជាគ្រឿងការពារសត្រូវ មិនឱ្យមានឱកាសញាំញីបៀតបៀនបាន មួយទៀតពួកអ្នករាជការនឹងបីបាច់ថែរក្សាមាតុភូមិឱ្យដើរទៅដោយសន្តិវិធី ក៏ត្រូវមានបញ្ញាស្គាល់ហេតុ ផល ពិចារណាគិតគូរ រំពឹងមើលឱ្យធ្ងន់ មានគំនិតយ៉ាងសុខុមជុំវិញមិនខ្វះកន្លះ ចេះរកឧបាយជាគ្រឿងកែខៃឧបសគ្គផ្សេងៗបាន ហេតុនេះ បញ្ញាទើបចាត់ជាគុណសម្បត្តិ ដែលបុគ្គលអ្នកប្រាថ្នាការចម្រើនក្នុងវង្សរាជការគួរអប់រំក្នុងថ្នាក់ទី ៣ ។

ទុកណាជាបរិបូណ៌ដោយគុណសម្បត្តិគ្រប់ទាំង៣ប្រការនេះហើយ  តែកិច្ចការងារនៅ​ច្រងេង​ច្រងាង​ប្រទាំងប្រទើសមិនរៀបរយ ក៏រាប់ថាជាអ្នកមានសមត្ថភាពក្នុងការងារមិនទាន់បាន លុះត្រាតែចាត់ចែងការងារឱ្យមានរបៀបរៀបរយ មិនច្របូកច្របល់ ទើបនឹងចួបផ្លូវនៃវឌ្ឍនធម៌ទៅតាមវង្សរាជការ ហេតុនេះទើបសម្ដេចព្រះមហាមុនីត្រាស់នូវភាពនៃបុគ្គលអ្នកចាត់ការមានរបៀបរៀបរយទុកក្នុងគុណសម្បត្តិថ្នាក់ទី ៤ ។

ធម្មតាបុគ្គលអ្នកមានករណីយកិច្ច ដែលនឹងត្រូវធ្វើយ៉ាងណានីមួយ កាលមិនធ្វើតាមកាលសម័យ បណ្ដោយការងារឱ្យសល់ទុកនៅ ឬមិនចាត់ចែងការងារនេះឱ្យមានរបៀបរៀបរយល្អ ការងារនោះហៅថា ច្របូកច្របល់ លោកតិះដៀលថា ជាអពមង្គល មិនជាហេតុនាំមកនូវសេចក្ដីចម្រើន ។ ចំណែកការងារដែលចាត់ចែងឱ្យមានរបៀបសមតាមកាលសម័យ មិនបណ្ដោយឱ្យសល់ទុកទាល់តែលើសប្រមាណ កាលបើមានការងារ យ៉ាងណាលេចឡើង ក៏ប្រឹងប្រែងតស៊ូការងារនោះឱ្យសម្រេចដោយសួស្ដី មិនបង្អង់ពេលវេលា មិនបណ្ដោយការថ្ងៃនេះឱ្យអាក់ខានទៅដល់ថ្ងៃស្អែក ដែលជាហេតុនាំឱ្យនឿយណាយក្នុងវេលាត្រូវធ្វើ លោកហៅការងារមិនច្របូកច្របល់ ជាទីសរសើររបស់បណ្ឌិតជន សមនឹងពុទ្ធភាសិតពោលថា ៖ អនាកុលា ច កម្មន្ដា  ឯតម្មង្គលមុត្តមំ ” ការទាំងឡាយដែលមិនច្រឡូកច្រឡំ ចាត់ជាមង្គលខ្ពស់បំផុត ” ។

ហេតុនេះ សាធុជនអ្នកប្រាថ្នាផល គឺសន្តិសុខ វឌ្ឍនធម៌ សេរីធម៌ និងអារ្យធម៌ គួរអប់រំឱ្យនៅក្នុងក្រុម និងសម្មាបដិបត្តិប្រព្រឹត្តតាមគោលនៃចរិយាវត្ត សេចក្ដីបដិបត្តិរបស់រាជសេវកៈនាមថា ” រាជវសតី ” គឺសេចក្ដីប្រឹងប្រែងតស៊ូព្យាយាមគ្រងមុខ ក្រសួងនៃការងារមិនរួញរា មិនបណ្ដោយឱ្យសេចក្ដីប្រមាទចូលគ្របសង្កត់ទាល់តែខូចខាតការងារ មានបញ្ញាជាគ្រឿង ពិចារណាការអស់ទៅនិងសូន្យទៅរបស់ការងារ ចាត់ចែងការងារឱ្យមានរបៀបរៀបរយមិនប្រទាំងប្រទើសច្រឡូកច្រឡំគ្នា ទើបនឹងប្រសព្វផ្លូវនៃសន្តិសុខយ៉ាងក្រៃលែង ជាភូមិភាគនៃសេចក្ដីរីករាយក្នុងវង្សនៃរាជការបាន សមនឹងទេសនាជាឱវាទានុសាសនី ដែលព្រះបរមលោកនាថត្រាស់ទុកថា ៖ “ អ្នកប្រឹងប្រែងក្នុងការងារ មិនប្រមាទ មានបញ្ញាឃើញច្បាស់ ចាត់ចែងការងារឱ្យមានរៀបរយ អ្នកនោះគប្បីតាំងនៅក្នុងរាជការបាន ” ។ អធិប្បាយមកប៉ុណ្ណេះ ក៏សមគួរដល់ពេលវេលានឹងបញ្ចប់ ឯវំ ដោយនូវបការយ៉ាងនេះឯង ។

ព្រះអាចារ្យ  ហេន – ធឿង  វត្តមហាមន្ត្រី
រៀបរៀង

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៥៥

អំពី មេត្តាកវី

ខ្ញុំ​ព្រះករុណា​ខ្ញុំបាទ ​រីករាយ​នឹង​ដកស្រង់​អត្ថបទ​នានា​ដែល​មានប្រយោជន៍ ជាពិសេស​ចំណេះដឹង​ផ្នែក​ព្រះពុទ្ធ​សាសនា កែសម្រួល​អក្ខរា​វិរុទ្ធ រួច​យក​មក​ចុះផ្សាយ​ប្រគេន​និង​ចែក​ជូន​ជា​ធម្មទាន ។ ស្វាគមន៍​ចំពោះ​​មតិយោបល់​កែ​លម្អ​ក្នុង​ន័យ​ស្ថាបនា  សូម​អរព្រះគុណ​និង​អរគុណ !​

មើលប្រកាសទាំងអស់របស់ មេត្តាកវី →

Leave a Reply

avatar
  Subscribe  
Notify of