ឧប្បត្តិ​កថា – វិតក្ក​បញ្ហា – មលតរ​បញ្ហា

ឧប្បត្តិកថា សម្ដែងឧប្បត្តិហេតុកើតឡើងខាងដើម

រឿងនេះមានក្នុងគម្ពីរ​លោកនេយ្យជាតកខ្សែ ១ សម្ដែងសេចក្ដីជាសង្ខេបថា ខណៈនោះព្រះថេរៈ​ឈ្មោះអានន្ទដ៏មានអាយុបានទូលសួរហើយ សរសើរពីអច្ឆរិយគុណព្រះសម្មាសម្ពុទ្ធជាម្ចាស់ថា ភន្តេ បពិត្រព្រះដ៏មានព្រះភាគដ៏ចម្រើន សេចក្ដីអស្ចារ្យមិនដែលបង្កើតមានហើយបង្កើតមានជាអស្ចារ្យពេកណាស់ព្រះសម្មាសម្ពុទ្ធព្រះអង្គអាចដើម្បីធ្វើនូវជនទាំងឡាយជាមិច្ឆាទិដ្ឋិឱ្យជាបុគ្គលមានពុតកំណាចពុំមាន អាចធ្វើបុគ្គលជាមិច្ឆាទិដ្ឋិឱ្យត្រឡប់ទៅជាសម្មាទិដ្ឋិវិញបានដោយងាយ ។

សម្ដេចព្រះលោកនាថដ៏ទ្រង់នូវព្រះភាគព្រះអង្គបានស្ដាប់ពាក្យព្រះថេរៈឈ្មោះអានន្ទក្រាបទូលដូច្នោះហើយ ព្រះអង្គបានពោលទៅនឹងព្រះថេរៈឈ្មោះអានន្ទថា អានន្ទ ម្នាលភិក្ខុឈ្មោះអានន្ទ សេចក្ដីអស្ចារ្យនេះមិនទាន់ជាអស្ចារ្យប៉ុន្មានទេ ព្រោះវិស័យនេះជាវិស័យនៃព្រះពុទ្ធដែលបានត្រាស់ដឹងរួចហើយ ម្នាលភិក្ខុឈ្មោះអានន្ទ កាលពីដើមដែលព្រះតថាគតមានញាណពុំទាន់បានចាស់ទុំបរិបូណ៌នៅឡើយនោះ ហើយព្រះតថាគតអាចដើម្បីធ្វើនូវកិរិយាទូន្មានយក្សដែលមានចិត្តរបឹងរឹងរូសហើយធ្វើឱ្យជាយក្សមានចិត្តស្លូតត្រង់ មិនឱ្យមានពុតកំណាចខូចកាចឡើយ នេះទើបបានឈ្មោះថាជាអស្ចារ្យមែនពិត ។

លំដាប់នោះព្រះអានន្ទថេរ បានក្រាបទូលទៅព្រះដ៏មានព្រះភាគថា « ភន្តេ បពិត្រព្រះអង្គដ៏ចម្រើន ព្រះអង្គអាចដើម្បីធ្វើនូវយក្សទាំងឡាយដែលមានចិត្តរបឹងរឹងរូស ឱ្យជាយក្សមានពុតកំណាចពុំមាន ក្នុងកាលឯណាព្រះអង្គ ។

សម្ដេចព្រះមុនិន្ទជិនស្រីជាម្ចាស់ ទ្រង់បានសណ្ដាប់ហើយលើកឡើងនូវព្រះហស្ថខាងស្ដាំ ចង្អុលបង្ហាញនូវអង្គុលីមាលត្ថេរហើយសម្ដែងថា « ម្នាលភិក្ខុទាំងឡាយ អង្គុលីមាលត្ថេរដ៏ហើយមានអាយុនេះ កាលដើមឡើយបានបង្កើតជាយក្យកាចអាក្រក់អាស្រ័យនៅដើមជ្រៃមួយ ក្នុងព្រៃស្ងាត់តែងចាប់មនុស្សស៊ីជាអាហារ តែថាស្ដេចព្រះវេស្សវ័ណរាជបើកអំណាចឱ្យចាប់បានតែមនុស្សមិនចេះមលតរធម៌ចូលមកជ្រកក្រោមម្លប់ជ្រៃទើបចាប់ស៊ីជាអាហារបាន ។

ម្នាលភិក្ខុទាំងឡាយ កាលនោះមានស្ដេចមួយព្រះអង្គទ្រង់ព្រះនាមព្រះបាទធនេញ្ជយ្យកោរព្យរាជ សោយរាជសម្បត្តិក្នុងនគរឥន្ទបថ ព្រះអគ្គមហេសីទ្រង់ព្រះនាមអតុលាទេវី ជាចម្បងលើស្ត្រីទាំងឡាយ ១ ម៉ឺន ៦ ពាន់ ។ មានព្រាហ្មណ៍ម្នាក់ឈ្មោះទុជ្ជព្រាហ្មណ៍ជាបុរោហិត អ្នកទូន្មានប្រៀនប្រដៅនូវអត្ថនិងធម៌ដល់ស្ដេចនោះ មានសេនាបតី ១ ឈ្មោះខុជ្ជុតសេនាបតី ។ ស្ដេចនោះប្រកបព្រមដោយសេនាប្រកបដោយអង្គ ៤ មានពពួកពលមួយអក្ខោភិនី មានស្រុកសួយធំទាំងឡាយសម្រាប់ឡើង ៤ ស្រុក គឺបាចិនគ្រាមទ្វារខាងកើត ១ ទក្ខិណគ្រាមទ្វារខាងត្បូង ១ បច្ឆិមគ្រាមទ្វារខាងលិច ១ ឧត្តរគ្រាមទ្វារខាងជើង ១ សម្រាប់ឡើងសួយដល់ស្ដេចនោះ ក្នុងទ្វារនៃនគរទាំង ៤ ។

នគរនោះមានសេដ្ឋីធំ ៤ គឺធនេញ្ជយ្យសេដ្ឋីស្ថិតនៅក្នុងបាចិនគ្រាមខាងកើត វិសាលសេដ្ឋីស្ថិតនៅក្នុងទក្ខិណគ្រាមខាងត្បូង សុចិសេដ្ឋីស្ថិតនៅក្នុងបច្ចិមគ្រាមខាងលិច សុទស្សនសេដ្ឋីស្ថិតនៅក្នុងឧត្តរគ្រាមខាងជើង សេដ្ឋីធំទាំង ៤ នោះសេដ្ឋីធំមួយៗ មានសេដ្ឋីតូច ៥០០ ជាបរិវារ តែងចាត់ការគ្រប់ចំពូកបម្រើសេដ្ឋីធំទាំង ៤ នោះ ។

ឯប្រពន្ធនៃធនេញ្ជយ្យសេដ្ឋី ដែលជាអគ្គភរិយាដ៏ប្រសើរឈ្មោះនាងសុខុមាលី ជាស្ត្រីប្រកបដោយលក្ខណាល្អ ក្នុងវេលាបែកបច្ចូសសម័យ ព្រះបរមពោធិសត្វព្រះអង្គទ្រង់ច្យុតិចុះចាកតាវត្តិង្សភព ហើយចាប់បដិសន្ធិក្នុងផ្ទៃនៃនាងសុខុមាលីជាភរិយានៃធនេញ្ជយ្យសេដ្ឋីនោះឯង ។

ចំណែកខាងទេវបុត្រទាំងឡាយដទៃ ៥០០ ក៏ច្យុតិចុះមកចាប់បដិសន្ធិក្នុងផ្ទៃនៃសេដ្ឋីទាំង ៥០០ ជាបរិវារនៃធនេញ្ជយ្យសេដ្ឋីនោះ ។

ឯព្រះបាទធនេញ្ជយ្យកោរព្យរាជ ព្រះអង្គស្ដេចផ្ទំលើទីដំណេកដ៏មានសិរីសួស្ដី ហើយទ្រង់បានឃើញសុបិននិម្មិត​ជាអស្ចារ្យ ឯសុបិននិម្មិតនោះឃើញហាក់ដូចព្រះអង្គ គឺបរិស័ទមានប្រមាណច្រើនចោមរោមជាបរិវារ ហើយព្រះអង្គគង់ពែនលើភ្នែនសីហាសនៈ​ដ៏ប្រសើរ ក្នុងកាលនោះមានគំនរភ្លើងធំមានប្រមាណប៉ុនដើមត្នោតតាំងឡើងក្នុងមុខព្រះលាន មានផ្កាកុមុទធំមួយប្រមាណប៉ុនកង់ចក្រ ផុសឡើងក្នុងកណ្ដាលនៃគំនរភ្លើងនោះ ហើយប្រព្រឹត្តកន្លងនូវគំនរនៃភ្លើងប៉ុនដើមត្នោតនោះ តាំងឡើងដោយកម្ពស់ ឯផ្កាកុមុទនោះទៀតឱនចុះទៅកាន់រោងមហាវិនិច្ឆ័យនៃស្ដេច ហើយទទួលព្រមនូវស្ដេច ៗ ឡើងគង់លើផ្ទៃនៃផ្កាកុមុទនោះ ហើយទ្រង់ពែននូវព្រះភ្នែនហើយអណ្ដាតភ្លើងនោះក៏រលត់ទៅ លុះអណ្ដាតភ្លើង​រលត់ទៅហើយ ចំណែកឯផ្កាកុមុទក៏ញ៉ាំងពន្លឺឱ្យភ្លឺរុងរឿងផ្សាយទៅក្នុងជម្ពូទ្វីបទាំងអស់ ។

ព្រះបរមក្សត្រ បានឃើញសុបិននិម្មិតនេះហើយតើនឡើងហើយទ្រង់នូវសរីរកិច្ចអំពីព្រឹក ស្រេចហើយស្ដេចយាងទៅគង់លើរាជបល្លង្ក ក្នុងកណ្ដាលនៃពពួកអាមាត្រក្នុងចុងព្រះរាជរោងហើយស្ដេចហៅបុរោហិតចូលមកដល់ហើយ ទ្រង់ញ៉ាំងបុរោហិតនោះឱ្យទំនាយនូវសុបិននិម្មិតនោះ តាមទំនងនៃសុបិននិម្មិតដែលព្រះអង្គបានឃើញនោះមែនពិត ។

ឯព្រាហ្មណ៍បុរោហិត បានព្យាករណ៍ទំនាយសុបិននិម្មិតនោះថ្វាយព្រះបរមក្សត្រនោះថា បពិត្រមហារាជ ឯគំនរភ្លើងធំប្រាកដស្មើដោយអ្នកប្រាជ្ញរបស់ព្រះអង្គនោះឯង ឯផ្កាកុមុទប្រាកដស្មើដោយអ្នកប្រាជ្ញកើតឡើងហើយ អ្នកប្រាជ្ញនោះដ៏អាចដើម្បីរើឡើងនូវព្រះអង្គឱ្យរួច អំពីទីដែលមានពៀរដោយពិត ឯភ្លឺគឺប្រាជ្ញានៃអ្នកប្រាជ្ញនោះ ដ៏អាចដើម្បីរើធ្វើនូវព្រះអង្គហើយភ្លឺរុងរឿងផ្សាយទៅក្នុងជម្ពូទ្វីបទាំងអស់ពុំមានសល់ ។

ព្រះបាទធនេញ្ជយ្យកោរព្យរាជ ទ្រង់បានសណ្ដាប់ទំនាយនោះហើយមានព្រះរាជឱង្ការសួរថា « ម្នាលបុរោហិតអ្នកប្រាជ្ញនោះកើតក្នុងទីកន្លែងឯណា ។

បុរោហិតក្រាបទូលថា បពិត្រព្រះសម្មតិទេព អ្នកប្រាជ្ញនោះបានមកចាប់បដិសន្ធិក្នុងផ្ទៃមាតាជាគម្រប់ ១០ ខែហើយនឹងប្រសូតចេញអំពីផ្ទៃនៃមាតាក្នុងថ្ងៃនេះឯង ។

កាលនោះនាងសុខុមាលី ជាភរិយានៃធនេញ្ជយ្យសេដ្ឋីបានទ្រង់គភ៌គ្រប់ ១០ ខែបរិបូណ៌ហើយ នាងបានប្រសូតនូវបុត្រប្រុសហើយ ក្នុងវេលាបច្ចូសសម័យរស្មីព្រះអាទិត្យរះឡើងពេញកម្លាំង ខែចេត្រប្រកបដោយនក្ខត្តឫក្សដ៏ប្រសើរ ។

គ្រានោះប្រពន្ធនៃសេដ្ឋីជាបរិវារទាំង ៥០០ នោះក៏បានប្រសូតនូវកូនប្រុសទាំងឡាយ ៥០០ ព្រមគ្នាទាំងអស់ក្នុងថ្ងៃនោះ ។

ឯស្គរនន្ទភេរីជ័យនៃស្ដេចនោះក៏លាន់ឮសន្ធឹកដោយខ្លួនឯង ឥតមានអ្នកឯណាវាយឡើយ ឮផ្សាយទៅក្នុងដែនកុរុទាំងអស់ជាអស្ចារ្យ ក្នុងកាលដែលព្រះបរមពោធិសត្វប្រសូត​ចេញពីផ្ទៃនៃមាតានោះ ។ ញាតិទាំងឡាយមានសេដ្ឋីជាដើមបានឱ្យឈ្មោះដល់កុមារនោះហៅថា ធនេញ្ជយ្យកុមារ ក្នុងថ្ងៃដែលជាទីកាន់យកនូវនាម ។

ព្រះបាទធនេញ្ជយ្យកោរព្យរាជ ទ្រង់បានឮសំឡេងស្គរនន្ទភេរីជ័យ លាន់ឮសន្ធឹកដោយខ្លួនឯងដូច្នោះហើយក៏មានព្រះហឫទ័យតក់ស្លុតញាប់ញ័រ ត្រាស់បង្គាប់ឱ្យហៅបុរោហិតមកដល់ហើយ ទ្រង់សួរថា ម្នាលព្រាហ្មណ៍ ស្គរនន្ទភេរីជ័យញ៉ាំងសំឡេងឱ្យលាន់ឮសន្ធឹកដោយខ្លួនឯងយ៉ាងនេះ តើព្រោះហេតុអ្វី ។

ព្រាហ្មណ៍បុរោហិតក្រាបទូលថា បពិត្រមហារាជ ព្រះអង្គកុំខ្លាចឡើយពុំមានអន្តរាយអ្វីទេ អ្នកប្រាជ្ញបានកើតហើយក្នុងថ្ងៃនេះ ។

ស្ដេចបានស្ដាប់ពាក្យបុរោហិតទូលដូច្នោះហើយ ទ្រង់ចាត់អាមាត្រទាំងឡាយ ៤ នាក់ ឱ្យចេញទៅតាមទ្វារព្រះនគរទាំង ៤ ស៊ើបសួររកកូនទាំងឡាយដែលកើតក្នុងថ្ងៃនោះ គ្រប់ទិសទាំង ៤ ។

អាមាត្រម្នាក់ចេញតាមទ្វារខាងកើត បានដឹងដំណឹងថាកូននៃធនេញ្ជយ្យសេដ្ឋីកើតហើយ មួយអន្លើដោយទារកទាំង ៥០០ ដែលជាបរិវារក្នុងផ្ទះនោះ ហើយត្រឡប់មកវិញយកសេចក្ដីក្រាបទូលដល់ព្រះបរមក្សត្រនោះ ។

ព្រះបាទធនេញ្ជយ្យកោរព្យរាជ ទ្រង់បានស្ដាប់ព័ត៌មាននោះហើយ មានព្រះរាជហឫទ័យពេញទៅដោយបីតិសោមនស្សជ្រះថ្លា ហើយស្ដេចប្រទានប្រាក់ ១ ពាន់កហាបណៈឱ្យជាថ្លៃទឹកដោះ មួយអន្លើដោយស្រីមេនំ ៤ និងគ្រឿងសម្រាប់ប្រដាប់នូវកុមារដល់ធនេញ្ជយ្យសេដ្ឋី ស្ដេចព្រះរាជទានប្រាក់ ៥០០ កហាបណៈមួយអន្លើដោយស្រីមេនំមួយ ៗ សម្រាប់ចិញ្ចឹមនូវកុមារទាំងឡាយតែចម្រើនវ័យធំឡើងហើយ អញនឹងសួរប្រស្នាល្បងប្រាជ្ញាមើល ។

អបរភាគេ កាលជាចំណែកខាងក្រោយ ធនេញ្ជយ្យកុមារក៏បានចម្រើនវ័យធំឡើង មួយអន្លើដោយកុមារទាំងឡាយជាបរិវារដ៏មានរូបឆោមលោមពណ៌ជាអស្ចារ្យ ។

ឯកុមារទាំង ៥០០ នោះ ក៏តាមចោមរោមជាបរិវារនៃព្រះបរមពោធិសត្វនោះ អស់កាលជានិច្ចមែនពិត តែងរត់លេងជាមួយនឹងព្រះបរមពោធិសត្វនោះ ដ៏ជានិច្ចពុំដែលដាច់ឡើយ ។

សម្ដែងរឿង ឧប្បត្តិហេតុកើតឡើងជាខាងដើម នៃព្រះបរមពោធិសត្វ ទ្រង់ព្រះនាមធនេញ្ជយ្យកុមារ ក៏ចប់សេចក្ដីដោយសង្ខេបតែប៉ុណ្ណោះឯង ។

វិតក្កបញ្ហា ប្រស្នាសួរពីសេចក្ដីត្រិះរិះ

រឿងនេះតគ្នាមកសម្ដែងសេចក្ដីថា នាកាលកុមារទាំងឡាយមានធនេញ្ជយ្យកុមារជាដើមនោះ ចម្រើនវ័យធំឡើងបានអាយុ ៧ ឆ្នាំ បរិបូណ៌ហើយ ព្រះបាទធនេញ្ជយ្យកោរព្យរាជព្រះអង្គមានប្រាថ្នាដើម្បីល្បងមើលនូវកុមារទាំងឡាយនោះហើយស្ដេចសួរទៅបុរោហិតថា អាចរិយ ម្នាលអាចារ្យ កុមារទាំងឡាយនោះគឺយើងគប្បីល្បងមើលដោយភាវៈ​នៃកុមារទាំងឡាយនោះជាអ្នកប្រាជ្ញនិងមិនមែនជាអ្នកប្រាជ្ញ ក្នុងកាលឥឡូវនេះ ។

ឯព្រាហ្មណ៍បុរោហិត ក្រាបទូលថា បពិត្រមហារាជបើព្រះអង្គចង់ជ្រាបនូវកុមារទាំងឡាយនោះ ព្រះអង្គគប្បីល្បងមើលឥឡូវនេះ ។

សម្ដេចព្រះជនាធិបតីស្ដេចសួរថា ម្នាលបុរោហិត កុមាទាំងឡាយនោះ គឺយើងគប្បីល្បងមើល យ៉ាងដូចម្ដេច ។

បុរោហិតក្រាបទូលថា បពិត្រមហារាជបើដូច្នោះកុមារទាំងឡាយនោះ គឺយើងគប្បីល្បងមើល យ៉ាងដូចម្ដេច ។

បុរោហិតក្រាបទូលថា បពិត្រមហារាជបើដូច្នោះកុមារទាំងឡាយនោះ គឺយើងទាំងឡាយគប្បីសួរដោយកិរិយាល្បងមើលនូវវិតក្ក​គឺសេចក្ដីត្រិះរិះគិតក្នុងគំនិត ។

ស្ដេចទ្រង់បានសណ្ដាប់ហើយ ទ្រង់ទទួលព្រមថាសាធុៗ ហើយបង្គាប់ឱ្យហៅអាមាត្រជាបណ្ឌិតមួយមក ហើយស្ដេចត្រាស់បង្គាប់ថា អ្នកឯងត្រូវចូលទៅកាន់សម្នាក់នៃធនេញ្ជយ្យសេដ្ឋីហើយត្រូវប្រជុំនូវកុមារក្មេងទាំងអស់នោះ សួរថាសេចក្ដីវិតក្ក​គំនិតអ្នកត្រិះរិះដូចម្ដេច ហើយត្រូវសួរធនេញ្ជយ្យកុមារជាខាងក្រោយជាងកុមារទាំងពួង សេចក្ដីវិតក្កឯណា ៗ គឺកុមារទាំងឡាយឯណាបានពោលហើយ អ្នកឯងត្រូវសរសេរកត់ត្រា នូវពាក្យទាំងឡាយនៃកុមារទាំងឡាយនោះហើយត្រូវយកមកប្រាប់ដល់អញ ។

អាមាត្យនោះបានទទួលព្រះរាជឱង្ការត្រាស់បង្គាប់ដូច្នោះហើយ លើកនូវអញ្ជលីដាក់លើសិរសីថ្វាយបង្គំលាចេញទៅធនេញ្ជយ្យសេដ្ឋីនូវក្នុងទីណាក៏ចូលទៅក្នុងទីនោះ បានប្រាប់នូវអាជ្ញាស្ដេចដល់សេដ្ឋីនោះ ហើយប្រជុំនូវសេដ្ឋីទាំង ៥០០ មួយអន្លើដោយទារកទាំងនោះក្នុងសណ្ឋាគារស្ថានរោងសម្រាប់ទទួលភ្ញៀវ ហើយសួរនូវកុមារទាំងអស់នោះ សួរកុមារមួយម្ដងៗ ថា សេចក្ដីវិតក្កដូចម្ដេច នាកាលពាក្យពោលគឺកុមារទាំងនោះ មិនអង់អាចនឹងឆ្លើយបាន ហើយត្រឡប់ពោលតបវិញ ថាសេចក្ដីវិតក្កអ្វី ហើយសួរនូវធនេញ្ជយ្យកុមារ ជាខាងក្រោយជាងកុមារទាំងពួងដូច្នេះ តាត ម្នាលបា សេចក្ដីត្រិះរិះដូចម្ដេច ។

ធនេញ្ជយ្យកុមារនោះ ស្ដាប់ហើយពោលថា សេចក្ដីវិតក្ករបស់ខ្ញុំមាន ៤ គឺ រណ្ដៅ ១ ផ្លែត្រឡាច ១ ស្រីមានគភ៌ ១ រោមចិញ្ចើម ១ ។

អាមាត្យបានស្ដាប់ហើយសួរថា កថំកូបំ សេចក្ដីបរិវិតក្កនូវរណ្ដៅដោយដោយប្រការដូចម្ដេច ។

ព្រះបរមពោធិសត្វស្ដាប់ហើយពោលថា ភោ ម្នាលអ្នកដ៏ចម្រើន ជនទាំងឡាយជីកនូវផ្ទៃនៃផែនដីដ៏ស្មើដោយចបជីក ហើយធ្វើជារណ្ដៅដ៏មានជម្រៅ ធ្វើនូវអាចម៍ដីទាំងអស់ឱ្យជាគំនរ ហើយលើកឡើងនូវសសរមួយដាំទៅក្នុងរណ្ដៅ ហើយលប់នូវអាចម៍ដីទាំងអស់ក្នុងរណ្ដៅនោះ ហើយបុកបង្ហាប់ដោយអង្រែអាចម៍ដីទាំងអស់ក្នុងរណ្ដៅនោះ ហើយបុកបង្ហាប់ដោយអង្រែអាចម៍ដីបានជាពុំពេញរណ្ដៅព្រោះហេតុអ្វី  សេចក្ដីបរិវិតក្ករបស់ខ្ញុំនោះជាបឋមមែនពិត ។

អាមាត្យនោះក៏បានសរសេរកត់ត្រាពាក្យនេះសព្វគ្រប់ហើយ សួរតទៅទៀតថាសេចក្ដីបរិវិតក្កនូវផ្លែត្រឡាចនោះដោយប្រការដូចម្ដេច ។

ព្រះបរមពោធិសត្វ ស្ដាប់ហើយពោលថា ភោ ម្នាលគ្នាយើងដ៏ចម្រើន ផ្លែត្រឡាចធំប្រមាណប៉ុនផើងដាក់ទឹក អាស្រ័យនូវវល្លិដើមតូចតែមួយហើយស្ថិតនូវបាន វល្លិនោះពុំបានដាច់ទៅមែនពិត ឯវល្លិត្រឡាចនោះពុំបានដាច់ទៅព្រោះហេតុអ្វី សេចក្ដីវិតក្ករបស់ខ្ញុំនេះជាគម្រប់ ២ មែនពិត ។

 អាមាត្យនោះបានសរសេរកត់ត្រា ពាក្យនេះសព្វគ្រប់ហើយសួរតទៅទៀតថា សេចក្ដីវិតក្កនូវស្ត្រីមានគភ៌នោះដោយប្រការដូចម្ដេច ។

ធនេញ្ជយ្យកុមារ ស្ដាប់ហើយពោលថា ភោ ម្នាលអ្នកដ៏ចម្រើន ឈ្មោះថាស្ត្រីតែងបរិភោគនូវបាយចំនួនអង្ករ ២ នាឡិ ក្នុងមួយថ្ងៃដោយប្រក្រតី ចាប់ផ្ដើមមកតាំងតែអំពីមានគភ៌ឡើងដរាបដល់ប្រសូតចេញ នៅតែបរិភោគបាយអស់អង្ករ ២ នាឡិ ៗ ដដែល ស្ត្រីនោះមានគភ៌ចាស់ហើយ រិតតែមានសេចក្ដីស្រេកឃ្លានច្រើនឡើងរឿយៗ ស៊ីចំណីអាហារក៏ស៊ីរឿយៗ រក្សានូវកូនរក្សានូវបាយពុំចង្អៀតតឹងពោះ ដោយប្រការដូចម្ដេច សេចក្ដីបរិវិតក្ករបស់ខ្ញុំជាគម្រប់ ៣ មែនពិត ។

អាមាត្យនោះក៏បានសរសេរកត់ត្រា ពាក្យនោះសព្វគ្រប់ហើយ សួរតទៅទៀតថា សេចក្ដីវិតក្កនូវរោមចិញ្ចើមដូចម្ដេចហ៎្ន ។

 ព្រះបរមពោធិសត្វ បានស្ដាប់ហើយពោលថា ភោ ម្នាលអ្នកដ៏ចម្រើន ចំណែកឯរោមចិញ្ចើមនៃបុរសទាំងឡាយ គឺបុរសទាំងឡាយនោះពុំដែលដកសោះ ចំណែកឯពុកចង្កាទាំងឡាយក៏ដុះលូតឡើងវែងរហ័សមែនពិត ឯរោមចិញ្ចើមពុំបានដកកាត់កោរសោះហើយពុំបានដុះឡើងវែង ឯពុកចង្កាដកកាត់កោររឿយៗ ចេះតែលូតវែងឡើងរហ័សព្រោះហេតុអ្វី សេចក្ដីវិតក្ករបស់ខ្ញុំ ជាគម្រប់ ៤ មែនពិត ។

អាមាត្រនោះបានស្ដាប់ហើយក៏សរសេរកត់ត្រា ពាក្យនោះសព្វគ្រប់ហើយ ក៏ចូលទៅកាន់រាជនិវេសនដ្ឋាន បានយកលិខិតសញ្ញានោះថ្វាយដល់ព្រះបរមក្សត្រនោះ ។

ព្រះបាទធនេញ្ជយ្យកោរព្យរាជ បានអាននូវសេចក្ដីសំបុត្រនោះហើយទ្រង់រំពឹងពិចារណាមើល មិនអាចដើម្បីដឹងនូវសេចក្ដីអធិប្បាយនៃប្រស្នានោះសោះ សម័យនោះស្ដេចក៏បានឱ្យជំនុំនូវមហាជនទាំងឡាយ មានស្ដេចចំណុះនិងឧបរាជ មហាអាមាត្យ សេនាបតី ព្រាហ្មណ៍បុរោហិត  និងអ្នកប្រាជ្ញជាដើមមកចួបជុំហើយ ស្ដេចត្រាស់បង្គាប់ឱ្យពិចារណាមើលនូវសេចក្ដីអធិប្បាយនៃប្រស្នាទាំងឡាយនោះ ។

មហាជនទាំងឡាយទាំងអស់នោះ ខំត្រិះរិះរំពឹងពិចារណានូវសេចក្ដីអធិប្បាយនៃប្រស្នានោះ ទាល់គំនិតគិតដូចម្ដេចក៏ពុំអាចដើម្បីដឹងនូវសេចក្ដីអធិប្បាយនៃប្រស្នានោះឡើយ ។

ចំណែកខាងបុរោហិត ក្រាបទូលថា បពិត្រមហារាជ ប្រស្នានេះជាប្រស្នារបស់បុគ្គលឯណា ។

ស្ដេចក៏មានព្រះរាជឱង្ការប្រាប់ថា ប្រស្នានេះជាប្រស្នារបស់ធនេញ្ជយ្យកុមារជាបុត្រនៃធនេញ្ជយ្យសេដ្ឋី ។

បុរោហិតស្ដាប់ហើយក្រាបទូលថា បពិត្រមហារាជបុគ្គលឯណានីមួយ ក៏គង់តែពុំអាចដើម្បីដឹងនូវសេចក្ដីអធិប្បាយនៃប្រស្នាទាំងឡាយ ។

សម្ដេចព្រះភូមិន្រ្ទាធិបតី ស្ដេចបានស្ដាប់ពាក្យបុរោហិតនោះហើយ គឺសេចក្ដីក្រោធពិរោធគ្របសង្កត់ព្រះអង្គ ស្ដេចទ្រង់ខ្ញាល់ជាខ្លាំង ហើយមានព្រះបន្ទូលថា ភោន្តោ ម្នាលអ្នកទាំងឡាយដ៏ចម្រើន សេចក្ដីវិតក្កជាសេចក្ដីវិតក្កនៃទារកតូច ថាបើសេចក្ដីវិតក្កនេះ ជាសេចក្ដីវិតក្កនៃបុគ្គលទាំងឡាយចាស់ជាអ្នកឆ្លាសវាងវៃទៅរ៉ា អញក៏មិនថាអ្វីដែរ បុគ្គលដូចម្ដេចគប្បីអាចដើម្បីដឹងនូវសេចក្ដីអធិប្បាយនៃប្រស្នានេះ ចាប់ផ្ដើមតាំងតែអំពីថ្ងៃនេះទៅកិច្ចទាំងឡាយទាំងពួងគឺអ្នកទាំងឡាយគប្បីធ្វើតែក្នុងវេលាថ្ងៃ ដល់វេលាយប់គឺអ្នកទាំងឡាយគប្បីរំពឹងពិចារណាមើល នូវសេចក្ដីអធិប្បាយនៃប្រស្នាទាំងឡាយនេះឱ្យដឹងសព្វគ្រប់ ។

 អាមាត្យទាំងឡាយទាំងពួង ក៏បានទទួលព្រមតាមព្រះរាជឱង្ការហើយបបួលគ្នាប្រជុំ ត្រិះរិះគិតរំពឹងពិចារណារកនូវសេចក្ដីអធិប្បាយនៃប្រស្នាទាំងឡាយនោះដរាបដល់ថ្ងៃជាគម្រប់ ៧ ក៏ពុំអាចដឹងនូវសេចក្ដីអធិប្បាយនៃប្រស្នានោះឡើយ លុះដល់ថ្ងៃជាគម្រប់ ៨ វេលាបុព្វណ្ហសម័យពេលព្រឹកព្រហាម ព្រាហ្មណ៍បុរោហិតបានក្រាបទូលព្រះបរមក្សត្រដូច្នេះថា បពិត្រមហារាជ ធនេញ្ជយ្យកុមារទើបអាចដើម្បីដឹងនូវសេចក្ដីអធិប្បាយនៃប្រស្នាទាំងនេះបាន ភាវៈនៃធនេញ្ជយ្យកុមារនេះជាបណ្ឌិតក៏គឺព្រះអង្គគប្បីល្បងមើលក្នុងកាលឥឡូវនេះ ។

ព្រះបាទធនេញ្ជយ្យកោរព្យរាជ ទ្រង់បានសណ្ដាប់ហើយក៏បានទទួលព្រមតាមពាក្យបុរោហិតនោះ ថាសាធុៗ ហើយស្ដេចចាត់សេវកាមាត្យឱ្យសរសេរសំបុត្រចុតហ្មាយ រួចស្រេចស្ដេចត្រាស់បង្គាប់ប្រើបុរសម្នាក់មានជើងលឿន ឱ្យនាំចុតហ្មាយនោះទៅឱ្យដល់សេដ្ឋី ឯសេចក្ដីចុតហ្មាយនោះថា ត្រូវឱ្យធនញ្ជេយ្យសេដ្ឋីនិងសេដ្ឋីទាំង ៥០០ នាំយកទារកទាំង ៥០០ និងធនេញ្ជយ្យកុមារ ចូលមកកាន់សម្នាក់យើងកុំខានឡើយ ។

ឯបុរសនោះបានទទួលស្ដាប់ចុតហ្មាយនោះហើយ ក៏នាំយកទៅឱ្យសេដ្ឋីទាំងឡាយមានធនេញ្ជយ្យសេដ្ឋីជាដើមនោះ ។

សេដ្ឋីទាំងឡាយមានធនេញ្ជយ្យសេដ្ឋីជាដើម បានអានសេចក្ដីចុតហ្មាយនោះដឹងសេចក្ដីសព្វគ្រប់ហើយ បានប្រជុំព្រមនូវធនេញ្ជយ្យកុមារមួយអន្លើដោយទារកទាំង ៥០០ មកចួបជុំហើយ ក៏បានប្រាប់នូវព័ត៌មាននេះដោយសព្វគ្រប់ ។

ឯធនេញ្ជយ្យកុមារ បានស្ដាប់នូវព័ត៌មាននោះហើយពោលទៅនឹងបុរសនោះថា ខ្ញុំពុំអាចដើម្បីនឹងទៅក្នុងថ្ងៃនេះឡើយ ព្រោះហេតុដូច្នេះខ្ញុំនឹងទៅក្នុងថ្ងៃស្អែក ។

ឯបាទមូលិកបុរស មានជើងលឿននោះបានស្ដាប់ពាក្យនោះហើយ ក៏ត្រឡប់វិលវិញយកសេចក្ដីក្រាបបង្គំទូលដល់ស្ដេចតាមន័យនោះមែនពិត ។

ព្រះបាទធនេញ្ជយ្យកោរព្យរាជ ទ្រង់បានសណ្ដាប់ពាក្យនោះហើយ ស្ដេចឱ្យឃោសនាប្រាប់ដល់សេនាបតី បុរោហិតនិងព្រាហ្មណ៍ជាអ្នកប្រាជ្ញទាំងឡាយថា ក្នុងថ្ងៃស្អែកនោះត្រូវអ្នកទាំងឡាយប្រជុំគ្នាព្រមក្នុងមហាតលស្ថានឱ្យមកព្រមព្រៀងគ្នា ខានពុំបានឡើយ ។

 គ្រានោះសេដ្ឋីទាំងឡាយទាំងពួង ចាត់ចែងនូវគ្រឿងបណ្ណាការទាំងឡាយ សេដ្ឋីពួកខ្លះកាន់យកកែវពិទូរ្យ​ សេដ្ឋីពួកខ្លះកាន់យកកែវ ៧ ប្រការ សេដ្ឋីពួកខ្លះកាន់យកកែវមណីនិងកែវមុក្តា សេដ្ឋីពួកខ្លះកាន់យកកែវឥន្ទនិល សេដ្ឋីពួកខ្លះកាន់យកកែវផលិក ធ្វើឱ្យជាគ្រឿងបណ្ណាការមានតម្លៃច្រើនបញ្ជូនឱ្យទៅធនេញ្ជយ្យសេដ្ឋី ។

ចំណែកឯធនេញ្ជយ្យសេដ្ឋី ក៏បានសួរធនេញ្ជយ្យកុមារដូច្នេះថា តាត ម្នាលកូន គ្រឿងបណ្ណាការទាំងអស់នេះគ្រឿងបណ្ណាការដូចម្ដេច ជាទីគាប់ចិត្តអ្នក ។

ឯធនេញ្ជយ្យកុមារ ក៏បានពោលទៅនឹងសេដ្ឋីវិញថា បពិត្រសេដ្ឋី កិរិយាធ្វើនូវកែវមណីជោតិមានប្រមាណប៉ុនផ្លែត្នោតឱ្យជាគ្រឿងបណ្ណាការដល់ខ្ញុំទើបគួរ ហើយបញ្ជូននូវគ្រឿងបណ្ណាការនោះត្រឡប់ទៅវិញ ពុំទទួលយកឡើយ ។

កាលនោះធនេញ្ជយ្យសេដ្ឋីមានសេដ្ឋីទាំងពួងជាបរិវារចូលទៅកាន់រាជនិវេសនដ្ឋាន ឡើងទៅកាន់ចុងព្រះរាជរោងហើយតម្កល់នូវអញ្ជលីលើសិរសី ថ្វាយបង្គំសម្ដេចព្រះទីបទិន្នាធិបតីជាក្សត្រដ៏ប្រសើរ ហើយអង្គុយនៅក្នុងទីដ៏សមគួរមួយ ។

ព្រះបរមក្សត្រ បានឃើញគហបតីទាំងឡាយមកចួបជុំដូច្នោះហើយ ស្ដេចក៏ដល់នូវសេចក្ដីសោមនស្សជ្រះថ្លាក្នុងព្រះរាជហឫទ័យ សួរថាម្នាលគហបតីទាំងឡាយដ៏ចម្រើន ធនេញ្ជយ្យកុមារនឹងមកក្នុងកាលឯណា ។

ធនេញ្ជយ្យសេដ្ឋី បានស្ដាប់ព្រះរាជឱង្ការសួរដូច្នោះហើយក្រាបទូលថា បពិត្រមហារាជ ធនេញ្ជយ្យកុមារនឹងមកក្នុងកាលឥឡូវនេះពុំខានឡើយ ។

គ្រានោះធនេញ្ជយ្យកុមារគឺកូនសេដ្ឋីទាំង ៥០០ ចោមរោមជាបរិវារមានសំពត់មានពណ៌សបានស្លៀកដណ្ដប់ហើយដៃកាន់នូវប្រទីបមានដងជាវិការនៃមាស ប្រាថ្នាដើម្បីធ្វើឱ្យជាគ្រឿងបណ្ណាការនោះ ហើយបានទៅដល់ព្រះរាជត្រកូលឡើងកាន់មហាតលស្ថានដ៏ប្រដាប់ដោយប្រពៃ ហើយញ៉ាំងកុមារទាំងឡាយនោះឱ្យតម្កល់ចុះនូវប្រទីបទាំងឡាយនោះដោយលំដាប់និងលំដាប់ហើយថ្វាយបង្គំស្ដេចដោយគោរព ស្រេចហើយអង្គុយព្រមគ្នាក្នុងទីសមគួរមួយតាមលំដាប់គ្នា ។

រាជបុរសទាំងឡាយទាំងអស់នោះ មានសេនាបតីព្រាហ្មណ៍និងបុរោហិតជាដើម បានឃើញនូវរូបសិរីនៃព្រះបរមពោធិសត្វនោះហើយ មានចិត្តភិសវង់​ស្ញប់ស្ងែងចរចារសរសើរប្រាប់គ្នាទៅវិញទៅមក ។

ព្រះបាទធនេញ្ជយ្យកោរព្យរាជ បានទតឃើញព្រះបរមពោធិសត្វនោះហើយ ស្ដេចដល់នូវសេចក្ដីសោមនស្សជ្រះថ្លាមានព្រះរាជឱង្ការសួរថា ធនេញ្ជយ្យ ម្នាលកុមារឈ្មោះធនេញ្ជយ្យ ប្រទីបដែលមានដងទាំងឡាយនេះ ដូចម្ដេចហ៎្ន ។

ធនេញ្ជយ្យកុមារនោះ បានបង្អោនទៅនូវអញ្ជលីហើយក្រាបទូលថា បពិត្រព្រះសម្មតិទេព ខ្ញុំកាន់យកនូវប្រទីបទាំងឡាយនេះដើម្បីឱ្យជាគ្រឿងបណ្ណាការដល់ព្រះអង្គ ដើម្បីប្រយោជន៍ដល់អណ្ដាតភ្លើង ។

មហាជនទាំងឡាយទាំងអស់នោះ ស្ដាប់ហើយអស់សំណើចសើចចំអកឡកឡាយដោយសំឡេងអ៊ឹកធឹកវឹកវរ ដោយគំនិតគិតថាប្រទីបមានដងទាំងឡាយនេះ មិនមានឧបការប៉ុន្មានទេ មិនជាថ្លៃថ្នូរប៉ុន្មានទេ ។

ស្ដេចក៏បានសួរតទៅទៀតថា ប្រយោជន៍អ្វីដោយប្រទីប ។

ធនេញ្ជយ្យកុមារនោះ ក្រាបទូលថា បពិត្រព្រះសម្មតិទេព ឯអណ្ដាតភ្លើងប្រទីបនេះមានឧបការច្រើនណាស់ ។

ព្រះបាទធនេញ្ជយ្យកោរព្យរាជ សួរតទៅទៀតថា ម្នាលធនេញ្ជយ្យកុមារ ពាក្យអ្នកពោលថាអណ្ដាត​ភ្លើង​ប្រទីបមានឧបការច្រើនណាស់ នោះតើមានឧបការដូចម្ដេច ។

ព្រះបរមពោធិសត្វ ក៏បានក្រាបទូលអធិប្បាយថា ទេវ បពិត្រព្រះសម្មតិទេព ធម្មតាឯភ្លើងទាំងអស់ ជាគ្រឿងសម្រេចប្រយោជន៍ទាំងពួង ដោយកិរិយាចម្អិននូវបាយនិងត្រីសាច់ខ្លះដោយកិរិយាចម្អិននូវទឹកក្ដៅខ្លះ ដើម្បីប្រយោជន៍ដល់កិរិយាបន្ទោបង់នូវរោគចាក់ដោតដោយសេចក្ដីត្រជាក់រងាខ្លះ ម្យ៉ាងវិញទៀត អណ្ដាតភ្លើងប្រទីបនោះ មានប្រមាណតិចដោយវិសេស ព្រោះហេតុដូច្នោះ បានជាមហាជនទាំងឡាយទាំងអស់នោះមើលងាយសើចចំអកក្រៃពេក បពិត្រព្រះសម្មតិទេព ឈ្មោះថារីភ្លើងនេះ តែងមានឧបការដល់កិច្ចទាំងឡាយមានកិរិយាចម្អិននូវបាយជាដើម តែបើភ្លើងតិចតួចពេក ក៏បង្កើតជាទីមើលងាយដល់ជនទាំងឡាយនោះដោយពិត មានសេចក្ដីឧបមាយ៉ាងណា ចំណែកឯបុរសដែលដល់នូវសេចក្ដីទាល់ក្រតែងបង្កើតជាទីមើលងាយដល់មនុស្សទាំងឡាយនោះ មានសេចក្ដីឧបមាយ៉ាងនោះដែរ បពិត្រព្រះសម្មតិទេព ភ្លើងនេះកាលបើឆេះនូវផ្ទះក្ដី នូវព្រៃក្ដី ហើយធ្វើនូវសន្ធឹកនៃអណ្ដាតភ្លើងនិងផ្សែងភ្លើងហើយ ក៏អាចបង្កើតជាទីខ្លាចតក់ស្លុតដល់មនុស្សទាំងឡាយនោះ មានសេចក្ដីឧបមាយ៉ាងណា មនុស្សដែលមានទ្រព្យមានសម្បត្តិច្រើន ដល់នូវយសសក្ដិនិងកិត្តិសព្ទគេសរសើហើយ ក៏បង្កើតជាទីតក់ស្លុតដល់មនុស្សទាំងឡាយនោះក្រៃពេក មានសេចក្ដីឧបមាយ៉ាងនោះដែរ ម្យ៉ាងវិញទៀត ឯអណ្ដាតភ្លើង តិចក្ដី ច្រើនក្ដី ក៏ទុកថាជាមានដោយចំណែកមួយដោយប្រការឯណា ឯមនុស្សជាអ្នកកម្សត់ក្ដី ជាអ្នកស្ដុកស្ដម្ភក្ដី ជាអ្នកមានយស​សក្ដិ​តូចក្ដី ជាអ្នកមានយសសក្តិធំក្ដី ក៏ទុកថាមានដោយចំណែកមួយ ដោយប្រការដូច្នោះដែរ ព្រះបរមពោធិសត្វអធិប្បាយដូច្នេះហើយ ក៏ពោលជាបទព្រះគាថាដូច្នេះថា ៖

អសហាយោសមត្ថោបិ     តេជសីកឹភវិស្សតិ

និវាតេជលិតោអគ្គិ          សយមេវោបសមតិ

អធិប្បាយថា ៗ បើបុគ្គលពុំមានមិត្តសម្លាញ់ហើយទុកជាមានតេជះអង់អាចហើយ នឹងធ្វើនូវការអ្វីជាធំបាន ធម្មតាឯភ្លើងបើឆេះក្នុងទីពុំមានខ្យល់ នឹងរលត់សូន្យទៅវិញដោយខ្លួនឯង ឆេះកាត់ច្រើនឡើងពុំបានដោយពិត ។

ព្រះគាថាដែលព្រះបរមពោធិសត្វទ្រង់សម្ដែងនេះមានច្រើន តែពុំបានសម្ដែងទេ ព្រោះសេចក្ដីប្រហែលៗគ្នា លុះដល់ព្រះបរមពោធិសត្វអធិប្បាយរឿងប្រស្នាសួរអំពីអណ្ដាតភ្លើង ជាសេចក្ដីសង្ខេបប៉ុណ្ណេះ ។

សម្ដេចព្រះនរិន្រ្ទាធិបតី ស្ដេចបានស្ដាប់នូវសេចក្ដីអធិប្បាយ នៃប្រស្នានេះហើយ ស្ដេចក៏មានសេចក្ដីសោមនស្សជ្រះថ្លា សួរទៅព្រះបរមពោធិសត្វនោះតទៅទៀតថា តាត ម្នាលបាធនេញ្ជយ្យកុមារ សេចក្ដីវិតក្កទាំង ៤ យ៉ាង ក៏សេចក្ដីវិតក្កទាំង ៤ នោះដូចម្ដេច អ្នកត្រូវសម្ដែងធ្វើឱ្យជាក់ច្បាស់នូវសេចក្ដីអធិប្បាយនៃវិតក្កទាំង ៤ យ៉ាងនោះមកមើល ។

ព្រះបរមពោធិសត្វ បានស្ដាប់ហើយក្រាបទូលព្រះបរមក្សត្រ ទេវ បពិត្រព្រះសម្មតិទេព ខ្ញុំជាទារកក្មេងនឹងអាចដឹងនូវសេចក្ដីអធិប្បាយនៃប្រស្នាទាំងឡាយនេះ គឺសេវកាមាត្យទាំងឡាយមានសេនាបតី បុរោហិតនិងរាជបណ្ឌិតជាដើមរបស់ព្រះអង្គគប្បីដឹង ចំណែកខាងធុជ្ជបុរោហិតនេះ ក៏ជាបុគ្គលចាស់ជាងខ្ញុំដ៏ឆ្លាតវាងវៃគួរតែអធិប្បាយថ្វាយព្រះអង្គ ចំណែកខាងខ្ញុំបានជាពោលយ៉ាងនេះព្រោះហេតុអ្វី ឯវិតក្កបញ្ហានេះជាការបន្តិចបន្តួច គឺទារកក្មេងបានពិចារណារំពឹងមើលហើយពុំទាន់មាន ម្យ៉ាងវិញទៀតពាក្យពោលដែលមានពីរោះក្នុងបទដើម បទកណ្ដាល និងបទចុង គឺបុគ្គលអ្នកពោលនូវសេចក្ដីអធិប្បាយត្រូវការដល់គ្រែនេះ ទើបសម្ដែងដោយប្រពៃបាន ព្រោះហេតុដូច្នោះពាក្យនេះជាពាក្យគប្បីអង្វរនូវព្រះអង្គដោយពិត ។

បពិត្រព្រះសម្មតិទេព កិរិយាសម្ដែងនូវសេចក្ដីអធិប្បាយនៃប្រស្នាទាំងឡាយនេះក្នុងទីនេះដូចម្ដេចជាទីគាប់ចិត្តដល់ខ្ញុំ ទើបខ្ញុំនឹងសម្ដែងបានដោយពិត ។

ឯព្រះបាទធនេញ្ជយ្យកោរព្យរាជ ទ្រង់ព្រះសណ្ដាប់ហើយស្ដេចបង្គាប់អាមាត្យឱ្យរៀបចំក្រាលនូវ​ធម្មាសនៈលើបល្លង្កដ៏ប្រសើរ មានស្វេត្រឆត្ត គឺបុគ្គលលើកឡើងព្រមហើយ ៗ ស្ដេចញ៉ាំងព្រះបរមពោធិសត្វនោះ ឱ្យអង្គុយនៅលើគ្រែធម្មាសនៈនោះ ។

ព្រះបរមពោធិសត្វនោះ ឡើងគង់ពែនភ្នែនលើធម្មាសនៈ ហើយក្រាបទូលស្ដេចថា បពិត្រព្រះសម្មតិទេព បណ្ដាសេចក្ដីវិតក្កទាំងឡាយនោះ សេចក្ដីវិតក្កជាបឋមគឺព្រះអង្គគប្បីដឹងច្បាស់ដោយប្រពៃ ខ្ញុំនឹងសម្ដែងអធិប្បាយតាមលំដាប់និងលំដាប់ ។

ព្រះបរមក្សត្រ ព្រះអង្គដល់សេចក្ដីសោមនស្សហើយពោលថា អ្នកត្រូវសម្ដែងនូវកូបវិតក្ក ជាបឋមមែនពិត តាមលំដាប់និងលំដាប់រៀបរៀងគ្នាតទៅ ។

 កាលនោះព្រះមហាសត្ត ព្រះអង្គពុំញាប់ញ័រដ៏ក្លៀវក្លាបីដូចជាកេសរសីហៈដ៏ប្រសើរ ទ្រង់ប្រកាសសម្ដែងនូវកូបវិតក្កបញ្ហាដូច្នេះថា ទេវ បពិត្រព្រះសម្មតិទេព ភូមិប្រទេសឯណាដ៏មានផ្ទៃស្មើល្អ បុគ្គលជីកនូវភូមិប្រទេសនោះហើយរើឡើងនូវអាចម៍​ដីធ្វើឱ្យជាគំនរ ធ្វើឱ្យជារណ្ដៅឱ្យមានជម្រៅ ហើយដាក់ចុះនូវសសរក្នុងរណ្ដៅនោះ ហើយលុបនូវអាចម៍ដីទាំងអស់នោះបុកបង្ហាប់ដោយអង្រែ បុគ្គលនោះប្រមូលមកនូវអាចម៍ដីទាំងអស់នោះ ដើម្បីញ៉ាំងរណ្ដៅឱ្យពេញស្មើ រណ្ដៅនោះក៏ពុំអាចពេញដោយអាចម៍ដីទាំងឡាយនោះឡើយ បុគ្គលនោះខំប្រមូលមកនូវអាចម៍ដីទាំងឡាយដ៏ទៃទៀត ដើម្បីញ៉ាំងរណ្ដៅឱ្យពេញស្មើ ឯបុគ្គលតែងបុកបង្ហាប់នូវរណ្ដៅដោយអង្រែដោយច្រើន ព្រោះហេតុឯណា ព្រោះហេតុនោះ បុគ្គលដែលនឹងញ៉ាំងរណ្ដៅឱ្យពេញបានដោយអាចម៍ដីទាំងឡាយ ២ ចំណែកផង អាច់ដីទាំងឡាយដទៃផង ឧបមាដូចជាពួកពល ៧ ពីរដង (គឺ ១៤ អ្នក ) នៃនាយកកងធំម្នាក់របស់ព្រះអង្គ ថាបើសេនាបតីម្នាក់ចែកនូវពួកពល ៧ ពីរដងនោះឱ្យចម្រើនឡើងហើយតម្កល់ទុកក្នុងសម្នាក់នៃនាយកធំ ៧ ពីរដង ក្នុងកាលឯណា នាយកកងធំទាំងឡាយ ៧ ពីរដងមានប្រាកដក្នុងកាលនោះ តាំងពីកាលនោះមករាជកិច្ចទាំងឡាយគឺបុគ្គលធ្វើឱ្យច្រើនដោយភ័យនិងពិន័យ ព្រោះហេតុដូច្នោះរាជកិច្ចទាំងឡាយមានប្រមាណតិចទេ តែបីដូចជាប្រមាណច្រើនណាស់ ថាបើសេនាទាំងឡាយបានទៅច្បាំងដណ្ដើមយកដែនដទៃបានហើយបានថ្វាយព្រះអង្គ ដើម្បីតែនឹងញ៉ាំងព្រះរាជហឫទ័យព្រះអង្គឱ្យពេញប៉ុណ្ណោះ បុគ្គលជីករណ្ដៅយ៉ាងណាសេនាបតីកេណ្ឌនូវពួកពលនៃពល ៧ ពីរដងយ៉ាងនោះដែរ គំនរអាចម៍ដីទាំងឡាយមានយ៉ាងណា ពួកពលទាំងឡាយមានយ៉ាងនោះដែរបុគ្គលអ្នកបុកបង្ហាប់រណ្ដៅមានយ៉ាងណា ពិន័យរបស់ស្ដេចមានយ៉ាងនោះដែរ ព្រះបរមពោធិសត្វ សម្ដែងអធិប្បាយ កូបវិតក្កបញ្ហាជាសេចក្ដីសង្ខេបយ៉ាងនេះ ។

ព្រះបរមពោធិសត្វ ក្រាបទូលតទៅទៀតថា បពិត្រមហារាជ ឯផ្លែត្រឡាចយ៉ាងធំប្រមាណប៉ុនផើងអាស្រ័យនូវទងតែមួយស្ថិតទៅបាន ដ៏ជាប់ស្ថិតទៅបាន ដ៏ជាប់ស្ថិតស្ថេរទៅពុំបានដាច់ធ្លាក់ចុះឡើយ ឯវល្លិដើមត្រឡាចចេញផ្លែទាំងឡាយនោះ ក៏វិនាសអស់ទៅពុំមានសល់ឡើយ ផ្លែត្រឡាចឧបមាដូចជានគរ ព្រំសីមាប្រាកដស្មើដោយសម្បកនៃត្រឡាចនោះ ពូជនៃត្រឡាចនោះប្រាកដស្មើដោយដែនទាំងអស់ ភោគសម្បត្តិទាំងឡាយមានសេចក្ដីឧបមាប្រាកដស្មើដោយសាច់នៃត្រឡាច ស្រីរបាំទាំងឡាយប្រាកដស្មើដោយទងនៃត្រឡាច ចំណែកឯវល្លិដើមត្រឡាច ប្រាកដស្មើដោយស្ដេចគ្រងរាជសម្បត្តិមែនពិត ស្ដេចដែលបានសោយរាជសម្បត្តិវិនាសអន្តរាយបាត់ទៅក្នុងកាលឯណា ព្រំសីមានិងដែននិងភោគសម្បត្តិ និងអង្គនៃសេនាដ៏ក្លៀវក្លាទាំងឡាយ នឹងវិនាសអន្តរាយអស់ទៅក្នុងកាលនោះ ព្រះបរមពោធិសត្វសម្ដែងដូច្នែះហើយ ក៏ពោលដោយបទព្រះគាថាដូច្នេះថា ៖

ធនវាសោតិរាជា      នទីវេជ្ជោតត្ថេវច

បញ្ចយត្ថនវិជ្ជន្តេ      នតត្ថទិវសំវសេ

អធិប្បាយថា បុគ្គលទាំងឡាយ ៥ គឺបុគ្គលអ្នកមានសម្បត្តិទ្រព្យច្រើន ១ ព្រាហ្មណ៍ជាអ្នកប្រាជ្ញឬបុគ្គលអ្នកមានប្រាជ្ញាឆ្លៀវឆ្លាសវាងវៃ ១ ស្ដេចគ្រងរាជសម្បត្តិប្រកបដោយទសពិជរាជធម៌ ១ ស្ទឹងទន្លេមានផ្លូវចេញចូលទូកនាវាជានិច្ច ១ គ្រូពេទ្យអ្នកចេះថ្នាំចាំរក្សាជំងឺពូកែឆុតឆាប់ ១ បុគ្គលទាំង ៥ នេះកើតមានក្នុងនគរនោះៗ នឹងថ្កុំថ្កើងរុងរឿង បីដូចជាព្រះអាទិត្យនិងព្រះចន្ទមានវង់ពេញមែនពិត ឯសភាវៈទាំង ៥ នេះបើពុំមានក្នុងនគរឯណាហើយ បុគ្គលមិនគប្បីនៅក្នុងនគរនោះ តែមួយថ្ងៃក៏មិនគប្បីនៅឡើយ សេចក្ដីអធិប្បាយនៃកុម្ភណ្ឌផលនៃវិតក្កបញ្ហាមានដោយប្រការយ៉ាងនេះឯង ។

បពិត្រមហារាជ សេចក្ដីវិតក្កនូវស្ត្រីមានគភ៌នោះ គឺស្ត្រីតែងបរិភោគនូវបាយក្នុងមួយថ្ងៃ ៗ  អស់អង្ករ ២ នាឡិជាប្រក្រតី ដល់ស្ត្រីនោះមានគភ៌ហើយ ក៏នៅតែបរិភោគពេញកំណត់ជាប្រក្រតីរាល់ៗថ្ងៃក្នុងកាលឯណា ស្ត្រីនោះមានគភ៌កាន់តែធំចាស់ឡើង សេចក្ដីស្រេកឃ្លានកាន់តែកើតច្រើនឡើង តែងបរិភោគអាហាររឿយៗ ក្នុងកាលនោះ នាកាលស្ត្រីនោះជិតនឹងប្រសូតកូនហើយតេជោធាតុក៏រឹតតែក្ដៅខ្លាំងឡើងដុតនូវអាហារ ព្រោះធាតុឯណាហេតុនោះ អាហារដែលស្ត្រីនោះបរិភោគហើយ អាចរលួយឆាប់មួយរំពេច សេចក្ដីស្រេកឃ្លានក៏ចម្រើនឡើងដល់ស្ត្រីនោះដោយពិត គភ៌មានសេចក្ដីឧបមាយ៉ាងណា ធាតុដែលកើតជាប្រក្រតីមានសេចក្ដីឧបមាយ៉ាងណា សួយទាំងឡាយដែលកើតឡើងជាប្រក្រតីមានសេចក្ដីឧបមាយ៉ាងនោះដែរ ឯវមេវគ្គពិ្ភត្ថិវិតក្កត្ថោ សេចក្ដីអធិប្បាយ នៃសេចក្ដីវិតក្កនូវស្ត្រីមានគភ៌ដោយប្រការដូច្នេះមែនពិត ។

បពិត្រមហារាជ សេចក្ដីវិតក្កនូវរោមចិញ្ចើមនោះ អធិប្បាយថា ចំណែកឯរោមចិញ្ចើមនោះ អធិប្បាយថា ចំណែកឯរោមចិញ្ចើមទាំងឡាយ ពុំបានចម្រើនដុះឡើងវែងមែនពិត ទុកជាគឺបុគ្គលដកក្ដីក៏គង់ដុះឡើងតាមកំណត់ពុំបានវែងមែនពិត ចំណែកឯពុកមាត់ ពុកចង្កាគឺបុគ្គលដកក្ដីកាត់ក្ដីក៏គង់ដុះឡើងទៀត ដុះឡើងឆាប់ក្រៃលែងមែនពិតរោមចិញ្ចើមទាំងឡាយមានសេចក្ដីឧបមាយ៉ាងណា ខ្ញុំរាជការចាស់ក៏មានសេចក្ដីឧបមាយ៉ាងនោះដែរ មួយទៀតរោមចិញ្ចើមទាំងឡាយគឺបុគ្គលពុំបានកាត់ពុំបានដកមែនពិត ព្រោះហេតុឯណាហេតុនោះបានជារោមចិញ្ចើមដុះឡើង តែថាកំណត់ពុំបានដុះឡើងវែងមែនពិត ឯខ្ញុំរាជការទុកជាដល់នូវសេចក្ដីស្និទ្ធស្នាលនឹងស្ដេចដោយអំណាចនៃខ្លួនជាខ្ញុំរាជការចាស់ ក៏គង់ពុំមានសេចក្ដីមើលងាយនូវអ្នកដទៃឡើយ ពុំបានធ្វើនូវភ័យលុះក្នុងអំណាចនៃឆន្ទាគតិដល់អ្នកដទៃដោយពិត ម្យ៉ាងវិញទៀតខ្ញុំរាជការចាស់នោះសោយនូវផលបុណ្យ តែដោយឧបនិស្ស័យនៃបុណ្យចាស់មុន ទុកជាមានលាភដ៏ប្រសើរនិងយសសក្តិដ៏ប្រសើរ ក៏គង់មិនចម្រើនអ្វីតទៅទៀតដោយពិត ចំណែកឯពុកមាត់ពុកចង្កាដុះលូតលាស់វែងឡើងមែនពិត ឯខ្ញុំរាជការថ្មីក្មេង អាចបង្គាប់នូវបុគ្គលឯណាៗ ហើយធ្វើនូវភ័យលុះក្នុងអំណាចនៃឆន្ទាគតិដល់បុគ្គលនោះៗមែនពិត ព្រោះហេតុឯណាហេតុនោះ ខ្ញុំរាជការថ្មីក្មេងៗ តែងដុះលូតលាស់ឡើងដោយច្រើនមែនពិត ម្យ៉ាងវិញទៀតខ្ញុំរាជការក្មេងនោះសោយនូវបុណ្យផលបុណ្យដោយអំណាចនៃឧបនិស្ស័យបុណ្យមុន អាចបាននូវលាភដ៏ប្រសើរនិងយសដ៏ប្រសើរឆាប់មែនពិត មួយទៀតសេចក្ដីចម្រើនទាំងឡាយគឺខ្ញុំរាជការទាំងឡាយគប្បីសេពគប់ដោយហេតុទាំងឡាយ ៥ យ៉ាងគឺ ម្ចាស់ទ្រព្យទាំងឡាយ គឺខ្ញុំរាជការចាស់ក្ដីក្មេងក្ដីគប្បីឱ្យសម្រេចចូលទៅកាន់ច្បាប់តាមសភាពពិត ១ កិរិយាដឹងនូវអាមាត្យអ្នកបម្រើខ្លួនផងនូវផៅពង្សផង នូវប្រពន្ធផង ហើយជួយទំនុកបម្រុងឱ្យបានសេចក្ដីសុខសប្បាយក្នុងកាលដែលមានភយន្តរាយនិងកាលដែលអស់ទៅនៃទ្រព្យសម្បត្តិ ១ កិរិយាប្រព្រឹត្តទៅដោយពាក្យសច្ច ១ កិរិយាដឹងច្បាស់នូវមិត្តល្អអាក្រក់ដោយឧស្សាហព្យាយាមរបស់ខ្លួន ១ កិរិយាប្រកបដោយអំពើបុណ្យជាកុសល ១ ឯខ្ញុំរាជការត្រូវសេពគប់ដោយហេតុទាំង ៥ យ៉ាងនេះ ឯវមេវភមុលោមវិតក្កត្ថោ សេចក្ដីអធិប្បាយនៃសេចក្ដីវិតក្កនូវរោមចិញ្ចើមដោយប្រការដូច្នេះឯង ។

ព្រះបាទធនេញ្ជយ្យកោរព្យ ព្រះអង្គទ្រង់ព្រះសណ្ដាប់នូវសេចក្ដីអធិប្បាយនៃប្រស្នានេះហើយ ទ្រង់មានព្រះទ័យ​សោមនស្សកើតឡើងហើយ ដោះនូវសំពត់និងគ្រឿងអម្ពររបស់ព្រះអង្គឱ្យនូវសព្ទសាធុការហើយពោលថា តាត ម្នាលបា ពាក្យពោលដ៏ពីរោះគឺអ្នកពោលហើយដោយប្រពៃ ព្រោះហេតុនោះយើងមានសេចក្ដីត្រេកអរបូជានូវធម៌នៃអ្នក ទារកក្មេងមានប្រាជ្ញាច្រើនប្រាកដស្មើដោយអ្នក គឺយើងមិនដែលឃើញហើយមិនដែលឮដោយពិត ។

លំដាប់នោះនាងខត្តិយកញ្ញាទាំងពួង មានព្រះអគ្គមហេសីជាប្រធាន ដោះនូវគ្រឿងអម្ពរទាំងឡាយទាំងពួងបូជានូវធម៌ដល់ព្រះពោធិសត្វ ។

ចំណែកឯជនទាំងឡាយដទៃ មានព្រាហ្មណ៍និងគហបតីបុរោហិតនិងបណ្ឌិតជាប្រធាន ក៏សឹងមានចិត្តជ្រះថ្លាហើយដោះនូវគ្រឿងអម្ពរទាំងឡាយបូជានូវធម៌ដល់ព្រះបរមពោធិសត្វនោះ ។

ព្រះមហាសត្តព្រះអង្គមានសក្ការគឺមហាជនទាំងឡាយបូជាយ៉ាងនេះហើយ ក៏ចុះចាកទីអាសនៈ​ហើយថ្វាយបង្គំលានូវស្ដេចត្រឡប់ទៅកាន់លំនៅនៃខ្លួនវិញ ។

គ្រានោះព្រះមហាក្សត្រ បានត្រាស់បង្គាប់អាមាត្យទាំងឡាយឱ្យនាំយកនូវគ្រឿងបូជាទាំងឡាយទាំងពួង យកទៅប្រគល់ឱ្យដល់ព្រះបរមពោធិសត្វនោះ ។

 ឯព្រះបរមពោធិសត្វនោះ បានទទួលយកហើយព្រះអង្គចាត់ចែងឱ្យធ្វើនូវទានសាលាមួយ ទៀបទ្វារនៃស្រុកនោះហើយញ៉ាំងទានវត្តឱ្យប្រព្រឹត្តទៅអស់កាលជានិច្ចមែនពិត ។

សម្ដែងរឿងវិតក្កបញ្ហាជាបឋមក៏ចប់ដោយសេចក្ដីសង្ខេបតែប៉ុណ្ណោះឯង ។

មលតរបញ្ហា ប្រស្នាសួរអំពីមលតរធម៌ជាមន្ទិល

សម័យថ្ងៃមួយជាខាងក្រោយ សម្ដេចព្រះភូនាថធនេញ្ជយ្យកោរព្យរាជ ព្រមទាំងពពួកពលសេនាប្រកបដោយអង្គ ៤ ស្ដេចយាងចេញទៅអំពីនគរ ចូលទៅកាន់ព្រៃដើម្បីសម្លាប់នូវម្រឹគ ហើយឱ្យពទ្ធ​នូវស្បាតនៃព្រៃធំមួយ ដោយជុំវិញវាយនូវគុម្ពោតព្រៃនោះដោយដំបង ។

កាលនោះមានសត្វម្រឹគទ្រាយមួយស្ទុះចេញទៅក្នុងទីចំពោះព្រះភក្រ្ភនៃស្ដេច ហើយរត់ទៅដោយរហ័ស ។

ខណៈនោះស្ដេចឡើងកាន់ពាហនសេះមានកម្លាំងដ៏រហ័ស បរដេញតាមបាញ់នូវសត្វទ្រាយនោះ ឯអាមាត្យទាំងឡាយទៅតាមពុំទាន់ឡើយ ស្ដេចជាប់តាមនូវសត្វទ្រាយអំពីក្រោយ ពុំអាចដើម្បីបាញ់បានឡើយ កាលរមិលមើលនូវសត្វទ្រាយពុំឃើញរត់ទៅឆ្ងាយពេក ហើយបានឃើញនូវដើមជ្រៃធំមួយ ដ៏មានម្លប់ត្រសុំត្រសាយសាខាល្អ ស្ដេចក៏ចូលទៅកាន់បរិមណ្ឌលនៃដើមជ្រៃនោះ ដើម្បីប្រយោជន៍ដ៏រម្ងាប់នូវសេចក្ដីក្ដៅក្រហាយកាយ ។

បរិមណ្ឌលនៃដើមជ្រៃនោះ គឺយក្ខមួយឈ្មោះនន្ទីបានអំពីសម្នាក់នៃព្រះបាទវេស្សវ័ណរាជ ប្រទានឱ្យជាដាច់ខាត ។

ឯព្រះបាទវេស្សវ័ណរាជ បានពោលនូវយក្ខដូច្នេះ ថាបើបុគ្គលឯណាបានចូលមកដល់កាន់បរិមណ្ឌលនៃដើមជ្រៃនេះ អ្នកត្រូវមានអំណាចទំពាស៊ីនូវបុគ្គលនោះបាន វៀរលែងតែបុគ្គលអ្នកចេះដឹងនូវមលតរធម៌ចេញ ថាបើបុគ្គលដទៃគេពុំបានចូលមកកាន់ម្លប់ជ្រៃនេះទេ អ្នកមិនត្រូវទំពាស៊ីនូវបុគ្គលនោះឡើយ ។

 ចាប់ដើមអំពីកាលនោះមក នន្ទិយក្ខនោះ កាលបើជនឯណាវង្វេងដើរកន្លងចូលទៅ ក្រោមម្លប់ជ្រៃនោះហើយពុំចេះដឹងនូវមលតរធម៌ផង តែងចាប់នូវជននោះដោយកម្លាំងខ្លាំងហើយបរិភោគនូវសាច់និងឈាមជាប្រក្រតី ។

ក្នុងកាលនោះនន្ទិយក្ខស្ទុះចេញមកចាប់ព្រះហស្តនៃស្ដេចកាលចូលទៅក្នុងម្លប់ជ្រៃនោះ ឱ្យមាំហើយសួរថា អ្នកជាបុគ្គលដូចម្ដេច ដើរចូលមកក្នុងទីនេះព្រមទាំងពាហនៈនិងគ្រឿងប្រដាប់កាយ ។

ស្ដេចបានស្ដាប់ពាក្យនោះហើយ ពោលថា យើងជាស្ដេចឈ្មោះធនេញ្ជយ្យកោរព្យរាជ ។

នន្ទិយក្ខបានស្ដាប់ហើយសួរថា មហារាជ បពិត្រស្ដេចដ៏ប្រសើរ ព្រះអង្គបានចេះដឹងនូវមលតធម៌ដែរឬ ។

ស្ដេចនោះបានស្ដាប់ហើយ ពោលថា មលតរធម៌នេះគឺអ្វី ។

នន្ទិយក្ខពោលថា មន្ទិលទាំងឡាយដូចម្ដេចហ្ន៎ ឈ្មោះជាមន្ទិលសៅហ្មងដោយវិសេស មន្ទិលអ្វីឈ្មោះថាជាមន្ទិលក្រៃលែងមន្ទិល ព្រះអង្គត្រូវរំពឹងមើលក្នុងទីទាំងពួងដោយហេតុនេះចុះ ព្រះអង្គគឺខ្ញុំបានសួរហើយនូវមន្ទិលនោះត្រូវព្រះអង្គប្រាប់នូវមន្ទិលនោះមកដល់ខ្ញុំ ។

ព្រះបាទធនេញ្ជយ្យកោរព្យរាជ បានស្ដាប់ហើយពោលថាយើងពុំចេះដឹងនូវមន្ទិលធម៌នោះទេ នាកាលពាក្យគឺនន្ទិយក្ខនោះពោលថាបើដូច្នោះព្រះអង្គជាគ្រឿងបរិភោគរបស់យើងហើយ យើងនឹងទំពាស៊ីព្រះអង្គឥឡូវនេះឯង ស្ដេចបានស្ដាប់នូវពាក្យនោះហើយ សួរទៅយក្ខវិញថា អ្នកឯងបានចេះដឹងនូវសេចក្ដីអធិប្បាយនៃមលតរធម៌នេះដែរឬ ។

នន្ទិយក្ខបានស្ដាប់ហើយពោលថា បពិត្រមហារាជខ្ញុំក៏ពុំបានចេះដឹង នូវមលតរធម៌នោះដែរ ។

ព្រះបាទធនញ្ជយ្យកោរព្យរាជ ព្រះអង្គពោលទៅយក្ខនោះថា បើដូច្នោះយើងនឹងញ៉ាំងអ្នកប្រាជ្ញដទៃឱ្យសម្ដែងនូវ សេចក្ដីអធិប្បាយនៃមលតរធម៌នេះ អ្នកឯងនឹងយល់ឃើញដូចម្ដេច ។

នន្ទិយក្ខបានស្ដាប់ហើយ ពោលថា បពិត្រមហារាជសេចក្ដីអធិប្បាយឯណា នៃមលតរធម៌នេះមាន សេចក្ដីអធិប្បាយនោះ នៃមលតរធម៌នេះ ជាអស្ចារ្យមែនពិត ។

ព្រះបរមក្សត្រ ទ្រង់ព្រះសណ្ដាប់ហើយ ពោលទៅនឹងយក្ខនោះវិញថា ម្នាលយក្ខ ឈ្មោះថាមលតរធម៌នេះគឺយើងពុំដែលឮហើយមែនពិត ព្រោះហេតុដូច្នោះហើយយើងទៅគប្បីប្រយោជន៍ដល់កិរិយាសួរនូវសេចក្ដីអធិប្បាយនៃមលតរធម៌នេះនឹងអ្នកប្រាជ្ញទាំងឡាយ របស់យើង នាកាលអ្នកប្រាជ្ញទាំងឡាយ កាលសម្ដែងនូវសេចក្ដីអធិប្បាយនៃមលតរធម៌នោះហើយនឹងនាំនូវសេចក្ដីអធិប្បាយនោះមក សម្ដែងប្រាប់ដល់អ្នកមែនពិត ។

នន្ទិយក្ខបានស្ដាប់ហើយ ពោលថា បពិត្រមហារាជ ធម្មតាឯស្ដេចនៅក្នុងកណ្ដាប់ដៃនៃយក្ខដ៏របឹងរឹងរូសប្រកបដោយសហសិកម្ម ដ៏រហ័សយ៉ាងនេះ តែបានរួចអំពីកណ្ដាប់ដៃនោះហើយ ត្រឡប់មកវិញទៀតគឺខ្ញុំមិនដែលបានឃើញឡើយ ។

សម្ដេចព្រះភូមិស្សរាធិបតី ស្ដេចពោលបញ្ជាក់ទៅនឹងយក្ខនោះថា ម្នាលយក្ខ ធម្មតាឯស្ដេចតែងប្រកបដោយអង្គប្រាំពុំបានលះបង់នូវអង្គទាំងឡាយប្រាំនេះគឺ សូរោច ជាបុគ្គលក្លៀវក្លា ១ មហិទ្ធិកោច ជាបុគ្គលមានឫទ្ធីអានុភាពច្រើន ១ បរមទ្ទនោច ជាបុគ្គលញាំញីនូវសត្រូវដទៃ ១ វចនសទ្ទហភូតោច ដ៏ជាបុគ្គលមានពាក្យសម្ដីគឺជនគប្បីជឿ ១ វចនមធុរោច ជាបុគ្គលមានពាក្យពោលដ៏ពីរោះ ១ យើងជាស្ដេចតែងប្រកបដោយអង្គទាំងប្រាំនេះ ហើយបរិបូណ៌ព្រមដោយផលនៃពាក្យសច្ចនោះ ឯយើងជាស្ដេចបានពោលពាក្យឯណាចេញពីមាត់ទៅហើយ ពាក្យនោះមិនអាចដើម្បីចូលមកក្នុងមាត់ទៀតទេបីដូចជាស្ត្រីសម្រាលនូវកូនចេញមកពីក្នុងផ្ទៃហើយ មិនដែលត្រឡប់បញ្ចូលកូនទៅក្នុងផ្ទៃវិញឡើយ យើងជាបុគ្គលនឹងនៅជាប្រក្រតីដោយសច្ចភាពនោះមែនពិត ព្រោះហេតុដូច្នោះយើងនឹងទៅសួរនូវសេចក្ដីអធិប្បាយនៃមលតរធម៌នេះនឹងអ្នកប្រាជ្ញទាំងឡាយ ហើយត្រឡប់មកវិញនឹងសម្ដែងប្រាប់នូវសេចក្ដីអធិប្បាយនោះដល់អ្នកដោយពិត ។

នន្ទិយក្ខស្ដាប់ហើយពោលថា បពិត្រមហារាជ បុគ្គលជាអ្នកឆ្លាសវាងវៃ ក្នុងសម្នាក់នៃព្រះអង្គមានដែរឬ ។

 ព្រះមហាក្សត្រ ស្ដាប់ហើយពោលថា ម្នាលនន្ទយក្ខអ្នកប្រាជ្ញឆ្លាសវាងវៃក្នុងសម្នាក់យើងមានដែរ ។

 នន្ទិយក្ខស្ដាប់ហើយពោលថា បពិត្រមហារាជ បើដូច្នោះសន្យាប៉ុន្មានថ្ងៃ ព្រះអង្គនឹងត្រឡប់មកវិញពុំខានឡើយ ។

នន្ទិយក្ខ ពោលថាបើដូច្នេះបុគ្គលឯណាជាអ្នកប្រាជ្ញបានចេះដឹងនូវសេចក្ដីអធិប្បាយនៃប្រស្នានេះ ព្រះអង្គត្រូវបញ្ជូនតែបុគ្គលនោះមកក៏បានហើយ ព្រះអង្គមិនបាច់យាងមកទៀតឡើយ ថាបើព្រះអង្គមិនបាននូវអ្នកប្រាជ្ញចេះដឹងទេ ហើយមកដោយខ្លួនឯង យើងនឹងទំពាស៊ីតែព្រះអង្គមួយប៉ុណ្ណោះ បើព្រះអង្គមិនបាននូវអ្នកប្រាជ្ញចេះហើយ គេចវេះពុំបានមកដោយខ្លួនឯងឡើយ យើងនឹងទំពាស៊ីនូវព្រះអង្គព្រមទាំងមនុស្សអ្នកនៅក្នុងដែនទាំងអស់ពុំឱ្យមានសល់ឡើយ ។

ព្រះបាទធនេញ្ជយ្យកោរព្យរាជ បានឱ្យនូវបដិញ្ញាដល់យក្ខនោះហើយ ស្ដេចត្រឡប់មកវិញ បានដល់នូវសេនា គឺពពួកនៃពលចោមរោមហើយ ត្រឡប់មកកាន់ព្រះនគរវិញស្ដេចទ្រង់ឡើងកាន់ប្រាសាទ ។

លុះដល់ថ្ងៃព្រឹកទៀត ស្ដេចឱ្យប្រជុំនូវមហាជនទាំងឡាយមានរាជមហាមាត្យនិងឧបរាជ សេនាបតី ព្រាហ្មណ៍ បណ្ឌិត បុរោហិតជាប្រធាន ហើយទ្រង់សួរនូវសេចក្ដីអធិប្បាយនៃប្រស្នានោះ ។

មហាជនទាំងឡាយទាំងអស់នោះ បានស្ដាប់ហើយក្រាបទូលថា បពិត្រព្រះសម្មតិទេព យើង យើងទាំងឡាយពុំបានចេះដឹងនូវសេចក្ដីអធិប្បាយនៃប្រស្នានោះឡើយ ។

ព្រះបាទកោរព្យរាជ ទ្រង់ព្រះសណ្ដាប់នូវពាក្យនោះហើយព្រះអង្គមានព្រះរាជហឫទ័យភិតភ័យតក់ស្លុតហើយ ពោលថាជីវិតរបស់អញក្នុងកាលឥឡូវនេះមុខជាមិនមានដោយពិត ។

បុរោហិត បានស្ដាប់នូវពាក្យនោះហើយ ក្រាបទូលសួរស្ដេចថា បពិត្រមហារាជ ព្រះអង្គពោលនូវហេតុនេះដូចម្ដេច ។

ព្រះបរមក្សត្រ ស្ដេចបានប្រាប់បុរោហិតតាមទំនងនោះទៀត ហើយពោលថា ចំណែកខាងអញ តែបុគ្គលនីមួយពុំបានចេះដឹងនូវសេចក្ដីអធិប្បាយនៃប្រស្នានេះហើយ នន្ទិយក្ខវាញ៉ាំងអញនឹងអ្នកដែនទាំងអស់ឱ្យវិនាសទៅទាំងអស់ ។

ចំណែកខាងសេនាបតី ស្ដាប់ហើយក្រាបទូលថា បពិត្រព្រះសម្មតិទេព បុគ្គលនីមួយដទៃវៀរលែងតែព្រះសម្មាសម្ពុទ្ធចេញ អាចនឹងចេះដឹងនូវសេចក្ដីអធិប្បាយនៃប្រស្នានេះពុំមានឡើយ ។

ព្រះបរមក្សត្រ ទ្រង់ព្រះសណ្ដាប់ហើយ ពោលថាបើដូច្នោះ សេចក្ដីអធិប្បាយនៃប្រស្នានេះ គឺយើងទាំងឡាយគប្បីញ៉ាំងធនេញ្ជយ្យកុមារ ឱ្យពិចារណាមើលបានដែរឬ ។

អាមាត្យទាំងឡាយ ក្រាបទូលថា បពិត្រមហារាជ ឯធនញ្ជយ្យេកុមារនេះក្មេងណាស់ នៅមានក្លិននៃទឹកដោះផ្សាយនៅក្នុងមាត់នៅឡើយនឹងចេះដឹងដូចម្ដេចបាន ។

 ឯព្រះបាទកោរព្យរាជ ទ្រង់ព្រះសណ្ដាប់ហើយ គឺសេចក្ដីក្រោធគ្របសង្កត់ហើយ ដ៏មានសរីរៈញាប់ញ័រ បីដូចជាភូជង្គនាគរាជមានកន្ទុយគឺបុគ្គលប្រហារហើយដោយដំបងដែក ហើយស្ដេចពោលថា ភោន្តោ ម្នាលអ្នកទាំងឡាយដ៏ចម្រើនអស់ ៧ ថ្ងៃហើយ ជនទាំងឡាយឯណា ពុំបានដឹងនូវសេចក្ដីអធិប្បាយនៃប្រស្នានេះ ជីវិតនៃជនទាំងឡាយនោះពុំមានឡើយ ។

ព្រះបាទធនេញ្ជយ្យកោរព្យរាជ ស្ដេចកាន់ព្រះខ័នគំរាមអាមាត្យទាំងឡាយ ឱ្យគិតពិចារណានូវសេចក្ដីអធិប្បាយនៃប្រស្នានោះ ទាំងយប់ទាំងថ្ងៃ ពួកអាមាត្យទាំងឡាយមានសេនាបតីជាដើម ខំរំពឹងគិតពិចារណាទាំងយប់ទាំងថ្ងៃ រាវរកសេចក្ដីអធិប្បាយនោះពុំបានដឹងសោះ តាំងពីថ្ងៃទីមួយដរាបដល់ថ្ងៃជាគម្រប់ ៥ កន្លងទៅ លុះដល់ថ្ងៃជាគម្រប់ ៦ ដល់ព្រមហើយ ព្រះមហាក្សត្រស្ដេចគង់លើសីហាសនកែវ មានអាមាត្យ សេនាបតី បុរោហិត ព្រាហ្មណ៍ ចោមរោមជាបរិវារ ហើយស្ដេចត្រាស់ប្រដៅថា ភោន្តោ ម្នាលអ្នកទាំងឡាយដ៏ចម្រើន អ្នកទាំងឡាយចូរកុំប្រមាទឡើយ ថាបើអញនឹងនៅក្នុងទីនេះ យក្ខនោះវានឹងញ៉ាំងដែនទាំងអស់ឱ្យវិនាសអន្តរាយទៅពុំមានសល់ឡើយ ព្រោះហេតុដូច្នោះ ថ្ងៃស្អែកនេះអញតែម្នាក់ឯងនឹងចូលទៅកាន់សម្នាក់យក្ខនោះ ។

មហាជនទាំងពួង បានស្ដាប់នូវព្រះរាជឱង្ការនោះហើយក៏បញ្ចេញនូវទឹកភ្នែក ទ្រហោទួញយំសោយសោកតែរាល់ៗគ្នា ហើយអង្គុយស្ងៀមនៅ ពុំដឹងបើគិតដូចម្ដេចឡើយ ។

ព្រះបាទកោរព្យរាជ ព្រះអង្គបានឃើញនូវសេចក្ដីវិបរិតយំសោកនៃមហាជនទាំងឡាយនោះហើយ ស្ដេចក៏ទ្រង់យាងចូលទៅកាន់ប្រាសាទវិញ ។

លុះដល់កន្លងរាត្រីជាគម្រប់ ៦ នោះទៅ ដល់ថ្ងៃជាគម្រប់ ៧ ហើយ នឹងមានបុគ្គលឯណានីមួយ អាចដឹងនូវសេចក្ដីអធិប្បាយនៃប្រស្នានោះមានឡើយ ។

កាលបុព្វណ្ហសម័យ ព្រះបាទកោរព្យរាជ ព្រះអង្គបានឃើញនូវសេចក្ដីវិបរិតយំសោកនៃមហាជនទាំងឡាយនោះហើយស្ដេចក៏ទ្រង់យាងចូលទៅកាន់ប្រាសាទវិញ ។

លុះដល់កន្លងរាត្រីគម្រប់ ៦ នោះទៅ ដល់ថ្ងៃជាគម្រប់ ៧ ហើយ នឹងមានបុគ្គលឯណានីមួយ អាចដឹងនូវសេចក្ដីអធិប្បាយនៃប្រស្នានោះពុំមានឡើយ ។

កាលបុព្វណ្ហសម័យ ក្សត្រថ្លៃប្រសើរព្រះ អង្គស្ដេចទ្រង់នូវសំពត់មានពណ៌ខៀវ មានព្រះហស្ដទទេពុំបានកាន់គ្រឿងអ្វីឡើយ ទ្រង់យាងចេញទៅអំពីរាជត្រកូល ។

គ្រានោះស្ត្រីទាំងឡាយ ១ ម៉ឺន ៦ ពាន់ មាននាងអតុលាទេវីជាប្រធាន រម្សាយសក់ទ្រហោទួញយំអឺងកងដើរទៅតាមក្រោយស្ដេចនោះ ។

ធុជ្ជព្រាហ្មណ៍ បុរោហិត និងឧជុកសេនាបតី ក៏ដើរទៅតាមស្ដេចនោះមួយអន្លើដោយពួកអាមាត្យទាំងឡាយ ។

អ្នកនគរទាំងអស់ មានកោលាហលតែមួយ ដ៏គឹកកងខ្សឹកខ្សួលជ្រួលច្របល់ដើរតាមស្ដេចទៅ ដ៏មានសំឡេងយំសោកនោះលាន់ឮខ្លាំងស្ទើតែនឹងស្រុតទាំងផែនដី ។

ព្រះបរមក្សត្រ កាលបើមហាជនទ្រហោយំខ្សឹកខ្សួលគឹកកងដូច្នោះហើយ ស្ដេចក៏ទ្រង់យាងចេញទៅតាមទ្វារខាងកើត ។

 គ្រានោះធនេញ្ជយ្យកុមារព្រះបរមពោធិសត្ត ដ៏មានទារកទាំង ៥០០ ចោមរោមជាបរិវា បានឮសំឡេងទួញយំទ្រហឹងអឺងកងដូច្នោះហើយ ក៏ស្ទុះចេញទៅអំពីផ្ទះម្នីម្នាដើម្បីរមិលមើល បានឃើញស្ដេចហើយចូលទៅថ្វាយបង្គំមសួរថា បពិត្រព្រះសម្មតិទេព ព្រះអង្គស្ដេចយាងទៅក្នុងទីឯណា ។

ព្រះបាទកោរព្យរាជ ស្ដេចប្រាប់ថា ម្នាលធនេញ្ជយ្យកុមារ យើងទៅកាន់សម្នាក់នៃយក្ខ ឯព្រះបរមពោធិសត្តទួលថាព្រះអង្គទៅកាន់សម្នាក់យក្ខព្រោះហេតុអ្វី ស្ដេចក៏បានសម្ដែងប្រាប់ហេតុនោះសព្វគ្រប់ដោយពិស្ដារ ។

ព្រះបរមពោធិសត្តក្រាបទូលថា បពិត្រមហារាជ ខ្ញុំនឹងទៅកាន់សម្នាក់យក្ខនោះដោយខ្លួនឯងពិត ។

ស្ដេចទ្រង់ព្រះសណ្ដាប់ហើយសួរថា តាត ម្នាលបា អ្នកឯងបានចេះដឹងនូវមលតរធម៌ឬ ។

 ពោធិសត្តក្រាបទូលថា ទេវ បពិត្រព្រះសម្មតិទេព ខ្ញុំពុំបានដឹងដែរ តែថាបុគ្គលដទៃក្នុងជម្ពូទ្វីបទាំងអស់វៀរលែងតែខ្ញុំចេញហើយ អាចដឹងនូវមលតរធម៌ពុំមានឡើយ ។

ស្ដេចទ្រង់ព្រះសណ្ដាប់ហើយ ពោលថា បើដូច្នេះអ្នកចូរសម្ដែងមកមើល ។

ពោធិសត្តក្រាបទូលថា បពិត្រព្រះសម្មតិទេព មលតរធម៌នេះគឺព្រះសម្មាសម្ពុទ្ធសម្ដែងហើយ កិរិយាសម្ដែងក្នុងកាលឥឡូវនេះ មិនគាប់ចិត្តខ្ញុំមែនពិត ។

ស្ដេចទ្រង់ព្រះសណ្ដាប់ហើយពោលថា ម្នាលបា ពាក្យអ្នកពោលមកប្រពៃហើយ បើនឹងតាក់តែងនូវ​ធម្មាសនៈជាហេតុនឹងឱ្យយូរដំណើរ ។

ដ្បិតថ្ងៃជាគម្រប់ ៧ ដល់មកព្រមហើយក្នុងកាលឥឡូវនេះព្រោះហេតុដូច្នោះ យើងទាំងឡាយគឺអញផងគឺអ្នកផងនឹងទៅជាមួយគ្នា នាកាលពាក្យយ៉ាងនេះគឺព្រះបរមពោធិសត្តទទួលព្រមហើយ ស្ដេចក៏សួរតទៅទៀតថា ម្នាលបា អ្នកត្រូវការយកវត្ថុអ្វីខ្លះ ។

ព្រះបរមពោធិសត្តក្រាបទូលថា ទេវ បពិត្រព្រះសម្មតិទេព ខ្ញុំគប្បីបាននូវសំពត់សម្រាប់ស្លៀកសសុទ្ធនិងសំពត់ដណ្ដប់សសុទ្ធ ចំណែកខាងព្រះអង្គឡើងគង់លើកណ្ឋនៃដំរីដ៏ប្រសើរ មានស្វេតច្ឆត្រ​គឺបុគ្គលលើកឡើងបាំងហើយ យាងចេញទៅមួយអន្លើដោយពពួកពលប្រកបដោយអង្គ ៤ កាល ខ្ញុំទៅហើយសូមព្រះអង្គនឹងយាងចេញជាប់តាមក្រោយខ្ញុំទៅ ។

ព្រះបរមក្សត្រ ព្រះអង្គទ្រង់ព្រះសណ្ដាប់ហើយ ទទួលថាសាធុៗ ហើយទ្រង់បានចាត់ចែងការដោយប្រការដូច្នោះ ។

គ្រានោះធនេញ្ជយ្យសេដ្ឋីជាបិតានិងនាងសុខុមាលីទេវីជាមាតាព្រះបរពោធិសត្ត បានឮនូវព័ត៌មាននោះហើយ ក៏ចូលទៅក្នុងទីនោះដោយឆាប់ ថ្វាយបង្គំព្រះមហាក្សត្រហើយក្រាបទូលថា បពិត្រមហារាជ កូនខ្ញុំនេះនៅក្មេងណាស់នៅមានក្លិនទឹកដោះផ្សាយទៅក្នុងមាត់នៅឡើយ នឹងអាចពោលចរចាមួយអន្លើដោយយក្ខដូចម្ដេចបាន ។

ព្រះនរិន្រ្ទាធិបតីកោរព្យរាជ ទ្រង់ព្រះសណ្ដាប់ហើយពោលថា ភោ ម្នាលអ្នកដ៏ចម្រើន ធនេញ្ជយ្យកុមារនេះសុខចិត្តទៅដោយខ្លួនឯង យើងពុំបានប្រើទេ ។

ឯធនេញ្ជយ្យកុមារ បានពោលទៅនឹងមាតាបិតាថា អម្មតាត បពិត្រអ្នកជាមាតាជាបិតា អ្នកទាំងឡាយកុំឃាត់ខ្ញុំឡើយ ខ្ញុំនឹងទៅជាប្រាកដ ។

មាតាបានស្ដាប់នូវពាក្យនោះហើយ ពោលជាបទព្រះគាថាដូច្នេះថា ៖

ហាតាតបិយបុត្រក     ហាតាតហទយំមម

ជីវិតំមេសបុត្តេហិ   មាមំឆទ្ទេសិឯកកំ

អធិប្បាយថា ហៃបាជាបុត្រតូចសម្លាញ់ពេញចិត្តមាតាបាអើយ សាច់ហឫទ័យរបស់មាតាក្ដី ជីវិតរបស់មាតាក្ដី ដែលគង់នៅអាស្រ័យនឹងកូន បើកូនអ្នកកាត់ចោលមាតាឱ្យនៅតែម្នាក់ឯងហើយ ជីវិតរបស់មាតានឹងមានមកពីណា ។

ឯសេដ្ឋីជាបិតា ក៏ពោលជាបទព្រះគាថាដូច្នេះថា ៖

យក្ខោបិពលវាឯតំ   នសក្កោសិសល្លបិតុំ

គណ្ហាតិមានុស្សេសព្វេ    និច្ចលោហិតបាណិនោ

អលមេតេនយុទ្ធេន   យក្ខេនផរុសេនច

មញ្ញមិសោអហំតុយ្ហំ  ជីវិតំអបិយំគតំ

អធិប្បាយថា អ្នកមិនអាចដើម្បីចរចានូវប្រស្នានេះបានឡើយ ចំណែកខាងយក្ខមានកម្លាំងខ្លាំងណាស់ មានដៃប្រឡាក់ដោយឈាមជានិច្ច តែងចាប់នូវមនុស្សទាំងឡាយទាំងពួងស៊ីជានិច្ច កិរិយាច្បាំងនឹងយក្ខកាចអាក្រក់យ៉ាងនេះមិនគួរដល់អ្នកឡើយ អញសម្គាល់នូវអ្នកថា ជីវិតរបស់អ្នកនឹងដល់នូវសេចក្ដីទុក្ខដ៏មិនជាទីសម្លាញ់ឡើយ ម្នាលកូនតូចជាសម្លាញ់ឪពុក ខ្លួនអ្នកជាទារកក្មេង ច្រើនទៅដោយសេចក្ដីសុខ ចំណែកឯយក្ខប្រកបដោយសហសិកម្ម ប្រព្រឹត្តទៅរហ័ស មានកម្លាំងច្រើនមានរាងកាយធំ មានកម្ពស់ប្រមាណដើមត្នោតលៃ មានភ្នែកក្រហមច្រាលដូចព្រះអាទិត្យ អ្នកនឹងអាចដើម្បីពោលចរចា មួយអន្លើដោយយក្ខនោះដូចម្ដេចបាន ។

 ព្រះបរមពោធិសត្ត បានស្ដាប់ពាក្យមាតាបិតាពោលឃាត់ដូច្នោះហើយ ក៏សម្ដែងធម៌លួងលោមមាតាបិតាពុំឱ្យឃាត់ព្រះអង្គ ដោយឧបមាខ្លួនព្រះអង្គប្រកបដោយមេត្តាធម៌ដ៏ធំបីដូចជាសមុទ្ទសាគរដ៏ជ្រៀលជ្រៅធំឆ្ងាយទូលាយ ទោះបីមានខ្យល់ពាយុបក់បោកមកដូចម្ដេចក្ដី ក៏ពុំអាចញ៉ាំងសមុទ្ទសាគរឱ្យរីងស្ងួតទៅបាន ពុំនោះសោតដូចជាព្រះអាទិត្យទុកជារាហូអសុរិន្ទមកបៀតបៀនយ៉ាងណាក៏គង់ពុំឈប់ដំណើរគង់ដើរប្រទក្សិណលោកជាធម្មតា ឯខ្លួនព្រះអង្គប្រកបដោយមេត្តាធម៌ក៏ប្រាកដដូច្នោះដែរ ។

ឯមាតានិងបិតាទាំងឡាយ បានស្ដាប់ពាក្យនោះហើយ កាលមិនអាចដើម្បីឃាត់ឃាំងបាន ហើយឱ្យនូវពរដល់ព្រះពោធិសត្តជាបុត្រអាត្មាថា ៖

បិយបុត្រក សព្វសោត្ថិ សព្វសិទ្ធ សព្វជយោ ភវតុតេ

( ប្រែថា ) ម្នាលកូនស្ងួនតូចជាសម្លាញ់ សេចក្ដីសួស្ដីទាំងពួងក្ដី សេចក្ដីសំឫទ្ធិជោគទាំងពួងក្ដី សេចក្ដីជ័យជម្នះឈ្នះសត្រូវទាំងពួងក្ដី ចូរឱ្យកើតមានប្រាកដដល់អ្នកដោយពិត ។

ព្រះបរមពោធិសត្ត បានទទួលយកនូវពរហើយថ្វាយបង្គំមាតានិងបិតាស្រេចហើយ ក្រាបទូលព្រះមហាក្សត្រថា បពិត្រមហារាជ ព្រះអង្គចូរយាងទៅចុះ ចូរធ្វើនូវធុរៈនេះដល់ខ្ញុំ ៗ ទទួលយកនូវធុរៈ​របស់ព្រះអង្គដោយពិត ។

ឯពួកអាមាត្យទាំងឡាយ មានឧជុកសេនាបតីនិងធុជ្ជព្រាហ្មណ៍ជាដើម ជជែកទាស់គ្នា ខ្លះថាគួរឱ្យស្ដេចយាងទៅ ខ្លះថាមិនគួរឱ្យស្ដេចយាងទៅ ដោយសេចក្ដីតក់ស្លុតខ្លាចអំណាចយក្ខនោះឯង ។

ធនេញ្ជយ្យកុមារមហាសត្ត បានស្ដាប់ពាក្យនោះហើយពោលថា បពិត្រមហារាជ ថាបើខ្ញុំនឹងខ្លាចយក្ខនោះនឹងគេចទៅក្នុងទីដទៃហើយ នរណានឹងចេញទៅកាន់សម្នាក់នៃយក្ខនោះ ម្យ៉ាងវិញទៀត ថាបើយក្ខវាបង្គាប់ទាយកថ្លៃនៃស្ដេច ខ្ញុំនឹងធ្វើនូវការឈ្នួលដល់យក្ខនោះ ម្យ៉ាងទៀត អានុភាពនៃខ្ញុំនឹងប្រាកដដល់យក្ខ ដើម្បីដឹងនូវសេចក្ដីអធិប្បាយនៃធម៌ព្រោះហេតុដូច្នោះ ព្រះអង្គចូរពួននៅក្នុងទីដ៏ឆ្ងាយហើយរង់ចាំមើលចុះ ។

ឯពពួកមហាជនទាំងពួង មានមហាមាត្យជាដើម ក៏មានសេចក្ដីប្រាថ្នាតែមួយព្រមព្រៀងគ្នាទាំងអស់ ហើយចាត់ចែងនូវដំណើរ ដើរតាមដង្ហែរស្ដេចទៅទាំងអស់ ។

សម្ដេចព្រះទីបទិន្នាធិបតីកោរព្យរាជ មានសេនាប្រកបដោយអង្គ ៤ ចោមរោមជាបរិវារ ព្រមទាំងរាជស្ត្រីទាំងឡាយមាននាងអតុលាទេវីជាប្រធាននិងសេដ្ឋីគហបតីទាំងអស់ ស្ដេចយាងចេញទៅ ហើយទ្រង់ព​ធនេញ្ជយ្យកុមារដោយចង្កេះឡើងគង់លើកណ្ឋនៃដំរី ដ៏ប្រសើរ ទ្រទ្រង់នូវស្វេតច្ឆត្រមានពណ៌ ៥ ស្ដេចចេញទៅតាមលំដាប់ លុះបានដល់នូវទីជិតនៃយក្ខនោះហើយ ក៏ចុះអំពីដំរីព្រមទាំងមហាជនទាំងអស់លាក់ព្រះអង្គពួននៅក្នុងព្រៃធំដ៏ឆ្ងាយអំពីទីស្ថាននៃយក្ខនោះឯង ។

គ្រានោះធនេញ្ជយ្យកុមារមហាសត្ត ក៏ស្លៀកសំពត់សាដកសសុទ្ធ ពទ្ធឈៀងសំពត់បង់កណ្ឋសសុទ្ធស្មាម្ខាងហើយកាន់ផ្លិតវិជ្ជនីដោយដៃខាងស្ដាំ អង់អាចបីដូចកេសរសីហៈដ៏ក្លៀវក្លាចូលទៅកាន់ដើមជ្រៃ ញ៉ាំងមេត្តាចិត្តឱ្យតាំងព្រម ប្រកបដោយមេត្តាព្រហ្មវិហារ លីលាចូលទៅកាន់ទីជិតបរិមណ្ឌលនៃដើមជ្រៃឰដ៏​​ខាងក្រៅ ហើយស្រែកហៅយក្ខថា ភោនន្ទិយក្ខ ម្នាលនន្ទិយក្ខដ៏ចម្រើន យើងមកដល់ហើយ ។

នន្ទិយក្ខនោះកាលឃើញព្រះបរមពោធិសត្វនោះមកអំពីចម្ងាយហើយ ក៏មានក្ដីស្នេហាស្រឡាញ់បីដូចជាកូនបង្កើតរបស់ខ្លួន កើតឡើងព្រម មានកាយមិនប្រាកដស្ថិតនៅទៀបគល់ជ្រៃ ស្ដាប់សម្ដីនៃព្រះបរមពោធិសត្តនោះ ហើយមានសេចក្ដីស្រឡាញ់ដ៏វិសេសក្រៃពេកកើតឡើង ទើបសម្ដែងកាយឱ្យប្រាកដហើយពោលនូវពាក្យតបទៅពោធិសត្តថា ភោមាណវ ម្នាលមាណពដ៏ចម្រើន អ្នកមានឈ្មោះដូចម្ដេច ជាកូននៃបុគ្គលឈ្មោះអ្វី ។

ពោធិសត្តប្រាប់ថា យើងឈ្មោះធនេញ្ជយ្យកុមារជាកូននៃធនេញ្ជយ្យសេដ្ឋី ។

នន្ទិយក្ខស្ដាប់ហើយសួរថា អ្នកឯងមកប្រយោជន៍អ្វី អ្នកឯណាបញ្ជូនអ្នកមក ។

ព្រះបរមពោធិសត្តប្រាប់ថា ចំណែកខាងយើងនេះជាទាសបុត្រនៃព្រះបាទធនេញ្ជយ្យកោរព្យរាជ ស្ដេចនេះបញ្ជូនយើងមក បានជាយើងមក ។

នន្ទិយក្ខសួរទៀតថា តាត ម្នាលបា អ្នកឯងបានចេះដឹងនូវមលតរធម៌ឬ បានជាស្ដេចបញ្ជូនអ្នកឯងមក ។

ព្រះបរមពោធិសត្តពោលថា ម្នាលយក្ខដ៏ចម្រើន អ្នកឯងគង់តែនឹងដឹងនូវភាវៈ​នៃយើងចេះដឹងនូវ​មលតរធម៌ ឯយើងគឺស្ដេចនោះបញ្ជូនមកហើយ ដើម្បីប្រយោជន៍ឱ្យអ្នកឯងបរិភោគជាចំណី ។

នន្ទិយក្ខស្ដាប់ហើយពោលថា ម្នាលអ្នក សាច់និងឈាមរបស់អ្នកនេះ គ្រាន់តែញ៉ាំងជើងធ្មេញនៃយើងឱ្យទទឹកក៏មិនគ្រាន់ផង ព្រោះហេតុនោះ យើងត្រូវបានស៊ីនូវអ្នកដោយពិត ណ្ហើយចុះបើដូច្នោះអ្នកឯងចូលមក ។

ព្រះបរមពោធិសត្តនោះ ក៏បានចូលទៅជិតគល់ជ្រៃនោះហើយឈស្ងៀមនៅពុំបានពោលថាអ្វីឡើយ ។

នន្ទិយក្ខបានឃើញហើយពោលថា តាត ម្នាលអ្នកព្រោះហេតុអ្វីបានជាអ្នកមិនចូលមកឱ្យដល់សម្នាក់យើង ។

ព្រះបរមពោធិសត្ត បានស្ដាប់ហើយពោលថា ម្នាលយក្ខយើងជាអ្នកប្រព្រឹត្តទៅតាមសុចរិតធម៌ ព្រោះហេតុដូច្នោះបានជាយើងពុំបានចូលទៅជិតកាន់សម្នាក់នៃអ្នក ។

នន្ទិយក្ខបានស្ដាប់ហើយសួរថា សភាវៈអ្វីឈ្មោះថាសុចរិតធម៌ សុចរិតធម៌នោះតើដូចម្ដេចខ្លះ ។

ព្រះបរមពោធិសត្ត បានស្ដាប់ហើយពោលថា បើដូច្នោះអ្នកឯងត្រូវធ្វើទុកក្នុងចិត្តឱ្យមាំមួន យើងនឹងសម្ដែងប្រាប់ពោធិសត្តបានពោលយ៉ាងនេះហើយ ក៏ពោលជាបទព្រះគាថាដូច្នេះថា ៖

អនិមន្តំឃរំគន្ត្វា   អបុប្ផាបរិភាសតិ

អត្តានញ្ចបសំសិយោ   តិវិធំហីនលក្ខណំ

 អធិប្បាយថា សេចក្ដីខាតលក្ខណ៍មាន ៣ យ៉ាង គឺគេពុំបានអញ្ជើញទៅកាន់ផ្ទះ ហើយទៅកាន់ផ្ទះគេ ១ គេពុំបានសាកសួរឱ្យនិយាយ ហើយនិយាយប្រាប់គេមុនសួរ ១ គេពុំបានសរសើរ ហើយសរសើរតែខ្លួនឯង ១ ម្នាលយក្ខ បុគ្គលវៀរលែងធម៌ខាតលក្ខណ៍ ៣ យ៉ាងនេះឱ្យស្រឡះ បានឈ្មោះថាបុគ្គលអ្នកប្រព្រឹត្តនៅសុចរិតធម៌ដោយពិត ។

នន្ទិយក្ខបានស្ដាប់ហើយ កើតសេចក្ដីស្ញប់ស្ញែងនឹងពោធិសត្ត គិតថាបុរសនេះជាបុរសអាជានេយ្យដោយពិត គិតដូច្នេះហើយពោលថា តាត ម្នាលអ្នកចូរអ្នកសម្ដែងនូវសេចក្ដីអធិប្បាយនៃមលតរធម៌នោះមកមើល ។

ព្រះបរមពោធិសត្តស្ដាប់ហើយពោលថា យើងនឹងមិនសម្ដែងសេចក្ដីអធិប្បាយនៃមលតរធម៌នោះទេ ។

នន្ទិយក្ខ ពោលថាបើដូច្នោះអញនឹងទំពាស៊ីអ្នកឯងឥឡូវនេះ ។

ព្រះពោធិសត្តពោលថា អ្នកឯងនឹងអាចទំពាស៊ីយើងម្ដេចបាន យើងពោលយ៉ាងនេះព្រោះហេតុអ្វី អ្នកឯងទំពាស៊ីបុគ្គលដទៃដោយហេតុប៉ុន្មាន ។

នន្ទិយក្ខពោលថាយើងអាចដើម្បីទំពាស៊ីនូវបុគ្គលដទៃដោយហេតុទាំងឡាយ ២ យ៉ាងគឺ បុគ្គលចូលមកក្នុងម្លប់ដើមជ្រៃនេះ ១ បុគ្គលពុំចេះដឹងនូវមលតរធម៌ ១ យើងត្រូវទំពាស៊ីបុគ្គលដទៃបាន ដោយហេតុ ២ យ៉ាងនេះដោយពិត ។

ព្រះបរមពោធិសត្តពោលថា ភោ ម្នាលយក្ខដ៏ចម្រើន អ្នកឯងមិនអាចដើម្បីនឹងទំពាស៊ីយើង ដោយហេតុទាំងឡាយ ២ យ៉ាងនោះ គឺអ្នកហៅឱ្យយើងចូលមក យើងបានចូលមកដោយអំណាចអ្នកហៅ យើងពុំបានចូលមកដោយខ្លួនឯង ម្យ៉ាងវិញទៀត យើងបានចេះដឹងនូវមលតរធម៌ផង ព្រោះហេតុឯណាហេតុនោះ អ្នកមិនត្រូវទំពាស៊ីយើងឡើយ ។

នន្ទិយក្ខ បានស្ដាប់ហើយ ពោលថា តាត ម្នាលបា បើអ្នកចេះដឹងនូវមលតរធម៌មែន ហេតុអ្វីក៏អ្នកមិនសម្ដែងមក ។

ព្រះបរមពោធិសត្តពោលថា ភោ ម្នាលយក្ខដ៏ចម្រើន ទីស្ថានក្ដី បុគ្គលក្ដី ពុំបានគាប់ចិត្តយើង ព្រោះហេតុនោះ បានជាយើងមិនសម្ដែង ។

នន្ទិយក្ខបានស្ដាប់ហើយពោលថា តាត ម្នាលបាយើងនឹងធ្វើប្រដាប់នូវទីស្ថានឱ្យល្អ តែថាបុគ្គលដែលមិនជាទីគាប់ចិត្តនៃអ្នកដូចម្ដេច ។

ព្រះបរមពោធិសត្តពោលថា ភោ ម្នាលអ្នកដ៏ចម្រើន ចំណែកខាងបុគ្គលមិនជាទីគាប់ចិត្តយើង គឺបុគ្គលទាំងឡាយឯណាមានចិត្តរបឹងរឹងរូសកាចអាក្រក់ មានដៃប្រឡាក់ដោយឈាមជានិច្ច ព្រោះហេតុឯណាហេតុនោះ មលតរធម៌នេះមិនគួរសមដល់បុគ្គលទាំងឡាយនោះឡើយ មលតរធម៌នេះគួរសមតែដល់បុគ្គលដែលមានចិត្តជាកុសលដោយពិត ថាបើអ្នកនឹងប្រព្រឹត្តនូវធម៌ដែលជាកុសលនោះបាន យើងនឹងសម្ដែងនូវមលតរធម៌នោះដល់អ្នក ។

នន្ទិយក្ខ​ស្ដាប់ហើយពោលថា តាត ម្នាលបា យើងនឹងប្រព្រឹត្តតាមធម៌ជាកុសលនោះ អ្នកចូរសម្ដែងមលតរធម៌នោះមកចុះ ។

ព្រះបរមពោធិសត្តពោលថា កិរិយាសម្ដែងនូវមលតរធម៌ក្នុងទីយ៉ាងនេះ មិនគាប់ចិត្តយើង ។

នន្ទិយក្ខបានស្ដាប់ពាក្យនោះហើយ ក៏និម្មិត​នូវទីអាសនៈដ៏ខ្ពស់ តាក់តែងដោយគ្រឿងប្រដាប់ទាំងពួងមានទាំងស្វេតច្ឆត្រលើកឡើងព្រម ហើយអារាធនាថា តាត ម្នាលបា អ្នកចូរអង្គុយលើអាសនៈនេះចុះ ហើយចូលសម្ដែងនូវធម៌ដល់យើង ៗ នឹងស្ដាប់ក្នុងកាលឥឡូវនេះ ។

ព្រះបរមពោធិសត្តពោលថា ភោ ម្នាលយក្ខដ៏ចម្រើនសរីរៈ​នៃយើងមិនស្អាត ប្រឡាក់ដោយញើសក្អែលច្រើនណាស់លុះតែយើងបានជម្រះងូតស្រោចលាងនូវមន្ទិលញើសក្អែលឱ្យស្អាតល្អដោយទឹកដ៏រងថ្លារួចស្រេចហើយ ទើបនឹងសម្ដែងធម៌បាន ។

នន្ទិយក្ខបានស្ដាប់នូវពាក្យនោះហើយ ក៏រួសរាន់ហោះចេញទៅកាន់ប្រទេសព្រៃហិមពាន្ត ដងទឹកអនោតត្តស្រះនាំមកដោយរហ័សដោយកម្លាំងនៃឫទ្ធិ ហើយអញ្ជើញព្រះពោធិសត្ត ឱ្យងូតសម្អាតនូវញើសក្អែលមន្ទិលសៅហ្មងស្អាតហើយ យកនូវគ្រឿងក្រអូបដ៏កើតអំពីគន្ធរសមកលាបប្រស់ព្រំព្រះបរមពោធិសត្ត ស្រេចហើយអារាធនាឱ្យសម្ដែងធម៌ ។

គ្រានោះព្រះបរមពោធិសត្ត ពែនព្រះភ្នែនគង់លើធម្មាសនៈដ៏ស្អិតស្អាងដោយគ្រឿងប្រដាប់ដ៏វិចិត្រ ហើយកាន់យកនូវវិជ្ជនីដ៏វិចិត្របិទបាំងព្រះភក្រ្ត ហើយសម្ដែងធម៌ ។

កាលនោះព្រះបាទធនេញ្ជយ្យកោរព្យរាជ ស្ដេចទតទៅឃើញព្រះបរមពោធិសត្តនោះ អង្គុយនៅលើ​ធម្មាសនៈដ៏ខ្ពស់គឺនន្ទិយក្ខប្រដាប់តាក់តែងឱ្យដូច្នោះហើយ ស្ដេចទ្រង់រំពឹងគិតថា ធនេញ្ជយ្យកុមារនេះបាន​ទូន្មាននន្ទិយក្ខ ធ្វើមិនឱ្យមានពុតកំណាច ហើយសម្ដែងនូវមលតរធម៌ ស្ដេចគិតដូច្នេះហើយ ព្រមទាំងបរិវារទាំងអស់ បោះនូវកងទ័ពឈប់ចាំស្ដាប់ធម៌នៃព្រះបរមពោធិសត្តនោះអំពីចម្ងាយ ។

ចំណែកឯព្រះបរមពោធិសត្ត បានពោលទៅនឹងយក្ខថា ភោយក្ខរាជ បពិត្រស្ដេចនៃយក្ខដ៏ចម្រើន ព្រះអង្គត្រូវធ្វើទុកក្នុងចិត្តឱ្យល្អ ខ្ញុំនឹងសម្ដែងនូវកល្យាណធម៌ឥឡូវនេះ ព្រះពោធិសត្តបានពោលយ៉ាងនេះហើយក៏ពោលជាបទព្រះគាថាដូច្នេះ ៖

បាណាតិបាតាធនហារតាបិ    បរស្សទារំវចនំអសច្ចំ

មជ្ជំបវិយោឥធសោនរោច   សមូលច្ឆេទោមុនីនាបវុត្តោ ។

 អធិប្បាយថា ក៏រីនរជនឯណាក្នុងលោកនេះសម្លាប់នូវសត្វមានជីវិត ១ លួចយកនូវទ្រព្យនៃបុគ្គលដទៃ ១ គប់នូវប្រពន្ធកូននៃបុគ្គលដទៃ ១ ពោលនូវពាក្យកុហកមិនទៀង ១ ផឹកនូវទឹកស្រវឹងគឺសុរានិងមេរ័យ ១ ហៅមន្ទិលធម៌ជាគ្រឿងសៅហ្មងដល់ចិត្តនិងចេតសិកដោយពិត នរជនដែលប្រកបដោយមន្ទិលធម៌ទាំងប្រាំប្រការនោះ អ្នកប្រាជ្ញមានព្រះពុទ្ធជាដើម ពោលឱ្យឈ្មោះថាជាបុគ្គលកាត់ផ្ដាច់បង់នូវឫសគល់នៃខ្លួនជាមនុស្ស ពុំបានលូតលាស់កើតជាមនុស្សទៀតឡើយ ។

អបាយបត្តោបិមនុស្សភូតោ អបាយុកោព្យាធិកុលានិវាសោទុប្បញ្ញរូបោវិកលោវិយោគោ បិយេហិយោសោបរបាណឃាតោ,

អធិប្បាយថា បុគ្គលឯណាប្រព្រឹត្តធ្វើនូវអំពើបាណាតិបាត សម្លាប់បំបាត់ជីវិតសត្វដទៃ បុគ្គលនោះឯង ស្លាប់ទៅទៀងតែនឹងទៅកើតក្នុងអបាយ ៤ គឺនរក ប្រេត អសុរកាយ តិរច្ឆាន សោយទុក្ខវេទនា ដល់សេសសល់ផលកម្មនោះត្រឡប់មកបង្កើតជាមនុស្សវិញ ជាបុគ្គលមានអាយុខ្លី ជាសម្បុកនៅនៃរោគ មានប្រាជ្ញាខ្លៅ មានរូបអាក្រក់ ខ្វះខាត ឥន្រ្ទិយពុំពេញបរិបូណ៌ ព្រាត់ប្រាស់មិត្តសម្លាញ់បងប្អូនកូនចៅដែលជាទីសម្លាញ់ពេញចិត្តទាំងឡាយដោយផលអំពើបាណាតិបាតនោះឯង ។

អបាយបត្តោបិមនុស្សភូតោ       ទលិទ្ទភូតោបរទាសជាតោ

ចណ្ទាលកុលេនិធនេចជាតោ    ភោគស្សហីនោធនហារកោសោ

អធិប្បាយថា បុគ្គលឯណាជាអ្នកលួចយកនូវទ្រព្យរបស់នៃបុគ្គលដទៃ ដែលគេពុំបានឱ្យដោយកាយដោយវាចា បុគ្គលនោះស្លាប់ទៅកើតក្នុងអបាយទាំង ៤ សោយនូវសេចក្ដីទុក្ខវេទនា ដល់សេសសល់ផលកម្មនោះត្រឡប់មកកើតជាមនុស្សវិញ ជាអ្នកហីនហោចចាកភោគសម្បត្តិ កើតជាអ្នកកម្សត់ទុគ៌ត ជាទាសាទាសីខ្ញុំបម្រើអ្នកដទៃផង កើតក្នុងត្រកូលនៃមនុស្សចណ្ឌាលកាឡកិណី ក្សត់ទ្រព្យសម្បត្តិផង ដោយផលអទិន្នាទាននោះឯង ។

អបាយបត្តោបិមនុស្សភូតោ       នបុសកោទុក្ខសយោអបិយោ

ឥត្ថិចបិយេហិជនេហិវិយោគោ   បរស្សទារគមនោនរោសោ

អធិប្បាយថា នរជនឯណាជាអ្នកលេងសេពគប់នូវប្រពន្ធកូនអ្នកដទៃ នរជននោះស្លាប់ទៅនឹងកើតក្នុងអបាយទាំង ៤ សោយនូវសេចក្ដីទុក្ខវេទនា ដល់សេសសល់ផលកម្មនោះត្រឡប់មកកើតជាមនុស្សវិញ នឹងកើតជាមនុស្សខ្ទើយ ជាដែនកើតទុក្ខលំបាក មិនជាទីពេញចិត្តនៃអ្នកដទៃផង នឹងកើតជាស្រីវិយោគព្រាត់ព្រាស់ចាកជនទាំងឡាយ ដែលជាទីសម្លាញ់ពេញចិត្តផង ដោយផលកាមេសុមិច្ឆាចារកម្មនោះឯង ។

អបាយបត្តោបិមនុស្សភូតោ       ទុគ្គន្ធវាតោវិឡោបទន្តោ

អសទ្ទវាចោមុខរាវិ៍សដ្ឋោ          ភាសាថិកោតុច្ឆវចោនរោសោ

អធិប្បាយថា នរជនឯណាអ្នកពោលនូវពាក្យទទេ ពុំពិតកុហកបញ្ឆោតអ្នកដទៃឱ្យគេខូចប្រយោជន៍  នរជននោះស្លាប់ទៅកើតក្នុងអបាយទាំង ៤ សោយនូវសេចក្ដីទុក្ខវេទនា ដល់សេសសល់ផលកម្មនោះត្រឡប់មកកើតជាមនុស្សវិញ ជាបុគ្គលមានក្លិនស្អុយផ្សាយចេញពីមាត់ មានធ្មេញធំរង្វើលពុំស្មើល្អ មានសម្ដីនិយាយគឺបុគ្គលមិនគប្បីជឿ មានមាត់រឹងរូសគឺបុគ្គលដទៃស្និទស្នាលនិយាយផងពុំបាន មានសំឡេងស្អកស្អាពុំពីរោះឡើយ ដោយផលមុសាវាទនោះឯង ។

អបាយបត្តោបិមនុស្សភូតោ   ឧម្មត្តកោឯឡមូគោបិយក្ខោ

សម្ផប្បលាបោផរុសោទុសីលោ   គារយ្ហយុត្តោទុរូបោនរោសោ

អធិប្បាយថា នរជនឯណាជាអ្នកផឹកនូវទឹកស្រវឹងគឺសុរានិងមេរ័យ នរជននោះស្លាប់ទៅកើតក្នុងអបាយទាំង ៤ សោយនូវសេចក្ដីទុក្ខវេទនា ដល់សេសសល់ផលកម្មនោះត្រឡប់មកកើតជាមនុស្សវិញ ជាបុគ្គលឆ្កួតវង្វេង ជាបុគ្គលឆ្កួតជ្រូក ជាយក្ខកាចអាក្រក់ ជាបុគ្គលពោលនូវពាក្យឥតប្រយោជន៍ ជាបុគ្គលមានសម្ដីអាក្រក់ ជាបុគ្គលទ្រុស្តសីល ជាបុគ្គលមានរូបអាក្រក់ ប្រកបដោយកម្ម គឺបណ្ឌិតគប្បីតិះ​ដៀលជានិច្ច ដោយផលសេពសុរាមេរ័យនោះឯង ។

តស្មាកយិមំវិវិធំសរិត្វា     វេរំជយិត្វានរម្មេយ្យសីលំ

អនន្តគុណញ្ចមហានិសំ   សម្បត្តុបាទំជិនគោចរន្តំ

អធិប្បាយថា ព្រោះហេតុដូច្នោះ បុគ្គលជាសប្បុរសបើរឭករឿយៗនូវភ័យមានប្រការផ្សេងៗ ហើយគប្បីលះបង់នូវពៀរនេះចេញឱ្យស្រឡះ ហើយត្រេកអរនូវសីលទាំងប្រាំដែលជាសីលមានអានិសង្ឃច្រើនជាអនន្តគុណជាទីគោចរនៃព្រះជិនស្រី ជាទីញ៉ាំងសម្បត្តិទ្រព្យទាំងពួងឱ្យកើតឡើងស្ថិតស្ថេរដោយពិត ។

គណ្ហតុបញ្ចសីលានិ     បាលយន្តំសុនីលមលំ

នោតុវំភោគត្ថម្យិច       និព្វានត្ថញ្ចវីមលំ

អធិប្បាយថា ជំនុំយើងទាំងឡាយ អ្នកត្រូវកាន់យកនូវសីលទាំងឡាយ ៥ រក្សាឱ្យល្អកុំឱ្យមានមន្ទិលសៅហ្មងឡើយ ដើម្បីបាននូវភោគផង ដើម្បីបាននូវព្រះនិពា្វនមានមន្ទិលសៅហ្មងពុំមានផង ជាទីរម្លត់នូវទុក្ខដោយពិត ។

ទេសនាវសានេ កាលចប់ព្រះធម៌ទេសនាហើយ នន្ទិយក្ខក៏លើកឡើងនូវអញ្ជលីប្រណម្យ ដោយសេចក្ដីជ្រះថ្លាក្នុងធម៌ហើយពោលជាបទព្រះគាថាដូច្នេះ ៖

គណ្ហាមិបញ្ចសីលានិបាលេយ្យន្តំសុនីមលំ

ឯវំសង្គណ្ហិតុំធីរ    សទ្ធឹរិហារកន្តិមំ ។

អធិប្បាយថា បពិត្រព្រះអង្គអ្នកមានព្យាយាម ខ្ញុំសូមទទួលយកនូវសីលទាំងឡាយប្រាំ សូមព្រះអង្គសង្រ្គោះនូវខ្ញុំថាជាសទ្ធិវិហារិករក្សានូវសីលឱ្យល្អ មិនឱ្យមានមន្ទិលសៅហ្មងយ៉ាងនេះដោយពិត ។

ព្រះបរមពោធិសត្ត ព្រះអង្គបានស្ដាប់ពាក្យនោះហើយពោលថា បើដូច្នោះអ្នកចូរអង្គុយច្រហោង ហើយទទួលយកនូវសីលទាំង ៥ នេះចុះ ។

នន្ទិយក្ខបានស្ដាប់ពាក្យនោះហើយ ក៏បង្អោនទៅនៅអញ្ចលីអង្គុយច្រហោងពោលថា បណ្ឌិត សីលំយាចាមិ បពិត្របណ្ឌិត ខ្ញុំសូមនូវសីល ។

ព្រះបរមពោធិសត្ត ក៏បានសម្ដែងប្រកាសឱ្យនូវសីលមានបាណាតិបាតាវេរមណីជាដើម ហើយធ្វើនូវយក្ខនោះមិនឱ្យមានពុតកំណាច ញ៉ាំងយក្ខនោះឱ្យទទួលកាន់យកនូវសីលទាំង ៥ ហើយគង់នៅស្ងៀមទៅ ។

គ្រានោះទេវតាទាំងឡាយដែលនៅក្នុងព្រៃទាំងអស់ មានកាយកាលមិនប្រាកដ ធ្វើនូវសំឡេងសាធុការ​ឱ្យប្រាកដ ធ្វើនូវកោលាហលឱ្យមានសេចក្ដីគឹកកងតែមួយ ក្នុងព្រៃនោះឯង ។

ចំណែកឯនន្ទិយក្ខបានទទួលយកនូវសីលហើយអារាធនាដូច្នេះថា បពិត្របណ្ឌិត សូមព្រះអង្គសម្ដែងនូវមលតរធម៌ដល់ខ្ញុំ ។

ព្រះបរមពោធិសត្តបានស្ដាប់នូវពាក្យនោះហើយ បង្គាប់នន្ទិយក្ខនោះថា ម្នាលយក្ខដ៏ចម្រើន បើដូច្នោះចូរអ្នកអញ្ជើញស្ដេចជាម្ចាស់នៃយើង ឱ្យចូលមកក្នុងទីនេះ ហើយចូរឃោសនានូវធម៌ ឃោសនានូវទេវតាទាំងឡាយឱ្យមកប្រជុំក្នុងទីនេះ ។

នន្ទិយក្ខបានស្ដាប់នូវពាក្យនោះហើយ ក្រោកឡើងចាកទីអាសនៈចូលទៅកាន់សម្នាក់ព្រះបាទធនេញ្ជយ្យកោរព្យរាជអញ្ជើញស្ដេចថាដូច្នេះ មហារាជ បពិត្រមហារាជ សូមព្រះអង្គយាងចូលទៅគង់នៅក្នុងទីជិតនៃធម្មាសនៈ ទ្រង់ព្រះសណ្ដាប់សេចក្ដីអធិប្បាយនៃមលតរធម៌ ។

ព្រះបរមក្សត្រទ្រង់ព្រះសណ្ដាប់នូវពាក្យនោះហើយស្ដេចបានជ្រាបច្បាស់នូវភាវៈនៃយក្ខនោះជាបុគ្គលមានពុតកំណាចពុំមានដោយពិត ហើយក្រោកចាកទីអាសនៈព្រមទាំងបរិវារ ស្ដេចយាងចូលទៅគង់លើអាសនៈដ៏សមគួរគឺយក្ខតាក់តែងហើយក្នុងទីជិតនៃធម្មាសនៈ ។

ចំណែកខាងឯនន្ទយក្ខក៏បានស្រែកឃោសនាទេវតាទាំងឡាយដោយពាក្យពោលដូច្នេះថា ភោន្តោ ទេវសំឃោ បពិត្រពួកទេវតាទាំងឡាយដ៏ចម្រើន ធនេញ្ជយ្យកុមារនឹងសម្ដែងនូវមលតរធម៌ក្នុងកាលឥឡូវនេះ ចូរអ្នកទាំងឡាយចូលមកស្ដាប់មលតរធម៌នោះក្នុងទីនេះ ។

ក្នុងខណៈនោះ ទេវតាទាំងឡាយដែលនៅក្នុងព្រៃនោះទាំងអស់ បានឮពាក្យឃោសនានោះហើយ ក៏គិតក្នុងចិត្តថាមលតរធម៌នេះប្លែកពេកណាស់យើងទាំងឡាយមិនដែលបានស្ដាប់ហើយ អត្ថក្ដី ព្យញ្ជនៈក្ដី យើងទាំងឡាយមិនដែលបានស្ដាប់ហើយ លុះទេវតាទាំងអស់នោះគិតដូច្នេះហើយ មានរាងកាយកាលមិនប្រាកដចូលទៅប្រជុំគ្នាស្ដាប់នូវធម៌ទេសនានៃព្រះបរមពោធិសត្ត ។

ចំណែកឯនន្ទិយក្ខអង្គុយនៅក្នុងទីដ៏សមគួរមួយ ទើបបង្អោននៅអញ្ជលីចំពោះព្រះបរមពោធិសត្ត ហើយអារាធនាធម៌ថា ទេសតុ បណ្ឌិត បពិត្របណ្ឌិតសូមព្រះអង្គសម្ដែងនូវសេចក្ដីអធិប្បាយនៃមលតរធម៌នោះដល់យើងទាំងឡាយ ក្នុងកាលឥឡូវនេះ ។

គ្រានោះធនេញ្ជយ្យកុមារមហាសត្ត បើកនូវព្រះនេត្រទាំងពីរមានប្រាសាទទាំងពីរ មានប្រាសាទទាំងប្រាំដ៏ស្អាត រមិលមើលនូវបរិស័ទដោយជុំវិញ ហើយបានឃើញនូវបរិសទ្យពុំបានរពឹសដៃជើងផង ពុំមានសំឡេងក្អកកណ្ដាស់ផង ដ៏សម្ងំស្ងប់ស្ងាត់ដោយប្រពៃ ហើយក៏សម្ដែងនូវធម៌ដល់យក្ខដូច្នេះថា យក្ខរាជបពិត្រស្ដេចយក្ខ ធម្មតាឯមលតរធម៌នេះ មិនមែនជាវិស័យនៃយក្ខនិងគន្ធព្វ នាគ គ្រុឌ តាបស សមណៈ ព្រាហ្មណ៍ទាំងឡាយដទៃឡើយ ជាវិស័យនៃព្រះសម្មាសម្ធុទ្ធនិងព្រះបច្ចេកពុទ្ធសាវកនៃព្រះពុទ្ធទាំងឡាយដោយពិត ព្រោះហេតុដូច្នោះអ្នកត្រូវធ្វើទុកក្នុងចិត្តឱ្យល្អ យើងនឹងសម្ដែងនូវមលតរធម៌ ព្រះពោធិសត្តពោលយ៉ាងនេះហើយ ក៏ពោលជាបទព្រះគាថាដូច្នេះ ៖

ទិដ្ឋេដុទ្ធច្ចទោសន្ធ    កំខំថិនុនតិទស

លោកនាសយុគ្គេនេត     កិលេសាចិត្តកេសតោ

អធិប្បាយថា ធម៌ទាំងឡាយនេះមាន ១០ គឺ ៖

១- ទិដ្ឋិ ឃើញខុស ប្រកាន់ខុស បង្កើតជាគំនិតដទៃដោយអំណាចនៃសេចក្ដីវិបរិតផ្សេងៗ ។

២- ស្វែងរកនូវទ្រព្យសម្បត្តិក្នុងសង្សារវដ្ដដោយអំណាចនៃសេចក្ដីលោភខុសតម្រា ។

៣- ឧទ្ធច្ចំ រក្សានូវធម៌សុចរិតពុំបានដោយអំណាចនៃចិត្តរាយមាយពុំទៀង ។

៤- ទោសោ អាឃាដព្យាបាទគំនុំគុំគួនចងពៀរនឹងអ្នកដទៃ ដោយអំណាចនៃសេចក្ដីទោស​ ។

៥- អន្ធោ ចៀសចេញឯងនឹងញ៉ាំងបុគ្គលដទៃឱ្យចៀសចេញចាកព្រះនិពា្វន ដោយអំណាចនៃមោហៈដឹកនាំឱ្យងងឹតវង្វេង ។

៦- កង្ខា ផាត់ទាត់ចោលចេញពុំជឿនូវគុណព្រះរតនត្រ័យ ដោយអំណាចនៃសេចក្ដីសន្ទិះសង្ស័យ ។

៧- ថីនំ ដល់នូវកិរិយាដេកពុំភ្ញាក់ក្នុងសង្សារភព ដោយអំណាចនៃសេចក្ដីខ្ជិលច្រអូស ហើយមានអំនួតអួតខ្លួនផង ។

៨- ឧនតិ ឡើងជំនោរប្រកាន់អស្មិមានះ របឹងរឹងរូសដោយអំណាចនៃអហង្ការនិងមមង្ការ មួយអន្លើដោយអកុសលចេតសិកមួយតួទៀត ។

៩- អហិរិកំ សេចក្ដីមិនខ្ពើមអៀនខ្មាសបាប អាចហ៊ានធ្វើនូវអំពើទុច្ចរិតទាំង ៣ ពេញទីឥតមានកោតញញើត ។

១០- អន្តោត្តប្បំ សេចក្ដីមិនខ្លាចតក់ស្លុតនឹងបាប អាចហ៊ានធ្វើនូវអំពើទុច្ចរិតទាំង ៣ ឥតមានខ្លាចឡើយ ។

ឯធម៌ទាំងដប់នេះបានឈ្មោះថាកិលេស ព្រោះជាគ្រឿងញ៉ាំងចិត្តនិងចេតសិកឱ្យសៅហ្មង បានឈ្មោះថាមលតរធម៌ ព្រោះជាគ្រឿងមន្ទិលសៅហ្មងដោយវិសេស អាចបើកផ្លូវអបាយឱ្យសត្វទៅហើយបិទបាំងនូវផ្លូវសួគ៌និងផ្លូវព្រះនិពា្វនពុំឱ្យសត្វទៅបានឡើយ បុគ្គលឯណាបានសម្លាប់ផ្ដាច់បង់នូវមលតរធម៌នេះចេញឱ្យស្រឡះ បុគ្គលនោះទៀងតែនឹងបានត្រាស់ដឹងនូវព្រះនិព្វានដោយពិត ។

លុះព្រះបរមពោធិសត្វសម្ដែងធម៌ទេសនានេះចប់ហើយ សំឡេងសព្ទសាធុការនៃទេវតាទាំងឡាយ ដ៏លាន់ឮខ្លាំងផ្សាយឡើង បីដូចជានឹងបែកធ្លាយនៃផែនដីធំ ប្រាកដក្នុងកាលនោះឯង ។

ចំណែកឯនន្ទិយក្ខ ក៏ក្រាបចុះទៀបបាទមូលនៃព្រះមហាសត្ត ហើយពោលថា សុន្ទរធីរ បពិត្រព្រះអង្គទ្រង់នូវព្យាយាមល្អ សូមព្រះអង្គជាទីអាង ជាទីជ្រកកោនជាពន្លឺជាទីពឹងជាទីរឭកនៃខ្ញុំ សូមកាន់យកនូវខ្ញុំជាកូនសិស្សមែនពិត សូមព្រះអង្គជាអាចារ្យនៃខ្ញុំដោយពិត ចាប់តាំងអំពីថ្ងៃនេះទៅ ខ្ញុំនឹងធ្វើឧបការដល់ព្រះអង្គ សូមព្រះអង្គអនុគ្រោះនូវខ្ញុំដោយពិត ពោលដូច្នេះហើយក៏ក្រោកឡើងចាកទីអាសនៈ អង្គុយនៅក្នុងទីដ៏សមគួរមួយ ។

គ្រានោះពួកនៃទេវតាទាំងឡាយ ថ្វាយបង្គំនូវព្រះពោធិសត្ត ធ្វើប្រទក្សិណ ៣ ជុំហើយបាត់ទៅក្នុងទីនោះមែនពិត ។

ព្រះបាទធនេញ្ជយ្យកោរព្យរាជ ស្ដេចលើកនូវព្រះបរមពោធិសត្តចុះអំពីធម្មាសនៈ ហើយឱបកៀកដោយចង្កេះជប់សិរសា ហើយពោលថា បុគ្គលឯណានីមួយ គឺអាមាត្យក្ដី សេនាបតីក្ដី បុរោហិតក្ដី កូននៃស្ដេចឧបរាជក្ដី អគ្គមហេសីក្ដី បុគ្គលជាពួកជាសម្លាញ់នៃត្រកូលមាតាបិតាជាដើមក្ដី សូម្បីតែបុគ្គលមួយនាក់ក៏ពុំអាចជាទីពឹងនៃអញបានឡើយ ស្ដេចពោលដូច្នេះហើយ ក៏ពនូវពោធិសត្តដោយចង្កេះឡើងគង់លើកណ្ឋ​នៃដំរីដ៏ប្រសើរ មានទង់ជាយនិងទង់ជ្រុង និងស្វេតច្ឆត្រគឺបុគ្គលលើកឡើងព្រមហើយ ស្ដេចក៏យាងមកកាន់នគរឥន្ទបថវិញដោយលំដាប់ ។

ចំណែកឯនន្ទិយក្ខ ក៏ដើរតាមក្រោយនៃជនទាំងពួង ។

ចំណែកខាងព្រះបរមពោធិសត្ត បានឃើញនូវដើមមហាសាលព្រឹក្ស ដ៏មានមែកសន្លឹកសាខាល្អ ស្ថិតនៅក្នុងទីជិតនៃបាចិនគ្រាមជាខាងក្រៅ ហើយក្រាបទូលទៅព្រះមហាក្សត្រថា បពិត្រព្រះសម្មតិទេព សូមព្រះអង្គបញ្ឈប់នូវដំរីក្នុងទីនេះសិន ។

ខណៈនោះនន្ទិយក្ខ បានបង្អោនទៅនៅអញ្ជលីហើយស្ថិតនៅក្នុងទីចំពោះមុខនៃព្រះបរមពោធិសត្ត ។

ឯព្រះបរមពោធិសត្ត បានពោលទៅនឹងយក្ខនោះដូច្នេះថា ម្នាលយក្ខ អ្នកចូរនៅ ៗ ដើមមហាសាលព្រឹក្សនេះចុះ យើងនឹងថែរក្សាឱ្យចំណីអាហារដល់អ្នក ។

ឯនន្ទិយក្ខនោះក៏ចូលទៅអាស្រ័យនឹងដើមមហាសាលព្រឹក្សនោះឯង ។

ព្រះនរិន្រ្ទាធិបតិកោរព្យរាជ ស្ដេចចុះអំពីដំរីដ៏ប្រសើរ ហើយស្ដេចយាងចូលទៅកាន់ទ្វារនៃព្រះបរមរាជវាំងតាមលំដាប់ ដល់ហើយស្ដេចកៀកពនូវពោធិសត្តនោះឡើងកាន់ប្រាសាទ ឱ្យព្រះពោធិសត្តអង្គុយនៅលើសីហាសនៈដ៏ប្រសើរស្រេចហើយ ស្ដេចគង់នៅលើបល្លង្កកែវដ៏ប្រសើរដោយព្រះអង្គឯង ញ៉ាំងធនេញ្ជយ្យសេដ្ឋីនិងនាងសុខុមាលីទេវី ឱ្យអង្គុយនូវក្នុងទី​ដ៏សមគួរមួយ ហើយឱ្យបរិភោគនូវភោជនដ៏ឧត្តម ស្រេចហើយពោលថា អ្នកទាំងឡាយចូរឱ្យធនេញ្ជយ្យកុមារដល់អញ ចាប់ដើមអំពីនេះទៅ ធនេញ្ជយ្យកុមារនេះជាបុត្ររបស់អញមែនពិត ។

ឯនាងសុខុមាលីនិងធនេញ្ជយ្យសេដ្ឋីជាមាតាបិតានៃព្រះបរមពោធិសត្តនោះ ក៏ព្រមតាមព្រះរាជឱង្ការក្រាបទូលថាបពិត្រព្រះសម្មតិទេព សូមព្រះអង្គធ្វើដោយសមគួរតាមសព្វព្រះរាជហឫទ័យចុះ ។

ស្ដេចទ្រង់ព្រះសណ្ដាប់ហើយ ក៏ទ្រង់ស្រោចទឹកអភិសេកធនេញ្ជយ្យកុមារធ្វើឱ្យជាព្រះរាជបុត្ររបស់ព្រះអង្គ ហើយញ៉ាំងជាងទាំងឡាយឱ្យសាងប្រាសាទធំមួយ រៀបថ្នល់ក្នុងទីចំពោះមុខនៃបុរិស្ថានមិនឆ្ងាយប៉ុន្មានអំពីរាជមន្ទីរ ហើយស្ដេចព្រះរាជទានឱ្យដល់ធនេញ្ជយ្យកុមារនោះអាស្រ័យនៅ ប្រទានរង្វាន់ជាប្រាក់ក្នុងមួយថ្ងៃៗ មួយសែន ប្រទានទាំងយសសក្ដិពលពាហនៈជាច្រើន ហើយស្ដេចធ្វើនូវស្រុកនោះឱ្យជាស្រុកសម្រាប់ឡើងសួយព្រះរាជទានដល់ធនេញ្ជយ្យសេដ្ឋីជាបិតា ។

ចាប់ដើមអំពីកាលនោះមក ព្រះបរមពោធិសត្តក៏បានចាត់ចែងឱ្យជនទាំងឡាយចម្អិននូវបាយមធុបាយាសពុំមានទឹកលាយដោយគោរសប្រាំ ឱ្យដល់នន្ទិយក្ខបរិភោគក្នុងមួយថ្ងៃពីរពេលសព្វៗថ្ងៃ អស់កាលជានិច្ចពុំដែលដាច់ឡើយ ព្រះបរមពោធិសត្វនោះសោតព្រះអង្គទ្រង់នូវលាភយសបរិវារដ៏ប្រសើរលើសដោយអានុភាពនៃបុណ្យល្បីលាន់ឮសព្វទៅក្នុងដែនកុរុរដ្ឋទាំងអស់ជាអស្ចារ្យ ។

តមត្ថំបកាសេន្តោសត្ថាអហ សម្ដេចព្រះបរមគ្រូជាម្ចាស់កាលព្រះអង្គសម្ដែងនូវសេចក្ដីអធិប្បាយនោះហើយ ក៏ពោលជាបទព្រះគាថាដូច្នេះ ៖

បញ្ញបសដ្ឋាកុសលាវទន្តិ    នក្ខត្តរាជាវិរតារកានំ

សីលំសិរិញ្ចាបិសតញ្ចធម្មោ   អន្វាយិកាបញ្ញវតោភវន្តិ

អធិប្បាយថា ព្រះចន្ទដែលជាស្ដេចនៃផ្កាយនក្ខត្តឫក្សដ៏ប្រសើរដោយវិសេសជាងផ្កាយនក្ខត្តឫក្សទាំងឡាយមានឧបមាយ៉ាងណា អ្នកប្រាជ្ញទាំងឡាយដ៏ឆ្លាសតែងពោលថាបញ្ញាជាធម្មជាតិប្រសើរដោយវិសេសជាងធម៌ទាំងឡាយមានឧបមាយ៉ាងនោះដែរ ម្យ៉ាងវិញទៀតធម៌ទាំងឡាយ ៣ គឺសីល ១ សិរី ១ ធម៌នៃសប្បុរសទាំងឡាយ ១ រមែងប្រព្រឹត្តទៅតាមបុគ្គលអ្នកមានប្រាជ្ញាដោយពិត ។

សម្ដែងអំពីរឿងមលតរបញ្ហាប្រស្នាសួរអំពីធម៌ជាមន្ទិលដ៏ក្រៃលែង
ជាគម្រប់ពីរក៏ចប់សេចក្ដីជាសង្ខេបតែប៉ុណ្ណេះឯង

ព្រះស្រីសម្មតិវង្ស (ឯម) ចាងហ្វាងសាលាបាលីជាន់ខ្ពស់នៅ​ក្រុង​ភ្នំពេញ
ប្រែចេញពីបាលីគម្ពីរលោកនយជាតកជាភាសាខ្មែរ

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៣២

អំពី មេត្តាកវី

ខ្ញុំ​ព្រះករុណា​ខ្ញុំបាទ ​រីករាយ​នឹង​ដកស្រង់​អត្ថបទ​នានា​ដែល​មានប្រយោជន៍ ជាពិសេស​ចំណេះដឹង​ផ្នែក​ព្រះពុទ្ធ​សាសនា កែសម្រួល​អក្ខរា​វិរុទ្ធ រួច​យក​មក​ចុះផ្សាយ​ប្រគេន​និង​ចែក​ជូន​ជា​ធម្មទាន ។ ស្វាគមន៍​ចំពោះ​​មតិយោបល់​កែ​លម្អ​ក្នុង​ន័យ​ស្ថាបនា  សូម​អរព្រះគុណ​និង​អរគុណ !​

មើលប្រកាសទាំងអស់របស់ មេត្តាកវី →

បញ្ចេញយោបល់ ៖