អត្ថស្ស​ទ្វារ​បញ្ហា​ ប្រស្នា​សួរ​ទ្វារ​ដែល​ជា​ប្រធាន​នៃ​អត្ថ

រឿងនេះមានក្នុងគម្ពីរឯកនិបាតជាតកខ្សែ ១៣ សម្ដែងសេចក្ដីថាកាលអង្គសម្ដេចព្រះបរមគ្រូជាម្ចាស់ កាលព្រះអង្គគង់នៅក្នុងវិហារព្រះជេតពនសុគន្ធកុដិ ទៀបក្រុងនគរសាវត្ថីព្រះអង្គទ្រង់ប្រារព្ធនូវកុលបុត្រម្នាក់ជាអ្នកឆ្លាតក្នុងអត្ថ ហើយទ្រង់សម្ដែងនូវធម៌ទេសនានេះមានបទថា អរោគ្យមិច្ឆេបរមមញ្ចលាភំ ជាដើម ។

សេចក្ដីពិស្ដារថា កាលនោះមានកូនសេដ្ឋីមួយ មានសម្បត្តិច្រើននៅក្នុងនគរសាវត្ថី សេដ្ឋីបុត្តនោះទើបតែនឹងមានអាយុ៧ឆ្នាំអំពីជាតិ តែថាជាអ្នកមានប្រជ្ញាវាងវៃ នឹងសេចក្ដីចម្រើនដោយច្រើន ។

ថ្ងៃមួយសេដ្ឋីបុត្តនោះ ក៏ចូលទៅជិតកាន់សម្នាក់សេដ្ឋីជាបិតាហើយសួរនូវទ្វារបញ្ហា ដែលជាប្រធាននៃសេចក្ដីចម្រើននឹងបិតា ឯបិតានោះក៏ពុំបានដឹងនូវសេចក្ដីអធិប្បាយនៃប្រស្នានោះឡើយ ឆ្លើយអធិប្បាយប្រាប់កូនពុំបាន ។

គ្រានោះសេដ្ឋីជាបិតា កើតមានសេចក្ដីវិតក្កវិចាររំពឹងគិតថាប្រស្នានេះជាសុខុមល្អិតក្រៃពេក វៀរលែងតែព្រះសម្មាសម្ពុទ្ធជាអង្គសព្វញ្ញូចេញ បុគ្គលឯណាដទៃ ក្នុងលោកសន្និវាសនេះខាងក្រោមកំណត់តាំងតែអំពីស្ថាននរកឈ្មោះអវិចីមក ខាងលើតាំងអំពីទីបំផុតនៃអកនិដ្ឋភពចុះមក ឈ្មោះថាជាបុគ្គលអាចហើយដើម្បីសម្ដែងនូវសេចក្ដីអធិប្បាយនៃប្រស្នានេះពុំមានឡើយ ។

ឯសេដ្ឋីជាបិតានោះ កាន់យកនូវកូនហើយ ញាំងកូនឲ្យកាន់យកនូវផ្កាកម្រងនិងគ្រឿងក្រអូបនិងលាបមានប្រមាណច្រើន ហើយចូលទៅកាន់វិហារព្រះជេតពន បូជានូវព្រះសស្ដា ថ្វាយបង្គំហើយអង្គុយនៅក្នុងទីដ៏សមគួរមួយ បានពោលនូវពាក្យនេះនឹងព្រះសាស្ដាថា ភន្តេ បពិត្រព្រះអង្គដ៏ចម្រើន ទារកនេះមានប្រាជ្ញាឆ្លាតវាងវៃនូវអត្ថ បានសួរនូវប្រស្នាដែលជាប្រធាននៃអត្ថនឹងខ្ញុំ ៗ កាលពុំបានដឹងនូវប្រស្នានោះ ហើយបានចូលកាន់សម្នាក់ព្រះអង្គ បពិត្រព្រះអង្គដ៏ចម្រើន សូមអារាធនាសូមព្រះដ៏មានព្រះភាគទ្រង់សម្ដែងនូវប្រស្នានោះដល់ខ្ញុំ ។

អង្គសម្ដេចព្រះសាស្ដាចារ្យជាម្ចាស់ ទ្រង់បានស្ដាប់ហើយពោលថា ម្នាលឧបាសក ព្រះតថាគតក្នុងកាលមុន គឺកុមារនេះបានសួរនូវប្រស្នានោះដែរ សេចក្ដីអធិប្បាយនៃប្រស្នានោះគឺព្រះតថាគតបានសម្ដែងហើយដល់កុមារនោះ ឯកុមារនេះក៏បានដឹងជាក់ច្បាស់ក្នុងកាលនោះ ដល់មកក្នុងកាលឥឡូវនេះកំណត់ពុំបានព្រោះភាវៈនៃខ្លួនគឺភពគ្របសង្កត់ហើយ បិទបាំងប្រាជ្ញាឲ្យវិនាសបាត់ទៅដោយពិត លុះដល់ព្រះអង្គបានពោលដូច្នេះហើយ សេដ្ឋីនោះក៏បានអារាធនានិមន្តព្រះអង្គ ៗ ក៏បានទាញអតីតនិទានមកសម្ដែងថា ម្នាលឧបាសក នាកាលអតីតកន្លងរំលងទៅយូរណាស់ហើយ គ្រានោះមានព្រះបរមក្សត្រមួយព្រះអង្គទ្រង់ព្រះនាមព្រះបាទព្រហ្មទត្ត សោយរាជសម្បត្តិក្នុងនគរពារាណសី ឯព្រះបរមពោធិសត្វបានបង្កើតជាមហាសេដ្ឋីមានសម្បត្តិច្រើននៅអាស្រ័យក្នុងនគរនោះ ។

ក្នុងកាលជាខាងក្រោយ កូនមហាសេដ្ឋីនោះ មានអាយុ៧ឆ្នាំអំពីជាតិជាអ្នកមានប្រាជ្ញាឆ្លាតវាងវៃក្នុងអត្ថ ថ្ងៃមួយ​ ចូលទៅជិតកាន់សម្នាក់នៃបិតាហើយសួរនូវអត្ថស្សទ្វារបញ្ហានឹងបិតាដូច្នេះថា តាត បពិត្របិតា ធម្មជាតិឈ្មោះថាជាទ្វារនៃសេចក្ដីចម្រើន គឺធម្មជាតិអ្វី ។

ឯបិតានៃកុមារនោះ កាលសម្ដែងនូវប្រស្នានោះ ពោលជាបទព្រះគាថាដូច្នេះថា ៖

អរោគ្យមិច្ឆេបរមញ្ចលាភំ         សីលញ្ចពុទ្ធានមត្តំសុត្តញ្ច

ធម្មានុវត្តិញ្ចអលិនតាច            អត្ថស្សទ្វារាបមុខាឆឡេតេ

(ប្រែថា) ធម៌ទាំងឡាយ ៦ នេះគឺប្រាថ្នានូវលាភដ៏ឧត្តមគឺបណ្ឌិតពោលថាមិនមានរោគ ១ អាចារសីល ១ សេចក្ដីអធិប្បាយតាមអ្នកប្រាជ្ញទាំងឡាយ ១ សូត្រដ៏អាស្រ័យហើយនូវហេតុ ១ កិរិយាប្រព្រឹត្តតាមនូវសុចរិតធម៌ ១ ភាវៈនៃចិត្តពុំបានថោកទាប ១ ធម៌ទាំង ៦ នេះឈ្មោះថាទ្វារជាប្រធាននៃអត្ថគឺសេចក្ដីចម្រើនគ្រប់ចំពូក សេចក្ដីនេះប្រែត្រង់តាមបាលីពីនេះនឹងសម្ដែងតាមន័យអដ្ឋកថាឲ្យពិស្ដារតទៅទៀត ។

ប្រស្នាធម៌ទីមួយ អធិប្បាយថា ភាវៈដែលពុំមានរោគ គឺថាមិនបានឈឺចាប់មិនបានក្លៀវក្លាដោយកិលេស នៃសរិរកាយផងនៃចិត្តផងបានឈ្មោះថាពុំមានរោគ កាលបើសរិរកាយក្លៀវក្លាដោយរោគឈឺចាប់ហើយ លាភបាននូវភោគសម្បត្តិដែលខ្លួនពុំទាន់បាន ក៏ពុំអាចដើម្បីបរិភោគប្រើប្រាសនូវភោគសម្បត្តិទាំងអស់នោះបានឡើយ បុគ្គលដែលពុំបានក្លៀវក្លាដោយរោគឈឺចាប់គឺថាពុំមានជំងឺ ទើបអាចដើម្បីញ៉ាំងលាភទាំងពីរនោះឲ្យចម្រើនប្រយោជន៍បាន ។

កាលបើចិត្តនៃខ្លួនក្លៀវក្លាហើយដោយកិលេសមកគ្របសង្កត់ហើយ លាភបាននូវគុណវិសេសមានប្រាជ្ញាដឹងខុសត្រូវជាដើមដែលខ្លួនពុំទាន់បានហើយ ក៏ពុំអាចដើម្បីនឹងញ៉ាំងលាភនោះឲ្យកើតឡើងបាន លាភបាននូវគុណវិសេសមានប្រាជ្ញាដឹងខុសត្រូវជាដើម ដែលខ្លួនបានហើយ ក៏ពុំអាចដើម្បីនឹងប្រើប្រាសដោយអំណាចនៃសមាបត្តិបាន នាកាលរោគនេះកាលបើមានហើយ លាភទាំងពួងដែលបុគ្គលពុំបានហើយក្ដីបានឈ្មោះថាលាភគឺបុគ្គលពុំបានដោយពិត ទោះលាភទាំងពួងគឺបុគ្គលបានហើយក្ដី គង់បានឈ្មោះថាលាភឥតប្រយោជន៍ ហៅថាមិនមានលាភវិញ នាកាលរោគកាលបើមានហើយលាភទាំងពួងទុកជាគឺបុគ្គលមិនទាន់បានហើយ ក៏បានឈ្មោះ ថាគឺលាភបុគ្គលបានហើយ លាភទាំងពួងដែលបុគ្គលបានហើយក្ដី បានឈ្មោះថាលាភប្រកបដោយប្រយោជន៍យ៉ាងធំ ព្រោះហេតុដូច្នោះបានជាព្រះបរមគ្រូជាម្ចាស់ ទ្រង់សម្ដែងថា អរោគ្យបរមោលាភោនាម ឈ្មោះថាបុគ្គលមានលាភធំ ព្រោះតែពុំមានរោគឈឺចាប់នេះជាឧត្តមដ៏ក្រៃលែង បើបុគ្គលមានរោគឈឺចាប់ហើយ ទុកជាមានលាភបានសម្បត្តិទ្រព្យច្រើនយ៉ាងណាក្ដី ក៏គង់បានឈ្មោះថាបុគ្គលឥតលាភវិញដោយពិត ភាវៈដែលពុំមានរោគនោះគឺបណ្ឌិតគប្បីប្រាថ្នាមុនជាងប្រយោជន៍ទាំងពួង ពាក្យដែលបានពោលមកនេះជាប្រស្នាទីមួយ ឈ្មោះថាទ្វារគឺថាជាប្រធាននៃឧបាយនិងកិរិយាបាននូវអត្ថគឺប្រយោជន៍និងសេចក្ដីចម្រើនក្នុងលោកនេះនិងលោកខាងមុខដោយពិត ។

ប្រស្នាទីពីរ អធិប្បាយថា សីលដែលបុគ្គលប្រព្រិត្តិរក្សាទូទៅគឺសីល ៥ ជាចរិតក្នុងលោក ជនទាំងឡាយដែលបានយកជាតិជាមនុស្សបានព្រោះតែរក្សាសីល ៥ ជាប់ពីជាតិមុនមកទើបកើតជាមនុស្សបានមានឥន្រ្ទិយខ្វះខាតពុំពេញបរិបូណ៌ឡើយបើបានរក្សាសីល ៥ នេះជាប់បរិបូណ៌ហើយទៀងតែនឹងបានកើតទៅជាទេវតាសោយទិព្វសម្បត្តិក្នុងឆកាមាវចរសួគ៌ ក៏អាស្រ័យនឹងសីល ៥ ដោយពិត ព្រោះហេតុនោះសីលទាំង ៥ នេះបានឈ្មោះថាទ្វារជាប្រធាននៃឧបាយនិងកិរិយាបាននូវអត្ថគឺប្រយោជន៍និងសេចក្ដីចម្រើនក្នុងលោកនេះនឹងលោកខាងមុខដោយពិត ។

ឯទោសដែលបុគ្គលប្រព្រឹត្តធ្វើនូវវេរាទាំងប្រាំនេះ គឺ ១ សម្លាប់សត្វមានទោស បើកើតជាមនុស្សមានអាយុខ្លីមានឥន្រ្ទិយ​ពុំបានពេញបរិបូណ៌ឡើយ ២ លួចទ្រព្យគេមានទោសបើកើតជាមនុស្សមានសម្បត្តិទ្រព្យតិចជាអ្នកទាល់ក្រ មានទ្រព្យបន្តិចបន្តួចចោរលួចយកទៅ ទុកពុំចេះគង់ ៣ ប្រព្រឹត្តខុសក្នុងកាមទាំងឡាយមានទោស បើកើតជាមនុស្សរមែងព្រាត់ប្រាសកូនប្រពន្ធ ព្រាត់ប្រាសស្វាមី ឬប្រែប្រួលខូចសតិបាត់ស្មារតីជាមនុស្សវង្វេងទៅនិយាយទៅគ្មានបុគ្គលឯណាគេជឿឡើយ បើគេនិយាយទៅគ្មានបុគ្គលឯណាគេជឿឡើយ បើគេនិយាយមកនឹងខ្លួនវិញមិនដែលទៀងមានតែកុហកជានិច្ច ៥ ផឹកនូវទឹកស្រវឹងគឺសុរានិងមេរ័យមានទោស បើកើតជាមនុស្សពុំមានប្រាជ្ញាល្ងង់ខ្លៅឬប្រែទៅជាមនុស្សឆ្កួតវង្វេងប្រើការពុំបានដោយពិត ។

ឯអានិសង្សនៃបុគ្គលដែលបានវៀរលែងវេរាប្រាំនេះគឺ ៖ ១ វៀរលែងសម្លាប់សត្វ មានអានិសង្សកើតជាមនុស្សមានអាយុវែងមានឥន្រ្ទិយពេញបរិបូណ៌ មានរូបល្អពុំបានវិកលវិការឡើយ ២ វៀរលែងលួចទ្រព្យគេ មានអានិសង្ឃកើតជាមនុស្សមានទ្រព្យសម្បត្តិច្រើនមិនប្រកបដោយអន្តរាយ ៣ វៀរលែងមិនលួចប្រពន្ធប្ដីគេដទៃ មានអានិសង្ឃកើតជាមនុស្សមូលកូនចៅមូលប្ដីប្រពន្ធពុំបានព្រាត់ប្រាសគ្នាឡើយ ៤ វៀរលែងមិនពោលពាក្យកុហក មានអានិសង្ឃកើតជាមនុស្ស ជាទីសម្លាញ់ពេញចិត្តអ្នកដទៃនិយាយទៅគេតែងស្ដាប់យកមាំ បើគេនិយាយមកនឹងខ្លួនវិញ ពាក្យនោះទៀងទាត់ប្រាកដមែនពុំបានភូតកុហកឡើយ ៥ វៀរលែងផឹកសុរានិងមេរ័យ មានអានិសង្សកើតជាមនុស្សមានប្រាជ្ញាវាងវៃ មានស្មារតីខ្ជាប់ខ្ជួន ជាមនុស្សពុំបានឆ្កួតវង្វេងឡើយ ។

ប្រស្នាទីបី អធិប្បាយថា បុគ្គលអ្នកប្រដៅងាយ ប្រព្រឹត្តប្រណិប័តន៍​តាមពាក្យឱវាទនៃអ្នកប្រាជ្ញទាំងឡាយ ពុំបានប្រព្រឹត្តតាមយ៉ាងនោះ អ្នកប្រាជ្ញហាមឃាត់យ៉ាងណា ពុំបានប្រព្រឹត្តកន្លងយ៉ាងនោះបានឈ្មោះថាទ្វារជាប្រធាននៃឧបាយនិងកិរិយាបាននូវអត្ថគឺប្រយោជន៍និងសេចក្ដីចម្រើនក្នុងលោកនេះនិងលោកខាងមុខដោយពិត ។

ប្រស្នាទីបួន អធិប្បាយថា សូត្រដ៏អាស្រ័យនូវហេតុគឺការដែលរៀនសូត្រចេះដឹងជាពហុស្សូត ជាបុគ្គលមានឧស្សាហ៍ព្យាយាមស្ដាប់ពាក្យប្រដៅជាច្រើន ខំសង្កេតយកហេតុពិតនិងពុំពិត ខុសនិងត្រូវ អំពើឯណាហេតុឯណាដែលពិតដែលមែន ខំព្យាយាមបំពេញអំពើនោះហេតុនោះឲ្យពេញបរិបូណ៌ បានឈ្មោះថាទ្វារជាប្រធាននៃឧបាយនិងករិយាបាននូវអត្ថគឺប្រយោជន៍និងសេចក្ដីចម្រើនក្នុងលោកនេះនិងលោកខាងមុខដោយពិត ។

ប្រស្នាទីប្រាំ អធិប្បាយថា បុគ្គលអ្នកប្រព្រឹត្តវៀរលែងទុច្ចរិតធម៌ទាំង ៣ យ៉ាងដែលជាអវយមង្គល (គឺអពមង្គល) គឺប្រព្រឹត្តអាក្រក់លាមកដោយកាយ ១ ប្រព្រឹត្តអាក្រក់លាមកដោយពាក្យសម្ដី ១ ប្រព្រឹត្តអាក្រក់លាមកដោយចិត្ត ១ វៀរលែងទុច្ចរិតធម៌ទាំង ៣ នេះឲ្យស្រឡះចេញ ហើយប្រព្រឹត្តតាមនូវសុចរិតធម៌ទាំង ៣ យ៉ាងដែលជាមង្គលល្អ គឺប្រព្រឹត្តសម្អាតកាយឲ្យស្អាតហ្មត់ចត់ល្អ ១ ប្រព្រឹត្តសម្អាតចិត្តឲ្យស្អាតហ្មត់ចត់ល្អ ១ បានឈ្មោះថាទ្វារជាប្រធាននៃឧបាយនិងកិរិយាបាននូវអត្ថគឺប្រយោជន៍និងសេចក្ដីចម្រើនក្នុងលោកនេះនិងលោកខាងមុខដោយពិត ។

ប្រស្នាទីប្រាំមួយ អធិប្បាយថា បុគ្គលធ្វើចិត្តនៃខ្លួនពុំបានឲ្យថោកទាបពុំឲ្យលុះទៅក្នុងអកុសលដឹកនាំ ហើយធ្វើចិត្តនៃខ្លួនឲ្យជាចិត្តដ៏ឧត្តមដ៏ល្អិត មិនឲ្យកម្រើកញាប់ញ័រដោយអកុសលដឹកនាំឡើយ បានឈ្មោះថាទ្វារជាប្រធាននៃឧបាយនិងកិរិយាបាននូវអត្ថគឺប្រយោជន៍និងសេចក្ដីចម្រើនក្នុងលោកនេះនិងលោកខាងមុខដោយពិត ។

រួមប្រស្នាធម៌ទាំង ៦ យ៉ាងបានឈ្មោះថាទ្វារដ៏ឧត្តមជាប្រធាននៃឧបាយនិងកិរិយាបាននូវខ្លឹមធម៌ ជាលោកិយនិងលោកុត្តរ គឺបណ្ឌិតពោលថាសេចក្ដីចម្រើនសុខក្នុងបច្ចុប្បន្ននេះនិងបរលោកដោយពិត ។

ព្រះបរមពោធិសត្វបានសម្ដែងនូវអត្ថស្សទ្វារបញ្ហាទាំង ៦ យ៉ាងនេះដល់កុមារជាបុត្តរបស់ខ្លួនយ៉ាងនេះចប់ហើយ កុមារជាបុត្តរបស់ខ្លួនយ៉ាងនេះចប់ហើយ កុមារជាបុត្តនោះនោះក៏បានដឹងសេចក្ដីអធិប្បាយនៃទ្វាបញ្ហានោះជាក់ច្បាស់ ហើយខំគោរពប្រតិបត្តិប្រព្រឹត្តទៅក្នុងព្រះសាសនាធម៌ទាំង ៦ យ៉ាងនោះពុំបានដាច់ឡើយ ចាប់ដើមតាំងតែអំពីថ្ងៃនោះតទៅ ។

ចំណែកខាងព្រះបរមពោធិសត្វ ព្រះអង្គបានរក្សាសីល ៥ សីលឧបោសថ ធ្វើនូវបុណ្យទាំងឡាយមានទានជាដើមដរាបដល់អស់ព្រះជន្មទៅ បានទៅបង្កើតក្នុងស្ថានសួគ៌ទេវលោកនាយសោយនូវទិព្វសម្បត្តិជាសុខក្សេមក្សាន្តទៅហោង ។

សម្ដេចព្រះបរមគ្រូសាស្ដាចារ្យជាម្ចាស់ ព្រះអង្គនាំព្រះធម្មទេសនានេះមកសម្ដែងចប់ស្រេចហើយ ទ្រង់ប្រជុំនូវជាតកថា ៖

តទាបុត្តោបច្ចុប្បន្នបុត្តោ   មហាសេដ្ឋីបនអហមេវ

អធិប្បាយថា ម្នាលឧបាសក      កុមារជាកូននៃមហាសេដ្ឋីក្នុងកាលនោះ វិលមកក្នុងបច្ចុប្បន្ននេះគឺកុមារជាកូននៃអ្នកនេះឯង ចំណែកឯមហាសេដ្ឋីវិលមកក្នុងកាលឥឡូវនេះមិនគឺអ្នកឯណាគឺអង្គព្រះតថាគតនេះឯង ។

សម្ដែងរឿងអត្ថស្សទ្វារបញ្ហាមានក្នុងអត្ថស្សទ្វារជាតកចប់សេចក្ដីជាសង្ខេបតែប៉ុណ្ណេះ ។

ព្រះស្រីសម្មុតិវង្ស អែម ចាងហ្វាងសាលាបាឡីជាន់ខ្ពស់នៅក្រុងភ្នំពេញ
រៀបរៀង

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៣២

ខ្ញុំ​ព្រះករុណា​ខ្ញុំបាទ ​រីករាយ​នឹង​ដកស្រង់​អត្ថបទ​នានា​ដែល​មានប្រយោជន៍ ជាពិសេស​ចំណេះដឹង​ផ្នែក​ព្រះពុទ្ធ​សាសនា កែសម្រួល​អក្ខរា​វិរុទ្ធ រួច​យក​មក​ចុះផ្សាយ​ប្រគេន​និង​ចែក​ជូន​ជា​ធម្មទាន ។ ស្វាគមន៍​ចំពោះ​​មតិយោបល់​កែ​លម្អ​ក្នុង​ន័យ​ស្ថាបនា  សូម​អរព្រះគុណ​និង​អរគុណ !​

បញ្ចេញយោបល់ ៖